ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសពីការអនុវត្តគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាប្រព័ន្ធរំដោះទឹក និងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត ដោយតម្រូវឱ្យមានការផ្អាកចរាចរណ៍បណ្តោះអាសន្នចាប់ពីសប្ដាហ៍ក្រោយនេះទៅ។
នៅក្នុងសេចក្ដីប្រកាសដែលចេញដោយអជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រុមការងារនឹងចាប់ផ្តើមអនុវត្តគម្រោងរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវនិងកែលម្អផ្លូវ នៅមុខប្រាសាទអង្គរវត្ត ដែលមានប្រវែង ២៩០ម៉ែត្រ ទទឹង ៨ម៉ែត្រទៅ ១៣ម៉ែត្រ ដោយមានការដាំស្មៅ ដើមឈើនិងរៀបចំ សួនផងដែរ ចាប់ពីថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ ដោយនឹងផ្អាកការធ្វើចរាចរណ៍ ដោយថ្មើរជើងនិងយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន រហូតដល់ការដ្ឋានបានបញ្ចប់ជាស្ថាពរ ដើម្បីធានាបាននូវសុវត្ថិភាពជូនសាធារណៈជននិងភ្ញៀវទេសចរ។
ទន្ទឹមនឹងការលម្អហេដ្ឋរចនាសម្ពន្ធ័នៅតំបន់រមណីយដ្ឋានអង្គរនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំឱ្យមានផ្លូវថ្មើរជើង ប្រើប្រាស់ជំនួសវិញ ដែលស្ថិតនៅលើផ្លូវកៅស៊ូត្រង់ចំណុច ចំណតរថយន្ត មកសួនក្រវ៉ាន់ឆ្ពោះទៅស្ពានបណ្តែតទឹក។
ជាមួយគ្នានឹងការជូនដំណឹងពីកាលបរិច្ឆេទនៃការបើកការដ្ឋាននិងបិទផ្លូវមុខប្រាសាទអង្គរវត្តនេះ អាជ្ញាធរជាតិអប្សារា បានអំពាវនាវដល់គ្រប់ស្ថាប័នអាជ្ញាធរ មន្ទីរ-អង្គភាពគ្រឹះស្ថាន និស្សិត សិស្សានុសិស្ស សហគមទីភ្នាក់ងារ សមាគមមគ្គុទ្ទេសគ៍ទេសចរណ៍ ក្រុមហ៊ុនសមាគមដឹកជញ្ជូនភ្ញៀវ អ្នកដឹកជញ្ជូន ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់យោគយល់អធ្យាស្រ័យ ដើម្បីចូលរួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ពន្ធ័និងសម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខខាងលិចប្រាសាទអង្គរវត្ត មានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋាន ដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរឱ្យកាន់តែល្បីល្បាញ និងសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក៕