ធនាគារពិភពលោក​ព្យាករណ៍​ថា​តម្លៃ​ថាមពល​ និង​លោហៈ​នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២០​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ធនាគារពិភពលោក​បានឱ្យ​ដឹង​នៅក្នុង​ចក្ខុវិស័យ​ទីផ្សារ​ទំនិញ​ (October​ Commodity​ Markets​ Outlook​) ខែតុលា​របស់​ខ្លួន​ថា​ តម្លៃ​ថាមពល​ និង​លោហៈ​ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​ធ្លាក់ចុះ​ក្នុង​ឆ្នាំ២០២០​ បន្ទាប់ពី​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​ ២០១៩​ ដោយសារ​ទស្សនវិស័យ​ និង​មាន​ភាព​កម្សោយ​នៃ​កំណើន​សេដ្ឋកិច្ច​សកល​ និង​ផលវិបាក​នៃ​តម្រូវការ​ទន់ខ្សោយ​។

លោក​ Ceyla​ Pazarbasioglu​ អនុប្រធាន​ធនាគារពិភពលោក​ ផ្នែក​កំណើន​ប្រកបដោយ​សមធម៌​ ហិរញ្ញវត្ថុ​និង​វិទ្យាស្ថាន​បាន​មានប្រសាសន៍​ថា​ “ការ​ធ្លាក់ចុះ​តម្រូវការ​ទំនិញ​បង្ហាញ​នូវ​បញ្ហា​ប្រឈម​ សម្រាប់​អ្នកនាំ​ចេញ​ និង​ជា​ឱកាស​សម្រាប់​អ្នកនាំ​ចូល​”។

លោក​បាន​បន្ត​ថា​ “នៅពេល​ពួកគេ​ទាំងពីរ​ផ្លាស់​ប្តូរ​ ពី​ការប្រើ​ប្រាស់​ទំនិញ​មួយ​ទៅ​ទំនិញ​មួយទៀត​ ដោយសារ​ការប្រែប្រួល​តម្លៃ​ និង​ការ​ឈានទៅមុខ​នៃ​បច្ចេកវិទ្យា​”។លោក​បន្ថែម​ថា​ “វា​សំខាន់ណាស់​ដែល​ធនធាន​ទាំងនេះ​ ត្រូវ​បាន​ផលិត​ និង​ប្រើប្រាស់​តាមរបៀប​ប្រកបដោយ​និរន្តរភាព​បរិស្ថាន​”។

តម្លៃ​ប្រេងឆៅ​ត្រូវ​បាន​ព្យាករ​ថា​ នឹង​មានតម្លៃ​ជាមធ្យម៦០ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ២០១៩​ និង​ធ្លាក់ចុះ​ដល់៥៨ដុល្លារ​ ក្នុង​មួយ​បារ៉ែល​នៅ​ឆ្នាំ២០២០​ ជា​តម្លៃ​ទាប​ជាង​ការ​រំពឹង​ទុក​។ ស្រប​នឹង​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ បច្ចុប្បន្ន​ការប្រើ​ប្រាស់​ប្រេង​ ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ក្នុង​ល្បឿន​យឺត​ ជាង​ការ​ព្យា​ករណ៍​មុន​ៗ និង​កើនឡើង​តិចតួច​នៅ​ឆ្នាំក្រោយ​។

ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ទាប​ជាង​ការ​រំពឹង​ទុក​ បាន​បង្ក​ហានិភ័យ​ធំ​បំផុត​ចំពោះ​ការព្យាករណ៍​តម្លៃ​ប្រេង​។ ជាទូទៅ​ តម្លៃ​ថាមពល​ដែល​រួមបញ្ចូល​ទាំង​ឧស្ម័ន​ធម្មជាតិ​ និង​ធ្យូងថ្ម​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ជាមធ្យម​ស្ទើរតែ១៥ភាគរយ​ ក្នុង​ឆ្នាំ២០១៩​ ហើយនឹង​បន្ត​ធ្លាក់ចុះ​ទៀត​នៅ​ឆ្នាំ២០២០​។

តម្លៃ​លោហៈ​ក៏​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ៥ភាគរយ​ នៅ​ឆ្នាំ​ ២០១៩​ និង​បន្ត​ធ្លាក់ចុះ​នៅ​ឆ្នាំក្រោយ​ ដោយសារ​តម្រូវការ​ពិភពលោក​ ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​។ លោហៈ​ដ៏​មានតម្លៃ​ ដែល​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ឆ្នាំនេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ២០២០​ ដើម្បី​ឆ្លើយតបទៅនឹង​ភាព​មិន​ប្រាកដប្រជា​ របស់​ពិភពលោក​ និង​គោលនយោបាយ​រូបិយវត្ថុ​។

​តម្លៃ​កសិកម្ម​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​ ប៉ុន្តែ​មាន​ស្ថេរ​ភាព​នៅ​ឆ្នាំ​ ២០២០​។

ដំណោះស្រាយ​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​ អាច​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​កសិកម្ម​មួយចំនួន​ ដូចជា​ សណ្តែកសៀង​ និង​ពោត​ ខណៈ​តម្លៃ​ថាមពល​ទាប​អាច​ធ្វើ​ឱ្យ​ថ្លៃដើម​ប្រេងឥន្ធនៈ​ និង​ថ្លៃ​ជី​ ធ្លាក់ចុះ​តម្លៃ​ដំណាំ​ដែល​ពឹងផ្អែក​លើ​ថាមពល​ ដូចជា​ប្រភេទ​គ្រប់​ធុញ្ញជាតិ​សម្រាប់​ទាញ​យក​ប្រេង​។

ផ្នែក​ពិសេស​មួយ​នៅក្នុង​របាយការណ៍​ពិនិត្យមើល​អ្វី​ ដែល​ជំរុញ​អ្នកប្រើ​ប្រាស់​ឱ្យ​ជំនួស​ទំនិញ​មួយ​សម្រាប់​ទំនិញ​មួយផ្សេងទៀត​ ដូចជា​ ឧស្ម័ន​ធម្មជាតិ​ជំនួស​ធ្យូង​ ថ្ម​ ឬ ក្រដាស​ជំនួស​ប្លា​ស្ទិច​។ ការ​ជំនួស​ទាំងនេះ​ ត្រូវ​បាន​ជំរុញ​ដោយ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ និង​ការ​ផ្លាស់​ប្តូរ​ក្នុង​តម្លៃ​ទំនិញ​។

បាតុភូត​នេះ​បង្ហាញ​ពី​ហានិភ័យ​ ចំពោះ​ចក្ខុវិស័យ​កំណើន​រយៈពេល​វែង​ របស់​ប ណ្តា​ប្រទេស​ ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​ក្រុម​តូច​មួយ​នៃ​ការនាំចេញ​ទំនិញ​។

នាយក​ធនាគារពិភពលោក​ផ្នែក​ក្រុម​អ្នកវិភាគ​ លោក ​Ayhan​ Kose​ បាន​មានប្រសាសន៍​ថា​ “ផ្អែកលើ​ចំណូល​ពី​ការនាំចេញ​ទំនិញ​តូច​មួយ​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​ការនាំចេញ​ទំនិញ​ងាយ​រងគ្រោះ​ ព្រោះ​តម្រូវការ​កើនឡើង​ និង​ថ្លៃដើម​ខ្ពស់​អាច​ជម្រុ​ញការ​ច្នៃប្រឌិត​ និង​សម្រួលការ​ជំនួស​ក្នុងចំណោម​ទំនិញ​”។

ផ្នែក​ពិសេស​មួយទៀត​ ពិនិត្យមើល​ផល​ប៉ះពាល់​ នៃ​ការវាយប្រហារ​ថ្ងៃទី១៤​ ខែកញ្ញា​ លើ​រោងចក្រ​ផលិត​ប្រេង​នៅ​អារ៉ាប់​ប៊ី​សា​អូឌីត​។ ការ​ឆ្លើយតប​ទីផ្សារ​មាន​រយៈពេល​ខ្លី​ដោយ​ស្តង់ដារ​ប្រវត្តិ​សាស្រ្ត​ ដោយសារតែ​ការ​ស្ដារ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ នៃ​ផលិតកម្ម​ប្រភព​ចំរុះ​កាន់តែ​ច្រើន​ឡើង​ៗនៃ​ការ​ផ្គត់ផ្គង់​ប្រេង​ រួម​ទាំង​ប្រេង​ថ្ម​សែល​ និង​តម្រូវការ​ចុះ​ខ្សោយ​។

ទោះ​យ៉ាងណា​វា​ជា​ការ​រំលឹក​ថា​ ទីផ្សារ​ប្រេង​ពិភពលោក​ នៅតែ​ពឹងផ្អែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ និង​ការ​រាំងស្ទះ​ដល់​ការ​ដឹកជញ្ជូន​ ដែល​អាច​ងាយ​រង​ការ​រំខាន​៕ (ប្រភព​ ធនាគារពិភពលោក​)៕

តើ​ហេតុអ្វីបានជា​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ និង​ខិតខំ​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅ​ទូទាំង​ប្រទេស​?

ដោយ​បណ្ឌិ​ត វ៉ាន់​ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម​

ភ្នំ​ពេញៈ​ ប្លង់​គោល​ប្រើប្រាស់​ដី​ គឺជា​ប្លង់​ឬផែនទី​ ដែល​កើត​ចេញពី​ការ​គិតគូរ​ និង​រៀបចំផែនការ​ទុកជាមុន​ សម្រាប់​បំពេញ​តម្រូវការ​នៃ​ការគ្រប់គ្រង​ និង​ប្រើប្រាស់​ដីធ្លី​ ទៅតាម​ដំណាក់កាល​នី​មួយ​ៗ នៃ​ការ​អភិវឌ្ឍ​របស់​សង្គម​ណាមួយ​។ គ្រប់​ផ្នែក​ គ្រប់​វិស័យ​នៃ​រាល់​សម័យកាល​សង្គម​ សុទ្ធតែ​ត្រូវការ​ដីធ្លី​ ដើម្បី​ទ្រទ្រង់​ជីវិត​ និង​ធ្វើការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​។

រហូតមកដល់​ពេលនេះ​ ស្ទើ​តែ​គ្រប់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ បាន​នឹង​កំពុង​រៀបចំ​ និង​អនុវត្ត​ប្លង់​គោល​ប្រើប្រាស់​ដី​របស់​ខ្លួន​យ៉ាង​ភ្ជាប់​ភ្ជួ​ន ដោយ​ចាត់ទុក​វា​ជា​ត្រីវិស័យ​គ្រឹះ​សម្រាប់​តម្រង់​ទិស​ នៃ​ការ​អភិវឌ្ឍ​ឱ្យ​បាន​សមស្រប​ និង​ប្រកប ដោយ​ចីរភាព​។ ជាមួយគ្នា​នេះ​កម្ពុជា​យើង​ក៏បាន​ខិតខំ​ព្យាយាម​កសាង​បញ្ចប់​ និង​កំពុង​អនុវត្ត​គម្រោង​ទាំងឡាយ​យ៉ាង​ផុលផុស​ បើ​ទោះបីជា​យើង​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ខ្លះ​ក៏ដោយ​។

ជាក់ស្តែង​ យើង​បានសម្រេច​កិច្ចការ​ប្លង់​គោល​ជាច្រើន​ ដូចជា​ ប្លង់​គោល​ក្រុង​តាខ្មៅ​ ទីប្រជុំជន​ជ្រៃធំ​ នៃ​ខេត្តកណ្តាល​ ក្រុង​បាត់ដំបង​ ក្រុង​សៀមរាប​…និង​ផែនការ​រៀបចំ​ដែនដី​រាជធានី​ភ្នំពេញ​ ខេត្តបាត់ដំបង​ ខេត្ត​ព្រះសីហនុ​ ។ល។

តាមរយៈ​ទស្សនៈ​ខាងលើ​ឃើញថា​ រាល់​តម្រូវការ​ ឬការរៀបចំ​ណា​ដែល​ខ្វះ​ផែនការ​ ឬខ្វះ​ការ​គិតគូរ​រៀបចំ​ទុកជាមុន​សមស្រប​ នោះ​លទ្ធផល​ទទួល​បាន​ច្រើនតែ​ជា​គម្រោង​ច្របូកច្របល់​ មាន​ភាព​លំបាក​ស្មុគស្មាញ​ ​ហើយ​អាច​ធ្វើ​ឱ្យ​ខាតបង់​ថវិកា​ និង​ធនធាន​ច្រើន​នៅពេល​អនុវត្ត​ជាក់ស្តែង​។ រាល់​កត្តា​ទាំងនេះ​ នឹង​ធ្វើ​ឱ្យ​ស្នាដៃ​សម្រេច​បាន​របស់​យើង​ខ្វះ​ការចាប់អារម្មណ៍​ និង​មិន​មានការ​គាំទ្រ​ច្រើន​ពី​អ្នកជំនាញ​ និង​មហាជន​ទូទៅ​។

ជា​ការពិត​ណាស់​ រដ្ឋាភិបាល​គឺជា​អ្នក​គាំពារ​ និង​ធានា​ខុសត្រូវ​លើ​ការគ្រប់គ្រង​ ការ​អភិវឌ្ឍ​ និង​ការអនុវត្ត​ច្បាប់​ដោយ​តម្លាភាព​នៅក្នុង​សង្គមជាតិ​។ ដូចនេះ​ពេលណា​និយាយ​ដល់​តម្រូវការ​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិ​វិ​ឌ្ឍ​ចីរភាព​ ចាំបាច់​ត្រូវ​រៀបចំផែនការ​ទុក​ឱ្យ​បាន​ល្អ​ ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។ ការរៀបចំ​ផែនការ​ដីធ្លី​សមស្រប​នៅ​គ្រប់​កម្រិត​ ចាំបាច់​ត្រូវ​មានការ​គិតគូរ​ និង​សិក្សា​កសាង​ឱ្យ​មាន​លក្ខណៈ​ស៊ីចង្វាក់​គ្នា​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​ និង​លើ​ពិភពលោក​ផង​ដែរ​។

ទោះជាយ៉ាងណា​ នៅក្នុង​កិច្ចការ​បច្ចេកទេស​ គេ​អាច​កសាង​ផែនការ​ដីធ្លី​ទ្វេរ​ទិស​បាន​ គឺ​រៀបចំ​ពី​កម្រិត​ថ្នាក់ក្រោម​ឡើង​ទៅលើ​ ឬពីលើ​ចុះក្រោម​ តាម​ការកំណត់​របស់​ប្រទេស​នី​មួយ​ៗ។ ផែនការ​ថ្នាក់លើ​ ជា​មូលដ្ឋាន​គោល​សម្រាប់​កសាង​ផែនការ​ថ្នាក់ក្រោម​ និង​ផែនការ​ថ្នាក់ក្រោម​ ជា​មូលដ្ឋាន​លម្អិត​ច្បាស់លាស់​ សម្រាប់​កែតម្រូវ​ផែនការ​ថ្នាក់លើ​ឱ្យ​បាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង​ និង​តម្រូវការ​អភិវឌ្ឍ​របស់​សង្គម​។

មាន​មូលហេតុ​ និង​ការងារ​ពាក់ព័ន្ធ​មួយចំនួន​ ដែល​រដ្ឋាភិបាល​កម្ពុជា​ខិតខំ​ពុះពារ​ និង​ធ្វើ​ឱ្យ​បានសម្រេច​ប្លង់​គោល​ប្រើប្រាស់​ដី​អនាគត​ ដែល​ជា​ឧបករណ៍​បង្ហាញ​ទិស​ក្នុង​ការ​អភិវឌ្ឍ​ ដូច​ខាងក្រោម​ ទី១​- ការបាត់បង់​ឯកសារ​ ឬមិន​បាន​រៀបចំ​ប្លង់​គោល​ប្រើប្រាស់​ដី​នៅពេល​ប្រទេសជាតិ​ក្រីក្រ​ ប្រជាជន​តិច​ សំណង់​ស្តួចស្តើង​ ទីផ្សារ​ដីធ្លី​ និង​កំណើន​សេដ្ឋកិច្ច​ទាប​ ជា​ឱកាស​ងាយស្រួល​ក្នុង​ការ​កសាង​ និង​អនុវត្ត​គម្រោង​ ហើយ​រដ្ឋ​មិន​ចំណាយធនធាន​និង​ថវិកា​ច្រើន​។

ផ្ទុយទៅវិញ​ការរៀបចំ​នៅពេល​នេះ​ រដ្ឋ​មានការ​ខាតបង់​ ក្នុង​ការ​ដោះស្រាយ​គោលនយោបាយ​ និង​ប្រឈម​ការ​តវ៉ា​ច្រើន​មុននឹង​ចេញ​បណ្ណ​កម្មសិទ្ធិ​ ឬធ្វើការ​អភិវឌ្ឍ​នៅ​តាម​តំបន់​មួយចំនួន​ ប៉ុន្តែ​ទោះជាយ៉ាងណា​ ក៏​នៅ​មិនទាន់​ហួសពេល​ដែរ​ សម្រាប់​ការ​ខិតខំ​របស់​ប្រទេស​យើង​ចាប់ពី​ពេលនេះ​តទៅ​។

ទី២​- កំណើនប្រជាជន​ ការ​អភិវឌ្ឍ​កំពុង​មាន​ភាព​គំហុក​ និង​ការ​ផ្សា​ភ្ជាប់​ជាមួយនឹង​សមាហរណកម្ម​សេដ្ឋកិច្ច​សកលលោក​ បាន​ធ្វើ​ឱ្យ​តម្រូវការ​ដីធ្លី​កាន់តែ​កើនឡើង​ ដែល​ធ្វើ​ឱ្យ​រដ្ឋ​ចាំបាច់​ត្រូវ​ចាត់ចែង​ រៀបចំ​ទុកដាក់​ឱ្យ​បាន​ល្អ​ប្រសើរ​ ឬពិនិត្យ​ភាព​សមស្រប​នៃ​រាល់​តម្រូវការ​ប្រើប្រាស់​ដីធ្លី​ទាំងនោះ​ទៅតាម​ផែនការ​ និង​ច្បាប់កំណត់​ត្រឹមត្រូវ​។

ទី៣​- បច្ចុប្បន្នភាព​ ប្រភេទ​ដី​នី​មួយ​ៗ មិនទាន់​ត្រូវ​បាន​កំណត់ដោយច្បាប់​ក្នុង​ការគ្រប់គ្រង​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ ដូចជា​ ការ​ប្តូរ​ប្រភេទ​ដី​ដែល​គ្មាន​ប្លង់​គោល​ត្រឹមត្រូវ​ ការ​ចាក់​លុប​ដី​កសិកម្ម​ ដី​ព្រែក​ អូរ​ ឬបឹង​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​បាត់បង់​ដី​ដាំដុះ​ជាច្រើន​សម្រាប់​ផលិត​និង​ផ្គត់ផ្គង់​ស្បៀង​ ធ្វើ​ឱ្យ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ និង​ការរស់នៅ​ ព្រមទាំង​អាច​បាត់បង់​ប្រព័ន្ធ​រំដោះ​ទឹក​នៅពេល​ទឹកជំនន់​ និង​គ្រោះ​ធម្មជាតិ​កើតឡើង​។

ទី៤​- រដ្ឋាភិបាល​មាន​គោលនយោបាយ​តម្រង់​ទិស​ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ខិតខំ​ជម្រុ​ញកំ​ណើន​សេដ្ឋកិច្ច​សម្រាប់​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​ ដូចនេះ​ចាំបាច់​ត្រូវ​រៀបចំផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​ ដើម្បី​លើទឹក​ចិត្ត​ និង​អូសទាញ​ការ​វិនិយោគ​ ព្រមទាំង​ពង្រឹង​ការគ្រប់គ្រង​ ការប្រើ​ប្រាស់​ដី​មានប្រសិទ្ធភាព​។

ទី៥​- សំណង់​ជាច្រើន​នៅ​កម្ពុជា​បាន​នឹង​កំពុង​លូតលាស់​ខ្លាំង​ ហើយ​ភាគច្រើន​សាងសង់​តាម​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មានស្រាប់​ ខ្វះ​ផែនការ​កំណត់​តាម​បច្ចេកទេស​បាន​ត្រឹមត្រូវ​ ឬមិន​គោរព​តាម​ប្លង់​គោល​ ឬបទប្បញ្ញត្តិ​ សំណង់​ ដែល​អាច​ធ្វើ​ឱ្យ​សំណង់​គ្មាន​សណ្តាប់​ធ្នាប់​ និង​គ្មាន​គុណភាព​។ សំណង់​រោងចក្រ​ និង​ឃ្លាំង​ជាច្រើន​ បាន​នឹង​កំពុង​បង្កើត​ឡើង​រាយប៉ាយ​គ្រប់​ទីកន្លែង​ ជាពិសេស​ ស្ថិតនៅ​ក្នុង​ទីប្រជុំជន​ក្រុង​មាន​មនុស្ស​អ៊ូ​រអរ​ច្រើន​ ដែល​ធ្វើ​ឱ្យ​បំពុល​ដល់​បរិស្ថាន​ក្នុង​ការរស់នៅ​ កកស្ទះ​ចរាចរណ៍​ និង​មានការ​លំបាក​ក្នុង​ការរៀបចំ​ក្រុង​ឱ្យ​បាន​ល្អ​ប្រសើរ​នៅពេល​ខាងមុខ​។

ក្រៅពី​នេះ​ នៅ​មាន​សំណង់​មិន​រៀបរយ​តាម​ចំណី​ព្រែក​ ស្ទឹង​ ទំនប់​ ប្រឡាយ​ បឹង​បួរ​ និង​សំណង់​ ​ទន្រ្ទាន​ចំណី​ផ្លូវ​ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ទេសភាព​ បរិស្ថាន​ និង​សង្គម​។

ទី៦​- ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​ នឹងអាច​ជួយ​ដល់​ ការកំណត់​ប្រភេទ​ប្រើប្រាស់​ដី​ ពេល​ចេញ​បណ្ណ​កម្មសិទ្ធិ​បាន​សុ​ក្រឹត្យ​ គាំទ្រ​ដល់​ការចុះបញ្ជី​ដី​បាន​លឿន​និង​សមស្រប​ គ្រប់គ្រង​ប្រើប្រាស់​ដី​ ចំ​គោលដៅ​ លើកស្ទួយ​រាល់​ការ​អភិវឌ្ឍ​តាម​កម្រិត​ថ្នាក់​រដ្ឋបាល​នៃ​គម្រោង​ ដូចជា​ ផ្លូវ​ ស្ពាន​ មន្ទីរពេទ្យ​ សាលារៀន​ផ្សារ​…និង​ជា​ឆ្អឹងខ្នង​គោល​នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ក្រៅពី​នេះ​ វា​ជា​មូលដ្ឋាន​កំណត់​ពន្ធដារ​បាន​ត្រឹមត្រូវ​តាម​តម្លៃ​ និង​គុណភាព​ដី​ និង​អាច​ជួយ​ប្រែក្លាយ​ទៅជា​ទីក្រុង​ ឬប្រទេស​ល្អ​ស្អាត​ក្នុង​ការ​ប្រលង​ប្រណាំង​ជាមួយ​អន្តរជាតិ​។

ទី៧​- កិច្ចការ​បន្ថែម​ដែល​រដ្ឋ​ត្រូវ​ធ្វើ​ និង​ទទួលខុសត្រូវ​ពាក់ព័ន្ធ​នឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ និង​ប្លង់​គោល​ប្រើប្រាស់​ដី​ គឺ​រៀបចំ​ច្បាប់​និង​បទ​ប្ប​ញ្ញ​ត្ត​នៅពេល​កសាង​ និង​អនុវត្ត​ឱ្យ​បាន​ច្បាស់លាស់​ ដូចជា​ កាលណា​ចាប់ផ្តើម​អនុវត្តន៍​ប្លង់​គោល​ គឺ​ពិតជា​ប៉ះពាល់​ដី​ឬសំណង់​កម្មសិទ្ធិ​ ឬដី​ភោគៈ​របស់​ពលរដ្ឋ​ហើយ​ វា​គ្រាន់តែ​ច្រើន​ឬតិច​ប៉ុន​នោះ​ បញ្ហា​នេះ​តើ​រដ្ឋ​ត្រូវ​កំណត់​ជា​ច្បាប់​ ឬបទប្បញ្ញត្តិ​គតិ​យុត្ត​ដោះស្រាយ​យ៉ាងដូច​ម្តេច​? ដោយឡែក​ចំពោះ​ការ​ប៉ះពាល់​ តើ​រដ្ឋ​បាន​កញ្ចប់​ថវិកា​មក​ពីណា​?។

​ក្រៅពី​នេះ​ ដើម្បី​ដោះស្រាយ​ជាមួយ​អ្នក​ប៉ះពាល់​ ! តើ​រដ្ឋ​គួរ​ត្រូវ​កំណត់​ពន្ធដារ​បន្ថែម​កម្រិត​ណា​?ដោយ​របៀប​ម៉េច​?ទៅលើ​អ្នកទទួល​ផល​ពី​ប្លង់​គោល​ដែល​បាន​អនុម័ត​ ឬសាងសង់​គម្រោង​ រួចរាល់​និង​ធ្វើ​ឱ្យ​ដីធ្លី​ឡើងថ្លៃ​។ បច្ចុប្បន្ន​ដីធ្លី​ អចលនទ្រព្យ​ឡើងថ្លៃ​ដោយសារ​ការ​កសាង​ផ្លូវ​ (ក្រវាត់ក្រុង​ ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​ក្នុង​ខេត្ត​ក្រុង​) លំនៅឋាន​ថ្មី​ (បូរី​ឬខុន​ដូ​) រោងចក្រ​ (សួន​ឧស្សាហកម្ម​ តំបន់​សេដ្ឋកិច្ច​ពិសេស​) ឬបណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោ​ងផ្សេង​ៗជាច្រើន​ទៀត​របស់​រដ្ឋ​ គឺ​រាជរដ្ឋាភិបាល​មិនទាន់​ គោលការណ៍​ ដើម្បី​កំណត់​ក្នុង​ការចូលរួម​ចំណែក​ឱ្យ​បាន​សមស្រប​ និង​សម​ធ៌​ពី​អ្នក​ដែល​បាន​ទទួលផល​ពី​គម្រោង​របស់​រដ្ឋ​នៅឡើយ​។ នៅពេល​ខាងមុខ​ ប្រសិនបើ​មាន​កញ្ចប់​ថវិកា​ពន្ធដារ​ ដែល​រដ្ឋ​ប្រមូល​បាន​មក​ពី​ប្លង់​គោល​ ជា​យោបល់​ គួរ​អាច​ត្រូវ​បាន​យក​មក​ប្រើប្រាស់​សម្រាប់​បង្វិល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ឬអភិវឌ្ឍ​គម្រោង​នៅសល់​ ឬសម្រាប់​សិក្សា​កសាង​ និង​កែសម្រួល​គម្រោង​…។ល។

ដូចនេះ​ ប្លង់​គោល​ប្រើប្រាស់​ដី​ គឺជា​ឧបករណ៍​សម្រាប់​ព្យាករណ៍​ការ​អភិវឌ្ឍ​ចីរភាព​នៃ​ផែនការ​អនាគត​។ វា​បាន​គិតគូរ​និង​បង្ហាញ​ពី​ទិសដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​បរិ​ ស្ថាន​ប្រកបដោយ​ប្រសិទ្ធភាព​ ពិសេស​ការ​ផ្តោត​លើ​កំណើន​ប្រជា​សាស្រ្ត​ និង​តម្រូវការ​រស់នៅ​ ការ​អភិវឌ្ឍ​របស់​មនុស្សជាតិ​នៅ​តាម​តំបន់​ និង​ផ្នែក​នី​មួយ​ៗ។

​គម្រោង​ប្លង់​គោល​នឹង​ជួយ​ពង្រឹង​ដល់​ដំណើរការ​អភិវឌ្ឍ​ ការ​អភិរក្ស​ និង​ភាព​សមាហរណកម្ម​ដោយ​សុខដុម​នី​យក​ម្ម​ ក្នុង​សង្គមជាតិ​និង​អន្តរជាតិ​។ ជាមួយគ្នា​នេះ​ ប្រសិនបើ​មាន​ប្លង់​គោល​ ឬផែនការ​ ហើយ​ខ្វះ​ថវិកា​គាំទ្រ​ដើម្បី​អនុវត្ត​តាម​គម្រោង​អាទិភាព​ ឬខ្វះ​ការអនុវត្ត​តាម​ប្លង់​គោល​ពេល​ចុះបញ្ជី​ឬចរន្ត​ការ​ដីធ្លី​ នោះ​ផែនការ​របស់​យើង​ គ្រាន់តែ​ជា​ក្រដាស​ “ស ”មួយ​សន្លឹក​គ្មាន​តំលៃ​អ្វី​ទាំងអស់​ ប្រៀប​ដូចជា​ការស្រមើស្រមៃ​ក្នុង​យោ​សប្តិ​ ដែល​ក្រោយពេល​ភ្ញាក់​ពី​ដំណេក​ អ្វី​ៗគ្រប់យ៉ាង​វារ​លត់​សូន្យ​ទាំងអស់​។

ជា​រួម​ប្លង់​គោល​ប្រើប្រាស់​ដី​ គឺជា​ផែនទី​ឧបករណ៍​ចង្អុលបង្ហាញ​ផ្លូវ​យ៉ាង​សំខាន់​បំផុត​នៃ​ដំណើរ​រៀបចំ​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​នៅ​គ្រប់​សម័យកាល​៕

រដ្ឋាភិបាល​អនុម័ត​ទុន​វិនិយោគ​មានតម្លៃ​ជាង២០លាន​ដុល្លារ​លើ​គម្រោង១៩ក្នុង​ខែតុលា​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​ទុន​វិ​និយ​យោគ​ចំនួន ១២០​,៤លាន​ដុល្លារ​អាមេរិក​ លើ​គម្រោង​វិនិយោគ​ចំនួន១៩ សម្រាប់​ខែតុលា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​។

របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​បង្ហាញថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូចជា​ ទី១​- “SUNRISE​ FASHION​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ស្រោមខ្នើយ​ និង​ស្រោមពូក​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ពោធិ៍​អង្គ្រង​ ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២៥៥កន្លែង​។

២- “YONG​ LI​ HUA​ DEVELOPMENT​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ស្រោមដៃ​ មួក​ និង​កាបូបយួរ​ដៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨២៨កន្លែង​។

៣) “Cordy​ Intelligent​ Technology​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ធ្វើអំពី​ប្លាស្ទិក​ និង​គ្រឿង​បន្ទាប់បន្សំ​របស់​ម៉ូទ័រ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ ១​,១លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៥៦កន្លែង​។

៤) “Zhejiang​ Hengsen​ Furniture​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ចំនួន១​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៦៦៦កន្លែង​។

៥) “Great​ Cabinets​ (CAMBODIA​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ទូ​ផ្ទះបាយ​ មាន​ទីតាំង​វិនិយោគ​ស្ថិត​ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៤៥កន្លែង​។

៦) “Gold​ Sail​ (Cambodia​) Building​ Materials​ Manufacturing​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ទ្វា​ និង​បង្អួច​ធ្វើអំពី​អាលុយមីញ៉ូម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២២កន្លែង​។

៧) “Forda​ (Cambodia​) Food​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ចំនួន៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២៥៧កន្លែង​។

៨) “Huakang​ Packaging​ Technology​ CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ផ្លា​ស្ទិ​ក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ចំនួន៩​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៧៤កន្លែង​។

៩) “F.P.Z​ Furniture​ (Cambodia​) CO​.,LTD​.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេម​បូ​ឌាន​ ចេ​ជាង​ ហ្គ័រ​ជី​ មាន​ទុន​វិនិយោគ​ចំនួន១៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២២៥កន្លែង​។

១០​- “M.H.K.Y​ Manufactures​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ​ និង​ម៉ូតូ​កង់​បី​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សីជ្រោយ​ ឃុំ​ឫស្សីជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,២លាន​ដុល្លារ​ អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៩១កន្លែង​។

១១​- “ZHENG​ MENG​ Cosmetics​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសំអាង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ៨៦០​ ភូមិ​ទួលពង្រ​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៦៣កន្លែង​។

១២​- “BRIDGE​ INDUSTRY​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​បម្រើ​ឱ្យ​ វិស័យ​សំណង់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់​ ឃុំ​ពេជ្រមុនី​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ២​,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៧១កន្លែង​។

១៣​- “HONGFAXIANG​ INDUSTRIAL​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ និង​គ្រឿងផ្សំ​កាបូប​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​គោ​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.៥២៧កន្លែង​។

១៤​- “HON​ CHUAN​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​ដប​ប្លា​ស្ទីក​ គំ​រប​ដប​ប្លា​ស្ទីក​ និង​ផ្លាក​សញ្ញា​បិទ​លើ​ដប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្ទះលេខ៤៤​ ផ្លូវជាតិ​លេខ៤​ ក្រុម៥​ ភូមិ​ត្រពាំង​គល់​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៤,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៦៣កន្លែង​។

១៥​- “CAMBODIAN​ NOBLE​ TASTE​ FOOD​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ចំណីសត្វ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​សង្កែ​ ឃុំ​ទឹកថ្លា​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ១៦​,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន១.០៣៤កន្លែង​។

១៦​- “ANGKOR​ INTERNATIONAL​ CULTURE​ INVESTMENT​ &​; DEVELOPMENT​ (CAMBODIA​) CO​., LTD​”គម្រោង​បង្កើត​ឧទ្យាន​វប្បធម៌​កម្ពុជា​-ចិន​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ៦០ម៉ែត្រ​ ភូមិ​ទ្រាំង​ ឃុំ​ស្លក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ មាន​ទុន​វិនិយោគ​ប្រមាណ២៧​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន២១៣កន្លែង​។

១៧​- “GOODMATE​ (CAMBODIA​) HEADWEARS​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ មួក​ កន្សែង​ និង​ស្រោមដៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹងធំ​ទី២​ សង្កាត់​បឹងធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន៤១០កន្លែង​។

១៨​- “GOLDEN​ BILLION​ (CAMBODIA​) HANDBAGS​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ​ ឃុំ​ត្រពាំងគង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៤៩១កន្លែង​។

១៩​- “DI​ SETA​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ និង​ចាក់​សម្លៀកបំពាក់​ (កន្សែងបង់ក​ មួក​ ស្រោមដៃ​ ស្រោមជើង​ ភួយ​ បូ​គ្រប់​ប្រភេទ​ និង​វាយនភណ្ឌ​បម្រើ​ក្នុង​ផ្ទះ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៧​ សួន​ឧស្សាហកម្ម​វឌ្ឍនៈ​II​ ផ្លូវជាតិ​លេខ៣​ សង្កាត់​ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៨,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.១៤៣​ កន្លែង​៕

អ្នកឧកញ៉ា​គិត​ ម៉េ​ងជួប​ប្រជុំ​យោបល់​ជាមួយ​អ្នក​ធុរកិច្ច​អាស៊ាន​ផ្តោត​លើ​ការ​វិ​វត្ត​ថ្មី​ៗនៃ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​អាស៊ាន​

ដោយ ​វល័ក្ខ​

ភ្នំ​ពេញៈ​ ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ អ្នកឧកញ៉ា​ គិត​ ម៉េ​ងនិង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​-កម្ពុជា​ នា​រសៀល​ថ្ងៃទី១​ ខែវិច្ឆិកា​នេះ​ បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ អញ្ជើញ​ចូលរួម​កិ​ច្ច​ប្រ​ជ៉ំ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​ ស្តីអំពី​ការរៀបចំ​កិ​ច្ច​ប្រ​ជ៉ំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន​ (ABIS​) និង​កិ​ច្ច​ប្រ​ជ៉ំ​ពាក់ព័ន្ធ​ផ្សេងទៀត​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។

កិ​ច្ច​ប្រ​ជ៉ំ​នេះ​ធ្វើឡើង​មុន​មួយថ្ងៃ​ នៃ​កិ​ច្ច​ប្រ​ជ៉ំ​កំពូល​អាស៊ាន​លើក​ទី៣៥​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​ “ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​”នៅ​ទីក្រុង​បាងកក​ ពី​ថ្ងៃទី២​ ដល់​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​។

បណ្តា​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​អាស៊ាន​ទាំងអស់​ ជួប​ប្រជុំ​គ្នា​ដើម្បី​ពិគ្រោះ​យោបល់​បង្ហាញ​ពី​ការ​វិ​វត្ត​ថ្មី​ៗអំពី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​លើកយក​បញ្ហា​ប្រឈម​នានា​នៅ​តាម​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់​ ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​ក្នុង​ការរៀបចំ​ជារ​បាយ​ការណ៍​ដឹក​ជូន​ ប្រ​មុ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដោះស្រាយ​៕

អា​មេ​រិក​ព្យូ​រប្រ​ព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ GSP​ ថៃ​ បន្ទាប់ពី​ថៃ​ហាមឃាត់​ការនាំចូល​ថ្នាំ​សម្លាប់សត្វ​ល្អិត​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump​ បា​នព្យូ​រប្រ​ព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ ដែល​តម្លៃ ១​,៣ពាន់​លាន​ដុល្លារ​របស់​ថៃ​ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (GSP​) បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​ហាមឃាត់​ការនាំចូល​សារធាតុគីមី​គ្រោះថ្នាក់​ ដែល​តែងតែ​រក​ឃើញ​នៅក្នុង​ផលិតផល​កសិកម្ម​អាមេរិក​នៅ​សប្តាហ៍​នេះ​។

ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​ថៃ​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​សណ្តែក​ និង​ស្រូវសាលី​របស់​អាមេរិក​ ដែល​មានតម្លៃ៧៧៣លាន​ដុល្លារ​។

គណៈកម្មាធិការ​ជាតិ​ថៃ​បាន​ពិនិត្យ​ពី​ភាព​គ្រោះថ្នាក់​ (NHSC​) នឹង​ហាមឃាត់​សារធាតុគីមី​ paraquat​ និង​ glyphosate​ ជា​រឿយ​ៗត្រូវ​បាន​ប្រើជា​អ្នក​បំផ្លាញ​ស្មៅ​ ហើយ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ chlorpyrifo​ ដោយ​ចាប់ផ្តើម​ពី​ខែ​ ធ្នូ​។

រដ្ឋាភិបាល​អាមេរិក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ យ៉ាង​ទទូច​ដល់​ការសម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​ ក្នុង​ការ​ហាមឃាត់​សារធាតុ​គីមី​ ដែល​មាន​ជា​ញឹកញាប់​នៅក្នុង​ទំនិញ​កសិកម្ម​អាមេរិក​។

អនុរដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម​អាមេរិក​ លោក ​Ted​ McKinney​ បាន​មានប្រសាសន៍​ថា​ “ប្រសិនបើ​ការ​ហាមឃាត់​ត្រូវ​បាន​អនុវត្ត​ វា​នឹង​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនាំចូល​ទំនិញ​កសិកម្ម​ របស់​ប្រទេស​ថៃ​ដូចជា​សណ្តែកសៀង​ និង​ស្រូវសាលី​”។ លោក​បន្ត​ថា​ “ខ្ញុំ​សង្ឃឹមថា​ ថៃ​នឹង​ពិចារណា​លើ​កង្វល់​ទាំងនេះ​ និង​រក្សា​ដែន​កំណត់​អតិបរិមា​ដែល​នៅ​សេសសល់​នា​ពេល​បច្ចុប្បន្ន​”។

អង្គការ​មិន​រក​ប្រាក់ចំណេញ​អន្តរជាតិ ​GRAIN​ បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដែល​រិះគន់​អាមេរិក​ចំពោះ​ សម្លុត​គំរាម​ប្រទេស​ឱ្យ​ទិញ​ផលិតផល​កសិកម្ម​ ដែល​មាន​ផ្ទុក​ទៅ​ដោយ​ថ្នាំ​សំ​លាប់​សត្វល្អិត​។

អង្គការ​ GRAIN​ បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​ថា​ “អាមេរិក​មាន​ប្រវត្តិ​នៃ​ការ​សម្លុត​ធ្វើបាប​ថៃ​ និង​ប្រទេស​ដទៃទៀត​ នៅពេល​ពួកគេ​ចាត់វិធានការ​ហាមឃាត់​ ឬដាក់កម្រិត​ថ្នាំ​សំ​លាប់​សត្វល្អិត​ និង​ GMOs​ ដែល​ផលិត​ដោយក្រុម​ហ៊ុន​ កសិ​-គីមី​របស់​អាមេរិក​។

រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជាក់​ថា​ ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ដោយសារតែ​ថៃ​មិនបានការ​ពារ​សិទ្ធិ​របស់​កម្មករ​ ជាពិសេស​នៅក្នុង​ឧស្សាហកម្ម​នេសាទ​។

ការ​ព្យួរ​ពន្ធគយ​នេះ​ នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី២៥​ ខែ​ មេសា​ ហើយនឹង​រួមបញ្ចូល​ទំនិញ​ថៃ​ជិត៦០០មុខ​។ ពន្ធ​លើ​ទំនិញ​ទាំងនោះ​នឹង​កើនឡើង​ដល់៤​,៥ ភាគរយ​៕

បុរី​ធំ​មួយ​មានផ្ទៃ​ដី​ជាង៣០ហិ​កតា​នឹង​បើ​កសម្ភោ​ធជា​ផ្លូវការ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ នា​ចុង​សប្តាហ៍​នេះ​

ដោយ​ ដេ​វីត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន ​ML ​មង្គល​រៀល​ធី​ នឹង​បាន​ចាប់ផ្តើម​បើ​កសម្ភោ​ធគំរោង​បុរី​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃទី៣​ វិច្ឆិកា​ខាងមុខនេះ​ ជាមួយនឹង​លំនៅ​ដ្ឋាន​ប្រកបដោយ​គុណភាព​ ប្រណីតភាព​ និង​ផាសុ​ខភាព​សំរាប់​ប្រជាពលរដ្ឋ​អាច​ប្រកប​អាជីវកម្ម​បាន​។

លោក​ពេជ្រ​ សីហា​ ប្រធាន​ផ្នែក​ទីផ្សារ​ បុរី​ ML​ វិមាន​មង្គល​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ពិ​ធី​សម្ភោ​ធគំរោង​ ដែល​ស្ថិតនៅ​ស្របតាម​ផ្លូវជាតិ​លេខ៤​ ស្ថិត​ក្នុង​សង្កាត់​កំបូល​ ខ័ណ្ឌ​ កំបូល​ រាជធានី​ភ្នំពេញ​នឹង​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី៣​ វិច្ឆិកា​ខាងមុខនេះ​។ លោក​បន្ត​ថា​ ក្រុមហ៊ុន​ ML ​មង្គល​រៀល​ធី​ជា​ក្រុមហ៊ុន​មួយ​ វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ ស្របតាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ ដោយ​ផ្តោត​ទៅលើ​មនុស្ស​ ផ្លូវ​ ទឹក​ និង​ភ្លើង​ ដែល​មាន​សម្តេច​អគ្គមហាសេនា​បតិ​តេជោ​ ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដ៏​ថ្លៃថ្លា​ជា​ប្រមុខ​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​ ML​ មង្គល​រៀល​ធី​ បាន​វិនិយោគ​វិស័យ​អចលនទ្រព្យ​ លើ​ផ្ទៃ​ដី​ប្រ​មា​ណជាជាង៣០ហិ​កតា​ ជាមួយនឹង​ផ្ទះ​ជាង២០០០ល្វែង​។ គំរោង​នេះ​ មាន​ចំងាយ​ប្រមាណ​ជា៥គម​ពី​រង្វង់​មូល​ចោមចៅ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ បត់​ចូល​តាម​ខ្លោង​ទ្វា​វត្ត​តាភេម​ប្រហែលជា៨០០ម​។

បុរី​ML​វិមាន​មង្គល​មានផ្ទះ​ជា​ប្រភេទ​វិឡា​កូនកាត់​ E0​ E1​ ដែល​មាន២ទំហំខ្នាត​សំរាប់​អតិថិជន​ជ្រើសរើស​ ដែល​មាន​ទំហំ​ផ្ទះ​ដូចជា​ 4.1mx10m​ មាន​បន្ទប់គេង២​ បន្ទប់ទឹក២​ បន្ទប់​ទទួលភ្ញៀវ១​ បន្ទប់​ផ្ទះបាយ១​ ឃ្លាំង​ដាក់​ឥវ៉ាន់​នៅ​ក្រោម​ជណ្តើរ១​។ ផ្ទះ​មាន​ទំហំ​ 4.1mx13m​ មាន​បន្ទប់គេង២​ បន្ទប់ទឹក៣​ បន្ទប់​ទទួលភ្ញៀវ១​ បន្ទប់​ផ្ទះបាយ១​ ឃ្លាំង​ដាក់​ឥវ៉ាន់​នៅ​ក្រោម​ជណ្តើរ១​

ផ្ទះ​និ​មួយ​ៗនៅក្នុង​បុរី​នេះ​ នៅសល់​ខាងមុខ​ផ្ទះ៤ម៉ែត្រ​ ស្ថិតនៅ​លើ​ផ្លូវ​ទំហំ​ចាប់ពី៨ដល់​ ១២ម៉ែត្រ​ និង​ផ្លូវភ្លោះ​13.5​កន្លះ​ ហើយ​អាច​សង់​ឡើង​បាន១ជាន់​ទៀត​។

លោក​ពេជ្រ​ សីហា​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ ដោយឡែក​បុរី​ML​វិមាន​មង្គល​មាន​ភាព​ទាក់ទាញ​ស្ថិតនៅ​តំបន់​ដែល​មាន​សក្តា​នុ​ពល​ខ្លាំង​ ជា​តំបន់​ជាប់​ផ្លូវ​អាស៊ាន​។ ផ្លូវជាតិ​លេខ៤​ -ផ្លូវ​ល្បឿន​លឿន៦០ម៉ែត្រ​ តភ្ជាប់​ទី​ទំនប់​កប់​ស្រូវ​ទៅ​កំពង់សោម​ -មាន​ផ្សារ​អាជីវកម្ម​របស់​រដ្ឋ​គឺ​ផ្សា​ជម្ពូ​រវ័ន​-ផ្សារ​កំបូល​ -តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ -វិទ្យាល័យ​កំបូល​ មណ្ឌលសុខភាព​ កំបូល​

ជាមួយគ្នា​នេះ​ បុរី​ML​ វិមាន​មង្គល​ ក៏​ជាទី​តាំង​ដែ​លព័ទ្ឋ​ជុំវិញ​ដោយ​រោងចក្រ​ វាយនភ័ណ្ឌ​កាត់ដេរ​-រោងចក្រ​ស្បែកជើង​ -រោងចក្រទឹក​ដោះ​គោ​ -អាគា​សា​ធារ​ណះ​របស់​រដ្ឋ​សង្កាត់​កំបូល​ ខ័ណ្ឌ​កំបូល​ជាដើម​។

លោក​ពេជ្រ​ សីហា​បាន​បន្ត​ថា​ បុរី​ ML ​វិមាន​មង្គល​ ដែល​មាន​អតិថិជន​បន្ត​គាំទ្រ​កាន់តែ​ច្រើន​ឡើង​ៗឥត​ឈប់ឈរ​ពី១ថ្ងៃ​ទៅ១ថ្ងៃ​ ក៏​ព្រោះតែ​បុរី​ឈរ​លើ​ស្មារតី​ នៃ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អតិថិជន​ ផ្តល់​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ពួកគាត់​ ទាំង​ផ្នែក​សេវាកម្ម​ ទាំង​ផ្នែកការ​ដ្ឋាន​សំណង់​ជាពិសេស​ជាង​នេះ​ទៅទៀត​ គឺ​បញ្ចប់​ការសាងសង់​មុន​កុងត្រា​កំណត់​ ប្រគល់​ផ្ទះ​អតិថិជន​ដូចជា​នៅ​គំរោង​ទី១ជាដើម​។

អតិថិជន​អាច​បង់​រំលោះ​បាន​រហូតដល់១៧ឆ្នាំ​ ក្នុង​គោលបំណង​ដើម្បី​ជួយ​សំរួល​ដល់​អតិថិជន​ដែល​មាន​ប្រាក់ចំណូល​មធ្យម​។ អតិថិជន​គ្រប់រូប​មាន​សិទ្ធ​ បង់​ផ្តាច់​ពេលណា​ក៏បាន​ដោយ​ពុំ​មានការ​ពិន័យ​ឡើយ​។

លោក​ពេជ្រ​ សីហា​បាន​បន្ត​ថា​ ពេល​ផ្ទះ​ហើយ​ទទួល​បាន​ប្លង់​អតិថិជន​ អាច​បង់​រំលោះ​ជាមួយ​ធនាគារ​ដៃគូ​ររបស់​បុរី​ ឬធ​នាគា​រណា​ក៏បាន​ ធនាគារ​ដៃគូ​ររបស់​បុរី​មាន​ ធានា​គា​ភ្នំពេញ​ពាណិជ្ជ​ ធនាគារ​ ABA ​ដែល​មាន​បុគ្គលិក​រង់ចាំ​ទទួល​ពិគ្រោះ​យោបល់​ផង​ដែរ​។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​បាន​សម្តែង​សុទិដ្ឋិនិយម​ សំរាប់​លំនៅ​ដ្ឋាន​មានតម្លៃ​មធ្យម​ នៅក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ និង​កំនើ​នប្រ​ជា​ជន​ចូល​មក​រស់នៅ​ក្នុង​ក្រុងភ្នំពេញ​កាន់តែ​ច្រើន​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ដោយសារ​ការ​រីកចម្រើន​សេដ្ឋកិច្ច​សង្គម​យ៉ាង​ឆាប់់​រហ័ស​ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ មាន​ប្រាក់ចំណូល​មធ្យម​បាន​កើនឡើង​យ៉ាង​ឆាប់់​រហ័ស​ ពិសេស​លំហូរ​ប្រជាជន​ចូល​មក​រស់នៅ​រាជធានី​ និង​ជាយ​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា​ “ការ​រីកចម្រើន​ជីវភាព​ និង​ការ​កើនឡើង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មាន​តម្រូវការ​ច្រើន​ ពិសេស​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​”។ លោក​បន្ត​ថា​ “តំបន់​ស្ថិតនៅ​ស្របតាម​ផ្លូវជាតិ​លេខ៤កំពុង​មានការ​រីកចម្រើន​ ជាមួយនឹង​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ រោងចក្រ​ សហគ្រាស​នានា​ ហេតុនេះ​ការ​វិនិយោគ​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​នៅ​តំបន់​នេះ​ ពិតជា​ឆ្លើយតប​នឹង​ស្ថានភាព​និង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​”។

រាជធានី​ភ្នំពេញ​ កំពុង​តភ្ជាប់​គ្នា​ដោយ​ស្វ័យប្រវត្តិ​ជាមួយ​ខេត្ត​កំពង់ស្ពឺ​រួច​ទៅ​ហើយ​ ប៉ុន្តែ​នា​ពេល​អនាគត​តំបន់​នេះ​ កាន់តែ​មាន​ភាព​រីកចម្រើន​ថែមទៀត​ ព្រោះ​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ ដើម្បី​ប្រែក្លាយ​តំបន់​នៅ​ជាប់​ផ្លូវជាតិ​លេខ៤​ ចាប់ពី​រាជធានី​ភ្នំពេញ​ដល់​ខេត្ត​ព្រះសីហនុ​ជា​តំបន់ឧស្សាហកម្ម​នៅ​ឆ្នាំ២០២៥ខាងមុខនេះ​។

អតិថិជន​ចាប់អារម្មណ៍​ជាវ​លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​ អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ៖ 016​ 551 022​ / 017 509 231​/ 097 85 62 333​៕

សម្ព័ន្ធ​អ្នក​ផលិត​កង់​កម្ពុជា​នៅតែ​មាន​សុទិដ្ឋិនិយម​ចំពោះ​នីតិវិធី​ពិនិត្យ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​

ដោយ​ ប៊ី​

ក្រុង​បា​វិ​តៈ​ សម្ព័ន្ធ​អ្នក​ផលិត​កង់​កម្ពុជា​ តំណាង​ឱ្យ​ក្រុមហ៊ុន​ផលិត​កង់​ទាំង៣​ ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​បានឱ្យ​ដឹង​ថា​ អឺរ៉ុប​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី២២​ ខែតុលា​ឆ្នាំនេះ​ថា​ កម្ពុជា​នៅតែ​ជា​អ្នកផ្គត់ផ្គង់​កង់​ធំជាង​គេ​ ទៅកាន់​សហភាព​អឺរ៉ុប​ក្នុង​ឆមាស​ទី១​។

ក្នុង​ពេល​ជាមួយគ្នា​នេះ​ សម្ព័ន្ធ​កង់​កម្ពុជា​មានការ​ព្រួយបារម្ភ​ពីរ​បាយ​ការណ៍​នេះ​ដោយ​បាន​លើកឡើង​ពី​ការ​ធ្លាក់ចុះ​ នៃ​បរិមាណ​ពី​ផល​ប៉ះពាល់​ ដែល​អាច​កើតមាន​នៃ​នីតិវិធី​ពិនិត្យ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ “អ្វី​ៗទាំងអស់​លើកលែងតែ​អាវុធ​” (EBA​) ដោយ​គណៈកម្មការ​អឺរ៉ុប​ ដែល​អាច​នាំ​ឱ្យ​មានការ​ផ្អាក​ដំណើរការ​ ដោយសារ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការនាំចេញ​កង់​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​។

កាលពី​សប្តាហ៍​មុន​ Bike​ Europe​ បាន​រាយការណ៍​ថា​ កម្ពុជា​គាំទ្រ​អ្នកផ្គត់ផ្គង់​កង់​ដ៏​ធំ​បំផុត​របស់​សហភាព​អឺរ៉ុប​ បើ​ទោះបីជា​មានការ​គំរាមកំហែង​ថា​ ប្រទេស​នេះ​អាច​បាត់​ បង់​ការលើកលែង​ពន្ធ​កង់​ សម្រាប់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​។

ការ​អនុគ្រោះ​នេះ​ កំពុង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ដែល​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បានការ​លើកលែង​ពន្ធ​នាំចូល១៤ភាគរយ​ លើ​ប្រទេស​ដែល​មិន​មានការ​អនុ​ គ្រោះ​នេះ​។ វា​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​ ក្លាយជា​អ្នកផ្គត់ផ្គង់​ឈានមុខ​គេ​របស់​សហភាព​អឺរ៉ុប​ ដែល​ជា​ការពិត​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​។ ទោះ​យ៉ាងណា​ការនាំចេញ​របស់​ខ្លួន​ ទៅកាន់​សហភាព​អឺរ៉ុប​បាន​បង្ហាញ​ ពី​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​ជាលើកដំបូង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។

រក្សា​ការ​អនុគ្រោះ​ពិសេស​របស់​កម្ពុជា​

​សម្ព័ន្ធ​កង់​កម្ពុជា​ជឿជាក់​ថា​ គណៈកម្មការ​អឺរ៉ុប​នឹង​ទទួលស្គាល់​ថា​ រាល់​ការ​ដក​ផលប្រយោជន៍​ពាណិជ្ជកម្ម​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មករ​ចំនួន៦០០០នាក់​ នៅក្នុង​វិស័យ​កង់​កម្ពុជា​ គ្រួសារ​របស់​ពួកគេ​ និង​បង្កើត​ការ​អភិវ​ ឌ្ឍ​នៅក្នុង​សហគមន៍​ដែល​ខ្លួន​ប្រតិបត្តិ​ការ​។ សម្ព័ន្ធ​កង់​កម្ពុជា​លើកទឹកចិត្ត​ជាថ្មី​ម្តង​ទៀត​ដល់​សហគមន៍​អឺរ៉ុប​ ក្នុង​ការ​រក្សា​ការ​អនុគ្រោះ​ពន្ធ​ EBA​ របស់​ប្រទេស​កម្ពុជា​។

សម្ព័ន្ធ​កង់​កម្ពុជា​ បាន​បញ្ជាក់​ថា​ “យើង​ទន្ទឹងរង់ចាំ​កម្ពុជា​ ដែល​នៅតែ​ជា​អ្នកផ្គត់ផ្គង់​កង់​លេខ១​ ទៅកាន់​ទីផ្សារ​អឺរ៉ុប​ ហើយ​សង្ឃឹមថា​ ការ​ធ្លាក់ចុះ​តិចតួច​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០១៩​ នឹង​ត្រលប់​មកវិញ​នៅ​ឆ្នាំ​ ២០២០​ នៅពេល​ដែល​នីតិវិធី​ពិនិត្យ​ EBA​ ត្រូវ​បាន​បញ្ចប់​”។

និយោជក​ដែល​ទទួលខុសត្រូវ​សង្គម​

សម្ព័ន្ធ​ជិះកង់​នៅ​កម្ពុជា​បន្ត​ថា​ “យើង​រំពឹង​ថា​សហគមន៍​អឺរ៉ុប​ នឹង​ទទួលស្គាល់​ថា​ យើង​នៅតែ​ប្តេជ្ញា​ចិត្ត​ថា​ ជា​វិស័យ​មួយ​ដែល​ជា​និយោជក​ទទួលខុស​សង្គម​ និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​លើកកម្ពស់​ស្តង់ដារ​ការងារ​ និង​ជីវភាពរស់នៅ​របស់​ពលកម្ម​របស់​យើង​។ យើង​នឹង​ធ្វើ​វា​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ច្រើន​ ជាមួយ​អ្នក​ពាក់ព័ន្ធ​របស់​យើង​នៅក្នុង​សហគមន៍​អឺរ៉ុប​ ហើយ​ជា​ការពិត​នៅ​កម្ពុជា​ផង​ដែរ​”។

សម្ព័ន្ធ​ជិះកង់​នៅ​កម្ពុជា​បាន​បន្ត​ថា​ “ទិន្នន័យ​ដែល​បាន​រាយការណ៍​ដោយ​ Bike​ Europe​ បង្ហាញ​ច្បាស់​ថា​ យើង​បន្ត​ប្រកួតប្រជែង​ខ្លាំង​ជាមួយ​ចិន​ តៃវ៉ាន់​ ឥណ្ឌា​ ស្រីលង្កា​ បង់​ក្លា​ដែស​ និង​ហ្វីលីពីន​សម្រាប់​ទីផ្សារ​របស់​យើង​នៅ​សហភាព​អឺរ៉ុប​”។

សម្ព័ន្ធ​ជិះកង់​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា​ “យើង​ធ្វើបែប​នេះ​ ដោយ​ឈរ​លើ​ស្តង់ដារ​ការងារ​ខ្ពស់​ និង​គោរព​សិទ្ធិ​កម្មករ​របស់​យើង​។ យើង​លើកទឹកចិត្ត​សហគមន៍​អឺរ៉ុប​ឱ្យ​បន្ត​ការសន្ទនា​ ប្រកបដោយ​លក្ខណៈ​ស្ថាបនា​ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ដើម្បី​រក្សា​ក្របខ័ណ្ឌ​ EBA​”៕ (ប្រភព​ Bike​ Europe​)៕

យន្តហោះ​ជំនាន់​ក្រោយ​ប៊ូ​អ៊ី​ងនៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​រក​ឃើញថា​មានស្នាម​ប្រេះ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ យន្ដ​ហោះ​ប៊ូ​អ៊ី​ង 737 ជំនាន់​ក្រោយ​ របស់​អាមេរិក​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​គេ​រក​ឃើញថា​ មានស្នាម​ប្រេះ​តាមលំដាប់​។ នេះ​បើ​យោង​តាម​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​។

រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ពិនិត្យមើល​ភាព​ត្រឹមត្រូវ​ នៃ​រចនាសម្ព័ន្ធ​នៃ​យន្តហោះ​ ដែល​ត្រូវ​បាន​លក់​ទូទាំង​ពិភពលោក​។

ក្រុមហ៊ុន​ Qantas​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​ បាន​ផ្អាក​យន្តហោះ​ 737​ NG​ ចំនួន៣គ្រឿង​ បន្ទាប់ពី​ការ​រក​ឃើញត្រូវ​បាន​រក​ឃើញថា​មានស្នាម​ប្រេះ​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃសុក្រ​ក្រម​ហ៊ុន​ Qantas​ បាន​បញ្ជាក់​ថា​ “យន្តហោះ​ចំនួន៣៣គ្រឿង​ ក្នុងចំណោម​យន្តហោះ​ទាំង៧៧ របស់​ក្រុមហ៊ុន ​Qantas​ ដែល​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ មាន៣គ្រឿង​ត្រូវ​បាន​រក​ឃើញថា​ មានស្នាម​ប្រេះ​នៅក្នុង​រចនា​សម្ព័ន​សាងសង់​។ យន្តហោះ​ទាំងនេះ​ ត្រូវ​បាន​យកចេញ​ពី​សេវាកម្ម​សម្រាប់​ជួសជុល​។

យន្ត​ហោះ​ប៊ូ​អ៊ីញ ៧៣៧ប៊ូ​អ៊ី​ងប្រមាណ ៦​,៨០០គ្រឿង​ កំពុង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក​។

យន្តហោះ​ 737​ NG​ គឺជា​ម៉ូដែល​ថ្មែ​ដែល​ជា​ជំនន់​ថ្មី​របស់ ​Boeing​ 737​ Max​ ។ យន្ត​ហោះ​ប៊ូ​អ៊ី​ង 737 Max​ ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ហោះហើរ​ នៅ​គ្រប់ទិសទី​លើ​ពិភពលោក​ចាប់តាំងពី​ខែមីនា​ បន្ទាប់ពី​ការ​ធ្លាក់​ដ៏​ខ្លាំង​ចំនួន២ដង​ បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ចំនួន ៣៤៦នាក់​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Qantas​ ក្នុង​ស្រុក​លោក​ Andrew​ David​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ “យើង​នឹង​មិនដែល​ហោះហើរ​យន្តហោះ​ ដែល​មិន​មាន​សុវត្ថិភាព​នោះ​ទេ​”។

លោក​បាន​បន្ថែម​ថា​ “សូម្បីតែ​កន្លែង​ដែល​មានស្នាម​ប្រេះ​ទាំងនេះ​ វា​មិន​មាន​ហា​និ​ភ័យ​ភ្លាម​ៗក៏ដោយ​ ដែល​វា​ច្បាស់​ណាស់​ពី​ការពិត​ដែល​ថា​ ការ​ត្រួតពិនិត្យ​មិន​ត្រូវ​បាន​ទាមទារ​យ៉ាងហោចណាស់​រយៈពេល​ប្រាំពីរ​ខែ​”៕

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-កាណាដា​កើន​រហូតដល់ ៨០០ភាគរយ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ លោកស្រី​ Donica​ Pottie​ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ នៃ​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​កាណាដា​កើនឡើង​រហូតដល់៨០០​% ក្រោយពេល​ប្រទេស​កាណាដា​ បាន​បើកឲ្យ​ដំណើរ​ការិយាល័យ​ស្ថានទូត​កាណាដា​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ឆ្នាំ២០១៦​។

លោកស្រី​ Donica​ Pottie​ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ នៃ​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា​ នៅក្នុង​ជំនួប​ជាមួយ​លោក​ ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្រ្តី​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ កាលពី​ថ្ងៃទី៣១​ ខែតុលា​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ចំពោះ​ FTA​ កិច្ច​ព្រមព្រៀង​អាស៊ាន​ កាណាដា​នេះ​ នឹង​មានការ​វិវត្ត​ទៅមុខ​យ៉ាង​ឆាប់រហ័ស​។

នៅក្នុង​ជំនួប​របស់​លោក​ ស្រី​ Domica​ Pottie​ កាលពី​ពេល​ថ្មី​ៗនេះ​សម្តេច​តេជោ​នាយក​រដ្ឋ​ មន្ត្រី​ ​ហ៊ុន​ សែន​បាន​ថ្លែង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ កាណាដា​ និង​ ប្រទេស​ កម្ពុជា​បាន​កើន​ដល់​ជាង១០០០លាន​ដុល្លារ​ ហើយ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ ទៅ​ ប្រទេស​កាណាដា​ ភាគច្រើន​ជា​ផលិតផល​ សំលៀក​ បំពាក់​ ។

ទាក់ទង​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (GSP​) វិញ​ លោកស្រី​បាន​ថ្លែង​ថា​ កាណាដា​ផ្តល់​ភាព​អនុគ្រោះ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ ក្នុង​គោលដៅ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះ​ ដោយ​មិន​ភ្ជាប់​ទៅ​នឹង​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ឡើយ​។ លោកស្រី​បន្ថែម​ថា​ ជាមួយគ្នា​នេះ​ កាណាដា​បាន​បង្កើត​មូលនិធិ​ សម្រាប់​ការ​បញ្ជូន​កងកម្លាំង​ស្រ្តី​ក្នុង​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ ហើយ​តាមរយៈ​មូលនិធិ​នេះ​ លោកស្រី​សង្ឃឹមថា​ កម្ពុជា​ នឹង​ទទួល​បាន​មូលនិធិ​បន្ថែម​ សម្រាប់​ការ​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ស្រ្តី​កម្ពុជា​។

លោក​ ឧបនាយក​រដ្ឋមន្រ្តី​ប្រាក់​ សុ​ខុន​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ផ្ទាល់ខ្លួន​របស់​លោកស្រី​ទូត​ ក្នុង​ការ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ ដែល​សបញ្ជាក់​តាមរយៈ​កំណើន​យ៉ាង​លឿន​ នៃ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-កាណាដា​។

លោក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ និង​ប្រជាជន​កាណាដា​ ដែល​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ ជាពិសេស​លើ​វិស័យ​កំចាត់​មីន​ អប់រំ​ បេសកកម្ម​ថែរក្សា​សន្តិភាព​ និង​ការប្រែប្រួល​អាកាសធាតុ​។ ក្នុង​ក្របខណ្ឌ​អាស៊ាន​ លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​គាំទ្រ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) អាស៊ាន​-កាណាដា​៕

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ ២៧លាន​ដុល្លារ​ដើម្បី​លើក​កំពស់​គុណភាព​ជីវិត​​នៅ​រាជធានី​ភ្នំពេញ​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​ចំនួន២​ ៧៧៧​ លាន​យ៉េន​ (ប្រមាណ​ជា​ ២៧លាន​ដុល្លារ​អាមេរិក​)សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ (The​ Project​ for​ Sewerage​ System​ Development​ in​ Phnom​ Penh​) ដែល​ជាផ្នែក​មួយ​នៃ​ការ​លើក​កំពស់​គុណភាព​ជីវិត​របស់​ប្រជាជន​។

យោង​តាម​សេ​ក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ JICA​ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ទិសដៅ​ចម្រោះ​ទឹក​កខ្វក់​មុន​ពេល​បង្ហូរ​ចូលទន្លេ​ តាម​ រយៈ​ការសាងសង់​រោង​ចក្រ​ប្រប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​មួយ​ កន្លែងនៅ​បឹង​ជើងឯក​ក្នុង​សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ និង​បំពង់​បង្ហូរទឹក​កខ្វក់​ដែល​មាន​ប្រវែង ២០០០​ម៉ែត្រ​ មានមុខ​កាត់ ៥០០​ម.ម​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ដដែល​បន្ត​ថា​ រោងចក្រ​ប្រព្រឹត្ត​កម្ម​នេះ​ មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន៥០០០ម៉ែត្រគីប​ក្នុង​មួយថ្ងៃ​។ ការសាងសង់​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ចុងឆ្នាំ២០២០​ ​ដែល​ត្រូវ​ចំណាយពេល​ប្រមាណ៣២ខែ​។ បន្ថែម​ពីលើ​ការសាងសង់​ គម្រោង​ក៏​នឹង​ផ្តល់​ជំនួយ​បច្ចេកទេស​ សម្រាប់​ពង្រឹង​សមត្ថភាព​មន្ត្រី​ ក្នុង​ការគ្រប់គ្រង​រោងចក្រ​ដំណើរការ​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ជា​គម្រោង​បំពេញបន្ថែម​ឱ្យ​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ ជំ​ហ៊ាន​ទី​ ១ ទី​ ២ ទី៣​ និង​ទី៤​ ដែ​លត្រូវវ​បាន​សាងសង់​ ដោយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​។

គម្រោង​នេះ​ នឹង​រួមចំណែក​ដល់​កិច្ច​ខិតខំ​ ប្រឹងប្រែង​របស់​សាលា​រាជធានី​ភ្នំពេញ​ ក៏ដូចជា​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ឆ្លើយតប​យ៉ាង​ជាក់ច្បាស់​ ទៅ​នឹង​សេចក្តី​ត្រូវការ​ជាអាទិភាព​ ក្នុង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ដែល​នាំ​នូវ​ការ​ការពារ​ និង​លើកកម្ពស់​គុណភាព​ទឹក​ និង​អនាម័យ​បរិស្ថាន​ ស្រប​ទៅ​នឹង​មុំ​ទី១​ នៃ​ចតុកោណ​ទី៤​ ដូច​មាន​ចែក​ក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ចតុកោណ​ ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​នេះ​ គឺជា​ឯកសារ​គតិយុត្តិ​មួយទៀត​ បន្ទាប់ពី​លិខិត​ប្តូរ​សសារ​ ដែល​ទើបត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៣ ខែតុលា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​ រវាង​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ដែល​អាច​នាំ​ឱ្យ​ឈាន​តៅ​ដល់​ការអនុវត្ត​នីតិវិធី​បន្តបន្ទាប់​ទៀត​សម្រាប់​ការអនុវត្ត​គម្រោង​ជាក់ស្តែង​។

ហិរញ្ញប្បទាន​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​ផ្លូវការ ​(Japan​ ODA​) ពី​ប្រទេស​ជប៉ុន​ និង​ប្រជាជន​ជប៉ុន​ ឬនិយាយ​ឱ្យ​ចំ​ថា​ អ្នក​បង់ពន្ធ​ជប៉ុន​ចាប់ពី​ដំណើរការ​ កសាង​សន្តិភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​ រហូតមកដល់​បច្ចុប្បន្ន​មាន​ចំនួន​សរុប​ប្រមាណ​ជាង​ ៥០០០លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​មាន​ហិរញ្ញប្បទាន​ ឥត​សំណង​ប្រមាណ៣៥០០​ លាន​ដុល្លារ​អាមេរិក​៕