ដោយ ប៊ី
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាតបានឱ្យដឹងថា ក្រុមហ៊ុន Cambodian Resources Energy Development Co Ltd (ក្រុមហ៊ុនអភិវឌ្ឍន៍ធនធានថាមពលកម្ពុជា) ដែលគ្រប់គ្រងដោយវិនិយោគិនចិន ត្រូវបានផ្តល់អាជ្ញាប័ណ្ណការរុករកប្រេងរយៈពេល៣ឆ្នាំ នៅឈូងសមុទ្រថៃប្លុកDនៅឯនាយសមុទ្ររបស់ប្រទេសកម្ពុជា។

-->
លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែនិងថាមពល ត្រូវបានរាយការណ៍ ដោយកាសែតអន្តរជាតិមួយថា ក្រសួងរ៉ែ និងថាមពល និងក្រុមហ៊ុន Cambodian Resources Energy Development បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីខែ ធ្នូ ដែលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងការរុករកប្រេងតំបន់នោះ។
ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមរុករកប្រេងនៅប្លុកDនៅឆ្នាំនេះ។ លោកជៀប សួរ បានថ្លែងថា “ឥឡូវនេះ ក្រុមហ៊ុនកំពុងសិក្សារាល់ឯកសារទាំងអស់។ បន្ទាប់មកទៀត ពួកគេនឹងចាប់ផ្តើមរុករកប្រេង”។លោកបានបន្តថា “ប្រសិនបើពួកគេឃើញថា ប្លុកនេះមានសក្តានុពល ពួកគេនឹងចាប់ផ្តើមរៀបចំដើម្បីទាញយកប្រេង។ ប៉ុន្តែយើងកំពុងស្ថិតក្នុងដំណាក់កាលដំបូង ដូច្នេះវាត្រូវការពេលវេលាយូរ មុនពេលដែលប្រេងអាចត្រូវបានទាញយក”។
លោកបានកត់សម្គាល់ថា ក្រសួងកំពុងផ្តល់អាទិភាព ក្នុងការទាក់ទាញវិនិយោគិនបន្ថែមទៀត មកវិស័យរ៉ែ និងថាមពលនៅកម្ពុជា។
ប្លុកD គឺជាតំបន់ដែលមានទំហំ៥,៥០០ គីឡូម៉ែត្រក្រឡានៅឈូងសមុទ្រថៃ ដែលពីមុនត្រូវបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនក្នុងស្រុក CPHL (Cambodia)។
រដ្ឋាភិបាលបានដកហូតអាជ្ញាប័ណ្ណ រុករកប្រេងនៅក្នុងខែ ឧសភា ឆ្នាំ ២០១៦ បន្ទាប់ពីក្រុមហ៊ុនមិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
លោកជៀប សួរ បានឱ្យដឹងថា ប្រទេសកម្ពុជាបានបែងចែកតំបន់ សម្រាប់ការរុករកប្រេងកាតទៅជាឆ្នេរសមុទ្រចំនួន៦ និងប្លុកដីគោកចំនួន១៩។
លោកបាននិយាយថា ក្រសួងកំពុងចរចាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនកាណាដាEnerCam Co ដើម្បីរុករកប្រេងនៅប្លុក VIII។
លោកបានមានប្រសាសន៍ថា “ខ្ញុំរំពឹងថាយើងនឹងឈានដល់កិច្ចព្រមព្រៀងស្តីពីការរុករកប្រេងជាមួយក្រុមហ៊ុននេះឆាប់ៗនេះ”។
ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរីបច្ចុប្បន្ន កំពុងអភិវ ឌ្ឍន៍អណ្តូងប្រេងអប្សរាក្នុងប្លុកA របស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបំណងទាញយកតំណក់ប្រេងលើកដំបូងនៅឆ្នាំនេះ។
យោងតាមKrisEnergy ប្លុកAនេះត្រូវបានគេរំពឹងថា នឹងឈានដល់ការផលិតខ្ពស់បំផុត៧,៥០០ បារ៉ែលក្នុងមួយថ្ងៃ៕