អ្នកជំនាញ​នៅតែ​មាន​សុ​ទិដ្ឋ​និយម​សំរាប់​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០២០ខាងមុខ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្ទុយពី​ការ​លើកឡើង​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ កំពុងតែ​ជួប​សភាព​ទ្រឹង​ និង​ធ្លាក់ចុះ​នោះ​ ក្រុម​អ្នកជំនាញ​និង​អ្នក​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ផ្ទាល់​សុទ្ធតែ​បាន​អះអាង​ថា​ អចលនទ្រព្យ​កម្ពុជា​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​ ដោយ​មិនទាន់​មាន​សញ្ញា​ណាមួយ​បញ្ជាក់​ពី​ឱនភាព​នោះ​ទេ​ ជាពិសេស​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century​21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មាន ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ “បើ​យើង​មើល​ពី​តម្រូវការ​ និង​ភាព​ជាក់ស្ដែង​ នៃ​កា​រប​ញ្ជារ​ទិញ​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​ គឺ​នៅតែ​មានដំណើរ​ការ​ល្អ​ដដែល​ ដោយ​មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​ ដែល​មាន​ដូចជា​វិស័យ​ដីធ្លី​ និង​វិស័យ​លំនៅ​ដ្ឋាន​ជាដើម​”។

សម្រាប់​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​ ដែល​ឈរ​លលេ​ខរៀង​បន្ទាប់ពី​អ្នក​វិនិយោគ​ចិន​ ដែល​ឈរ​នៅ​លំដាប់​លេខ១នៅ​កម្ពុជា​នោះ​ បច្ចុប្បន្ន​ឃើញ​មាន​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន​ កូរ៉េ​ ដែល​កំពុងតែ​មាន​សកម្មភាព​ ហើយ​ក្រៅពី​នេះ​ នៅ​មាន​បណ្តា​អ្នក​វិនិយោគ​ដែល​មក​ពី​ប្រទេសជិតខាង​របស់​កម្ពុជា​ផង​ដែរ​ ដូចជា​ វៀតណាម​ ថៃ​ ហុងកុង​ និង​សិង្ហបុរី​ ជាដើម​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “គ្រប់ការ​វិនិយោគ​របស់​ក្រុមហ៊ុន​អន្តរជាតិ​ទាំងអស់​ គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការសិក្សា​យ៉ាង​លម្អិត​ និង​ច្បាស់លាស់​ មុន​ពេល​សម្រេចចិត្ត​បណ្តាក់​ទុន​”។លោកស្រី​បន្ត​ថា​ “ការ​វិនិយោគ​ក្នុងរយៈពេល​វែង​ ខុសពី​ការ​វិនិយោគ​របស់​អ្នកជំនួញ​ក្នុង​ស្រុក​ ដែល​មានតែ​ការទិញ​-លក់​ ក្នុងរយៈពេល​ខ្លី​ ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​នោះ​ទេ​ ដូច្នេះ​វា​មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ភាព​អវិជ្ជមាន​នោះ​ទេ​”។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា​ រហូតមកដល់​ពេលនេះ​ មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញ​ពី​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​មានការ​ធ្លាក់ចុះ​នោះ​ទេ​ ផ្ទុយទៅវិញ​មានតែ​ការ​កើនឡើង​ ដែល​ជាប្រចាំ​ឆ្នាំ​ក្នុង​ចន្លោះ២៥​-៣០ភាគរយ​នៃ​តម្រូវការ​ទីផ្សារ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ “នៅពេល​មាន​លំហូរ​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មក​ពីក្រៅ​ប្រទេស​ ដែល​ជា​ដៃគូ​សហការ​ជាមួយ​អ្នក​វិនិយោគ​នៅ​កម្ពុជា​ ជាពិសេស​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ និង​មានបទពិសោធន៍​ខ្ពស់​ គឺ​សុទ្ធតែ​ជា​សញ្ញា​វិជ្ជមាន​ដែល​បង្ហាញថា​ សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​ភាពល្អ​ប្រសើរ​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ការ​វិនិយោគ​ដោយ​ភាព​ប្រថុយប្រថាន​ តែង​មាន​ក្ដី​ព្រួយបារម្ភ​ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ធំៗ​ គឺ​សុទ្ធតែ​មានទំនុក​ចិត្ត​ខ្ពស់​ ដោយសារ​គេ​បាន​សិក្សា​លម្អិត​ពី​ស្ថានភាព​សេដ្ឋកិច្ច​ និង​ទីផ្សារ​ ឱកាស​នៃ​ការ​វិនិយោគ​រួម​ជាមួយនឹង​ក្ដី​រំពឹង​ទុក​ផង​ដែរ​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ ភាគច្រើន​ ការ​លើកឡើង​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​ជួប​សភា​ពស​ទ្រឹង​ ឬមានការ​ធ្លាក់ចុះ​ គឺ​ពួកគេ​ផ្តោត​សំខាន់​តែ​ទៅលើ​ការ​ចាកចេញ​នៃ​វត្តមាន​របស់​ជនជាតិ​ចិន​មួយចំនួន​តូច​តែប៉ុណ្ណោះ​ ដូចជា​ នៅ​ខេត្ត​ព្រះសីហនុ​ ប៉ោយប៉ែត​ និង​ក្រុង​បាវិត​ ប៉ុន្តែ​មិនបាន​សម្លឹង​មើល​ពី​ភាព​ជាក់ស្ដែង​ នៃ​ការ​វិនិយោគ​គម្រោ​ងធំៗ​ដែល​កំពុងតែ​មាន​ និង​កំពុង​ដំណើរការ​។ បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​ បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ ដើម្បី​គៀង​គរ​ការ​វិនិយោគ​ និង​ផ្តល់​ឱកាស​ដល់​អ្នក​វិនិយោគ​ ដូចជា​ការ​ផ្តល់​សិទ្ធិ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ការ​ផ្តល់​អជ្ញា​ប័ណ្ណ​ដល់​ការ​វិនិយោគ​កាស៊ីណូ​ នៅ​តាម​តំបន់​មួយចំនួន​ ជាពិសេស​នៅ​តាម​តំបន់​ព្រំដែន​។

អនុប្រធាន​សមាគមន៍​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា​ លោក​ម៉ម​ សិរី​បញ្ញា​ បាន​ទទួលស្គាល់​ថា​ បច្ចុប្បន្ន​អចល​ទ្រព្យ​នៅ​តំបន់​មួយចំនួន​ មានការ​ធ្លាក់ចុះ​ពិតមែន​ ប៉ុន្តែ​មិនជា​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ “អចលនទ្រព្យ​នៅ​តំបន់​មួយចំនួន​អាច​មានការ​ធ្លាក់ចុះ​បន្តិច​មែន​ ប៉ុន្តែ​បើជា​ទីផ្សារ​រួម​វិញ​ នៅតែ​មានការ​ទិញ​លក់​ជា​ធម្មតា​ ហើយក៏​មិន​មាន​សញ្ញា​ណាមួយ​ដែល​បញ្ជាក់​ថា​ វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​ជាប់​គាំង​នោះ​ដែរ​”។

លោក​បញ្ជាក់​ថា​ តំបន់​ដែល​ជួប​បញ្ហា​នៅពេល​បច្ចុប្បន្ន​នេះ​ មាន​ដូចជា​ក្រុង​ព្រះសីហនុ​ ដោយសារតែ​ខេត្ត​នេះ​ មាន​កំសួល​នៃ​តម្លៃ​ថ្លៃ​លើស​ពីទី​ផ្សារ​ទូទៅ​ ហើយ​តម្រូវការ​ទីផ្សារ​នៅក្នុង​ខេត្ត​នេះ​ភាគច្រើន​ មាន​ប្រភព​មក​ពីក្រៅ​ស្រុក​ ខុសពី​តំបន់​ដទៃទៀត​ដូចជា​ តំបន់​ប៉ោយប៉ែត​ និង​តំបន់​បាវិត​ ដែល​ស្ថិតនៅ​ជាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​ និង​ស្ថិតនៅ​តាម​បណ្តោយ​ខ្សែបន្ទាត់​សេដ្ឋកិច្ច​រវាង​ប្រទេស​ និង​ប្រទេស​ដែល​មាន​លំហូរ​ដឹកជញ្ជូន​ និង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​កន្លែង​។

លោក​ ម៉ម​ សិរី​បញ្ញា​ បាន​បញ្ជាក់​ទៀត​ថា​ “ទោះជាយ៉ាងណា​ក៏ដោយ​ វិស័យ​មួយ​នេះ​នៅតែ​បន្ត​មាន​សញ្ញា​វិជ្ជមាន​ដដែល​ មិនថា​ឆ្នាំក្រោយ​ឬនៅ​ឆ្នាំ​បន្ទាប់​ទៀត​នោះ​ទេ​”៕

រដ្ឋាភិបាល​ត្រៀម​ថវិកា​ជិត៥០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗសម្រាប់​ថែទាំ​ និង​ស្ថាបនា​ផ្លូវ​ថ្មី​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ថវិកាជាតិ​ ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗសម្រាប់​ថែ​រទាំ​ និង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ រួមមាន​ ផ្លូវជាតិ​ ផ្លូវដែក​ និង​ កំពង់ផែ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​វ៉ា​ ស៊ី​មសូរិ​យា​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ក្នុងចំណោម​ថវិ​កាបំ​រ៉ុ​ងនេះ​ មាន​ថវិកាជាតិ​ប្រមាណ២០០លាន​ដុល្លារ​ ថវិកា​ជា​ជំនួយ​ពី​ដៃ​គូរ​អភិវឌ្ឍន៍​ និង​ហិរញ្ញប្បទាន​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ សរុប​ទាំងអស់​មាន​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ៗ។

សម្រាប់​ឆ្នាំ​ខ្លះ​ក៏​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​មាន​ថវិកា​ប្រមាណ​តែ ៣០០លាន​ដុល្លារ​ ទៅ៤០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដើម្បី​យក​ទៅ​ថែទាំ​ ជួសជុល​ និង​ស្ថាបនា​ផ្លូវ​ទាំងនោះ​ ព្រោះ​វា​អាស្រ័យ​លើ​ជំនួយ​ឬឥណទាន​ពី​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​។

លោក​ស៊ុន​ ចាន់​ថុល​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ធ្លាប់​បានឱ្យ​ដឹង​កន្លង​មក​ថ្មី​ៗនេះ​ថា​ រដ្ឋាភិបាល​បាន​និង​កំពុង​ជួសជុល​ថែ​ទាំង​ ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗ ទាំងអស់​នៅ​ទូទាំង​ប្រទេស​ ឱ្យ​ក្លាយជា​ផ្លូវ​ចាក់កៅស៊ូ​ ប្រភេទ​ AC​ និង​បេតុង​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ដឹកជញ្ជូន​របស់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​។

ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ផ្លូវជាតិ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខា​នន់​ជាច្រើន​ខ្សែ​ និង​ទីតាំង​ត្រូវ​បាន​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជួសជុល​ ថែទាំ​ និង​ស្ថាបនា​ឡើងវិញ​ សម្រាប់​បំរើ​ដល់​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ដែល​កំពុង​មាន​កំណើន​ឥត​ឈប់ឈរ​។

ក្រៅពី​ថវិកាជាតិ​បំរុង​សម្រាប់​ជួសជុល​ ថែ​ទាំង​ និង​ស្ថាបនា​ផ្លូវជាតិ​សំ​ខាន់​ៗនៅ​ទូទាំង​ប្រទេស​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​នឹង​ផុ្តល់​កញ្ចប់​ថវិកា​សម្រាប់​គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល២០២០​-២០២២​ ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​តាម​មូលដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស​ សម្រាប់​ប្រែក្លាយ​ពី​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ​ ទៅជា​ផ្លូវ​ចាក់​ប៉េ​តុង​ ឬផ្លូវ​ចាក់កៅស៊ូ​ ទោះបី​កញ្ចប់​ថវិកា​នោះ​តិច​ ឬច្រើន​ក៏ដោយ​ ដើម្បី​ធានា​បាន​នូវ​គុណភាព​យូ​អង្វែង​។

គម្រោង​វិនិយោគ​បី​ឆ្នាំ​រំកិល២០២០​-២០២២​ សម្រាប់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​តាម​មូលដ្ឋាន​នេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការអនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ឲ្យ​កាន់តែ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ ឈាន​ទៅកាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ឆាប់រហ័ស​៕

ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ នឹង​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ថៃ​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​ប្រកាស​ថា​ លោក​នឹង​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​របស់​អាស៊ាន​ នៅ​ទីក្រុង​បាងកក​នៅ​សប្តាហ៍​ក្រោយ​ឡើយ​។

កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ គឺជា​កិច្ចប្រជុំ​សំខាន់​បំផុត​ប្រចាំឆ្នាំ​របស់​អាស៊ាន​ និង​ផ្តល់​ឱកាស​ដល់​មេដឹកនាំ​ នៃ​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ នូវ​ឱកាស​ជួប​ជាមួយ​សម​ភាគី​របស់​ពួកគេ​មក​ពី​អាមេរិក​ ចិន​ ជប៉ុន​ រុស្ស៊ី​ កូរ៉េ​ខាងត្បូង​ ឥណ្ឌា​ អូស្ត្រាលី​ និង​ញូ​ហ្សេល​ឡែន​។

ប្រធានាធិបតី​រុស្ស៊ី​ វ្លា​ឌីមៀ​ ពូ​ទីន​ បាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​កាលពី​ឆ្នាំមុន​ ហើយ​រំពឹង​ថា​ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ នឹង​ចូលរួម​នៅ​ឆ្នាំនេះ​។ ផ្ទុយទៅវិញ​ រដ្ឋាភិបាល​អាមេរិក​ នឹង​បញ្ជូន​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​ពី​គណៈរដ្ឋមន្រ្តី​របស់​ខ្លួន​។

សេចក្តី​ថ្លែងការណ៍​មួយ​បាន​ចេញផ្សាយ​ ដោយ​រដ្ឋាភិបាល​អាមេរិក​កាលពី​ថ្ងៃអង្គារ​ ឱ្យ​ដឹង​ថា​ “ជំនួយការ​ប្រធាន​ប្រធានាធិបតី​ទទួលបន្ទុក​សន្តិសុខជាតិ​ លោក​ Robert​ O’Brien​ នឹង​អមដំណើរ​ដោយ​រដ្ឋ​លេខា​ក្រសួង​ពាណិជ្ជកម្ម​ លោក ​Wilbur​ Ross​ ដែល​នឹង​ក្លាយជា​អ្នកតំណាង​រដ្ឋាភិបាល​ជាន់ខ្ពស់​អាមេរិក​ នៅក្នុង​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​ប្រចាំឆ្នាំ​ប្រចាំឆ្នាំ​លើក​ទី២នៅ​ទីក្រុង​បាងកក​”។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា​ “រដ្ឋ​លេខា​លោក ​Ross​ កំពុង​ដឹកនាំ​បេសកកម្ម​ពាណិជ្ជកម្ម​ប្រតិបត្តិ​មួយ​ ទៅកាន់​ប្រទេស​ថៃ​ ឥណ្ឌូ​នេ​ស៊ី​ និង​វៀតណាម​ចាប់ពី​ថ្ងៃទី៣​ ដល់​ថ្ងៃទី៨​ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​”។

ប្រធានាធិបតី​អាមេរិក​លោក​ Barak​ Obama​ បាន​ចូលរួម​រាល់​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ក្នុងអំឡុងពេល​នៃ​តំណែង​ប្រធានាធិបតី​របស់​លោក​ លើកលែងតែ​ឆ្នាំ២០១៣​ នៅពេល​ដែល​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក​បាន​បិទទ្វារ​។

រដ្ឋាភិបាល​អាមេរិក​ និង​លោក​ Trump​ នៅតែ​បន្ត​បញ្ជាក់​ថា​ ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ គឺជា​ដៃគូ​សំខាន់​នៅក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​របស់​អាមេរិក​។

របាយការណ៍​របស់ក្រ​សួង​ការពារ​ជាតិ​អាមេរិក​ ឥណ្ឌូ​-ប៉ាស៊ីហ្វិក​ ចេញផ្សាយ​នៅដើម​ឆ្នាំនេះ​បាន​បញ្ជាក់​ថា​ អាមេរិក​បន្ត​គាំទ្រ​ចំណុច​កណ្តាល​របស់​អាស៊ាន​ ក្នុង​ស្ថាបត្យកម្ម​សន្តិសុខ​ក្នុង​តំបន់​ ហើយ​យុទ្ធសាស្ត្រ​អាមេរិក​ និង​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​សេរី​ និង​បើកចំហ​បន្ត​ពង្រឹង​ផ្តល់​អំណាច​កិច្ចការ​ទាំងនេះ​។

អាមេរិក​ និង​អាស៊ាន​ចែករំលែក​តម្លៃ​រួម​ ហើយ​អាស៊ាន​គឺជា​ដៃគូ​សំខាន់​ក្នុង​ការ​លើកកម្ពស់​គុណ​តម្លៃ​ និង​គោលនយោបាយ​ ដែល​មាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​-ប៉ាស៊ីហ្វិក​របស់​អាមេរិក​ គឺ​សេដ្ឋកិច្ច​ទីផ្សារ​ អភិបាលកិច្ច​ល្អ​ និង​ការគោរព​បទបញ្ជា​ផ្អែកលើ​មូលដ្ឋាន​ច្បាស់លាស់​ និង​តម្លាភាព​៕ (ប្រភព​ White​ House​)៕

ក្រុមហ៊ុន​ឧស្សាហកម្ម​តៃវ៉ាន់​កាន់តែ​ច្រើន​នឹង​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅ​ឆ្នាំក្រោយ​នេះ​ បណ្តា​ធុរជន​ជាច្រើន​មក​ពី​ក្រុង​ហ័​រលៀន​ នៃ​កោះ​តែ​វ៉ាន់​ នឹង​មក​បណ្តាក់​ទុន​វិនិយោគ​ទៅលើ​វិស័យ​ឧស្សាហកម្ម​ សាវា​ទេសចរណ៍​ និង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ បន្ទាប់ពី​បាន​រៀបចំ​វេទិកា​រួមគ្នា​ដែល​បង្ហាញ​ពី​កាលានុវត្ត​ភាព​ និង​វិស័យ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ និង​ក្រុង​ហ័​រលៀន​ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ ផ្នែក​ឧស្សាហកម្ម​កាលពីដើម​សប្ដាហ៍​កន្លងទៅ​នេះ​ ជា​លទ្ធផល​គណៈប្រតិភូ​នៃ​ធុ​ជន​មក​ពី​កោះ​តៃវ៉ាន់​ បាន​បង្ហាញ​ពី​គម្រោង​នៃ​ការ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​នៅ​ឆ្នាំ​បន្ទាប់​នេះ​។

លោក​ឧកញ៉ា​បន្ត​ថា​ “តៃវ៉ាន់​និង​កម្ពុជា​ ធ្លាប់​មាន​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​រួចមក​ហើយ​ ដែល​ភាគច្រើន​គឺ​វិនិយោគ​ទៅលើ​វិស័យ​រោងចក្រ​កាត់ដេរ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​ក្រុង​បាវិត​ ខេត្តស្វាយរៀង​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “បន្ទាប់ពី​បាន​ស្វែងយល់​ច្បាស់​ពី​សក្ដានុពល​នៅ​កម្ពុជា​ បណ្តា​អ្នក​វិនិយោគ​ជាច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ជាមួយនឹង​គម្រោង​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​ ទៅលើ​វិ​ស័យ​ផ្សេង​ៗទៀត​ ដែល​ក្រៅពី​វិស័យ​ឧស្សាហកម្ម​ នៅ​មាន​វិស័យ​សុខាភិបាល​ ដោយ​ការបង្កើត​ជា​មន្ទីរពេទ្យ​លំ​ដាប់​ស្ដ​ង់​ដា​នៅ​កម្ពុជា​ និង​វិស័យ​សេវាកម្ម​ផ្នែក​ទេសចរណ៍​ផង​ដែរ​”។

ជាមួយនឹង​គម្រោង​នៃ​ការ​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​បន្ថែម​ ពីសំណាក់​ធុរជន​មក​ពី​កោះ​តៃវ៉ាន់​ទាំងនេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ពង្រឹង​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​មួយ​កម្រិត​ទៀត​ ជាពិសេស​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បញ្ជាក់​ទៀត​ថា​ តាមរយៈ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ក្រោម​ការដឹកនាំ​ដោយ​អ្នកឧកញ៉ា​ គិត​ ម៉េ​ង ទៅ​ស្វែងយល់​ពី​ឱកាស​វិនិយោគ​នៅ​ក្រុង​តៃប៉ិ​ នៃ​កោះ​តៃវ៉ាន់​ ក៏​ដូច​ជា​បង្កើ​ទំនាក់ទំនង​លើ​ផ្នែក​ពាណិជ្ជកម្ម​ផង​ដែរ​នោះ​ ជា​លទ្ធផល​ យើង​បាន​ទាក់ទាញ​ ការ​វិនិយោគ​មកកាន់​កម្ពុជា​បាន​មួយចំនួន​ ដែល​ក្រៅពី​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​កាត់ដេរ​ ក៏​មានការ​វិនិយោគ​ផ្នែក​ធនាគារ​ផង​ដែរ​”៕

ប្រព័ន្ធ​ផ្លូវ​រថភ្លើង​អាស៊ាន​ដែល​តភ្ជាប់​ជាមួយ​កម្ពុជា​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ សំ​ណើ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ផ្លូវដែក​ និង​ការ​តភ្ជាប់​ផ្លូវដែក​របស់​អាស៊ាន​ ដើម្បី​ឆ្លើយតប​តាម​ស្តង់ដារ​អន្តរជាតិ​ នឹង​ត្រូវ​បាន​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ចុង​សប្តាហ៍​នេះ​។ នេះ​បើ​យោង​តាម​លោក​ Worawut​ Mala​ ប្រធាន​ស្តី​ពី​ផ្លូវដែក​នៃ​ប្រទេស​ថៃ​ (SRT​) កាលពី​ថ្ងៃអង្គារ​។

លោក​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​ស្តី​ពី​ ប្រធាន​ក្រុមប្រឹក្សា​ផ្លូវដែក​អាស៊ាន​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃអង្គារ​ មុន​កិច្ចប្រជុំ​កំពូល​នេះ​ថា​ ប្រធានបទ​ដែល​ត្រូវ​ពិភាក្សា​រួមមាន​ការ​អភិវឌ្ឍ​ ការ​តភ្ជាប់​ផ្លូវដែក​របស់​អាស៊ាន​ ដើម្បី​ផ្សព្វផ្សាយ​ប្រព័ន្ធ​ផ្លូវដែក​ជាតិ​ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ផ្លូវដែក​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

គេហទំព័រ​ “ផ្លូវដែក​អាស៊ាន​” តាម​ប្រព័ន្ធ​អន​ឡាញ​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឯកិច្ចប្រជុំ​កាលពី​ថ្ងៃ​ អង្គារ​ ដើម្បី​ផ្តល់​ឱ្យ​សាធារណៈ​ជន​នូវ​ព័ត៌មាន​អំពី​ ការ​តភ្ជាប់​ផ្លូវដែក​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ចំនួន៧​ រួមមាន​ កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ថៃ​ និង​វៀតណាម​។

បច្ចុប្បន្ន​ថៃ​មាន​គម្រោង​ផ្លូវដែក៥ផ្សេងគ្នា​ ដែល​ខ្លួន​គ្រោង​នឹង​ប្រើប្រាស់​ ដើម្បី​ភ្ជាប់​បណ្តាញ​ផ្លូវដែក​របស់​ខ្លួន​ជាមួយ​ប្រទេសជិតខាង​ទាំងនេះ​។

លោក​បាន​និយាយ​ថា​ នៅ​ភាគ​ខាងត្បូង​ ថៃ​គ្រោង​នឹង​ពង្រីក​ផ្លូវដែក​ខាងត្បូង​ពី​ Sungai​ Kolok​ ទៅ​ប្រព័ន្ធ​ផ្លូវដែក​តំបន់​ Padang​ Besar​ នៅ​ម៉ាឡេស៊ី​ដើម្បី​ភ្ជាប់​ប្រទេស​ថៃ​ទៅ​ នឹង​ប្រព័ន្ធ​ផ្លូវដែក​សឹង្ហ​បូរី​។

លោក​បាន​និយាយ​ថា​ នៅ​ភាគ​ឦសាន​ថៃ​រួម​ជាមួយ​ឡាវ​ និង​ចិន​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ល្បឿន​លឿន​រួមគ្នា​ ដែល​នឹង​កាត់បន្ថយ​ពេលវេលា​ សម្រាប់​ធ្វើដំណើរ​ពី​ថៃ​ទៅ​គុន​មីង​ និង​ទីក្រុង​ប៉េកាំង​ឆ្លងកាត់​ឡាវ​។

លោក​បាន​និយាយ​ថា​ ពីទី​ក្រុង​ប៉េកាំង​ អ្នកដំណើរ​រថភ្លើង​ នឹងអាច​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ និង​បណ្តា​ប្រទេស​អ៊ឺ​រ៉ុប​ផ្សេងទៀត​តាមរយៈ​រថភ្លើង​។

លោក​បាន​មានប្រសាសន៍​ថា​ នៅ​ប៉ែក​ខាងកើត​ថៃ​ និង​ប្រទេស​កម្ពុជា​កាលពីដើម​ឆ្នាំនេះ​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​មួយ​ ដើម្បី​ចាប់ផ្តើម​ភ្ជាប់​ប្រព័ន្ធ​ផ្លូវដែក​របស់​ពួកគេ​ ពី​មួយ​ទៅ​មួយ​ចាប់ពី​ខេត្ត​ស្រះ​កែវ​ទៅ​ប៉ោយប៉ែត​កម្ពុជា​។

លោក​បាន​និយាយ​ថា​ នៅ​ភាគ​ខាងលិច​ថៃ​ និង​មីយ៉ាន់ម៉ា​កំពុង​ចរចា​សំ​ណើរ​ ដើម្បី​ភ្ជាប់​ប្រព័ន្ធ​ផ្លូវដែក​របស់​ពួកគេ​ ពី​ផ្លូវ​បី​Pagodas​ Pass​ ដែល​ជា​ច្រកភ្នំ​តភ្ជាប់​ពី​តំបន់​ Sangkhla​ Buri​ ទៅកាន់​តំបន់​ Payathonsu​ មីយ៉ាន់ម៉ា​និង​តំបន់​Dawei​ មីយ៉ាន់ម៉ា​។

លោក​បាន​មានប្រសាសន៍​ថា​ ក្រៅពី​គម្រោង​ទាំង៤នេះ​ ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី​ក៏​កំពុង​ពិភាក្សា​គ្នា​អំពី​ផែនការ​ ដើម្បី​នាំ​ផ្លូវ​រថភ្លើង​ Sugnai​ Kolok​-Pasir​ Mas​មកវិញ​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​តាម​ព្រំដែន​៕

អ្នក​ធុរកិច្ច​ចិន​បន្ត​ចាប់អារម្មណ៍​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ​

ដោយ​ វុត្ថា​

ខេត្ត​ព្រះ​សី​ហនុ៖​ គណៈប្រតិភូ​មន្ទីរ​ពាណិជ្ជកម្ម​ខេ​ត្ត​ហ្វូ​ជាន​ នៃ​ប្រទេស​ចិន​បាន​បង្ហាញ​បំណង​ ក្នុង​ការបង្កើត​ចំណង​ទំនាក់ទំនង​មិត្តភាព​ ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ និង​មាន​គោលបំណង​សិក្សា​ឈ្វេងយល់​ពី​ឱកាស​ សម្រាប់​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ បាន​អនុញ្ញាត​គណៈប្រតិភូ​មន្ទីរ​ពាណិជ្ជកម្ម​ខេ​ត្ត​ហ្វូ​ជា​នកា​លពី​ថ្ងៃទី​ ២៩​ ខែតុលា​ម្សិលមិញ​នេះ​។ លោក​បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​មន្ទីរ​ពាណិជ្ជកម្ម​ ខេ​ត្ត​ហ្វូ​ជាន​ ដែល​បាន​ចាប់អារម្មណ៍​ចង់​ មក​បណ្តាក់​ទុន​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ និង​បង្ហាញ​ជំហរ​ការពារ​ផលប្រយោជន៍​ អ្នក​វិនិយោគ​ដោយ​យក​ច្បាប់​ជាគោល​។

លោក​គួច​ ចំរើន​ បាន​ស្នើ​ប្រតិភូ​ខេ​ត្ត​ហ្វូ​ជាន​ ជួយ​ជម្រុ​ញអ្នកជំនាញ​ផ្នែក​កសិកម្ម​ មក​ធ្វើការ​សិក្សា​ ដើម្បី​ធ្វើការ​វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម​ នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។លោក​ថា​ “ប្រសិនជា​មានការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​ នោះ​នឹង​ធ្វើអោយ​ស្ថានភាព​ជីវភាព​កសិករ​នៅ​ខេត្ត​ព្រះសីហនុ​ កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​”។

លោក​អភិបាលខេត្ត​រូប​នេះ​ថា​ ស្រប​ជាមួយនឹង​គោលនយោបាយ​ ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ របស់​លោក​ប្រធានាធិបតី​ចិន​ និង​ចំណង​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន​ គួបផ្សំ​នឹង​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ផង​នោះ​ រំពឹង​ថា​អ្នក​វិនិយោគ​នឹង​សំ​លឹង​មើល​ឱកាស​ ដើម្បី​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែម​ទៀត​ ខណៈ​បច្ចុ​ ប្ប​ន្ន​ខេត្ត​ព្រះសីហនុ​ បាន​និង​កំពុង​ទទួល​ផ្លែផ្កា​ នៃ​ការ​អភិវឌ្ឍ​ដោយសារតែ​អ្នក​វិនិយោគ​ចិន​។

លោក​ Liu​ depei​ គណៈប្រតិភូ​មន្ទីរ​ពាណិជ្ជកម្ម​ ខេ​ត្ត​ហ្វូ​ជា​នបាន​ឱ្យ​ដឹង​ថា​ ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ ប្រហាក់​ប្រហែល​គ្នា​នឹង​ខេ​ត្ត​ហ្វូ​ជាន​ កាលពី២០ឆ្នាំមុន​ដែរ​ គ្រាដែល​ខេ​ត្ត​ហ្វូ​ជាន​ ទើប​មានការ​ចាប់ផ្តើម​ដំបូង​នៃ​កំណែ​ទំរង់​សេដ្ឋកិច្ច​។

លោក​បន្ត​ថា​ “គោលបំណង​សំខាន់​នៃ​ជំនួប​លើក​នេះ​គឺ​ ចង់​មក​ធ្វើការ​សិក្សា​ស្វែងយល់​ពី​ឱកាស​វិនិយោគ​ បង្កើត​ចំណង​មិត្តភាព​រវាង​ខេ​ត្ត​ហ្វូ​ជាន​ និង​ខេត្ត​ព្រះសីហនុ​ និង​ចង់​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ស៊ីជម្រៅ​ ចែករំលែក​នូវ​បទ​ពិសោធ​ន៍​សក្កា​នុ​ពល​ នៅ​ខេត្ត​ព្រះសីហនុ​បាន​ទូលំទូលាយ​”។

លោក​ Liu​ depei ​បាន​បន្ត​ថា​ នឹង​ជំរុញ​ឲ្យ​មាន​វិនិយោគិន​មក​ពី​ហ្វូ​ជាន​ ចូល​មករ​កស៊ី​នៅ​ខេត្ត​ព្រះសីហនុ​។ ស្រប​ទៅតាម​គោល​ នយោបាយ​ “ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​” និង​ “ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ​ រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន​” រួម​ទាំង​សក្តា​នុ​ពល​របស់​ខេត្ត​ព្រះសីហនុ​ អ្នក​វិនិយោគ​នឹង​សម្លឹង​មក​ខេត្ត​ព្រះសីហនុ​ ដើម្បី​ស្វែងយល់​និង​ធ្វើការ​បណ្ដាក់ទុន​រកស៊ី​នៅ​ទីនេះ​កាន់តែ​ច្រើន​ថែមទៀត​។

ជាមួយ​នេះ​ដែរ​ លោក​បាន​អញ្ជើញ​គណៈប្រតិភូ​ខេត្ត​ព្រះសីហនុ​ ទៅ​ធ្វើទស្សនកិច្ច​សិក្សា​ និង​ជួប​សហគ្រិន​នានា​នៅក្នុង​ខេ​ត្ត​ហ្វូ​ជាន​ ដើម្បី​ចែករំលែក​ផ្លាស់ប្ដូរ​បទពិសោធន៍​ និង​សម្លឹង​មើល​ខេត្ត​ព្រះសីហនុ​ សម្រាប់​ជាគោល​ដៅ​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ ពាណិជ្ជកម្ម​នៅ​ថ្ងៃ​អនាគត​៕

សម្តេច​តេជោ​ នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ នៅ​ប្រទេស​ថៃ​នា​ថ្ងៃសៅរ៍​នេះ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ​ «ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នៅ​ទីក្រុង​បាងកក​ ប្រទេស​ចាប់ពី​ថ្ងៃទី០២​ ដល់​ថ្ងៃទី​ ០៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ខាងមុខនេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃទី​ ៣០​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ដូច​ខាងក្រោម​៖កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ចិន​ លើក​ទី២២​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា​ លើក​ទី​ ១៦​ ឮកិច្ចប្រជុំ​ កំពូល​អាស៊ាន​-អង្គការសហប្រជាជាតិ​លើក​ទី​ ១០​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​ ២២​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី​ ៧ ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី១៤​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-ជប៉ុន​លើក​ទី២២​ និង​កិច្ចប្រជុំ​កំពូល​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​ ៣។

អញ្ជើញ​អមដំណើរ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ រួមមាន​ លោក​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ លោក​ ហង់​ ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​ផង​ដែរ​។

ស្រប​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥​ នេះ​ សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ និង​កម្មវិធី​មួយចំនួន​ផ្សេងទៀត​ ដូច​ខាងក្រោម​៖ ជំនួប​រវាង​ប្រមុខរដ្ឋ​/រដ្ឋាភិបាល​អាស៊ាន​បូក​បី​ និង​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ី​បូព៌ា​ ​អាហារ​ថ្ងៃត្រង់​ពិសេស​ស្តី​ពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​ កិច្ចប្រជុំ​កំពូល​មេគង្គ​-ជប៉ុន​ លើក​ទី​ ១១​ (អាហារ​ការងារ​ពេលល្ងាច​)។

ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​បាងកក​ សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ គ្រោង​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​ និង​ឥស្សរជន​មក​ពី​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ និង​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន​ ផង​ដែរ​។

សម្តេច​តេជោ​ នឹង​អញ្ជើញ​ចូលរួម​កម្មវិធី​អាហារ​ការងារ​ពេលព្រឹក​ជាមួយ​លោក​ ង្វៀង​ សួន​ហ៊ុ​ក នាយក​រដ្ឋមន្ត្រី​វៀតណាម​ និង​លោក​ ថង​លូន​ ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ​ ។

ក្នុង​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥​ និង​កិច្ចប្រជុំ​ កំពូល​ពាក់ព័ន្ធ​ លោក​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-សន្តិសុខ​អាស៊ាន​លើក​ទី​ ២០​ កិ​ច្ច​ប្រ​ជក្រុ​ប្រឹក្សា​សម្របសម្រួល​អាស៊ាន​លើក​ទី​ ២៤​ និង​ពិធី​ចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការ​ចូល​ជា​ភាគី​នៃ​សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ (TAC​) ដោយ​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​បារ៉ែន​ ដែល​ប្រព្រឹត្តិ​ទៅ​នៅមុខ​កិច្ចប្រជុំ​កំពូល​អាស៊ាន​៕

វិនិយោគិន​ចិន​ព្រួយបារម្ភ​អំពី​ការ​វិវត្ត​សេដ្ឋកិច្ច​ចុងក្រោយ​ ខណៈ​ខ្លួន​កំពុង​ប្រមូល​មាស​យ៉ាងច្រើន​ទុក​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុម​អ្នក​វិនិយោគ​ចិន​ កំពុង​ប្រមូល​មាស​ដុំ​យ៉ាងច្រើន​សន្ធឹក​សន្ធប់​ ខណៈ​ការ​ព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​នយោបាយ​របស់​ចិន​កំពុង​កើនឡើង​។

របាយការណ៍​ថ្មី​របស់​ក្រុម​ឧស្សាហកម្ម​មាស​ពិភពលោក​បានឱ្យ​ដឹង​ថា​ ការ​កាន់កាប់​លោហៈ​ធាតុ​ ដែល​មានតម្លៃ​របស់​ចិន​ បាន​ឈាន​ដល់កំណត់​ត្រា​បំបែក​ឯតទគ្គកម្ម៥០​ តោន​កាលពី​ចុងខែ​កញ្ញា​នេះ​។ ចំនួន​មាស​មានតម្លៃ​ប្រហែល២​,៤ពាន់​លាន​ដុល្លារ​។

ចំនួន​មាស​កើនឡើង៣.៥តោន​ បើ​ប្រៀបធៀប​ទៅ​នឹង​ខែមុន​ ដែល​មានន័យថា​ វិនិយោគិន​ បាន​ប្រមូល​សាច់ប្រាក់​ចំនួន១៦៨លាន​ដុល្លារ​ទៅ​ លើ​ការិនិ​យោគ​លើ​មាស​ក្នុង​ រយៈពេល៣០​ ថ្ងៃ​នៅ​ថ្ងៃទី៣០ខែ​ កញ្ញា​។

ប្រជាជន​ដែល​ធ្លាប់ស្គាល់​ពីទី​ផ្សារ​មាស​ បាន​និង​កំពុង​ដឹង​រួច​ទៅ​ហើយ​ថា​ ចិន​ត្រូវ​បាន​កាន់កាប់​មាន​ចំនួន៩១៨តោន​ ដែល​មានតម្លៃ​ជាង ៤៤ពាន់​លាន​ដុល្លារ​។

ទោះ​យ៉ាងណា​ លំហូរ​សាច់ប្រាក់​ជា​យ៉ាងច្រើន​ ក្នុង​ការ​វិនិយោគ​លើ​មាស​របស់​ចិន​ឆ្នាំនេះ​ គឺជា​សញ្ញា​ប្រាប់​អំពី​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ នៃ​អារម្មណ៍​វិនិយោគិន​នៅ​ចិន​។

លោក​ Gordon​ G. Chang​ អ្នកនិពន្ធ​សៀវភៅ​ The​ Coming​ Collapse​ of​ China​ និយាយ​ថា​ វិនិយោគិន​ចិន​មានការ​ព្រួយបារម្ភ​ច្រើន​។

លោក​បាន​ថ្លែង​ថា​ “រូបិយប័ណ្ណ​ចិន​ស្ថិត​ក្នុង​កម្រិត​ខ្សោយ​ ហើយ​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​”។

នៅដើម​ខែមីនា១ដុល្លារ​ ស្មើនឹង៦​,៧យ័ន​ ប៉ុន្តែ​ថ្មី​ៗនេះ​ការ​ដូរ​ប្រាក់១ដុល្លារ​ អាច​ស្មើនឹង៧.០៧​ យ័ន​។ ប្រា​ក់យ័ន​មានតម្លៃ​ទាប​ជាង​កាលពី​មួយឆ្នាំ​មុន​។

ភាព​ទន់ខ្សោយ​នេះ​ ឆ្លុះបញ្ចាំង​ពី​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​។

លោក​ Chang​ និយាយ​ថា​ អត្រាកំណើន​ជាក់ស្តែង​របស់​ប្រទេស​នេះ​ ទំនងជា​ទាប​ជាង​កំណើន​ប្រចាំឆ្នាំ៦​,០ ភាគរយ​ ដែល​បាន​បញ្ជាក់​នា​ពេល​ថ្មី​ៗនេះ​។ ទោះបីជា​អ្នកជឿ​ជាក់​លើ​ស្ថិតិ​របស់​រដ្ឋាភិបាល​ក៏ដោយ​ តួលេខ​នេះ​នៅតែ​តំណាង​ឱ្យ​កំណើន​យឺត​បំផុត​សម្រាប់​ប្រទេស​ចាប់តាំងពី​ឆ្នាំ១៩៩២​។

លោក​ Chang​ ក៏បាន​និយាយ​ផង​ដែរ​ថា​ រដ្ឋាភិបាល​កំពុង​រក​ឃើញថា​ ការ​ចំណាយ​សាធារណៈ​ ដែល​ជំរុញ​ដោយ​បំណុល​មាន​សមត្ថភាព​ កាត់បន្ថយ​យ៉ាងច្រើន​ ក្នុង​ការជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​។

ក្នុង​ន័យ​សាមញ្ញ​ សេដ្ឋកិច្ច​ចិន​គឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​លំបាក​ ហើយ​មាន​កិច្ចការ​តិចតួច​ ដែល​អាច​ធ្វើ​បាន​ដើម្បី​ដោះស្រាយ​បញ្ហា​ ឬយ៉ាងហោចណាស់​អ្វី​ ដែល​អាច​ធ្វើ​បាន​ ដូចជា​ការកាត់បន្ថយ​ការគ្រប់គ្រង​រដ្ឋ​៕ (ប្រភព​ Forbes​)៕

ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ថ្មី​មួយទៀត​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ដ៏​ធំ​ និង​ល្បីឈ្មោះ​ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​IQI​ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​ ដែល​កាន់តែ​បង្ហាញ​ពី​ភាពរឹងមាំ​ និង​សក្ដានុពល​លើ​វិស័យ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​។

ខណៈ​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុងតែ​មាន​ភាព​រីកចម្រើន​ ជាពិសេស​ ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​សំណង់​ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ លំដាប់​ពិភពលោក​ជាច្រើន​បាន​ចូល​មក​បង្ហាញ​វត្តមាន​ជាបន្តបន្ទាប់​ នៅក្នុង​ទីផ្សារ​មួយ​នេះ​ ក្នុង​នោះ​រួមមាន​ដូចជា​ ក្រុមហ៊ុន​ Century21​, ក្រុមហ៊ុន​CBRE​, ក្រុមហ៊ុន​ KW​ (Keller​ Williams​) ក្រុមហ៊ុន ​Knight​ Frank​ រួម​ជាមួយនឹង​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​ប្រឹក្សា​ IQI​ ដែល​ទើបតែ​បើក​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា​ កាលពី​ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩​។

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ IQI​ ដែល​ជា​អ្នកនាំ​យក​ក្រុមហ៊ុន​មួយ​នេះ​ មកកាន់​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៩ថា​ IQI​ ដែល​ទើបតែ​បង្ហាញ​វត្តមាន​នៅ​កម្ពុជា​នា​ពេលនេះ​ គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ដែល​មាន​ជំនាញ​ផ្នែក​លក់​ និង​ប្រឹក្សា​ទៅលើ​អចលនទ្រព្យ​ និង​បាន​បង្កើត​ឡើង​កាលពី​អំឡុង​ឆ្នាំ២០០០​ មាន​ប្រភព​ដើម​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

លោក​បាន​បន្ត​ទៀត​ថា​ ជាមួយនឹង​ភាព​ជំនាញ​ ទៅលើ​ការ​លក់​អចលនទ្រព្យ​ និង​ប្រឹក្សា​យោបល់​នៅក្នុង​វិស័យ​នេះ​ IQI​ បាន​បំបែក​សាខា​របស់​ខ្លួន​ នៅ​តាម​បណ្តា​ប្រទេស​នានា​បាន​ចំនួន១០រួច​ទៅ​ហើយ​ ដោយ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​កម្ពុជា​ផង​ដែរ​ ហើយ​នៅពេល​បន្ទាប់​ នឹង​បន្ត​ទៅកាន់​ប្រទេស​ក្នុង​តំបន់​មួយចំនួន​ទៀត​ ដូចជា​ប្រទេស​វៀតណាម​ ដែល​នឹង​ចាប់​បើក​ដំណើរការ​នៅក្នុង​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ហើយ​ប្រទេស​ជប៉ុន​ ប្រទេស​ភូមា​ និង​ប្រទេស​ឥណ្ឌា​ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​បន្ទាប់​។

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​ឲ្យដឹង​ទៀត​ថា​ “ហេតុផល​ចម្បង​នៃ​ការ​ចូលខ្លួន​មក​ប្រកួតប្រជែង​យក​ចំណែក​ទីផ្សារ​នៅ​កម្ពុជា​ ដោយសារតែ​ការ​សម្លឹងឃើញ​ពី​ភាព​វិជ្ជមាន​ក្នុងរយៈពេល​វែង​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ជាពិសេស​ តាមរយៈ​ IQI​ ​ គ្រប់​បណ្តា​ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​ជា​ដៃគូ​ជាមួយ​ IQI​ សុទ្ធតែ​មានឱកាស​ក្នុង​ទទួល​បាន​កា​រប​ណ្តុះប​ ណ្តាល​ជំនាញ​ និង​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​ ទៅ​នឹង​បរិ​ថបនៃ​អចលនទ្រព្យ​ ក៏ដូចជា​ការ​នាំ​យក​អចលនទ្រព្យ​ពី​កម្ពុជា​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​”។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃ​ដដែល​ថា​ នៅពេល​ដែល​មាន​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​ ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ វា​គឺជា​សញ្ញា​មួយ​ដ៏​ល្អ​ ដែល​បង្ហាញ​ពី​ទំនុកចិត្ត​ខ្ពស់ទៅ​លើ​ការ​អភិវឌ្ឍ​ ភាព​រីកចម្រើន​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ក៏ដូចជា​ភាពល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ទាំងមូល​ផង​ដែរ​។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ទន្ទឹម​នឹង​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក​ យើង​ក៏​ត្រូវការ​វត្តមាន​ក្រុមហ៊ុន​ក្រៅ​ស្រុក​ លំដាប់​អន្តរជាតិ​ចូល​មក​ផង​ដែរ​ ដើម្បី​ទទួល​បានការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ ជាពិសេស​អាច​ជួយ​ពង្រីក​នូវ​ទីផ្សារ​ ឱ្យ​កាន់តែ​ធំ​ទូលាយ​ជាង​មុន​ មានការ​ប្រកួតប្រជែង​គ្នា​ ដែល​ជួយ​ជំរុញ​សមត្ថភាព​ គុណភាព​អ្នក​ដែល​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​រួមគ្នា​ថែមទៀត​ផង​”៕

ក្រុមហ៊ុន​ OCIC ​កំពុង​សិក្សា​សាងសង់ផ្លូវ​ក្រោម​ទន្លេ​ចេញពី​ទីក្រុង​កោះ​ពេជ្រ​ទៅកាន់ទីក្រុង​ថ្មី​

ដោយ​ យិន​ លាង​គង់​

ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគទុន​អនិក​ជន​កម្ពុជា​ ហៅ​កាត់ ​OCIC ​កំពុង​សិក្សា​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ចេញពី​ទីក្រុង​កោះ​ពេជ្រ​ ទៅកាន់​ទីក្រុង​កោះ​នរា​ ដែល​ជាទី​ក្រុង​ថ្មី​មួយ​នឹង​លេចឡើង​នៅ​តាម​ដងទន្លេ​មេគង្គ​ក្រោម​នា​ពេល​ខាងមុខ​។

​អគ្គនាយករង​ក្រុមហ៊ុន​ OCIC​ លោក​ទូច​ សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ថា​ បច្ចុប្បន្ន​ក្រុមហ៊ុន​កំ​ពុង​សិក្សា​លទ្ឋ​ភាព​សាងសង់​ស្ពាន​ និង​ផ្លូវ​ក្រោម​ទន្លេ​ ឆ្ពោះ​ពីទី​ក្រុង​កោះ​ពេជ្រ​ទៅកាន់​ទីក្រុង​កោះ​នរា​ ដែល​បាន​និង​កំពុង​ចាក់​ដី​ និង​ថ្ម​បំពេញ​លើ​ទីតាំង​ដែល​ជា​កោះ​ចាស់​ ហើយ​ត្រូវ​បាក់​ស្រុត​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​។

​លោក​បន្ត​ថា​ ការសិក្សា​នេះ​ ស្ថិត​ក្នុង​ជម្រើស​ចំនួន​ពីរ​ ទី១​ សាងសង់​ស្ពាន​យោង​ដោយ​ខ្សែ​ឬកាប​ ដែល​មាន​គន្លង​រថយន្ត​អាច​បើកបរ​ពីរ​ទៅ​ពីរ​មក​បាន​ ហើយ​ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ១០០០ម៉ែត្រ​ និង​គ្រោង​ចំណាយ​ទឹកប្រាក់៦០​ ទៅ៧០លាន​ដុល្លារ​អាមេរិក​ និង​ជម្រើស​ទី២​ គឺ​សាងសង់​ផ្លូវ​ក្រោម​ទន្លេ​ ដែល​មាន​ប្រវែង​និង​ទំហំ​ផ្លូវ​ដូចគ្នា​ ប៉ុន្តែ​ការ​ចំណាយ​អាច​ប្រើប្រាស់​ថវិកា​ រហូតដល់២០០លាន​ដុល្លារ​អាមេរិក​។

​ក្រុមហ៊ុន​ OCIC ​គ្រោង​ចំណាយ​ទឹកប្រាក់​ រហូតដល់២០០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ទីក្រុង​ថ្មីនេះ​ ដោយ​រួមបញ្ចូល​ជាមួយនឹង​ស្ពាន​ឬផ្លូវ​ក្រោម​ទន្លេ​ផង​ដែរ​។

​លោក​ទូច​ សំណាង​បាន​បន្ត​ថា​ ទីក្រុង​កោះ​នរា​នឹង​មាន​បណ្តោយ៣​,៥គីឡូម៉ែត្រ​ និង​មានការ​ចាក់​ដី​អម​ ដងទន្លេ​មេគង្គ​ក្រោម​ប្រវែង៣០០ម៉ែត្រ​។ គំរោង​ទីក្រុង​ថ្មីនេះ​នឹង​មាន​ទស្សនទាន​អភិវឌ្ឍន៍​ស្រដៀងគ្នា​ នឹង​ទីក្រុង​កោះ​ពេជ្រ​ ហើយ​ទីក្រុង​ថ្មីនេះ​នឹង​ចាប់ផ្តើម​លេច​រូបរាង​នៅដើម​ឆ្នាំ២០២៣ខាងមុខនេះ​៕