រដ្ឋាភិបាលរៀបចំគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច
ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)បាននឹងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ សម្រាប់បំរើដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ។

យោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីល្ងាចថ្ងៃទី ៣០ ខែតុលាម្សិលមិញនេះបានឱ្យដឹងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពសង្គម និងផ្តល់ដំណោះស្រាយលើបញ្ហាបរិស្ថាន ដែលជាកត្តាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានរបស់មនុស្សជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការវិនិយោគលើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ជាពិសេសលើការស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) ដែលមានយុទ្ធសាស្ត្រ និងគោលនយោបាយត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងអាចជួយឱ្យសម្រេចបាននូវសេដ្ឋកិច្ចឌីជីថល និងការចូលរួមបដិវត្តន៍ឧស្សាហកម្មទី ៤ ឈានទៅដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
សេចក្តីព្រាងគោនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ គឺជាសេចក្តីព្រាងដ៏មានសារៈសំខាន់ កំណត់យុទ្ធសាស្ត្រ និងវិធានការដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សមស្របតាមបរិការណ៍ជាក់ស្តែងនៃប្រទេសជាតិរួមមាន៖
១) កសាង និងពង្រឹងធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ ក៏ដូចជាគុណភាព និងសមាសភាពដោយពិនិត្យពិចារណាទៅលើកត្តសមភាពយេនឌ័រ ផ្តល់លទ្ធភាពឱ្យបំពេញភារកិច្ច និងមានការលើកទឹកចិត្តសមស្រប ដើម្បីឱ្យបានធនធានមនុស្សផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ជាតិ មានសមត្ថភាព។
២) ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ និងកសាងប្រព័ន្ធអេកូនវានុវត្តន៍ប្រកបដោយបរិយាប័ន្ន ដោយផ្តោតលើសមត្ថភាពធ្វើការ សម្របបច្ចេកវិទ្យាដែលបាននាំចូលទៅនឹងស្ថានភាពជាក់ស្តែងក្នុងស្រុក លើកស្ទួយឧស្សាហកម្មជាអាទិភាពជាតិ ដើម្បិបំរើឱ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដើម្បីការអភិវឌ្ឍប្រសើរជាង និង បង្កើនសមត្ថភាពស្រូបយកបច្ចេកវិទ្យាអន្តរជាតិ ដើម្បីជាកម្លាំងស្ទុះឱ្យផុតអំពីអន្ទាក់នៃភាពជាអ្នកមានចំណូលមធ្យមកម្រិតទាបទៅការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្រិតខ្ពស់ជាងប្រកបដោយចីរភាព ។
៣) ពង្រឹងស្ថាប័ន និងក្របខណ្ឌគតិយុត្តិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់គាំទ្រប្រព័ន្ធអេកូនវានុវត្តន៍ជាតិ ដើម្បីធ្វើជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យឯកជន និងរដ្ឋឱ្យបានសម្រេចប្រកបដោយចីរភាព និងទីផ្សារប្រកបដោយសក្តានុពល ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អប្រសើរ។
៤) បណ្តុះសង្គមឱ្យមានវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ប្រកបដោយបរិយាប័ន្ន ដោយការកសាងទំនុកចិត្តសាធារណៈលើផលិតផល និងសេវាកម្មបច្ចេកវិទ្យាជាតិ និងការពេញចិត្តទៅលើលទ្ធផលនៃការខិតខំ និងការវិនិយោគលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) របស់ខ្លួន ក៏ដូចជាទៅលើការកែទម្រង់អភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន)៕
សណ្ឋាគារ និងកាស៊ីណូលំដាប់ផ្កាយ៤ តម្លៃ ១០០លានដុល្លារថ្មីមួយទៀតដាក់ឱ្យដំណើរការនៅក្រុងព្រះសីហនុ
ដោយ វុត្ថា
ព្រះសីហនុ៖ សណ្ឋាគារ និងកាស៊ីណូ លំដាប់ផ្កាយ៤ ដែលមានឈ្មោះថា Goddess of Liberty Hotel & Casino បានចំណាយដើមទុនប្រមាណជាង ១០០លានដុល្លា សាងសង់លើផ្ទៃដី ២ហិកតា បានសម្ពោធដាក់ឱ្យដំណើរការរជាផ្លូវការនៅក្រុងព្រះសីហនុ។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងពិពីសម្ពោធកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ម្សិលមិញនេះ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនូវសណ្ឋាគារ និងកាស៊ីណូ Goddess of Liberty Hotel & Casino គឺជាការរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុ ព្រមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើនសេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។
លោកបន្តថា រាជរដ្ឋាភិបាលកំណត់ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើតជាតិ មជ្ឈមណ្ឌលភស្តុភារធម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។
លោកអភិបាលខេត្តរូបនេះបន្ថែមថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះស៊ីហនុទទួលបាននូវការចាប់អារម្មណ៍ បណ្ដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីអ្នកវិនិយោគបរទេស ជាពិសេសអ្នកវិនិយោគជនជាតិចិនស្ថិតក្នុងលំដាប់ទី១ ជាហេតុធ្វើឱ្យខេត្តព្រះសីហនុ មានសន្ទុះអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ ទេសចរណ៍ និងកាស៊ីណូ។
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានឱ្យដឹងដែរថា សណ្ឋាគារ និងកាស៊ីណូដ៏ល្អប្រណិតថ្មី បំពាក់ដោយគ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗនេះពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា មានសក្តានុពលយ៉ាងខ្លាំងផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ឆ្លុះបញ្ចាំងនូវការលូតលាស់ឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដូចជាការទាក់ទាញអ្នកវិនិយោគមកពីប្រទេសចិន។

លោកស្រីបន្តថា អាជីវកម្មសណ្ឋាគារ ខុនដូ សំណង់ខ្ពស់ៗជាច្រើនបានបំរើឱ្យវិស័យទេសចរក្នុងការស្នាក់នៅ និងកម្សាន្ត បានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា រួមចំណែកអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្រក្នុងខេត្តព្រះសីហនុ៕
ចិនស្ទាក់ស្ទើរក្នុងការទិញទំនិញកសិកម្មអាមេរិកដែលមានតម្លៃ៥០ពាន់លានដុល្លារ
ដោយ Donald Lee
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិនបានជាប់គាំង ដោយសារតែក្រុងប៉េកាំងស្ទាក់ស្ទើរ ក្នុងការទិញទំនិញកសិកម្មមានតម្លៃ៥០ពាន់លានដុល្លារ អាមេរិក។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្សព្វផ្សាយការទិញកសិផលនេះ បន្ទាប់ពីអ្នកចរចាពាណិជ្ជកម្មចិន បានជួបជាមួយមន្រ្តីរដ្ឋាភិបាលអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនកាលពីដើមខែនេះ។
ទីក្រុងប៉េកាំងចង់ឲ្យអាមេរិក លុបចោលពន្ធគយលើទំនិញចិន ដែលមានតម្លៃ ១៥៦ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ និងរួមបញ្ចូលទាំងកុំព្យូទ័រ ទូរស័ព្ទចល័ត និងប្រដាប់ប្រដាក្មេងលេង។
ជាថ្នូរវិញ ចិននឹងចរចានាំចូលទំនិញកសិកម្មអាមេរិក ជាពិសេសសណ្តែកសៀងដែលប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា អាចមានតម្លៃរហូតដល់៥០ ពាន់លានដុល្លារ។
ទោះយ៉ាងណា ទីក្រុងប៉េកាំងមានការស្ទាក់ស្ទើរ ក្នុងការនាំចូលទំនិញកសិកម្មដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងមិនមែនផ្អែកលើសេដ្ឋកិច្ច ដែលផ្អែកលើទីផ្សារនោះទេ។
និយោជិកនៃក្រុមហ៊ុនចិនមួយ បានប្រាប់ស្ថានីយទូរទស្សន៍ CNBC របស់អាមេរិកថា “ចិនមិនចង់ទិញផលិតផលជាច្រើន ដែលប្រជាជននៅទីនេះមិនត្រូវការ ឬទិញអ្វីមួយនៅពេលដែលមិនមានតម្រូវការទេ”៕
លោកបណ្ឌិតសុក ស៊ីផាន់ណា៖ អ្នកជំនួញកម្ពុជាត្រូវតែមានមហិច្ឆតាដូចបណ្តាប្រទេសមហាអំណាច
ដោយៈ រ៉ាណេត
ភ្នំពេញៈ ថ្វីត្បិតកម្ពុជាគឺជាប្រទេសដែលតូច មានចំនួនប្រជាជនតិច និងជាប្រទេស ទើបតែចាកចេញពីភាពក្រីក្រយ៉ាងលឿនក្នុងរយៈពេលខ្លី ប៉ុន្តែប្រទេសនេះត្រូវតែមានមហិច្ឆតាបន្ថែមទៀត ដើម្បីអាចប្រែក្លាយទៅជាប្រទេស ដែលអភិវឌ្ឍដូចបណ្តាប្រទេសជិតខាង។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

មានប្រសាសន៍នៅក្នុងពិធីប្រារព្វខួប១០ឆ្នាំរបស់ CEO Master Club នៅសណ្ឋាគារសុខាភ្នំពេញកាលសប្តាហ៍មុន លោកបណ្ឌិតសុក ស៊ីផាន់ណាបានមានប្រសាន៍ថា ដើម្បីជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងអាចរក្សាបាននូវអត្រាកំណើនជាប់ជាប្រចាំ គឺចាំបាច់ណាស់ត្រូវមានការចូលរួមពីវិស័យឯកជន ព្រមទាំងបង្កើតមហិច្ឆតាឱ្យធំដូចបណ្តាប្រទេសជឿនលឿន និងមហាអំណាចសេដ្ឋកិច្ចដទៃទៀត។
លោកបណ្ឌិតបានបន្តទៀតថា “ប្រទេសមួយដែលរីកចម្រើនទៅបាន គឺទាល់តែមានចក្ខុវិស័យមួយច្បាស់លាស់ ហើយព្យាយាមបន្តអនុវត្តន៍ឱ្យមានប្រសិទ្ធភាព”។ លោកបានបន្តទៀតថា “កាលពី១០ឆ្នាំមុន កាលពីខ្ញុំទើបត្រឡប់មកពីប្រទេសស្វីស ខ្ញុំយល់ថាប្រទេសកម្ពុជា ប្រៀបដូចជាកូនក្មេងតូចមួយ ដែលទើបតែចេះវារតែប៉ុណ្ណោះ បើប្រៀបទៅនឹងសេដ្ឋកិច្ចរបស់ប្រទេសជិតខាង ប៉ុន្តែពេលនេះវាដល់ពេលដែលយើងត្រូវតែមានមហិច្ឆតា ដែលអាចរត់ចេញទៅប្រណាំងជាមួយប្រទេសដទៃទៀត”។
លោកបានបន្តថា “ប្រទេសកម្ពុជា មានប្រជាជនត្រឹមប្រមាណ១៦លាននាក់ ប៉ុន្តែយើងមានវាសនាមួយត្រង់ថា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសហគមន៍អាស៊ាន ដែលមានប្រជាជនសរុបជាង៦៥០លាននាក់ ដែលជាទីផ្សារមួយដ៏ធំ និងអាចផ្តល់ឱកាសដល់កម្ពុជាក្នុងទាញយកផលប្រយោជន៍បានយ៉ាងប្រសើរ”។លោកបន្តថា “ចង់ឬមិនចង់ គឺយើងត្រូវតែចាប់ផ្ដើមធ្វើ ដោយចាប់ផ្តើមចេញពីការប្រកួតប្រជែងនៅក្នុងស្រុកជាមុនសិន”។
លោកបណ្ឌិតបានបន្ថែមថា “ក្រោយពេលជោគជ័យនៅក្នុងស្រុក ត្រូវបន្តមហិច្ឆតាចេញទៅក្រៅស្រុក ដោយផ្តើមពីការប្រកួតប្រជែងជាមួយបណ្តាប្រទេសជិតខាង និងបន្តចេញទៅប្រទេសដែលស្ថិតនៅក្នុងតំបន់នានាក្នុងសាកលលោក”។
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជារូបនេះបានបន្តថា បន្ទាប់ពី១០ឆ្នាំកន្លងផុតទៅនោះ កម្ពុជាមិនមែនជាកូនក្មេងតូច ដែលទើបតែចេះដើរទៀតនោះទេ ប៉ុន្តែជាពេលវេលាដែលកម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាព និងធ្វើការប្រកួតប្រជែងនៅលើទីផ្សារអាស៊ានយ៉ាងពេញទំហឹង ជាមួយនឹងក្បួនខ្នាតត្រឹមត្រូវ រាល់ផលិតផលត្រូវមានស្តង់ដារកម្រិតអន្តរជាតិ ដូចជាភូគាមអនាម័យ ស្ដង់ការវិចខ្ជប់ និងស្ដង់ដារនៃការផលិត ដែលចាំបាច់ត្រូវតែមានអ្នកជំនាញ។

លោកបន្តថា “ការធ្វើជំនួញជាមួយអន្តរជាតិមិនត្រូវបានគិត និងយកចិត្តទុកដាក់ទៅលើមនោសញ្ចេតនានោះទេ ប៉ុន្តែត្រូវប្រាកដថារាល់ផលិតផល ដែលត្រូវបាននាំយកទៅកាន់ទីផ្សារមានគុណភាព តាមការកំណត់ត្រឹមត្រូវ ទើបអាចទទួលបានចំណែកទីផ្សារ ដែលស្របទៅនឹងមហិច្ឆតាដូចការគ្រោងទុក”៕
រយៈពេល៤ឆ្នាំក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សចិនបានវិនិយោគជាង៤០០០លានដុល្លារនៅកម្ពុជា
ដោយ វុត្ថា
ភ្នំពេញៈ ត្រឹមតែរយៈពេល៤ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនលំដាប់យក្សរបស់ចិនព្រីនស៍ រៀល អ៊ីស្ទេតគ្រុបបានវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង៤០០០លានដុល្លារជាមួយគំរោងៗចំនួន១០។

យោងតាមការផ្សាព្វផ្សាយរបស់ក្រុមហ៊ុនមួយនេះ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា បានប្រកាន់ខ្ជាប់នូវទស្សនៈវិស័យ នៃការកសាងជីវិតឲ្យកាន់តែប្រសើរ និងបានរៀបចំយុទ្ធសាស្ត្រគម្រោង និមិត្តសញ្ញាទីក្រុងជាង១០គម្រោង នៅប្រទេសកម្ពុជា ព្រមទាំងបានពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួនយ៉ាងលឿនលើគ្រប់វិស័យ។
ក្រុមហ៊ុនលំដាក់អន្តរជាតិមួយនេះបន្តថា បច្ចុប្បន្នក្រុមហ៊ុនព្រីនស៍រៀល អ៊ីស្ទេត គ្រុប បានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៣០ ក្រុមហ៊ុន និងបានអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនវិនិយោគចម្រុះខ្នាតអន្តរជាតិ។
គម្រោងធំៗរបស់ក្រុមហ៊ុននេះ រួមមាន អគារពហុមុខងារព្រីនស៍ហូលឌីងគ្រុប មជ្ឈមណ្ឌលព្រីនស៍ផ្លាស្សា មជ្ឈមណ្ឌលព្រីនស៍ ម៉ូឌើនផ្លាហ្សា មជ្ឈមណ្ឌលព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គម្រោងព្រីនស៍ ស្មាត ហ្គាដិន គម្រោងព្រីនស៍ ធាន ស៊ី វ៉ាន ម្រោងអគារមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ គម្រោងព្រីនស៍ហេបភីនេសផ្លាហ្សា មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ និងគម្រោងព្រីនស៍ឌាយមិនវ័ន។
វត្តមានជាង៤ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេតគ្រុប បានពង្រីកក្រុមហ៊ុនជាបុត្រ សម្ព័ន្ធរបស់ខ្លួនរហូតដល់៣០ ក្រុមហ៊ុន និងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០១៩នេះ។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ លើវិស័យទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ត សណ្ឋាគារ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។
បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបង្កើតបានជាគំរូពាណិជ្ជកម្មដែលមានលក្ខណៈ “វិស័យអចលនទ្រព្យ ជំរុញការអភិវឌ្ឍគ្រប់វិស័យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ហើយក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តល់សេវាកម្ម ដល់វិស័យអចលនទ្រព្យ“ ដែលជាខ្សែសង្វាក់ផលិតកម្មនៃវិស័យអចលទ្រព្យ។
ដោយយករាជធានីភ្នំពេញជាតំបន់យុទ្ធសាស្ត្រស្នូល និងយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងពង្រីកវិសាលភាពអាជីវកម្មទៅកាន់ខេត្តក្រុងចំនួន១៦ទៀត រួមមានខេត្តកំពត ខេត្តកែប និងខេត្តប៉ោយប៉េតជាដើម។
លើសពីនេះទៅទៀត ក្រុមហ៊ុននឹងចាក់ឬសទៅកាន់ប្រទេសចំនួន៤ ឬ៥ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសម្រេចឲ្យបាននូវក្របខណ្ឌគុណវឌ្ឍិ នៃការចុះបញ្ជីលើផ្សារមូលបត្រយ៉ាងតិចណាស់១០ ទៅ២០ គម្រោងពាណិជ្ជកម្ម និងចូលរួមចំណែកក្នុងគោលដៅអត្រានគរូបនីយកម្ម៤០%នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេល១០ឆ្នាំ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប គ្រោងនឹងវិនិយោគនូវទឹកប្រាក់៦ពាន់លានដុល្លារ លើផ្ទៃដីទំហំជាង៤០០ហិកតា ដើម្បីអភិវឌ្ឍគម្រោងអគារចម្រុះបណ្តុំនូវអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មលំដាប់អន្តរជាតិ ស្មើនឹងទំហំអភិវឌ្ឍន៍សរុបជាង៦លានម៉ែត្រការ៉េ នៅក្នុងខេត្តក្រុងសំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕
ចំណេះដឹង! តើអ្វីជាភណ្ឌាគារគយមានដែនកំណត់?
ដោយ វុត្ថា
ភ្នំពេញៈ ភណ្ឌាគារគយមានដែនកំណត់ គឺជាអាគារទីកន្លែង ឬទីលាន ដែលទទួលបានការអនុញ្ញាតឲ្យធ្វើសន្និធិទំនិញ ក្រោមការត្រួតពិនិត្យរបស់គយ សម្រាប់រយៈពេលជាក់លាក់មួយ និងដោយមានបញ្ជាក់ពីពេលវេលាច្បាស់លាស់។ទំនិញនាំចូល និងទំនិញក្នុងស្រុកសម្រាប់នាំចេញ អាចត្រូវបានដាក់ក្នុងភណ្ឌាគារគយមានដែនកំណត់។
ទំនិញក្នុងភណ្ឌាគារគយមានដែនកំណត់ ត្រូវបានព្យួរពន្ធនិងអាករដែលត្រូវជាប់។ ការហាមឃាត់ ឬការដាក់កម្រិតកំណត់នានាលើទំនិញទាំងនេះ អាចត្រូវបានលើកលែងរហូតដល់ពេល ដែលទំនិញត្រូវបានបញ្ចេញពីគយ សម្រាប់ការប្រើប្រាស់ក្នុងប្រទេស ឬ ដើម្បីនាំចេញ។
យោងតាមឯកសាររបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ភណ្ឌាគារគយ មានដែនកំណត់មានបីប្រភេទ៖
ប្រភេទ កៈ ភណ្ឌាគារសាធារណៈ គឺជាភណ្ឌាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអាចធ្វើប្រតិបត្តិការ ដោយភ្នាក់ងាររបស់រាជរដ្ឋាភិបាល ឬដោយបុគ្គលណាមួយ។ ភណ្ឌាគារនេះ ត្រូវបានប្រើប្រាស់សម្រាប់ផ្តល់សេវា ដល់បុគ្គលណាមួយ ដែលមានសិទ្ធិស្របច្បាប់លើទំនិញឲ្យធ្វើសន្និធិទំនិញ រាប់បញ្ជូលទាំងអ្នកនាំចូល បុគ្គលដែលទិញទំនិញក្នុងភណ្ឌាគារនេះ ឬបុគ្គលណាមួយផ្សេងទៀត ដែលមានសិទ្ធិស្របច្បាប់លើទំនិញទាំងនេះ។
ប្រភេទ ខៈ ភណ្ឌាគារឯកជន គឺជាភណ្ឌាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានប្រើប្រាស់ដោយឡែកដោយបុគ្គលណាម្នាក់សម្រាប់ធ្វើសន្និធិទំនិញ ដើម្បីប្រើប្រាស់ដោយឡែក រាប់បញ្ចូលទាំងប្រតិបត្តិករអាគារលក់ទំនិញរួចពន្ធ។
ប្រភេទ គៈ ភណ្ឌាគារពិសេស គឺជាភណ្ឌាគារគយមានដែនកំណត់ ដែលទទួលបានការអនុញ្ញាតពី អគ្គនាយកគយនិងរដ្ឋាករ សម្រាប់រក្សាប្រភេទទំនិគគ្រោះថ្នាក់ប៉ះពាល់ដល់គុណភាពទំនិញដទៃទៀត ឬអាចត្រូវការទីកន្លែងពិសេស សម្រាប់រក្សាទំនិញទាំងនោះ។ ភណ្ឌាគារគយប្រភេទនេះ អាចជាភណ្ឌាគារសាធារណៈឬឯកជន៕
លោកឧកញ៉ាសៀ រិទ្ធី៖ ឆ្នាំ២០២០តម្រូវការខុនដូនឹងបន្តកើនឡើង
ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងសាងសង់សំណង់អាគារខុនដូធំជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេគត់សម្គាល់ឃើញថា កំពុងតែមានសកម្មភាពយ៉ាងសកម្ម ដើម្បីបញ្ចប់ទៅតាមគម្រោងផែនការ និងដាក់ចូលទៅក្នុងទីផ្សារ ស្របពេលដែលមានការរំពឹងថា តម្រូវការប្រើប្រាស់នៅឆ្នាំក្រោយនេះនឹងមានការកើនឡើង។
លោកឧកញ៉ាសៀ រិទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Bridge Land Group បានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា គម្រោងធំៗដែលកំពុងតែដំណើរការសាងសង់នៅពេលបច្ចុប្បន្ននេះ គេមិនមែនចេះតែធ្វើទាំងភាពប្រថុយប្រថាននោះទេ។ ចាប់ពីឆ្នាំក្រោយទៅកម្ពុជា ត្រូវការកន្លែងស្នាក់នៅរាប់ម៉ឺនកន្លែង ប៉ុន្តែគិតត្រឹមដំណាច់ឆ្នាំនេះ ខុនដូទើបតែបានប្រមាណ៣ម៉ឺនបន្ទប់តែប៉ុណ្ណោះ (ឆ្នាំ២០១៩ មានការដាក់ទីផ្សារចំនួន១៧០០០បន្ទប់) ដូច្នេះចំនួននៃការផ្គត់ផ្គង់ នៅមិនទាន់គ្រប់តម្រូវការនៅឡើយនោះទេ។
លោកបន្តថា “ គេ (វិនិយោគិន) ធ្វើគឺទាល់តែគេសម្លឹងឃើញពីផលប្រយោជន៍ ខ្ញុំនិយាយតែតម្រូវការនៃវិស័យខុនដូ ដែលប្រមាណ៧០ភាគរយ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន”។
លោកសៀ រិទ្ឋីបានមានប្រសាសន៍បន្តទៀតថា “ការវិនិយោគ និងអភិវឌ្ឍទៅលើវិស័យខុនដូនៅកម្ពុជា ភាគច្រើនគឺជាក្រុមហ៊ុនចិន ដែលពួកគេសម្លឹងឃើញទីផ្សារក្រៅស្រុក ជាពិសេសមកពីប្រទេសចិន ដែលគ្រាន់តែខេត្តមួយរបស់ប្រទេសចិនមានចំនួនប្រជាជនច្រើនជាងចំនួនប្រជាជននៅកម្ពុជាទៅទៀត ហើយពួកគេភាគច្រើនយល់ពីការរស់នៅក្នុងអគារខុនដូរស្រាប់”។
លោកឧកញ៉ាបានបន្តទៀតថា “សម្រាប់សាងសង់និងអភិវឌ្ឍរបស់ខ្ញុំ គឺខ្ញុំពឹងផ្អែកទៅលើទីផ្សារកម្ពុជា ខ្ញុំមានទីផ្សាររបស់ខ្ញុំ ដូច្នេះគ្រប់អ្នកអភិវឌ្ឍធំៗគឺគេមានទីផ្សាររបស់ពួកគេទាំងអស់”។ លោកបន្តថា “ទីផ្សារនេះក៏អាស្រ័យលើយុទ្ធសាស្ត្រនៃការធ្វើសមាហរណកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំបន្ទាប់នេះ នឹងមានកំណើនក្រុមហ៊ុនអន្តរជាតិនានាចូលមកវិនិយោគ សហការប្រតិបត្តិការនៅកម្ពុជាកាន់តែច្រើន ដែលជំរុញឱ្យមានតម្រូវការលើការស្នាក់នៅ និងតម្រូវការជួលអគារមានការកើនឡើង”។
យោងតាមទិន្នន័យចុងក្រោយក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅរាជធានីភ្នំពេញ មានគម្រោងខុនដូចំនួន៩ដែលស្មើនឹង ៥,១៤០យូនីត បានដាក់ដំណើរការក្នុងត្រីមាសទី៣ឆ្នាំ២០១៩ ជាចំនួនកើនឡើងខ្ពស់ធៀបនឹងត្រីមាសមុនៗ។
របាយការណ៍ដដែលបានបង្ហាញថា ខុនដូនៅរាជធានីភ្នំពេញ មានចំនួន៥៨០០យូនីត ត្រូវបានដាក់ឱ្យដំណើរការនៅត្រឹមត្រីមាសទី៣។ គំរោងខុនដូដែលបានដាក់ដំណើរការគម្រោងថ្មី ភាគច្រើនស្ថិតនៅក្នុងខណ្ឌចំការមន និងជ្រោយចង្វារ ដែលស្មើនឹង៤៤ភាគរយ និង៤០ភាគរយនៃយូនីតថ្មី ដែលទើបនឹងចាប់ផ្តើមដំណើរលក់។ ភាគច្រើននៃខុនដូដែលបានចាប់ផ្តើមដំណើរលក់ថ្មី ត្រូវបានដាក់នៅតម្លៃកណ្តាល ដែលបានដាក់ដំណើរការលក់បានគ្របដណ្តប់៥២ភាគរយ ដែលស្មើនឹងប្រមាណ២៧០០យូនីត។
បន្ទាប់មកខុនដូ ដែលមានតម្លៃខ្ពស់ និងតម្លៃសមរម្យដែលតំណាងឱ្យ៣២ភាគរយ និង១៦ភាគរយ។ ការផ្គត់ផ្គង់កើនឡើងត្រឹមតែ៥,១ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាសស្មើនឹងប្រមាណ ១៧,៥១០យូនីត។ អាគារសហកម្មសិទ្ឋចំនួន៣ ដែលស្មើនឹងប្រមាណ៨៥០យូនីតត្រូវបានបញ្ចប់នៅក្នុងគម្រោងស្តារស៊ីធី៕
អានអត្ថបទ៖ ឧកញ៉ាសៀ រិទ្ធី ប្រាប់ពីគន្លឹះទិញអចលនទ្រព្យកុំឱ្យជាប់គាំង






