បណ្តាញ​សង្គម​ Twitter​ នឹង​ហាមឃាត់​ពាណិជ្ជកម្ម​នយោបាយ​ ខណៈ​ Facebook​ នៅ​រក្សា​ស្ថានភាព​ដដែល​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ អង្គការ​ និង​ប្រជាជន​ នឹង​មិន​អាច​ជម្រុ​ញការ​ផ្សព្វផ្សាយ​នយោបាយ​របស់​ពួកគេ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ ដែល​បាន​បង្កើត​ឡើង​ដោយ​ស្ថាបនិក ​Twitter​ លោក​ Jack​ Dorsey​។

លោក​ Dorsey​ បាន​និយាយ​ក្នុង​បណ្តាញ​សង្គម​ Twitter​ ថា​ “សារ​នយោបាយ​អាច​រកបាន​ចំនួន​អ្នក​ចូល​មើល​ច្រើន​ នៅពេល​មនុស្ស​សម្រេចចិត្ត​តាមដាន​គណនី​។ ការ​ចំណាយ​ ដើម្បី​ទទួល​បាន​ចំនួន​ Reach​ ដកចេញ​ ដោយធ្វើ​ឱ្យ​សារ​នយោបាយ​ Reach​ ដល់​ ប្រជាជន​”។ លោក​បន្ថែម​ថា​ “យើង​ជឿជាក់​ថា​ ការសម្រេច​ចិត្ត​នេះ​ មិន​គួរ​ត្រូវ​បាន​សម្របសម្រួល​ដោយ​លុយ​ទេ​”។

លោក​បាន​បន្ថែម​ថា​ “ខណៈ​ការផ្សាយ​ពាណិជ្ជកម្ម​តាម ​Internet​ មាន​ឥទ្ធិពល​ខ្លាំង​ និង​មានប្រសិទ្ធភាព​បំផុត​ សម្រាប់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ នាំមក​នូវ​ហានិភ័យ​យ៉ាង​ធំធេង​ដល់​នយោបាយ​ ដែល​វា​អាច​ត្រូវ​បាន​ប្រើ​ ដើម្បី​ជះឥទ្ធិពល​លើ​ការបោះឆ្នោត​ដោយ​ជះឥទ្ធិពល​ដល់​ជីវិត​មនុស្ស​រាប់​លាន​នាក់​”។

ការ​ហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​ នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី​ ២២​ ខែ​ វិច្ឆិកា​។

វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​អាយុ១៣ឆ្នាំ​ មាន​អ្នកប្រើ​ប្រាស់​សកម្ម​ជាង ៣០០លាន​នាក់​ និង​មានតម្លៃ​ជាង១០ពាន់​លាន​ដុល្លារ​ ហើយ​បាន​ក្លាយជា​វេទិកា​ទំនាក់ទំនង​ព័ត៌មាន​ពិត​របស់​ប្រធានាធិបតី​ Donald​ Trump​។

ការសម្រេច​ចិត្ត​របស់​ Twitter​ ធ្វើឡើង​ផ្ទុយពី​ការ​សំរេចចិត្ត​របស់​ Facebook​ ក្នុង​ការ​រក្សា​នូវ​សមត្ថភាព​សម្រាប់​អង្គការ​ ឬប្រជាជន​ ក្នុង​ការ​បង់ប្រាក់​សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​ និង​ជំរុញ​ដល់​ការ​ផ្សព្វផ្សាយ​។

និយោជិក​រាប់​រយ​នាក់​ នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​យក្ស​មួយ​នេះ​ បាន​ចុះហត្ថលេខា​លើ​លិខិត​ថ្កោលទោស​ ចំពោះ​ការសម្រេច​ចិត្ត​របស់​លោក​ Mark​ Zuckerberg​ ក្នុង​ការ​រក្សា​ស្ថានភាព​ដដែល​ នៅ​លើ​ការផ្សាយ​ពាណិជ្ជកម្ម​នយោបាយ​ ទោះបីជា​វា​ត្រូវ​បាន​បង្ហាញថា​ ពួកគេ​យល់​ច្រឡំ​ និង​មិន​ពិត​ក៏ដោយ​។

បុគ្គលិក​ទាំងនោះ​បាន​សរសេរ​នៅក្នុង​លិខិត​បាន​ឆ្លើយតប​ថា​ “ការ​បញ្ចេញមតិ​ដោយសេរី​ និង​សុន្ទរកថា​ ដោយ​គិតថ្លៃ​មិនមែន​ជា​រឿង​តែមួយ​ទេ​។ ព័ត៌មាន​មិន​ពិត​ជះឥទ្ធិពល​ដល់​យើង​ទាំងអស់គ្នា​”។

លិខិត​នោះ​បាន​បន្ថែម​ទៀត​ថា​ “យើង​សូម​ជំទាស់​យ៉ាង​ខ្លាំង​ ចំពោះ​គោលនយោបាយ​នេះ​។ វា​មិន​ការពារ​សំលេង​ប្រជាជន​ទេ​ ប៉ុន្តែ​ផ្ទុយទៅវិញ​អនុញ្ញាត​ឱ្យ​អ្នកនយោបាយ​យក​វេ​ទិ​ការ​នេះ​ ធ្វើ​អាវុធ​យុទ្ធនា​ការណ៍​ដោយ​កំណត់​គោលដៅ​លើ​ប្រជាជន​ ដែល​ជឿ​ថា​ មាតិកា​ ដែល​បាន​បង្ហាញ​ដោយ​អ្នកនយោបាយ​គឺ​គួរ​ឱ្យ​ទុកចិត្ត​”៕

រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​ចំនួន២​ មានតម្លៃ​ជាង​ ៦ លាន​ដុល្លារ​នៅ​ភ្នំពេញ​ និង​កំ​ពង់់​ស្ពឺ​

ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ចំនួន​ ២ ដែល​មានតម្លៃ​ប្រមាណ​ ៦,២​ លាន​ដុល្លារ​អាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​កំពង់ស្ពឺ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃទី​ ៣១​ តុលា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថាតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

១- “SUNRISE​ FASHION​ (CAMBODIA​) CO​., LTD​”គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ស្រោមខ្នើយ​ និង​ស្រោមពូក​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ពោធិ៍​អង្គ្រង​ ស្រុក​បរ​សេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.២៥៥កន្លែង​។

២- “YONG​ LI​ HUA​ DEVELOPMENT​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ស្រោមដៃ​ មួក​ និង​កាបូបយួរ​ដៃ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៧លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៨២៨កន្លែង​៕

ធនា​គារ​ធំៗ​ពីរ​សហការ​គ្នា​ដើម្បី​លើកកម្ពស់​អាជីវកម្ម​នៅ​កម្ពុជា​ ម៉ាឡេស៊ី​ និង​ចិន

​ដោយ​ ប៊ី

​ភ្នំពេញ​៖ ធនាគារ​កម្ពុជា​សាធារណៈ​ភី​អិ​លស៊ី​ (ខេម​បូ​ធនាគារ​) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ Public​ Bank​ Bhd​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU​) ជាមួយ​ធនាគារ​ China​ Construction​ Bank​ (CCBM​) (ម៉ាឡេស៊ី​) ដើម្បី​រួមគ្នា​លើកកម្ពស់​ និង​អភិវឌ្ឍ​ឱកាស​អាជីវកម្ម​រវាង​ធនាគារ​ទាំងពីរ​សម្រាប់​អតិថិជន​របស់​ពួកគេ​នៅ​កម្ពុជា​ ម៉ាឡេស៊ី​ និង​ចិន​។

ការ​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​នេះ​តំណាង​ឱ្យ​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​អាជីវកម្ម​រវាង​ធនាគារ​សាធារណៈ​ និង​ធនាគារ​ China​ Construction​ Bank​ ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០១៦​ សម្រាប់​ការប្រតិបត្តិ​ការ​ហិរញ្ញប្បទាន​ឆ្លង​ព្រំដែន​ ការ​ប្រឹក្សា​ហិរញ្ញវត្ថុ​ការផ្ទេរ​ប្រាក់​ និង​ការវាយតម្លៃ​ឥណទាន​អតិថិជន​។

លោក​ Tan​ Sri​ Tay​ Ah​ Lek​ នាយក​គ្រប់គ្រង​ធនាគារ​សាធារណៈ​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃនេះ​ ថា ​“ការ​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​នេះ​ធ្វើឡើង​ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ផលិតផល​ក្នុង​ស្រុក​សរុប​ថេរ​ ៧ ភាគរយ​ក្នុងរយៈពេល​ ៥ ឆ្នាំ​កន្លងមក​នេះ​ជាមួយនឹង​ការ​ហូរ​ចូល​យ៉ាង​ខ្លាំង​នៃ​វិនិយោគិន​មក​ពី​ប្រទេស​ចិន​”។

លោក​ បន្ត​ថា​ “ធនាគារ​សាធារណៈ​ និង​ធនាគារ​ CCB​ អាច​ផ្តល់​អានុភាព​លើ​គ្នា​ទៅវិញទៅមក​ដើម្បី​ជំរុញ​អាជីវកម្ម​របស់​យើង​ឱ្យ​ឈាន​ដល់​ចំណុច​ខ្ពស់​”។

ធនាគារ​ Campu​ Bank​ ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៩២​ បច្ចុប្បន្ន​មាន​ ៣១​ សាខា​នៅ​កម្ពុជា​។ធនាគារ​ CCBM​ គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​កាន់កាប់​ទាំងស្រុង​នូវ​លំដាប់​លេខ​ ១ នៃ​ធនាគារ​ China​ Construction​ Bank​ Corp​ ដែល​ជា​ធនាគារ​ធំ​លំដាប់​ទី​ ២ នៅ​លើ​ពិភពលោក​គិត​ពី​ទ្រព្យសម្បត្តិ​សរុប​៕ (ប្រភព​ The​ Sun​ Daily​)

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទានិក​ចំនួន៤០០គ្រួសារ​នៅ​ខេត្ត​កំពង់ស្ពឺ​

ដោយ ​វុត្ថា​

កំ​ពង់់​ស្ពឺៈ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ចុះ​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​ អចលនវត្ថុ​ជូន​សម្បទានិក​ចំនួន៤០០គ្រួសារ​ និង​សម្ពោធ​សមិទ្ធផល​នានា​ នៅក្នុង​ទីតាំង​សម្បទាន​ដី​សង្គមកិច្ច​របស់​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំ​ហ៊ាន២​ (LASED​ II​) ដែល​ស្ថិតនៅ​ក្នុង​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក​ វ៉ី​ សំណាង​បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នា​ថ្ងៃទី៣១​ ខែតុលា​ឆ្នាំ​ ២០១៩នេះ​ថា​ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​ជំហាន២​ LASED​ II​ គឺជា​គម្រោង​​មួយ​គាំទ្រ​ដល់​ការប្រតិបត្តិ​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការចែក​ជូន​ដី​ដល់​អ្នក​គ្មាន​ដី​ និង​អ្នក​ក្រីក្រ​តាមរយៈ​ដីសម្បទាន​សង្គមកិច្ច​ ដើម្បី​លើកកម្ពស់​ការ​ចិញ្ចឹមជីវិត​របស់​គ្រួសារ​ក្រីក្រ​ និង​ជន​ងាយ​រងគ្រោះ​។

លោក​បន្ត​ថា​ គម្រោង​គឺ​មាន​គោលបំណង​ ដើម្បី​បែងចែក​ដីធ្លី​របស់​រដ្ឋ​ ដែល​មាន​លក្ខណៈ​សមស្រប​ សម្រាប់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ប្រកប​រប​កសិកម្ម​ ការ​ចិញ្ចឹមសត្វ​ ការ​ទទួល​បាន​នូវ​សេវា​សាធារណ​: និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ បង្កើន​ផលិតភាព​ ជាមួយនឹង​ការ​ផ្តល់​សេវាកម្ម​គាំទ្រ​សមស្រប​ មួយចំនួន​ដល់​គ្រួសារ​ដែល​មាន​ដីធ្លី​តិចតួច​ និង​គ្មាន​ដីធ្លី​សោះ​។

លោក​អភិបាលខេត្ត​រូប​នេះ​បន្ត​ទៀត​ថា​ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ បាន​ទទួល​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក​ ដែល​មាន​រយៈពេល​ ៥ឆ្នាំ​ ចាប់ពី​ខែសីហា​ ឆ្នាំ២០១៦​ ដល់​ ខែធ្នូ​ ឆ្នាំ២០២១​ ថវិកា​សរុប២៦​,៨៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ចំនួន១​,៨០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ខេត្ត​គោលដៅ​ជាអាទិភាព​ចំនួន៥​ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អនុវត្តន៍​ គម្រោង​ឡា​សិត២​ នេះ​ រួមមាន​ ខេត្ត​កំពង់ស្ពឺ​, ខេត្ត​កំពង់ឆ្នាំង​, ខេត្តកំពង់ធំ​, ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តក្រចេះ​ ហើយ​ខេត្ត​កំពង់ស្ពឺ​គឺជា​ខេត្ត​គោលដៅ​មួយ​ ក្នុងចំណោម​ខេត្ត​ទាំង៥​ ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​អនុវត្ត​ផង​ដែរ​។

ដីសម្បទាន​សង្គមកិច្ច​ ដែល​ត្រូវ​បាន​ស្នើរ​សុំ​ធ្វើ​អនុប្រយោគ​ជា​ដី​ឯកជន​របស់​រដ្ឋ​ តាម​អនុ​ក្រិត​លេខ២០១អន​ក្រ.បក​ ចុះ​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១១​ ដោយ​កាត់ចេញ​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​ ២០០២​ គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប​ ១,១២០​ ហត​ ដែល​មាន​ចំនួន​ ០២​ ទីតាំង​ ក្នុង​នោះ​ទីតាំង​ទី១​ ស្ថិតនៅ​ក្នុង​ឃុំ​ក្រាំងដីវ៉ាយ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​ មានផ្ទៃ​ដី​សរុប​ចំនួន​ ៣៣០​ ហត​ សម្រាប់​ចែក​ជូន​ដល់​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ និង​គ្រួសារ​ និង​ទីតាំង​ទី​ ២ ស្ថិតនៅ​ឃុំ​រស្មី​សាមគ្គី​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ មានផ្ទៃ​ដី​សរុប​ចំនួន៧៩០​ ហត​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​ចំនួន​ ៤០០​ គ្រួសារ​ ដែល​បច្ចុប្បន្ន​នេះ​បាន​នឹង​កំពុង​អនុវត្ត​ដោយ​គម្រោង​ឡា​សិត២​។

ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ខេត្ត​ កំពង់ស្ពឺ​ដែល​បាន​ខិតខំ​ថែរក្សា​ដី​របស់​រដ្ឋ​បាន​ត្រឹមត្រូវ​ ដើម្បី​ទុក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​មាន​តម្រូវការ​ពិតប្រាកដ​។ លោក​បាន​កោតសរសើរ​ផង​ដែរ​ ចំពោះ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ ដែល​បាន​រួមចំណែក​អនុវត្តន៍​ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ជំ​ហ៊ាន២​ (LASED​ II​) ឱ្យ​ទទួល​បាន​ជោគជ័យ​រហូតមកដល់​បច្ចុប្បន្ន​ ដោយ​មិនធ្លាប់​មាន​បាតុភាព​ណាមួយ​កើតឡើង​ ដែល​បង្ហាញ​អំពី​ការរើសអើង​ បក្សពួក​ ឬការចោទប្រកាន់​ណាមួយ​ពី​ប្រជាពលរដ្ឋ​ឡើយ​។

ទន្ទឹម​នឹង​នោះ​លោក​ជា​ សុ​ផា​រ៉ា​ បាន​ផ្តាំផ្ញើ​ដល់​សម្បទានិក​ដែល​ទទួល​បាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅពេល​នេះ​ថា​ មិន​ត្រូវ​បញ្ចាំ​ ឬលក់ដូរ​ដី​នេះ​ឡើយ​ ព្រោះ​វា​ជា​អាយុជីវិត​របស់​បងប្អូន​ ហើយ​ឯកឧត្តម​បាន​លើកទឹកចិត្ត​ ឱ្យ​ប្រជាពលរដ្ឋ​ព្យាយាម​ស្វែងរក​ប្រភព​ចំណូល​ និង​បង្កបង្កើនផល​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ប្រសើរ​ជាង​យក​ដី​ទៅ​បញ្ចាំ​ ឬលក់​៕

លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ : អ្នកជំនួញ​នានា​គួរតែ​ចូលរួម​ជាមួយ​សមាគម​ ដើម្បី​ជំរុញ​អាជីវកម្ម​ឱ្យ​រីកចម្រើន​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​ កត្តា​ដែល​សំខាន់​បំផុត​ គឺ​កិច្ច​ទំនាក់ទំនង​ និង​ការ​ទទួល​បាន​ព័ត៌មាន​នានា​ពាក់ព័ន្ធ​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ ពោល​គឺ​មិន​អាច​ធ្វើឡើង​ដោយឯកឯង​នោះ​ទេ​ ជាពិសេស​ទាម​ទា​ឱ្យ​មានការ​ចូលរួម​ជា​ក្រុម​ ឬជាស​មា​គម​អ្នកជំនួញ​ដើម្បី​អាច​វាស​ស្ទង់​លទ្ធភាព​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ បាន​មានប្រសាសន៍​ថា​ គ្រប់​សមាគម​ ឬក្លឹប​អាជីវកម្ម​នានា​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ គឺ​ក្នុង​គោលបំណង​ប្រមូល​ផ្តុំ​នូវ​ម្ចាស់​អាជីវកម្ម​ ក៏ដូចជា​ម្ចាស់​ក្រុមហ៊ុន​នានា​ ដើម្បី​បង្កើន​កិច្ច​ទំនាក់ទំនង​ ផ្លាស់ប្ដូរ​បទពិសោធន៍​ និង​បំពេញ​នូវ​ចន្លោះ​ខ្វះខាត​ឱ្យ​គ្នា​ទៅវិញទៅមក​ ប្រយោជន៍​អភិវ​ ​; ឌ្ឍ​អាជីវកម្ម​ និង​ក្រុមហ៊ុន​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ “វិស័យ​ឯកជន​ត្រូវ​បាន​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ និង​លើកទឹកចិត្ត​ជា​ខ្លាំង​ ដោយ​ជា​រៀងរាល់​ឆ្នាំ​ តែង​មានឱកាស​ចូល​ជួបពិភាក្សា​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​មាន​រដ្ឋមន្ត្រី​ចំនួន១៣ជា​អ្នកសម្របសម្រួល​ និង​ជួយ​ដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ដំណើរការ​អាជីវកម្ម​របស់​ពាណិជ្ជករ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ក្នុងនាម​រូប​ខ្ញុំ​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ សូម​ជំរុញ​និង​លើកទឹកចិត្ត​ដល់​បណ្តា​ពាណិជ្ជករ​ គួរតែ​ចូលរួម​ជាមួយ​សភា​ណិ​ជ្ជ​កម្ម​ ដែល​មាន​ពាណិជ្ជករ​សមាជិក​ជាង៥ពាន់​នាក់​ ឬសមាគម​អាជីវកម្ម​ដទៃទៀត​ ដែល​វា​អាច​ជួយ​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​ធ្វើជំនួញ​”។

លោក​តាន់​ មុនី​វណ្ណ​បាន​បញ្ជាក់​ថា​ “យើង​មិន​អាច​ធ្វើអ្វី​មួយ​តែម្នាក់ឯង​បាន​នោះ​ទេ​ ដូច្នេះ​ការចូលរួម​ជា​ក្រុម​ ជាស​មា​គម​ គឺជា​ជម្រើស​មួយ​ដ៏​ល្អ​ ដែល​យើង​គួរតែ​ចូលរួម​ទាំងអស់គ្នា​”។

ទិសដៅ​នៃ​ការចូលរួម​នៅក្នុង​សមាគម​ មាន​ប្រយោជន៍​ធំៗ​ចំនួន២​ ទី១​ ការ​ធ្វើ​កិច្ច​ទំនាក់ទំនង​។ ទី២​ បាន​ចូលរួម​ចំណែក​នៅក្នុង​ការ​ទទួល​បាន​ចំណេះដឹង​ ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ជាពិសេស​គឺ​មានឱកាស​ក្នុង​ការ​បញ្ចេញមតិ​ ដែល​អាច​ជួយ​ឱ្យ​អាជីវកម្ម​មាន​ភាព​រីកចម្រើន​។

លោក​បណ្ឌិត​បាន​បន្ត​ថា​ “ចំណេះដឹង​របស់​ពាណិជ្ជករ​នៅ​កម្ពុជា​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ពាណិជ្ជករ​នៅក្នុង​តំបន់​អាស៊ាន​ គឺ​នៅ​មានកម្រិត​ ដែល​មិនទាន់​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​គេ​បាន​នៅឡើយ​នោះ​ទេ​”។លោក​បន្ថែម​ថា​ “ដូច្នេះ​យើង​ត្រូវតែ​ព្យាយាម​ស្វែងយល់​បន្ថែម​ច្រើន​ទៀត​ ដើម្បី​ពង្រឹង​ទៅលើ​ផ្នែក​ធនធានមនុស្ស​ មិនថា​ចំពោះ​ការ​បណ្តុះបណ្តាល​ធនធាន​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ ឬនៅ​ក្រៅ​ក្រុមហ៊ុន​នោះ​ទេ​ គឺ​ត្រូវតែ​ពង្រឹង​យកចិត្ត​ទុកដាក់​”៕

ទិន្នន័យ​បង្ហាញថា​ វិស័យ​ផលិតកម្ម​ចិន​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ខែឧសភា​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការិយាល័យ​ស្ថិតិ​ជាតិចិន​បាន​ចេញផ្សាយ​ទិន្នន័យ​ថ្មី​ ដែល​បង្ហាញ​ពី​ទិន្នន័យ​ផលិតកម្ម​ចិន​ បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ចាប់តាំងពី​ខែ​ ឧសភា​ ឆ្នាំនេះ​។

សន្ទស្សន៍​អ្នកគ្រប់គ្រង​ការទិញ​ (PMI​) ដែល​ជា​ឧបករណ៍​សម្រាប់​វាស់​ស្ថានភាព​សេដ្ឋកិច្ច​នៃ​វិស័យ​កម្មន្តសាល​ បាន​ពិន្ទុ​នៅ​ត្រឹម៤៩​,៣ នៅក្នុង​ខែតុលា​។ វា​គឺជា​ការ​ធ្លាក់ចុះ​បន្ថែម​ទៀត​ ពី​ពិន្ទុ ៤៩​,៨ ដែល​វិស័យ​នេះ​ខែ​ កញ្ញា​។

សន្ទស្សន៍​ PMI​ គឺជា​សន្ទស្សន៍​និន្នាការ​ផលិតកម្ម​សេដ្ឋកិច្ច​ ដែល​ឃ្លាំមើល​ស្ថានភាព​សុខភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​។

ការិយាល័យ​ស្ថិតិ​ជាតិចិន​បាន​និយាយ​ថា​ “សន្ទស្សន៍​ PMI​ លើស​ពី៥០ភាគរយ​ឆ្លុះបញ្ចាំង​ថា​ សេដ្ឋកិច្ច​ផលិតកម្ម​កំពុង​រីក​លូតលាស់​ ប៉ុន្តែ​តិច​ជាង៥០ភាគរយ​បាន​ឆ្លុះបញ្ចាំង​ពី​ផលិតកម្ម​សេដ្ឋកិច្ច​កំពុង​ថមថយ​”។

វិស័យ​ផលិតកម្ម​ចិន​ បាន​ទទួលរង​នូវ​ការ​ធ្លាក់ចុះ​ជាច្រើន​ខែ​ជាប់​ៗគ្នា​ ចាប់តាំងពី​ខែ​ ឧសភា​ អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កើនឡើង​៕

សឹង្ហ​បុរី​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​ដែល​មាន​សក្តា​នុ​ពល​ចំនួន​បី​ក្នុង​ខេត្តបាត់ដំបង​

ដោយ ​វុត្ថា​

បាត់​ដំ​បងៈ​ ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​បាន​ថ្លែង​អះអាង​ថា​ វិនិយោគិន​សឹង្ហ​បុរី​បាន​និង​កំពុង​ស្វែងរក​ឱកាស​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​ និង​សិក្សា​ស្វែងយល់​ពី​សក្តា​នុ​ពល​របស់​ខេត្តបាត់ដំបង​ លើ​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​វិស័យ​សំណង់​។

លោក​ Michael​ Tan​ ឯកអគ្គ​រដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី៣០​ ខែតុលា​ម្សិលមិញ​នេះ​ថា​ សិង្ហបុរី​មានការ​ចាប់អារម្មណ៍​វិនិយោគ​ លើ​វិស័យ​មួយចំនួន​ រួមមាន​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​វិស័យ​សំណង់​ជាដើម​ ខណៈ​ដែល​ប្រទេស​មួយចំនួន​ ក៏បាន​ចាប់អារម្មណ៍​ពី​សក្តា​នុ​ពល​របស់​ខេត្ត​នេះ​ផង​ដែរ​។

លោក​បន្ត​ថា​ “មើល​ឃើញ​សក្តា​នុ​ពល​នេះ​ហើយ​ ទើប​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​មក​មើល​ដោយ​ផ្ទាល់​ ព្រមទាំង​ពិនិត្យមើល​វិ​ស័យ​ផ្សេង​ៗទៀត​ ដើម្បី​ឈាន​ទៅ​ស្វែងរក​កិច្ចសហការ​វិនិយោគ​ក្នុង​ខេត្ត​ភូមិភាគ​ពាយ័ព្យ​នេះ​”។

ឯកអគ្គ​រដ្ឋទូត​រូប​នេះ​បន្ថែម​ថា​ នៅក្នុង​ខែធ្នូ​ ឆ្នាំ២០១៩ខាងមុខនេះ​ នឹង​មាន​សហការី​មក​ពី​ប្រទេស​សិង្ហបុរី​ ដែល​មាន​ជំនាញ​ផ្នែក​នគរូបនីយកម្ម​ មកកាន់​ខេត្តបាត់ដំបង​ ដែល​នេះ​ជា​ឱកាសល្អ​មួយ​សម្រាប់​អាជ្ញាធរ​ខេត្ត​ អាច​ជួបពិភាក្សា​លើ​ការងារ​នគរូបនីយកម្ម​ ព្រមទាំង​អាច​លើកយក​បញ្ហា​ទីក្រុង​វៃឆ្លាត​ អេកូ​ទេស​ចណ៍​ និង​វិស័យ​មួយចំនួន​ទៀត​មក​ពិភាក្សា​ក្នុង​ជំនួប​នោះ​។

អភិបាលខេត្ត​បាត់ដំបង​លោ​កងួន​ រតនៈ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ចំពោះ​គណៈប្រតិភូ​សិង្ហបុរី​ ដែល​នឹង​មកកាន់​ខេត្តបាត់ដំបង​ នា​ចុងឆ្នាំ២០១៩នេះ​ ហើយ​លោក​នឹង​ជួបពិភាក្សា​ជាមួយ​ពួកគេ​ លើ​បញ្ហា​មួយចំនួន​រួមមាន​ បញ្ហា​ទឹក​ស្អាត​ ភាព​កក់​ខ្វក់​នៅក្នុង​ទីក្រុង​ និង​បញ្ហា​ផ្សេង​ៗទៀត​ និង​វិស័យ​មាន​សក្ដានុពល​មួយចំនួន​ ដើម្បីឲ្យ​អ្នក​ទាំងនោះ​មានការ​ចាប់អារម្មណ៍​ ហើយ​គៀរ​គរ​អ្នកវិនិយោគទុន​សិង្ហបុរី​ មក​វិនិយោគ​នៅ​ខេត្តបាត់ដំបង​។

លោក​អភិបាល​រូប​នេះ​ ក៏បាន​ស្នើ​ឱ្យ​ឯកអគ្គ​រាជទូត​សិង្ហបុរី​ប្រចាំ​នៅ​កម្ពុជា​ ជួយ​ជំរុញ​ដល់​អ្នកវិនិយោគទុន​សិង្ហបុរី​ ឲ្យ​មក​វិនិយោគ​លើ​វិស័យ​ ដែល​មាន​សក្ដានុពល​មួយចំនួន​នៅ​ខេត្តបាត់ដំបង​ ខណៈ​ពួកគេ​កំពុង​មានការ​ចាប់អារម្មណ៍​វិនិយោគ​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

ខេត្តបាត់ដំបង​បច្ចុប្បន្ន​នេះ​ ពុំ​ទាន់​មានការ​វិនិយោគ​លើ​វិស័យ​នានា​ ពីសំណាក់​វិនិយោគទុន​សិង្ហបុរី​នោះ​ទេ​ ខណៈ​ដែល​ខេត្ត​មួយ​នេះ​ កំពុង​មានការ​រីកចម្រើន​លើ​វិស័យ​ កសិកម្ម​ ទេសចរណ៍​ និង​វិស័យ​សំណង់​ និង​វិ​ស័យ​ផ្សេង​ៗជាច្រើន​ទៀត​៕

ADB​ នឹង​បន្ត​កែ​លម្អ​ និង​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​ សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​នៅ​កម្ពុជា

​ដោយ​ ប៊ី

​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) នឹង​បន្ត​ការ​កែ​លម្អ​ និង​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​ សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​នៅ​កម្ពុជា​ ស្រប​ពេល​មាន​កិច្ច​ព្រមព្រៀង​ចំនួន​ពីរ​ក្នុង​តម្លៃ​ទឹកប្រាក់​ចំនួន៨៩លាន​ដុល្លារ​ជាមួយនឹង​កម្ពុជា​ដោយ​នឹង​បង្កើន​លទ្ធភាព​របស់​តំបន់ជនបទ​ក្នុង​ការ​ទទួល​បាន​សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ ព្រមទាំង​កែ​លម្អ​កិច្ច​ខិតខំ​អភិវឌ្ឍ​ វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។

លោកស្រី​ Sunniya​ Durrani​-Jamal​ នាយិកា​ ADB​ និង​ ឧបនាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កាលពី​ម្សិលមិញ​សម្រាប់​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក​ និង​អនាម័យ​ជនបទ​ដំណាក់កាល​ទី៣​ និង​កម្មវិធី​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ ប្រកប​ដោយ​បរិ​យា​ប័ន្ន (អនុ​កម្មវិធី​ទី២​) នៅ​ឯពិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

លោកស្រី​ Sunniya​ Durrani​-Jamal​ បាន​ថ្លែង​ថា​ “កម្មវិធី​ទាំងពីរ​នេះ​គាំទ្រ​ដល់​វិស័យ​ អាទិភាព​ទាំង៤​ របស់​យុទ្ធ​សាស្រ្ត​ចតុកោណ​ រួមមាន​ដូចជា​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការ​កែ​លម្អ​ ការថែទាំ​សុខភាព​ សាធារណៈ​ និង​អាហារូបត្ថម្ភ​ ពិពិធ​កម្ម​សេដ្ឋកិច្ច​ ដោយ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ ហិរញ្ញវត្ថុ​ និង​ធនាគារ​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ការងារ​ និង​មុខរបរ​ តាមរយៈ​កិច្ច​គាំទ្រ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​) ព្រមទាំង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​ចីរភាព​ តាមរយៈ​ការ​ លើកកម្ពស់​ វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​”។

ប្រជាពលរដ្ឋ​ប្រមាណ​ ៤០០​ ០០០នាក់​ នឹង​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​អភិវឌ្ឍ​វិស័យ​សេវា​ផ្គត់​ផ្គត់​ទឹក​ និង​ អនាម័យ​ជនបទ​ ដំណាក់កាល​ទី៣​ ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​អនុម័ត​កាលពី​ខែកញ្ញា​ ឆ្នាំ២០១៩​ តាមរយៈ​ ការសាងសង់​ និង​ការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ ចំនួន​ ២ ៥០០​ កន្លែង​ ព្រមទាំង​ ការអនុវត្ត​ យុទ្ធនាការ​លើកកម្ពស់​ការយល់​ដឹង​ យ៉ាងហោចណាស់​ក្នុង​ភូមិ​ចំនួន៤០០​ នៃ​ខេត្ត​ចំនួន១០​ ក្នុង​ ប្រទេស​ កម្ពុជា​។

សេវា​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​ប្រកបដោយ​ចីរភាព​ និង​គួរ​ឱ្យ​ជឿជាក់​បាន​ នៅតែ​បន្ត​មាន​ភាព​ខ្វះខាត​ នៅ​ តំបន់ជនបទ​នៃ​ប្រទេស​កម្ពុជា​ ដែល​មាន​ប្រជាជន​ចំនួន​ ៧៧​ ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ប្រទេស​ចំនួន​ ១៦.៤​ លាន​នាក់​រស់នៅ​។

ក្នុង​ឆ្នាំ២០១៧​ បើ​ទោះបីជា​គ្រួសារ​ជនបទ​ចំនួន៧៣​ ភាគរយ​ មានលទ្ធភាព​ទទួល​បានការ​ផ្គត់ផ្គង់​ ទឹក​ស្អាត​ក៏ដោយ​ ប៉ុន្តែ​ មានតែ​ ១១​ ភាគរយ​ ប៉ុណ្ណោះ​ ក្នុងចំណោម​គ្រួសារ​ទាំងនេះ​ ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ តាមរយៈ​ការ​ភ្ជាប់​បណ្តាញ​បំពង់​ទុយោ​។

ស្របគ្នា​នេះ​ដែរ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ជនបទ​ចំនួន​ ៥៦​ ភាគរយ​ មានលទ្ធភាព​ ទទួល​បាន​អនាម័យ​ប្រសើរ​ជាង​មុន​ ហើយ​ប្រជាពលរដ្ឋ​ជនបទ​ ប្រមាណ​ ៤១​ ភាគរយ​ នៅតែ​បន្ត​អនុវត្ត​ការ​បន្ទោបង់​ ពាសវាលពាសកាល​ ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រាគរូស​ និង​បញ្ហា​សុខភាព​សាធារណៈ​ដទៃទៀត​។

អនុ​កម្មវិធី​ទី២​ នៃ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កាលពី​ខែ​ កញ្ញា​ឆ្នាំ​ ២០១៩​ គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ស្ថេរ​ភាព​ដែល​ជំរុញ​ការ​រួមបញ្ចូល​ហិរញ្ញវត្ថុ​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

អន្តរាគមន៍​សំ​ខាន់​ៗ រួមមាន​ការ​កែ​លម្អ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ ជាពិសេស​សម្រាប់​ប្រជាជន​ក្រីក្រ​ គ្រួសារ​នៅ​ជនបទ​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។ កម្មវិធី​នេះ​ក៏​នឹង​លើកកម្ពស់​ស្ថេរ​ភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ដើម្បី​គាំទ្រ​ដល់​ការណែនាំ​សេវាកម្ម​ និង​ផលិតផល​ហិរញ្ញ​វត្ថុ​ថ្មី​ៗ។

វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការអភិវឌ្ឍន៍​ហើយ​គ្រប​ដណ្តប់​ដោយ​វិស័យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​។ ខណៈ​កិច្ច​ជាច្រើន​សម្រេច​ ការ​ទទួល​បាន​ហិរញ្ញវត្ថុ​នៅតែ​មាន​កំរិត​នៅឡើយ​ ជាពិសេស​នៅ​តំបន់ជនបទ​។

ស្ទើរតែ​មួយភាគបី​នៃ​ប្រជាជន​ត្រូវ​បាន​គេ​បដិសេធ​ទាំងស្រុង​ដោយ​មិន​មានលទ្ធភាព​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ណាមួយ​ឡើយ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​រារាំង​ដោយ​កម្រិត​នៃ​ចំណេះដឹង​ទាប​ផ្នែក​ហិរញ្ញវត្ថុ​៕

Urban​ Village​ ជា​គម្រោង​ខុន​ដូ​ទីមួយ​ដែល​មានផ្ទះ​គំរូ​នៅ​ហុងកុង​

ដោយ​កញ្ញា​ កែវ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Urban​ Village​ បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ផ្ទះ​គំរូ​ នៅ​ទីក្រុង​ហុងកុង​ ដែល​មាន​ទីតាំង​ស្ថិតនៅ​អាគារ​ Siu​ On​ ជាន់ទី​6 បន្ទប់​ 604​-6 លើ​ផ្លូវ​ 482​ Jaffe​, Causeway​ Bay​។

Urban​ Village​ ជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំជាង​គេ​របស់​ហុងកុង​ នៅ​ប្រទេស​កម្ពុជា​។ ពួកគេ​បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​ ទាំង​នៅក្នុង​ទីផ្សារ​អាស៊ី​ និង​ទីផ្សារ​អន្តរជាតិ​ ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ ដើម្បី​ផ្តល់​នូវ​គម្រោង​ខុន​ដូ​ធំ​ទូលាយ​ប្រកបដោយ​ផាសុកភាព​ និង​ភាព​ស៊ីវិល័យ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ចំកណ្ដាល​បេះដូង​ នៃ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ ព្រមទាំង​ជា​ចំណែក​មួយ​នៃ​សង្គម​ ដើម្បី​ផ្តល់​ជាទី​កន្លែង​ដែល​អាច​សម្រាកលំហែ​កាយ​ផង​ដែរ​។

លោក​ Ben​ Li​ ជានា​យក​ប្រតិបត្តិ​នៃ​ Urban​ Village​ បាន​ឲ្យដឹង​ក្នុង​ពិ​ធី​សម្ភោ​ធផ្ទះ​គំរូ​នៅ​ទីក្រុង​ហុងកុង​នា​ថ្ងៃទី៣០​ តុលា​កន្លងមក​ថា​ ថ្ងៃ​បើ​កសម្ភោ​ធផ្ទះ​គំរូ​នៅ​ហុងកុង​ បាន​ប្រារព្ធ​ឡើង​ យ៉ាង​អធឹក​អធម៌​ក្រោម​វត្តមាន​ ភ្ញៀវ​កិ​តិ្ត​យស​ និង​អតិថិជន​ជាច្រើន​រូប​ ដែល​បាន​បង្ក​បរិយាកាស​ ឲ្យ​កាន់តែ​សប្បាយរីករាយ​បន្ថែម​ទៀត​។ ក្រៅពី​ការ​កាត់ខ្សែបូ​ យើង​មាន​រៀបចំ​ជ្រូក​ខ្វៃ​ ដើម្បី​លើក​កែវ​ស្រា​អបអរ​ក្នុង​ពិធី​បើក​សម្ពោធ​នេះ​ផង​ដែរ​។

លោក​ Ben​ Li​ បាន​បញ្ជាក់​ថា​ “ដើម្បី​បំពេញ​តម្រូវការ​យ៉ាងច្រើន​ នៅ​ទីផ្សារ​ហុងកុង​ និង​ប្រទេស​ចិន​ យើង​សម្រេចចិត្ត​បើក​ផ្ទះ​គំរូ​ នៅ​ហុងកុង​ចាប់តាំងពី​គម្រោង​ទី១​ បាន​លក់​អស់​នៅក្នុង​ឆ្នាំនេះ​”។ លោក​បន្ត​ថា​ “យើង​ពិតជា​សប្បាយរីករាយ​ នឹង​ប្ដេជ្ញា​ចិត្ត​ដើម្បី​បង្ហាញ​បន្ថែម​ពី​ Urban​ Village​ គម្រោង​ទី២នេះ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ដែល​បាន​ក្លាយជា​គម្រោង​ខុន​ដូ​ទីមួយ​ ដែល​មានផ្ទះ​គំរូ​នៅ​ហុងកុង​។ នេះ​ពិតជា​ព្រឹត្តិ​ការណ៍​យ៉ាង​សំខាន់​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​ នៃ​ Urban​ Village​។ ដូច្នេះ​យើង​កាន់តែ​អាច​បំពេញ​តម្រូវការ​របស់​វិនិយោគិន​ និង​អ្នកទិញ​ផ្ទះនៅ​អាស៊ី​”។

ផ្ទះ​គំរូ​របស់​ Urban​ Village​ នៅ​ហុងកុង​ បាន​ទាក់ទាញ​អតិថិជន​ជាច្រើន​ មកកាន់​គម្រោង​មួយ​នេះ​ ដែល​មាន​កម្ពស់៥១ជាន់​ ស្មើនឹង១៧០០យូនី​ត ដែល​មាន​ចាប់ពី​បន្ទប់​ស្ទូឌីយោ​ រហូតដល់​បន្ទប់គេង៣បន្ទប់​។

ក្នុង​នោះ​ផង​ដែរ​ Urban​ Village​ ទទួល​បាន​ពានរង្វាន់​ជាច្រើន​ ដូចជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ដ៏​ល្អដាច់គេ​នៅក្នុង​ប្រទេស​កម្ពុជា​ គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ដ៏​ល្អដាច់គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ស្ថាបត្យកម្ម​ល្អដាច់គេ​ គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ស្ថាបត្យកម្ម​ល្អដាច់គេ​ និង​ការរចនា​ខាងក្នុង​ល្អ​បំផុត​ នៃ​ Asia​ Property​ Guru​ portal​ នៅ​ប្រទេស​សិង្ហបុរី​។

សូមស្វាគមន៍​អ្នក​ទាំងអស់គ្នា​ ក្នុង​ការ​ចូល​ទៅ​ទស្សនា​ផ្ទះ​គំរូ​ថ្មី​របស់​យើង​ ដែល​មាន​ទីតាំង​ Rooms​ 604​-6 6/F Siu​ On​ Plaza​, 482​ Jaffe​ Road​, Causeway​ Bay​, Hong​ Kong​ ឬក៏​អាច​ទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ​ +85268123234​ (Mobile​ and​ WhatsApp​) ដើម្បី​ធ្វើការ​ណាត់ជួប​ជាមួយ​ខាងយើង​ខ្ញុំ​៕

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​នឹង​ពន្យា​ពេល​ ខណៈ​ឈីលី​លុបចោល​កិច្ចប្រជុំ​កំពូល​ APEC​

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​មេដឹកនាំ​ចិន​លោក​ស៊ី​ ជី​នពីង​ នឹង​មិន​អាច​ជួបគ្នា​នៅក្នុង​ប្រទេស​ឈីលី​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ (APEC​) ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​បណ្តោះអាសន្ន​ ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​នេះ​កំពុង​បន្ត​កើតមាន​។

ប្រធានាធិបតី​ឈីលី​គឺ​លោក​ Sebastián​ Piñera​ បាន​លុបចោល​កិច្ចប្រជុំ​កំពូល​ APEC​ ដោយសារតែ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​កំពុង​បន្ត​កើតមាន​អំ​ពើ​ហឹង្សា​ដែល​បាន​ធ្វើ​ឱ្យ​រញ្ជួយ​ប្រទេស​អាមេរិក​ខាងត្បូង​នេះ​។

អ្នកចរចា​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​មានបំណង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​មួយ​ បណ្តោះអាសន្ន​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ APEC​ នៅ​ប្រទេស​ឈីលី​នៅ​ថ្ងៃទី​ ១៦​ ខែ​ វិច្ឆិកា​ ដើម្បី​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​យូរអង្វែង​ក្នុងរយៈពេល​មួយឆ្នាំ​ និង​បាន​បង្ក​ឱ្យ​មានការ​រអាក់រអួល​យ៉ាង​ខ្លាំង​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ឆ្ពោះទៅ​រក​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​។

អនុរដ្ឋ​លេខាធិការរង​សេតវិមាន​លោក​ Hogan​ Gidley​ បាន​ផ្ញើរ​អេ​ឡិច​ត្រូ​និច​ទៅកាន់​បណ្តាញ​សារព័ត៌មាន​នានា​ជុំវិញ​ពិភពលោក​ដោយ​បាន​ថ្លែង​ថា​ “ឥឡូវនេះ​វា​លេចឡើង​ថា​ APEC​ នឹង​មិនកើត​ឡើង​នៅក្នុង​ប្រទេស​ឈីលី​ទេ​ ហើយ​វា​ជា​ការយល់​ដឹង​របស់​យើង​ដែល​ថា​ អង្គការ​នេះ​មិន​មានការ​រៀបចំ​កន្លែង​ប្រជុំ​កំពូល​ទីពីរ​បានទេ​។ យើង​កំពុង​រង់ចាំ​ព័ត៌មាន​សក្តា​នុ​ពល​ទាក់ទង​នឹង​ទីតាំង​មួយផ្សេងទៀត​”។

លោក​បាន​បន្ថែម​ថា​ “យើង​ទន្ទឹងរង់ចាំ​បញ្ចប់​ដំណាក់កាល​ទី​ ១ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ចិន​ក្នុង​ពេល​តែមួយ​ ហើយ​នៅពេល​យើង​មាន​សេចក្តី​ប្រកាស​ យើង​នឹង​ប្រាប់​អ្នក​ទាំងអស់គ្នា​”៕