ការដកចំណែកតូច១នៃEBAរបស់សហភាពអឺរ៉ុបគឺល្អសម្រាប់កម្ពុជាក្នុងការពង្រឹងភាព ប្រកួតប្រជែងរបស់ខ្លួន

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់គណៈកម្មការសភាពអឺរ៉ុបពីកម្ពុជា ប្រមាណ២០ភាគរយនាពេលនេះ គឺជាចំណុចដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កាហានិភ័យចំពោះសេដ្ឋកិច្ច ខណៈដែលរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចកាលពីកន្លងមក។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia តាមទូរស័ព្ទនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការដកអនុគ្រោះពន្ធ EBA របស់គណៈកម្មការសហភាពអឺរ៉ុបពីកម្ពុជានៅពេលនេះ គឺមានផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ហើយវាគឺជាចំណុចល្អសម្រាប់កម្ពុជាទៅវិញទេ ក្នុងការត្រៀមខ្លួនចាប់យកឪកាសដើម្បីពង្រឹងឱ្យបានរឹងមាំថែមទៀត។

លោកឧកញ៉ាថា “ខ្ញុំគិតថានេះគឺជារឿងល្អ ព្រោះថាការដកEBA នេះ គឺជារឿងមុន និងក្រោយតែប៉ុណ្ណោះ យ៉ាងហោចណាស់យ៉ាងយូរ៥ឆ្នាំទៀត សហភាពអឺរ៉ុបនឹងដក ១០០%  ហើយតែបើដក១០០% យើងអាចប៉ះពាល់ខ្លាំង”។លោកបន្ថែមថា “តែបើដកជាសន្សឹមៗ បែបនេះ (២០% ) វាជាឪកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងខ្លួនកាន់តែរឹងមំា ដោយមិនពឹងផ្អែកលើ EBA ទៀតនោះទេ”។

លោកឧកញ៉ាបន្ថែមទៀតថា  ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់គណៈកម្មការសភាពអឺរ៉ុបពីកម្ពុជានេះ គឺមិនធ្វើឱ្យកម្ពុជាបាក់មុខខ្លាំងនោះទេ នៅលើឆាកអន្តរជាតិ ព្រោះថាEBAនេះ គឺគេផ្តល់ឱ្យប្រទេសក្រីក្រ ឬប្រទេសដែលកំពុងអភិវឌ្ឍន៍។ ហើយការដកនេះទៀតសោត បានបង្ហាញពីសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចំរើន ដែលអាចឈរដោយខ្លួនឯងបាន។

លោកឧកញ៉ា “បើគេដកទៅសេដ្ឋកិច្ចយើងដួលបានវាខ្មាស់គេ តែបើគេដកដើម្បីតែគោលបំណងអ្វីមួយនោះគឺជារឿងរបស់គេ។ សម្រាប់សេដ្ឋកិច្ចវិញ អ្វីដែលគេដាក់ទានឱ្យយើង គេដកអាការដាក់ទានយកទៅវិញ ហើយអាចរស់ដោយខ្លួនឯងបាន នោះគឺកិត្តិ​យសរបស់ខ្លួនយើងហើយ ដោយមិនពឹងលើការដាក់ទានរបស់គេទៀតទេ”។

លោកបណ្ឌិត គី សិរីវឌ្ឍន៍  អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា  បានឱ្យដឹងដែរថា បើតាមរបាយការណ៍របស់គណៈកម្មការអឺរ៉ុប គឺគេសម្រេចបានដកប្រមា​ណ ១ភាគ៥នៃការនាំចេញរបស់កម្ពុជា ដែលស្មើនឹងប្រមាណ១ពាន់លានដុល្លារ គឺមិនមែនន័យថាការផ្អាកទៅលើការនាំចេញ ហើយបាត់ចំណូលជាតិនោះទេ តែផ្ទុយទៅវិញវាគ្រា​ន់តែធ្វើឱ្យទំនិញរបស់កម្ពុជាឡើងថ្លៃពី១១ ទៅ១៧ ភាគរយតែប៉ុណ្ណោះ។

លោកបណ្ឌិតបន្តថា“ទំនិញខ្លះរបស់កម្ពុជា មិនបាននាំចេញទៅកាន់សហភាពអឺរ៉ុបនោះទេ ដូចជាប្រភេទស្ករសជាដើម។ ហើយបើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជាវិញ គឺវាអាស្រ័យការបិតទ្វាររោងចក្រឬក៏អត់ តែបើរោងចក្រនៅតែដំណើរវាមិនមានផលប៉ះពាល់សេដ្ឋកិច្ចនោះទេ”។

លោកបណ្ឌិបន្តទៀតថា ម្យ៉ាងទៀត បើទោះបីសហភាពអឺរ៉ុប ដក EBA នេះពីកម្ពុជា ក៏មិនមានបញ្ហាដល់សេដ្ឋកិច្ចរបស់កម្ពុជាដែរ ដោយសារតែអ្នកដែលផលិត និងដូរនូវនិតិវិធី ដោយដូរលេខកូដដេរផលិតផលពីការមិនជាប់ពន្ធ ទៅជាការជាប់ពន្ធ  ហើយក៏អាចផលិតនូវផលិតផលផ្សេងទៀសម្រាប់ធ្វើការនាំចេញ។ ម្យ៉ាងទៀត វាគឺជាការធ្វើនូវរបទនៃការនាំចេញរបស់កម្ពុជា លើផលិតផលផ្សេងដែលមានសក្តានុពល។

លោកបណ្ឌិតបន្ថែមថា “រោងចក្រដែលនឹងត្រូវបិតទ្វារ ក៏មិនមែនជារោងចក្រខ្នាតធំដែរ វាជារោងចក្រតូចៗ ដែលទទួលដេរពីរោងចក្រធំៗ  ហើយបើប៉ះពាល់ក៏ប៉ះពាល់បន្តិចបន្តួចដែរចំណែករោងចក្រធំៗ នៅតែមានតម្រូវការកម្លាំងពលកម្មច្រើន”។

លោកបណ្ឌិតបញ្ជាក់ទៀតថា  អនុគ្រោះពន្ធEBAនេះ ត្រូវបានសហភាពអឺរ៉ុប់ផ្តល់ដល់កម្ពុជាតាំងពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០២០នេះ ពោលគឹមានរយៈពេល២០ឆ្នាំ ដែលដល់ពេលឱ្យគេជួយហើយ។ នៅពេលដែលគេជួយតែរហូតបែបនេះ គឺកម្ពុជាមិនអាចរីកចម្រើនទៅមុខនោះទេ ដោយរងចាំតែជំនួយរហូត។

លោកបណ្ឌិតគី សិរីវឌ្ឍន៍បានបន្តថា “ខ្ញុំគិតថាការដកEBA នេះគឺការជំរុញឱ្យកម្ពុជា មានការខិតខំប្រឹងប្រែង បន្ថែមទៀតក្នុងការ ផលិត និង លើកកម្ពស់វិស័យសេដ្ឋកិច្ចរបស់ខ្លួនឯង កាលណាពឹងតែគេជួយរហូតគឺមិនមានគំនិត និងខ្វល់ខ្វាយអភិវឌ្ឍន៍ប្រទេ​សនោះទេ”។

រដ្ឋាភិបាលបានកាលពីកន្លងមកនេះ បានត្រៀមខ្លួនរួចហើយ ដើម្បីឆ្លើយតបនឹងបញ្ហា​លើការប្រព័ន្ធអនុគ្រោះពន្ធ EBA ខណៈ ដែលប្រមុខរាជដ្ឋាភិបាលបានប្រកាសថា មិនឱ្យមានការព្រួយបារម្ភ លើបញ្ហានសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងការអញ្ជើញបើ​កការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះថា “យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន”។

សម្តេចតេជោបានថ្លែងថា “អ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។ កម្ពុជាត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់”។

សម្តេចតេជោថ្លែងថា កម្ពុជាធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយ ដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជាពីប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើង ការពារអធិបតេយ្យ និងឯករាជ្យជាតិដោ​យមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here