ការអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកចូលក្រុងព្រះសីហនុ គឺជារឿងល្អសម្រាប់ប្រទេសកម្ពុជា

ចែករំលែក

ដោយៈ រ៉ាណេត

ព្រះសីហនុៈ មានការលើកឡើង និងបញ្ចេញទស្សនៈក្រោមការគាំទ្រទៅលើសេច​ក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក ចូលចតនៅក្រុងព្រះសីហនុ គឺជារឿងដ៏ចាំបាច់ និងប្រសើរបំផុត ដែលក្រៅពីជាទឹកចិត្តមនុស្សធម៌មិនប្រកាសន់ពូជសាសន៍ ថែមទាំងអាចផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោ​យ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ”។ សម្តេចបន្តថា “បើគេមិនទទួលកម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេល ដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ”។

ស្ថិតនៅក្រោមទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវាដឹកផ្ទុកមនុស្សចំនួន២២០០នាក់ និង៤១ជាតិសាសន៍ផ្សេងគ្នានេះ ទីប្រឹក្សាសមាគមទីភ្នាក់​ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានបង្ហាញពីការគោរព និងស្ញប់ស្ញែងចំពោះការយោគយល់របស់សម្ដេចតេជោ ដែលក្រៅពីបង្ហាញពីទឹកចិត្តមនុស្សធម៌ និងមិនរើស​អើងជាតិសាសន៍ដទៃនោះ ថែមទាំងជាចំណុចដល់កម្ពុជាទៅលើវិស័យផ្សេងៗទៀតនៅថ្ងៃអនាគត ដែលក្នុងនោះរួមមានវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្មផងដែរ។

លោក ហូរ វណ្ឌី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ថា “ការអនុញ្ញាតឱ្យនាវាទេសចរណ៍លំដាប់ពិភពលោកនេះ ចូលមកកាន់កម្ពុជា ហាក់មិនមានអ្វីដែលព្រួយបារម្ភនោះទេ។ ពាក់ព័ន្ធទៅនឹងការសង្ស័យមានមេរោគ ឬជម្ងឺ យើងមានអ្នកជំនាញត្រួតពិនិត្យត្រឹមត្រូវ ដូច្នេះវាមិនមែនជាបញ្ហានោះទេ។ ផ្ទុយទៅវិញកម្ពុជានឹងទទួលបានផលប្រយោជន៍ពីសកម្មភាពមួយនេះ ដោយសារតែអ្នកដែលនៅក្នុងនាវាគឺជាភ្ញៀវទេសច ជាអ្នកជំនួញ និងជាអ្នកដំណើរ ដូច្នេះនៅក្នុងឱកាសបានចូលមកកាន់កម្ពុជា។


ក្រៅពីមានការដឹងគុណចំពោះទឹកចិត្តដ៏ល្អរបស់កម្ពុជា ពួកគេក៏បានស្គាល់ នឹងដឹងខ្លះៗពីសក្ដានុពលវិស័យទេសចរ និងឱកាសធ្វើជំនួញនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលទាំងអស់នេះ អាចនឹងលេចចេញជារូបរាងនៃផលប្រយោជន៍ ផ្នែកជំនួញនៅថ្ងៃខាងមុខនេះ”។

តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន នាវាទេសចរណ៍មួយនេះបានឱ្យដឹងថា បន្ទាប់ពីសំចតរយៈពេល១–២ថ្ងៃនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបានសម្រេចជួលយន្តហោះ សម្រា​ប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។

ដោយឡែកសម្រាប់អាជ្ញាធររបស់កម្ពុជា ក៏បានអះអាងផងដែរថា កម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះទេ ថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។ កាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណា​ក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។


ក្រុមអ្នកទេសចរនៅលើនាវាបានរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រ​ទេសកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចតនោះ។ តាមរយៈទំព័រ Facebook របស់នាយកប្រតិបត្តិរបស់នាវា «Holland America Line» ក្រុមអ្នកទេសចរទាំងនេះ បានថ្លែងអំណរគុណចំពោះដល់ប្រទេសកម្ពុជា ដែលបានជួយដោះស្រាយកង្វល់របស់ពួកគេ។ ពួកគេក៏បានលើកឡើងផងដែរថា នឹងចងចាំចំពោះសមានចិត្ត និងកាយវិការប្រកបដោយសប្បុ​រ​សធម៌ មនុស្សធម៌ និងគ្មានការរើសអើងមួយនេះរបស់កម្ពុជា។

មុនពេលអនុញ្ញាត្តឲ្យចូលចតដោយសម្តេចតេជោ នាវាខ្នាតយក្សនេះបានព្យាយាម​ចូលចតនៅប្រទេសចំនួន៦ ប៉ុន្តែត្រូវបានបដិសេធដោយសារការរើសអើង។

ប្រទេសទាំង៦នោះរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហ្វីលីពីន កោះហ្កាំ និងប្រទេសថៃ៕


ចែករំលែក