ក្រុមហ៊ុនអន្តរជាតិដ៏ធំមកពីប្រទេសសឹង្ហបុរី នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងនៅខេត្តកំពង់ស្ពឺ

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ក្រុមហ៊ុនអន្តរជាតិដ៏ធំមួយមកពីប្រទេសសឹង្ហបុរី ដែលមានជំនាញក្នុងការវិនិយោគលើវិស័យចំរុះ បានបង្ហាញពីគម្រោងនៃការបណ្តាក់ទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់ បង្កើតតំបន់សេដ្ឋកិច្ចពិសេសលើកដំបូងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ រួមជាមួយនឹងគម្រោងវិនិយោគក្នុងវិស័យសំណង់ផងដែរ។

នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដែលមានកំណើនរោងចក្រ សហគ្រាសតូចធំ ច្រើនជាង២៧០គម្រោងកំពុងដំណើរការ និងជាង១០០គម្រោងផ្សេងទៀត ដែលបានត្រៀមខ្លួននោះ កំពុងរង់ចាំស្វាគមន៍ក្រុមហ៊ុនលំដាប់អន្តរជាតិថ្មីមួយទៀតមកពីប្រទេសសឹង្ហបុរី ទៅលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិស័យសំណង់ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ក្នុងនាមជាអជ្ញាធរ លោករីករាយ និងស្វាគមន៍ជានិច្ចនូវរាល់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ទាំងឡាយណាដែលផ្តល់ជាផលប្រយោជន៍ដល់សង្គម ប្រជាពលរដ្ឋទូទៅ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។ លោកបានបញ្ជាក់ថា “ព្រឹកមិញនេះ មានក្រុមហ៊ុនអន្តរជាតិមួយមកពីប្រទេសសឹង្ហបុរី ដែលមានការវិនិយោគជាច្រើនប្រភេទនៅក្នុងប្រទេសរបស់ខ្លួន និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ បានមកពិភាក្សាពីការបណ្តាក់ទុនវិនិយោគបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមជាមួយគម្រោងធំៗចំនួន២ផ្សេងទៀត”។

លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា “ក្រៅពីគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនមួយនេះក៏មានគម្រោងបង្កើតសួនឧស្សាហកម្មបន្ថែមមួយទៀត ដោយក្នុងនោះមានគម្រោងរោងចក្រកែច្នៃ និងវេចខ្ចប់ចំណីអាហារនាំចេញទៅក្រៅប្រទេស និងរោងចក្រដែកចំនួនមួយក្រោមការវិនិយោគដោយក្រុមហ៊ុនផ្ទាល់”។ លោកអភិបាលបានបង្ហើបថា “អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ លោក Peter Lim ដែលជាអគ្គនាយកក្រុមហ៊ុនមួយនេះ នឹងវិនិយោគបន្ថែមទៅលើវិស័យសំណង់ ដោយការសាងសង់អគារពាណិជ្ជកម្មប្រចាំតំបន់ រួមជាមួយនឹងខុនដូសម្រាប់នៅរួម មានកម្ពស់៥ជាន់ សម្រាប់លក់ និងជួលដល់បណ្តាម្ចាស់អាជីវកម្ម និងអ្នកបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផងដែរ”។

គម្រោងវិនិយោគដ៏ធំលើកដំបូងនៅក្នុងខេត្តកំពង់ស្ពឺមួយនេះ នឹងត្រូវធ្វើឡើងដោយក្រុមហ៊ុនវិនិយោគអន្តរជាតិ PLMP HOLDING Group មកពីប្រទេសសឹង្ហបុរី មានទីតាំងស្ថិតនៅក្នុងស្រុកគង់ពិសី នៅលើផ្ទៃដីទំហំ ១១៥ហិកតា ប៉ុន្តែចំពោះទំហំទុនវិនិយោគសរុបមិនត្រូវបានបង្ហើបប្រាប់ឱ្យដឹងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here