រដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រការពារមិនឱ្យកម្មករកម្ពុជាមិនឲ្យបាត់បង់ការងារ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ស្ថិតនៅក្នុងភាពប្រឈម នៃការផ្អាកដំណើរការរោងចក្រកាត់ដេរមួយចំនួនជាបណ្តោះអាសន្ន ដែលបណ្តាលមកពីកង្វះខាតវត្ថុធាតុដើម នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២០ ខាងមុខនេះ អ្នកនាំពាក្យក្រសួងការងារ និងវិជ្ជាជីវៈបានអះអាងថា ពេលនេះក្រសួងបានរៀបចំយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហា និងការពារកម្មករ-កម្មការិនី មិនឱ្យបាត់បង់ការងារនោះទេ។

បច្ចុប្បន្ននេះ រោងចក្រដែលកំពុងដណើរការ នៅក្នុងវិស័យកាត់ដេរនៅកម្ពុជាប្រមា​ណ៦០ភាគរយ ត្រូវពឹងផ្អែកទៅលើការនាំចូលវត្ថុធាតុដើមមកពីប្រទេសចិន។ ដោយឡែក ស្ថិតនៅក្នុងស្ថានភាពនៃការវាយឡុកពីមេរោគ Corona virus បានបង្ខំឱ្យរដ្ឋាភិបាលចិនសម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ក្នុងវិស័យរោងចក្រទូទាំងសាកលលោក ដែលក្នុងនោះប្រទេសកម្ពុជាក៏ស្ថិតក្នុងភាពប្រឈមខ្ពស់ផងដែរ។

ផ្អែកតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទទួលស្គាល់ពីភាពប្រឈ មនៃវិស័យកាត់ដេរនៅកម្ពុជា ក្រោយពេលដែលរោងចក្រមួយចំនួន នឹងត្រូវប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន ប៉ុន្តែរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារបានរៀបចំយុទ្ធសាស្ត្ររួចជាស្រេច ក្នុងកិច្ចការពារកម្មករកម្ពុជាមិនឱ្យបាត់បង់ការងារ និងប្រាក់ចំណូលនោះទេ។

លោកហេង សួរ បានមានប្រសាសន៍ថា “រោងចក្រដែលកំពុងដំណើរការនៅកម្ពុជាក្នុងវិស័យកាត់ដេរ ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ជាដើម នៅតែបន្តដំណើរការជាធម្មជាតា ប៉ុន្តែអាចនឹងរងផលប៉ពាល់នៅក្នុងខែបន្ទាប់ ក្រោយការផ្អាកនាំចូលវត្ថុធាតុដើមមកពីប្រទេសចិន”។ លោកបានបន្តទៀតថា “បើទោះជាមានរោងចក្រមួយចំនួន នឹងត្រូវធ្វើការប្រកាសផ្អាកដំណើរការបណ្តោះអាសន្ន ប៉ុន្តែក្រសួងការងារមានយុទ្ធសាស្ត្ររួចជាស្រេចក្នុងការដោះស្រាយ មិនអោយកម្មករកម្មការិនីបាត់បង់ការ​ងារនោះទេ ដោយពួកគាត់នឹងទទួលបាននូវសំណង ការទទួលបានការងារថ្មី ក៏ដូចជា ការបណ្ដុះបណ្ដាលជំនាញបន្ថែមផងដែរ”។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សព្វថ្ងៃកម្ពុជានៅខ្វះកម្លាំងពលកម្មជាច្រើន ក្នុងការបំពេញតម្រូវការក្នុងវិស័យឯកជន។ ជាក់ស្ដែងនៅខេត្ត ព្រះសីហនុ កំពុងខ្វះកម្លាំងពលកម្មជិត២ម៉ឺននាក់ ខេត្តកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្មបន្ថែមជិត១ម៉ឺននាក់ ខេត្តកំពង់ចាម ត្រូវការជាង៥ពាន់នាក់ និងក្នុងរាជធានីភ្នំពេញ ត្រូវការកម្លាំងពលកម្មជាច្រើនទៀត។ ដូច្នេះ សម្រាប់អ្នកដែលកំពុង តែមានភាពប្រឈមជាមួយរោងចក្រ ដែលប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ន អាចនឹងមានការងារជំនួសក្នុងរយៈពេលខ្លី ទម្រាំសកម្ម​ភាព និងដំណើរការរោងចក្រទាំងនោះអាចចាប់ដំណើរការបានជាធម្មតាវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here