ដោយវុត្ថា
ភ្នំពេញ៖រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេ និសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ សម្តែងសម្តែងការសោកស្តាយចំពោះសេចក្តីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុទំនិញលលើកលែងសព្វាវុធ” (EBA) ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានចេញនៅម៉ោង ១០កន្លះ យប់មិញ បន្ទាប់ពីអឺរ៉ុបចេញសេចក្តីសម្រេចជាផ្លូវការនូវការដក EBA នេះ ឱ្យដឹងថា ទស្សនាទានស្តីពី”ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ”ដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជាត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
សេចក្តីថ្លែងការណ៍ដែលមានកំរាស់ពីរទំព័របញ្ជាក់ទៀតថា បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិប្បតេយ្យរបស់សហភាពអឺរ៉ុប ក៏ដោយ ក៏សេចក្តីសម្រេចនេះ ត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលម្អៀង ។
កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិតួយ៉ាងដូគណៈកម្មការអឺឬ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តិកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។
ទោះបីជាសេចក្តីសម្រេចនេះ បានទទួលស្គាល់ “វឌ្ឍនភាពជាក់ស្តែង” ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតប ទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុប ក៏ដោយ ក៏សេចក្តីសម្រេចនេះ ពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃប្រជាធិប្បតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ផ្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃរបស់កម្ពុជា៕
សូមអានខ្លឹមសារទាំងមូលនៅខាងក្រោម៖








