សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ចាប់ផ្តើម​សិក្សា​ពី​ស្ថានភាព​អចលនវត្ថុ​ជូន​រដ្ឋាភិបាល​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​ និង​កំពុង​សិក្សា​ពី​ស្ថានភាព​អចលនវត្ថុ​ នៅ​តាម​រាជធានី​ ខេ​ត្ត​ធំៗ​ ដើម្បី​រៀបចំ​របាយការណ៍​ជូន​រដ្ឋាភិបាល​។

​លោក​ឧកញ៉ា​លី​ ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៩​ តុលា​នេះ​ថា​ សមាគម​បាន​និង​កំពុង​ស្រាវជ្រាវ​ពី​ស្ថានភាព​ពិត​ លើ​វិស័យ​អចលនវត្ថុ​កម្ពុជា​ ដើម្បី​ដាក់​ជូន​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​។ លោក​បន្ត​ថា​ របាយការណ៍​នេះ​នឹង​បញ្ចប់​នៅ​សប្តាហ៍​ក្រោយ​ ប៉ុន្តែ​វា​នឹង​មិន​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។

​លោក​បន្ត​ថា​ “យើង​ទទួលស្គាល់​ថា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ កំពុង​មានការ​ធ្លាក់ចុះ​ស្ទើរគ្រប់​ផ្នែក​ ប៉ុន្តែ​នៅ​រាជធានី​ភ្នំពេញ​មានផល​ប៉ះពាល់​តិចតួច​ ធៀប​នឹង​ក្រុង​ព្រះសីហនុ​”។ លោក​បន្ត​ថា​ “ស្ថានភាព​នយោបាយ​ និង​ការ​គំរាម​ដក​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ​ (EBA​) បាន​និង​កំពុង​ធ្វើឲ្យ​វិស័យ​នេះ​ស្ថិត​ក្នុង​សភាព​ទ្រឹង​”។

​លោក​ឧកញ៉ា​លី​ ហួរ​បាន​បន្ត​ថា​ ទោះជាយ៉ាងណា​ស្ថានភាព​នេះ​ មិន​គួរ​មានការ​ព្រួយបារម្ភ​ពេក​នោះ​ទេ​ ហើយ​ប្រជាជន​មិន​គួរ​បារម្ភ​នោះ​ឡើយ​ អ្វី​ៗនឹង​មាន​ភាព​ប្រសើរ​ឡើង​នា​ពេល​អនាគត​៕

លោក​ឧកញ៉ា​លឹម​ ហេង​៖ វិស័យ​កសិកម្ម​ មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្ថេរ​ភាព​ស្បៀង​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ប្រទេស​កសិកម្ម​ដ៏​មាន​សក្ដានុពល​ ដោយសារតែ​កត្តា​ធម្មជាតិ​ និង​សណ្ឋានដី​មាន​អំណោយផល​ ដែល​អាច​ទាញ​យក​ផលប្រយោជន៍​បាន​ច្រើន​សម្រាប់​ទ្រទ្រង់​ស្ថេរ​ភាព​ស្បៀង​ និង​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ការចូលរួម​ជួយ​ជ្រោមជ្រែង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃម្សិល​ម៉ិញ​ថា​ មិនថា​ចំពោះតែ​ប្រទេស​កម្ពុជា​នោះ​ទេ​ វិស័យ​កសិកម្ម​ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ក្នុង​ថែរក្សា​នូវ​ស្ថេរ​ភាព​ស្បៀង​ និង​ជួយ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ​ ដែល​រដ្ឋាភិបាល​គួរតែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ថ្វីត្បិត​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ប្រទេស​ដែល​មាន​ភាព​អំណោយផល​លើ​វិស័យ​កសិកម្ម​ ប៉ុន្តែ​បច្ចុប្បន្ន​កម្ពុជា​នៅតែ​មិនទាន់​អាច​ទាញ់​យក​ផលប្រយោជន៍​ពី​វិស័យ​មួយ​នេះ​ បាន​ច្រើន​នៅឡើយ​នោះ​ទេ​ ជាពិសេស​មាន​ឧបសគ្គ​ ក្នុង​ការនាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ដែល​កំពុងតែ​មាន​ភាព​ប្រកួតប្រជែង​ខ្លាំង​”។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ជា​លទ្ធផល​និង​បទពិសោធន៍​កាលពី​ពេល​កន្លងទៅ​នេះ​ ផលិតផល​កសិកម្ម​កម្ពុជា​ ដែល​បាន​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក​ និង​ទទួល​បាន​ភាព​ជោគជ័យ​ គឺ​ឃើញ​មានតែ​អង្ករ​ ដែល​ទទួល​បានការ​គាំទ្រ​ពីសំណាក់​ទីផ្សារ​សាកលលោក​ ប៉ុន្តែ​ក្រៅពី​នេះ​ដូចជា​ដំណាំ​ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ កៅស៊ូ​ ពោត​ សណ្តែង​ ស្វាយ​ និង​កសិផល​មួយចំនួន​ទៀត​ ចំពោះ​ការនាំចេញ​ហាក់​មានកម្រិត​ ដោយ​តែក​ត្តា​គុណភាព​ និង​ភាព​ប្រកួតប្រជែង​ទៅលើ​តម្លៃ​។

ឧបសគ្គ​នៃ​ការនាំចេញ​កសិផល​កម្ពុជា​ ទៅកាន់​ទីផ្សារ​អន្តរជាតិ​គឺ​មាន​ច្រើន​ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​គុណភាព​ជាចម្បង​។ ​ទំនិញ​កសិផល​កម្ពុជា​នៅ​មិនទាន់​អាច​ទាញ​យក​ទំនុកចិត្ត​លើ​គុណភាព​ និង​សុវត្ថិភាព​ពីទី​ផ្សារ​អន្តរជាតិ​បាន​នៅឡើយ​នោះ​ទេ​ ដែល​ទាមទារ​ឱ្យ​កសិករ​ ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​ ដែល​ជា​អ្នក​ផលិត​ខិតខំ​ដោយខ្លួនឯង​ក្នុង​ការផលិត​ និង​ការ​អភិវឌ្ឍ​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ការដែល​អាច​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​ សំខាន់​គឺ​ត្រូវ​ធាតុផ្សំ​ដូចជា​ការ​ដឹង​ និង​ស្គាល់​ច្បាស់​ពី​ប្រភេទ​កសិផល​ដែល​ជា​តម្រូវការ​របស់​ទីផ្សារ​ កសិផល​ត្រូវ​ប្រាកដ​ថា​មានគុណ​ភាព​ និង​សុវត្ថិភាព​ខ្ពស់​ មានការ​ផ្សព្វផ្សាយ​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ ក្រោម​កិច្ច​ចូលរួម​សហការ​ពីសំណាក់​វិស័យ​ឯកជន​ ជាពិសេស​ ពិចារណា​ទៅលើ​ថ្លៃដើម​នៃ​ការផលិត​ ដែល​អាច​ទាញ​យក​ផល​ចំណេញ​ត្រឡប់មកវិញ​បាន​។ នៅពេល​ដែល​ចំណុច​សំ​ខាន់​ៗទាំងអស់​នេះ​ត្រូវ​បាន​ដោះស្រាយ​ នោះ​វិស័យ​កសិកម្ម​នឹងអាច​ចូលរួម​ចំណែក​ នៅក្នុង​ការ​ពង្រឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​យ៉ាង​ល្អ​។

តាម​របាយការណ៍​របស់ក្រ​សួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​កាលពី​ពេល​កន្លងទៅ​បាន​បង្ហាញថា​ ក្នុងរយៈពេល៨ខែ​ ឆ្នាំ២០១៩​ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជិត៣លាន​តោន​។ ទីផ្សារ​កសិផល​របស់​កម្ពុជា​ រួមមាន​ប្រទេស​ចិន​ អឺរ៉ុប​ វៀតណាម​ ថៃ​ កូរ៉េ​ ឥណ្ឌា​ អូស្ត្រាលី​ អា​រ៉ា​ប៊ី​សា​អូឌីត​ និង​ប្រទេស​មួយចំនួន​ទៀត​។

កសិផល​ដែល​បាន​នាំចេញ​រួមមាន​ អង្ករ​ជាង៣៥ម៉ឺន​តោន​ ដំឡូងមី​ក្រៀម​ជិត១លាន​តោន​ ដំឡូងមី​ស្រស់​ជិត៩០ម៉ឺន​តោន​ ម្សៅដំឡូង​មី​ជាង៤ម៉ឺន​តោន​ គ្រាប់ស្វាយ​ចន្ទី​ជាង១៦ម៉ឺន​តោន​ គ្រាប់ពោត​ជាង១១ម៉ឺន​តោន​ សណ្តែកសៀង​ជាង៨ពាន់​តោន​ ចេក​ជាង៩ម៉ឺន​តោន​ ផ្លែស្វាយ​ជាង៣ម៉ឺន​តោន​ ម្រេច​ជាង៣ពាន់​តោន​ បន្លែ​ជាង១០០តោន​ និង​ដាំ​ណាំ​កសិផល​ផ្សេង​ៗទៀត​ជិត២០ម៉ឺន​តោន​៕

ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ​គ្រោង​វិនិយោគ​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​ CMEC​ គឺជា​ក្រុមហ៊ុន​សំណង់​ និង​វិស្វកម្ម​ ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ឧស្សាហកម្ម​ជាតិ​របស់​ប្រទេស​ចិន​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការចូលរួម​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​។

លោក​ លឹម​ ស៊ី​ដេ​នីន​ រដ្ឋលេខាធិការ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ក្នុង​ជំនួប​ជាមួយ​ លោក​ Zhao​ Wenka​ អនុប្រធាន​គ្រប់គ្រង​ទូទៅ​ របស់​ក្រុមហ៊ុន​ចិន​ CMEC​ កាលពី​ម្សិលមិញ​នេះ​ បាន​បង្ហាញ​ពី​គម្រោង​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរ​សាងសង់​ និង​ស្ថាបនា​នា​ពេល​ខាងមុខនេះ​ ដើម្បី​ឆ្លើយ​តទៅ​នឹង​ការកាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និ​ការ​រីក​ចំរើន​នៅក្នុង​ប្រទេស​។

លោក​ បន្ត​ថា​ គម្រោង​ដែល​គ្រោង​អនុវត្ត​នៅ​កម្ពុជា​រួមមាន​៖គម្រោង​ផ្លូវ​ល្បឿន​លឿន​ គម្រោង​លើកកម្ពស់​គុណភាព​និង​ការពង្រីក​ផ្លូវ​ គម្រោង​ផ្លូវ​រថភ្លើង​លើ​អាកាស​ គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ទីក្រុង​ និង​គម្រោ​ងផ្សេង​ៗជាច្រើន​ទៀត​។

ជាមួយគ្នា​នេះ​ លោក​ បាន​ស្នើ​ និង​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន​មួយ​នេះ​ ព្រមទាំង​លើក​ទឹក​ចូលរួម​ដេញថ្លៃ​លើ​គម្រោង​ខាងលើ​ជាមួយ​ក្រុមហ៊ុន​ដទៃទៀត​ផង​ដែរ​។ ក្រុមហ៊ុន​ចិន​ CMEC​ គឺជា​ក្រុមហ៊ុន​សំណង់​ និង​វិស្វកម្ម​ ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ឧស្សាហកម្ម​ជាតិ​របស់​ប្រទេស​ចិន​ (China​ National​ Machinery​ Industry​ Corporation​ Group​ of​ Companies​) ដែល​មាន​ការិយាល័យ​ធំ​នៅ​ទីក្រុង​ប៉េកាំង​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕

សម្តេច​តេជោ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​អគ្គិសនី​ជាមួយ​ប្រទេស​ឡាវ​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​ទាំងពីរ​ កម្ពុជា​-ឡាវ​ បន្ត​យកចិត្ត​ទុកដាក់​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​គ្នា​និង​គ្នា​ ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រួម​ទាំង​វិស័យ​អគ្គិសនី​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ជំនួប​ជាមួយ​លោក​ Khamphanh Phommathat​ សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈិមបក្ស​នៃ​ប្រទេស​ឡាវ​នៅ​ថ្ងៃទី​ ២៩​ ខែតុលា​ ឆ្នាំ​ ២០១៩​ នេះ​ ស្នើ​ឲ្យ​ភាគី​ឡាវ​ពិនិត្យមើល​លទ្ធភាព​លើ​សក្តា​នុ​ពល​ផ្សេងទៀត​ដែល​ប្រទេស​យើង​ទាំងពីរ​អាច​សហការ​គ្នា​បាន​ក្នុង​ន័យ​ជំរុញ​ និង​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​ស្រប​ទៅតាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​បាន​លើកឡើង​ក្នុង​កម្រិត​ទំនាក់ទំនង​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​នោះ​។

លោក​ Khamphanh Phommathat​ សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈិមបក្ស​នៃ​ប្រទេស​ឡាវ​បានឱ្យ​ដឹង​ដែរ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​នា​ពេលនេះ​ គឺ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ ក៏ដូចជា​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​ ឲ្យ​ស្រប​ទៅតាម​កម្រិត​នៃ​ទំនាក់ទំនង​ជាពិសេស​ជំរុញ​ការងារ​ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​កន្លងមក​ឱ្យ​មានដំណើរ​ការ​ទៅមុខ​ និង​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ផង​ដែរ​។

លោក​បន្ត​ថា​ លើស​ពីនេះ​ទៅទៀត​ លោក​ក៏បាន​ជម្រាប​ជូន​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ដោយសង្ខេប​នៃ​ដំណើរ​វិវត្តន៍​របស់​ប្រទេស​ឡាវ​ ពិសេស​លើ​វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ដោយ​ឯកឧត្តម​ក៏បាន​គោរព​សុំ​ការណែនាំ​ក៏ដូចជា​អនុសាសន៍​ ពី​សម្តេច​តេជោ​ ក្នុង​ការចែក​រំលែក​នូវ​បទពិសោធន៍​របស់​ប្រទេស​កម្ពុជា​៕

ផ្សារ​ទំនើប​ AEON​ 3 ផ្លូវ៦០ម៉ែត្រ​ ត្រៀម​បើក​ការដ្ឋាន​នៅដើម​ឆ្នាំក្រោយ​នេះ​

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ដូច​ទៅ​នឹង​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​សប្ដាហ៍​កន្លងទៅ​ថា​ ផ្សារ​ទំនើប​ AEON3​ ដែល​ស្ថិត​បណ្តា​យម​ហា​វិថី​សម្ដេច​តេជោ​ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​យ៉ាង​ប្រាកដ​ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​ ទីតាំង​នៃ​គម្រោង​ត្រូវ​បាន​គេ​ឃើញ​មានការ​ឈូស​ឆាយ​ពង្រាបដី​ជា​បណ្ដើរ​ៗទៅ​ហើយ​នោះ​ ។

ផ្អែក​តាម​ប្រភព​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ តាម​ផែនការ​ដែល​បាន​គ្រោងទុក​ គម្រោង​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​ AEON3​ ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​មហាវិថី​សម្ដេច​តេជោ​ ហ៊ុន​ សែន​ (ផ្លូវ៦០ម៉ែត្រ​) នឹង​ចាប់ផ្តើម​នៅ​ត្រឹម​ដើមឆ្នាំ២០២០​ ខាងមុខនេះ​ និង​បញ្ចប់​ការសាងសង់​ត្រឹម​រយៈពេល​ប្រមាណ២៤ខែ​។

ប្រភព​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ បច្ចុប្បន្ន​នេះ​ ទាំង​ច្បាប់​សាងសង់​ និង​អភិវឌ្ឍន៍​ ក៏ដូចជា​ឯកសារ​ក្នុង​ដឹកជញ្ជូន​សម្ភារៈ​ និង​គ្រឿង​បរិ​ក្ខា​សម្រាប់​ដំណើរការ​សាងសង់​ត្រូវ​បាន​រៀបចំ​រួចរាល់​ហើយ​ ពោល​គឺ​រង់ចាំ​តែ​ពេលវេលា​កំណត់​មកដល់​តែប៉ុណ្ណោះ​។

សម្រាប់​គម្រោង​សាងសង់​ផ្សារ​ទំនើប​ដ៏​ធំ​ AEON3​ នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង១៧ហិ​កតា​ ស្ថិតនៅ​ក្នុង​ក្បែរ​ស្ពានថ្ម​ ជិត​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ប្រណីតភាព​របស់​បុរី​ប៉េង​ហួត​ ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នៃ​រាជធានី​ភ្នំពេញ​ ។

បើ​ធ្វើដំណើរ​ចេញពី​ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់​ ទីតាំង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​មួយ​នេះ​ គឺ​ហួស​បុរី​ប៉េង​ហួត​ប្រមាណ​ ១០០០ម៉ែត្រ​ និង​ហួស​ស្ពានថ្ម​ប្រមាណ​ ១០០ម៉ែត្រ​ ស្ថិតនៅ​ខាងស្តាំ​ដៃ​។ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ “ការ​មកដល់​នៃ​ក្រុមហ៊ុន​លំដាប់​អន្តរ​ជា​តិ​ល្បី​ៗ ជាពិសេស​ក្រុមហ៊ុន​ជប៉ុន​ ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ បាន​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​”។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “អ្នក​វិនិយោគ​ជប៉ុន​មិន​ងាយ​ចូល​ទៅ​វិនិយោគ​ នៅ​ប្រទេស​ណា​នោះ​ទេ​ ហេតុនេះ​នៅពេល​ពួកគេ​ទៅ​វិនិយោគ​មានន័យថា​ ប្រទេស​នោះ​មាន​បរិយាកាស​នយោបាយ​ល្អ​ និង​ស្ថានភាព​នៃ​ការ​វិនិយោគ​មាន​ភាព​ប្រសើរ​ ដែល​អាច​ផ្តល់​ភាព​កក់ក្តៅ​ដល់​ពួកគេ​”។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​ផ្សារ​ទំនើប​បាន​លើកឡើង​ថា​ ផ្សារ​ទំនើប​ AEON​ 3 នឹង​ត្រូវ​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២៣​។

គម្រោង​ផ្សារ​ទំនើប​ AEON​ Mall​ 3 នឹង​មានផ្ទៃ​ក្រឡា​សរុប​រហូតដល់​ទៅ​ ១៧៤,០០០​ ម៉ែត្រការ៉េ​ ដែល​ធំជាង​ផលបូក​ផ្ទៃក្រឡា​ផ្សារ​ទំនើប​ AEON​ 1 (៦៨០០០​ ម៉ែត្រការ៉េ​) និង​ផ្សារ​ទំនើប​ AEON​ 2 ខណ្ឌ​សែនសុខ​ (១០០០០០​ ម៉ែត្រការ៉េ​)៕

ហុងគ្រី​នឹង​បើក​ស្ថានទូត​ជាថ្មី​នៅ​កម្ពុជា​នៅ​ឆ្នាំ២០២១ ខាងមុខនេះ​

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ហុងគ្រី​នឹង​បើក​ស្ថានទូត​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​កម្ពុជា​នឹង​បើក​ស្ថានទូត​នៅ​ទីក្រុង​ Budapest​ នៅ​ឆ្នាំ​ ២០២១​ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​យ៉ា​ណូស​ អា​ឌ័រ​ (Janos​ Ader​) ប្រធានាធិបតី​នៃ​ប្រទេស​ហុងគ្រី​ កាលពី​ថ្ងៃច័ន្ទ​ អំឡុង​ពេល​ធ្វើទស្សនកិច្ច​រយៈពេល៣ថ្ងៃ​នៅ​កម្ពុជា​។

លោក​ Ader ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ហុងគ្រី​ និង​កម្ពុជា​ នឹង​បើក​ស្ថានទូត​នៅ​តាម​ទីក្រុង​របស់​គ្នា​ទៅវិញទៅមក​នៅ​ឆ្នាំ២០២១​ ដែល​ជា​ខួប​លើក​ទី៦៥នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។

ការ​បើក​ស្ថានទូត​នេះ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ លើកដំបូង​នៅ​ឯកិច្ច​ពិ​ភា​ក្សា​ដែល​ស ម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ ដែល​បាន​ជួប​ជាមួយ​សម​ភាគី​ហុងគ្រី​លោក​ Viktor​ Orb​án ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​ Budapest​ នៅ​ខែមិថុនា​ ឆ្នាំ​ ២០១៩​។

លោក​ Ader​ បាន​និយាយ​ថា​ នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ លោក​បាន​ផ្តល់​ជំនួយ​ហុងគ្រី​ ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​បញ្ហា​ចំនួន​ប្រជាជន​នៅ​ភ្នំពេញ​។ លោក​បាន​បន្ថែម​ថា​ ភ្នំពេញ​មាន​ប្រជាជន​ ២លាន​នាក់​ កំពុង​ជួប​ការ​លំបាក​រួមមាន​ហេ​ដ្ឋា​រចនា​សម្ពន្ធ័​ ដែល​មិនទាន់​អភិវឌ្ឍន៍​ ការគ្រប់គ្រង​សំរាម​ និង​ការ​ព្យាបាល​ទឹក​ស្អុយ​។

សម្តេច​តេជោ​មានប្រសាសន៍​នៅ​វិមាន​រដ្ឋាភិបាល​ កា​ម៉េ​លី​តា​ ក្នុង​ទី​ក្រុង​ប៊ុ​យដា​ប៉េស​ កាលពី​ខែមិថុនា​ថា​ បើ​ទោះបីជា​កន្លងមក​ប្រទេស​ទាំងពីរ​ធ្លាប់​បើក​ស្ថានទូត​ ក្នុង​ប្រទេស​ផង​ខ្លួន​ក៏​ពិតមែន​ ប៉ុន្តែ​ប្រទេស​ទាំងពីរ​បាន​បិទ​ស្ថាន​ទូ​តរៀង​ៗខ្លួន​ តាម​រយៈ​ដំនើរ​ទស្សនកិច្ច​ផ្លូវការ​ ទៅកាន់​ប្រទេស​ហុងគ្រី​នា​ពេលនេះ​ សម្តេច​ចង់​ឃើញ​ប្រទេស​ទាំងពីរ​ ធ្វើការ​បើក​ស្ថានទូត​ជាថ្មី​ឡើងវិញ​ ដើម្បី​ជួយគ្នា​ទៅវិញទៅមក​ ពិសេស​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សម្រាប់​ប្រទេស​ទាំងពីរ​។

ប្រទេស​ហុងគ្រី​ មានផ្ទៃ​ដី​ជាង៩៣០៣០គីឡូម៉ែត្រ​ការ៉េ​ មាន​ប្រជាជន​ជិត១០លាន​នាក់​ និង​ផលទុនជាតិ​សរុប​សំរាប់​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​ មាន​ចំនួន១៦​,១៦៩ដុល្លារ​អាមេរិក​កាល​ឆ្នាំ២០១៨​៕

សញ្ញា​វិជ្ជមាន​៖ កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​មាន​ភាព​ប្រសើរ​ជាង​មុន​

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump ​បាន​ថ្លែង​ថា​ កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រីកចម្រើន​យ៉ាង​ល្អ​ ហើយ​កិច្ច​ព្រមព្រៀង​មួយ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅក្នុង​ប្រទេស​ឈីលី​ ក្នុង​អំឡុង​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​។

លោក​ Trump​ បាន​និយាយទៅ​កាន់​អ្នកយកព័ត៌មាន​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​នៅ​រដ្ឋ​ម៉ា​រី​លែ​នកា​លពី​ថ្ងៃម្សិល​ម៉ិញ​ថា​ “យើង​កំពុង​ទន្ទឹងរង់ចាំ​ពេលវេលា​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​ នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​។ យើង​នឹង​ហៅ​វា​ថា​ដំណាក់កាល​ទី១​ ប៉ុន្តែ​វា​គឺជា​ចំណែក​ដ៏​ធំ​មួយ​”។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចង់ឱ្យ​អាមេរិក​លុបចោល​ពន្ធគយ​លើ​ទំនិញ​ចិន​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​ ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ និង​រួមបញ្ចូល​ទាំង​កុំព្យូទ័រ​ ទូរស័ព្ទចល័ត​ និង​ប្រដាប់​ប្រដា​ក្មេង​លេង​។

ជា​ថ្នូរ​វិញ​ ចិន​នឹង​ចរចា​នាំចូល​ទំនិញ​កសិកម្ម​អាមេរិក​ ជាពិសេស​សណ្តែកសៀង​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ អាច​មានតម្លៃ​រហូតដល់៥០ពាន់​លាន​ដុល្លារ​។

លោក​ Trump​ បាន​បញ្ជាក់​ថា​ “ចិន​ចាំបាច់​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ខណៈ​សេដ្ឋកិច្ច​ចិន​ជួបប្រទះ​ការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​”។

សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ដល់​ ៦ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​ក្នុង​ខែ​នេះ​។ ត្រីមាស​នេះ​គឺជា​រយៈពេល​ដ៏​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ហើយ​ជា​សញ្ញា​បង្ហាញថា​ការ​ធ្លាក់ចុះ​ពី​កំណើន៦​,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។

ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ សេដ្ឋកិច្ច​កំពុង​ផ្លាស់​ប្តូរ​ទៅ​ដំណាក់កាល​ចាស់ទុំ​ ដែល​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ នឹង​ដើរតួ​នាទី​ធំជាង​ពាណិជ្ជកម្ម​អន្តរជាតិ​ ហើយ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ នៅតែ​ខ្ពស់​ជាង​សេដ្ឋកិច្ច​ពិភពលោក​ដទៃទៀត​។

របាយការណ៍​របស់​កាសែត​ Global​ Times​ ដែល​គាំទ្រ​ចិន​បានឱ្យ​ដឹង​ថា​ “ជាមួយ​អត្រាកំណើន៦.២ភាគរយ​ ទោះបីជា​ទាប​ជាង​មុន​បន្តិច​ក៏ដោយ​ ក៏​នៅតែ​ជា​កំណើន​ខ្ពស់​នៅក្នុង​បរិបទ​ពិភពលោក​។ កំណើន​បែបនេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ មាន​ល្បឿន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ ដែល​មាន​ទំហំ​សេដ្ឋកិច្ច១ទ្រី​លាន​ដុល្លារ​”។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “ខណៈ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​ ៣ ត្រីមាស​ដំបូង​ធ្លាក់ចុះ​ដល់៦​,២​ភាគរយ​ ប៉ុន្តែ​លទ្ធផល​នេះ​គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​”៕

បុរី​ អា​ម៉ូ​រី៧មករា​ បញ្ចុះតម្លៃ​ចន្លោះ​ ៥ទៅ​ ១០ភាគរយ​ក្នុង​ឱកាស​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ គម្រោង​ផ្ទះ​អាជីវកម្ម​ និង​លំនៅឋាន​ប្រណីត​ថ្មី​មួយ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​តំបន់​សេដ្ឋកិច្ច​ថ្មី​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា​ បាន​ចាប់ផ្តើម​ពិធី​បញ្ចុះ​បឋមសិលា​ និង​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​ នា​ព្រឹក​ថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ​ ២០១៩​ ដោយមាន​ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A និង​ប្រភេទ​B មានតម្លៃ​ចាប់ពី 65800ដុល្លារ​ឡើង​ទៅ​។

លោក​សួន​ វីរៈ​តារា​ អគ្គនាយក​ក្រុមហ៊ុន​អា​ម៉ូ​រី​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ គម្រោង​ បុរី​ អា​ម៉ូ​រី​ ៧មករា​ នឹង​ត្រូវ​សាងសង់​ឡើងលើ​ផ្ទៃដី៣២ហិ​កតា​ ស្ថិតនៅ​ភូមិ​ជ្រៃ​មួយ​រយ​ ឃុំ​សំបូរមាស​ ស្រុក​មុខកំពូល​តាម​បណ្តោយ​ផ្លូវរដ្ឋ៧មករា​ ដែល​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ៦អា​ ទៅកាន់​ផ្លូវលោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ និង​ភ្ជាប់​បន្ថែម​ទៅកាន់​ផ្លូវជាតិ​លេខ៥​ ។ លោក​បន្ត​ថា​ “តំបន់​នេះ​បាន​វិវឌ្ឍន៍​ខ្លួន​យ៉ាង​លឿន​ ក្លាយទៅជា​តំបន់​មាន​សក្តា​នុ​ពល​លើ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​។ អ្វី​ដែល​ពិសេស​ទៀត​នោះ​ តំបន់​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ដូច​នៅក្នុង​ទីក្រុង​ ដែល​វា​ជា​កត្តា​ទាក់ទាញ​ឲ្យ​មនុស្ស​ទៅ​រស់នៅ​ច្រើន​ និង​ប្រកប​អាជីវកម្ម​។

លោក​បាន​បន្ត​ថា​ “ជាក់ស្តែង​តំបន់​នេះ​ បច្ចុប្បន្ន​ត្រូវ​បាន​ប្រមូល​ផ្តុំ​ទៅ​ដោយ​ធនាគារ​ សាលារៀន​អន្តរជាតិ​ និង​មាន​ប្រព័ន្ធ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ៗជាច្រើន​ បម្រើ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​”។ លោក​បន្ត​ថា​ “ហេតុផល​ទាំងនេះ​ហើយ​ បាន​ធ្វើ​ឱ្យ​បុរី​អា​ម៉ូ​រី៧មករា​ លេច​រូបរាង​នៅ​ទីនេះ​”។

បុរី​អា​ម៉ូ​រី៧មករា​ នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មានលទ្ធភាព​ ក្នុង​ការ​ធ្វើការ​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ខ្នាត​តូច​ និង​មធ្យម​។ នៅ​ជុំវិញ​ទីតាំង​បុរី​ ពោរពេញ​ដោយសក្តានុពល​ គឺ​មាន​ដូចជា​ សួនសត្វ​សា​ហ្វា​រី​វើល​ វិមាន​ឈ្នះ​ ឈ្នះ​ ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ និង​សួន​ទឹក​ ហ្គោល​ឌិន​ស៊ី​ធី​ធំជាង​គេ​នៅ​អាស៊ី​ និង​គម្រោង​បុ​រី​ល្បី​ៗជាច្រើន​ទៀត​។

ដើម្បី​អបអរ​ដល់​ពិធី​បញ្ចុះ​បឋមសិលា​ បើក​ការដ្ឋាន​សាងសង់​នេះ​ អតិថិជន​ទាំងអស់​ នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ពិសេស​ចន្លោះ​ពី៥​ ទៅ១០ភាគរយ​ ​និង​ប័ណ្ណ​លាភ​សំណាង ២​,៩៩៩ដុល្លារ​ ព្រមទាំង​ទទួល​បាន​ឱកាស​បាន​សន្លឹកឆ្នោត​ផ្សងសំណាង​ ដើម្បី​ឈ្នះ​រង្វាន់​ដល់​ច្រើន​សន្ធឹក​សន្ធាប់​។ ហើយនឹង​ទទួល​បាន​បន្ថែម​ជាមួយ​ នឹង​ប័ណ្ណ​បញ្ចុះតម្លៃ
៣​,០០០ដុល្លារ​ សម្រាប់​ការទិញ​ផ្ទះ​ពាណិជ្ជកម្ម​ ប្រភេទ​A និង​ប្រភេទ​B ដែល​នឹង​ដាក់​លក់​ក្នុង​កម្មវិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​នេះ​។

ប្រភេទ​ដី​ឡូ​តិ៍​នៅក្នុង​ បុរី​ អា​ម៉ូ​រី​ ៧មករា​ មាន​ប្រភេទ​ដី​ដូចជា​ ជម្រើស​ទី១​ ដី​ទំហំ​ ៥ម​ X ២០ម​។ ជម្រើស​ទី២​ ដី​ទំហំ​ ១០ម​ x ២០ម​។ ជម្រើស​ទី៣​ ដី​ទំហំ​ ២០ម​ X ៣០ម​។ ចំណែក​ប្រភេទ​ផ្ទះនៅ​ក្នុង​ បុរី​អា​ម៉ូ​រី៧មករា​ មាន​ប្រភេទ​ដី​ដូចជា​ ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​A E0+E1+E2។ ផ្ទះ​ពាណិជ្ជកម្ម​ប្រភេទ​B E0+E1 និង​វីឡា​កូនកាត់​ E0+E1+E2។

បុរី​ អា​ម៉ូ​រី​ ៧មករា​ គឺជា​គម្រោង​ដែល​ផ្តល់​ប្រាក់ចំណេញ​ និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ ក្នុង​ការអភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ និង​តាម​ផែនការ​ច្បាស់លាស់​។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​ លោកស្រី​ ស៊ី​ មែន​ឌី​ ប្រធាន​គ្រប់គ្រង​ទូរស័ព្ទ​ 089​ 999​ 996​៕

វិនិយោគិន​អចលនទ្រព្យ​ចិន​ត្អូញ​ត្អែ​ពី​តម្លៃ​ជួលផ្ទះ​ និង​ដី​នៅក្នុង​ខេត្ត​ព្រះសីហនុ​មានតម្លៃ​ខ្ពស់​

ដោយ ​វុត្ថា

ព្រះ​សី​ហនុៈ​ វិនិយោគិន​អចលនទ្រព្យ​ចិន​ ដែល​បាន​និង​កំពុង​រកស៊ី​ក្នុង​ខេត្ត​ព្រះសីហនុ​អស់​រយៈពេល ២ឆ្នាំ​កន្លងមក​នេះ​ បាន​ត្អូញ​ត្អែ​ពី​តម្លៃ​ដី​ និង​ជួល​បន្ទប់​ស្នាក់នៅ​មានតម្លៃ​ខ្ពស់​នៅក្នុង​ខេត្ត​មួយ​នេះ​ និង​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។

លោកស្រី​ Lin​ Huilan​ ប្រធាន​ក្រុមហ៊ុន​ឡាយ​ មី​ អន្តរជាតិ​ នៅក្នុង​ជំនួប​ពិភាក្សា​ទាក់ទង​បញ្ហា​ប្រឈម​ជាមួយ​លោក​ គួច​ ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​នេះ​ថា​ ក្រុមហ៊ុន​លោកស្រី​ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ ប្រកប​អាជីវកម្ម​ស្របច្បាប់​នៅ​ខេ​ត្ដ​ព្រះសីហនុ​រយៈពេល​ ២ឆ្នាំ​កន្លងមក​ ដែល​បាន​ទាក់ទាញ​អ្នក​វិនិយោគ​ចិន​ជាច្រើន​ មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​ លើ​វិស័យ​សំណង់​។

លោកស្រី​បន្ត​ថា​ “បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​ មក​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​គ្មាន​កន្លែង​ស្នាក់នៅ​សមរម្យ​ ពួកគាត់​អាចម​កជួល​បន្ទប់​អគារ​វិនិយោគ​ចិន​ ស្នាក់នៅ​ដោយ​តម្លៃ​សមរម្យ​ ដើម្បី​លើកកម្ពស់​ដល់​អ្នក​វិនិយោគ​ចិន​ផង​ដែរ​។ ព្រមទាំង​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ ក៏ដូចជា​រាជរដ្ឋាភិបាល​ជួយ​បញ្ចុះតម្លៃ​ឈ្នួល​ផ្ទះ​ និង​ដី​ព្រោះ​វា​មានតម្លៃ​ខ្ពស់​”។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​ថា​ កម្ពុជា​ប្រកាន់​ភ្ជាប់​ទីផ្សារសេរី​ ប្រសិនបើ​អ្នក​វិនិយោគ​ចិន​ សល់​បន្ទប់​ត្រូវ​សិក្សា​ពី​តម្លៃ​ និង​ធ្វើ​តារាងតម្លៃ​ជួល​បន្ទប់​ និង​ទំហំ​បន្ទប់​មករ​ដ្ឋ​បាល​ខេត្ត​ ហើយ​រដ្ឋបាល​ខេត្ត​និង​ជួយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ ហើយ​នៅពេល​ខាងមុខ​ រាជរដ្ឋាភិបាល​នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពង្រីក​ផ្លូវ​ ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ ដើម្បី​ធ្វើការ​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា​ ពិសេស​មក​ខេត្ត​ព្រះសីហនុ​ ។

លោក​អភិបាលខេត្ត​រូប​នេះ​បញ្ជាក់​ថា​ “រាជរដ្ឋាភិបាល​ចាត់ទុក​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ បាន​នឹង​កំពុង​អភិវឌ្ឍន៍​បន្ថែម​មាន​ដូចជា​ ភ្លើង​ ទឹក​ស្អាត​ កំពង់ផែ​ទឹកជ្រៅ​ បំរើ​ការ​ដឹកជញ្ជូន​ទំនិញ​ចេញចូល​យ៉ាង​មមាញឹក​ ព្រលា​នយន្តហោះ​អន្តរជាតិ​ និង​ផ្លូវ​គមនាគមន៍​”។

ជាមួយគ្នា​នេះ​ លោក​អភិបាលខេត្ត​សង្ឃឹមថា​ ក្រុមហ៊ុន​ ឡាយ​ មី​ អន្តរជាតិ​ និង​ទាក់ទាញ​អ្នក​វិ​និ​យោ​គគិ​នលើ​វិ​ស័យ​ផ្សេង​ៗបន្ថែម​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ មាន​ដូចជា​វិស័យ​ទេសចរណ៍​ កសិកម្ម​ ឧស្សាហកម្ម​ជាដើម​។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​សាធារណៈ​និង​ពិធីការ​ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ លោ​កនង​ឌី​ ណា​រ៉ា​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី២៩​ ខែតុលា​នេះ​ថា​ ​សម្រាប់​តម្លៃ​ជួល​នៅក្នុង​មួយ​បន្ទប់​មានតម្លៃ​ប្រមាណ​ជិត ១០០០ដុល្លារ​អាមេរិក​ ទៅតាម​ប្រភេទ​ទីតាំង​ ​និង​នៅ​តាមផ្លូវ​តាម​បណ្តោយ​តូច​ៗ មានតម្លៃ​ប្រមាណ ៥០០ដុល្លារ​អាមេរិក​ ហើយ​មក​ដល់​បច្ចុប្បន្នេះ​ មានតម្លៃ​ប្រមាណ​ជា ៣០០ដុល្លារ​អាមេរិក​។

លោក​បន្ថែម​ថា​ អ្វី​ដែល​វិនិយោគិន​ចិន​ ស្នើសុំ​ឱ្យ​មានការ​បញ្ចុះតម្លៃ​ដី​ ឬជួល​បន្ទប់​ទៅកាន់​រដ្ឋបាល​ខេត្ត​នេះ​ គឺ​មិន​សម​ហេតុផល​នោះ​ទេ​ ព្រោះ​ប្រទេស​កម្ពុជា​ប្រកាន់យក​សេដ្ឋកិច្ច​ទី​ផ្សា​សេរី​ ​បើ​មិន​ពេញចិត្ត​អាច​ទៅ​រក​ន្លែង​ផ្សេង​បាន​ ដែល​ស័ក្តិសម​ទៅ​នឹង​ធនធាន​របស់​ខ្លួន​៕

ហុងគ្រី​នឹង​ជួយ​កម្ពុជា​ក្នុង​ការសិក្សា​លើ​បញ្ហា​ទឹក​ស្អាត​ និង​សំរាម

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ​ប្រធានាធិបតី​នៃ​ប្រទេស​ ហុង​ គ្រី​ លោក​ ​Janos​ Ader​ បាន​អះអាង​ថា​ នឹង​បញ្ជូន​ អ្នកជំនាញ​ការ​របស់​ហុងគ្រី​ ដើម្បី​មក​ជួយ​កម្ពុជា​ក្នុង​ការសិក្សា​លើ​បញ្ហា​ទឹក​ស្អាត​ លើ​បញ្ហា​សំរាម​ ទាំង​សំរាម​សំណល់រឹង​ និង​សំណល់រាវ​ និង​បញ្ហា​ផ្សេង​ៗទៀត​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ទីក្រុង​។

ក្នុង​ជំនួប​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ លោក​ប្រធានាធិបតី​នៃ​ប្រទេស​ ហុង​ គ្រី​ លោក​  Janos​ Ader​ ​បានឱ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​ ២៨​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​ថា​ បន្ទាប់ពី​ការសិក្សា​ហើយ​ក្រុម​អ្នកជំនាញ​របស់​ហុងគ្រី​ នឹង​ផ្ដល់​ជូន​និង​ណែនាំ​នូវ​បច្ចេកវិទ្យា​ និង​ដំណោះស្រាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ បញ្ហា​សំណល់រឹង​ សំណល់រាវ​នៅ​កម្ពុជា​យើង​។

លោក​ប្រធានាធិបតី​បន្ថែម​ថា​ លើស​ពីនេះ​ទៅទៀត​ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​កម្ពុជា​រយៈពេល​វែង​ទាំង​សង្គម​ ទាំង​ធនធាន​មនុស្ស​ ទាំង​សុខភាព​ផង​នោះ​ ។ ជាមួយគ្នា​នេះ​ លោក​បាន​លើកឡើង​សារ​ជាថ្មី​ទៀត​ថា​ ប្រទេស​ហុងគ្រី​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​ និង​ស្នើសុំ​ឱ្យ​មិន​ឱ្យ​មានការ​ដកហូត​ EBA​ ពី​កម្ពុជា​ផង​ដែរ​។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធានាធិបតី​ហុងគ្រី​ ចំពោះ​អ្វី​ដែល​បាន​លើកឡើង​ពី​ការ​ជួយ​ដល់​ការអភិវឌ្ឍន៍​កម្ពុជា​ ។

សម្តេច​ថា​ “ជំនួប​របស់​យើង​ជា​លើក​ទី៣នេះ​ គឺជា​ការ​ភ្ជាប់​ទំនាក់ទំនង​ ក៏ដូចជា​ការ​កសាង​ទំនាក់ទំនង​ និង​ពង្រឹង​ទំនាក់ទំនង​យើង​ឡើងវិញ​។ ទំនាក់​ទង​កម្ពុជា​ និង​ហុងគ្រី​មាន​អស់​រយៈពេល​ជាង៦០ឆ្នាំ​មក​ហើយ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក​ និង​សំរាម​ សម្ដេច​តេជោ​បាន​ស្នើសុំ​ឲ្យ​ភាគី​ហុងគ្រី​បញ្ជូន​អ្នកជំនាញ​ដើម្បី​មក​ធ្វើការ​សិក្សា​ ផ្តល់​យោបល់​ និង​ចូលរួម​សហការ​ជាមួយ​កម្ពុជា​យើង​លើ​ទាំង​បញ្ហា​ទឹក​ស្អាត​ បញ្ហា​សំណល់រឹង​ និង​សំណល់រាវ​។

សម្ដេច​ថា​យើង​ត្រូវ​ផ្តល់​អទិ​ភាព​លើ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ទៅលើ​បញ្ហា​សំណល់រឹង​ និង​សំណល់រាវ​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​ទី​ក្រុង​ផ្សេង​ៗទៀត​ទៅតាម​ដង​សមុទ្រ​ និង​តាម​ដងទន្លេ​មេគង្គ​ ។ សម្តេច​តេជោ​ក៏បាន​ជម្រាប​ជូន​អំពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យ៉ាង​សង្ខេប​ថា​ កម្ពុជា​កន្លងមក​តែងតែមាន​ការ​បែកបាក់​គ្នា​ ហើយ​រហូតមកដល់​ប៉ុន្មាន​ឆ្នាំក្រោយ​នេះ​ កម្ពុជា​ក៏​ទទួល​បាន​សុខ​សន្តិភាព​ និង​ស្ថេរ​ភាព​ពេញលេញ​ ថែមទាំង​មាន​កំណើន​សេដ្ឋកិច្ច​រហូតដល់​ជាង៧​%។

សម្តេច​តេជោ​ក៏បាន​ថ្លែងអំណរគុណ​ជូនចំពោះ​ប្រទេស​ ហុងគ្រី​ដែល​បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​កម្ពុជា​ ជាពិសេស​លើ​ឯកសារ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក​នោះ​គឺទី ១​)គម្រោង​តេជោ​ភូមិ១០០​ ទី២​)សកម្មភាព​ដោះ​មីន​ ដើម្បី​ជំរុញ​អោយ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន​នៅ​ឆ្នាំ២០២៥​ និង​ទី៣​)អាហារូបករណ៍​ជូន​ដល់​និស្សិត​កម្ពុជា​ចំនួន១៥ក្នុង១ឆ្នាំ​៕