ប្រតិភូ​ធុរកិច្ច​មក​ពី​ខេ​ត្ត​ហ្វូ​ជា​នស្វែងយល់​ពី​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

ដោយ​រ៉ា​ ណេត​

ភ្នំ​ពេញៈ​ គណៈប្រតិភូ​ធុរជន​មក​ពី​ខេ​ត្ត​ហ្វូ​ជាន​ ប្រទេស​ចិន​ មួយ​ក្រុម​បាន​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ជាមួយនឹង​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ធ្វើជា​ដៃគូ​។

ស្ថិតនៅ​ការិយាល័យ​នៃ​ក្រុមហ៊ុន​ Prince​ Holding​ Group​ កាលពី​ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩​ ក្រោម​អធិបតីភាព​របស់​លោ​កឈួន​ ដារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ គណៈប្រតិភូ​ធុរជន​ចិន​ដែល​មក​ពី​ខេ​ត្ត​ហ្វូ​ជាន​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ រួម​ជាមួយនឹង​គោលបំណង​ស្វែងរក​ក្រុមហ៊ុន​ ក្នុង​ស្រុក​ធ្វើជា​ដៃគូ​ផង​ដែរ​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោ​កឈួន​ ដារ៉ា​ បាន​មានប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ និង​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជូន​ពាណិជ្ជករ​បរទេស​ ដែល​មានបំណង​វិនិយោគ​នៅ​កម្ពុជា​ នឹង​ទទួល​កិច្ច​សម្រួល​បំពេញបែបបទ​ងាយស្រួល​ ព្រមទាំង​ផ្តល់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​ការលើកលែង​ពន្ធ​ និង​ពន្ធ​បង់​នូវ​កម្រិតទាប​សម្រាប់​នាំចេញ​-នាំចូល​ផលិតផល​ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា​ សហ​ភាព​អ៊ឺ​រ៉ុប​ ជប៉ុន​ កាណាដា​ និង​អាមេរិក​ជាដើម​។

​លោក​បាន​បន្ត​ទៀត​ថា​ “កម្ពុជា​បាន​សម្រួល​ជូន​ដល់​ពាណិជ្ជករ​បរទេស​ នូវ​ការ​វិនិយោគ​ លើ​ការលើកលែង​ពន្ធ​ចំនួន​ពី១​-៩ឆ្នាំ​ ការ​អនុគ្រោះ​ពន្ធ​លើ​ការ​បង់ពន្ធ​អប្ប​បរិមា​ ពន្ធលើប្រាក់ចំណេញ​មិន​លើស​ពី២០ភាគរយ​ ដោយ​អ្នក​វិនិយោគ​អាច​បង្វិលទុន​មាន​ភាព​ងាយស្រួល​ និង​មាន​ដើមទុន​របស់​ខ្លួន១០០ភាគរយ​”។

ប្រធានមន្ទីរ​ពាណិជ្ជកម្ម​ ខេ​ត្ត​ហ្វូ​ជាន​ ប្រទេស​ចិន​ លោក​ LIU​ DEPEI​ បាន​សម្តែង​នូវ​ភាព​រីករាយ​ សម្រាប់​វត្តមាន​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ចំពោះ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ដល់​គណៈប្រតិភូ​ខេ​ត្ត​ហ្វូ​នជាន​ ដែល​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​លោក​បាន​មានប្រសាសន៍​ថា​ “ខេ​ត្ត​ហ្វូ​ជាន​ ដែល​ស្ថិត​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ចិន​ ក្នុងរយៈពេល ៤០ឆ្នាំ​កន្លងមក​ គឺ​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ ជាពិសេស​ មានការ​ធ្វើ​កំណែទម្រង់​ស្ទើរគ្រប់​វិស័យ​ និង​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការនាំចេញ​-នាំចូល​ផលិតផល​ទៅកាន់​ប្រទេស​នានា​ ស្របតាម​យុទ្ធ​សាស្រ្ត​ខ្សែ​ក្រ​វ៉ាត់​ និង​ផ្លូវ​មួយ​ បាន​ជំរុញ​ឱ្យ​កម្ពុជា​-ចិន​មាន​កិច្ច​សហប្រតិបត្តិ​ការ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​”។

ជាមួយគ្នា​នេះ​ លោក​បាន​លើក​នូវ​ចំណុច​សំខាន់៣​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ខេ​ត្ត​ហ្វូ​នជាន​ រួមមាន​ ទី១​ ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ ដោយ​វិនិយោគ​នៅ​កម្ពុជា​លើ​ឧស្សាហកម្ម​ធុន​ស្រា​ស កសិកម្ម​ និង​ធនធាន​រ៉ែ​ ទី២​ ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​ នឹង​ដឹកនាំ​សហគ្រាស​ខេ​ត្ត​ហ្វូ​ជាន​ ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​វាយភណ្ឌ​ ស្បែកជើង​ សម្លៀក បំពាក់​ និង​អាហារ​ ព្រមទាំង​ស្វាគមន៍​ចំពោះ​ពាណិជ្ជករ​កម្ពុជា​វិនិយោគ​នៅ​ខេ​ត្ត​ហ្វូ​ជាន​ និង​ទី៣​ ពង្រីក​ និង​ពង្រឹង​ការ​ផ្លាស់​ប្តូរ​ ការ​ទំនាក់ទំនង​ និង​ទស្សនកិច្ច​រវាង​កម្ពុជា​-ខេ​ត្ត​ហ្វូ​ជាន​ ប្រទេស​ចិន​៕

កម្ពុ​ជារ​រំពឹង​ទទួល​បា​នកំនើន​ទេស​ចរ​ណ៍៍​ពី​វៀតណាម​តាមរយៈ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ដា​ណាំង​ ប្រទេស​វៀតណាម​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា​ អង្គរ​ អ៊ែរ​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ និង​ចាប់ផ្តើម​ហោះហើរ​ជាលើកដំបូង​បង្អស់​ ជាមួយនឹង​ការ​រំពឹង​ទុក​ថា​ កម្ពុជា​នឹង​ទទួល​បាន​កំណើន​ទេសចរ​បន្ថែម​ទៀត​ ពី​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​របស់​វៀតណាម​មួយ​នេះ​។

ការ​សម្ពោធ​ជា​ផ្លូវការ​នេះ​ ធ្វើឡើង​នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ដា​ណាំង​ កាលពី​ល្ងាច​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ដោយ​បាន​នាំ​យក​ប្រតិភូ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​សូ​ វិ​សុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ រួម​ជាមួយ​លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​ក្រុមហ៊ុនទេសចរណ៍​ជាច្រើន​នាក់​ទៀត​។

លោក​សូ​ វិ​សុទ្ធី​ បាន​មានប្រសាសន៍​ថា​ “ការ​បើក​ជើងហោះហើរ​ត្រង់នេះ​ បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​មុះមុត​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា​ អង្គរ​ អ៊ែរ​ ក្រសួងទេសចរណ៍​ និង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ ក្នុង​ការ​តភ្ជាប់​កម្ពុជា​ទៅកាន់​គោលដៅ​ និង​ប្រភព​ទីផ្សារ​ដ៏​មាន​សក្តា​នុ​ពល​ក្នុង​តំបន់​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ពី​ប្រភព​ទីផ្សារ​ទាំងនោះ​ និង​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទី៣​”។លោក​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​ការហោះហើរ​ទាំងនេះ​ នឹង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ វិនិយោគ​ សេដ្ឋកិច្ច​ កិច្ច​សហប្រតិបត្តិ​ការ​ និង​រឹតចំណង​មិត្តភាព​កម្ពុជា​-វៀតណាម​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ផង​”។

ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​លើកឡើង​ផង​ដែរ​ថា​ ការ​បើក​ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្ត​ដា​ណាំង​នេះ​ នឹង​ជួយ​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​ មក​កាន​កម្ពុជា​ច្រើន​បន្ថែម​ទៀត​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ពីមុន​ភ្ញៀវ​ទេសចរ​ដែល​ចេញពី​ដា​ណាំង​មកកាន់​កម្ពុជា​ ត្រូវ​ឆ្លងកាត់​តាម​ទីក្រុង​ហូជីមិញ​សិន​ ហើយ​ត្រូវ​ចំណាយពេល​វេលា​ និង​ថវិកា​ច្រើន​ អាច​ដល់​កន្លះ​ថ្ងៃ​ ឬស្ទើរតែ​មួយថ្ងៃ​តែម្ដង​ ទើប​អាចម​កដល់​រាជធានី​ភ្នំពេញ​បាន​ ប៉ុន្តែ​ចាប់ពី​ពេលនេះ​ទៅ​ ភ្ញៀវ​ទេសចរ​ចំណាយពេល​តែ១ម៉ោង១០នាទី​ប៉ុណ្ណោះ​។

លោកស្រី​បាន​បន្ត​ថា​ “ការ​ដឹកជញ្ជូន​ភ្ញៀវ​ពី​វៀតណាម​ មកកាន់​កម្ពុជា​នឹង​មាន​កាន់​ច្រើនឡើង​ ហើយក៏​សង្ឃឹមថានឹង​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ផ្សេងទៀត​ ដែល​ឆ្លងកាត់​ខេត្ត​ដា​ណាំង​នេះ​មកកាន់​កម្ពុជា​ផង​ដែរ​ ដោយសារតែ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ផ្សេង​ៗភាគច្រើន​ត្រូវ​ឆ្លងកាត់​ខេត្ត​នេះ​”៕

CEO​ Master​ Club​ មាន​សមាជិក​គ្រប់គ្រង​អាជីវកម្ម​ ២០០០ក្រុមហ៊ុន​ និង​ប្រតិបត្តិ​ការ​លើទឹក​ប្រាក់​ជាង​ ១០០០លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ​ CEO​ master​ Club​ បាន​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​រាប់​ម៉ឺន​នាក់​ និង​មាន​សមាជិក​ម្ចាស់​អាជីវកម្ម​ពេញ​មួយ​ជីវិត​ជាង​ ១,០០០នាក់​ ដែល​គ្រប់គ្រង​អាជីវកម្ម​ប្រមាណ ២​,០០០ក្រុមហ៊ុន​ កំពុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមាណ​ជាង ១​,០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ១០ម៉ឺន​នាក់​។

CEO​ Master​ Club​ ជា​ស្ថាប័ន​ប្រមូលផ្ដុំ​ និង​បង្វឹក​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ ឱ្យ​ក្លាយទៅជា​អគ្គនាយក​ដែល​មាន​លក្ខណៈ​អាជីព​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ ចាត់ចែង​ស្ថាប័ន​អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ពង្រីក​បណ្តាញ​ការ​លក់​កាន់តែ​ទូលាយ​ លើក​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​របស់​ខ្លួន​បាន​កាន់តែ​ខ្លាំង​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។

មានប្រសាសន៍​នៅក្នុង​ពិ​ធី​ប្រា​រព្វ​ខួប១០ឆ្នាំ​ នៃ​កិច្ច​ដំណើរការ​របស់​ CEO​ Master​ Club​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ក្រោម​ការចូលរួម​ពីសំណាក់​ម្ចាស់​អាជីវកម្ម​ជោគជ័យ​ជាង១៣០០នាក់​ កាលពី​រាត្រី​ថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​លោក​ អោម​ សេង​បូរ៉ា​ ស្ថាបនិក​ CEO​ Master​ Club​ International​ និង​វិទ្យាស្ថាន​ CEO​ បាន​លើកឡើង​ថា​ បើ​យើង​ទាំងអស់គ្នា​ចង់ឱ្យ​កម្ពុជា​ ក្លាយជា​ប្រទេស​អ្នកមាន​បាន​ឆាប់រហ័ស​ ដាច់ខាត​ត្រូវតែ​ជួយ​កសាង​សមត្ថភាព​ និង​ជ្រោមជ្រែង​សហគ្រិន​នៅក្នុង​ស្រុក​ឱ្យ​មាន​ភាពរឹងមាំ​។

លោក​បាន​បន្ត​ទៀត​ថា​ សហគ្រិន​គឺជា​សរសរ​ទ្រូង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​ដូចជា​ ទី១​ បាន​បង្កើត​ផលិតផល​សេវាកម្ម​ ឆ្លើយតប​តម្រូវការ​របស់​សង្គមជាតិ​ ទី២​ បង្កើត​ការងារ​ និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​ ទី៣​ ចូលរួម​ចំណែក​កសាង​គុណភាព​ធនធានមនុស្ស​បាន​ច្រើន​ និង​ទី៤​ ចូលរួម​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ​បាន​ច្រើន​ ដែល​ទាំងនេះ​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​ជាតិ​មានការ​រីកចម្រើន​បាន​ឆាប់រហ័ស​ និង​រឹងមាំ​យូរអង្វែង​។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​បទពិសោធន៍​ និង​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​របស់​ CEO​ Master​ Club​ក្នុងរយៈពេល១០ឆ្នាំ​កន្លងទៅ​នេះ​ ពេលនេះ​យើង​បាន​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​រាប់​ម៉ឺន​នាក់​ និង​មាន​សមាជិក​ម្ចាស់​អាជីវកម្ម​ពេញ​មួយ​ជីវិត​ជាង១​,០០០នាក់​ ដែល​គ្រប់គ្រង​អាជីវកម្ម​ប្រមាណ២​,០០០ក្រុមហ៊ុន​ កំពុង​ប្រតិបត្តិ​ការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមាណ​ជាង១​,០០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ១០ម៉ឺន​នាក់​”។

លោ​កអោម​ សេង​បូរ៉ា​បាន​បន្ត​ទៀត​ថា​ “ជា​ការកំណត់​សម្គាល់​ CEO​ Master​ Club​ ​បាន​រក​ឃើញ​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ២០១៩ចំនួន៧៨រូប​ ក្នុងចំណោម​ជាង១០០០នាក់​ រួម​ជាមួយនឹង​ការ​ប្រគល់​ពានរង្វាន់​ផង​ដែរ​”។

ពានរង្វាន់​ដែល​ត្រូវ​បាន​ប្រគល់​ជូន​សហគ្រិន​ឆ្នើម​ (CEO​ Award​) ទាំង៧៨រូប​ខាងលើ​នេះ​ត្រូវ​បាន​ចែកចេញជា៤ប្រភេទ​ រួមមាន​ដូចជា​ ទី១​ Master​ CEO​ Award​ (ពាន​ ស៊ី​អ៊ី​អូ​ ម៉ាស្ទ័រ​) ជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​ និង​លើកទឹកចិត្ត​សហគ្រិន​ដែល​បាន​តស៊ូ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់​ខ្លួន​ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ធុរកិច្ច​កំពូល​ជាមួយ​ CEO​ Master​ Club​ ចាប់ពី​ ៨ កម្មវិធី​ឡើង​ទៅ​ដើម្បី​មាន​សមត្ថភាព​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ពីតូច​ទៅ​ធំ​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ និង​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​។ ទី២​ Outstanding​ Entrepreneur​ Medal​ (មេដាយ​សហគ្រិន​ឆ្នើម​) ជា​មេដាយ​សម្រាប់​ទទួលស្គាល់​ស្នាដៃ​សហគ្រិន​លេចធ្លោ​របស់​CEO​ Master​ Club​ ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​រីកចម្រើន​អាជីវកម្ម​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​ បន្ទាប់ពី​បាន​អនុវត្ត​នូវ​របៀបរបប​ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់​ដា​ បន្ទាប់ពី​បាន​ចូលរួម​ជាស​មា​ជិ​កគ្រួសារ​ CEO​ Master​ Club​។

ទី៣​ Outstanding​ Accounting​ Award​ (ពាន​គណនេយ្យ​ឆ្នើម​) ជា​ពាន​សម្រាប់​ទទួលស្គាល់​ និង​លើកទឹកចិត្ត​ដល់​សហគ្រិន​ឆ្នើម​របស់​ CEO​ Master​ Club​ ដែល​បាន​រៀបចំ​របៀបរបប​ និង​ស្តង់ដារ​គ្រប់គ្រង​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​បាន​ល្អ​ និង​រឹងមាំ​សម្រាប់​ក្រុមហ៊ុន​របស់​ខ្លួន​។ ទី៤​ Outstanding​ CEO​ Award​ (ពាន​ ស៊ី​អ៊ី​អូ​ ឆ្នើម​) ជា​ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​ស្នាដៃ​ សហគ្រិន​ឆ្នើម​របស់​សមាជិក​ CEO​ Master​ Club​ ដែល​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​CEO​ Award​ថា​ ជា​បេក្ខភាព​ដែល​បាន​បង្ហាញ​លទ្ធផល​ និង​ការអនុវត្ត​នូវ​របៀបរបប​ក្នុង​ការដឹកនាំ​ គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​ ឱ្យ​មានការ​ចម្រើន​ខ្លាំង​ទាំង​លក្ខណៈ​ជា​បុគ្គល​ជាគ្រួសារ​ ជា​ស្ថាប័ន​ និង​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការ​សង្គម​ បន្ទាប់ពី​បាន​ចូលរួម​ជាស​មា​ជិ​កគ្រួសារ​ CEO​ Master​ Club​៕

ចំណេះដឹង​! ហេតុអ្វី​កម្ពុជា​ត្រូវ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​?

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​ពង្រឹង​សមត្ថភាព​ នៃ​បណ្តាញ​ផ្លូវ​ដែល​មានស្រាប់​ ​និង​សាង​សង​ផ្លូវ​ល្បឿន​លឿន​ ដើម្បីឲ្យ​ស្រប​ទៅតាម​កំណើន​សេដ្ឋកិច្ច​ ដ៏​ឆាប់រហ័ស​របស់​ខ្លួន​ ក៏ដូចជា​ ជម្រុ​ញកិ​ច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​អាស៊ាន​ និង​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​ថា​ ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​ (Expressway​) ជា​កត្តា​ដ៏​ធំជាង​គេ​សម្រាប់​ពង្រឹង​សមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ ព្រោះ​ផ្លូវ​ល្បឿន​លឿន​ អាច​បម្រើសេវា​កម្ម​ដឹកជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា​ និង​ត្រូវ​បាន​គេ​ចាត់ទុកជា​មូលដ្ឋាន​ សម្រាប់​វិស័យ​ឧស្សាហ​កម្ម​ទំនើប​ៗ និង​សកម្មភាព​ដឹកជញ្ជូន​ធុន​ធ្ងន់​ផង​ដែរ​។

ឯកសារ​ដដែល​បន្ត​ថា​ ផ្លូវ​ល្បឿន​លឿន​ គឺជា​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍​ មាន​បរិក្ខារ​បែងចែក​ទ្រូងផ្លូវ​ជា​ពីរ​ចំណែក​ ខុស​ទិស​គ្នា​ឬចែក​ជា​គន្លង​ផ្លូវ​ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ​ ឬត្រូវ​មានផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុងករណី​ចាំបាច់​ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារ​ផ្លូវថ្នល់​ ដើម្បី​ធានា​លំហូរ​ចរាចរណ៍​ សុវត្ថិភាព​ និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើដំណើរ​ និង​មាន​កន្លែង​កំណត់​សម្រាប់​ឲ្យ​យានយន្ត​ចេញ​ និង​ចូល​ផ្លូវ​ល្បឿន​លឿន​។

គោលបំណង​នៃ​គម្រោង​សាងសង់​ ផ្លូវ​ល្បឿន​លឿន​នៅ​កម្ពុជា​មាន​ដូចជា​ទី១​ ដើម្បី​ធ្វើស​មា​ហរ​ណកម្ម​ក្នុង​តំបន់​ (ទាំង​ក្នុង​អាស៊ាន​ និង​មហា​អនុ​តំបន់​ទន្លេមេគង្គ​) ក៏ដូចជា​ពិភពលោក​ទាំងមូល​ ជួយ​តភា្ជប់​បណ្តាញ​ដឹកជញ្ជូន​ក្នុង​តំបន់​ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​កម្ពុជា​ ឲ្យ​សមស្រប​ទៅតាម​ការ​អភិវឌ្ឍ​បែប​សាកល​ភាវូបនីយកម្ម​។

ទី២​ បង្កើន​តុល្យភាព​នៃ​ការ​អភិវឌ្ឍ​ដែនដី​ ដោយ​ផ្សារភ្ជាប់​រាជធានី​ភ្នំពេញ​ជាមួយនឹង​ទីរួមខេត្ត​នានា​ និង​ជា​មាគ៌ា​ឆ្ពោះទៅ​កាន់​ពិភព​លោកៈ​ បង្កើន​សមត្ថភាព​ដឹកជញ្ជូន​និង​លើកកម្ពស់​ប្រសិទ្ធភាព​ ផ្នែក​ភស្តុភារ​នៅក្នុង​ប្រទេស​ពិសេស​ ពី​ភ្នំពេញ​ទៅ​បណ្តា​ខេត្ត​នានា​ ដើម្បី​ធ្វើឲ្យ​នៅ​តាម​ខេត្ត​មាន​ភាព​រីកចម្រើន​បាន​ឆាប់រហ័ស​។

ទី៣​ ពង្រឹង​និង​កែ​លម្អ​ស្ថានភាព​ចរាចរណ៍​នៅ​កម្ពុជា​៖ផ្លូវ​ល្បឿន​លឿន​មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ការ​ទទួលបន្ទុក​យាន​យន្ត​ធ្ងន់​ៗ បម្រើសេវា​កម្ម​បាន​ល្អ​ និង​អាច​ទាក់ទាញ​យានយន្ត​នានា​ ដែល​ចរាចរ​តាមផ្លូវ​ជាតិ​ កត្តា​នេះ​នឹង​ជួយ​សម្រាល​ការខូចខាត​ ហើយ​កាត់បន្ថយ​ស្ថានភាព​មមាញឹក​នៅ​តាមផ្លូវ​ជាតិ​ទៀតផង​៕

សេដ្ឋកិច្ច​ក្រុង​ហុងកុង​បាន​ចាប់ផ្តើម​ធ្លាក់​ចូលក្នុង​វិបត្តិ​

ដោយ​ Donald​ Lee

​ហុងកុង​៖ ការ​ប្រមូល​ផ្តុំគ្នា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​អំពើ​ហិង្សា​រយៈពេល​ ២២​ សប្តាហ៍​បាន​ផ្តួល​រំលំ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​មួយ​នៅ​អាស៊ី​ ខណៈ​ឥឡូវនេះ​ទីក្រុង​ហុងកុង​ប្រឈមមុខនឹង​ការ​ធ្លាក់ចុះ​ថែមទៀត​ នៅពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ថា​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​។

ទិន្នន័យ​សេដ្ឋកិច្ច​ត្រីមាស​ទី​ ៣ របស់​ហុងកុង​បាន​បង្ហាញថា​ ទឹកដី​នេះ​បាន​ឆ្លងកាត់​ការ​ធ្លាក់ចុះ​ ២ ត្រីមាស​ជាប់គ្នា​ដែល​បង្ហាញថា​ ហុងកុង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​ជា​ផ្លូវការ​។

រដ្ឋលេខាធិការ​ហិរញ្ញវត្ថុ​ហុងកុង​លោក​ Paul​ Chan​ Mo​-po​ បាន​សរសេរ​នៅក្នុង​ Blog​ ប្រចាំ​សប្តាហ៍​របស់​លោក​ថា​ “រដ្ឋាភិបាល​នឹង​ប្រកាស​ពី​ការ​ប៉ាន់ស្មាន​ជាមុន​របស់​ខ្លួន​សម្រាប់ត្រី​មាស​ទី​ ៣ នៅ​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់ពី​បានឃើញ​កំណើន​អវិជ្ជមាន​នៅក្នុង​ត្រីមាស​ទី​ ២ វា​មានន័យថា​ សេដ្ឋកិច្ច​របស់​យើង​បាន​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​”។

IMF​ រំពឹង​ថា​ អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ហុងកុង​នឹង​ធ្លាក់ចុះ​ប្រហែល​ ០.៣​ ភាគរយ​ក្នុង​ឆ្នាំនេះ​ ហើយ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​ ១,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដែល​ជា​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ការ​ប៉ាន់ស្មាន​កំណើន​ ២,៩​ ភាគរយ​របស់​ខ្លួន​។

ទោះ​យ៉ាងណា​ លេខាធិការ​ហិរញ្ញវត្ថុ​មាន​ទុ​ទិដ្ឋិនិយម​ជា​ចំហ​នៅក្នុង​ Blog​ របស់​លោក​អំពី​ការលូតលាស់​សម្រាប់​ពេល​វេលា​​ដែល​សល់​នៃ​ឆ្នាំ​ ២០១៩​ ដែល​អាច​ទាញ​សេដ្ឋកិច្ច​ចេញពី​ការ​ធ្លាក់ចុះ​។

លោក​ បន្ថែម​ថា​ “វា​ហាក់ដូចជា​មានការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​យើង​ក្នុង​ការ​ឈាន​ដល់​កំណើន​សេដ្ឋកិច្ច​ពេញ​មួយឆ្នាំ​ពី​ ០ ទៅ​ ១ ភាគរយ​។ ខ្ញុំ​នឹង​មិន​ច្រានចោល​លទ្ធភាព​ដែល​កំណើន​សេដ្ឋកិច្ច​ពេញ​មួយឆ្នាំ​នឹង​មាន​ភាព​អវិជ្ជមាន​នោះ​ទេ​”។

ក្រុម​អ្នក​តវ៉ា​បាន​ធ្វើ​ឱ្យ​ទីក្រុង​នេះ​មាន​ភាព​វឹកវរ​កាលពី​ចុង​សប្តាហ៍​ដោយ​បិទផ្លូវ​ និង​បើក​ការវាយប្រហារ​ជា​មួយ​ប៉ូលី​សនៅ​ក្នុង​តំបន់​ទេសចរណ៍​ដែល​មាន​ប្រជាប្រិយ​ភាព​ Tsim​ Sha​ Tsui​ និង Mong​ Kok​ កាលពី​ម្សិលមិញ​៕

ក្រុង​ព្រះសីហនុ​ដាក់​ឱ្យ​ដំណើរ​រថយន្ត​ Taxi​ ចំនួន​ ៣០​គ្រឿង​ជាលើកដំបូង

ដោយ វុត្ថា

​ព្រះសីហនុ​៖ ក្រុមហ៊ុន​ហ៊ុន​ ស៊ីន​ ភីន​ អាន​ ត្រេ​នស្ព​តថេ​សិន​ ខេម​បូ​ឌា​ បាន​ដាក់អោយ​ដំណើរការ​អាជីវកម្ម​ដឹក​អ្នកដំណើរ​(Taxi​) ចំនួន​ ៣០គ្រឿងក្នុង​ក្រុង​ព្រះសីហនុ​ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​រីក​ចំរើន​នៅក្នុង​ក្រុង​ ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​។

លោក​ឧកញ៉ា​ ហេង​ វណ្ណា​ អគ្គនាយក​នៃ​សហ​ភាគហ៊ុន​ ស៊ីន​ ភីន​ អាន​ ត្រេ​នស្ព​តថេ​សិន​ ខេម​បូ​ឌា​ បាន​អោយ​ដឹង​នៅក្នុង​ពិធីសម្ពោធ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​ ថា​ ក្នុង​ជំ​ហ៊ាន​ដំបូង​ ក្រុមហ៊ុន​នឹង​ដាក់អោយ​ដំណើរការ​រថយន្ត​ចំនួន​ ៣០គ្រឿង​ សិន​ ដោយ​បាន​ផ្តល់​កន្លែង​ការងារ​ដល់​ពលរដ្ឋខ្មែរ​ចំនួន​ ១០០នាក់​ ។ ​

លោក​ឧញ៉ា​បន្ត​ថា​ ការ​ដាក់​ឱ្យ​ដំណើរ​នូវ​រថយន្ត​ដឹក​អ្នកដំណើរ​នេះ​ គឺ​ដើម្បី​ចូលរួម​បំរើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ បើ​ទោះ​បី​បច្ចុ​បប្ប​ន្ន​នេះ​ផ្លូវ​នៅក្នុង​ក្រុង​មិនទាន់​ត្រូវ​បាន​ស្ថាបនា​រួចរាល់​ហើយ​យ៉ាងណា​ក្តី​ តែ​នៅពេល​រដ្ឋាភិបាល​ស្ថាបនា​ផ្លូវ​នៅក្នុង​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​មួយ​នេះ​កាន់តែ​ទទួល​បានការ​គាំទ្រ​កាន់​តច្រើន​។

លោក​ឧកញ៉ា​ បាន​បន្ត​ថា​ ជា​ទឹ​សដៅ​ផែនការ​ ក្រុមហ៊ុន​នឹង​ដាក់​បន្ថែម​រថយន្ត៧០គ្រឿង​ ទៀត​ ឬច្រើនជាង​នេះ​ ទៅតាម​តំរូវការ​ទីផ្សារ​ជាក់ស្តែង​ ។

លោក​ លៀម​ សុ​ដា​ អភិបាលរងខេត្ត​ព្រះសីហនុ​ បាន​ផ្តល់​អនុសាស​ន៏​គាំទ្រ​ចំពោះ​ដំណើរការ​អាជីវកម្ម​ដឹក​អ្នកដំណើរ​ក្នុង​ក្រុង​នេះ​ ។ តែ​ដើម្បី​រក្សាសុខ​សុវត្ថិភាព​ដល់​អ្នកដំណើរ​ ក៏ដូចជា​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរ​ចរ​ណ៏​ ក្រុមហ៊ុន​ត្រូវ​បំពាក់បំប៉ន​ជំនាញ​ និង​ធ្វើការ​ជ្រើសរើស​អ្នកបើកបរ​ អ្នកបច្ចេកទេស​ ដែល​មាន​សមត្ថភាព​ច្បាស់លាស់​ ព្រមទាំង​គោរពច្បាប់​ទាំងអស់គ្នា​ ៕

ប្រធានាធិបតី​ហុងគ្រី​សសើរ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​ និង​មាន​អគារ​ខ្ពស់​ៗច្រើន​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ លោក​ Janos​ Ader​ ប្រធានាធិបតី​សាធារណរដ្ឋ​ហុងគ្រី​បាន​សសើរ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ប្រកបដោយ​វិបុលភាព​ ដោយមាន​អគារ​ខ្ពស់​ៗ នា​ពេល​បច្ចុប្បន្ន​នេះ​ ជា​សញ្ញា​បង្ហាញ​ពីអ​នាគ​តដ៏​ល្អ​របស់​កម្ពុជា​។

ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ នៅ​រសៀល​ថ្ងៃទី២៨​ ​ខែតុលា​ ឆ្នាំ២០១៩នេះ​ ​លោក​ Janos​ Ader​ ប្រធានាធិបតី​សាធារណរដ្ឋ​ហុងគ្រី​ បាន​សម្តែង​ការចូលរួម​អបអរសាទរ​ជាមួយ​វឌ្ឍនភាព​កម្ពុជា​ និង​ ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ អរិយធម៌​ដ៏​រុងរឿង​ និង​យូរ​លុង​មក​ហើយ​ ប្រាសាទ​អង្គរ​ ជា​អច្ឆរិយ​ដ៏​ល្អឯក​មួយ​ ដែល​ពលរដ្ឋ​ហុងគ្រី​ចង់​មក​ទស្សនា​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ បានឱ្យ​ដឹង​ដែរ​ថា​ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ប្រធានាធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៅពេល​នេះ​ មាន​អត្ថន័យ​ជា​ ប្រវត្តិ​សាស្រ្ត​ និង​បាន​ផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ដល់​ប្រជាជាតិ​កម្ពុជា​។ រដ្ឋសភា​កម្ពុជា​ វាយ​តំលៃ​ខ្ពស់​ និង​ពេញចិត្ត​ ចំពោះ​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​រដ្ឋាភិបាល​ នៃ​ប្រទេស​ទំាង​ពីរ​ រួម​ទំាង​សមិទ្ធិ​ផល​នានា​ ដែល​ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទំាង​ពីរ​ខិតខំ​រួមគ្នា​សម្រេច​បាន​មកនេះ​។

សម្តេច​ប្រធាន​រដ្ឋសភា​ បាន​រម្លឹក​ថា​ ហុងគ្រី​ គឺជា​មិត្តចាស់​របស់​កម្ពុជា​ ដែល​ធ្លាប់​មានគុណ​បំណាច់​ដ៏​ធំ​ចំពោះ​កម្ពុជា​ កាលពី​ទសវត្សរ៍​ឆ្នាំ១៩៨០​ បន្ទាប់ពី​កម្ពុជា​ទើបបាន​រំដោះ​ពី​របប​ ប៉ុល​ ពត​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ហុងគ្រី​ក៏បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ក្នុង​ការស្វែងរក​សន្តិភាព​ ជូន​កម្ពុជា​ ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ទៀតផង​៕

ក្រុមហ៊ុន​វិនិយោគ​ផ្សារ​ទំនើប​ FURI​ Times​ Square​ ប្រាប់​ពី​ហេតុផល​នៃ​ការ​ពន្យា​ពេល​បើក​ដំណើរការ​

ដោយ​ ៖ រ៉ា​ណេត

ព្រះសីហនុ​៖ តាម​គម្រោង​ដែល​បាន​កំណត់​ស្ដីពី​កាលបរិច្ឆេទ​នៃ​ដំណើរការ​ផ្សារ​ទំនើប​ FURI​ Times​ Square​ ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​ និង​លើកដំបូង​គេ​បង្អស់​នៅក្នុង​ក្រុង​ព្រះសីហនុ​ នៅ​ត្រឹម​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ បច្ចុប្បន្ន​ត្រូវ​បានសម្រេច​ធ្វើ​ការ​ពន្យា​ពេល​ជា​បណ្តោះអាសន្ន​ ដើម្បី​ឱ្យ​ក្រុមការងារ​បច្ចេកទេស​រៀបចំ​ឱ្យ​បាន​ចប់​សព្វគ្រប់​ និង​ប្រាកដ​ថា​ មាន​ភាពល្អ​ឥត​ខ្ចោះ​ ដែល​អាច​ចាប់​ដំណើរការ​ជាប្រក្រតី​នៅ​ត្រឹម​អំឡុង​ខែវិច្ឆិកា​ ឆាប់​ៗខាងមុខនេះ​ ។

គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប​ FURI​ Times​ Square​ សូម​ជូនដំណឹង​ដល់​សាធារណៈ​ជន​ទាំងអស់​ឱ្យ​បាន​ជ្រាប់​ថា​ ដោយ សារ​កំហុសឆ្គង​ផ្នែកការ​ងារ​បច្ចេកទេស​ក្នុង​ការរៀបចំ​ផ្នែក​ខាងក្នុង​មួយចំនួន​តូច​នៅ​មិនទាន់​បាន​បញ្ចប់​សព្វគ្រប់​ និង​ធានា​បាន​ភាពល្អ​ឥត​ខ្ចោះ១០០ភាគរយ​នៅឡើយ​នោះ​ គណៈ​គ្រប់គ្រង​បានសម្រេច​ធ្វើ​ការ​ពន្យា​ពេល​មួយរយៈពេល​ខ្លី​ ដើម្បី​ទុក​ឱកាស​ដល់​ក្រុមការងារ​បច្ចេកទេស​ និង​ក្រុម​ជំនាញ​ធ្វើការ​រៀបចំ​ និង​សំអាត​ឱ្យ​បាន​រួចរាល់​។

នាយិកា​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ និង​ការ​លក់​ផ្សារ​ទំនើប​ FURI​ Times​ Square​ កញ្ញា​ លីម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ២០១៩នេះ​ថា​ តំណាង​ឱ្យ​គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប​ FURI​ Times​ Square​ សូម​ការ​អធ្យាស្រ័យ​ពីសំណាក់​អតិថិជន​ និង​សាធារណៈ​ជន​ទូទៅ​ដែល​គាំទ្រ​ផ្សារ​ទំនើប​ FURI​ Times​ Square​ ពី​ការ​ពន្យា​ពេល​នៃ​ការ​បើក​ដំណើរការ​ជា​ជំហាន​ដំបូង​កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​។

កញ្ញា​បាន​បន្ត​ទៀត​ “បើ​តាមកាល​កំណត់​ ផ្សារ​ទំនើប​មួយ​នេះ​ នឹង​ត្រូវ​បើក​ដំណើរការ​ជា​ជំហាន​ដំបូង​នៅ​ត្រឹម​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​ ប៉ុន្តែ​ដោយសារតែ​ក្រុមការងារ​ជំនាញ​មិនទាន់​បាន​បញ្ចប់​ការរៀបចំ​ និង​សំអាត​ទាន់ពេល​ ដូច្នេះ​គណៈ​គ្រប់គ្រង​បានសម្រេច​ធ្វើ​ការ​ពន្យា​ពេល​មួយ​រយៈ​ខ្លី​ ដើម្បី​ឱ្យ​ក្រុមការងារ​រៀបចំ​ និង​ប្រាកដ​ថាត្រូវ​បាន​បញ្ចប់១០០ភាគរយ​”។

កញ្ញា​ លីម​ សុខា​ដា​វីន​ បាន​បញ្ជាក់​ថា​ “ការ​ពន្យា​ពេលនេះ​ គឺ​មាន​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​ ពោល​គឺ​នៅ​ត្រឹម​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឆាប់​ៗខាងមុខ​ ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​បើក​ដំណើរការ​ ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ ក៏ដូចជា​សាធារណៈ​ជន​ទូទៅ​ជាក់ជា​មិនខាន​ ហើយ​សង្ឃឹម​ និង​ជឿជាក់​ថា​ សាធារណៈ​ជន​ទាំងអស់​ដែល​គាំទ្រ​ផ្សារ​ទំនើប​ FURI​ Times​ Square​ នឹង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការ​ខកខាន​កាលពី​ពេល​កន្លងទៅ​នេះ​ជាក់ជា​មិនខាន​”។

ផ្សារ​ទំនើប​ FURI​ Times​ Square​ មាន​ទីកន្លែង​លក់រាយ​ និង​កន្លែង​កម្សាន្ត​ចំនួន​សរុប​ ៦,០០០ម៉ែត្រការ៉េ​ ត្រូវ​បាន​ជ្រើសរើស​នៅក្នុង​ប្រភេទ​រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​នៅក្នុង​ពិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​។

ផ្សារ​ទំនើប​ FURI​ Times​ Square​ មាន​កម្ពស់​ ៥ជាន់​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។សូម​រីករាយ​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ រសជាតិ​ជីវិត​ថ្មី​នៃ​ការរស់នៅ​តាម​បែប​ទាន់សម័យ​ ជាមួយនឹង​ផ្សារ​ទំនើប​ FURI​ Times​ Square​ ទាំងអស់គ្នា​…..

ក្រុមហ៊ុន​ UTRUST​ ទទួល​បាន​ពាន​ជ័យលាភី​សហគ្រិន​ឆ្នើម​ឆ្នាំ​ ២០១៩​

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រុមហ៊ុន​ UTRUST​ Investment​ ​Co​,.Ltd​ បាន​ទទួល​បាន​ពាន​ជ័យលាភី​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ២០១៩​ (CEO​ AWARD​ 2019​) ចំនួន​ ៤ ​នៅក្នុង​ព្រឹត្តិ​កា​រណ៍​ប្រា​រព្វ​ខួប​ ១០​ ​របស់​ វិទ្យាស្ថាន​ CEO​ Master​ Club​។

ពានរង្វាន់​នេះ​ ជា​ពានរង្វាន់​សហគ្រិន​ឆ្នើម​ ដែល​ឆ្លងកាត់​ការប្រកួត​ប្រជែង​ក្នុងចំណោម​ក្រុមហ៊ុន​ជាង​ ១០០០​ ក្រុមហ៊ុន​នៅ​កម្ពុជា​ និង​មានការ​វាយតម្លៃ​ ពី​គណៈកម្មការ​ឯករាជ្យ​។

លោក​ ម៉ន​ សុខា​ ជា​ Chairman​ &​ CEO​ ក្រុមហ៊ុន UTRUST​ Investment​ ​Co​,.Ltd​ ​បានឱ្យ​ដឹង​ថា​ ក្រោយ​ការវាយតម្លៃ​ និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ជាច្រើន​ដំណាក់កាល​ពី​គណៈកម្មការ​ឯករាជ្យ​ ដែល​មាន​បេក្ខជន​ចូលរួម​ប្រកួតប្រជែង​ជាច្រើន​រយ​នាក់​កន្លងមក​ គណៈកម្មការ​បានសម្រេច​ និង​ប្រគល់​ពាន​ជ័យលាភី​ ជូន​លោក​ ម៉ន​ សុខា​ ដូចជា​៖
• Master​ CEO​ Award​ ពាន​ជ័យលាភី​សម្រាប់​ទទួលស្គាល់​និង​លើកទឹកចិត្ត​សហគ្រិន​
• Outstanding​ Entrepreneur​ Medal​ មេដៃ​ទទួលស្គាល់​សហគ្រិន​លេចធ្លោ​ (Top​ 20​)
• Outstanding​ CEO​ Award​ ពាន​ជ័យលាភី​ទទួលស្គាល់​សហគ្រិន​ឆ្នើម​ (Top10​)
• Accounting​ Award​ ពាន​ជ័យលាភី​ទទួលស្គាល់​សហគ្រិន​ដែល​បាន​រៀបចំ​របៀបរបប​ និង​ស្តង់ដារ​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​ល្អ​ និង​តម្លាភាព​សម្រាប់​ស្ថាប័ន​ (Top5​) លោក​បញ្ជាក់​ទៀត​ថា​ ដើម្បី​ក្រុមហ៊ុន​រីកចម្រើន​ និង​ជោគជ័យ​ គឺ​អាស្រ័យ​ទៅលើ​កត្តា​ ៤ចំណុច​ដូច​ខាងក្រោម​៖
• ធ្វើការ​យកចិត្ត​ទុកដាក់​នឹង​ផ្តល់​ប្រយោជន៍​ទៅលើ៣ភាគី​ ទី១​ គឺ​អតិថិជន​ ទី២​ បុគ្គលិក​និង​ ក្រុមការងារ​ ទី៣​ ក្រុមហ៊ុន​
• ធ្វើការ​ទំនាក់ទំនង​ឲ្យបាន​ល្អ​ក្នុង​បណ្ដាញ​សង្គម​ គ្រប់កន្លែង​ គ្រប់​ស្ថាប័ន​ នឹង​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​
• ធ្វើការ​ទំនាក់ទំនង​ឲ្យបាន​ល្អជា​មួយ​នឹង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​
• ​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ក្រុមហ៊ុន​ ការអនុវត្ត​ន៍​យ៉ាង​ហ្មត់ចត់​ មាន​ទស្សនៈ​វិស័យ​ពង្រីក​ភាព​ល្បីល្បាញ​របស់​ខ្លួន​នៅក្នុង​ប្រទេស​ និង​ពិភពលោក​ ។

ពានរង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ២០១៩​ (Outstanding​ CEO​ AWARD​ 2019​) ជាម​ហា​ព្រឹត្តិការ​ដ៏​ធំ​ប្រចាំឆ្នាំ​ ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ​ (CEO​ Master​ Club​) ដែល​មាន​សហ​គ្រិន​ឆ្នើម​ៗ និង​ម្ចាស់​អាជីវកម្ម​ជាង​ ១០០០​នាក់​ មក​ពី​គ្រប់​ស្ថាប័ន​ទូទាំង​ប្រទេស​ ចូលរួម​ប្រកួតប្រជែង​ យក​ពាន​ជា​សហគ្រិន​ឆ្នើម​នេះ​ ដែល​បាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នា​រាត្រី​ថ្ងៃសៅរ៍​ ទី២៦​ ខែតុលា​ ឆ្នាំ២០១៩​ ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីសំណាក់​ ឯកឧត្តម​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត និង​មន្រ្តី​មុខការ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕


សិក្ខាសាលា​ស្តីអំពី​ គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​នៅ​ក្រុង​សៀមរាប​

ដោយ​ វល័​ក្ខ​

សៀមរាប​៖ ក្រុ​មហ៊ុ​នភ័ញ​ធើ​ប្រ​ផឹ​ធី​ ជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ អ៊ី​វ្យូ​រៀល​ធើ​ រៀបចំ​សិក្ខាសាលា​ស្តីអំពី​ ‘‘គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ក្រុង​សៀមរាប​’’ ក្នុង​គោលបំណង​ចែករំលែក​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​ និង​ឱកាស​ទិញ​ផ្ទះ​ក្នុង​ទីក្រុង​រណប​ថ្មី​នៅ​ក្រុង​សៀមរាប​។

កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ អង្គ​រប៉ា​រ៉ា​ឌី​ ដោយមាន​ការចូលរួម​គាំទ្រ​ភ្ញៀវ​កិត្តិយស​ជាង២០០នាក់​ដែល​ជា​វិ​និ​យា​គិ​នម្ចាស់​ក្រុមហ៊ុន​ សណ្ឋាគារ​ សភា​ពាណិជ្ជកម្ម​ សមាជិក​នៃ​សមាគមន៍​កម្ពុជា​និង​ភ្ញៀវ​កិត្តិយស​ផ្សេងទៀត​។ កម្មវិធី​សិក្ខាសាលា​នេះ​ផង​ដែរ​ មានការ​ចូលរួម​ពី​លោក​ឧកញ៉ា​បណ្ឌិត​ ហ៊ុយ​ ភៀវ​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប‍​-ឧត្តរមានជ័យ​និង​សំណាក់​វាគ្មិន​ទាំង៧រូប​ មក​ពី​ស្ថាប័ន​ក្រុមប្រឹក្សា​ផ្នែក​ច្បាប់​ និង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​សុទ្ធសឹងតែ​បុគ្គល​ដែល​មានបទពិសោធន៍​ការងារ​ខ្ពស់​ និង​ ជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ​។ បទ​បង្ហាញ​សំ​ខាន់​ៗក្នុង​សិក្ខាសាលា​រួមមាន​៖ (១) ការ​បង្ហាញ​ពី​គម្រោង​ភាគ​ខាងកើត​នៃ​ក្រុង​សៀមរាប​ និង​ពង្រីក​ការអភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​ជុំវិញ​តំបន់​ផ្លូវ៦០ម៉ែត្រ​ ក្នុង​គោលបំណង​បង្កើត​តំបន់​ទេសចរណ៍​បន្ថែម​ទៀត​ និង​ លើកស្ទួយ​កំណើន​ធនធាន​ទេសចរណ៍​ឡើងវិញ​។

(២) សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​ ‘ភូមិ​បាគង​’ ដែល​ជា​សំណង់​គេហដ្ឋាន​បែប​ប្រណីត​ចំនួន​ ៣៥០ខ្នង​ លើ​ផ្ទៃដី​សរុប​ ៤.៧ហិ​កតា​ និង​ការរៀបចំ​បរិវេណ​ដើមឈើ​បៃតង​ សួនច្បារ​ជុំវិញ២២កន្លែង​ ស្មើនឹង៥០ភាគរយ​នៃ​ផ្ទៃដី​សរុប​។ ជា​ការពិត​ណាស់​ គម្រោង​ភូមិ​បាគង​មិន​ត្រឹមតែ​ទទួលការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ប្រជាជន​ក្នុង​តំបន់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​មានការ​ទទួលស្គាល់​ពី​ជនបរទេស​ផង​ដែរ​ ដោយ​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការរៀបចំ​សហគមន៍​រស់នៅ​បែប​ថ្មី​ ជួបជុំគ្នា​ក្រោម​ការរស់នៅ​អម​ជាមួយ​បរិយាកាស​អំណោយផល​ពី​ធម្មជាតិ​ បណ្តុំ​នៃ​សួន​ សាលារៀន​ ផ្សារ​ ចំណត​យានយន្ត​រួម​ និង​ស្ពាន​អាកាស​ថ្មើរជើង​ដំបូង​គេ​បង្អស់​ក្នុង​ខេត្តសៀមរាប​។

លោក​ ងួន​ ឆាយ​លាង​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ភ័ញ​ធើ​ប្រ​ផឹ​ធី​ មានប្រសាសន៍​ថា​ ‘‘គោលគំនិត​នៃ​ការបង្កើត​ជា​សហគមន៍​រស់នៅ​ឲ្យ​មាន​ភាព​រស់រវើក​ឡើងវិញ​ ការ​ប្រាស្រ័យ​ទាក់ទងគ្នា​រវាង​អ្នកជិតខាង​ ការ​ជួបជុំ​គ្នា​ក្នុង​មជ្ឍ​ដ្ឋាន​រស់នៅ​ប្រកបដោយ​ផាសុកភាព​និង​សន្តិភាព​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​ឲ្យ​តម្លៃ​ ហើយ​ពួក​យើង​កំពុង​រួមចំណែក​កសាង​ការរស់នៅ​បែបផែន​នៃ​ក្តី​ស្រ​ម៉ៃ​របស់​ប្រជាជន​ឲ្យ​ក្លាយជា​ការពិត​’’។

ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ Martin​ Aerne​ ជា​ស្ថាបត្យករ​ជនជាតិ​ស្វីស​ដ៏​ល្បីល្បាញ​ បាន​រួមចំណែក​ក្នុង​ការ​គូស​ប្លង់​គម្រោង​មេ​ និង​ផ្តល់​សេវា​ស្ថាបត្យកម្ម​លើ​បទដ្ឋាន​រស់នៅ​បែប​ខ្មែរ​នៃ​ សំណង់​ភូមិ​បាគង​នេះ​ផង​ដែរ​។

លោក​ ​Martin​ Aerne​ មាន​ទស្សនវិស័យ​ជឿជាក់​ថា​គម្រោង​ដែល​ល្អ​ មិន​ត្រឹមតែ​ផ្តោត​ទៅលើ​ទីតាំង​ និង​ការសាងសង់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​គឺ​ការកែច្នៃ​តំបន់​រស់នៅ​នោះ​ឲ្យ​មានជីវិត​ស្រប​ជាមួយ​ធម្មជាតិ​ កាត់បន្ថយ​ផ្សែង​ពុល​ទៅវិញ​ទេ​ដែល​ជា​ការរស់នៅ​ពិតប្រាកដ​ និង​សក្តិ​សម​បំផុត​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​។

ជា​កិច្ចបញ្ចប់​នៃ​កម្មវិធី​នេះ​ វាគ្មិន​ទាំងអស់​បាន​ផ្ដល់​អនុសាសន៍​ថា​ ដើម្បី​ទទួល​បាន​ភាព​គាំទ្រ​និង​ជោគជ័យ​ ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​គួរតែ​ផ្តោត​លើ​ការរៀបចំ​គម្រោង​ដែល​គាំទ្រ​ឱ្យ​មាន​ វប្បធម៌​ប្រាស្រ័យ​ទាក់ទង​ស្និទ្ធស្នាល​ បរិយាកាស​ដែល​មាន​ដើមឈើ​សួនច្បារ​ច្រើន​ និង​ការរស់នៅ​ដែល​ប្រា​កប​ដោយ​ផាសុកភាព​។ លើស​ពីនេះ​ទៅទៀត​វាគ្មិន​ទាំងអស់​ ក៏បាន​ជឿជាក់​ថា​គម្រោង​អភិវឌ្ឍន៍​សៀមរាប​ខាងកើត​ ពិតជា​មានលទ្ធភាព​ និង​សក្ដានុភាព​ខ្ពស់​ ក្នុង​ការ​លើកស្ទួយ​វិស័យ​អចលនទ្រព្យ​ ក៏ដូចជា​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​ផង​ដែរ​៕