សម្តេចតេជោ៖ កុំមានការព្រួយបារម្ភរឿងបាត់ EBA ហើយកម្ពុជាមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ

0

ដោយ ប៊ី

ភ្នំពេញ៖ សម្តេចតេជោនាយករដ្ធមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា កុំមានការព្រួយបារម្ភរឿងបាត់ EBA ដោយកម្ពុជារៀនរស់ដោយខ្លួនឯង ហើយមិនអាចយកអធិបតេយ្យភាពទៅដោះដូរនឹងជំនួយពីបរទេសឡើយ។

សម្តេចតេជោមិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ ដោយសម្តេច បានថ្លែងបានថ្លែង នៅក្នុងការអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា “យើងត្រូវរៀនដកដង្ហើម និងរៀនរស់ដោយខ្លួនឯង កម្ពុជាមិនអាចយកអធិបតេយ្យភាព ទៅដោះដូរនឹងជំនួយពីបរទេសឡើយ កម្ពុជាត្រូវការសន្តិភាព និងមានឯករាជ្យភាពរបស់ខ្លួន”។

សម្តេចតេជោ បានថ្លែងថា អ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នាពេលនេះ គឺសុខសន្តិភាព។ កម្ពុជា ត្រូវតែអនុវត្តន៍ច្បាប់របស់កម្ពុជា ជនគ្រប់រូបត្រូវតែស្ថិតក្រោមច្បាប់។

សម្តេចតេជោ បានថ្លែងបន្តថា កម្ពុជា ធ្លាប់រងគ្រោះឆ្អែតឆ្អន់ហើយដោយសារតែការជ្រែតជ្រែកអធិបតេយ្យ និងឯករាជ្យរបស់កម្ពុជា ពីប្រទេសដទៃ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យក្រោកឈរឡើងការពារអធិបតេយ្យ និងឯករាជ្យជាតិ ដោយមិនត្រូវឱ្យនរណាមកឈ្លានអធិបតេយ្យជាតិបាននោះទេ។

សម្តេចតេជោនាយករដ្ធមន្រ្តីបានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ អាចនឹងមានរោងចក្រមួយត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ដោយសារតែខ្វះវត្ថុធាតុដើមដែលនាំពីចិនមក ដោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួននៅប្រទេសចិនត្រូវបិទទ្វាដោយសារបញ្ហាជម្ងឺកូរូណានេះ។

ដូច្នេះសម្តេចតេជោបានបញ្ជាក់ថា បើសិនបើពេលខាងមុខនេះមានរោងចក្រមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ននោះ គឺមិនមែនដោយសាររឿង EBA នោះទេ សូមកុំមានការយល់ច្រឡំ។

លោក ហេង សួរ អ្នកនាំពាក្យ ក្រសួង ការងារ និង បណ្តុះបណ្តាល វី ជ្ជា ជីវៈ បានបញ្ជាក់ប្រាប់កាសែតក្នុងស្រុកមួយថា បញ្ហាវីរុសនៅប្រទេសចិនមិនទាន់ធូរស្បើយ ដូច្នេះភាគីរោងចក្រចិន មិនអាចនាំចេញ និងនាំចូលផលិតផលទៅទូទាំងប្រទេសបាននៅឡើយ ជាពិសេសវត្ថុធាតុដើម។ ចិនជាប្រទេសដ៏ធំដែលអាចផលិត និងផ្គត់ផ្គង់វត្ថុធាតុដើមដូចជា ក្រណាត់ ដែលនាំចូលមកកម្ពុជា និងបណ្តាប្រទេសដទៃទៀត។

លោក ហេង សួរ បានថ្លែងថា “នៅប្រទេសកូរ៉េ ជប៉ុន វៀតណាម និងបណ្តាប្រទេសដទៃទៀតកំពុងតែប្រឈមនឹងខ្វះវត្ថុធាតុដើមសម្រាប់លក់ និងផលិតបន្តទៀត ហើយកម្ពុជាក៏ជួបបញ្ហានេះផងដែរ។ អ៊ីចឹងហើយបានជាមានរោងចក្រនៅកម្ពុជាមួយចំនួនសម្តែងការបារម្ភ ហើយព្យាយាមទាក់ទងទៅប្រទេសចិនដើម្បីធ្វើការផ្គត់ផ្គង់វត្ថុធាតុដើម”។

លោក ហេង សួរ បានឱ្យដឹងថា ក្នុងចំណោមរោងចក្រកាត់ដេរជាង១២០០នៅកម្ពុជា នឹងមានរោងចក្រមួយចំនួន អាចផ្អាកដំណើរការផលិតជាបណ្តោះអាសន្ន និងព្យួរការងាររបស់កម្មករមួយរយៈសិន ដោយសារខ្វះខាតវត្ថុធាតុដើមសម្រាប់យកទៅផលិតជាសំលៀកបំពាក់។

លោក បានបន្តថា “នៅពាក់កណ្តាលខែមីនា និងចុងខែមីនាខាងមុខនេះ អាចនឹងមានរោងចក្រមួយចំនួនសុំព្យួរការងារកម្មករចំនួន៣ពាន់នាក់ មួយរយៈសិន ទម្រាំតែក្រុមហ៊ុនចិនបើកដំណើរការនាំចូលវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here