អាល្លឺម៉ង់​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង់​អភិវឌ្ឍ​កម្ពុជា​ចំនួន ៦៤០លាន​ដុល្លារ​

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ គិត​ពីដើម​រហូតដល់​ឆ្នាំ២០១៩នេះ​ សាធារណៈ​រដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​ជាង៦៤០​ លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ប្រមាណ ៣​% នៃ​ទំហំ​ហិរញ្ញប្បទាន​ទាំងអស់​ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

​លទ្ឋ​ផល​នេះ​ ត្រូវ​បាន​ប្រកាស​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ និង​ជា​អគ្គលេខាធិការ​គណ:កម្មា​ធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (គ.ជ.នា​/ក.អ.ក​) និង​ លោក ​Christian​ Berger​ ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ នៅ​ថ្ងៃទី២៨​ ខែ​ តុលា​ ឆ្នាំ២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ថា​ ទំហំ​ហិរញ្ញប្បទាន​នេះ​ មិនរាប់​បញ្ចូល​ទាំង​ហិរញ្ញប្បទាន​ ដែល​ភាគី​អាល្លឺម៉ង់​បាន​ផ្តល់​ឱ្យ​កម្ពុជា​ តាមរយៈ​គម្រោង​ថ្នាក់​តំបន់​ និង​សកល​ ឬតាមរយៈ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ បណ្តាញ​អង្គការ​សហប្រជាជាតិ​ និង​សហគមន៍​អឺរ៉ុប​។

ដោយឡែក​ក្នុង​ឆ្នាំ​ ២០១៨​ -២០១៩​ ហិរញ្ញប្បទាន​ឥត​សំណង​ទ្វេភាគី​របស់​អាល្លឺម៉ង់​មាន​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​អាទិភាព​ចំនួន​ ៣ រួមមាន​ ១ វិស័យ​អភិវឌ្ឍន៍​ជនបទ​ ២ វិស័យ​សុខាភិបាល​ និង៣​ វិស័យ​អភិបាលកិច្ច​។

ផ្អែក​តាម​លទ្ធផល​នៃ​កិ​ច្ច​ចចារ​ រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​ ១៤​-១៥​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នៅ​ទី​ក្រុង​ប៊ែ​កឡាំង​ ​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​វឌ្ឍនភាព​កន្លងមក​ ហើយ​ឯកភាព​បន្ត​កិច្ចសហការ​ លើ​វិស័យ​អាទិភាព​ចំនួន៣​ ដោយ​គ្រោង​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ចំនួន៥៤​,៤០​ លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​ ២០១៩​-២០២០​។

ភាគី​អាល្លឺម៉ង់​ ក៏បាន​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​អាហារូបករណ៍​ថ្នាក់​ឧត្តម​សិក្សា​ និង​ថ្នាក់​ក្រោយ​ឧត្តម​សិក្សា​ ដល់​មន្ត្រី​រាជការ​ និង​និស្សិត​កម្ពុជា​ ការ​ផ្តល់​អ្នកជំនាញ​ការ​ អ្ន​កស្ម័​ក្រ​ចិត្ត​ និង​ជំនួយ​បច្ចេកទេស​នានា​ដល់​ក្រសួង​ និង​ស្ថាប័​រាជរដ្ឋាភិបាល​។

ទន្ទឹម​នេះ​ ភាគី​អាល្លឺម៉ង់​បាន​ និង​កំពុង​ចូលរួម​គាំទ្រ​ការអនុវត្ត​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ​ ២០១៥​-២០២៥​ តាមរយៈ​ការ​ការ​គាំទ្រ​វិស័យ​ឯកជន​ ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​ និង​មធ្យម​ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ការជំរុញ​វិស័យ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​ និង​ការ​កៀរគរ​វិនិយោគិន​អាល្លឺម៉ង់​មក​កម្ពុជា​៕

គម្រោង​ផ្លូវ​ល្បឿន​លឿន​តម្លៃ​ ៥០០លាន​ដុល្លារ​តភ្ជាប់​ពី​ហូ​ជី​ម៉ិញ​មក​ភ្នំពេញ​ត្រូវ​បាន​ចុះហត្ថលេខា​

ដោយ​ Donald​ Lee​

វៀតណាមៈ​ អាជ្ញាធរ​វៀតណាម​ បាន​រៀបចំ​ពិធី​ចុះហត្ថលេខា​សម្រាប់​ផ្លូ​វល្បឿ​ននឿ​នទី​ក្រុង​ហូជីមិញ​-ផ្លូ​វម៉ុ​កបៃ​ ដែល​នឹង​តភ្ជាប់​ពីទី​ក្រុង​ហូជីមិញ​ មកកាន់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​។

អនុប្រធាន​អាជ្ញាធរ​វៀតណាម​ ប្រចាំ​ទីក្រុង​ហូជីមិញ​ លោក​ Vo​ Van​ Hoan​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា​ គម្រោង៥០០លាន​ដុល្លារ​នេះ​ នឹង​ចាប់​ ​ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២១​ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៥​ខាង​មុខនេះ​។

ដំណាក់កាល​ដំបូង​ នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​- ម៉ុ​កបៃ​ នឹង​ផ្តោត​លើ​ផ្លូវ​ ៣៣គីឡូម៉ែត្រ​ ពី​ទី​ក្រុង​ហូ​ជី​ម៉ិញ​ ទៅ​ខេត្ត​តាយ​និញ​ ប្រទេស​វៀតណាម​។ ដំណាក់កាល​ទី២​ នឹង​ត្រូវ​លាតសន្ធឹង​ផ្លូវ២០.៥គីឡូម៉ែត្រ​ពី​តាយ​និញ​ ទៅ​ម៉ុ​កបៃ​ ដែល​ល្បឿន​រហូតដល់ ៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​តភ្ជាប់​ពី​ក្រុង​បាវិត​ នៃ​ប្រទេស​កម្ពុជា​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​ បាន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារតែ​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ផ្លូវ​ហាយ​វ៉េ​លេខ២២​ ដែល​ជាច​រា​ចរណ៍​សេវាកម្ម​ផ្លូវ​តែមួយ​ ពី​ហូជីមិញ​មក​កម្ពុជា​ តាមរយៈ​ច្រក​ព្រំ​ដែន​ម៉ុ​កបៃ​។

ផ្លូវ​ល្បឿន​លឿន​របស់​វៀតណាម​ នឹង​តភ្ជាប់​ទៅ​ភ្នំពេញ​ នឹង​បណ្តាញ​ផ្លូវ​ល្បឿន​លឿន​បាវិត​ទៅ​ប្រទេស​កម្ពុជា​។

គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ ទៅ​ផ្លូវជាតិ​លេខ១​ សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ នឹង​ពង្រីក​ផ្លូវ​ចាប់ពី១៥៩គីឡូម៉ែត្រ​ទៅ១៦៤​ និង​ពង្រីក​ផ្លូវ​ដើម្បី​សម្រួល​ដល់​រថយន្ត​កុងតឺន័រ​ពី​ភ្នំពេញ​ ទៅ​ហូជីមិញ​តាមរយៈ​ក្រុង​បាវិត​។

បាវិត​ដែល​ជាទី​ក្រុង​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​ឆ្លងកាត់​ដ៏​សំខាន់​មួយ​ បន្ទាប់ពី​បញ្ចប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ និង​វៀតណាម​៕

កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ 5G​ ដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ បានឱ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា​ កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​ បាន​យល់ព្រម​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ នៅក្នុង​បណ្តាញ​ទំនាក់ទំនង​ 5G​ និង​បញ្ញា​សិប្បនិម្មិត​ (AI​) ដើម្បី​បង្កើន​អត្ថ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​នេះ​។

សេចក្តី​ប្រកាស​រួម​ដែល​ធ្វើឡើង​ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ទូរគមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​ (TELMIN​) ដែល​បាន​ធ្វើឡើង​នៅ​រដ្ឋធានី​ឡាវ​ កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ទៅវិញទៅមក​ ក្នុង​ការ​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ ជឿនលឿន​រវាង​អាស៊ាន​ទាំង១០​ និង​កូរ៉េ​ខាងត្បូង​។

ទីក្រុង​សេអ៊ូល​បាន​ និង​កំពុង​ផ្លាស់​ប្តូរ​ការចែក​រំលែក​ចំណេះដឹង​របស់​ខ្លួន​ នៅក្នុង​បច្ចេកវិទ្យា​ 5G​ AI​ និង​បច្ចេកវិទ្យា​ព័ត៌មាន​ និង​គមនាគមន៍​ (អាយ​ធី​) ជាមួយ​ដៃគូ​អាស៊ាន​។ កូរ៉េ​គឺជា​ប្រទេស​ដំបូង​គេ​ដែល​បង្កើត​ Internet​ ជំនាន់​ក្រោយ​នៅក្នុង​ខែ​ មេសា​ ឆ្នាំនេះ​ និង​ជា​អ្នកនាំ​មុខ​គេ​ក្នុង​វិស័យ​ទូរគមនាគមន៍​។

ការយោគយល់​គ្នា​នេះ​ នឹង​ជួយ​សម្រួល​ដល់​ការអនុវត្ត​ ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ផែនការមេ​ស្តី​ពី​ការ​តភ្ជាប់​អាស៊ាន​ ក៏ដូចជា​ របៀបវារៈ​ពិភពលោក​ផ្តោត​លើ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

រដ្ឋមន្រ្តី​វិទ្យាសាស្រ្ត​ និង​បច្ចេកវិទ្យា​ព័ត៌មាន​លោក​ Choi​ Ki​-young​ ដែល​តំណាង​ឱ្យ​ទីក្រុង​សេអ៊ូល​នៅក្នុង​កិច្ចពិភាក្សា​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ និង​ថ្ងៃសុក្រ​ បាន​សង្កត់ធ្ងន់​ថា​ ការ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ អាច​ជួយ​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ឌីជីថល​ ដ៏​ទូលំទូលាយ​មួយ​ដែល​ល្អ​សម្រាប់​ភាគី​ទាំងអស់​។

ផែនការមេ​នេះ​ គឺជា​ផែនទី​បង្ហាញផ្លូវ​រយៈពេល​ច្រើន​ឆ្នាំ​ ដែល​មាន​គោលបំណង​សម្រាប់​ការ​តភ្ជាប់​ និង​សមាហរណកម្ម​អាស៊ាន​ឱ្យ​កាន់តែ​រលូន​ និង​ទូលំទូលាយ​។

កិច្ចពិភាក្សា​ TELMIN​ ចុងក្រោយ​បាន​បញ្ជាក់​ជាថ្មី​ នូវ​ចំណងមិត្តភាព​ជិតស្និទ្ធ​រវាង​កូរ៉េ​ខាងត្បូង​ និង​អាស៊ាន​មុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​-កូរ៉េ​ឆ្នាំ​ ២០១៩​ គ្រោង​នឹង​ធ្វើ​នៅ​ទី​ក្រុង​ប៊ូ​សាន​នា​ចុងខែ​ វិច្ឆិកា​៕

KIT បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ជាមួយនឹង​អាហារូបករណ៍ ១០០ភាគរយ​សំរាប់​និស្សិត​កម្ពុជា​

ដោយ​ គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ (KIT​) បាន​បើក​​បវេសនកាល​ឆ្នាំសិក្សា ២០១៩ – ២០២០ ជាមួយនឹង​វត្តមាន​និស្សិត​អាហារ​រូបករណ៍​ជាតិ​ និង​អន្តរជាតិ​កាន់តែ​ច្រើន​ ពិសេស​ស្តង់​ដា​នៃ​ការអប់រំ​ ដែល​ផ្តោត​លើ​នវានុវត្តន៍​នៃ​ពេល​អនាគត​។

លោក​ TAKESHI​ ​Izuka​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ A2A​ Town​ Cambodia​ ដែល​បាន​បើក​វិទ្យាស្ថាន​ KIT​ ក្នុង​គោលដៅ​ផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ ដល់​និស្សិត​កម្ពុជា​ និង​អន្តរជាតិ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​និស្សិត​កម្ពុជា​ឆ្លើយតប​នឹង​ការ​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍ​កម្ពុជា​។ និស្សិត​សិក្សា​នៅ​ទីនេះ​ ទទួល​បាន​អាហារូបករណ៍១០០ភាគរយ​ ជាមួយ​អាហារ​ប្រចាំថ្ងៃ​ អន្តេវាសិក​ដ្ឋាន​សំរាប់​ស្នាក់នៅ​ ការ​បោកគក់​សម្លៀកបំពាក់​ និង​សម្ភារៈ​សិក្សា​ជាដើម​។

​កម្មវិធី​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​មាន​ចំនួន​ពីរ​ ទី១​ វិស្វកម្ម​កុំព្យូទ័រ​ និង​បដិសណ្ឋារ​កិច្ច​ ជាមួយ​គ្រូ​បរទេស​និង​សិក្សា​ជា​ភាសាអង់គ្លេស​។ លើស​ពីនេះ​ពួកគេ​ត្រូវ​សិក្សា​មួយថ្ងៃ៨ម៉ោង​ ដោយ៤ម៉ោង​សិក្សា​ក្នុង​ថ្នាក់​ និង៤ម៉ោង​អនុវត្តន៍​ផ្ទាល់​លើ​កម្ម​វិ​ធី​សក្សា​របស់​ពួកគេ​។

​លោក ​Takeshi​ Izuka​ បាន​មានប្រសាសន៍​ថា​ គិត​ចាប់ពី​ពេល​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ២០០៤​ រហូត​មកទល់​ពេលនេះ​ KIT ​បាន​ទទួល​និស្សិត​អាហារូបករណ៍​ជាង៣០០នា​ក់់​ ដែល​មាន​និស្សិត​ជនជាតិ​ខ្មែរ​ភាគច្រើន​ និង​និស្សិត​ជប៉ុន​ជាដើម​។

​លោក​ម៉ក់​ ងយ អគ្គនាយកនៃនាយកដ្ឋានឧត្តមសិក្សាក្រសួងអប់រំយុវជន​ និងកីឡា​បាន​ថ្លែង​ថា​ វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ បាន​បង្កើត​កម្មវិធី​សិក្សា​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ គឺ​គោលនយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ស្សា​ហក​ម្ម​ឆ្នាំ២០១៥​ ២០២៥​ និង​គោលនយោបាយ​របស់ក្រ​សួង​អប់រំ​យុវជន​ និងកីឡា​ក្រោយ​ឆ្នាំ២០៣០​។ ការ​ពង្រឹង​ធនធានមនុស្ស​ជំនាញ​ ជា​អ្វី​ដែល​ដើរស្របគ្នា​ នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ដើម្បី​រុញ​កម្ពុជា​ឲ្យ​ឈានឡើង​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​។

​លោក​បន្ត​ថា​ និស្សិត​សិក្សា​នៅ​ទីនេះ​ ពួកគេ​ស្នាក់នៅ​រួមគ្នា​ ហូបចុក​រួមគ្នា​ ចែករំលែក​សុខទុក្ខ​រួមគ្នា​ ជា​អ្វី​ដែល​ស្រប​នឹង​គោលនយោបាយ​របស់ក្រ​សួង​ ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យ​មានចំណេះ​ដឹង​ មាន​ជំនាញ​ ចេះ​រស់នៅ​ជាមួយគ្នា​ ដើម្បី​កសាង​សហគមន៍​ និង​សង្គម​មួយ​ប្រកបដោយ​ភាព​សុខសាន្ត​។

កញ្ញា ​Yumi​ Nakahara​ និស្សិត​មក​ពី​ប្រទេស​ជប៉ុន​ ដែល​បាន​មក​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​បាន​មានប្រសាសន៍​ថា​ ដោយ​បាន​សិក្សា​ស្វែងយល់​ពី​វិទ្យាស្ថាន​នេះ​ កញ្ញា​បានសម្រេច​ចិត្ត​មក​សិក្សា​នៅ​ទីនេះ​ លើ​ជំនាញ​វិស្វកម្ម​កុំព្យូទ័រ​ ដែល​ជា​ជំនាញ​មួយ​កញ្ញា​ចូលចិត្ត​ ព្រោះ​ពេល​បញ្ចប់​ការសិក្សា​កញ្ញា​ អាច​ត្រលប់​ទៅ​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​វិញ​បាន​។កញ្ញា​បន្ត​ថា​ កម្មវិធី​សិក្សា​ និង​ទីតាំង​របស់​វិទ្យាស្ថាន​នេះ​មាន​ភាព​អំណោយផល​ដល់​ការសិក្សា​ ហើយ​យើង​រីករាយ​ក្នុង​ការសិក្សា​នៅ​ទីនេះ​ ជាមួយ​និស្សិត​កម្ពុជា​ និង​និស្សិត​ជប៉ុន​ជាច្រើន​ដែល​បាន​សិក្សា​នៅ​ទីនេះ​។

ចំណែក​កញ្ញា​ហ៊ុយ​ វី​រី​យ៉ា​និស្សិត​អាហារូបករណ៍​​ ដែល​បាន​ចាប់ផ្តើម​ចូលរៀន​នៅក្នុង​វិទ្យាស្ថាន​នេះ​ សម្រាប់​ឆ្នាំ​សិក្សា២០១៩​ ២០២០បាន​មានប្រសាសន៍​ថា​ កញ្ញា​រីករាយ​ដែល​បាន​ប្រលង​ជាប់​អាហារូបករណ៍​នៅ​ទីនេះ​ ហើយ​កញ្ញា​មាន​អារម្មណ៍​នឹកផ្ទះ​ពេល​មក​ស្នាក់នៅ​វិទ្យាស្ថាន​នេះ​តំបូង​ៗ ប៉ុន្តែ​មួយ​រយៈ​ក្រោយមក​ យើង​មាន​មិត្ត​ភ័ក្តិ​ យើង​សិក្សា​រួមគ្នា​ ធ្វើឲ្យ​យើង​មាន​ភាព​រីករាយ​ជាមួយ​បរិយាកាស​នៅ​ទីនេះ​ នឹង​បរិយាកាស​ធម្មជាតិ​នៅ​ទីនេះ​ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ស្រស់​ស្អាត​របស់​យើង​។

កញ្ញា​បន្ត​ថា​ ការ​ប្រលង​ជាប់​ជា​និស្សិត​អាហារូបករណ៍​នៅ​ទីនេះ​ មិន​ងាយស្រួល​នោះ​ទេ​ វា​ទាមទារ​នូវ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ត្រូវ​មាន​អត្ត​ចរិ​កល្អ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការសិក្សា​រៀនសូត្រ​។

លោក​បណ្ឌិត​ឆែម​ គា​តរិទ្ឋី​ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ដែល​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​បវេសនកាល​នៅ​ KIT​ បាន​មានប្រសាសន៍​អបអរសាទរ​ និង​កោតសរសើរ​ដល់​ KIT​ ពិសេស​លោក​ Takeshi​ Izuka ​ដែល​បាន​បង្កើត​វិទ្យាស្ថាន​នេះ​ឡើង​ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ ពិសេស​ការរៀបចំ​កម្មវិធី​សិក្សា​ ប្រកបដោយ​គុណភាព​កម្រិត​អន្តរជាតិ​។

លោក​បន្ត​ថា​ និស្សិត​សិក្សា​នៅ​ទីនេះ​ ពួកគេ​ប្រឈម​បញ្ហា​មួយចំនួន​ ដូចជា​ការ​បែកចេញ​ពី​គ្រួសារ​ ដែល​នេះ​ជា​ការ​ប្រឈម​មួយ​សំរាប់​ប្រពៃណី​ទំនៀម​ទំ​លាប់​ខ្មែរ​ ប៉ុន្តែ​ពួកគេ​ត្រូវតែ​ចេះ​សម្រប​ខ្លួន​ដែល​បែក​ពី​គ្រួសារ​ ដូ​ច្នេះ​ប្អូន​ៗត្រូវតែ​ចេះ​រៀន​រស់​ដោយខ្លួនឯង​ រៀន​រស់នៅ​ជាមួយ​មិត្ត​ភ័ក្តិ​ និង​រៀន​រស់​បែបជា​សហគមន៍​មួយ​ ដែល​ផ្តល់​សារៈ​ប្រយោជន៍​ និង​គុណ​តម្លៃ​សំរាប់​ជីវិត​របស់​ពួកគេ​៕

កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កម្ពុជា​នឹង​ថមថយ​ក្នុងរង្វង់​អត្រា​ ៨,៩ភាគរយ​នៅ​ឆ្នាំ​ ២០២០

​ដោយ​ វុត្ថា

ភ្នំពេញ​៖ ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​ ត្រូវ​បាន​ព្យាករណ៍​ថា​ នឹង​មានការ​ថម​ថយម​ក្នុងរង្វង់​អត្រា​ ៨,៩​%ក្នុង​ឆ្នាំ​ ២០២០​ ធៀប​នឹង​ ១០,៧​ % នៅក្នុង​ឆ្នាំ​ ២០១៩​ ។ នេះ​បើ​យោង​តាម​ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២០​។

ខ្លឹមសារ​សេចក្តី​ព្រាងច្បាប់​ដដែល​ពន្យល់​ថា​ ដោ​សារ​កា​រំពឹង​ទុក​នូវ​កំណើន​យឺត​នៃ​វិស័យ​កា​ត់ដេ​ និង​កមណើ​នយឺ​តបន្តិច​នៃ​អនុ​វិស័យ​សំណង់​ ទោះបីជា​អនុ​វិស័យ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​ ទាំំ​ងសម្រាប់​បំរើ​ឱ្យ​ការនាំចេញ​ និង​ទីផ្សារ​ក្នុង​ស្រុក​អាច​សម្រេច​បាន​កំណើន​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ ២០១៩បន្តិច​ក្តី​។

អនុ​វិស័យ​កាត់ដេរ​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​កំណើន​ទាប​ ដោយសារ​ការ​ថមថយ​កំណើន​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​រំពឹង​ទុក​នូវ​ផល​ប៉ះពាល់​ដែល​អាច​បណ្តាល​មក​ពី​ភាព​មិន​ច្បាស់លាស់​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​មួយចំនួន​។

ជាមួយគ្នា​នេះ​ដែរ​ បើ​តយោង​តាម​និន្នាការ​ក្នុង​ពេល​ថ្មី​ៗនេះ​ អនុ​វិស័យ​សំណង់​អាច​ប្រឈម​នឹង​ការ​កែតម្រូវ​ផ្នែក​ទីផ្សារ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​កំណើន​នៃ​វិស័យ​នេះ​ មានការ​ថមថយ​ខ្លះ​។

យ៉ាងណាមិញ​អនុ​វិស័យ​មិនមែន​កាត់ដេរ​ ដូចជា​ម្ហូបអាហារ​ និង​ភេសជ្ជៈ​ ឧស្សាហកម្ម​ដំឡើង​យាន្ត​យន្ត​ គ្រឿង​បង្គុំ​អេ​ឡិក​ត្រូ​និក​ គ្រឿងបន្លាស់​ គ្រឿងសង្ហារិម​ និង​ស៊ី​មង់​ត៍​ជាដើម​ ទាំង​សម្រាប់​បំរើ​ឱ្យ​ការនាំចេញ​ និង​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​នឹង​មានសន្ទុះ​កំណើន​ខ្ពស់​ទាំង​ក្នុង​ទិដ្ឋភាព​នៃ​ការពង្រីក​ការ​វិនិយោគ​ ដែល​មានស្រាប់​ និង​ទាំង​ក្នុង​ទិដ្ឋភាព​នៃ​វិយោគ​ថ្មី​៕

វិស័យ​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​នៅតែ​មាន​សក្តា​នុ​ពល​ ទោះជា​ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់ចុះ​

ដោយ​ ប៊ី​

សៀម​រា​បៈ​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើង​ថា​ វិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប​ នៅតែ​ទទួល​បានការ​ចាប់​យ៉ាង​ខ្លាំង​ពីសំណាក់​អ្នក​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ខណៈ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​ នៅតែ​មាន​សក្តា​នុ​ពល​សម្រាប់​កា​រវិនោ​គ។

លោ​កងួន​ ឆាយ​លាង​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Pointer​ Property​ បាន​ប្រាប់​ Propertyarea.asia​ នៅ​ថ្ងៃ​ ២៦​ ខែតុលា​កន្លងមក​ថា​ ដោយ​មើល​ទីផ្សារ​បច្ចុប្បន្ន​នៅ​ខេត្តសៀមរាប​ ដែល​នៅតែ​រំពឹង​តែ​លើ​វិស័យ​ទេសចរណ៍​ ការ​កើនឡើង​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​ផ្សារភ្ជាប់​ជាមួយ​វិស័យ​ទេសចរណ៍​ ហើយ​លំនៅឋាន​បែប​ទេសចរណ៍​នៅតែ​មាន​តម្រូវការ​ក្នុង​វិស័យ​ក្នុង​ខេត្តសៀមរាប​។

លោក​បន្ត​ថា​ “នៅពេល​ខាងមុខ​សៀមរាប​ នឹង​មាន​ទីក្រុង​រណប​ ទីក្រុង​សៀមរាប​នឹង​កាន់តែ​មានការ​អភិវឌ្ឍ​សម្បូរ​បែប​ ដែល​ផ្តល់​ឳកាស​ច្រើន​ ក្នុង​ការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ទីនេះ​”។

លោ​កងួន​ ឆាយ​លាង​បានឱ្យ​ដឹង​ទៀត​ថា​ ក្រៅពី​មា​នព្រ​លាន​យន្តហោះ​ថ្មី​មួយទៀត​ ដែល​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​ ខេត្ត​មាន​គំរោង​វិនិយោគ​ជាច្រើន​ទៀត​ ដូចជា​គម្រោង​អាងចិញ្ចឹមត្រី​ដែល​តម្លៃ៧០​ លាន​ដុល្លារ​នឹង​ចូលរួម​ចំណែក​ការ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​ទេសចរណ៍​ គម្រោង​សាងសង់​ផ្សារ​បណ្តែត​ទឹក​ កន្រ្ត​កវិល​ដ៏​ធំ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ជប៉ុន​ជាដើម​។

នា​ពេល​ខាងមុខ​ ខេត្តសៀមរាប​ នឹង​មាន​ក្រុង​រណប​ទាំងមូល​មានផ្ទៃ​ដី​រហូត​ទៅដល់២១៥​ ហិ​កតា​ និង​មាន​គម្រោង​អភិវឌ្ឍ​ន៍​ផ្សេង​ៗ ទាក់ទង​វិស័យ​ទេសចរណ៍​ វិស័យ​ធុរកិច្ច​ វិស័យ​អប់រំ​ និង​ការរស់នៅ​លក្ខណៈ​ប៉ៃ​តង​។ នេះ​ជា​ផែនការ​មួយ​ដែល​សិក្សា​ដោយក្រុម​ហ៊ុន​ ULS​ សហការ​ជាមួយនឹង​ក្រុមហ៊ុន​ Belt​ Road​ Capital​ Management​ (BRCM​) ហើយ​មាន​អ្នក​គូស​ប្លង់​មេ​ជា​ជនជាតិ​ដា​ណឺ​ម៉ាក់​ ដែល​មានបទពិសោធន៍​ជាង​ ២០​ ឆ្នាំ​។

បើ​ទោះបី​ជួបប្រទះ​ នឹង​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ក៏ដោយ​ លោក​ឆាយ​លាង​នៅតែ​មាន​សុទិដ្ឋិនិយម​ថា​ “នៅពេល អនាគត​ អ្វី​នឹង​ត្រឡប់​មក​ល្អ​ប្រសើរ​ឡើង​ ហើយ​គម្រោង​អភិវឌ្ឍន៍​ច្រើន​ នឹង​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​ និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​កាន់​ប្រសើរ​ផង​ដែរ​”។

ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​ លោក​ហ៊ុយ​ ភៀវ​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្វែងយល់​ពី​គម្រោង​អភិវឌ្ឍន៍​ នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី​ ២៦​ ខែ​ តុលា​ថា​ វិស័​អចលនទ្រព្យ​នៅ​ខេត្ត​នេះ​ កំពុង​មានសន្ទុះ​គួរ​ឱ្យ​កត់សម្គាល់​ ខណៈ​ឃើញ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុង​ហូរ​ចូលក្នុង​ខេត្ត​មួយ​នេះ​។

លោក​មានប្រសាសន៍​ “គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាច្រើន​ បាន​បាញ់​ឆ្ពោះទៅ​កាន់​ទិសខាងកើត​នៃ​ខេត្តសៀមរាប​ ដូច្នេះ​ធ្វើ​ឱ្យ​មាន​កំណើន​អចលនទ្រព្យ​នៅ​ទិសខាងកើត​”។

ទោះបីជា​យ៉ាង​ក៏ដោយ​ ក៏​លោក​ ភៀវ​ បាន​ក្រើនរំលឹក​ដល់​វិនិយោគិន​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តសៀមរាប​ ឱ្យ​ប្រុងប្រយ័ត្ន​ក្នុង​ការទិញ​ និង​វិនិយោគ​អចលនទ្រព្យ​ ពិសេស​ដីធ្លី​ ដោយ​លោក​បាន​ថ្លែង​ថា​ អ្នក​វិនិយោគ​គួរ​មើល​តំបន់​ ឬទីតាំង​ដីធ្លី​ឱ្យ​បាន​ច្បាស​លាស់​ មុននឹង​ទិញ​ ឬវិនិយោគ​ ដោយសារ​តំបន់​ និង​ទីតាំង​មួយចំនួន​ជាប់នឹង​តំបន់​អប្សរា​ និង​តំបន់​អភិរក្ស​ដែល​មិន​អនុ​ញាត​ឱ្យធ្វើ​ការសាងសង់​ឡើយ​។

លោក​ក៏បាន​លើកឡើង​ដែរ​ថា​ ការទិញ​គម្រោង​ណាមួយ​ ឬដី​ឡូត៍​ណាមួយ​ អ្នកទិញ​ ត្រូវ​ពិនិត្យមើល​អា​ជ្ញាប័​ណអភិវឌ្ឍន៍​ឱ្យ​បាន​ច្បាស់លាស់​៕

លោក​ស៊ុន​ ចាន់​ថុ​លប​ន្ត​ត្រួតពិនិត្យ​ស្ថានភាព​កំណាត់ផ្លូវ​ជាតិ​លេខ៣​ ដើម្បី​ធានា​បាន​គុណភាព​រឹងមាំ​យូរអង្វែង​

ដោយៈ​ រ៉ា​ណេត​

កំពតៈ​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ៣​ ដើម្បី​ប្រាកដ​ថា​ ក្រុមហ៊ុន​ធានា​ការសាងសង់​ត្រូវ​បាន​ធ្វើឡើង​ស្រប​ ទៅតាម​ការកំណត់​នៃ​បទដ្ឋាន​យ៉ាង​ពិតប្រាកដ​ និង​អាច​ធានា​គុណភាព​ប្រើប្រាស់​បាន​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត​។

កំណាត់ផ្លូវ​ជាតិ​លេខ៣​ (ភ្នំពេញ​-កំពត​) មួយ​ខ្សែ​នេះ​ មាន​ប្រវែង​សរុប​ជាង១៣៤គីឡូម៉ែត្រ​ ក្នុង​នោះ​ប្រវែង៦៩គីឡូម៉ែត្រ​ចាប់ពី​ចោមចៅ​ ដល់​ចំណុច​ផ្លូវបំបែក​បាយ​គូស​ ត្រូវ​សាងសង់​ជា​ផ្លូវ៤គន្លង​ និង​ចាប់ពី​បែក​គុស​ ដល់ទី​រួម​ខេត្តកំពត​ប្រវែង៦៥​,៧៩៦គីឡូម៉ែត្រ​ ត្រូវ​សាងសង់​ជា​ផ្លូវ២គន្លង​។

គម្រោង​នេះ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ២១៩​,៩១១លាន​ដុល្លារ​អាមេរិក​ ជា​ហិរញ្ញប្បទាន​សម្បទាន​ ពីសា​ធារ​ណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សាងសង់​ដោយក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​ ថ្នល់​ចិន​ ត្រួតពិនិត្យ​បច្ចេកទេស​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​សំណង់​ក្វាង​ចូវ​ វ៉ាន​អាន​ និង​ប្រើ​រយៈពេល៤៨ខែ​។

មានប្រសាសន៍​នា​ក្នុង​ឱកាស​ ចុះ​ពិនិត្យ​ស្ថានភាព​ស្ថាបនា​ជួសជុល​ផ្លូវលោក​ ស៊ុន​ ចាន់​ថុ​លបាន​គូសបញ្ជាក់​ថា​ “ផ្លូវ​មានការ​ខូចខាត​ដោយសារ​កត្តា​អាកាសធាតុ​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ តំបន់​ខ្លះ​មាន​ប្រភេទ​ដី​ទន់​ (ដី​ស្អុយ​) ការ​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ បាន​ធ្វើ​ឱ្យ​ផ្លូវ​ឆាប់​ទទួលរង​ការខូចខាត​”។

លោក​បាន​បន្ត​ទៀត​ថា​ “ឈាន​ចូល​ដល់​ផុត​រដូវភ្លៀង​ យើង​នឹង​សម្រុក​ធ្វើ​ផ្លូវជាតិ​លេខ៣​ នេះ​ជា​ប្រភេទ​បេតុង​កៅស៊ូ​ (AC​) ដែល​មានគុណ​ភាព​ប្រើប្រាស់​រហូតដល់១២ឆ្នាំ​ ហើយ​បច្ចុប្បន្ន​ យើង​ធ្វើការ​ជួសជុល​បណ្តោះអាសន្ន​ ដើម្បី​ជួយ​សម្រួល​បងប្អូន​ធ្វើ​ចរាចរណ៍​”។

លោក​ទេស​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ផ្លូវថ្នល់​មួយចំនួន​នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​បន្ត​អភិវឌ្ឍ​ជាបន្តបន្ទាប់​ពី​កៅស៊ូ២ស្រទាប់​ (DBST​) ទៅជា​បេតុង​កៅស៊ូ​ (AC​) និង​ផ្លូវ​មួយចំនួន​ទៅជា​បេតុង​ស៊ីម៉ងត៍​ ដូចជា​ ផ្លូវ​កោះកុង​- ស្រែអំបិល​ កំពង់​ធ្វើជា​ AC​ ២គន្លង​ និង​មាន៤កន្លែង​ ពង្រីក​ទៅជា៤គន្លង​ផង​ដែរ​។

លោក​ទេស​រដ្ឋ​មន្ដ្រី​ ក៏បាន​បញ្ជាក់​ពី​គម្រោង​ បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ២​ ផ្លូវជាតិ​លេខ១០​ (សំឡូត​-កោះកុង​) និង​គម្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ២១​ ផ្លូវជាតិ៥៥​ ដែល​ជា​ផ្លូវ​ស្រស់​ស្អាត​ឡើងចុះ​ភ្នំ​ ភ្ជាប់​ទៅ​ទល់ដែន​ថៃ​ នា​ពេល​ឆាប់​ៗនេះ​ផង​ដែរ​។

សម្រាប់​តែ​ផ្លូវជាតិ​លេខ៣​ នឹង​ត្រូវ​ធ្វើការ​ជួសជុល​ឱ្យ​បាន​រួចរាល់​ នៅក្នុង​ខែធ្នូ​ចុងឆ្នាំ២០១៩នេះ​ ដើម្បី​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ចំនួន២​ គឺ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី៣​ នៅ​ខេត្តកំពត​ ចាប់ពី​ថ្ងៃទី២៧​ ដល់​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៩​ និង​ពិធី​ប្រណាំង​កង់​អន្តរជាតិ​ ចាប់ពី​ខេត្តកោះកុង​ ឆ្ពោះ​មក​ខេត្ត​កែប​ ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ នៅ​ខែមករា​ ឆ្នាំ២០២០​ ខាងមុខនេះ​៕

ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​នឹង​ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​កាន់តែ​ទាក់ទាញ​អ្នក​ធុរកិច្ច​

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ មិនយូរ​ប៉ុន្មានទៀត​ទេ​ ក្រុង​ព្រះសីហនុ​ នឹង​ក្លាយទៅជា​ទីក្រុង​ដ៏​ទំនើប​ និង​មាន​សោភ័ណភាព​ បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ​ ទេសចរណ៍​ និង​ធុរកិច្ច​ ខណៈ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ទូទាំង​ខេត្ត​ព្រះសីហនុ​ នឹង​រៀបចំឡើង​ដោយក្រុម​ការងារ​បច្ចេកទេស​ជំនាញ​ចំនួន៣ស្ថាប័ន​រួមគ្នា​ក្នុង​ពេល​តែមួយ​។

ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ឡើងវិញ​ នៅ​ទី​ទាំង​ខេត្ត​ ក្រុង​ព្រះសីហនុ​នា​ពេលនេះ​ ធ្វើឡើង​ក្រោម​ការដឹកនាំ​ និង​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧបនាយក​រដ្ឋមន្រ្តី​ជា​ សុ​ផា​រ៉ា​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ​; បាន​សហការ​ជាមួយ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយនឹង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​ កំពុង​អនុវត្ត​គម្រោង​ជា​បណ្តើរ​ៗព្រម​ៗគ្នា​ ហើយ​ទៅលើ​គម្រោង​ស្ថាបនា​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ទូទាំង​ខេត្ត​ ក្រុង​ព្រះសីហនុ​។

យោង​តាម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​បញ្ជាក់​ថា​ ផ្លូវ​សរុប៣៤ខ្សែ​ក្នុង​ក្រុង​ព្រះសីហនុ​ ប្រវែង​សរុប​ជាង៨៤គីឡូម៉ែត្រ​ នឹង​ត្រូវ​បាន​ស្ថាបនា​ជាថ្មី​ឡើងវិញ​ ដោយ​ចំណាយ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង២០០លាន​ដុល្លារ​អាមេរិក​ ស្របតាម​បទបញ្ជា​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​សំដៅ​ ប្រែក្លាយ​ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​ទំនើប​ និង​ជា​តំបន់​សេដ្ឋកិច្ច​ពហុ​ប៉ូល​របស់​កម្ពុជា​។

បច្ចុប្បន្ន​នេះ​ផ្លូវ​ចំនួន២៤​ ខ្សែ​ ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ និង​កំពុង​ចាប់ផ្ដើម​ស្ថាបនា​ជា​បណ្ដើរ​ៗហើយ​ក្នុង​នោះ​រួមមាន​ ១) កង​វិស្វកម្ម​ សម្តេច​តេជោ​ ហ៊ុន​ សែន​ សៀមរាប​ ស្ថាបនា​ផ្លូវ​មហាវិថី​ជំទាវ​ម៉ៅ​ ប្រវែង​ ៩.៣៦៥ម​ ចំនួន​ ០១​ ខ្សែ​។ ២)កង​វិស្វកម្ម​ លេខ​ ១៧៨​ ស្ពាន​ថ្នល់​ ស្ថាបនា​វិថី​ឯករាជ្យ​ ប្រវែង​ ៥.៣៦៥ម​ ចំនួន​ ០១ខ្សែ​។ ៣) ក្រុមហ៊ុន​ ហេង​ សម្បត្តិ​ ស្ថាបនា​មហាវិថី​ឆ្នេរ​រាម​, វិថី​អូរត្រេះ​, វិ​ថី​ពូ​ទ្បូ​វៃ​, វិថី២ធ្នូ​, វិថី២៨​ មិថុនា​ ប្រវែង​សរុប​ ២៣.៣៦០ម​ ចំនួន​ ០៥ខ្សែ​។ ៤) ក្រុមហ៊ុន​ រ៉ូ​យ៉ា​ល់​មេគង្គ​ ស្ថាបនា​មហាវិថី​រាម​លេខ​ ៤៥​ និង​វិថី​មិត្តភាព​កម្ពុជា​-រុស្សី​ លេខ​ ៧០៥​ ប្រវែង​សរុប​ ១១.៦០៣ម​ ចំនួន​ ០២ខ្សែ​ ។

៥) ក្រុមហ៊ុន​ សារ​ជីវកម្ម​ ពិស្ណុការ​ ស្ថាបនា​ខ្សែ​ផ្លូវ​លេខ​ ៤, ៦, ១២​, ៧.១៧​, ១៨​. ១៩​, ២០​, ១១​ ប្រវែង​សរុប​ ១២.៥៧២ម​. ចំនួន​ ០៩ខ្សែ​ ។ ៦) ក្រុមហ៊ុន​ SCE​ ស្ថាបនា​វិថី​ចំណោត​អូរ​ត្រាវ​ លេខ​ ៤៩​ ប្រវែង​សរុប​ ៦.៥០៦ម​ ចំនួន​ ១ខ្សែ​ និង​ ៧) ក្រុមហ៊ុន​ VT​ ស្ថាបនា​ផ្លូវ​លេខ​ ១១៥​, ១៣៥​, ១០២​, ១២៦​, ៥០២​ ប្រវែង​សរុប​ ៥.៥៦២ម​ ចំនួន​ ០៥​ ខ្សែ​។

នៅ​អំឡុង​ពេល​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ «មហាវិថី​ជំទាវ​ម៉ៅ​» នា​ពេល​ថ្មី​ៗនេះ​ លោក​គួច​ ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​ បាន​លើកឡើង​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​ភ្ញាក់ផ្អើល​ជាមួយ​សមិទ្ធផល​ថ្មី​ ក្នុងទឹក​ដី​ខេត្ត​ព្រះសីហនុ​ ដែល​កើតមាន​នៅពេល​ខាងមុខនេះ​”។ លោក​បន្ត​ថា​ “ដើម្បី​សម្រេច​បាន​តាម​ផែនការ​ គឺ​មិនមែន​ត្រឹម​អាជ្ញាធរ​ខេត្ត​ទេ​ គឺ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល​ត្រូវ​រួមគ្នា​ ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ ដើម្បី​ប្រែក្លាយ​ទីក្រុង​មួយ​នេះ​ ឱ្យទៅ​ជាទី​ក្រុង​បៃតង​ និង​ជាទី​ក្រុង​ទេស​ចរ​ណ៏​ដ៏​ទំនើប​ សម្រាប់​បងប្អូន​កម្ពុជា​ មក​កម្សាន្ត​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​”។

តាម​ផែនការ​គ្រោងទុក​ «មហាវិថី​ជំទាវ​ម៉ៅ​» គឺជា​ខ្សែ​ផ្លូវ​យុទ្ធ​សាស្រ្ត​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ ក្នុង​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ពី​ផ្លូវបំបែក​រាម​ មកកាន់​ក្រុង​ព្រះសីហនុ​ ដោយ​ចំណាយ​រយៈពេល​ក្រោម៣០នាទី​។ ជាមួយគ្នា​នេះ​ លោក​អភិបាលខេត្ត​ព្រះសីហនុ​ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ចូលរួម​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ជំរុញ​ការ​កសាង​ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ក្នុង​ខេត្ត​ព្រះសីហនុ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ ជាពិសេស​គឺ​ដើម្បី​ស្វា​គម៍​ភ្ញៀវ​ជាតិ​អន្ដរ​ជាតិ​ អ្នក​វិនិយោគ​ និង​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ខេត្ត​ក៏ដូចជា​របស់​បងប្អូន​ បាន​ដោយ​រីកចម្រើន​ និង​មាន​ស្ថេរ​ភាពជា​រៀង​រហូត​៕

ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ចិន​នៅ​មាន​ស្ថេរ​ភាពល្អ​ប្រសើរ​

ដោយ ​វុត្ថា​

ប៉េ​កាំងៈ​ កំណើន​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​ចិន​នៅតែ​មាន​ស្ថេរ​ភាព​ក្នុងរយៈពេល៩ខែ​ នៃ​ឆ្នាំ​ ២០១៩នេះ​ ។ នេះ​បើ​យោង​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) របស់​ប្រទេស​ចិន​ បាន​បាន​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​នេះ​។

NBS​ បាន​បន្ត​ថា​ ការ​វិនិយោគ​របស់​ចិន​ ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​បាន​កើនឡើង​ ១០.៥ភាគរយ​ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ហើយ​ក្នុងរយៈពេល៩ខែ​ឆ្នាំ២០១៩​ ដែល​មិន​មានការ​ផ្លាស់​ប្តូរ​ពី​រយៈពេល៨ខែ​ដំបូង​ឡើយ​។

ទិន្នន័យ​នេះ​ក៏បាន​បង្ហាញ​ផង​ដែរ​ នូវ​ការ​លក់​លំនៅឋាន​ពាណិជ្ជកម្ម​ បាន​កើនឡើង​សរុប១​,១៩ពាន់​លាន​ម៉ែត្រក្រឡា​ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ ពោល​គឺ​ធ្លាក់ចុះ​ ០,១ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​មានការ​ធ្លាក់ចុះ០​,៦ ភាគរយ​ក្នុងរយៈពេល៨ខែ​ដំបូង​។

ដោយឡែក​ តម្លៃ​លំនៅឋាន​នៅក្នុង​ទីក្រុង​សំ​ខាន់​ៗចំនួន៧០របស់​ចិន​ ក៏​នៅតែ​មាន​ស្ថេរ​ភាពល្អ​ដដែល​ ជាមួយនឹង​ការ​កើនឡើង​បន្តិចបន្តួច​ កាលពី​ខែកញ្ញា​កន្លងមក​នេះ​ ​ក្នុង​នោះ​ តម្លៃ​ផ្ទះ​ថ្មី​នៅក្នុង​ទី​ក្រុង​ធំៗ​ចំនួន៤រួមមាន​ ទីក្រុង​ប៉េកាំង​ ទីក្រុង​សៀងហៃ​ ទីក្រុង​សេន​ជេន​ និង​ទីក្រុង​ក្វាង​ចូវ​បាន​កើនឡើង០​,៤ ភាគរយ​ក្នុង​ខែកញ្ញា​ បើ​ធៀប​នឹង​ខែមុន​គឺ​ ០,១ ភាគរយ​ខ្ពស់​ជាងខែ​មុន​។

មន្ត្រី​ស្ថិតិ​ជាន់ខ្ពស់​របស់​ NBS​ លោក​ Kong​ Peng​ បាន​និយាយ​ថា​ ទីផ្សារ​អចលនទ្រព្យ​ នៅក្នុង​ប្រទេស​ចិន​ នៅតែ​បន្ត​មាន​ស្ថិរភាព​ល្អ​ប្រសើរ​ ចាប់តាំងពី​ដើមឆ្នាំ​រហូតដល់​មកនេះ​ បើ​ទោះបី​មាន​សង្គ្រាម​ពាណិជ្ជកម្ម​យ៉ាងណា​ក្តី​ និង​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​មានការ​អនុវត្តន៍​ យន្តការ​គ្រប់គ្រង​រយៈពេល​វែង​ សម្រាប់​ទីផ្សារ​អចលនទ្រព្យ​មួយ​នេះ​៕

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពស់​កប់​ពពក​ជាលើកដំបូង​ក្នុង​ខេត្តកំពត​បាន​ចាប់ផ្តើម​សាងសង់​ហើយ​

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​ភ្លោះ​កំពស់៤៥ជាន់​ ដែល​ជា​អាគារ​ខ្ពស់​ជាងគេ​នៅក្នុង​ខេត្តកំពត​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ហើយ​ បន្ទាប់ពី​គំរោង​នេះ​ត្រូវ​បាន​សិក្សា​អស់​រយៈពេល​ជា​យូរ​។

ពិធី​បើក​ការដ្ឋាន​សាងសង់​នេះ​ បាន​ធ្វើឡើង​ក្រោម​អធបិ​តី​ភាព​លោក​ទេព​ ធន់​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំ​ណង់់​ និង​អភិបាលខេត្ត​កំពត​លោក​ជាវ​ តាយ​និង​មន្រ្តី​ពាក់​ព័ន្ឋជាច្រើន​ទៀត​។

គំរោង​នេះ​នឹង​រួមមាន​ផ្សារ​ទំនើប​ អាគារ​ការិយាល័យ​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ អា​ផា​តម៉ិន​ជាដើម​។

មន្រ្តី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ថៃ​ ប៊ុ​នរ៉ុង​បាន​មានប្រសាសន៍​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេ​ ញឈ្មោះថា​ គំរោង​នេះ​ វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំជាង​គេ​នៅ​ខេត្តកំពត​ និង​ជាលើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខេត្ត​នេះ​ ហេតុនេះ​ការសាងសង់​ត្រូវ​គិត​គូ​ពី​បញ្ហា​បរិស្ថាន​ បទដ្ឋាន​បច្ចេកទេស​ជាច្រើន​ ដែល​ត្រូវការ​រយៈពេល​មួយ​ ដើម្បី​បញ្ចប់​។

កំពត​ជា​ខេត្ត​ទេសចរណ៍​ជាប់មាត់​សមុទ្រ​ ក្នុង​ភាគ​និរិ​តី​នៃ​ប្រទេស​កម្ពុជា​ដ៏​មាន​ប្រជាប្រិយ​ភាព​ ដោយសារតែ​អំណោយផល​ពី​ធម្មជាតិ​។ ខេត្ត​នេះ​ មាន​តំបន់​ទេសចរណ៍​ ចំនួន១៧កន្លែង​សំ​ខាន់​ៗ ដែល​ស្រូប​យក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ជិត​ពីរ​លាន​នាក់​ ក្នុង​មួយឆ្នាំ២០១៨​។ ប៉ុន្តែ​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ នៅ​មិនទាន់​មាន​ឆ្នេ​ខ្សាច់​សម្រាប់​ងូតទឹក​កម្សាន្ត​នៅឡើយ​ទេ​ ទើបតែ​ដើមឆ្នាំ២០១៩នេះ​រដ្ឋបាល​ខេត្ត​ ដោយមាន​ការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍​ បាន​ចាប់ផ្តើម​រៀបចំ​អភិវឌ្ឍ​តំបន់ឆ្នេរ​ខ្សាច់​ កម្សាន្ត​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​មាន​ទាំង​ផ្សារ​ទំនើប​ និង​សណ្ឋាគារ​ផ្កាយ​ប្រាំ​ផង​។

​អភិបាលខេត្ត​កំពត​លោក​ជាវ​ តាយ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ កំពុង​មានការ​រីកចម្រើន​ខ្លាំង​ ដោយសារ​គំរោង​ដ៏​ធំ​នេះ​នឹង​ផ្តល់​ទំនុកចិត្ត​បន្ថែម​ទៀត​ ដល់​អ្នក​វិនិយោគ​បរទេស​ដែល​គ្រោង​ ចូល​មក​វិនិយោគ​លើ​គំរោង​ជាច្រើន​នៅក្នុង​ខេត្ត​នេះ​៕