ដោយ ប៊ី
ភ្នំពេញៈ ប្រទេសថៃគ្រោងនឹងចាប់ផ្តើម ការទូទាត់ប្រាក់តាមព្រំដែន តាមរយៈបច្ចេកវិទ្យា QR កូដនៅក្នុងតំបន់អាស៊ាន (រួមមានកម្ពុជា សឹង្ហបូរី និងមីយ៉ាន់ម៉ា) នៅពាក់កណ្តាលឆ្នាំនេះ ដើម្បីបង្កើនប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈវេទិកាឌីជីថលនៅទូទាំងតំបន់អាស៊ាន។

លោកស្រី Siritida Panomwon Na Ayudhya ជំនួយការអភិបាលទទួលបន្ទុកផ្នែកប្រព័ន្ធទូទាត់ និងគោលនយោបាយហិរញ្ញវត្ថុនៅធនាគារថៃ បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការទូទាត់តាមប្រព័ន្ធឌីជីថលរវាងប្រទេសថៃ និងសឹង្ហបូរី កម្ពុជា និងមីយ៉ាន់ម៉ានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។
លោកស្រីបាននិយាយថា “អន្តរប្រតិបត្តិការក្នុងតំបន់នៃការទូទាត់កូដQR ដែលមានលក្ខណៈស្តង់ដាររវាងប្រទេសថៃ និងប្រទេសទាំងនេះបានបន្តបោះជំហានទៅមុខ”។
គម្រោងទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិករបស់ថៃ សម្រាប់ឆ្នាំ២០២០ ផ្តល់អាទិភាព ដល់ការទូទាត់ឆ្លងព្រំដែន និងការផ្ទេរមូលនិធិ ក្នុងគោលបំណងជំរុញប្រតិបត្តិការហិរញ្ញវត្ថុ តាមរយៈវេទិកាឌីជីថលនៅទូទាំងអាស៊ាន និងការធ្វើសមាហរណកម្មប្លុកក្នុងតំបន់។
ធនាគារក្នុងស្រុកនីមួយៗ បានបង្កើតអន្តរប្រតិបត្តិការក្នុងតំបន់ សម្រាប់ការទូទាត់លេខកូដ QR ដែលអាចប្រើក្នុងប្រទេសផ្សេងៗ ក្រោមការឧបត្ថម្ភធនាគារ និងប្រព័ន្ធប្តូរទៅប្តូរ។
កាលពីឆ្នាំមុនធនាគារ Thanachart Bank (TBank) បានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់ធនាគារឡាវ សម្រាប់សេវាកម្មទូទាត់ប្រាក់ឌីជីថលនៅក្នុងប្រទេសជិតខាង។
ដូចគ្នានេះដែរធនាគារ Siam Commercial Bank (SCB) បានបង្កើតការទូទាត់ឌីជីថលនៅប្រទេសកម្ពុជា ហើយធនាគារ Krungthai Bank ក៏ធ្វើដូចគ្នានៅសឹង្ហបូរីដែរ។ ធនាគារ Ayudhya បានចាប់ផ្តើមផ្តល់សេវាកម្មទូទាត់QR កូដឆ្លងដែនកាលពីខែ សីហា ឆ្នាំមុននៅក្នុងប្រទេសជប៉ុន។
លោកស្រីSriathath Lamsam អនុប្រធានប្រតិបត្តិរបស់ធនាគារ SCB បានឱ្យដឹងថា ធនាគារនេះ មានការរីកចម្រើន ក្នុងការអភិវឌ្ឍការទូទាត់ប្រាក់QR កូដនៅកម្ពុជា៕






