សម្តេចជោ៖ តម្លៃដីធ្លីនឹងឡើងថ្លៃ ក្រោយពង្រីកផ្លូវជាតិលេខ ២ នេះ

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូជាលេខ ២ នឹងបន្តកើនថ្លៃ ក្រោយពីការពង្រីករួចរាល់ ហើយអ្នកដែលទទួលបានផលច្រើនជាងគេ គឺអ្នកដែលរស់នៅតាមបណ្តោយផ្លូវជាតិនេះ។

សម្តេតជោ ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋាន “គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២”នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា គម្រោងរោងចក្រ សហគ្រាស និងអគារពាណិជ្ជកម្មនឹងមកបោះទីតាំងនៅតាមបណ្តោយផ្លូវនេះ ប្រដូចទៅនឹងតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលកាលពីមុនគឺមិនមានការរីកច្រើននោះទេ ។

សម្តេចតេជោថា “ខ្ញុំបានលើកអារឿងលក់ដីនេះ កាលពីឆ្នាំ ១៩៩៤ -១៩៩៨ មានការតិះទៀនខ្ញុំខ្លាំងណាស់ ហើយបន្តមកទៀតក៏មាការតិះទៀតដែរ។ នៅពេលនោះប្រជាពលរដ្ឋបានលក់ដីនៅតាមបណ្តោយជាតិលេខ ៤ ដែលតភ្ជាប់រវាងអង្គឈ្នួល និងភ្នំពេញ ហើយតពីអង្គឈ្នួលទៅកំពង់ស្ពឺ”។

សម្តេចបន្ថែមថា “គេតិះទៀតថា ឱ្យប្រជាពលរដ្ឋលក់ដីអស់ បានធ្វើឱ្យខ្ញុំឆ្លើយតប ដីដែលត្រូវប៉ាន់ គេទិញដើម្បីកសាងរោងចក្រ”។
សម្តេចបន្ថែមថា “ចឹងត្រូវពិនិត្យមើលដូច្នេះ ខ្ញុំសូមធ្វើការប្រៀបធៀប ដីមួយហិកតាដែលប្រជាពលរដ្ឋធ្លាប់តែធ្វើស្រូវ ចិញ្ចឹងបានមនុស្សបានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែដីមួយហិកតាដដែលនេះ បើគាត់លក់ គេនឹងយកទៅធ្វើរោងចក្រ បានចិញ្ចឹងមនុស្សបាន ៥ពាន់នាក់ ដោយរោងចក្រនេះ ទទួលមនុស្សយកមកធ្វើការសម្រាប់ចំនួន ៥ ពាន់នាក់”។
សម្តេចបញ្ជាក់ទៀតា “ចំណែកម្ចាស់ដី ដែលមានដីត្រូវប៉ាន់ហើយ ទើបគេទិញ គាត់លក់ ១ហិកតា សល់លុយច្រើន ហើយអាចយកលុយនោះទៅទិញបាន ៥ ហិកតា”។
សម្តេចតេជោថា “ខ្ញុំមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋលក់ដីនោះទេ តែ បើដីនោះចិញ្ចឹមបាន ៥ នាក់ ហើយប្រែក្លាយទៅជាអាចចិញ្ចឹមមនុស្សបាន ២ នាក់ គួរតែលក់ទៅ”។
ទោះជាយ៉ាងណា លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកនេះឱ្យដឹងថា បើទោះបីការពង្រីកផ្លូវជាតិលេខ២រួច ក៏តំលៃអចលនទ្រព្យនៅតាមផ្លូវនេះ មិនឡើងថ្លៃខ្លាំងខ្ពស់ពេកនោះទេ ដោយសារវាមានជាផ្លូវចាស់ តែបើធ្វើផ្លូវថ្មីវានឹងឡើងកាន់តែខ្លាំង។

លោកបន្តថា “ទោះបីតម្លៃអចលនទ្រព្យកើនឡើង វានឹងឡើងបន្តិចបន្តួចប៉ុណ្ណោះ តែបើមានគម្រោពាណិជ្ជកម្មធំៗបាញ់ឆ្ពោះទៅនោះច្រើន វានឹងកើនឡើងលឿន ជាពិសេសនៅតំបន់ដែលនៅជាយក្រុងភ្នំពេញ”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពេលស្តារឡើងវិញ ផ្លូវជាតិខាងលើនេះ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ និងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។

លោកបន្តថា ដោយឡែកទំហំចរាចរណ៍ធ្វើដំណើរតាមរយៈផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ នឹងបានធូរស្រាលមួយកម្រិតថែមទៀត ប្រសិនបើប្រជាពលរដ្ឋជ្រើសរើសយកការធ្វើដំណើរទៅកាន់ខេត្តទាំងនេះ តាមរយៈផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here