ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា នឹងអញ្ជើញទៅសម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ៥៥នៅថ្មដាតភ្ជាប់ខេត្តពោធិសាត់ និងផ្លូវជាតិលេខ៨ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ពីសំឡូតទៅកោះកុងផងដែរនៅអំឡុងខែមីនាខាងមុខ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅក្នុងខែមីនា ខាងមុខនេះ នឹត្រូវដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៨ តភ្ជាក់ពីប៉ោយប៉ែតតាមព្រំដែនកម្ពុជាថៃ តភ្ជាប់ទៅកាន់ខេត្តឧត្តមានជ័យដែលជាហិរញ្ញប្បទានរបស់រដ្ឋាភិបាលសាធារណៈមានិតចិន។
សម្តេចបន្តថា មួយខ្សែទៀត នឹងទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិសាត់ ទៅកាន់តំបន់ថ្មដារដែលជាតំបន់ព្រំដែនកម្ពុជាថៃ ព្រមជាមួយគ្នានេះ ដែរ សម្តេចនឹងបើកបើករដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ ដែលជាផ្លូវថ្មី
ដែលតភ្ជាប់ពីសំឡូនៃខេត្តបាត់ដំបងដោយតភ្ជាប់ពីតំបន់ថ្មដារខេត្តពោធិសាត់ និងចុះមកកោះកុង ។

សម្តេចតេជោថា “ការភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធនេះ គឺបានផ្តល់ផលចំណេញរបស់ប្រជាជនកម្ពុជា ហើយនៅពេលផ្លូវនេះស្ថាបនារួចហើយ អ្នកនៅបាត់ដំបង អ្នកនៅបន្ទាយមានជ័យ ប៉ៃលិន និងពោធិសាត់មិនបាច់ធ្វើដំណើរឆ្លងកាត់ទិក្រុងភ្នំពេញ ហើយទើបធ្វើដំណើរទៅខេត្តព្រះសីហនុ ទៀតនោះទេ ដោយពួកគេអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវថ្មីមួយខ្សែរនេះ ចេញទៅខេត្តកោះកុង និងទៅខេត្តព្រះសីហនុតែម្តងដោយចំណេញពេលវេលា និងថវិកា”។
សម្តេចតេជោ បន្ថែមទៀតថា ប្រការនេះ ទើបធ្វើរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយស្ថាបនាផ្លូវ ពង្រីកផ្លូវ និងថែទាំផ្លូវ នានានៅទូទាំងប្រទេស។
សម្តេចតេជោថ្លែងថា “កន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង”៕






