GMAC៖ កម្ពុជានាំចូលវត្ថុធាតុដើមពីប្រទេសចិនចំនួនជាង៦០%សម្រាប់កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង

0

ដោយវុត្ថា

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា បាននឹងកំពុងនាំចូលវត្ថុធាតុដើមពីប្រទេសចិនប្រហែលជាង ៦០% សម្រាប់ផ្គត់ផ្គង់លការកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជានៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថាបច្ចុប្បន្ននេះ ដោយសារឧបទ្ទវហេតុនៃការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើនបានបិទដំណើរការបណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបអាចចាប់ផ្តើមដែលបញ្ហានេះនឹងបង្កឲ្យមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា។

ប្រភពដដែលបន្តថា សម្រាប់រោងចក្រមួយចំនួន វត្ថុធាតុដើមនៅក្នុងស្តុកសម្រាប់ផលិតកម្មអាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ននៅប្រទេសចិនអាចនឹងធ្វើឲ្យរោងចក្រមួយចំនួនខ្វះវត្ថុធាតុដើមនៅចុងខែនេះ និងក្នុងខែមីនាខាងមុខ។

បើតាម GMAC ប្រឈមនឹងបញ្ហានេះ រោងចក្រជម្រើសអ្វីក្រៅពីការផ្អាកប្រតិបត្តិការ ដែលអាចមានរយៈពេល១ខែពេញ ឬដល់ ២ខែ។ ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លីដែលយើងអាចរំពឹងទុកថា នឹងកើតក្នុងពេលដ៏ខ្លីខាងមុខនេះ មិនមានអ្វីពាក់ព័ន្ធនឹងដំណើរការ (EBA) របស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅក្នុងពិធីបើកការដ្ឋាន “គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និង២២” នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ ឱ្យដឹងថា ពាក់ព័ន្ធនឹងការបិទទ្វាររោងចក្រមួយចំនួននៅខែមីនា ខាងមុខនេះ គឺបណ្ដាលមកពីប្រទេសចិនបិទទ្វាររោងចក្រខ្លួនឯង ព្រោះវីរុសកូរ៉ូណា ។ មួយវិញទៀត ចិន ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដ៏ធំនៅលើពិភពលោក ។

សម្តេចតេជោ ការបិទទ្វាររោងចក្រមួយចំនួននៅខែមីនា ខាងមុខនេះកម្ពុជាក៏ត្រូវរងផលប៉ះពាល់ផងដែរ ពិសេសវិស័យកាត់ដេរ ។

សម្ដេចនាយករដ្ឋមន្ត្រី បានស្នើប្រជាពលរដ្ឋកុំមានការយល់ច្រឡំជាពិសេស បងប្អូនកម្មករ-កម្មការិនី សុំកុំតក់ស្លុត នៅពេលបិទទ្វាររោងចក្រនាពេលខាងមុខនេះ ។

សម្ដេចស្នើថា កុំយកបញ្ហាបិទទ្វាររោងចក្រនេះ ទៅធៀបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធពីសំណាក់គណៈកម្មការអឺរ៉ុប ។ សម្ដេចថ្លែងថា បើទោះបីជាបាត់បង់ EBA ក៏សេដ្ឋកិច្ចកម្ពុជាមិនស្លាប់ដែរ ។ ការបាត់បង់ EBA មិនមែនមានន័យថា កម្ពុជាបាត់ទីផ្សារអឺរ៉ុបឡើយ ដោយគ្រាន់តែតម្រូវត្រូវបង់ពន្ធបន្ថែមលើការនាំចូលទៅកាន់ទីផ្សារអឺរ៉ុបប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here