រដ្ឋមន្ត្រីបរិស្ថាន៖ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុឈរលើមូលដ្ឋានសក្តានុពលធម្មជាតិ និងបរិស្ថាន

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអះអាងថា ការស្ថាបនាផ្លូវក្រុង និងហេដ្ឋារចនាសម្ព័ន្ធក្រុងក្នុងខេត្តព្រះសីហនុ ត្រូវបានអនុវត្តដោយរក្សាបាននូវសក្តានុពលធម្មជាតិ និងបរិស្ថាន ដូចជាតំបន់ឆ្នេរសមុទ្រពយ ទេសភាពនគរូបនីយកម្ម ជាពិសេសត្រូវបានតភ្ជាប់សក្តានុពលតំបន់ឆ្នេរឲ្យមានទំនាក់ទំនងគ្នា តាមរយៈការស្ថាបនាផ្លូវ និងស្ពាន។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសរសេរលើទំព័រហ្វេសបុកផ្លូវការនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះឱ្យដឹងថា ជាលទ្ធផលឆ្នេរអូឈើទាល ឆ្នេរអូត្រេះ ឆ្នេរអ្នកតាក្រហម-ក ពយជំទាវម៉ៅ តំបន់រាម និងតំបន់ឆ្នេររាម នឹងក្លាយជាផ្នែកមួយនៃទីក្រុងដ៏មានសក្តានុពល បង្កើតបានជាតំបន់ទេសចរណ៍ តំបន់សាធារណៈដែលក្លាយជាចំណុចទាក់ទាញទេសចរ តាមរយៈការតភ្ជាប់វិថី មហាវិថី និងស្ពាន។

រដ្ឋាភិបាលកម្ពុជា បានសម្រេចបោះទុនប្រមាណជាង ៣០០ លានដុល្លារអាមេរិក ស្ថាបនាផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុសំដៅប្រែក្លាយក្រុងព្រះសីហនុ ឱ្យទៅជាក្រុងទំនើបមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ចផងដែរ។

លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគូរនីយកម្ម និងសំណង់ បានឱ្យដឹងនៅក្នុងចុះពិនិត្យមើលផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីជំរុញពន្លឿនការងារស្ថាបនាកាលពីកន្លងមកនេះថា ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដែលកំពុងដំណើរការស្ថាបនានេះ គឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ មានរង្វង់មូលចំនួន ៣ និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។

លោកឧបនាយករដ្ឋមន្ត្រីបន្តថា ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្ថែមថា ដោយឡែកក្នុង គោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ការរស់នៅទេសចរណ៍ និងធុរកិច្ច ជាពិសេសធានាបានគុណភាពខ្ពស់រឹងមាំប្រើប្រាស់ បានយូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ត្រូវគោរពតាម ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ ដែលបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។

ផ្លូវទាំង ៣៤ខ្សែ ដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះ គឺទទួលបន្ទុកស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយចាប់តាំងពីពេលសម្ពោធបើកការដ្ឋានដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះគឺសម្រេចការស្ថាបនាបាន ៣០ភាគរយ ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here