ដោយវុត្ថា
ភ្នំពេញៈ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា វិនិយោគជប៉ុននៅកម្ពុជាបាននិងកំពុងកើនឡើង ដោយសារមានការយកចិត្តទុកដក់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើបរិយាកាសវិនិយោគ ជាពិសេសការវិនិយោគរបស់ជប៉ុន។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០ នេះបានឱ្យដឹងថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេសCDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោតការវិនិយោគរបស់ជប៉ុន កំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថា អ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជាកាន់តែច្រើន ហើយជាពិសេសការវិនិយោគទាំងនោះ មានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ន និងស្ថាប័ននៃប្រទេសទាំងពីរវិញ លោកបានជម្រាបជូនសម្ដេចតេជោថា ជប៉ុនកំពុងតែធ្វើការសហការជាមួយក្រសួងរ៉ែ និងថាមពលលើវិស័យអគ្គិសនី ដោយបានពិភាក្សាជាមួយឯកឧត្តម ស៊ុយ សែម ម្តងរួចមកហើយ និងបន្តពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។
លោកបន្ថែមទៀតថា លើសពីនេះទៅទៀតជប៉ុន ក៏មានកិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការមេ សម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេក្នុងការពង្រីក និងពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ ក៏ដូចជាការចូលរួមចំណែករបស់ជប៉ុន ក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទ ដ្ឋានគតិយុត្តជាបន្តបន្ទាប់។

លោកបន្ថែមទៀតថា ជាពិសេសទៅទៀតនោះ ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួលធ្វើឲ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគមានការទាក់ទាញកាន់តែខ្លាំងឡើង៕






