លោក​ស៊ុន​ ចាន់​ថុល​អះអាង​ថា​ ស្ពាន​កាត់​ទន្លេមេគង្គ​នៅ​ក្រចេះ​នឹង​សាងសង់​នៅ​ឆ្នាំ២០២១ខាងមុខនេះ​

0

ដោយ​នៅ​ វឌ្ឈ​នា​

ក្រចេះ​៖ លោក​ទេស​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ កម្ពុជា​នឹង​ស្នើ​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​ នៅពេល​ខាងមុខនេះ​ ដើម្បី​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត​ នៅ​ខេត្តក្រចេះ​ ដែល​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ​។

លោក​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ បាន​អះអាង​បែបនេះ​ ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ខណៈ​ដែល​លោក​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ រក​ទីតាំង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ នៅ​ខេត្តក្រចេះ​ នា​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩កន្លងមក​នេះ​។លោក​បន្ត​ថា​ បន្ទាប់ពី​ពិនិត្យ​នេះ​ លោក​នឹង​រៀបចំ​គម្រោង​សំណើ​នៅ​ឆ្នាំ២០២០​ ហើយ​កា​រសាង់​សង់​អាច​នឹង​ធ្វើឡើង​នៅ​ឆ្នាំ២០២១​។

លោក​អះអាង​ថា​ “ស្ពាន​នេះ​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជា​ពល​ដ្ឋ​ ក្នុង​ការ​ធ្វើដំណើរ​ពី​ស្ទឹងត្រែង​ ទៅកាន់​ខេត្តកំពង់ធំ​ ដែល​ចំណេញពេលវេលា​ និង​ថវិកា​ច្រើនជាង​មុន​”។

ពាក់ព័ន្ធ​នឹង​រឿង​ស្នើ​ហិរញ្ញប្បទាន​បរទេស​នេះ​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​ស្នើសុំ​ដល់​ជន​ទាំងឡាយ​ កុំឱ្យ​អ្នករិះគន់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​អះអាង​ថា​ កម្ចី​នេះ​ គឺ​ដើម្បី​ចំណេញ​ជាតិ​ ចំណេញ​ប្រជាពលរដ្ឋ​ ហើយ​ខ្ចី​មក​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​បញ្ជាក់​ថា​ “ដោយសារតែ​រាច​រដ្ឋាភិបាល​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​មានទំនុក​ចិត្ត​ខ្ពស់​ ទើប​ប្រទេស​ដទៃ​ឱ្យ​ខ្ចី​លុយ​ បើសិនជា​រាជរដ្ឋាភិបាល​កញ្ជើធ្លុះ​ គេ​មិន​ឱ្យ​កម្ពុជា​ខ្ចី​នោះ​ទេ​ ហើយ​បើ​មិន​ចំណេញ​សេដ្ឋកិច្ច​ជាតិ​ ក៏​គេ​មិន​ឱ្យ​ខ្ចី​ទេ​”។

លោក​បាន​ច្រានចោល​ នូវ​ការរិះគន់​ថា​បំណុល​ចិន​ជា​អន្ទាក់​ ដោយ​ពន្យល់​ថា​ ចិន​មិនបាន​ហៅ​កម្ពុជា​ឱ្យ​ខ្ចី​លុយ​នោះ​ទេ​ តែ​កម្ពុជា​ជា​អ្នកស្នើ​សុំ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​៕

ចំណេះដឹង​! តើ​ច្បាប់​កម្មសិទ្ធិ​បញ្ញា​មាន​អត្ថ​ប្រយោជន៍អ្វី​ខ្លះ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​បញ្ញា​ និង​ការប្រើ​ប្រាស់​វិសាលភាព​នៃ​ច្បាប់​នេះ​ មាន​សារៈ​ប្រយោជន៍​សំខាន់ណាស់​ គឺ​ដើម្បី​ការពារ​ស្នាដៃ​ និង​គំនិត​ច្នៃប្រឌិត​របស់​ផលិតករ​ និង​សិប្បករ​ ដែល​ជា​ម្ចាស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​) នៅក្នុង​ប្រទេស​កម្ពុជា​ ស្របតាម​និន្នាការ​ និង​បរិបទ​សាកល​ភាវូបនីយកម្ម​។

ម្យ៉ាងទៀត​ ការប្រើ​ប្រាស់​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ SMEs​ ក្នុង​ការអនុវត្ត​ និង​លើកស្ទួយ​វិស័យ​កម្មសិទ្ធិ​បញ្ញា​ ដើម្បី​បង្កើត​មូលដ្ឋាន​គតិ​យុត្ត​ សំដៅ​បម្រើការ​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ច​។

ក្រសួង​ពាណិជ្ជកម្ម​ តែង​ចាត់ទុក​ SMEs​ គឺជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ ក្រៅពី​ការ​គាំទ្រ​ផ្លូវច្បាប់​ ក្រសួង​បាន​ជួយ​ស្វែងរក​ទីផ្សារ​និង​ប្រភព​ទុន​ និង​បាន​ចងក្រង​ជាស​មា​គម​ពាណិជ្ជកម្ម​ ដូចជា​៖ ម្រេច​កំពត​, ស្ករត្នោត​កំពង់ស្ពឺ​ និង​ក្រូចថ្លុង​កោះទ្រង់​។ល។ ក្រសួង​ក៏បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បើក​ការចរចា​ជាមួយ​ភាគី​ចិន​ អំពី​អនាម័យ​ និង​ភូ​ត្ត​គាម​អនាម័យ​ (SPS​) ដើម្បី​សម្រួល​ដល់​ការនាំចេញ​របស់​ពាណិជ្ជករ​ថែមទៀត​។

ដើម្បី​ការពារ​ ទប់ស្កាត់​ និង​បង្ក្រាប​សកម្មភាព​ក្លែងបន្លំ​ ឬលួច​ចម្លង​ផលិតផល​ និង​សេវាកម្ម​ ដែល​នាំ​ឱ្យ​ប៉ះពាល់​អាជីវកម្ម​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ព្រមទាំង​បង្ក​ឱ្យ​មាន​ហា​នី​ភ័យ​ដល់​សេដ្ឋកិច្ច​ជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ប្រឹងប្រែង​ចូល​ជាស​មា​ជិ​កអង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ (WIPO​) និង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ ពាក់ព័ន្ធ​នឹង​វិស័យ​កម្មសិទ្ធិ​បញ្ញា​។

លើស​ពីនេះ​ ក្រសួង​បាន​នឹង​កំពុង​ខិតខំ​ជំរុញ​ ឱ្យ​មានការ​អនុវត្ត​ទូលំទូលាយ​នូវ​ច្បាប់​ស្តី​ពី​កម្មសិទ្ធិ​បញ្ញា​ ច្បាប់​ស្តី​ពី​ពាណិជ្ជសញ្ញា​ ពាណិជ្ជ​នាម​ និង​អំពើ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។ ច្បាប់​ប្រកាសនីយ​បត្រ​តក្កកម្ម​ (Patent​) គំនូរ​ម៉ូ​ឌែ​លមា​នប្រ​យោជន៍​ និង​គំនូរ​ឧស្សាហកម្ម​។ ច្បាប់​ស្តី​ពី​សិទ្ធិ​អ្នកនិពន្ធ​ និង​សិទ្ធិ​ប្រហាក់​ប្រហែល​ ដោយ​អនុលោម​តាម​កិច្ច​ព្រមព្រៀង​ស្តី​ពី​ ទិដ្ឋភាព​កម្មសិទ្ធិ​បញ្ញា​ទាក់ទង​ពាណិជ្ជកម្ម​ (TRIPS​) ជាដើម​៕

ក្រុមហ៊ុន​អាមេរិក​ដ៏​ធំ​មួយ​ទទួល​បាន​សិទ្ធិ​ក្នុង​ការរចនា​គម្រោង​តម្លៃ​ជាង​ ៣,៥ពាន់​លាន​ដុល្លារ​របស់​ Naga3​ នៅ​ក្រុងភ្នំពេញ

0

ប្រែ​សម្រួល​ដោយ​ ប៊ី

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ជំនាញ​ខាង​រចនា​កាស៊ីណូ ​Steelman​ Partners​ LLP​ កំពុង​គ្រប់គ្រង​ការរចនា​ថ្មី​នៃ​ការពង្រីក​ Naga​ 3 របស់​ក្រុមហ៊ុន​ NagaCorp​ Ltd​ នៅ​ភ្នំពេញ​ ខណៈ​សាខា​ថ្មី ​Naga​ 3 ដែល​រូ​មបញ្ចូល​ទាំង​វិស័យ​ល្បែង​ និង​ការ​កំ​សាន្ត​ផ្សេង​ៗបាន​និង​កំពុង​សាងសង់​ក្រោម​ទុន​វិនិយោគ​ប្រមាណ ៣​,៥២​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​ NagaCorp​ ដែល​មានឈ្មោះ​ក្នុង​ទីក្រុង​ហុងកុង​ មាន​អាជ្ញាប័ណ្ណ​ផ្តាច់​មុខ​ក្នុង​ការប្រតិបត្តិ​ការ​កាស៊ីណូ​នៅ​រាជធានី​ភ្នំពេញ​ និង​តំបន់​ជុំវិញ​។ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ប្រតិបត្តិ​កា​រណា​ហ្គា១​ ដែល​បាន​បើក​ដំណើរការ​កាលពី​ខែធ្នូ​ឆ្នាំ២០០៦​។ ណា​ហ្គា​ ១ បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​សាងសង់​ភ្ជាប់​ទៅ​ណា​ហ្គា២​ ដែល​ជា​ការពង្រីក​ដែល​បាន​បើក​នៅ​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៤​។

ក្រុម​ហ៊ុន​ណា​ហ្គា​ខបបាន​ឲ្យដឹង​ថា​ “តាម​ការយល់ព្រម​របស់​រដ្ឋាភិបាល​ ផែនការ​នេះ​ គឺ​ដើម្បី​ភ្ជាប់​ផ្សា​រណា​ហ្គា​ខបក្រោម​ដី​ ដោយ​ភ្ជាប់​រវាង​សណ្ឋាគារ​និង​កា​ស៊ី​ណូ​ណា​ហ្គា១​ និង​ណា​ហ្គា២​ ទៅ​នឹង​ណា​ហ្គា​ខប៣​”។

ក្រុមហ៊ុន​ Steelman​ Partners​ បាន​ធ្វើការ​លើ​ការរចនា​ទាំងពីរ​ទាំង​ណា​ហ្គា​ ១ និង​ណា​ហ្គា២​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ស្គាល់​នៅក្នុង​ឧស្សាហកម្ម​លេងល្បែង​ នៅ​អាស៊ី​បូព៌ា​ សម្រាប់​ការងារ​របស់​ខ្លួន​លើ​រមណីយដ្ឋាន​កាស៊ីណូ​ខ្ពស់​មួយចំនួន​ រួមមាន​ Sands​ Macao​ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ប្រតិបត្តិ​កាស៊ីណូ​Sands​ ម៉ាកាវ​ ក្រុមហ៊ុន​ចិន​ដែល​ជា​ក្រុមហ៊ុន មេ​របស់​ក្រុមហ៊ុន​ Las​ Vegas​ Sands​ Corp​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​ដំណាក់កាល​ទី២​ នៃ​ទូរស័ព្ទ​Galaxy​ Macau​ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Cotai​ នៃ​ក្រុមហ៊ុន​ Galaxy​ Entertainment​ Group​ Ltd​។

ក្រុម​ហ៊ុន​ណា​ហ្គា​ខប​ ក៏បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ លើ​គម្រោ​ងណា​ហ្គា​ ៣។ គម្រោ​ងណា​ហ្គា៣​ នឹង​សាងសង់​អាគារ​ចំនួន​ប្រាំ​។ ដី​សម្រាប់​ការ​អភិវឌ្ឍ​ថ្មីនេះ​នឹង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ចំនួន១៦​,៨៣៧​ ម៉ែត្រការ៉េ​។

បើ​យោង​តាម​ក្រុម​ហ៊ុន​ណា​ហ្គា​ខប​ នៅពេល​សាងសង់​រួចរាល់​គម្រោ​ងណា​ហ្គា​ ៣ ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​សណ្ឋាគារ​កម្ពស់៦៦ជាន់​ចំនួន​ពីរ​អាគារ​ សណ្ឋាគារ​កម្ពស់៤៥ជាន់​ចំនួន​ពីរ​អាគារ​ នឹង​ខុន​ដូ​មួយ​ដែល​មាន​កំពស់៤៨ជាន់​។

ក្រុម​ហ៊ុន​ណា​ហ្គា​ខបបានឱ្យ​ដឹង​ថា​ ណា​ហ្គា៣នឹង​បន្ថែម​បន្ទប់​សណ្ឋាគារ​ចំនួន​ ៤,៧២០​ លើ​គម្រោ​ងណា​ហ្គាវើល​។ សណ្ឋាគារ​ជាច្រើន​នេះ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​សណ្ឋាគារ​អន្តរជាតិ​ដ៏​ល្បី​មួយ​ឬច្រើន​។

បច្ចុប្បន្ន​ណា​ហ្គា១មាន​សណ្ឋាគារ​បន្ទប់​ចំនួន​ ៧៥៥បន្ទប់​ រី​ឯណា​ហ្គា២​ មាន​បន្ទប់​ផ្គត់ផ្គង់​សណ្ឋាគារ​ចំនួន៩០៣​៕

ប្រភព​៖ GGRAsia​

វិភាគ​៖ សារព័ត៌មាន​បាន​ក្លាយជា​ឧបករណ៍​ដ៏​អសោច​មួយ​ ខណៈ​ក្រមសីលធម៌​ត្រូវ​បាន​គេ​ផាត់ចេញ​

0

ដោយ​ យិន​ លាង​គង់​ ស្ថាបនិក​ និង​ជា​អគ្គនាយក​ Propertyarea.asia​

ភ្នំពេញ​៖ ជាថ្មី​ម្តង​ទៀត​ កម្ពុជា​ត្រូវ​បាន​គេ​យក​មក​ត្រេ​សលេង​ នៅ​លើ​ទំព័រ​សារព័ត៌មាន​អាមេរិក​ និង​សារព័ត៌មាន​របស់​ប្រទេសជិតខាង​កម្ពុជា​ ដែល​វា​ជា​រឿង​គួរ​ឱ្យ​អៀន​ខ្មាស់​មួយ​ សំរាប់​មនុស្ស​ដែល​ប្រើប្រាស់​វិចារណញ្ញាណ​ជា​ស្នូល​។

ការ​លេច​ត្រដែត​របស់​កម្ពុជា​លើឆាកអន្តរជាតិ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ ដែល​ធ្វើឲ្យ​ប្រជាជាតិ​នេះ​លេច​ស្នាមញញឹម​ជាថ្មី​ បន្ទាប់ពី​ឆ្លងកាត់​វិនាសកម្ម​ដ៏​ខ្មៅ​ងងឹត​ បាន​ធ្វើឲ្យ​ប្រទេស​នៅក្នុង​សហគមន៍​រួម​នេះ​ មួយចំនួន​មិន​សប្បាយចិត្ត​នោះ​ឡើយ​ ពួកគេ​បាន​និង​កំពុង​ប្រើប្រាស់​គ្រប់​វិធី​ ដើម្បី​បំបែក​កម្ពុជា​ និង​ជាន់ពន្លិច​កម្ពុជា​ជាថ្មី​ តាមរយៈ​ការ​ប្រឌិត​ព័ត៌មាន​ថា​ “កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ចិន​ដាក់មូលដ្ឋាន​ទ័ព​នៅ​ខេត្ត​ព្រះសីហនុ​ និង​នៅ​ខេត្តកោះកុង​”។

កាសែត​ Bangkok​ Post​, Asia​ Time​, Reuters​, The​ Wall​ Street​ Journal​ និង​កាសែត​វៀតណាម​មួយចំនួន​ បាន​និង​កំពុង​បំពុល​ពិភពលោក​ តាមរយៈ​សំណេរ​របស់​អ្នកសារព័ត៌មាន​គ្មាន​វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ ដើម្បី​ប៉ុនប៉ង​កំទេច​កម្ពុជា​ក្នុង​រូបភាព​ “សង្គ្រាម​ត្រជាក់​” ថ្មី​ ដើម្បី​បំផ្លាញ​កម្ពុជា​ស្ទើរគ្រប់​រូបភាព​។

ប្រព័​ន្ឋ​គំនិត​

ការពិត​ ការពិត​ ការទទួលខុសត្រូវ​របស់​អ្នកសារព័ត៌មាន​ និង​ការ​ប្រកាន់យក​ក្រមសីលធម៌​របស់​ស្ថាប័ន​ព័ត៌មាន​នានា​ គួរតែ​ជា​ស្នូល​សំរាប់​វិស័យ​សារព័ត៌​មា​នៅ​លើ​ពិភពលោក​ ប៉ុន្តែ​ផលប្រយោជន៍​ខាងនយោបាយ​ និង​ទំនាក់ទំនង​អន្តរជាតិ​ និង​ផលប្រយោជន៍​សេដ្ឋកិច្ច​ បាន​ធ្វើឲ្យ​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន​បាន​ក្លាយជា​ “បណ្តុំ​នូវ​គំនិត​អសោច​មួយ​”។

មនុស្ស​មា​នប្រ​ព័ន្ឋនៃ​ការ​គិ​តខុស​ៗគ្នា​ មាន​សិទ្ឋ​ក្នុង​ការ​គិ​តខុស​ៗគ្នា​ ប៉ុន្តែ​មនុស្ស​មាន​ជា​សត្វ​មាន​វិចារណៈ​ញ្ញាណ​ “ដែល​ជា​ស្នូល​នៃ​សតិ​សប្ប​ជ្ជញ្ញៈ​” សំរាប់​ឲ្យ​មនុស្ស​ចេះ​បែងចែក​ការ​ទទួលខុស​ និង​ត្រូវ​ ហើយ​ឈរ​លើ​ក្រមសីលធម៌​។

ផ្ទុយទៅវិញ​ បើ​មនុស្ស​មានតែ​បញ្ញា​ ប៉ុន្តែ​គ្មាន​ក្រមសីលធម៌​ ពួកគេ​មាន​នឹង​ក្លាយជា​សត្វ​ដ៏​សាហាវ​និង​គួរឲ្យ​ខ្លាច​បំផុត​។

ឈរ​នៅ​លើ​ជ្រុង​នៃ​សារព័ត៌មាន​ អ្នកសារព័ត៌មាន​មាន​គោលការណ៍​រួម​មួយ​ គឺ​ត្រូវ​សរសេរ​ការពិត​ ឥត​លំអៀង​ មាន​តុល្យភាព​ និង​ប្រកាន់យក​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ ប៉ុន្តែ​អ្នកសារព័ត៌មាន​មួយចំនួន​ ដែល​ធ្វើការ​នៅ​ស្ថាប័ន​ខាងលើ​ ហើយ​ឈរក្រោមឥទ្ឋិ​ពល​នៃ​ប្រទេស​ណាមួយ​ ឈរ​លើ​ផលប្រយោជន៍​អ្វីមួយ​ ពួកគេ​បាន​ប្រែក្លាយ​សំណេរ​របស់​ពួកគេ​ ទៅជា​ស្នាដៃ​អសោច​និង​គួរឲ្យ​ស្អប់ខ្ពើម​មួយ​។

ក្រោយ​វាំងនន​ខ្មៅ​

នៅក្នុង​ទិដ្ឋភាព​កា​ទូត​ និង​ទំនាក់ទំនង​អន្តរជាតិ​ មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ តែងតែ​ញញឹមដាក់គ្នា​ ចាប់ដៃ​គ្នា​ ប៉ុន្តែ​ជើង​របស់​ពួកគេ​ធាក់​គ្នា​ ចិត្ត​របស់​ពួកគេ​មិន​វេញ​ត្របាញ់​ជា​ធ្លុងមួយ​នោះ​ទេ​ ពិសេស​បណ្តា​ប្រទេសជិតខាង​កម្ពុជា​ ដែល​នៅតែ​ចិញ្ចឹមចិត្ត​បំផ្លាញ​ ឈ្លានពាន​កម្ពុជា​នៅ​លើ​គ្រប់​ទិដ្ឋភាព​ ទាំង​ទិដ្ឋភាព​សេដ្ឋកិច្ច​ នយោបាយ​ កា​ទូត​ និង​ការឈ្លានពាន​បូរណៈ​ភាព​ដែនដី​។

មេដឹកនាំ​កម្ពុជា​បាន​ចងចាំ​រឿង​នេះ​គ្រប់​ជំនាន់​ និង​បាន​រិះរក​គ្រប់​មធ្យោបាយ​ ដើម្បី​គេច​ចេញពី​សំពាធ​ និង​មហិច្ឆតា​ដ៏​អាក្រក់​ជួរ​ជាតិ​របស់​ពួកគេ​ តាមរយៈ​ការ​បង្រួបបង្រួម​ជាតិ​ ពង្រឹង​អំណាច​សេដ្ឋកិច្ច​ ដើម្បី​អាច​ការពារ​ខឿន​សេដ្ឋកិច្ច​ និង​ប្រជាជាតិ​របស់​ខ្លួន​បាន​។

ការពង្រីក​បណ្តាញ​ទៅ​ខាងក្រៅ​ តាមរយៈ​ការ​ចូល​សមាជិកសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន​) ការ​ចូល​ជាស​មា​ជិ​កអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ការ​ចូល​ជាស​មា​ជិ​ករបស់​អង្គការ​អន្តរជាតិ​នានា​នៅ​លើ​សាកលលោក​ ជាផ្នែក​ដ៏​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ប៉ុន្តែ​ចេតនា​បំផ្លាញ​កម្ពុជា​ឥត​ឈប់ឈរ​ពី​បណ្តា​ប្រទេសជិតខាង​មួយចំនួន​ បាន​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ទីលាន​មួយ​នៃ​ការសាកល្បង​មនោគមវិជ្ជា​នយោបាយ​ និង​ពេលខ្លះ​ក្លាយជា​ប្រទេស​ស្ថិតនៅ​កណ្តាល​ “សៃវៀន​”សង្គ្រាម​ត្រជាក់​ ដែល​ត្រូវ​គេ​យក​មក​ត្រេ​សលេ​ងយ៉ាង​គួរឲ្យ​អាណិតអាសូរ​។

រស់​ក្នុង​សហគមន៍​រួម​មួយ​ (អាស៊ាន​) មេដឹកនាំ​ប្រជាជាតិ​ទាំង១០នេះ​ គួរ​ប្រកាន់យក​ឥរិយាបទ​មួយ​ ក្នុងនាម​ជា​សហ​ភា​តរៈ​ និង​គួរ​ស្វែងរក​វិបុលភាព​រួមគ្នា​ ដើម្បីឲ្យ​ប្រជាជាតិ​និ​មួយ​ៗរស់​បាន​ដោយ​សុខសាន្ត​ តាម​សមត្ថភាព​ និង​ធនធាន​របស់​ពួកគេ​។

ភូមិ​សាស្ត្រនយោបាយ​

កម្ពុជា​បាន​ស្ថិតនៅ​ជា​ភូមិ​សាស្រ្ត​អំណោយផល​ និង​ជា​ទី​តាំង​យុទ្ឋ​សាស្រ្ត​មួយ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ ដោយសារ​ប្រទេស​នេះ​ មាន​ទីតាំង​ស្ថិតនៅ​ចំ​ចំណុច​កណ្តាល​នៃ​អាស៊ាន​។

ជាមួយនឹង​ការ​ដាក់ចេញ​ នូវ​គោលនយោបាយ​ផ្ទៃក្នុង​បាន​យ៉ាង​ប្រសើរ​ និង​ប៉ិនប្រសព្វ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ការពង្រីក​និង​សមាហរណកម្ម​ខ្លួនឯង​ទៅកាន់​ពិភពលោក​ បាន​ធ្វើឲ្យ​កម្ពុជា​ជា​កន្លែង​មួយ​ ដែល​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​បំផុត​ពី​អាស៊ាន​ និង​ជាពិសេស​ពី​ប្រទេស​ចិន​។

នៅពេល​សហរដ្ឋអាមេរិក​ចាប់ដៃ​ជាមួយ​វៀតណាម​ ដើម្បី​ទប់​ឥទ្ឋិ​ពល​ចិន​ និង​ចាប់ដៃ​ជាមួយ​ថៃ​ ដើម្បី​ពង្រីក​កា​រហ៊ុំព័ទ្ឋ​មនោគមវិជ្ជា​ប្រឆាំង​ចិន​ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ជា​សម្ព័ន្ឋ​មិត្ត​របស់​ចិន​ ដែល​ចិន​ត្រូវ​ការ​ពង្រីក​ឥទ្ឋិ​ពល​ក្នុង​តំបន់​នេះ​ តាមរយៈ​ការ​ពង្រីក​ឥទ្ឋិ​ពល​សេដ្ឋកិច្ច​ជាមួយ​តំបន់​នេះ​ តាមរយៈ​គោលនយោបាយ​ខ្សែ​ក្រ​វ៉ាត់១​ ផ្លួវ១របស់​ចិន​ បាន​ធ្វើឲ្យ​កម្ពុជា​ទទួល​បានផល​ប្រយោជន៍​ច្រើនជាង​គេ​ ក្នុងចំណោម​ប្រទេស​ ដែល​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ច្រើនជាង​គេ​ ក្នុង​តំបន់​អាស៊ាន​ ដែល​រួមមាន​កម្ពុជា​ ហ្វីលីពីន​ និង​ឥណ្ឌូ​នេ​ស៊ី​។

ផលប្រយោជន៍​សេដ្ឋកិច្ច​ និង​ភូមិ​សាស្ត្រនយោបាយ​នេះ​ហើយ​ ដែល​ធ្វើឲ្យ​បណ្តាញ​សារ​ព៌​តមាន​ក្នុង​តំបន់​ ពិសេស​នៅ​សហរដ្ឋអាមេរិក​ បា​នប្រ​ឌិ​តព៌​តមាន​ក្លែងក្លាយ​ប្រឆាំង​នឹង​កម្ពុជា​ ដោយ​បំភ្លៃ​ព័ត៌មាន​ថា​ “រដ្ឋាភិបាល​កម្ពុជា​បាន​លួច​ចុះហត្ថលេខា​សម្ងាត់​ ដើម្បីឲ្យ​ចិន​ដាក់មូលដ្ឋាន​ទ័ព​នៅ​តំបន់​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​នៅ​តំបន់​តារា​សាគរ​ ស្ថិត​ក្នុង​តំបន់​ប្រជុំកោះ​ស្តេច​ក្នុង​ខេត្តកោះកុង​។

កា​រប្រ​ជែង​ឥទ្ឋិ​ពល​រវាង​ចិន​ និង​អាមេរិក​ក្នុង​តំបន់​អាស៊ាន​ ក៏ដូចជា​នៅ​តំបន់​នៃ​ជ្រោយ​ភូមិ​សាស្ត្រនានា​នៅ​លើ​ពិភពលោក​ ទំនងជា​មូលហេតុ​សម​ហេតុផល​ជាងគេ​ ដែល​អាមេរិក​ និង​ប្រទេស​ក្នុង​តំបន់​រៀបចំផែនការ​ ដើម្បី​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​កខ្វក់​ប្រឆាំង​នឹង​កម្ពុជា​ ដែល​ជា​រឿង​គួរឲ្យ​អៀន​ខ្មាស់​មួយ​ និង​ជា​រឿង​គួរឲ្យ​អស់សំណើច​មួយ​ក្នុង​ក្របខ័ណ្ឌ​ដែល​ប្រាសចាក​ក្រមសីលធម៌​ និង​សតិ​សប្ប​ជ្ជញ្ញៈ​៕

ហាង​លក់​សម្លៀកបំពាក់​ល្បីឈ្មោះ​របស់​ថៃ​បោះ​ជំ​ហ៊ាន​ចូលក្នុង​ផ្សារ​ទំនើប​ FURI​ TIMES​ SQUARE​

0

ដោយ​៖ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ ស្រប​ពេល​ដែល​ក្រុង​ព្រះសីហនុ​ កំពុងតែ​មាន​ភាព​រីកចម្រើន​ និង​អភិវឌ្ឍ​យ៉ាង​គំហុក​ ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ​ His​ &​Her​ បាន​បោះជំហាន​ពង្រីក​សាខា​របស់​ខ្លួន​ តាមរយៈ​ការជួល​ទីតាំង​លក់រាយ​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ​លើកដំបូង​នៅ​គេ​ដែល​មានឈ្មោះ​ថា​ Furi​ Times​ Square​ ដែល​គ្រោង​នឹង​បើក​សម្ពោធ​នៅ​ពេល​ឆាប់​ៗ​ខាងមុខនេះ​។

អ្នកចាត់ការទូទៅ​ហាងលក់​សម្លៀកបំពាក់​ His​ &​Her​ លោកស្រី វ័ន្ត កញ្ចនា  បាន​មាន​ប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២៣​ កក្កដា​នេះ​ថា​ និមិត្តសញ្ញា​ និង​ម៉ាក​សម្លៀកបំពាក់​ដែល​ល្បីឈ្មោះ​ប្រចាំ​ប្រទេស​ថៃ​មួយ​នេះ​ ត្រូវ​បាន​នាំចូល​មកកាន់​ទីផ្សារ​កម្ពុជា​តាំងពី​អំឡុង​ឆ្នាំ២០១៤​ ដែល​រហូតមកដល់​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​បាន​ពង្រីក​សាខា​របស់​ខ្លួន​បាន​ចំនួន២ទីតាំង​ ក្នុង​រាជធានី​ភ្នំពេញ​រួច​ទៅ​ហើយ​។

​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“នៅ​ថ្ងៃ​ខាង​មុ​ខឆាប់​ៗនេះ​ ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បីឈ្មោះ​នេះ​ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ផ្សារ​ទំនើប​ដ៏​ធំ ​Furi​ Times​ Square​ ដែល​ទើបតែ​មាន​លើកដំបូង​គេ​នៅក្នុង​ក្រុង​ព្រះសីហនុ​”។ លោក​ស្រីបាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ជឿជាក់​ថា​ តាមរយៈ​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នេះ​ និមិត្តសញ្ញា​ និង​ម៉ាក​សម្លៀកបំពាក់​ដ៏​ទាន់សម័យ​ His​ &​Her​ ពិតជា​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​លក់​ ហើយ​អាច​នឹង​បន្ត​ពង្រីក​សាខា​នៅក្នុង​ខេត្ត​មួយ​នេះ​បន្ថែម​នៅពេលអនាគត​”។

លោ​កស្រី វ័ន្ត កញ្ចនា បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ថា​ នៅក្នុង​ខេត្ត​ព្រះសីហនុ​គឺ​មានការ​អភិវឌ្ឍ​ខ្លាំង​ជាង​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​ជា​ខេត្ត​ដែល​មាន​ភាព​ស៊ីវិល័យ​ ប្រមូល​ផ្តុំ​ទៅ​ដោយ​បណ្តា​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាពិសេស​ចំនួន​ភ្ញៀវ​ទេសចរ​ចំរុះ​ជាតិសាសន៍​ជាច្រើន​ ចូល​មក​ជាច្រើន​ជាប់​ជាប្រចាំ​ ដែល​ជម្រុ​ញឱ្យ​សេដ្ឋកិច្ច​ខេត្ត​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​ ស័ក្ដិសម​នឹង​ការប្រើ​ប្រាស់​ផលិតផល​ម៉ា​កល្បី​ៗដូចជា​និមិត្តសញ្ញា​សម្លៀកបំពាក់​របស់​លោក​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

នាយក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​ លឹម​ សុខា​ដា​វីន​ បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​មាន​ហាង​អាហារ​ ភេសជ្ជៈ​ ហាង​លក់​សម្លៀកបំពាក់​ និង​ផលិតផល​ម៉ា​កល្បី​ៗជាង​ ២០ក្រុមហ៊ុន​ហើយ​ បាន​ចុះ​កុងត្រា​លក់​នៅក្នុង​ផ្សារ​ទំនើប​មួយ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​ កំពុងតែ​ដំណើរការ​និ​តិ​វិធី​ដើម្បី​ជួល​ទីតាំង​លក់រាយ​។

កញ្ញា​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ជាមួយនឹង​វត្តមាន​នៃ​ក្រុម​ហ៊ុន​ធំៗ​ និង​ល្បី​ៗទាំងអស់​នេះ​ Furi​ Times​ Square​ ក៏​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​ដែល​ជា​អ្នកជួល​ផង​ដែរ​ ដោយសារ​ផ្សារ​នេះ​ ផ្តោត​លើ​ការរៀបចំ​ប្រព័ន្ធ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​ ជាពិសេស​ ក្រុមហ៊ុន​វិនិយោគ​ និង​អភិវឌ្ឍ​ផ្សារ​ទំនើប​មួយ​នេះ​ មិនបាន​គិតទៅ​លើ​ប្រាក់ចំណេញ​ក្នុងរយៈពេល​ខ្លី​នោះ​ទេ​ ប៉ុន្តែ​បាន​ផ្តោត​សំខាន់​លើ​ការ​វិនិយោគ​ក្នុងរយៈពេល​វែង​ប្រកបដោយ​ភាព​ជោគជ័យ​៕

CDC​ អនុម័ត​គម្រោង​វិនិយោគ៣​ មាន​ទឹកប្រាក់​ជិត ១៧លាន​ដុល្លារ​

0
អគារ CDC។ រូបថត៖ សហការី

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) បាន​អនុម័ត​គម្រោង​វិនិយោគ​មាន​ទុន​វិនិយោគ​ប្រមាណ ១៦​,៦លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ឱ្យ​ក្រុមហ៊ុន​ចំនួន៣វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​) នៅ​ថ្ងៃទី​ ២៣​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម​៖

ទី​ ១- “KAI​ TUO​ ZHE​ (CAMBODIA​) INDUSTRIAL​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រដាប់​ព្យួរ​សម្លៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អំពិល​ សង្កាត់​កំបូល​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ ៤​,៥លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣៣៦កន្លែង​។

ទី២​- “JIANGSU​ HENGWEI​ TEXTILE​ (CAMBODIA​) CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ និង​ចាក់​ស្រោមពូក​ ស្រោមខ្នើយ​ ភួយ​ ស្រោមដៃ​ វាំងនន​ កម្រាលតុ​ កម្រាល​ជូត​ជើង​ សម្លៀកបំពាក់​ផ្ទះបាយ​ កន្សែង​ និង​សម្ភារៈ​ក្មេង​លេង​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ខ្យង​ ឃុំ​ទួលអំពិល​ ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣.៨៥០កន្លែង​ និង​ទី៣​ ក្រុមហ៊ុន​ CHUAN​ LIH​ INTERNATIONAL​ CO​.,LTD​.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សឹង្ហ​ ឃុំ​សឹង្ហ​ និង​ភូមិ​ស្វាយ​ ឃុំ​សំរោង​ ស្រុក​សំរោង​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.១៩៩កន្លែង​៕

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ប្រឌិត​របស់​ The​ Wall​ Street​ Journal​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​ បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ព័ត៌មាន​ប្រឌិត​ ដែល​បាន​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ The​ Wall​ Street​ Journal​ ដែល​ចោទ​ប្រា​កាន់​កម្ពុជា​ថា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ដោយសម្ងាត់​មួយ​ អនុញ្ញ​តឲ្យ​យោធា​ចិន​ប្រើប្រាស់​ដោយ​ផ្ដាច់មុខ​ នូវ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ក្បែរ​ខេត្ត​ព្រះសីហនុ​។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ចាត់ទុក​ព័ត៌មាន​ប្រឌិត​ចុងក្រោយ​នេះ​ថា​ “ជា​ចេតនា​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា​”។សម្តេច​បន្ត​ថា​ “គ្មាន​រឿង​បែបនេះ​កើតឡើង​នោះ​ទេ​ ព្រោះ​មូលដ្ឋាន​យោធា​បរទេស​វា​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍​អះ​អាង​ច្បាស់​ៗថា​ “តើ​កម្ពុជា​ត្រូវការ​វត្តមានយោធា​ចិន​លើទឹក​ដី​ខ្លួន​ដើម្បីអ្វី​? យើង​មិនដែល​បាន​ពិភាក្សា​ណាមួយ​ ជាមួយ​មេដឹកនាំ​ចិន​នោះ​ឡើយ​ កុំ​ថា​ដល់​មាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​”។

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ មានប្រសាសន៍​បន្ត​ថា​“ល្មម​ឈប់​ប្រើ​ព័ត៌មាន​ក្លែងបន្លំ​អំពី​វត្តមាន​កងទ័ព​ចិន​លើទឹក​ដី​កម្ពុជា​ ដើម្បី​ប្រឆាំង​នឹង​យើង​ហើយ​….”។

The​ Wall​ Street​ Journal​ បាន​ចេញ​ផ្សាយ​ព៌​តមា​នបំ​ផ្លៃ​ការពិត​ អំពី​កម្ពុជា​កាលពី​ថ្ងៃទី២១​ កក្កដា​កន្លងមក​នេះ​៕

ពាណិជ្ជកម្ម​អាស៊ាន​-ចិន​អាច​ពង្រីក​សក្តា​នុ​ពល​សេដ្ឋកិច្ច​ពិភពលោក​

0

ដោយ ​វុត្ថា​ និង​ Donald​ Lee​

ភ្នំ​ពេញៈ​ ពាណិជ្ជកម្ម​រវាង​មហាយក្ស​សេដ្ឋកិច្ច​ចិន និង​អាស៊ាន​បាន​និង​កំពុងធ្វើការ​រួមគ្នា​ ដើម្បី​វិបុលភាព​តំបន់​ និង​អាច​ពង្រីក​សក្តា​នុ​ពល​ខ្លំា​ង ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​មានសន្ទុះ​រីកចម្រើន​។

លោក ​Vichai​ Kinchong​ Choi​ អនុប្រធាន​នៃ​ធនាគារ​ Kasikorn​ របស់​ប្រទេស​ថៃ​បាន​ប្រាប់​សារព័ត៌មានស៊ីនហួរ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ អាស៊ាន​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ប្រទេស​ចិន​សម្រាប់​ឆ្នាំ២០១៩នេះ​ ដោយ​វ៉ា​ដាច់​ប្រទេស​សហរដ្ឋអាមេរិក​ ជាលើកដំបូង​ចាប់តាំងពី​ឆ្នាំ១៩៩៩​ កន្លងមក​នេះ​។

យោង​បាយ​ការណ៍​ទិ​ន្ន័​យគយ​របស់​ប្រទេស​ចិន​បាន​បង្ហាញថា​ ពាណិជ្ជកម្ម​ចិន​ជាមួយ​អាស៊ាន​ បាន​កើនឡើង​ប្រមាណ​១០.៥ភាគរយ​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ ២៨៨ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​ពាក់កណ្តាល​ឆ្នាំនេះ​ ខណៈ​ពាណិជ្ជកម្ម​ចិន​ជាមួយ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ៩ភាគរយ​ ដែល​មាន​ទឹកប្រាក់​ប្រមាណ២៥៤ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ Xinhau​ កាល​ពី​ថ្មី​ៗនេះ​លោក​ Vichai​ បានឱ្យ​ដឹង​ថា​ “ចាប់តាំងពី​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន១​0 មាន​ធនធាន​ធម្មជាតិ​ច្រើន​ និង​មាន​ប្រជាជន​សរុប​ប្រហែល៧​00​លាន​នាក់​ សក្តា​នុ​ពល​នៃ​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​នៅ​នៅក្នុង​តំបន់​នេះ​គឺ​មាន​ទំហំ​ធំធេង​ណាស់​”។

លោក​បន្ត​ថា​ “ក្នុងនាម​ជា​ប្រទេសជិតខាង​អាស៊ាន​ និង​ចិន​បាន​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ហើយ​ទីផ្សារ​អាស៊ាន​ កាន់តែ​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ចិន​​” ។

លោក​មាន​ជំនឿ​ថា​ ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី២​ លើ​ពិភពលោក​ និង​អាស៊ាន​ដែល​ជាទី​ផ្សារ​កំពុង​រីកចម្រើន​ និង​មាន​សក្តា​នុ​ពល​ដ៏​ធំ​អាច​ធ្វើការ​សហការ​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​ក្លាយជា​កម្លាំង​ចលករ​ដ៏​សំខាន់​ ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឱ្យ​កាន់តែ​មានការ​រីក​ចំរើន​បន្ថែម​ទៀត​។

ចិន​បាន​ដាក់​ចេ​ញយុទ្ឋ​សាស្រ្ត​បំបែក​អាមេរិក​ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នៅតែ​បន្ត​ភាព​តានតឹង​តានតឹង​តានតឹង​ ក្រុង​ប៉េកាំង​នៅតែ​ដំណើរការ​យុទ្ធវិធី​សង្រ្គាម​ត្រជាក់​ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​សេដ្ឋកិច្ច​អាមេរិក​។

ចិន​កំពុងតែ​ព្យាយាម​រៀបចំ​សេដ្ឋកិច្ច​សកល​ឡើងវិញ​ តាមរយៈ​ការ​ទាញ​យក​នូវ​ការ​វិនិយោគទុន​បរទេស​ដ៏​ច្រើន​នៅ​សហរដ្ឋអាមេរិក​ ដោយ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​នឹង​ញែក​សេដ្ឋកិច្ច​អាមេរិក​ និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​គូប្រជែង​របស់​អាមេរិក​ខ្លាំង​ដូចជា​ រុស្ស៊ី​។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ ចូល​ទៅកាន់​ទីផ្សារ​អាមេរិក​បាន​ធ្លាក់ចុះ​ជិត​ ៩០ភាគរយ​ ចាប់តាំងពី​ការ​ចាប់ផ្តើម​អា​ណតិ្ត​ នៅក្នុង​ការ​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ ។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ Rhodium​ Group​ បាន​ឲ្យដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចិន​ នៅ​អាមេរិក​មាន​ទឹកប្រាក់​ចំនួន ៤៦​,៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ លោក​ Trump​ បាន​ឡើង​កាន់​តំណែង​។ ប៉ុន្តែ​នៅ​ឆ្នាំ២០១៨​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ នៅ​អាមេរិក​បាន​ធ្លាក់ចុះ​ត្រឹមតែ​ ៥,៤ពាន់​លាន​ដុល្លារ​ពោល​គឺ​ធ្លាក់ចុះ​ជិត៩០ភាគរយ​។

លោក ​Eswar​ Prasad​ អតីតប្រធាន​នៃ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ នៃ​ប្រទេស​ចិន​ បាន​ឆ្លើយតប​ទៅកាន់​កាសែត​ញូ​វយ៉​កថែម​ស៍​ថា​ “ការពិត​ដែល​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ គឺជា​សញ្ញា​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក​ និង​ប្រទេស​ចិន​ដែល​កាន់តែ​យ៉ាប់យ៉ឺន​”។

លោក​បន្ត​ថា​ “អាមេរិក​មិន​ជឿ​ទុកចិត្ត​លើ​ជនជាតិ​ចិន​ទេ​ ហើយ​ប្រទេស​ចិន​មិន​ទុកចិត្ត​អាមេរិក​ទេ​”។

ការ​វិនិយោគ​បរទេស​របស់​ចិន​ នៅក្នុង​អចលនទ្រព្យ​អាមេរិក​ ក៏​មាន​ភាពស្មើគ្នា​នឹង​ការ​វិនិយោគ​បរទេស​ផ្ទាល់​នៅក្នុង​វិស័យ​ដទៃទៀត​ដែរ​។ របាយការណ៍​វិភាគ​អចលនទ្រព្យ​ដែល​ធ្វើឡើង​នៅ​ឆមាស​ទី១នៃ​ឆ្នាំនេះ​បាន​រក​ឃើញថា​ វិនិយោគិន​ចិន​បាន​ទិញ​អចលនទ្រព្យ​ចំនួន៣៧កន្លែង​ ដែល​មានតម្លៃ២​,៣ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​បាន​លក់​អចលនទ្រព្យ​ចេញ​ក្នុង​តម្លៃ​ជិត៣​,១ ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​។

របាយការណ៍​អចលនទ្រព្យ​របស់​អាមេរិក​ដោយ​ Cushman​ &​ Wakefield​ បានឱ្យ​ដឹង​ថា​ “វា​មាន​ភាព​ច្របូកច្របល់​ក្នុង​បោះបង់ចោល​ការ​វិនិយោគ​របស់​វិនិយោគិន​ចិន​”។

ឥទ្ធិពល​នៃ​ការ​វិនិយោគ​របស់​ចិន​ អាច​ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់​នៅក្នុង​វត្តមាន​របស់​ខ្លួន​នៅ​អាមេរិក​។ ទោះបីជា​មានការ​បង្រួបបង្រួម​ នៃ​វិស័យ​អចលនទ្រព្យ​ដោយ​វិនិយោគិន​ ចិន​នៅតែ​ជា​អ្នកទិញ​បរទេស​ធំ​បំផុត​ នៃ​អចលនទ្រព្យ​ទ្រព្យ​នៅ​អាមេរិក​។

ស្រប​ពេល​ជាមួយគ្នា​នោះ​ ទីក្រុង​ប៉េកាំង​ និង​មូស្គូ​កំពុង​ធ្វើ​យុទ្ធ​សាស្រ្ត​ដើម្បី​ញែក​សេដ្ឋកិច្ច​អាមេរិក​ ដោយ​ការស្វែងរក​មធ្យោបាយ​ ដើម្បី​បង្កើន​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទី២​ និង​ទី៣​ របស់​ពិភពលោក​នេះ​។

យោង​តាម​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី​ លោក​ Maxim​ Oreshkin​ បាន​ឲ្យដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ទ្វេដង​ដល់២០០ពាន់​លាន​ដុល្លារ​ បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​កាលពីដើម​ខែ​នេះ​។

លោក​ Oreshkin​ បាន​ប្រាប់​សារព័ត៌មានស៊ិនហួរ​ ថា​ “ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ត្រូវ​អនុវត្ត​គម្រោ​ងធំៗ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​ទំនិញ​ប្រើប្រាស់​ចុងក្រោយ​ និង​ការ​វិនិយោគ​ផង​ដែរ​។ បរិមាណ​ទាំងនេះ​នឹង​កើនឡើង​យ៉ាង​ខ្លាំង​”។

ប្រទេស​ចិន​ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​រួចហើយ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​សណ្ដែកសៀង​ ដែល​ជា​ទំនិញ​នាំចេញ​កសិផល​សំខាន់​មួយ​សម្រាប់​អាមេរិក​ និង​ចំណុចរសើប​សម្រាប់​ប្រធានាធិបតី​អាមេរិក​ Trump​ ខណៈ​ លោក​ព្យាយាម​ធានា​ការបោះឆ្នោត​ពី​កសិករ​អាមេរិក​ ក្នុង​ការ​គាំទ្រ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​។

អាមេរិក​ជា​អ្នកផ្គត់ផ្គង់​សណ្ដែកសៀង​ធំ​បំផុត​របស់​ចិន​។ ប៉ុន្តែ​ចិន​បាន​បញ្ឈប់​ការនាំចូល​សណ្តែកសៀង​ពី​អាមេរិក​ បន្ទាប់ពី​មានការ​បង្កើន​ពន្ធ​រហូតដល់២៥ភាគរយ​លើ​ទំនិញ​របស់​អាមេរិក​។

របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​ នាយកដ្ឋាន​កសិកម្ម​អាមេរិក​នៅក្នុង​ឆ្នាំនេះ​ បាន​បង្ហាញថា​ “ការ​លក់​ និង​ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ ទៅ​ប្រទេស​ចិន​មានកម្រិត​ទាប​ខ្លាំង​ដែល​វា​កំពុងតែ​កើតមាន​”។

លើស​ពីនេះ​ទៀត​ ប្រទេស​ចិន​បាន​ឧបត្ថម្ភ​ ដល់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​ដែល​រួមមាន​រដ្ឋ​សមាជិក​អាស៊ាន​ និង​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​សំ​ខាន់​ៗដូចជា​ប្រទេស​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ និង​ឥណ្ឌា​។ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មិនរាប់​បញ្ចូល​អាមេរិក​ និង​ព្យាយាម​ញែក​ប្រទេស​មហាអំណាច​ពិភពលោក​នេះ​ ចេញពី​តំបន់​មួយ​នេះ​ ដែល​មាន​ប្រជាជន ៣​,៥ពាន់​លាន​នាក់​ និង៣០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​ពិភពលោក​។

ប្រសិនបើ​រដ្ឋ​ជាស​មា​ជិ​កបាន​ចុះ​កិច្ច​ព្រមព្រៀង​ ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ត្រូវ​បាន​ហៅថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) វា​នឹង​ស្រដៀងនឹង​សហភាព​អឺរ៉ុប​ (EU​)។

តំណាង​ពាណិជ្ជកម្ម​មក​ពីរ​ដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ទាំង១០​ និង​ដៃគូ​របស់​ខ្លួន​ដែល​មាន​ប្រទេស​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ ញូ​ហ្សេ​ឡែន​ និង​ឥណ្ឌា​ បាន​បើក​កិច្ចប្រជុំ​ជាច្រើន​ដើម្បី​ស្វែងរក​ព័ត៌មាន​លំអិត​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​បែប​សហភាព​អឺរ៉ុប​ និង​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​តំបន់​។

ការ​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​នេះ​បាន​កើតមានឡើង​ នៅពេល​ដែល​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើ​ឱ្យ​អស្ថិរភាព​សេដ្ឋកិច្ច​អាស៊ី​ និង​ពិភពលោក​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក​ Simon​ Birmingham​ បាន​ហៅ​កិច្ច​ព្រមព្រៀង​ RCEP​ ថា​ ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ក្នុងចំណោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សំ​ខាន់​ៗបំផុត​នៅក្នុង​ពិភពលោក​។

លោក​ Simon​ បាន​បន្ថែម​ថា​ អូស្ត្រាលី​ មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បានទេ​ ហើយ​អូស្ត្រាលី​ត្រូវតែ​ស្វែងរក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ប្រកបដោយ​គុណសម្បត្តិ​ បើ​ទោះបីជា​ពួកគេ​មិនរាប់​បញ្ចូល​ដៃគូ​ប្រពៃណី​ដូចជា​ សហរដ្ឋអាមេរិក​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​ ការ​ចំណាយ​ការខាតបង់​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​អាច​ឈាន​ដល់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដែល​មិនធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ២០០៨​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth​ Chan​-ocha​ នៅ​សន្និសីទកំពូល​អាស៊ាន​លើក​ទី​ ៣៤​ ស្តី​ពី​ RCEP​ បាន​និយាយ​ថា​ “នៅពេល​ដែល​បូក​បញ្ចូល​គ្នា​រវាង​អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​ នឹង​បង្កើត​ប្លុក​តំបន់​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​”។

លោក​បាន​បន្ថែម​ថា​ “ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ យើង​នឹង​មានអំណាច​ចរចា​ និង​មាន​មូលដ្ឋាន​សម្រាប់​ចរចា​”៕

រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​ប្លង់​គោល​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ចំ​គោលដៅ​

0

ដោយ​នៅ​ វឌ្ឈ​នា​

ភ្នំ​ពេញៈ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ លើ​ការអនុវត្ត​ប្លង់​គោល២០៣៥​ ដើម្បី​ឈាន​ទៅ​ការអភិវឌ្ឍន៍​ទីក្រុង​ ធានា​បាន​ប្រសិទ្ធ​ ភាព​ខ្ពស់​និង​ ចំ​គោលដៅ​នា​ពេល​អនាគត​។

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ត្រួតពិនិត្យ​ប្លង់​គោល២០៣៥នៅ​ព្រឹក​ថ្ងៃទី២៣​ កក្កដា​នេះ​ លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ការពិនិត្យ​មើល​ការអនុវត្ត​ប្លង់​គោល២០៣៥​ នៅ​រាជធានី​ភ្នំពេញ​នេះ​មាន​គោលដៅ​សំខាន់ណាស់​ ដើម្បីអោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​បានដឹង​ពី​ស្ថានភាព​ជាក់ស្តែង​ នៃ​ការអនុវត្ត​ប្លង់​មេនេះ​កន្លងមក​លើ​បញ្ហា​វិជ្ជមាន​ និង​អវិជ្ជមាន​ ដើម្បី​ផ្តល់​ជា​អនុសាសន៍​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ឆ្នាំ២០៣៥ខាងមុខ​។

លោក​បន្ត​ថា​ “ការ​រួមគ្នា​ពិភាក្សា​លើ​ការ​គោលនយោបាយ​អនុវត្តន៍​ប្លង់​មេ​ នេះ​គឺ​ស្របតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ដែល​តម្រូវឲ្យ​រយៈពេល៥ត្រូវ​ត្រួតពិនិត្យ​ស្ថានភាព​អភិវឌ្ឍន៍​នៃ​ប្លង់​គោល​នៃ​ម្តង​ ដើម្បី​ធានា​កុំ​អោយ​មាន​បញ្ហា​ប្រឈម​ណាមួយ​កើតឡើង​នា​ពេល​ខាងមុខ​”។

នាយក​ទីចាត់ការ​រៀបចំ​ក្រុង​លោក​ស៊ិន​ បូណ៌មី​បាន​ឲ្យដឹង​ថា​ ប្លង់​គោល​នេះ​ បាន​ជួយ​តម្រង់​ទិស​ការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ ប្រកបដោយ​ប្រសិទ្ធភាព​ តាមរយៈ​ការ​តម្រង់​ទិស​ ការប្រើ​ប្រាស់​ដីធ្លី​ ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍​ ប្រព័ន្ធ​ប្រឡាយ​មេ​ រោងចក្រ​សហគ្រាស​ និង​តំបន់​សា​ធា​រណៈ​ផ្សេង​ៗ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ និង​សង្គមជាតិ​។ លោក​បាន​បញ្ជាក់​ថា​ ជា​អនុសាសន៍​ក្រុមការងារ​ជំនាញ​ នឹង​ប្រមូល​ទិន្នន័យ​ប្លង់​ប្រើប្រាស់​ដី​តាម​ខណ្ឌ​ដែល​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​សុរិយោដី​ បាន​សិក្សា​និង​អនុម័ត​រួច​ ដើម្បី​ដាក់​បញ្ជាន់​ផ្ទៀងផ្ទាត់​ជា​ មួយ​ប្លង់​គោល២០៣៥​ និង​ប្លង់​មេ​ដឹកជញ្ជូន​សាធារណ២០៣៥​ ដើម្បី​ត្រៀម​ធ្វើ​បច្ចុប្បន្នភាព​នា​ឆ្នាំ២០២០ខាងមុខ​។

ប្លង់​គោល​រាជធានី​ភ្នំពេញ២០៣៥​ ត្រូវ​បាន​ចុះហត្ថលេខា​អនុម័ត​យល់ព្រម​ដោយ​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃទី​ ២៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ដើម្បី​ធ្វើការ​រៀបចំ​ទីក្រុង​ឲ្យបាន​ល្អ​ប្រសើរ​ ឆ្ពោះទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​កំណើន​ប្រជាពលរដ្ឋ​ កំណើន​យានយន្ត​ និង​ការ​អភិវឌ្ឍ​កាន់តែ​ច្រើន​នា​ពេល​ខាងមុខ​៕

ប្រធាន​ CREA​ ៖ ការសាងសង់​លំនៅ​ដ្ឋាន​រំលោភ​ផ្លូវ​សាធារណៈ​នឹង​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​មិន​ឡើងថ្លៃ​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ការ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដោយ​សាងសង់​របង​ផ្ទះ​ និង​ផ្ទះ​រំលោភបំពាន​ផ្លូវ​សាធារណៈ​ ធ្វើឲ្យ​ផ្លូវ​តូច​ចង្អៀត​មិន​ត្រឹមតែ​បង្ក​ផលវិបាក​ ដល់​ខ្លួនឯង​នោះ​ទេ​ តែ​ក៏​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​អចលនទ្រព្យ​នៅ​តា​មតំ​បន់់​របស់​ខ្លួន​ផង​ដែរ​។

លោក​ឃាង​ ពុទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ (CREA​) បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៣​ កក្កដា​នេះ​ថា​ ការ​គិតតែពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ពិតជា​បង្ក​បញ្ហា​ច្រើន​ដល់​ខ្លួនឯង​ និង​សង្គម​ ហេតុនេះ​ប្រជាពលរដ្ឋ​នានា​គួរ​គិត​ពី​ផលប្រយោជន៍​សាធារណៈ​ ដើម្បី​ផលប្រយោជន៍​ខ្លួនឯង​ផង​ និង​សង្គមជាតិ​ផង​។

លោក​បន្ត​ថា​ “ការសាងសង់​របង​ផ្ទះ​ ឬលំនៅ​ដ្ឋាន​រំលោភបំពាន​ផ្លូវ​សាធារណៈ​ ធ្វើឲ្យ​ផ្លូវ​តូច​ចង្អៀត​ ពិបាក​ក្នុង​ការ​ធ្វើ​ចរាចរ​ យានយន្ត​កកស្ទះ​ច្រើន​ នឹង​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​តំបន់​នោះ​មិន​ឡើងថ្លៃ​នោះ​ទេ​”។ លោក​បន្ត​ថា​ “ការពង្រីក​អំណាច​នៃ​ភាព​លោភលន់​ ដោយ​ការ​មិន​ចូលរួម​ស្ថាបនា​សង្គម​ និង​គិតដល់​សង្គម​ នឹង​ធ្វើឲ្យ​ខ្លួនឯង​កាន់តែ​មាន​បញ្ហា​ ហើយ​ការ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើន​ មិន​ឆ្លុះបញ្ចាំង​ពី​ប្រជាជន​ដែល​មាន​ភាព​ស៊ីវិល័យ​នោះ​ទេ​”។

ជាក់ស្តែង​ការបំពាន​ផ្លូវ​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ ឃើញ​មាននៅ​តំបន់​ជាច្រើន​ក្នុង​ជាយក្រុង​ភ្នំពេញ​ ដូចជា​តំបន់​បឹងទំពុន​ តំបន់​ផ្សារ​ដើម​ថ្លូវ​ តំបន់​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ​ តំបន់​មួយចំនួន​ទៀត​ក្នុង​ស្រុក​កៀក​ស្វាយ​ ខេត្តកណ្តាល​ជាដើម​។

លោក​ឃាង​ ពុទ្ឋី​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ “ប្រជាជន​គួរ​គិត​ពី​ផលប្រយោជន៍​រួម​ឲ្យបាន​ច្រើន​ ព្រោះ​ការ​គិត​ពី​ផលប្រយោជន៍​សួនតួ​ នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សង្គមជាតិ​របស់​យើង​”៕