ក្រុម​ហ៊ុន​ព្រលា​នយន្តហោះ​ថៃ​នឹង​ចាប់ផ្តើម​ដាក់​ដំណើរការ​ App​ ជើងហោះហើរ​នៅដើម​ខែក្រោយ​នេះ

0

​ប្រែ​សម្រួល​ដោយ​ ប៊ី​

បាងកក​៖ ក្រុមហ៊ុន​ Airports​ of​ Thailand​ Plc​ នឹង​បើក​ដំណើរការ​កម្មវិធី​ទូរស័ព្ទ​ស្មា​តហ្វូ​ននៅ​ថ្ងៃទី​ ៦ ខែសីហា​ដើម្បី​ផ្តល់​ជូន​អ្នកដំណើរ​នូវ​ព័ត៌មាន​អំពី​ការ​ត្រួតពិនិត្យ​ឥវ៉ាន់​ ការ​បញ្ចុះតម្លៃ​ផលិតផល​ ហោះហើរ​ និង​សេវាកម្ម​កក់​សណ្ឋាគារ​ និង​តាក់ស៊ី​។

លោក​ Nitinai​ Sirismathakarn​ ប្រធាន​ក្រុមហ៊ុន​ Airports​ of​ Thailand​ Plc​ បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ អ្នកប្រើ​កម្មវិធី​ឌីជីថល​ AOT​ នឹង​មាន​ទិន្នន័យ​ពិតប្រាកដ​នៅ​លើ​ជើងហោះហើរ​ និង​សេវាកម្ម​ពាក់ព័ន្ធ​នៅ​លើ​ទូរស័ព្ទ​ទំនើប​របស់​ខ្លួន​រួម​ទាំង​ ផ្លូវ​ហោះហើរ​ដែល​បង្ហាញផ្លូវ​ធ្វើដំណើរ​ដើម្បី​ចៀសវាង​ការ​កកស្ទះ​ចរាចរ​នៅ​ជិ​តព្រលា​នយន្តហោះ​។

លោក​ បាន​និយាយ​ថា​ ការ​កក់​កន្លែង​ចត​រថយន្ត​អ្នកដំណើរ​ និង​តាក់ស៊ី​ ក៏ដូចជា​ ការ​បញ្ចុះតម្លៃ​លើ​ម្ហូបអាហារ​ ​ភេសជ្ជៈ​ សេវាកម្ម​ និង​ផលិតផល​នៅ​ព្រលា​នយន្តហោះ​ដែល​កំពុង​មានការ​ចូលរួម​ដោយ​បណ្តា​ប្រទេស​ដទៃទៀត​នឹងអាច​រកបាន​តាមរយៈ​កម្មវិធី​នេះ​។

លោក​ Nitinai​ បាន​មានប្រសាសន៍​ថា​ “នៅ​ខាងមុខ​ អ្នកដំណើរ​ថ្មី​ និង​ចាស់​នឹង​ត្រូវ​បាន​សម្គាល់​យ៉ាង​ច្បាស់​។ អ្នកដំណើរ​ថ្មី​នឹង​មាន​ទិន្នន័យ​របស់​ពួកគេ​ទាំងអស់​នៅ​លើ​ទូរស័ព្ទចល័ត​របស់​ពួកគេ​ ហើយ​អ្នក​ដំ​ណើរ​ចាស់​ៗនឹង​ដើរទៅ​កាន់​អេក្រង់​ដើម្បី​អាន​ព័ត៌មាន​ជើងហោះហើរ​ ហើយ​ទៅ​ពិនិត្យ​រកមើល​ពី​ជើងហោះហើរ​របស់​ពួកគេ​”។

លោក​បាន​និយាយ​ថា​ អាកាសយាន​ដ្ឋាន​ទីក្រុង​ Munich​ និង​ណា​រី​តា​កំពុង​ផ្តល់​ទិន្នន័យ​សម្រាប់​កម្មវិធី​ AoT​ ​ហើយ​អាកាសយាន​ដ្ឋាន​នៅ​អឺរ៉ុប​ចំនួន​ ៥ នឹង​អនុវត្ត​តាម​ពេល​អនាគត​។លោក​ បាន​និយាយ​ថា​ ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​ចំនួន​ប្រាំ​បាន​ចូលរួម​ក្នុង​កម្មវិធី​ (App​) នេះ​ រួមមាន​ ធនាគារ​បាងកក​ ធនាគារ​ Kasikornbank​ និង​ធនាគារ​ Krungthai​៕

តើ​អ្វី​នៅ​ពីក្រោយ​ការពង្រីក​វត្តមាន​ Mart​ តូច​ៗទៅកាន់​គ្រប់​ច្រកល្ហក​នៅ​ក្រុងភ្នំពេញ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ខណៈ​ពេល​ដែល​វត្តមាន​ផ្សារ​ទំនើប​ធំៗ​លំដាប់​អន្តរជាតិ​បាន​ និង​កំពុង​ចាប់​យក​ចំណែក​អតិថិជន​កាន់តែ​ខ្លាំង​ វត្តមាន​ហាង​ទំនើប​បែប ​Mini​ Mart ​បាន​និង​កំ​ពុង​ពង្រីក​ឥទ្ឋ​ពិល​របស់​ខ្លួន​ផង​ដែរ​ ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​។

វត្តមាន​នៃ​ Mini​ Mart​ ឬហាងទំនិញ​បែប​ទំនើប​ខ្នាត​តូច​ៗ (convenience​ store​) បាន​ និង​កំពុង​កើតមាន​ព្រោងព្រាត​ស្ទើរគ្រប់​តំបន់​ជាពិសេស​ នៅ​ទីប្រជុំ​នៃ​រាជធានី​ភ្នំពេញ​តែម្ដង​ ហើយ​ក្រុមហ៊ុន​ជីព​ ម៉ុង​ និង​ក្រុមហ៊ុន​ Prince​ Real​ Estate​ ក៏៏​បាន​និង​កំពុង​ពង្រីក​សាខា​របស់​ខ្លួន​ផង​ដែរ​។ខណៈ​វត្តមាន​ផ្សារ​ទំនើប​ខ្នាត​តូច​ ដែល​ត្រូវ​បាន​នាំចូល ​Franchise ​ពី​បរទេស​ ដូចជា​ Super​ Duper​, circle K, Kiwi​ Mart​ បា​នព​ង្រី​កឥទ្ឋិ​ពល​របស់​ខ្លួន​កាន់តែ​ខ្លាំង​ ហើយ​ហាងទំនិញ​ខ្នាត​តូច​របស់​ថៃ​ 7_​ Eleven ​បាន​និង​កំពុង​ត្រៀមខ្លួន​ចូល​មក​កម្ពុជា​ ដោយ​គ្រោង​ពង្រីក​ចំនួន៦០០ហាង​នៅ​ទីនេះ​ផង​ដែរ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ លោកស្រី​អាន​ សុធី​តា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ វត្តមាន​នៃ​ហាងទំនិញ​បែប​ទំនើប​ ឬផ្សារ​ទំនើប​ខ្នាត​តូច​ ដែល​កំពុងតែ​កើតមាន​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​នោះ​ទេ​ ដែល​វា​ទាមទារ​ឱ្យ​មាន​បង្កើត​បន្ថែម​ទៀត​ ខណៈ​ដែល​តម្រូវការ​ទីផ្សារ​ប្រភេទ​នេះ​នៅតែ​មាន​។

លោកស្រី​បន្ត​ទៀត​ថា​ “ការបង្កើត​ហាង​លក់ទំនិញ​ទាំងនេះ​ ក៏​ព្រោះតែ​តម្រូវ​តាម​ទីផ្សារ​ ដែល​ភាគច្រើន​អាច​មាន​ទំហំ​ចាប់ពី៥០​ ទៅ១០០​ ម៉ែត្រការ៉េ​ ឬអាច​ធំជាង​នេះ​ក៏​មាន​”។ លោកស្រី​បន្ត​ទៀត​ថា​ “ហាងទំនិញ​បែប​ទំនើប​ប្រភេទ​នេះ​ ងាយស្រួល​បង្កើត​ និង​អភិវឌ្ឍន៍​ ហើយក៏​បង្ក​ភាព​ងាយស្រួល​ដល់​អតិថិជន​ផង​ដែរ​”។

លោកស្រី​សុធី​តា​បាន​បន្ត​ទៀត​ថា​ រាល់​ទំនិញ​គ្រប់​ប្រភេទ​ដែល​មាន​ដាក់​លក់​នៅក្នុង​ហាងទំនិញ​ទាំងនេះ​ បើ​ប្រៀបធៀប​ជាមួយនឹង​ផ្សារ​ទំនើប​ខ្នាត​អន្តរជាតិ​ ហាក់​មានតម្លៃ​ថ្លៃ​បន្តិច​ ប៉ុន្តែ​វា​នៅតែ​ពេញនិយម​សម្រាប់​អ្នកទិញ​ ងាយស្រួល​ទិញ​ ចំណាយពេល​តិច​ជាង​ការ​ចូល​ផ្សារ​ទំនើប​។

អ្នកជំនាញ​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ហុង​ ​វណ្ណៈ​បាន​មានប្រសាសន៍​ទៀត​ថា​ “នៅ​ពេល​មាន​ហាងទំនិញ​ ឬផ្សារ​ទំនើប​ខ្នាត​តូច​បែប​ទំនើប​ទាំងនេះ​ វា​បាន​ស្ដែង​បញ្ជាក់​អំពី​ការ​កើនឡើង​នូវ​លទ្ធភាព​ និង​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ​។ លោក​បន្ត​ថា​ កំណើន​នៃ​ចំនួន​ហាងទំនិញ​បែប​ទំនើប​ទាំងនេះ​ នៅ​មិនទាន់​ច្រើនលើស​តម្រូវការ​នោះ​ទេ​ បើ​ប្រៀប​ទៅ​នឹង​ប្រទេសជិតខាង​ ដូចជា​ វៀតណាម​ និង​ប្រទេស​ថៃ​ជាដើម​ គឺ​មាន​ស្អេកស្កះ​។

លោក​បន្ត​ទៀត​ថា​ “ចាប់ពី​ពេលនេះ​ទៅ​ថ្ងៃខាងមុខ​ អ្នកប្រើ​ប្រាស់​ផលិតផល​ នឹង​ងាក​ទៅ​ចាប់អារម្មណ៍​រាល់​ទំនិញ​ ដែល​ដាក់​លក់​នៅក្នុង​ហាង​ទំនើប​ទាំងនេះ​ ដោយសារតែ​ធានា​បាន​នូវ​គុណភាព​ និង​សុវត្ថិភាព​ត្រឹមត្រូវ​ជាង​ការទិញ​ទំនិញ​ តាម​ផ្ទះ​លក្ខណៈ​បែប​ប្រពៃណី​”។ លោក​បន្ត​ទៀត​ថា​ “បន្ថែម​ពីនេះ​ វត្តមាន​របស់​ហាងទំនិញ​ទំ​និ​បទាំង​អស់នេះ​ ក៏បាន​ចូលរួម​នៅក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​ និង​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​តាមរយៈ​ការ​បង់ពន្ធ​ប្រចាំឆ្នាំ​ផង​ដែរ​”៕

អន្តរក្រសួង​ចាប់ផ្តើម​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​នៅ​រាជធានី​ភ្នំពេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួងបរិស្ថាន​បានបើក​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​ បរិស្ថាន​ និង​សង្គម​ពេញលេញ ​(ESIA​) សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​។

សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ប្រវែង ១៨.៩៨៥ម៉ែត្រ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហា​វិ​ថី​ហ្សា​ដឺ​ហ្គោល​។ មហាវិថី​សម្តេច​មុនី​រ៉េ​ត កំណាត់​មហាវិថី​សហព័ន្ធ​រុស្សី​ ផ្លូវ​វេ​ងស្រេង​ កំណាត់ផ្លូវ​ជាតិ​លេខ៤​ និង​កំណាត់ផ្លូវ​ទំនប់​កប់​ស្រូវ​ រាជធានី​ភ្នំពេញ​ របស់ក្រ​សួង​សាធារណការ​ និង​ដឹកជញ្ជូន​(ម្ចាស់​គម្រោង​) និង​មានការ​សិក្សា​គម្រោង​ដោយក្រុម​ហ៊ុន​ នី​ប៉ុង​ កូ​អេ​ ខូ​ អិល​ធី​ឌី​ និង​សិក្សា​វាយតម្លៃ​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ PPIC​ Co​., Ltd​.។

លោក​សូ​ ខន​ឬទ្ធី​គុណ​ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ បានឱ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ទី២២​ ខែកក្កដា​ ឆ្នាំ២០១៩ ម្សិលមិញ​នេះ​បាន​ប្រកាស​គាំទ្រ​លើ​ផែនការ​មួយចំនួន​ដូចជា​ ទី១​ គាំទ្រ​និង​សាទរ​ចំ​ពោះ​ម្រោ​ងអភិវឌ្ឍន៍​នេះ​ ពីព្រោះ​គម្រោង​នេះ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ទំនើបកម្ម​ទីក្រុង​ និង​កាត់បន្ថយ​ការ​ស្ទះចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ ទី២​ ម្ចាស់​គម្រោង​ត្រូវ​ផ្តល់​ព័ត៌មាន​បន្ថែម​ស្តី​ពី​ប្រភេទ​រថភ្លើង​ ទី៣​ ម្ចាស់​គម្រោង​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការដ្ឋាន​ និង​ត្រូវ​បញ្ជាក់​ពី​ការ គ្រប់គ្រង​សំណល់រឹង​-រាវ​ និង​ទី៤​ ក្រុមហ៊ុន​ទីប្រឹក្សា​ត្រូវ​សហការ​ជាមួយ​ម្ចាស់​គម្រោង​ ធ្វើការ​កែសម្រួល​ និង​បំពេញ បន្ថែម​នៅក្នុង​ របាយការណ៍​ ESIA​ នេះ​នូវ​រាល់​មតិ​អង្គប្រជុំ​ដែល​បាន​លើកឡើង​។

កិច្ចប្រជុំ​អន្តរក្រសួង​លើ​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​ ក្នុង​រាជធានី​ភ្នំពេញ​នេះ​ ប្រព្រឹត្តទៅ​ ដោយមាន​ការចូលរួម​ពី​ ថ្នាក់ដឹកនាំ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ តំណាង​អគ្គនាយក​ដ្ឋាន​ និង​អគ្គលេខាធិការ​ដ្ឋាន​នៃ​ក្រសួងបរិស្ថាន​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ តំណាង​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​ផង​ដែរ​៕

ADB​ ផ្តល់​មូលនិធិ​ ៥០លាន​ដុល្លារ​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​រូបិយប័ណ្ណ​ក្នុង​តំបន់​អាស៊ាន​+3

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) បាន​ផ្តល់​មូលនិធិ៥០លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​រួមចំណែក​ដើមទុន​បន្ថែម​ ដើម្បី​គាំទ្រ​ដល់​ប្រតិបត្តិ​ការធានា​នូវ​មូលនិធិ​វិនិយោគ​ឥណទាន​ (CGIF​) ដែល​បាន​បង្កើត​ឡើង​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ទីផ្សារ​រូបិយប័ណ្ណ​ក្នុង​តំបន់​ និង​សាច់ប្រាក់​ងាយស្រួល​ក្នុង​តំបន់​ និង​នៅក្នុង​តំបន់​អាស៊ាន​+3។

មូលនិធិ​វិនិយោគ​ឥណទាន​ (CGIF​) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែមេសា​ ឆ្នាំ​ ២០១០​ ដោយមាន​ដើមទុន​ដំបូង​ ដែល​មាន​ទឹកប្រាក់​ចំនួន ៧០០លាន​ដុល្លារ​ រួម​ទាំង​ការចូលរួម​វិភាគទាន​ចំនួន១៣០លាន​ដុល្លារ​ពី​ ADB​។

មូលនិធិ​វិនិយោគ​ឥណទាន​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្នែក​មួយ​ នៃ​សកម្មភាព​គោលនយោបាយ​ ដែល​បាន​ព្រមព្រៀង​ក្រោម​គំនិត​ផ្តួចផ្តើម​ទីផ្សារ​សញ្ញាប័ណ្ណ​អាស៊ី​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​ ជាពិសេស​តាមរយៈ​ការ​ផ្តល់​ការធានា​ឥណទាន​ដល់​អ្នក​ចេញ​ប័ណ្ណបំណុល​អាស៊ាន​ +3។

អាស៊ាន ​+3 រួម​មា​នប៊្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម​ កម្ពុជា​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ឥណ្ឌូណេស៊ី​ ជប៉ុន​ សាធារណរដ្ឋ​កូរ៉េ​ ឡាវ​ ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ ហ្វីលីពីន​ សឹង្ហ​បូរី​ ថៃ​ និង​វៀតណាម​។

លោក​ Michael​ Barrow​ អគ្គនាយក​ប្រតិបត្តិ​ផ្នែក​ប្រតិបត្តិ​ការ​ផ្នែកឯកជន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​មាន​ប្រសាសន៍​ថា​ “ការ​មាន​ទីផ្សារ​មូលបត្រ​បំណុល​ដែល​មានការ​អភិវឌ្ឍន៍​ និង​ការ​រួមបញ្ចូល​គ្នា​គឺជា​ផ្នែក​សំខាន់​សម្រាប់​ប្រទេស​មួយ​ ដើម្បី​ដោះស្រាយ​ការ​វិនិយោគ​បន្ថែម​ទៀត​ ឆ្ពោះទៅ​រក​ការ​រីកចម្រើន​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​”។

លោក​បាន​ថ្លែង​ថា​ “ប៉ុន្តែ​ទីផ្សារ​សញ្ញាប័ណ្ណ​មួយចំនួន​នៅ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៅតែ​មិនទាន់​មានការ​អភិវឌ្ឍន៍​នៅឡើយ​”។

លោក​បាន​បន្ត​ថា​ “មូលនិធិ​វិនិយោគ​ឥណទាន​ដែល​ប្រើប្រាស់​ការធានា​ និង​ការ​លើកកម្ពស់​ឥណទាន​អាច​ជួយ​បាន​ ព្រោះ​វា​ផ្តល់​ទំនុកចិត្ត​កាន់តែ​ច្រើន​ដល់​វិនិយោគិន​ក្នុង​ស្រុក​ និង​បរទេស​ ក៏ដូចជា​ ការជំរុញ​ឱ្យ​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចូល​មករ​កទីផ្សារ​មូលបត្រ​បំណុល​ដែល​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​របស់​ពួកគេ​”៕

ផ្លូវជាតិ​តភ្ជាប់​រវាង​ខេត្ត​បន្ទាយមានជ័យ​ ទៅកាន់​ខេត្ត​ឧត្តរមានជ័យ​តម្លៃ​ ១២២លាន​ដុល្លារ​បញ្ចប់​ការសាងសង់​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ផ្លូវជាតិ​លេខ៥៨ដែល​តភ្ជាប់​រវាង​ខេត្ត​បន្ទាយមានជ័យ​ ទៅកាន់​ខេត្ត​ឧត្តរមានជ័យ​តម្លៃ ១២២លា​នដ​យល្លា​រអា​មេ​រិក​ បាន​បញ្ចប់​ការ​សាង​សង់់​ និង​ត្រូវ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​នេះ​ ពិនិត្យ​លើ​បច្ចេកទេស​សាងសង់​ឡើងវិញ​។

កំណាត់ផ្លូវ​ជាតិ​លេខ៥៨បាន​សាងសង់​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ Co​., Ltd​ ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ Guangzhou​ Wanna​ Construction​ Supervision​ Co​., Ltd​ នៃ​សាធារណរដ្ឋ​ ប្រជាមានិត​ចិន​ មាន​ប្រវែង១៧៤​ និង​ ១៦០​ គីឡូ​ម៉ែ​ត (បន្ទាយមានជ័យ​-ឧត្តរមានជ័យ​)។

ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន១៧៤​,១៦០គីឡូម៉ែត្រ​ និង​ទទឹង១២ម៉ែត្រ​ ក្នុង​នោះ​ផ្លូវ​មេ​ប្រវែង១៦៥​,១៨៦​ គីឡូម៉ែត្រ​ និង​ផ្លូវ​ខ្នែង​ប្រវែង ៨​,៩៨០គីឡូម៉ែត្រ​ សាងសង់​ឡើង​ក្រោម​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សរុប​ប្រមាណ១២២លាន​ដុល្លារ​អាមេរិក​ ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​ (DBST​)គិត​ចាប់ពី​ផ្លូវជាតិ​លេខ៥ត្រង់​គ.ម​ ៣៩៩​+៩០០​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ទៅកាន់​ផ្លូវជាតិ​លេខ៦៨ត្រង់​គ.ម​ ១០១​+៥០០​(ផ្លុង​) ខេត្ត​ឧត្តរមានជ័យ​។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ និង​ភាគី​ពាក់ព័ន្ធ​កែសម្រួល​បំពេញបន្ថែម​នូវ​លក្ខណៈ​បច្ចេកទេស​ ឱ្យ​បាន​ត្រឹមត្រូវ​នូវ​ផ្លូវជាតិ​លេខ៥៨​ ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​នេះ​ មានគុណ​ភាពរឹងមាំ​ និង​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

លោក​បាន​ពិនិត្យ​ឃើញ​មាន​បញ្ហា​បច្ចេកទេស​មួយ​ ចំនួន​ទាក់ទង​នឹង​ការសាងសង់​ ហើយ​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ ត្រូវ​ជួសជុល​បាន​លឿនៅ​ចំណុច​តិចតួច​ដែល​មានការ​ខូចខាត​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ កំណាត់ផ្លូវ​នេះ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការសម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ តំបន់​ភាគ​ពាយ័ព្យ​ប្រទេស​ ព្រមទាំង​ការ​ដឹកជញ្ជូន​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត​ ជាពិសេស​កំណាត់ផ្លូវ​ នេះ​អាច​សម្រួល​ដល់​ការ​តភ្ជាប់​ជាមួយ​ព្រះរាជាណាចក្រ​ថៃ​ ក្នុង​ការពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ថែមទៀត​របស់​ប្រទេសជាតិ​។

គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​ នៅ​ថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០១៥​ និង​ត្រូវ​បាន​បញ្ចប់​ការងារ​សាងសង់​ជាស្ថាពរ១០០​%នៅ​ថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​៕

ឧបនាយក​រដ្ឋមន្ត្រី​ ជា​សុ​ផា​រ៉ា​ ស្នើ​ឱ្យ​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ដែល​មិន​អនុវត្តន៍​ច្បាប់​

0

ដោយ ​វុត្ថា​

ភ្នំពេញ៖ ឧបនាយក​រដ្ឋមន្ត្រី​ ជា​សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ស្នើ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​ ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ និង​ម្ចាស់​សំណង់​ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​ និង​លក្ខខណ្ឌ​តម្រូវ​ដោយបទ​ដ្ឋាន​គតិ​យុត្ត​ និង​បទដ្ឋាន​បច្ចេកទេស​។

យោង​តាម​លិខិត​លេខ​ ២៣២២​ ដនស​/អរប​ របស់​ឧបនាយក​រដ្ឋមន្ត្រី​ ជា​សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ផ្ញើរ​ទៅកាន់​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ ខេត្ត​នៅ​ថ្ងៃទី​ ២៣​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ដើម្បី​ធានា​ការងារ​សាងសង់​ ការប្រើ​ប្រាស់​សំណង់​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិ​យុត្ត​ និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ ធានា​គុណភាព​ សុវត្ថិភាព​សំណង់​ ការពារ​ទ្រព្យសម្បត្តិ​ សុខមាលភាព​របស់​ម្ចាស់​សំណង់​ អ្នកប្រើ​ប្រាស់​សំណង់​ និង​សាធារណជន​ និង​ធាន​គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​ ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ក្នុង​វិស័យ​សាងសង់​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ស្នើ​អភិបាលខេត្ត​ ចាត់វិធានការ​តា​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​សាងសង់​ ដែល​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ ការអនុញ្ញាត​ឱ្យ​ប្រកប​អាជីវកម្ម​សាងសង់​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ចំពោះ​ម្ចាស់​សំណង់​ដែល​ដំណើរការ​ការដ្ឋាន​សាងសង់​ ដោយ​មិន​មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​អាជ្ញាធរ​មានសមត្ថកិច្ច​។

លោក​បណ្ឌិត​ តាន់​ មុនី​វណ្ណ​ អនុប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ បាន​ស្វាគមន៍​ចំ​ណាច់​ការ​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់​ ដែល​មិន​អនុវត្ត​តាម​កាតព្វកិច្ច​សង​សង់​នេះ​ ពិតជា​ត្រឹមត្រូវ​ ព្រោះថា​ ​រដ្ឋាភិបាល​កម្ពុជា​ កំពុងតែ​ពង្រីក​ការគ្រប់គ្រង​វិសាលភាព​ច្បាប់​ និង​ការអនុវត្ត​ច្បាប់​។

លោក​បន្ត​ថា​ កន្លងមក​នេះ​ មាន​ក្រុមហ៊ុន​សាងសង់​មួយចំនួន​ មិន​មានការ​ស្នើសុំ​ច្បាប់​សាងសង់​ត្រឹមត្រូវ​ និង​គ្មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម​ ហើយ​ចេះ​ៗតែ​ធ្វើ​ទៅ​។ បើ​ទោះបី​អាជ្ញាធរ​មិន​ចេញ​អាជ្ញា​បណ្ណ​ឱ្យ​ ឬលិខិត​ផ្ទេរសិទ្ធិ​បង់ពន្ធ​ឱ្យ​ក្ដី​ ក៏​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​ធ្វើ​ ​ដែល​បណ្តាល​ឱ្យ​មានការ​ខាតបង់​ ចំពោះ​ក្រុមហ៊ុន​ដែលគេ​គោរ​ច្បាប់​ត្រូវ​ ក្នុង​ការ​ចំណាយ​ខ្ពស់​ជាង​ក្រុមហ៊ុន​ ដែល​មិន​គោរពច្បាប់​ត្រឹមត្រូវ​ ដែល​ចំណាយ​តិច​ និង​មាន​ហា​នី​ភ័យ​ចំពោះ​អ្នកទិញ​សំណង់​ផង​ដែរ​។

លោក​បណ្ឌិត​បញ្ជាក់​ថា​ វិធានការ​របស់​រដ្ឋាភិបាល​នា​ពេលនេះ​ សរ​បញ្ជាក់​ថា​ រដ្ឋាភិបាល​បាន​នឹង​កំពុង​យកចិត្ត​ទុកដាក់​ ក្នុង​ការ​អនុ​វត្ថ​ច្បាប់​ចំពោះ​ការ​គ្រប់​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​មានប្រសិទ្ធភាព​ និង​ធ្វើ​ឱ្យ​សំណង់​នានា​នៅក្នុង​ប្រទេស​កម្ពុជា​មានគុណ​ភាព​ និង​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​៕

ឱកាសពង្រីកសមត្ថភាព និងពង្រីកបណ្តាញនៃសាលាអចលនទ្រព្យកម្ពុជា

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ការ​ចាប់ផ្តើម​អាជីវកម្ម​ទាមទារ​ចំណេះដឹង​ ជំនាញ​ ពិសេស​ការ​ចង​បណ្តាញ​អាជីវកម្ម​ ហេតុនេះ​ការស្វែងរក​ឳកាស​នេះ​ពិតជា​សំខាន់​ ហើយ​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​និង​កំពុងធ្វើការ​ងារ​នេះ​ដើម្បី​ពង្រីក​ និង​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​។

ការ​វិនិយោគ​លើ​ការសិក្សា​ ជា​ការ​វិនិយោគ​ដ៏​ប្រសើរ​ និង​មិន​ចេះ​រីងស្ងួត​ ហេតុនេះ​ដើម្បី​ស្វែងយល់​ និង​សិក្សា​បង្កើន​ចំណេះដឹង​ ក៏​ដូច​ជំនាញ​បន្ថែម​ជាមួយ​សាលា​អចលនទ្រព្យ​កម្ពុជា​ត្រឹមតែ៣៤ថ្ងៃ​ លោកអ្នក​អាច​មាន​ធនធាន​យ៉ាង​ពិតប្រាកដ​ សម្រាប់​ប្រកប​ជំនួញ​ក្នុង​វិស័យ​មួយ​នេះ​ពេល​មួយ​ជីវិត​ ហើយ​រឹតតែ​ពិសេស​ទៅទៀត​នោះ​ ការចែក​រំលែក​អ្នកដទៃ​ដែល​អ្នក​ពេញចិត្ត​ រួម​ជាមួយនឹង​មនុស្ស​ជំនាន់​ដែល​ជា​អ្នក​បន្ត​វេ​ណនៅក្នុង​វិស័យ​មួយ​នេះ​។

នាយក​សាលា​ជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ខាត់​ បូរ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ថ្ងៃទី២២​ កក្កដា​កន្លងមក​ថា​ នៅក្នុង​រយៈពេល៣៤ថ្ងៃ​នៃ​ការ​ចូលខ្លួន​ជាស​មា​ជិ​កនៃ​សាលា​អចលនទ្រព្យ​កម្ពុជា​ លោកអ្នក​នឹង​បាន​សិក្សា​ស្វែងយល់​ពី​ជំនាញ​ និង​ចំណេះដឹង​ជាច្រើន​យ៉ាង​សន្ធឹក​សន្ធាប់​ ដែល​ជាដើម​ទុន​យ៉ាង​សំខាន់​ នៅក្នុង​ធ្វើជំនួញ​ក្នុង​វិស័យ​នេះ​។

​;សម្រាប់​ពេលវេលា​នៃ​ការសិក្សា​ស្វែងយល់​ពី​ជំនាញ​ ត្រូវ​បាន​បែងចែក​យ៉ាង​ច្បាស់លាស់​ដូចជា​ ទី១​ ជំនាញ​ផ្លូវច្បាប់​សម្រាប់​អ្នករក​ស៊ី​ ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​បាន​ជោគជ័យ​ (Legal​ Skill​ in​ Real​ Estate​) មាន​រយៈពេល១ថ្ងៃ​។ ទី២​ សិក្សា​ពី​វិធី​សា​ស្ត្របំ​លែងខ្លួន​ពី​អ្នក​ពុះ​ដី​ឡូ​តិ៍​ ទៅជា​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ជោគជ័យ​ (How​ to​ Transform​ from​ Land​ Business​ man​ to​ Residence​ Developer​) មាន​រយៈពេល១ថ្ងៃ​។ ទី៣​ ស្វែងយល់​ពី​វិធី​សាស្រ្ត​ជោគជ័យ​ ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​តាម​បែប​ស្ថាបត្យកម្ម​លំដាប់​លេខ១​ សម្រាប់​សត​វត្យ​ទី២១​ (Successful​ Method​ in​ Property​ Development​ in​ the​ Image​ of​ Top​ Architecture​) មាន​រយៈពេល១ថ្ងៃ​។

​ទី៤​ សិក្សា​ពី​ជំនាញ​រៀបចំ​គម្រោង​ផែនការអាជីវកម្ម​សម្រាប់​ការ​អភិវឌ្ឍ​ដី​ឡូ​តិ៍​ លំនៅ​ដ្ឋាន​ និង​ការ​វិនិយោគ​ឱ្យ​ជោគជ័យ​ (Business​ Plan​ Skill​ ​; for​ Property​ Development​ and​ Investment​) រយៈពេល២ថ្ងៃ​។ ទី៥​ សិក្សា​ពី​ជំនាញ​រៀបចំ​គម្រោង​ផែនការអាជីវកម្ម​សម្រាប់​ការ​អភិវឌ្ឍ​អា​ផា​តមិន​ ខន់​ដូ​ អគារ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឱ្យ​ជោគជ័យ​ (Business​ Plan​ Skill​ ​for​ Condo​, Commercial​ Center​ and​ Investment​) រយៈពេល២ថ្ងៃ​ ។ ជាដើម​។

លោក​ខាត់​ បូរ៉ា​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ អ្វី​ដែល​កាន់តែ​ពិសេស​ ដែល​ជា​ការ​ផ្តល់​ជូន​បន្ថែម​ គឺ​គ្រប់​សមាជិក​របស់​សាលា​អចលនទ្រព្យ​កម្ពុជា​ នឹង​ទទួល​បានការ​បង្វឹក​ឱ្យ​ក្លាយជា​អ្នក​ពូកែ​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​កម្រិត​កំពូល​។ អាច​ពង្រីក​បណ្តាញ​ទិញ​-លក់​អចលនទ្រព្យ​កាន់តែ​ទូលាយ​ និង​បង្កើន​ប្រាក់ចំណូល​កាន់តែ​លឿន​។

លោក​បន្ត​ថា​ ការ​ចូល​ជាស​មា​ជិ​កសាលា​នេះ​ សមាជិក​នឹង​ទទួល​បានការ​បង្វឹក​ឡើងវិញ​ពេញ​មួយ​ជីវិត​ដោយ​មិនបាច់​បង់ថ្លៃ​សិក្សា​។ ទទួល​បានការ​ប្រឹក្សា​ពីសា​លាជា​បន្តបន្ទាប់​ដោយ​ឥតគិតថ្លៃ​ សម្រាប់​រយៈពេល​ពេញ​មួយ​ជីវិត​ និង​មាន​បណ្តាញ​សមាជិក​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ទូទាំង​ប្រទេស​ ជួយ​គាំទ្រ​ជ្រោមជ្រែង​គ្នា​ សហការ​គ្នា​ទៅវិញទៅមក​ក្នុង​ភាពជា​ដៃគូ​។

បន្ថែម​ពីនេះ​ គឺ​ការ​វិនិយោគ​ដោយ​ការប្រើ​ថវិកា​តិច​ ប៉ុន្តែ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង​ការ​ចូល​បង្វឹក​តាម​វគ្គ​ផ្សេង​ៗ បន្ទាប់ពី​បាន​ក្លាយជា​សមាជិក​ផ្សារណាត់​អចលនទ្រព្យ​ Estate​ Exchange​។

អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ចង់​ពង្រីក​បណ្តាញ​ ចង់​ពង្រឹង​សមត្ថភាព​ និង​ពង្រីក​ឳកាស​ជោគជ័យ​កាន់តែ​ធំ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ 077​ 456​ 001​/ 081​ 456​ 001​/088​ 2000​ 168​៕

ក្រសួងទេសចរណ៍​ជ្រើសរើស​ខេត្តកំពត​ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ «វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​»

0

ដោយ​ វុត្ថា​

កំពត​៖ អជ្ញា​ធរ​កម្ពុជា​តារ​មយៈ​ក្រសួងទេសចរណ៍​ និង​រដ្ឋបាល​ខេត្តកំពត​បាន​ កំណត់​យក​ខេត្តកំពត​ ជា​ខេត្ត​គំរូ​ក្នុង​ការរៀបចំ​ឱ្យ​មាន​ «វិថី​ម្ហូបអាហារ​ ឬហៅ​ថា​ Street​ Food​» ឱ្យ​បាន​លេច​ធ្លោ​រឡើង​ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២០​-២១​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខ​។

ដើម្បី​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ធំ​ ប្រចាំឆ្នាំ​នេះ​ ប្រកបដោយ​ភាព​ជោគជ័យ​ ក្រសួងទេសចរណ៍​ រដ្ឋបាល​ខេត្តកំពត​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ បាន​ជួប​ប្រជុំ​ជាមួយគ្នា​ជា​រឿយ​ៗ ជាក់ស្ដែង​កាលពី​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​លើកឡើង​ពី​ការងារ​មួយចំនួន​ដែល​ត្រូវ​រួមគ្នា​អនុវត្ត​បន្ត​ ក្នុង​នោះ​រួមមាន​៖

* ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​នានា​ នៅ​ខេត្តកំពត​ឱ្យ​បាន​ទូលំទូលាយ​ ពិសេស​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ តំបន់​កសិ​ទេសចរណ៍​កូនសត្វ​ ចម្ការ​ម្រេច​ និង​ផលិ​ផល​ម្រេច​កំពត​ ភ្នំ​កំពង់ត្រាច​ រមណីយដ្ឋាន​ទឹកឈូ​ និង​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​ទៀត​។

* ត្រូវ​ត្រៀម​រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ ដែល​ជា​ផលិតផល​កសិកម្ម​នាំចេញ​នៅនឹង​កន្លែង​ ដូចជា​ ធូរេន​ ចេក​ សាវម៉ាវ​ ដូង​ ស្រកានាគ​ជាដើម​។

* ត្រូវ​ត្រៀម​រៀបចំ​ព្រឹត្តិ​ការណ៍​សិល្បៈ​ ទស្សនីយភាព​ របាំ​ តន្ត្រី​ និង​ត្រូវ​អញ្ជើញ​ក្រុម​សិល្បៈ​របស់​ប្រទេសជិតខាង​ និង​ខេត្ត​ដែល​ជា​សម្ពន្ធមេត្រី​របស់​ខេត្តកំពត​ ឱ្យ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ខាងមុខ​នោះ​។

* ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្តកំពត​ គប្បី​រៀបចំ​ឆ្នេរខ្សាច់​ថ្មីទៀត​ ដើម្បី​បង្កើត​ជា​ផលិតផល​ទេសចរណ៍​ទាក់ទាញ​បន្ថែម​។

* ស្នើ​ឱ្យ​ក្រុមហ៊ុន​សុខា​បូកគោ​ គប្បី​រៀបចំ​ព្រឹត្តិ​ការណ៍​កម្សាន្ត​ផ្សេង​ៗតាមដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​រួមចំណែក​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​នេះ​ ដូចជា​ព្រឹត្តិ​ការណ៍​ដើរកម្សាន្ត​ក្នុង​ព្រៃ​ រត់​ម៉ា​រ៉ា​តុន​ ប្រណាំង​កង់​ ប្រណាំងទូក​ និង​ទស្សនា​កម្សាន្ត​នៅ​តាម​តំបន់​ទាក់ទាញ​មួយចំនួន​ទៀត​នៅ​លើ​ភ្នំបូកគោ​។

* លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​កីឡា​ឱ្យ​បាន​ច្រើន​ ពិសេស​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ដាក់​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​ ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ដូចជា​ ជិះកង់​ រត់ប្រណាំង​ កីឡា​លើទឹក​ លើ​ឆ្នេរ​ និង​លើគោក​។

* ជំរុញ​ឱ្យ​យកចិត្ត​ទុកដាក់​ពង្រឹងគុណភាព​សេវាកម្ម​ អនាម័យ​ចំណីអាហារ​ ត្រូវ​បាន​បដិសណ្ឋារ​កិច្ច​ល្អ​ ត្រូវ​មាន​ឯកសណ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ត្រូវ​មានការ​លើកទឹកចិត្ត​ចំពោះ​មូលដ្ឋាន​អាជីវកម្ម​ណា​ ដែល​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ការ​ត្រួតពិនិត្យ​ វាយតម្លៃ​របស់ក្រ​សួង​ទេសចរណ៍​។

* ចំពោះ​ការងារ​ពាក់ព័ន្ធ​នឹង​សហគមន៍​ទេសចរណ៍​ និង​រមណីយដ្ឋាន​នានា​នៅ​ខេត្តកំពត​ កែប​ និង​ខេត្ត​ព្រះសីហនុ​ ត្រូវ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹងគុណភាព​សេវាកម្ម​ អនាម័យ​ចំណីអាហារ​ សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ពិសេស​ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ឆាប់រហ័ស​ អំពី​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​មកកាន់​ខេត្តកំពត​ និង​តំបន់ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល​ តាមរយៈ​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​វៃឆ្លាត​ (Mobile​ App​)។

* ត្រូវ​រៀបចំ​ការ​តុបតែង​លម្អ​ឱ្យ​មាន​សោភ័ណភាព​ល្អ​ ពិសេស​គឺ​ការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​ ធ្វើ​ឱ្យ​យ៉ាងណា​ឱ្យ​ទូទាំង​ខេត្ត​ និង​ក្រុង​កំពត​មាន​ភាព​ស្អាត​ និង​ត្រូវ​មាន​បង្គន់​អនាម័យ​ឱ្យ​បាន​គ្រប់គ្រាន់​ ត្រូវ​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​គួរ​ជា​ទី​មោទ​នៈ​។

រី​ឯបង្គន់​អនាម័យ​ និង​បន្ទប់ទឹក​នៅ​តាម​ភោជនីយដ្ឋាន​ អាហារដ្ឋាន​ ផ្ទះសំណាក់​ សណ្ឋាគារ​ ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ ទី​សាធារណៈ​ទៀតសោត​ ក៏​ត្រូវតែ​ស្អាត​ជានិច្ច​។ ជាមួយគ្នា​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​សែន​ នឹង​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ជុំ​ទី២​ នៅ​ខេត្តកំពត​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី២០​-២១​-២២​ ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខ​៕

ស្វែងយល់​ពី​តម្លៃ​អចលនទ្រព្យ​ដែល​តម្លៃ​ថ្លៃ​បំផុត​ទាំង៥​ នៅ​អាស៊ី​នៅ​ឆ្នាំ២០១៩​

0

ដោយ​ Donald​ Lee​

ភ្នំពេញ​៖ តំបន់​អាស៊ី​ធ្លាប់​បានឃើញ​ពី​ការ​បំបែក​ឯតទគ្គ​ នៃ​ការទិញ​កម្ម​អចលនទ្រព្យ​ដែល​មានតម្លៃ​ថ្លៃ​បំផុត​នៅ​ពាក់​កណ្តាល​​ឆ្នាំ២០១៩​។

ខាងក្រោម​នេះ​គឺជា​ការទិញ​អចលន​ទ្រព្យ​ធំៗ​ចំនួន៥​ ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ដែល​ហុងកុង​បាន​បង្ហាញ​ជាថ្មី​ម្តង​ទៀត​ថា​បាន​បង្ហាញខ្លួន​ជាទី​ក្រុង​ ដែល​មានតម្លៃ​អចលនទ្រព្យ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​។

៥) គម្រោង​ការិយាល័យ​ Toranomon​ Ni​-Chome​ នៅ​ទីក្រុង​តូក្យូ​

ក្រុមហ៊ុន​ Dai​-Ichi​ Life​ Holdings​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ បាន​ទិញ​អគារ​ការិយាល័យ​នេះ​ ដែល​មាន​ទំហំ​ជិត ៥៩​,០០០​ម៉ែត្រការ៉េ​នៅ​ចំ​កណ្តាល​សង្កាត់​ពាណិជ្ជកម្ម​ក្រុង​តូក្យូ​ក្នុង​តម្លៃ ១​,១២​ពាន់​លាន​ដុល្លារ​។

៤) ផ្សារ​ទំនើប​ Galaxy​ Mall​ នៅ​ទីក្រុង​ Tianjin​ ចិន​

ក្រុមហ៊ុន​ China​ Resources​ Land​ បាន​ទិញ​យក​ផ្សារ​ទំនើប​ Galaxy​ Mall​ ក្នុង​ទីក្រុង ​Tianjin​ ប្រទេស​ចិន​ក្នុង​តម្លៃ១​,១៥ពាន់​លាន​ដុល្លារ​។ អគារ​នេះ​មាន​ទំហំ​កន្លែង​ដី​លក់រាយ​ចំនួន ៣៦០​,០០០​ ម៉ែត្រការ៉េ​ដែល​មាន​កម្ពស់៥ជាន់​។

៣) អាគារ​ Dinghao​ Plaza​ នៅ​ទីក្រុង​ប៉េកាំង​

ក្រុមហ៊ុន ​Partners​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វ៊ី​ស បាន​ទិញ​យក​អាគារ​ Dinghao​ Plaza​ ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​តម្លៃ ១​,៣៤​ ពាន់​លាន​ដុល្លារ​។

២) ផ្សារ​ទំនើប​របស់​ក្រុមហ៊ុន​ Link​ REIT​ នៅ​ហុងកុង​

ក្រុមហ៊ុន​វិនិយោគ Gaw​ Capital​ បាន​ទិញ​ភាគហ៊ុន​ នៃ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ចំនួន ១២កន្លែងនៅ​ហុងកុង​ ពី​ក្រុមហ៊ុន​ Link​ Reit​ ។ ក្រុមហ៊ុន​នេះ​បាន​ចំណាយ​ប្រាក់​ប្រហែល ១​,៥៣ពាន់​លាន​ដុល្លារ​ ដែល​មាន​ទំហំ​លក់រាយ​ប្រមាណ​ជា
១០២​,០០០​ ម៉ែត្រការ៉េ​នៅ​ទូទាំង​ហុងកុង​។

១) អាគារ​ការិយាល័យ​ Cityplaza​ Three​ និង​អាគារ​ការិយាល័យ​ Cityplaza​ Four​ នៅ​ហុងកុង​

ក្រុមហ៊ុន​វិនិយោគ​ Hengli​ Holding​ បាន​ទិញ​អាគារ​ការិយាល័យ​ Cityplaza​ Three​ និង​ Cityplaza​ Four​ នៅ​ហុងកុង​ក្នុង​តម្លៃ​ជិត២ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ Swire​ Properties​ ។

អាគារ​ការិយាល័យ​កម្រិត​ A ចំនួន​ពីរ​នេះ​មាន​កំពស់២២ជាន់​ ហើយ​មាន​ទីតាំងនៅ​កណ្តាល​តំបន់​ពាណិជ្ជកម្ម​នៅ​ហុងកុង​៕

ផ្លូវជាតិ​ដ៏​វែង​តម្លៃ​ ៥០០លាន​ដុល្លារ​អាមេរិក​នៅ​ភូមិភាគ​ពាយ័ព្យ​សម្រេច​ បាន​ ៥១ភាគរយ​ហើយ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ ​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​អះអាង​ថា​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​ខាងជើង​ (បាត់ដំបង​-សិរីសោភ័ណ​) មកដល់ពេលនេះ​សម្រេច​បាន​ប្រមាណ ៥១ ភាគរយ​ហើយ​។

ក្នុង​ពិធី​ចុះ​ពិនិត្យ​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​ខាងជើង​នៅ​ថ្ងៃទី​ ២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩ លក​ន្លង​មកនេះ​ លោក​ស៊ុន​ ចាន់​ថុ​លបាន​ឲ្យដឹង​ថា​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ៥​ មាន​ប្រវែង​សរុប​ចំនួន ៣៦៦ គីឡូម៉ែត្រ​ ឋិត​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ និង​បន្ទាយមានជ័យ​ ជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​ សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ការងារ​ស្ថាបនា​ត្រូវ​បាន​បែងចែក​ជា​បី​ផ្នែក​ ធំៗ​រួមមាន​៖ ផ្នែក​ខាងជើង​ ផ្នែក​ខាងត្បូង​ និង​ផ្នែក​កណ្តាល​ ដោយ​ក្នុង​នោះ​៖ មានការ​ពង្រីក​កំណាត់ផ្លូវ​ ជាតិ​មានស្រាប់​ពី២គន្លង​ ទៅ៤គន្លង​ ទទឹង២៣ម៉ែត្រ​ មាន​ប្រវែង​សរុប៣០៤គីឡូម៉ែត្រ​ ក្រាល​ជំនួស​ដោយ​កៅស៊ូ​AC​ និង​មាន​សួរ​ច្បារ​កណ្តាល​។

ផ្លូវ​នេះ​មានការ​សាងសង់​ផ្លូវវាង​ក្រុង​សរុប​មាន​ចំនួន៥ខ្សែ​ មាន​ប្រវែង​សរុប៦២គីឡូម៉ែត្រ​ មាន៤គន្លង​ ទទឹង២៣ម៉ែត្រ​ និង​សួរ​ច្បារ​កណ្តាល​ មានការ​ពង្រីក​ស្ពាន​ចាស់​ និង​សាងសង់​ស្ពាន​ថ្មី​ ដែល​ស្ថិតនៅ​ក្នុង​កំណាត់ផ្លូវ​ជាតិ​លេខ៥​ មាន​ចំនួន​សរុប៨០កន្លែង​ផង​ដែរ​។

ដោយឡែក​ គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់ផ្លូវ​ជាតិ​លេខ៥​ ភាគ​ខាងជើង​ (បាត់ដំបង​-សិរី​សោ​ ភ័ណ​)នេះ​ ចាប់ផ្តើម​សាងសង់​ចេញពី​ខេត្តបាត់ដំបង​រហូតដល់​ ខេត្ត​បន្ទាយមានជ័យ​ មាន​ប្រវែង​សរុប៨៤​,៧៤គីឡូម៉ែត្រ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ១៤៣​,០៤​ លាន​ដុល្លារ​អាមេរិក​ និង​សម្រេចការ​សាងសង់​បាន​ប្រមាណ៥១​%ហើយ​។

គម្រោង​ស្ថាបនា​កំណាត់ផ្លូវ​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​កញ្ចប់​ក្នុង​នោះ​៖ កញ្ចប់​ទី១សាងសង់​ដោយ​ ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន​ Tekken​-Taiyo​ JV​ មាន​ប្រវែង៤៦​,២៧គម​ (ផ្លូវវាង​ក្រុង​បាត់ដំបង​ប្រវែង​ ២៣​,៩២គម​) ហើយ​កញ្ចប់​ទី២សាងសង់​ដោយក្រុម​ហ៊ុន​សម្ព័ន្ធ​ក្រុមហ៊ុន​Daiho​-Asanuma​ JV​ មាន​ប្រវែង៣៨​,៤៧គម​ (ផ្លូវវាង​ក្រុង​សិរីសោភ័ណ​ប្រវែង​ ៩.៣៤គម​) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ KEI​-OCG​-KCI​ Joint​ Venture​ in​ association​ with​ KCEC​ និង​ TANCONS​ ត្រូវ​បាន​សម្ភោ​ធបើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៦​ មីនា​ ២០១៨​ ក្រោម​ អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ការស្ថាបនា​មាន​រយៈ​ពេល​ន៣៦ខែ​។

កំណាត់ផ្លូវ​ជាតិនេះ​ជា​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ១​ អាច​បង្កើន​ការនាំចេញ​-នាំចូល​ និង​ជា​ផ្លូវ​មួយ​ប្រកប​ ដោយសក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ និង​ការ​កកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន​។ លើស​ពីនេះ​ទៅទៀត​ ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ​នឹង​មាន​ជីវភាព​កាន់​ តែ​ល្អ​ប្រសើរ​តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ​ វិនិយោគ​ និង​ទេសចរណ៍​។

នេះ​ជា​ផ្លូវ​ហាយ​វេ​កម្រិត​អាស៊ាន​ ដែល​តភ្ជាប់​ភាគ​ខាងលិច​កម្ពុជា​ ចាកចេញ​ពី​ព្រំប្រទល់​ប្រទេស​ថៃ​ មក​កាន់់​រាជធានី​ភ្នំពេញ​ និង​ឆ្ពោះទៅ​កាន់​ព្រំដែន​កម្ពុជា​វៀតណាម​ តាមរយៈ​ផ្លូវជាតិ​លេខ១​។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​ និង​សប្ប​កម្ម​ លោក​ហេង​ សុខ​គង់​ធ្លាប់​បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​គ្រោង​បង្កើត​សួន​ឧស្សាហកម្ម​ នៅ​តាម​អម​សងខាង​បណ្តោយ​ផ្កូវ​ជាតិ​លេខ៥​ ដោយសារ​ផ្លូវ​នេះ​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​ ដែល​សមាហរណកម្ម​ផ្ទៃក្នុង​ថកម្ពុជា​ ក៏ដូចជា​សមាហរណកម្ម​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។

លោក​បន្ត​ថា​ “វា​ជា​ផ្លូវ​ដ៏​សំខាន់​បំផុត​ក្នុង​ការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ទំនិញ​ រវាង​ប្រទេស​ថៃ​ និង​វៀតណាម​ ដោយ​ឆ្លងកាត់​កម្ពុជា​ ហេតុនេះ​កម្ពុជា​អាច​ទាញ​យក​តម្លៃបន្ថែម​កាន់តែ​ច្រើន​តាមរយៈ​ការបង្កើត​សួន​ឧស្សាហកម្ម​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​”៕