អំណាច​នៃ​ការទិញ​កើនឡើង​កំពុង​ទាក់ទាញ​ផលិត​ផលល្បីៗ​ចូល​មកកាន់​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អំណាច​នៃ​ការទិញ​បាន​ និង​កំពុង​ទាក់ទាញ​ផលិ​តល​ផលល្បីៗ​ពី​បរទេស​ចូល​មកកាន់​កម្ពុជា​ ដោយសារតែ​ប្រទេស​មួយ​នេះ​ កំពុងតែ​មាន​កំណើន​សេដ្ឋកិច្ច​លូតលាស់​ និង​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​សមរម្យ​។

អ្នកស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ នៃ​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​ កញ្ញា​ ​គឹម​ គិ​នកេ​សាបាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ផលិតផល​ម៉ា​កល្បី​ៗជាច្រើន​បាន​ និង​កំពុង​ហូរ​ចូល​មកកាន់​កម្ពុជា​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ក្នុង​ស្រុក​កើនឡើង​។

កញ្ញ​បន្ត​ថា​ តាម​ទិ​ន្ន័​យកា​រស្រា​វជ្រា​វក្នុង​ឆ្នាំ២០១៨​ កន្លងមក​នេះ​ ផលិតផល​ម៉ា​កល្បី​ៗទាំង​ក្នុង​ស្រុក​ នឹង​ក្រៅ​ស្រុក​មាន​ចំនួន​ប្រមាណ៦៥​ ដែល​ភាគច្រើន​ជា​ម្ហូបអាហារ​ និង​ ភេសជ្ជៈ​។កញ្ញា​បន្ថែម​ទៀត​ថា​ ម្យ៉ាង​ដោយសារតែ​មានការ​កើន​នូវ​ផ្សារ​ទំនើប​ ​និង​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​ខ្ពស់​ ទើ​បណ្តាល​ឱ្យ​មាន​អ្នក​វិនិយោគិន​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​បោះទុន​វិនិយោគ​ច្រើន​ បាន​នាំ​យក​ផលិតផល​ម៉ា​ក់​ល្បី​ៗ មក​ដាក់​លក់​នៅក្នុង​ទីផ្សារ​របស់​ប្រទេស​កម្ពុជា​។

លោក​ វ៉ា​ វីរៈ​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Fortuna​ Investment​បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ផលិតផល​ម៉ា​ក់​ល្បី​ៗបាន​និង​កំ​ពុង​ហូ​ចូលកាន់​ទីផ្សារ​កម្ពុជា​ច្រើនបែប​នេះ​ សរ​បញ្ជាក់​ថា​ ប្រជាជន​កម្ពុជា​កំពុង​មាន​ជីវភាព​ធូ​ធា​ និង​ឱ្យ​តម្លៃ​ទៅលើ​ផលិត​ម៉ា​ក់​ល្បី​ៗ ព្រោះ​មាន​សុវត្ថិភាព​និង​ជំនឿ​ទុកចិត្ត​ខ្ពស់​លើ​គុណភាព​។

លោក​បន្ថែម​ថា​ “ដោយសារតែ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ មានការ​កើនឡើង​ជាង​មុន​ និង​មានការ​យល់ដឹង​ច្រើន​ជុំវិញ​ការប្រើ​ប្រាស់​នូវ​ផលិតផល​ម៉ា​កល្បី​ៗ បែបនេះ​ ហើយ​បាន​ជា​មាន​អ្នក​វិនិយោគ​នាំចូល​ច្រើន​ ទៅលើ​ផលិតផល​ម៉ា​កល្បី​ៗ មក​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ច្រើន​”។

លោក​បញ្ជាក់​ទៀ​ថា​ ម្យ៉ាង​ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​ ស្ថិតនៅ​ក្នុងរង្វង់​ប្រមាណ​ ៧ ភាគរយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​ ​និង​ម្យ៉ាងទៀត​ប្រជាជន​មួយចំនួន​ទទួល​បានផល​ចំណេញ​ពី​ការ​លក់​អចលនទ្រព្យ​របស់​ខ្លួន​បាន​ច្រើន​ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​ផលិតផល​ម៉ា​កល្បី​ៗជាច្រើន​កំពុង​រីក​ដុះដាល​នៅក្នុង​ទីផ្សារ​កម្ពុជា​៕

រដ្ឋាភិបាល​ដាក់​ប្រើប្រាស់​ផ្លូវ​បេតុង១​ ខ្សែ​ដ៏​វែង​មួយ​នៅ​ខេត្តតាកែវ​ដែល​តម្លៃ​ជាង ៧លាន​ដុល្លារ​

0

ដោយ​ ប៊ី​

តាកែ​វៈ​ រដ្ឋាភិបាល​បាន​បើក​ដំ​ណើា​រកា​រផ្កូវ​ផ្លូវ​បេតុង​អា​មេ១ខ្សែ​ ប្រវែង​ជាង១៧គីឡូម៉ែត្រ​ ដែល​ឆ្លងកាត់​ស្រុក​ចំនួន​ពីរ​ ក្នុង​ខេត្តតាកែវ​ ដែល​ទំនងជា​ផ្លូវ​បេតុង​វែង​ជាងគេ​នៅក្នុង​ខេត្ត​មួយ​នេះ​។

​ផ្លូវ​បេតុង​នេះ​មាន​ប្រវែង​សរុប១៧​,៨០០ម៉ែត្រ​ ដែល​ចាប់ផ្តើម​ចេញពី​ភូមិ​ត្រពាំង​លើក​ ឃុំ​ប្រាំបីមុំ​ ស្រុក​ទ្រាំង​ ដល់​ចំណត​កំពង់ទូក​ កំពង់អំពិល​ ស្រុក​បូរីជលសារ​ ផ្លូវ​ខេត្ត​លេខ១២៩​B ស្ថិតនៅ​អនុវិទ្យាល័យ​អង្គ​ស្ពឺ​ ភូមិ​ស្ពឺ​ ឃុំ​អង្គខ្នុរ​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ព្រឹក​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​។

ការ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ ប៊ិន​ ឈិន​ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​។នេះ​បើ​យោង​តាម​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

លោក​ អ៊ូច​ ភា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​បាន​ឲ្យដឹង​ថា​ ផ្លូវ​បេតុង​អា​មេ១ខ្សែ​ ដែល​ត្រូវ​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ឆ្លងកាត់​ស្រុក​ទ្រាំង​ និង​ស្រុក​បូរីជលសារ​ ក្នុង​នោះ​ស្រុក​ទ្រាំង​មាន៣ឃុំ​ ស្មើនឹង៧ភូមិ​ ដែល​មាន​ប្រវែង៨៣០០ម៉ែត្រ​ និង​ស្រុក​បូរីជលសារ​ មាន៣ឃុំ​ ស្មើនឹង៧ភូមិ​ ដែល​មាន​ប្រវែង៩៥០០ម៉ែត្រ​ ជាអំណោយ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​។

លោក​បាន​បន្ថែម​ថា​ “តាមរយៈ​លោក​ឧកញ៉ា​ លាង​ ឃុន​ ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ ជីប​ ម៉ុង​ហ្រ្គុប​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង​ការ​ប្រកបរបរ​ចិញ្ចឹមជីវិត​ របស់​បងប្អូន​ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​ស្រុក​ទ្រាំង​ និង​ស្រុក​បូរីជលសារ​ កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​”។

លោក​ឧកញ៉ា​ លាង​ ឃុន​ ប្រធាន​ក្រុម​អគ្គនាយក​ក្រុមហ៊ុន​ ជីប​ ម៉ុង​ហ្រ្គុប​ បាន​មានប្រសាសន៍​ថា​ ផ្លូវ​បេតុង​អា​មេ១ខ្សែ​ប្រវែង១៧​,៨០០ម៉ែត្រ​ ដែល​មាន​ទទឹង៨ម៉ែត្រ​ និង​ចំណី​ផ្លូវ​សង្ខាង​ប្រវែង១ម៉ែត្រ​កន្លះ​ ដែល​បាន​រៀបចំ​ពិធីសម្ពោធ​នា​ពេលនេះ​ ​ជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន រ៉ា​នី​ ហ៊ុន​ សែន​ ដោយ​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ៧លាន២សែន​ដុល្លារ​អាមេរិក​ ទទួលបន្ទុក​សាងសង់​ ដោយក្រុម​ហ៊ុន​ជី​បម៉ុងហ្រ្គុប​។

លោក​កិត្តិ​នីតិកោសល​បណ្ឌិត​ ប៊ិន​ ឈិ​នបាន​គូសបញ្ជាក់​ថា​ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​កម្ពុជា​ មានការ​អភិវឌ្ឍន៍​រីក​ចំរើន​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​លើ​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ អំពី​ស្ថានភាព​ផ្លូវជាតិ​ ផ្លូវ​ខេត្ត​ ផ្លូវ​ក្នុង​ក្រុង​ និង​ផ្លូវដែក​ក្នុងទឹក​ដី​ខេត្តតាកែវ​ គិត​ត្រឹម​ឆ្នាំ២០១៩នេះ​។

ខេត្តតាកែវ​ មានផ្លូវ​ជាតិ​ចំនួន៧ខ្សែ​ ជា​ប្រភេទ​ផ្លូវ​កៅស៊ូ​ មាន​ប្រវែង​សរុប​ជាង១៦៥គីឡូម៉ែត្រ​ ផ្លូវ​ខេត្ត​មាន​ចំនួន២៤ខ្សែ​ ប្រវែង​សរុប​ជាង៣៨២​,១៤៥គីឡូម៉ែត្រ​ ផ្លូវ​ក្រុង​មាន​ចំនួន៤៧ខ្សែ​ ប្រវែង​សរុប៦១​,៦៩០គីឡូម៉ែត្រ​ និង​ផ្លូវដែក​ ចំនួន១ខ្សែ​ ឆ្លងកាត់​ក្រុង​ ស្រុក​ចំនួន៥​ រួមមាន​ ស្រុក​បាទី​ ស្រុក​សំរោង​ ស្រុក​ត្រាំកក់​ ស្រុក​ដូនកែវ​ និង​ស្រុក​ទ្រាំង​។

លោក​ឧបនាយក​រដ្ឋមន្រ្តី​ ប៊ិន​ ឈិន​ បាន​មានប្រសាសន៍​បញ្ជាក់​ថា​ ដោយសារ​កត្តា​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍន៍​ ក្នុងរយៈពេល​ពីរ​ទស្ស​វត្ស​កន្លងមក​នេះ​ កម្ពុជា​ទទួល​បាន​ភាព​រីកចម្រើន​ និង​ការអភិវឌ្ឍន៍​គួរ​ជា​ទី​មោទ​នៈ​ ដោយ​ក្នុង​នោះ​យើង​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់៧​%ជាប់គ្នា​ ដែល​ធ្វើឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​លំដាប់​ខ្ពស់​មួយ​នៅក្នុង​តំបន់​អាស៊ី​ និង​ទទួល​បានការ​វិនិយោគ​សំ​ខាន់​ៗជាច្រើន​ ហើយ​បាន​បង្កើត​ការងារ​បាន​កាន់តែ​ច្រើនឡើង​ ជូន​ដល់​ប្រជាពលរដ្ឋ​ ពិសេស​សម្រាប់​ស្រទាប់​យុវជន​៕

សម្តេច​តេជោ​នឹង​អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ១០​ ភ្ជាប់​ពី​បាត់ដំបង​ទៅកាន់​ខេត្តកោះកុង​នា​ពេល​ឆាប់់​ៗ

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​តេជោ​ហ៊ុន​ សែន​ប្រមុខ​នៃ​រដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​នបើ​កសម្ភោ​ធផ្លូវជាតិ​លេខ៥៥​ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ១០​ ដែល​តភ្ជាប់​ពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ ទៅកាន់​ខេត្តកោះកុង​នា​ពេល​ឆាប់​ៗខាងមុខនេះ​។

គំរោង​សាងសង់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៨៣លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាងសង់​ផ្លូវជាតិ​លេខ១០ឡើងវិញ​ និង​មាន​ប្រវែង​ប្រមាណ១៩៣គីឡូម៉ែត្រ​តភ្ជាប់​ពី​សំឡូត​ ស្រុក​វាលវែង​ ខេត្ត​ពោធិ​សាត់​ ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​នា​ពេល​ខាងមុខនេះ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​២០១៩កន្លងមក​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នឹង​អញ្ជើញ​ចូលរួម​បើ​ករ​ដ្ឋាន​សាងសង់​ផ្លូវ​នេះ​ នូវ​ខែ​បញ្ចប់​រដូវវស្សា​ខាងមុខនេះទន្ទឹម​នឹង​កា​រស​ម្ភោ​ធដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ជាតិ​លេខ៥៥នេះ​។

លោក​រដ្ឋមន្ត្រី​បន្ត​ ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​ការសាងសង់​ ផ្លូវជាតិ​លេខ១០នេះ​ ទទួល​បាន​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​ ​ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​នឹង​កំពុង​ដឹកនាំ​គណៈប្រតិភូ​ ទៅកាន់​ប្រទេស​ចិន​ ដើម្បី​ពិភាក្សា​បន្ថែម​លើ​កម្ចី​ហិរញ្ញប្បទាន​នេះ​។

លោក​រដ្ឋមន្ត្រី​រំពឹង​ថា​ “យើង​នឹង​ទទួល​បាន​ដំណឹងល្អ​ ពេល​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រឡប់​ពី​ប្រទេស​ចិន​វិញ​នា​ពេល​ខាងមុខ​នេះ​ឆាប់​ៗ”។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​វ៉ា​ស៊ី​ម សូ​រិយា​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ការ​សាង​សង់​ផ្កូវ​ជាតិ​ដ៏​សំខាន់​នេះ​ មិន​ត្រឹមតែ​ជា​ការ​ធ្វើស​មា​ហរ​ណកម្ម​ផ្ទៃក្នុង​កម្ពុជា​នោះ​ទេ​ តែ​ជា​ការ​លើក​កំពស់​សេដ្ឋកិច្ច​កម្ពុជា​ តាមរយៈ​ការ​ដឹកជញ្ជូន​កសិផល​ទៅកាន់​កំពង់ផែ​ទឹកជ្រៅ​ នៅ​ខេត្តកោះកុង​ ដែល​បាន​និង​កំពុង​ដំណើរការ​សាងសង់​។

លោក​បន្ត​ថា​ “ការសាងសង់​ផ្លូវ​នេះ​ ក៏​រួមចំណែក​ពង្រឹង​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ការ​លើកដាក់​ទំនិញ​ពី​ប្រទេសជិតខាង​ ដោយធ្វើ​ការ​ដឹកជញ្ជូន​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​ និង​បណ្តា​ប្រទេស​ដទៃទៀត​”៕

ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​អាស៊ី​គ្រប​ដណ្តប់ ២០ភាគរយ​នៃ​ការ​ចំណាយ​សរុប​លើ​ពិភពលោក​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ ផ្តល់​សេវា​ហិរញ្ញវត្ថុ​អាមេរិក​ឈ្មោះ​ Mastercard​ បាន​បង្ហាញថា​ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ ជប៉ុន​ ចិន​ និង​តៃវ៉ាន់​បាន​ចូល​រូ​មចំណែក២០ភាគរយ​នៃ​ការ​ចំណាយ​លើ​ការ​ធ្វើ​ទេសចរណ៍​សរុប​លើ​ពិភព​។

ស្ថិតិ​ថ្មី​បង្ហាញ​ពី​ការ​កើនឡើង១១ភាគរយ​ ធៀប​នឹង​ការ​ចំណាយ​កាលពី ១០ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ Global​ Destination​ Cities​ Index​ របស់​ក្រុមហ៊ុន​ Mastercard​។

លោក​ Rupert​ Naylor​ អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​ទិន្នន័យ​និង​សេវាកម្ម​របស់​អាស៊ី​ប៉ាស៊ីហ្វិក​ ឲ្យដឹង​ថា​ “អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​អាស៊ី​ប៉ាស៊ីហ្វិក​ មិន​ត្រឹមតែ​ជា​ការ​ចំណាយ​ដែល​ចូលរួម​ចំណែក​ច្រើន​ដល់​ពិភពលោក​ ដែល​មាន​កើនឡើង​ជិត​ទ្វេដង​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ​ទេ​ ប៉ុន្តែ​យើង​ក៏​នឹង​ឃើញ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ នឹង​កើនឡើង​កាន់តែ​ច្រើន​ផង​ដែរ​នៅពេល​អា​នាគ​ត”។

ឧស្សាហកម្ម​ទេសចរណ៍​ នៅតែ​ជា​វិស័យ​ដ៏​មាន​ឥទ្ធិពល​មួយ​ សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​។

យោង​តាម​ក្រុមប្រឹក្សា​អង្គការ​ទេសចរណ៍​ពិភពលោក​ កាលពី​ឆ្នាំមុន​បាន​ឲ្យដឹង​ថា​ ឧស្សាហកម្ម​ទេសចរណ៍​ពិភពលោក​ រក​ប្រាក់ចំណូល​បាន៨​,៨ពាន់​ពាន់​លាន​ដុល្លារ​ និង​បង្កើត​ការងារ៣១៩លាន​កន្លែង​ដល់​ប្រជាជន​។

អ្នកធ្វើ​ដំណើរ​ដែល​ជាប់​លំដាប់​កំ​ពូល​ៗ នៅ​លើ​ពិភពលោក​ត្រូវ​បាន​ចំណាត់ថ្នាក់​ដោយ​ប្រទេស​ ទីមួយ​ គឺ​ អាមេរិក​ បន្ទាប់មក​ប្រទេស​ចិន​ អាល្លឺម៉ង់​ និង​ចក្រភព​អង់គ្លេស​។ កូរ៉េ​ខាងត្បូង​ ជប៉ុន​ និង​តៃវ៉ាន់​បាន​ឈរ​ក្នុង​លំដាប់​កំពូល​ទាំង១០​។

យោង​តាម​វិទ្យាស្ថាន​ទេសចរណ៍​ចិន​ (CTA​) បាន​បង្ហាញថា​ កាលពី​ឆ្នាំមុន​ភ្ញៀវ​ទេសចរ​ចិន​បាន​ធ្វើដំណើរ១៤០លាន​ដង​ ទៅកាន់​បណ្តា​ប្រទេស​នៅ​បរទេស​ដែល​កើនឡើង១៤ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

ឧស្សាហកម្ម​ទេសចរណ៍​នៅ​កម្ពុជា​នៅតែ​រឹងមាំ​ ហើយ​នៅតែ​ជា​កត្តា​ជំរុញ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ ដែល​បាន​ទទួល​ប្រយោជន៍​យ៉ាងច្រើន​ ពី​អ្នកដំណើរ​នៅ​អាស៊ី​។

ភ្ញៀវ​ទេសចរ​ជាង៦លាន​នាក់​ បាន​មក​ទស្សនា​កម្ពុជា​កាលពី​ឆ្នាំមុន​ ដោយ​ត្រូវ​បាន​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី៧​ ដែល​ទទួ​លា​បានការ​ទស្សនា​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៨​ ដោយមាន​ភ្ញៀវ​ទេសចរ​មក​ពី​អាស៊ី​ភាគច្រើន​។ វិស័យ​ទេសចរណ៍​បាន​បង្កើត​ប្រាក់ចំណូល​ជាង៤ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​។

យោង​តាម​ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​បាន​កើនឡើង៣៧ភាគរយ​ ក្នុងរយៈពេល៤ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ដែល​ស្មើនឹង ៨៨៧​,០០០នាក់​។ ប្រទេស​វៀតណាម​បាន​ជាប់​ចំណាត់ថ្នាក់​លេខ២​ ជាមួយនឹង​ភ្ញៀវ​ទេសចរ​ជាង១៨៦ពាន់​នាក់​ បន្ទាប់មក​គឺ​ប្រទេស​ឡាវ​ដែល​មាន​ចំនួន ១២១​,០០០​0នាក់​ និង​ប្រទេស​ថៃ​ដែល​មាន​ភ្ញៀវ​ទេសចរ​ជិត៨​,០០០នាក់​៕

ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ ZQ​ ជ្រើសរើស​ខេត្ត​សៀម​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ ZQ​ International​ CO​.,LTD​ ដែល​ជា​ក្រុមហ៊ុន​យក្ស​របស់​ចិន​ បាន​បន្ត​ជ្រើសរើស​ខេត្តសៀមរាប​ អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​ កសិកម្ម​ និង​អចលនទ្រព្យ​ ស្របតាម​គោលនយោបាយ​ផ្លូវ​មួយ​ខ្សែរ​ក្រ​វ៉ាត់​មួយ​ (Strategy​ of​ one​ Belf​ one​ Rode​ )របស់​ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជី​នពីង​។

នៅក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​កម្មវិធី​ខ្សែ​ក្រ​វ៉ាត់១​ ផ្លូវ១​ (Strategy​ of​ one​ Belf​ one​ Rode​ )របស់​ក្រុមហ៊ុន​ ZQ​ International​ CO​.,LTD​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ម្សិលមិញ​នេះ​ លោក​ ពៅ​ ពិសិដ្ឋ​ អភិបាលរងខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ Wang​ Wei​ Shi​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន ​ZQ​ និង​សហគ្រិន​ជនជាតិ​ចិន​ ដែល​បាន​ជ្រើសរើស​យក​ខេត្តសៀមរាប​ សម្រាប់​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ កសិកម្ម​ និង​អចលនទ្រព្យ​នេះ​។

លោក​បន្ត​ថា​ “តាមរយៈ​នៃ​ការ​មក​វិនិយោគ​របស់​ក្រុមហ៊ុន​ ZQ​ នេះ​ អាជ្ញាធរ​ខេត្ត​សង្ឃឹមថា​ ក្រុមហ៊ុន​នឹង​បន្ត​បង្កើន​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ជាពិសេស​ខេត្តសៀមរាប​ លើ​វិ​ស័យ​ផ្សេង​ៗទៀត​ ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍន៍​កម្ពុជា​ ក៏ដូចជា​ខេត្តសៀមរាប​ និង​បាន​រួមចំណែក​ដល់​ការ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ អារិ​យ្យ​ធម៌​ខ្មែរ​ ទៅកាន់​ភ្ញៀវ​ទេសចរ​នៅ​ទូទាំង​ពិភពលោក​ ឱ្យ​ចូល​មក​ទស្សនា​ខេត្តសៀមរាប​កាន់តែ​ច្រើនឡើង​”។ លលោ​កបន្ត​ថា​ “សកម្មភាព​ទាំងនេះ​ពិតជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការផលិត​ផល​ទេសចរណ៍​ ដែល​មិន​អាច​ខ្វះ​បាន​”។

លោក​ពៅ​ ពិស​ដ្ឋ​បាន​បន្ថែម​ទៀត​ថា​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​សេដ្ឋកិច្ច​ ដែល​មានការ​កើនឡើង​ ឥត​ឈប់ឈរ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ អាជ្ញាធរ​ខេត្ត​បាន​ជម្រុ​ញនូ​វការ​អភិវឌ្ឍ​ខេត្ត​ តាមរយៈ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ ផ្លូវថ្នល់​ ប្រព័ន្ធ​ធារា​សាស្រ្ត​ ប្រឡាយ​ លូ​ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ ការពង្រីក​ បណ្តាញ​ ទឹក​ស្អាត​ អគ្គិសនី​ ការ​បំពាក់​ ភ្លើងបំភ្លឺ​ផ្លូវ​សាធារណៈ​ និង​ ការរៀបចំ​សួនច្បារ​សាធារណៈ​ ប្រកបដោយ​កិច្ចការពារ​បរិស្ថាន​ល្អ​ ជាបន្តបន្ទាប់​ ដើម្បី​បម្រើ​ដល់​តំរូវការ​ចាំបាច់​អប្ប​រមាក្នុង​លក្ខខ័ណ្ឌ​រស់នៅ​របស់​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ​៕

មិន​នឹកស្មាន​ថា​ផ្ទះល្វែង​ទំហំ​ស្តង់​ដា​ ១៦ម៉ែត្រ​ លើ​ផ្លូវ​បេតុង​ ១០ម៉ែត្រ​ ក្នុង​ខណ្ឌដង្កោ​ លក់​ក្នុង​តម្លៃ​ទាប​បែបនេះ​សោះ​!

0

ដោយ​៖ រ៉ា​ណេត

ភ្នំពេញ​៖ ពាក្យ​ថា​ផ្ទះល្វែង​ស្តង់​ដា​មានន័យថា​ ផ្ទះ​ដែល​មាន​ទទឹង​យ៉ាងតិច​ ៤ម៉ែត្រ​ និង​បណ្តោយ​យ៉ាងតិច​ ១៦ម៉ែត្រ​។ តើមាន​គម្រោង​ណាខ្លះ​ដែល​សាងសង់​ផ្ទះល្វែង​ស្តង់​ដា​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​?

ស្ទើរគ្រប់​តំបន់​ដែល​ស្ថិតនៅ​ជាយក្រុង​ គឺ​កំពុងតែ​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំងក្លា​ទៅលើ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ជាពិសេស​ តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​តែម្ដង​។

ជាក់ស្ដែង​ នៅ​លើ​ផ្លូវ​ ៤០ម៉ែត្រ​ ឆ្ពោះ​ពី​ទួលពង្រ​ទៅ​ផ្លូវជាតិ​លេខ៣​ ខណ្ឌដង្កោ​ ក្នុងចំណោម​បុរី​ដែល​កំពុងតែ​បង្ហាញខ្លួន​យ៉ាង​ស្អេកស្កះ​នោះ​ គម្រោង​លំនៅ​ដ្ឋាន​ស្ដ​ង់​ដា​ ហេង​ ហួត​ កំពុងតែ​មមាញឹក​ក្នុង​ការសាងសង់​ផ្ទះល្វែង​ដែល​មាន​ទំហំ​ស្តង់​ដា​ ជូន​អតិថិជន​របស់​ខ្លួន​។

ស្ថិតនៅ​ក្នុង​ទីតាំង​ដែល​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ ជា​បណ្តុំ​នៃ​ទីប្រជុំជន​ ងាយស្រួល​ក្នុង​ការរស់នៅ​ និង​ប្រកប​អាជីវកម្ម​ចម្រុះ​ នៅ​ជិត​ផ្សារ​សុភមង្គល​ កែ​បុរី​សន្តិភាព២​ ភូមិ​ត្រពាំង​សាលា​ សង្កាត់​ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​លើ​ផ្លូវ​បេតុង​រដ្ឋ​ ១២ម៉ែត្រ​ មាន​ចំងាយ​តែ​ ៥០ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវ​ ៤០ម៉ែត្រ​ គម្រោង​ លំនៅ​ដ្ឋាន​ស្ដ​ង់​ដា​ ហេង​ ហួត​ បាន​ និង​កំពុងតែ​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​។

នាយក​គ្រប់គ្រង់​ផ្នែក​ទីផ្សារ​ និង​ការ​លក់​គម្រោង​លំនៅ​ដ្ឋាន​ស្ដ​ងដា​ ហេង​ ហួត​ លោក​ ឈាង​ រ័ត្ន​ បាន​មានប្រសាសន៍​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ​ថា​ បច្ចុប្បន្ន​ តំបន់​ដែល​ធ្លាប់តែ​គ្រប់​ដណ្ដប់​ទៅ​ដោយ​បឹង​តូច​ៗពោរពេញ​ទៅ​ដោយ​ត្រកួន​ កំប្លោក​នោះ​ បាន​ប្រែក្លាយ​ និង​អភិវឌ្ឍ​ក្លាយ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ចំរុះ​ដែល​នឹកស្មាន​មិនដល់​។

លោក​បាន​បន្ត​ទៀត​ថា​ “ខណ្ឌដង្កោ​ជា​ខណ្ឌ​មាន​សក្តា​នុ​ពល​អភិ​វឌ្ឈ​ខ្លាំង​ណាស់​ព្រោះថា​មានតែ​ខណ្ឌ​នេះ​ទេ​ដែល​នៅសល់​ដី​ទំនេរ​ច្រើន​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​អំណោយផល​”។ លោក​បន្ត​ថា​ “កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា​ ងាយ​ស្រួល​ក្នុង​ការ​ចេញចូល​ ជាពិសេស​នៅ​ក្បែ​ផ្លូវ៦០ម៉ែត្រ​។ មិនយូរ​ទេ​នឹង​មិន​មាន​ដី​ទំនេរ​ទៀត​ទេ​នៅ​ខណ្ឌ​នេះ​”។

ភ្ជាប់​ជាមួយ​ផ្លូវ​ ៤០ម៉ែត្រ​ ដ៏​មមាញឹក​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាជន​នៃ​តំបន់​ទួលពង្រ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​វត្តមាន​រោងចក្រ​ ឃ្លាំង​ និង​បណ្តា​សហគ្រាស​នោះ​ នៅ​តំបន់​ផ្លូវ​ ៤០ម៉ែត្រ​ ក្បែ​បុរី​សន្តិភាព២​ ត្រូវ​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ដ៏​មាន​សក្ដានុពល​ ខណៈ​ដែល​កំណើន​ប្រជាសាស្ត្រ​កាន់តែ​ច្រើន​ចូល​ទៅ​រស់នៅ​ក្នុង​តំបន់​នេះ​។

ដោយឡែក​ចំពោះ​គម្រោង​លំនៅ​ដ្ឋាន​បែប​ស្ដ​ង់​ដា​របស់​ក្រុមហ៊ុន​ ហេង​ ហួត​ ក៏​ក្លាយជា​គោលដៅ​យ៉ាង​សំខាន់​ក្នុង​ក្រសែភ្នែក​របស់​អតិថិជន​ និង​ធនាគា​ផង​ដែរ​ ខណៈ​ដែល​ការសាងសង់​បានសម្រេច​ប្រមាណ​ ៨០​% រួច​ទៅ​ហើយ​។“ទិញ​តែម្តង​រស់នៅ​បាន​តកូនតចៅ​!”។ នេះ​ជា​ពាក្យសំដី​របស់​លោក​ ឈាង​ រ័ត្ន​ បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​។

លោក​ថា​អតិថិជន​ចង់បាន​ផ្ទះ​ដែល​អាច​រស់នៅ​បាន​តកូនតចៅ​ ដែល​មានកម្ម​សិទ្ធ​ស្របច្បាប់១០០​% និង​អាច​សាងសង់​ជាន់​បន្ថែម​។

លោក​ ឈាង​ រ័ត្ន​ ក៏បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ លំនៅ​ដ្ឋាន​នៅក្នុង​គម្រោង​ ហេង​ ហួត​ នា​ពេលនេះ​មាន​ប្រមាណ​ ៤០ល្វែង​តែប៉ុណ្ណោះ​ ដែល​ផ្ទះ​នីមួយ​សុទ្ធតែ​មាន​ទំហំ​ស្តង់​ដា​ ហើយ​ការ​លក់​បានសម្រេច​រហូត​ ៦០​% រួច​ទៅ​ហើយ​។ ការ​ទទួល​បាន​អតិថិជន​ច្រើន​ក្នុងរយៈពេល​ខ្លី​នេះ​ក៏​ព្រោះតែ​លំនៅ​ដ្ឋាន​ទាំងនេះ​ សាងសង់​ផ្ទះ​ដែល​ស្តង់​ដា​ប្រវែង​ ១៦ម៉ែត្រ​ និង​បង្កើត​ផ្លូវ​ថ្មី​ស្តង់​ដា​ ១០ម៉ែត្រ​។ ម្ចាស់​គម្រោង​មាន​ថិ​វិ​កា​គ្រប់គ្រាន់​សម្រាប់​សាង​។

បន្ថែម​ពីនេះ​ រាល់​អតិថិជន​ដែល​បាន​កក់​ និង​ទិញ​លំនៅ​ដ្ឋាន​ក្នុង​គម្រោង​នេះ​ នឹង​បាន​ចូល​រស់នៅ​យ៉ាង​កក់ក្ដៅ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាង​មុន​នេះ​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ថែមទៀត​ថា​ ចំពោះ​ការទិញ​ អតិថិជន​មាន​ច្រើន​ជម្រើស​ ងាយស្រួល​ក្នុង​ការ​បង់ប្រាក់​រំលស់​ជាមួយ​ធនាគា​ស្តង់​ដា​ ដែល​មានការ​ប្រាក់​ទាប​បំផុត​ និង​រហូតដល់​ ២០ឆ្នាំ​ រួម​ជាមួយនឹង​ប្លង់​រឹង​បញ្ជាក់​ពី​កម្មសិទ្ធិ​ស្របច្បាប់​។

ផ្ទះ​នី​មួយ​ៗគឺ​សុទ្ធតែ​មាន​លក្ខណៈ​ស្តង់​ដា​ទាំងអស់​ គឺ​ ទំហំ​ ៤,២​ X១៦ម៉ែត្រ​ មាន​ទីធ្លា​ខាងមុខ​ ៤ម៉ែត្រ​ និង​ទីធ្លា​ខាងក្រោយ​ផ្ទះ​ ១,៥​-២ម៉ែត្រ​ និង​មានផ្លូវ​មុខ​ផ្ទះ​ ១០ម៉ែត្រ​ ដែល​មាន​បំពាក់​អំពូល​សូ​ឡា​បំភ្លឺ​ផ្លូវ​ទៀតផង​។ ផ្ទះ​ទាំងអស់​គឺ​បែ​ទៅ​ទិសខាងត្បូង​ ជើង​ និង​កើត​ ដែល​ជា​ទិស​ល្អ​ប្រសើរ​ក្នុង​ការរស់នៅ​។

កម្ពស់​ពី​បាត​ក្រោម​ដល់​ពិ​ដាន​លើ​មាន​ប្រវែង​រហូតដល់​ ៥,៤ម៉ែត្រ​ដែល​អាច​ឱ្យ​ខ្យល់​ចេញចូល​គ្រប់គ្រាន់​ក្នុង​លំនៅ​ដ្ឋាន​ បន្ទប់​នីមួយ​សុទ្ធតែ​មាន​ពិ​ដាន​ខ្ពស់ស្រឡះ​ប្រកបដោយ​ហុងស៊ុយ​ល្អ​ប្រសើរ​ក្នុង​ការរស់នៅ​។

ទោះបី​គម្រោង​នេះ​មាន​លក្ខណៈ​ស្តង់​ដា​យ៉ាងនេះ​ក៏ដោយ​ ក៏​ក្រុមហ៊ុន​លក់​ក្នុង​តម្លៃ​ត្រឹម​ 59,800ដុល្លារ​តែប៉ុណ្ណោះ​។ សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​សាកសួរ​ព័ត៌មាន​លម្អិត​តាមរយៈ​ទូរស័ព្ទ​លេខ​ 098​ 568000​/ ឬតាមរយៈ​ Facebook​ Page​ : Star​ Heritage​ Residence​

ផ្លូវជាតិ​លេខ៥៥​ តម្លៃ​ជាង​ ១៣២លាន​ដុល្លារ​គ្រោង​ដាក់​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ពេល​ឆា់ៗ​ខាងមុខនេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ គ្រោង​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​នូវ​ផ្លូវជាតិ​លេខ៥៥​ ប្រវែង១៨០គម​ ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​។

ផ្លូវជាតិ​ដ៏​សំខាន់​ និង​មាន​ភាព​បត់បែន​ដូច​ពស់​ វា​ ត្រូវ​បាន​សាងសង់​ដោយសា​ជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC​) ក្រោម​ការ​ត្រួតពិនិត្យ​លក្ខណៈ​ បច្ចេកទេស​ពី​ក្រុមហ៊ុន​ Guangzhou​ Wanna​ Construction​ Supervision​ Co​., Ltd​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​ចុះ​ត្រួតពិនិត្យ​ ស្ថានភាព​កំណាត់ផ្លូវ​ជាតិ​លេខ៥៥​ នៅ​ព្រឹក​ថ្ងៃទី​ ២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ ផ្លូវ​ប្រវែង​ជាក់ស្តែង​សរុប​ចំនួន១៨០គម​ និង​ទទឹង៩ម៉ែត្រ​ ស្ពាន​ចំនួន៤៥​ នេះ​ សាងសង់​ឡើង​ក្រោម​ហិរញ្ញ​ប្ប​ទាន​សម្ប​ ទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សរុប​ប្រមាណ​ជាង​ ១៣២.៨០​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ជា​ប្រភេទ​ផ្លូវ​ DBST​ គិត​ចាប់ពី​ផ្លូវ​ប្រសព្វ​ផ្លូវ​ ជាតិ​លេខ៥​ (១៩១​+១៥០​) រហូតដល់​ភ្នំក្រវាញ​-ទីរួមស្រុក​វាលវែង​-ថ្មដា​ ខេត្ត​ពោធិ​សាត់​ (ព្រំដែន​កម្ពុជា​-ថៃ​ ខេត្ត​ត្រា​ត)។

លោក​បន្ត​ថា​ គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរការ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី៤​ ខែឧសភា​ ឆ្នាំ២០១៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ ហើយ​រហូតមកដល់​ពេលនេះ​ ក្រុមហ៊ុន​បាន​បញ្ចប់​ការសាងសង់១០០ភាគរយ​ហើយ​ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​អស់​រយៈពេល៤២ខែ​។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ការ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ៥៥នេះ​ មាន​គោលបំណង​ពិនិត្យមើល​ចំណុច​ខ្វះខាត​តិច​តូច​ ដែល​នៅ​សេសសល់​ដូចជា​ការ​ដាក់ភ្លើង​សញ្ញា​ប្រុងប្រយ័ត្ន​ជំនួស​ផ្លាក​សញ្ញា​នៅត្រង់​ចំណុច​កែង​ខ្លាំង​ ដើម្បី​ឱ្យ​បង​ប្អូប​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើដំណើរ​តាមផ្លូវ​នេះ​ងាយ​មើល​ និង​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ការ​ធ្វើ​ជញ្ជាំង​លើ​ជម្រាលភ្នំ​ការពារ​ធ្លាក់​ដី​ និង​ដុំ​ថ្ម​ ការ​ប្រមូល​គ្រួស​អណ្ដែត​នៅ​លើ​ថ្នល់​ សំដៅ​ជៀស​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​នានា​ដោយ​យថាហេតុ​ ព្រោះថា​ផ្លូវ​នេះ​សណ្ដូក​លើ​ដងភ្នំ​មានការ​បត់បែន​ខ្លាំង​ ក៏ដូចជា​ការពិនិត្យ​លើ​បញ្ហា​បច្ចេកទេស​មួយចំនួន​ ទាក់ទង​នឹង​ការសាងសង់​ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ ធ្វើការ​កែសម្រួល​បំពេញបន្ថែម​លក្ខណៈ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​សំដៅ​ធ្វើ​ឱ្យ​ផ្លូវ​នេះ​មានគុណ​ភាព​ រឹងមាំ​ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​ មុន​ពេល​ស្នើសុំ​គោលការណ៍​ ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដាក់​ដំណើរ​ ការ​ជា​ផ្លូវការ​។

ផ្លូវ​នេះ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង​ សមាហរណកម្ម​ផ្ទៃក្នុង​ ក៏ដូចជា​ការសម្រួល​ដល់​ការ​ធ្វើដំណើរ​ របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​និង​ឆាប់រហ័ស​ និង​រួមចំណែក​ ដល់​ការ​ប្រែក្លាយ​តំបន់​សក្តា​នុ​ពល​ផ្នែក​កសិកម្ម​ ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ដែល​អាច​តភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល​។ ជាពិសេស​ជាង​នេះ​ទៀត​ ផ្លូវ​នេះ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ ឡើង​ដល់​ការ​តភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេសជិតខាង​ ជួយ​ដល់​ការសម្រប​សម្រួលការ​ធ្វើ​ពាណិជ្ជកម្ម​ ឆ្លងកាត់​ព្រំដែន​ ការ​វិនិយោគ​ និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ទេសចរណ៍​ និង​កសិកម្ម​ផង​ដែរ​។

មានផ្លូវ​មាន​ក្តី​សង្ឃឹម​ ផ្លូវ​ល្អ​នាំមក​នូវ​ភ្ញៀវ​ទេសចរណ៍​ វិនិយោគិន​ និង​ការ​ដឹកជញ្ជូន​កើនឡើង​ ដែល​ជា​កត្តា​ ជំរុញ​ដល់​ការបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ និង​ការ​រីកចម្រើន​សេដ្ឋកិច្ច​ជាតិ​កាត់បន្ថយ​ភាព​ក្រីក្រ​ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

រដ្ឋបាល​ខេត្តសៀមរាប​ប្រកាស​គាំទ្រ​ និង​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​គំរោង​អភិ​វឌ្ឈ​ន៍​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស

0

ដោយ​គង់​ សូ​រិយា

​ភ្នំ​ពេញៈ​ រដ្ឋបាល​ខេត្តសៀមរាប​ បាន​បើក​កិច្ចប្រជុំ​អន្តរ​មន្ទីរ​ពាក់​ព័ន្ឋជាមួយ​អ្នក​អភិវឌ្ឍន៍​គំរោង​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ដែល​មាន​ទុន​វិនិយោគ​ច្រើន​លាន​ដុល្លារ​ ដើម្បី​ប្រែក្លាយ​ស្រុក​បន្ទាយស្រី​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ និង​កាន់តែ​សម្បូរ​បែប​។

បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ជា​គំរោង​អភិវឌ្ឍន៍​ថ្មី​មួយ​ដែល​មានការ​សាងសង់​លំនៅ​ដ្ឋាន​បែប​លំ​ហែរ​កាយ​ រចនាបថ​ខ្មែរ​ ពិសេស​គំរោង​នេះ​ក៏​បង្កើត​សួន​សប្ប​និម្មិត​ និង​បង្កើត​ផ្សារ​បណ្តែត​ទឹកជា​លើកដំបូង​នៅ​ខេត្តសៀមរាប​ ក៏ដូចជា​លើកដំបូង​នៅ​កម្ពុជា​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​ ខណៈ​ខេត្តសៀមរាប​កំពុង​ពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​ឲ្យ​កាន់តែ​សម្បូរ​បែប​ថែមទៀត​ ក្រៅពី​រម​ណី​យដ្ឋាន​ប្រ​វត្ត​សាស្រ្ត​អង្គរ​។

ផ្សារ​បណ្តែត​ទឹកដែល​គ្រោង​នឹង​អភិវឌ្ឍ​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ គឺជា​គម្រោង១ក្នុងចំណោម​គម្រោង​ចំនួន៣​ នៃ​ការ​បណ្តាក់​ទុន​វិនិយោគ​សរុប​ជាង២០០លាន​ដុល្លារ​។

ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ​ចំនួន៣​ ដែល​ចូលរួម​នៅក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​នៅ​កម្ពុជា​ រួមមាន​ ក្រុមហ៊ុន​ Sin​ Corp​ ក្រុមហ៊ុន​ Chang​ Siem​ Corporation​ និង​ក្រុមហ៊ុន TPI​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ី​ម៉​ត៍​ខន​គ្រីត​ ធំជាង​គេ​នៅ​ប្រទេស​ថៃ​។

លោក​សាស្រ្តា​ចារ្យ​ ទួស​ សា​ភឿន​ ម្ចាស់ភាគហ៊ុន​នៃ​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ កាលពី​ចុង​សប្តាហ៍​មុន​ រដ្ឋបាល​ខេត្តសៀមរាប​ ក្រោម​ការចូលរួម​ពី​ប្រធានមន្ទីរ​ពាក់​ព័ន្ឋបាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ​ ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី​អង្គរ​លែ​នដ៏​ម៉ា​ក្ស​ ដើម្បី​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​ គំរោង​ប្លង់​មេ​ ច្បាប់​អាជីវ​កម្ម​ផ្សេង​ៗទាក់ទង​គំរោង​អភិវឌ្ឍន៍​នេះ​។

លោក​បន្ត​ថា​ “ជាល​ទ្ឋ​ផល​កិច្ចប្រជុំ​បានសម្រេច​គាំទ្រ​ និង​ជ្រោមជ្រែង​លើ​ការ​អភិវឌ្ឍ​គំរោង​នេះ​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ ពិសេស​ធ្វើ​យ៉ាងណា​ឲ្យ​ការសាងសង់​បាន​ឆាប់រហ័ស​ និង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​”។ ជាមួយនឹង​ការ​បញ្ជាក់​ពី​សកម្មភាព​ដំណើរការ​របស់​គម្រោង​ លោក​សាស្ត្រា​ចារ្យ​ក៏បាន​ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ នៅក្នុង​គម្រោង​អភិវឌ្ឍ​បុរី​អង្គរ​លែ​នដ៍​ម៉ា​ក្ស​ “ក្រុមហ៊ុន​រៀបចំ​ឱ្យ​តំបន់​នេះ​ ឱ្យ​ក្លាយជា​តំបន់ពិសិដ្ឋ​ មាន​លក្ខណៈ​ពិសេស​ជាងគេ​” និង​ជា​បុរី​ គំរូ​ ដោយ​គោរព​ទៅតាម​ ផ្លូវច្បាប់​ បរិស្ថាន​ និង​វប្បធម៌​ ជុំវិញ​។

បើ​និយាយ​ពី​ប្លង់​លំនៅ​ដ្ឋាន​វិញ​ ត្រូវ​បាន​ ក្រុម​ស្ថាបត្យករ​ល្បី​ៗ បាន​រចនា​ឡើង​តាម​រចនា​បទ​ខ្មែរ​ទំនើប​ ច្រើន​ម៉ួដ​ ពេញនិយម​ ប្លង់​បាត​គឺ​រចនា​ជា​របៀប​សណ្ឋាគារ​ប៊ូ​ទិ​កលំដាប់​ផ្កាយ៤​ ហើយ​ទីតាំង​ក៏​ល្អ​ជាងគេ​ មើលឃើញ​ភ្នំ​ទាំង៣​ គឺ​ភ្នំ​បូក​ ភ្នំដី​ និង​ភ្នំ​គូលែន​ ដែល​ជា​ភ្នំ​របស់​ អាទិទេព​។ សរុប​គឺ​លំនៅ​ដ្ឋាន​ទាំងអស់​ស្ថិត​ក្នុង​គម្រោង​នេះ​ មាន​លក្ខណៈ​ពិសេស​ជាងគេ​ ព្រោះ​យក​តាម​រចនា​បទ​ផ្ទះ​ខ្មែរ​ សំ​រង់​តាម​ក្បួនតម្រា​បុរាណ​ បង្កប់​នូវ​ សេរីមង្គល​ ដល់​ម្ចាស់ផ្ទះ​។

លក្ខណៈ​ពិសេស​ របស់​គម្រោង​ប្លង់​នេះ​មួយទៀត​ គឺ​រចនា​ទៅតាម​ទិស​ខ្យល់​ធម្មជាតិ​ ទ្វារ​ បង្អួច​ត្រូវ​បាន​រៀបចំ​ បែ​ទៅ​រក​ប្រភព​ខ្យល់​ទាំងអស់​ និង​មា​នរ​ន្ឋ​ខ្យល់​ចេញចូល​នៅ​ផ្នែក​ដំបូល​ ដើម្បី​ទាញ​យក​កំ​ដៅ​ក្តៅ​ចេញ​ កុំ​អោយ​ចំហាយក្តៅ​ជះ​ចូល​មក​ខាងក្នុង​ផ្ទះ​។ ផ្នែក​ខាងក្នុង​ផ្ទះ​គឺ​រស់នៅ​ដោយ​មិន​ចាំបាច់​ប្រើ​មា​ស៊ីន​ត្រជាក់​ គឺ​យើង​អាច​រស់នៅ​ប្រកបដោយ​ផាសុ​ខភាព​ ទោះ​ក្នុង​ខែ​ក្តៅ​កម្រិត​ណាក៏ដោយ​។

គម្រោង​លំនៅ​ដ្ឋាន​នេះ​មាន​ចំនួន៦ម៉ូដ​ សម្រាប់​ជា​ជម្រើស​ ដោយ​រាប់​ចាប់ពី​តម្លៃ​ទាប​បំផុត៤៨,៨៨៨ដុល្លារ​ និង​ខ្ពស់​បំផុត​ជាង១៤ម៉ឺន​ដុល្លារ​ ហើយ​បច្ចប្បន្ន​តម្លៃ​ទាំងអស់​នេះ​គឺ​លក់​ក្នុង​ប្រ​ម៉ូ​សិន​ពិសេស​ ដោយ​បំពាក់​នូវ​សម្ភារះ​ទាន់សម័យ​។

គ្រាន់តែ​ក្រុមហ៊ុន​សាងសង់​ផ្ទះ៦០​ ខ្នង​ក្នុង​លក្ខណៈ​សាកល្បង​បាន​កក់​បិទ​ឡូ​តិ​អស់៣៥ខ្នង​រួច​ទៅ​ហើយ​ នេះ​មិន​ទាន់​ប្រកាស់​លក់​ផ្លូវការ​នៅឡើយ​ទេ​ ដោយ​រង​ចាំច្បាប់​អនុ​ញាតិ​ ហើយ​ផ្ទះ​ប្រភេទ​នេះ​មាន៦០០ខ្នង​។ទាក់ទង​នឹង​គំរោង​សាងសង់​ផ្សារ​បណ្តែត​ទឹក​ ដែល​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​សំរាប់​ ជួយ​លើក​វិស័យ​ទេស​ចរ​ណ៏​ខេត្តសៀមរាប​ លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ គម្រោង​អភិវឌ្ឍ​ផ្សារ​បណ្តែត​ទឹកដែល​មានផ្ទៃ​ទំហំ៥០ហិ​កតា​ ខាង​ក្រុមហ៊ុន​ បាន​រៀបចំ​ និង​ត្រៀម​បច្ចេកទេស​ក្នុង​ការសាងសង់​រួចអស់ហើយ​ ហើយក៏​បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​រួចរាល់​ហើយ​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ នៅ​មិនទាន់​បាន​ចេញ​សកម្មភាព​នៅឡើយ​។

ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធី​ធ្លាប់​បាន​មានប្រសាសន៍​ថា​ នីតិវិធី​នៃ​ការសម្រប​សម្រួល​ និង​សម្រេច​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​នេះ​កាលពី​ពេល​កន្លងមក​ គឺ​មាន​ភាពយឺត​យ៉ាវ​ជា​ខ្លាំង​ ដែល​ជាហេតុ​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ រាំងស្ទះ​ទៅដល់​ដំណើរការ​ គម្រោង​អភិវឌ្ឍ​នានា​”។

លោក​បាន​បន្ត​ទៀត​ថា​ “ជា​ការពិត​ នៅពេល​មានការ​ពន្លឿន​ ក្នុង​ការរៀបចំ​ឯក​សារ​ផ្សេង​ៗ ពិតជា​បាន​ចូលរួម​ជួយ​ដល់​រាជរដ្ឋាភិបាល​ ក្នុង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ ហើយក៏​ជា​ការ​ជួយ​ជំរុញ​ឱ្យ​វិស័យ​សេដ្ឋកិច្ច​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​ភាព​រីកចម្រើន​។

លោក​បាន​សង្កត់ធ្ងន់​ថា​ “ការ​ពន្លឿន​នីតិវិធី​នេះ​មាន​សារសំខាន់​ណាស់​ ក្នុង​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ធ្វើ​ឱ្យ​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ពួកគេ​អោយ​បាន​លឿន​។ នៅពេល​នីតិវិធី​យឺតយ៉ាវ​ អាច​ធ្វើ​ឱ្យ​ម្ចាស់​គម្រោង​មួយចំនួន​បង្ខំចិត្ត​សាងសង់​ និង​លក់​ដោយ​មិន​សុំច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​” រឺ​បង្វែរ​ការ​វិនិយោគ​នៅ​កម្ពុជា​ ទៅ​វិនិយោគ​នៅ​ប្រទេស​ផ្សេង​ៗជំនួស​វិញ​៕

មហាយក្ស​ចិន​ដាក់ចេញ​យុទ្ធសាស្ត្រ​សង្គ្រាម​ត្រជាក់​ដើម្បី​បំបែក​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​

0

ដោយ​ Donald​ Lee​

ប៉េ​កាំងៈ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុម័ត​យុទ្ធ​សាស្រ្ត​ សង្រ្គាម​ត្រជាក់​រយៈពេល​យូរ​ដើម្បី​បំបែក​សេដ្ឋកិច្ច​អាមេរិក​ឲ្យ​ដាច់​ឆ្ងាយ​ និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ខ្លួន​ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​។

ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នៅតែ​បន្ត​ភាព​តានតឹង​តាន​ ក្រុង​ប៉េកាំង​នៅតែ​ដំណើរការ​យុទ្ធវិធី​សង្រ្គាម​ត្រជាក់​ ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​សេដ្ឋកិច្ច​អាមេរិក​។

ចិន​កំពុងតែ​ព្យាយាម​រៀបចំ​សេដ្ឋកិច្ច​សកល​ឡើងវិញ​ តាមរយៈ​ការ​ទាញ​យក​នូវ​ការ​វិនិយោគទុន​បរទេស​ដ៏​ច្រើន​នៅ​សហរដ្ឋអាមេរិក​ ដោយ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដែល​នឹង​ញែក​សេដ្ឋកិច្ច​អាមេរិក​ និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ដែល​មាន​គូប្រជែង​របស់​អាមេរិក​ខ្លាំង​ដូចជា​ រុស្ស៊ី​ និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាដើម​។

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ ចូល​នៅក្នុង​អាមេរិក​បាន​ធ្លាក់ចុះ​ជិត៩០​ ភាគរយ​ ចាប់តាំងពី​ការ​ចាប់ផ្តើម​អា​ណតិ្ត​ នៅក្នុង​ការ​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ ច​Rhodium​ Group ​បាន​ឲ្យដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចិន​ នៅ​អាមេរិក​មាន​ទឹកប្រាក់​ចំនួន ៤៦​,៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦​ នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​ លោក​ Trump​ បាន​ឡើង​កាន់​តំណែង​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ចិន​ នៅ​អាមេរិក​បាន​ធ្លាក់ចុះ​ត្រឹមតែ៥​,៤ពាន់​លាន​ដុល្លារ​ពោល​គឺ​ធ្លាក់ចុះ​ជិត៩០ភាគរយ​។

លោក​ Eswar​ Prasad​ អតីតប្រធាន​នៃ​មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ នៃ​ប្រទេស​ចិន​ បាន​ឆ្លើយតប​ទៅកាន់​កាសែត​ញូ​វយ៉​កថែម​ស៍​ថា​ “ការពិត​ដែល​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ គឺជា​សញ្ញា​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​អាមេរិក​ និង​ប្រទេស​ចិន​ដែល​កាន់តែ​យ៉ាប់យ៉ឺន​”។

លោក​បន្ត​ថា​ “អាមេរិក​មិន​ជឿ​ទុកចិត្ត​លើ​ជនជាតិ​ចិន​ទេ​ ហើយ​ប្រទេស​ចិន​មិន​ទុកចិត្ត​អាមេរិក​ទេ​”។

ការ​វិនិយោគ​បរទេស​របស់​ចិន​ នៅក្នុង​អចលនទ្រព្យ​អាមេរិក​ ក៏​មាន​ភាពស្មើគ្នា​នឹង​ការ​វិនិយោគ​បរទេស​ផ្ទាល់​នៅក្នុង​វិស័យ​ដទៃទៀត​ដែរ​។

របាយការណ៍​វិភាគ​អចលនទ្រព្យ​ ដែល​ធ្វើឡើង​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ បាន​រក​ឃើញថា​ វិនិយោគិន​ចិន​បាន​ទិញ​អចលនទ្រព្យ​ចំនួន៣៧កន្លែង​ ដែល​មានតម្លៃ២​,៣ ពាន់​លាន​ដុល្លារ​ ប៉ុន្តែ​បាន​លក់​អចលនទ្រព្យ​ចេញ​ក្នុង​តម្លៃ​ជិត
៣​,១ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​។

របាយការណ៍​អចលនទ្រព្យ​របស់​អាមេរិក​ដោយ​ Cushman​ &​ Wakefield​ បានឱ្យ​ដឹង​ថា​ “វា​មាន​ភាព​ច្របូកច្របល់​នៅក្នុង​ទីផ្សារ​អាមេរិក​ ក្នុង​ការបោះបង់​ចោលការ​វិនិយោគ​របស់​វិនិយោគិន​ចិន​”។

ឥទ្ធិពល​នៃ​ការ​វិនិយោគ​របស់​ចិន​ អាច​ត្រូវ​បាន​គេ​មើលឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុ​ទីផ្សារ​ឬសេដ្ឋ​កិច្ច​នៅ​អាមេរិក​។ ទោះបីជា​មានការ​បង្រួបបង្រួម​នៃ​វិស័យ​អចលនទ្រព្យ​ដោយ​វិនិយោគិន​ក៏ដោយ​ ក៏​ចិន​នៅតែ​ជា​អ្នកទិញ​បរទេស​ធំ​បំផុត​ ដែល​បាន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទ្រព្យ​នៅ​អាមេរិក​។

ស្រប​ពេល​ជាមួយគ្នា​នោះ​ ទីក្រុង​ប៉េកាំង​ និង​មូស្គូ​កំពុង​ធ្វើ​យុទ្ធ​សាស្រ្ត​ ដើម្បី​ញែក​សេដ្ឋកិច្ច​អាមេរិក​ ដោយ​ការស្វែងរក​មធ្យោបាយ​ ដើម្បី​បង្កើន​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទី២​ និង​ទី៣របស់​ពិភពលោក​នេះ​។

យោង​តាម​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី​ លោក​ Maxim​ Oreshkin​ បាន​ឲ្យដឹង​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ទ្វេដង​ដល់២០០ពាន់​លាន​ដុល្លារ​ បន្ទាប់ពី​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំងពីរ​កាលពីដើម​ខែ​នេះ​។

លោក​ Oreshkin​ បាន​ប្រាប់​សារព័ត៌មានស៊ីនហួរ​ ថា​ “ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ត្រូវ​អនុវត្ត​គម្រោ​ងធំៗ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​ទំនិញ​ប្រើប្រាស់​ចុងក្រោយ​ និង​ការ​វិនិយោគ​ផង​ដែរ​។ បរិមាណ​ទាំងនេះ​នឹង​កើនឡើង​យ៉ាង​ខ្លាំង​”។

ប្រទេស​ចិន​ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​រួចហើយ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​សណ្ដែកសៀង​ ដែល​ជា​ទំនិញ​នាំចេញ​កសិផល​សំខាន់​មួយ​សម្រាប់​អាមេរិក​ និង​ចំណុចរសើប​សម្រាប់​ប្រធានាធិបតី​អាមេរិក​ Trump​ ខណៈ​ លោក​ព្យាយាម​ធានា​ការបោះឆ្នោត​ពី​កសិករ​អាមេរិក​ ក្នុង​ការ​គាំទ្រ​ដល់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំក្រោយ​។

អាមេរិក​គឺជា​អ្នកផ្គត់ផ្គង់​សណ្ដែកសៀង​ធំ​បំផុត​របស់​ចិន​។ ប៉ុន្តែ​ចិន​បាន​បញ្ឈប់​ការនាំចូល​សណ្តែកសៀង​ពី​អាមេរិក​ បន្ទាប់ពី​មានការ​បង្កើន​ពន្ធ​រហូតដល់២៥ភាគរយ​លើ​ទំនិញ​របស់​អាមេរិក​។

របាយការណ៍​មួយ​ចេញផ្សាយ​ ដោយ​នាយកដ្ឋាន​កសិកម្ម​អាមេរិក​ នៅក្នុង​ឆ្នាំនេះ​ បាន​បង្ហាញថា​ “ការ​លក់​ និង​ការនាំចេញ​សណ្តែកសៀង​របស់​អាមេរិក​ ទៅ​ប្រទេស​ចិន​មានកម្រិត​ទាប​ខ្លាំង​ដេល​វា​កំពុងតែ​កើតមាន​”។

លើស​ពីនេះ​ទៀត​ ប្រទេស​ចិន​បាន​ឧបត្ថម្ភ​ដល់​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​ដែល​រួមមាន​រដ្ឋ​សមាជិក​អាស៊ាន​ និង​ប្រទេស​សេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ីហ្វិក​សំ​ខាន់​ៗដូចជា​ប្រទេស​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​ និង​ឥណ្ឌា​។ តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ី​មួយ​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​មិនរាប់​បញ្ចូល​អាមេរិក​ និង​ព្យាយាម​ញែក​ប្រទេស​មហាអំណាច​ពិភពលោក​នេះ​ ចេញពី​តំបន់​មួយ​នេះ​ ដែល​មាន​ប្រជាជន៣​,៥ពាន់​លាន​នាក់​ណនិង​ ៣០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​លើ​ពិភពលោក​។

ប្រសិនបើ​រដ្ឋ​ជាស​មា​ជិ​កបាន​ចុះ​កិច្ច​ព្រមព្រៀង​ ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ត្រូវ​បាន​ហៅថា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) វា​នឹង​ស្រដៀងនឹង​សហភាព​អឺរ៉ុប​ (EU​)។

តំណាង​ពាណិជ្ជកម្ម​មក​ពីរ​ដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ទាំង១០​ និង​ដៃគូ​របស់​ខ្លួន​ដែល​មាន​ប្រទេស​ ចិន​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អូស្រ្តាលី​ ញូ​ហ្សេ​ឡែន​ និង​ឥណ្ឌា​ បាន​បើក​កិច្ចប្រជុំ​ជាច្រើន​ ដើម្បី​ស្វែងរក​ព័ត៌មាន​លំអិត​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ក្នុង​តំបន់​ដែល​មាន​លក្ខណៈ​បែប​សហភាព​អឺរ៉ុប​ និង​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​តំបន់​។

ការ​សង្កត់ធ្ងន់​លើ​កិច្ច​ព្រមព្រៀង​នេះ​ បាន​កើតមានឡើង​ នៅពេល​ដែល​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បាន​ធ្វើ​ឱ្យ​អស្ថិរភាព​សេដ្ឋកិច្ច​អាស៊ី​ និង​ពិភពលោក​។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក​ Simon​ Birmingham​ បាន​ហៅ​កិច្ច​ព្រមព្រៀង​ RCEP​ ថា​ ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ ក្នុងចំណោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សំ​ខាន់​ៗបំផុត​នៅក្នុង​ពិភពលោក​។

លោក​ Simon​ បាន​បន្ថែម​ថា​ អូស្ត្រាលី​មិន​អាច​ដោះស្រាយ​ជម្លោះ​រវាង​អាមេរិក​ និង​ចិន​បានទេ​ ហើយ​អូស្ត្រាលី​ត្រូវតែ​ស្វែងរក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ប្រកបដោយ​គុណសម្បត្តិ​ បើ​ទោះបីជា​ពួកគេ​មិនរាប់​បញ្ចូល​ដៃគូ​ប្រពៃណី​ដូចជា​ សហរដ្ឋអាមេរិក​។

របាយការណ៍​សេដ្ឋកិច្ច​ Bloomberg​ បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​ ការ​ចំណាយ​ការខាតបង់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​អាច​ឈាន​ដល់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ និង​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដែល​មិនធ្លាប់​មាន​ ចាប់តាំងពី​ឆ្នាំ២០០៨​។

លោកនាយក​រដ្ឋមន្ត្រី​ថៃ​ Prayuth​ Chan​-ocha​ នៅ​សន្និសីទកំពូល​អាស៊ាន​លើក​ទី​ ៣៤ស្តី​ពី​ RCEP​ បាន​និយាយ​ថា​ “នៅពេល​ដែល​បូក​បញ្ចូល​គ្នា​រវាង​អាស៊ាន​ និង​បណ្តា​ប្រទេស​អាស៊ី​ នឹង​បង្កើត​ប្លុក​តំបន់​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក​”។

លោក​បាន​បន្ថែម​ថា​ “ប្រសិនបើ​យើង​អាច​ធ្វើ​ដូច្នេះ​បាន​ យើង​នឹង​មានអំណាច​ចរចា​ និង​មាន​មូលដ្ឋាន​សម្រាប់​ចរចា​”៕

រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​តំបន់​ជាប់​ផ្លូវជាតិ​លេខ៤​ ជា​តំបន់ឧស្សាហកម្ម​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ២០២៥​

0

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ និង​កំពុង​ប្រែក្លាយ​តំបន់​នៅ​សងខាង​ផ្លូវជាតិ​លេខ៤ជា​តំបន់ឧស្សាហកម្ម​ចាប់ពី​រាជធានី​ភ្នំពេញ​ ដល់​ក្រុង​ព្រះសីហនុ​ ​ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​កាលពី​ចុង​សប្តាហ៍​មុន​ថា​ ផែនការ​យុទ្ធសាស្ត្រ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ខាងលើ​នេះ​ មិនមែន​ទើប​មាន​នោះ​ទេ​ គំរោង​នេះ​បាន​ស្ថិតនៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​ ដែល​បាន​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ២០១៥​។

លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ផែនការ​នេះ​ ត្រូវ​បាន​ដាក់ចេញ​តាំងពី​ឆ្នាំ២០១៥​ ប៉ុន្តែ​ការអនុវត្ត​ត្រូវ​បាន​ធ្វើឡើង​ជា​ជំហាន​ និង​តាម​ដំណាក់កាល​”។

ក្រោម​ការអនុវត្ត​ទៅតាម​ផែនការមេ​ ជា​លទ្ធផល​នៅពេល​បច្ចុប្បន្ន​នេះ​ តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ជាពិសេស​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ បាន​ និង​កំពុង​ប្រែក្លាយ​ទីតាំង​មួយចំនួន​ ដែល​ធ្លាប់តែ​មាន​សភាព​វាល​រហោស្ថាន​នោះ​ ទៅជា​តំបន់ឧស្សាហកម្ម​ និង​កសិ​ឧស្សាហកម្ម​រួច​ទៅ​ហើយ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ទៀត​ថា​ “ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ប្រៀបបានទៅ​នឹង​ឃ្នាស់​សម្រាប់​គាស់​ និង​ជំរុញ​បន្ថែម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ តាមរយៈ​ការ​អូសទាញ​បណ្តា​អ្នក​វិនិយោគ​ និង​ក្រុមហ៊ុន​អន្តរជាតិ​ឱ្យ​ចូល​មកកាន់​កម្ពុជា​ក្នុង​ភាពជា​ដៃគូ​”។លោក​បន្ត​ថា​ “ជាក់ស្ដែង​ពេលនេះ​ យើង​ឃើញ​មាន​វិនិយោគិន​ជាច្រើន​បាន​ចូល​មកកាន់​កម្ពុជា​ ដូចជា​វិស័យ​កាត់ដេរ​ វិស័យ​ឧស្សាហកម្ម​ គ្រឿង​អេឡិចត្រូនិក​ និង​គ្រឿង​បរិ​ក្ខា​អគ្គិសនី​ ក៏ដូចជា​វិ​ស័យ​កសិ​ឧស្សាហកម្ម​ រួមមាន​រោងចក្រ​សម្ងួត​ផ្លែឈើ​ជាដើម​”។

លោក​បញ្ជាក់​ថា​ រូបភាព​នៃ​ការ​វិនិយោគ​ទាំងអស់​នេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​ ដែល​វា​នឹង​នៅតែ​បន្ត​ភាព​រីកចម្រើន​បន្ថែម​ទៀត​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ បាន​មានប្រសាសន៍​ថា​ ខេត្ត​កំពង់ស្ពឺ​ បច្ចុប្បន្ន​នេះ​មាន​លំហូរ​ទុន​ចូល​វិនិយោគ​នៅក្នុង​ខេត្ត​ មិន​ក្រោម៣ពាន់​លាន​ដុល្លារ​នោះ​ទេ​។ បច្ចុប្បន្ន​នេះ​មាន​រោងចក្រ​ និង​ក្រុមហ៊ុន​ធំ​ជាច្រើន​បាន​ និង​កំពុង​ដំណើរការ​នៅក្នុង​ខេត្ត​ ដូចជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ រោងចក្រ​ស្បែកជើង​ រោងចក្រ​កាបូប​ រោងចក្រ​ផលិត​ផត​សម្ភារៈសំណង់​ គ្រឿង​អេ​ឡិច​ត្រូ​និច​ និង​រោងចក្រ​សម្ងួត​ផ្លែឈើ​ជាដើម​។

លោក​បាន​បន្ត​ទៀត​ថា​ ក្រៅពី​នេះ​នៅ​មាន​គម្រោង​អភិវឌ្ឍន៍​ មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​ពិភពលោក​ដែល​មានតម្លៃ ៥០០​លាន​ដុល្លារ​ រួម​ជាមួយនឹង​គម្រោង​សាងសង់​សំណង់​ខុន​ដូ​ផង​ដែរ​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​នឹង​មាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ មក​ពី​សហរដ្ឋអាមេរិក​ចូល​មកកាន់​ខេត្ត​កំពង់ស្ពឺ​បន្ថែម​ទៀត​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា​ លោក​បណ្ឌិត​ហុង​ វណ្ណៈ​ បាន​មានប្រសាសន៍​ថា​ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​ពិតជា​មាន​ភាពល្អ​ប្រសើរ​ក្នុង​ការជំរុញ​ និង​ចាក់​បញ្ចូល​បន្ថែម​នូវ​កំណើន​សេដ្ឋកិច្ច​ តាមរយៈ​ការ​ជួយ​សម្រួល​ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​។

លោក​បាន​បន្ត​ទៀត​ថា​ “មិនមែន​មានតែ​កម្ពុជា​នោះ​ទេ​ ដែល​ផ្តោត​សំខាន់​ទៅលើ​ការសម្រួល​នៅ​តាម​បណ្តាញ​ផ្លូវ​ ឆ្ពោះទៅ​កាន់​តំបន់​សមុទ្រ​ដែល​មាន​កំពង់ផែ​ទឹកជ្រៅ​សម្រាប់​បម្រើការ​ដឹកជញ្ជូន​លើកដាក់​នោះ​”។ លោក​បន្ត​ថា​ “សូម្បីតែ​ប្រទេស​សាំងហ្គាពួរ​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​រួច​ទៅ​ហើយ​ ក៏​ពឹងផ្អែក​មួយ​ចំណែក​ធំ​ទៅលើ​កំពង់ផែ​លើកដាក់​នេះ​ដែរ​”។

លោ​បណ្ឌិត​ហុង​ វណ្ណៈ​ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​ត្រូវតែ​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ និង​ផ្តល់​ភាព​ងាយ​ស្រួល​​ដល់​បណ្តា​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេសជិតខាង​បាន​ ជាពិសេស​ប្រទេស​​វៀតណាម​ ដែលគេ​ក៏​ពង្រឹង​វិស័យ​ដឹង​ជញ្ជូន​តាម​កំពង់ផែ​ទឹកជ្រៅ​នេះ​ដែរ​ ដែ​លប្រ​ព័ន្ឋនៃ​ការ​លើកដាក់​និង​និ​តិ​វិធី​នៃ​ការនាំចេញ​ ក៏​មិន​មាន​លល​ក្ខ​ណៈ​ស្មុគ្រ​ស្មាញ​នោះ​ទេ​ ដោយសារ​រដ្ឋាភិបាល​រៀ​តណាម​បាន​កាត់បន្ថយ​កា​រិយា​ធិប​តេ​ត្យ​ ហើយ​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​មាន​ភាព​ងាយស្រួល​ ដោយមាន​ចម្ងាយ​ជិត​ បើ​គិត​ពី​ក្រុង​បាវិត​ឆ្ពោះទៅ​កាន់​កំពង់ផែ​ដែល​ស្ថិតនៅ​ សៃហ្គន​។

លោក​បាន​បញ្ជាក់​ថា​“ការ​ប្រែក្លាយ​តំបន់​ផ្លូវជាតិ​លេខ៤​ ឱ្យ​ក្លាយទៅជា​តំបន់ឧស្សាហកម្ម​ ក្រៅពី​អាច​ផ្តល់​ភាព​ងាយស្រួល​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​ដឹកជញ្ជូន​ វា​ក៏​ចូលរួម​បម្រើ​ដល់​វិស័យ​ទេសចរណ៍​បាន​មួយ​ចំណែក​ផង​ដែរ​”។ លោក​បន្ត​ថា​ “ក្រៅពី​ផ្លូវជាតិ៤​ ផ្លូវជាតិ​លេខ៣​ និង​ខេត្តពោធិ៍សាត់​ ដែល​មានផ្លូវ​ចាក់​ទៅកាន់​ផ្លូវជាតិ​លេខ៤​ ក៏​គួរតែ​មានការ​អភិវឌ្ឍ​ដែល​អាច​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ផង​ដែរ​” ៕