រយៈពេល៥ឆ្នាំ​ស៊ុយអែត​បាន​ផ្តល​ថវិកា​ប្រមាណ១០០លាន​ដុល្លារ​ចូលរួម​អភិវឌ្ឍន៍​កម្ពុជា​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​បាន​លើកឡើង​ថា​ តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍ​ស៊ីដា​ ស៊ុយអែត​បាន​ដើរតួ​យ៉ាង​សំខាន់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា​ ដោយ​ក្នុងរយៈពេល​ជាង៥ឆ្នាំ​ប្រទេស​នេះ​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​មកកាន់​កម្ពុជា​ក្នុងទឹក​ប្រាក់១០០លាន​ដុល្លារ​អាមេរិក​។

នៅក្នុង​ជំនួប​ជាមួយ​លោកជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេន​ (H.E​. Ms​. Maria​ Sargren​) ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ ប្រទេស​ស៊ុត​អែ​តប្រចំា​នៅ​កម្ពុជា​ នៅ​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​បាន​អរគុណ​ដល់​ប្រទេស​ស៊ុយ​អ៊ែ​ត ដែល​បាន​ជួយ​ជំនួយ​បច្ចេកទេស​ដល់​រដ្ឋសភា​ ​លើ​ការអភិវឌ្ឍន៍​និង​លើកកម្ពស់​សមត្ថភាព​របស់​តំណាងរាស្ត្រ​ ​និង​មន្រ្តី​ជំនាញ​តាមរយៈ​ការរៀបចំ​ទស្សនកិច្ច​សិក្សា​ ​ការរៀបចំ​សិក្ខាសាលា​ និង​វគ្គ​បណ្តុះបណ្តាល​នានា​។

សម្តេច​បាន​ស្នើ​ដល់​ប្រទេស​ស៊ុយអែត​ បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ និង​ក្រុម​អ្នកស្រាវជ្រាវ​ ដើម្បី​ពង្រឹង​សមត្ថភាព​ជំនាញ​ក្នុង​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ លើ​វិស័យ​អាទិភាព​ ដូចជា​ការ​អភិវឌ្ឍ​កសិកម្ម​ ការ​អភិវឌ្ឍ​ទីក្រុង​វ៉ៃ​ឆ្លាត​ ទេសចរណ៍​ សហគ្រិន​ស្រ្តី​ និង​សេដ្ឋកិច្ច​ឌីជីថល​ជាដើម​។

សម្តេច​ប្រធាន​រដ្ឋសភា​ មាន​ក្តី​សង្ឃឹមថា​ ទោះបី​លោកជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេន​ បាន​បញ្ចប់​បេសកកម្ម​ការទូត​ពី​កម្ពុជា​ ទៅ​ទទួល​បេសកកម្ម​ការងារ​ថ្មី​នៅ​ទីណា​ក៏ដោយ​ ក៏​លោកជំទាវ​នៅតែ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​កម្ពុជា​ និង​បន្ត​ជួយ​ផ្សព្វផ្សាយ​ លើកទឹកចិត្ត​ដល់​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​នៅ​កម្ពុជា​។

លោកជំទាវ​ ម៉ា​រៀ​ សា​ហ្គ្រេន​ ឯកអគ្គ​រដ្ឋទូត​ចប់​អាណត្តិ​ ប្រទេស​ស៊ុត​អែ​ត ប្រចំា​នៅ​កម្ពុជា​ បាន​អបអរសាទរ​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​កក្តា​សំខាន់​នៅក្នុង​ការ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ ​និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​សហ​វត្សរ៍​។ លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​ បាន​ជម្រាប​សម្តេច​ប្រធាន​រដ្ឋសភា​ថា​ ប្រទេស​ស៊ុយ​អ៊ែ​ត បាន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍​កម្ពុជា​ជាច្រើន​វិស័យ​ មាន​ដូចជា​ ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ ការអប់រំ​ ការ​អភិវឌ្ឍ​សហគមន៍​ ការ​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ និង​សមភាព​យេនឌ័រ​ ជាដើម​។

នៅក្នុង​បេសកកម្ម​ការទូត៣ឆ្នាំ​នៅ​កម្ពុជា​ លោកជំទាវ​ មាន​ក្តី​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ ដែល​បានឃើញ​ចំណងមិត្តភាព​ កិច្ច​សហប្រតិបត្តិ​ការ​ប្រទេស​ទំាង​ពីរ​ មានការ​រីកចម្រើន​ ទំាង​ផ្នែក​ពាណិជ្ជកម្ម​ ការទូត​ និង​វប្បធម៌​។

ស៊ុយ​ អែត​ ជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ក្នុង​សហ​គម​អឺរ៉ុប​ ដែល​បាន​ជួយ​កម្ពុជា​ចាប់ពី​របប​ខ្មែរក្រហម​បាន​ដួល​រលំ​ និង​ជាបន្តបន្ទាប់​មក​៕

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KFA​ ទទួល​បាន​ពានរង្វាន់​ភាពជា​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ២០១៩​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​អគ្គនាយក​ក្រុមហ៊ុន​ Khmer​ Foundation​ Appraisal​ លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​ទទួល​បាន​ពានរង្វាន់​នៅក្នុង​កម្មវិធី​ «ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​» ប្រចាំឆ្នាំ២០១៩​។

កម្មវិធី​ពានរង្វាន់​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន​ បាន​ដាក់ពាក្យ​ចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​ «ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ២០១៩​» ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ និង​ពង្រីក​ កិត្តិស័ព្ទ​របស់​ក្រុមហ៊ុន​ទៅ​កាន់​បជ្ឍ​ដ្ឋាន​ខាងក្រៅ​ ដែល​កំពុងតែ​មានការ​ប្រកួតប្រជែង​នៅក្នុង​ការ​ប្រកប​មុខ​ជំនួញ​។

ជា​លទ្ធផល​ក្នុងចំណោម​បេក្ខភាព​ជាប់​ជ័យលាភី​ចុងក្រោយ​ទាំង៥​ ក្នុងនាម​ជា​ក្រុមហ៊ុន​ ដែល​បម្រើ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ក្រុមហ៊ុន​Khmer​ Foundation​ Appraisal​ Co​.,Ltd​ តែមួយគត់​ ដែល​មាន​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ជា​ស្ថាបនិក​ និង​ជា​អគ្គនាយក​គ្រប់គ្រង​ ទទួល​បាន​ពានរង្វាន់​ «ភាពជា​សហគ្រិន​ឆ្នើម​»។

មានប្រសាសន៍​ប្រាប់​អ្នកយកព័ត៌មាន​ប្រចាំ​នៅ​គេហទំព័រ​ Propertyarea.asia​ កាលពី​ល្ងាច​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ថា​ នៅក្នុង​កម្មវិធី​ប្រកួត​ដំ​ណ្តើម​ពាន់​រង្វាន់​ “ភាពជា​សហគ្រិន​វ័យក្មេង​កម្ពុជា​ឆ្នាំ២០១៩​” មាន​ក្រុមហ៊ុន​ជាច្រើន​ដែល​បាន​ចូលរួម​ និង​ត្រូវ​ឆ្លងកាត់​វគ្គ​ជម្រុះ​ចំនួន៥​ ក្រោម​ការ​ត្រួតពិនិត្យ​ល័ក្ខខ័ណ្ឌ​ និង​វិនិច្ឆ័យ​ពីសំណាក់​គណៈកម្មការ​យ៉ាង​តឹង​រឹង​។

ការវាយតម្លៃ​ និង​ផ្តល់​ពិន្ទុ​ គណ​កម្មការ​បាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ចាប់តាំងពី​ដំណាក់កាល​ដំបូង​នៅពេល​ដាក់ពាក្យ​ ហើយ​ធ្វើការ​ជម្រុះ​តាម​វគ្គ​និ​មួយ​ៗចំនួន៤វគ្គ​ផ្សេងទៀត​ រាប់ទាំង​វគ្គ​ចុងក្រោយ​។ អ្វី​ដែល​ជា​ល័ក្ខខ័ណ្ឌ​ និង​ការ​ផ្តល់​ពិន្ទុ​ចម្បង​ជាងគេ​ គឺ​ការពិនិត្យ​ និង​វាយតម្លៃ​ទៅលើ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ ដែល​កំពុង​ដំណើរការ​ ការគ្រប់គ្រង​ប្រកបដោយ​គុណភាព​ខ្ពស់​ ការថែទាំ​សេវាកម្ម​ និង​ពង្រីក​ប្រតិបត្តិ​ការ​នៅ​លើ​ទីផ្សារ​បន្ថែម​ប្រកបដោយ​ប្រសិទ្ធភាព​ រួម​ជាមួយនឹង​ការចែក​រំលែក​ជា​ប្រយោជន៍​ដល់​សង្គម​ រួមមាន​ដូចជា​ការចែកចាយ​ព័ត៌មាន​ នៅក្នុង​វិស័យ​ពាក់ព័ន្ធ​ទៅដល់​សាធារណៈ​ជន​ ការចែក​រំលែក​ជា​ចំណេះដឹង​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ជាដើម​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​បាន​មានប្រសាសន៍​ថា​ “នេះ​គឺជា​លើក​ទី១ហើយដែល​ក្រុមហ៊ុន​របស់ខ្ញុំ​ចូលរួម​ ខណៈ​ដែល​កម្មវិធី​ដែល​រៀបចំឡើង​ ដោយ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​មាន​អាយុកាល៥ឆ្នាំ​រួច​ទៅ​ហើយ​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ KFA​ ក៏​ព្រោះតែ​អាយុកាល​របស់​ក្រុមហ៊ុន​ ទើបតែ​បង្កើត​រយៈ​ជាង៤ឆ្នាំ​ ផ្តើម​ចេញពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ និង​ប្រឹ​ក្សា​ផ្សេង​ៗពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អចលនទ្រព្យ​ប៉ុន្តែ​ក្នុងរយៈពេល​ដ៏​ខ្លី​ KFA​ ទទួល​បាន​ជោគជ័យ​ក្នុង​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ថែមទាំង​បាន​ពង្រីក​ខ្លួន​បន្ថែម​ពីលើ​ផ្នែក​សេវាកម្ម​ មក​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​”។

លោក​ឧកញ៉ា​នួន​ រិទ្ឋី​បាន​បន្ត​ថា​ អ្វី​ដែល​ជា​ចំណុចខ្លាំង​របស់​ក្រុមហ៊ុន​ KFA​ ក្រៅពី​ពង្រីក​វិសាលភាព​ គឺ​បាន​ចូលរួម​បង្កើន​ធនធានមនុស្ស​ជាច្រើន​នាក់​ រាប់ទាំង​ការ​បណ្តុះបណ្តាល​ផ្តល់​នូវ​ចំណេះដឹង​ ក៏ដូចជា​ការ​ជួយ​បង្កើន​កម្រិតជីវភាព​របស់​ពួកគេ​ តាមរយៈ​ការ​ផ្តល់​ជូន​ការងារ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​ឧកញ៉ា​បន្ត​ថា​ ការ​ទទួល​បាន​ពានរង្វាន់​ «ភាពជា​សហគ្រិន​ឆ្នើម​វ័យក្មេង​នៅ​កម្ពុជា​ឆ្នាំ២០១៩​» វា​មិនមែន​ជា​ស្នាដៃ​របស់​លោក​ឧកញ៉ា​តែម្នាក់ឯង​នោះ​ទេ​ ប៉ុន្តែ​ជាស​មិទ្ធ​ផល​រួម​ក្រោម​ការ​ខិតខំ​ ប្រឹងប្រែង​របស់​គ្រប់​សមាសភាព​បុគ្គលិក​ ដែល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ KFA​ ទាំងអស់គ្នា​ ហើយ​វា​នឹង​នៅតែ​បន្ត​ភាព​រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​ទៀត​៕

វិស័យ​អចលនទ្រព្យ​អង់គ្លេស​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ពី​តំបន់​អាស៊ី​

0

ដោយ​ វុត្ថា​

អង់​គ្លេ​សៈ​ ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អង់គ្លេស​ កំពុងតែ​ទាក់​ទាញ​ខ្លំា​ងចំពោះ​អ្នក​វិនិយោគ​អស៊ី​ ​ស្រប​ពេល​ដែល​និស្សិត​អាស៊ី​ជាច្រើន​បាន​ និង​កំពុង​ចាប់អារម្មណ៍​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​នេះ​ ដែល​ធ្វើ​ឱ្យ​តម្រូវការ​អគារ​ស្នាក់នៅ​កើនឡើង​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Retalk​ Asia​ ​បានឱ្យ​ដឹង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្នុង​ពេល​ថ្មី​ៗនេះ​យើង​ឃើញ​មានការ​កើនឡើង​ នៃ​ចំនួន​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​អង់គ្លេស​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អ្នកទិញ​អន្តរជាតិ​ ជាពិសេស​និស្សិត​ និង​ឪពុក​ម្តាយ​របស់​គេ​មក​ពី​តំបន់​អាស៊ី​។

ជាមួយគ្នា​នោះ​ អ្នកទិញ​កំពុងតែ​សម្លឹង​មើលទៅ​ក្រៅ​ទីក្រុង​សំ​ខាន់​ៗ នៅ​កណ្តាល​ទី​ក្រុង​ឡុង​ និង​តំបន់​ទី៣​ និង​ទី៤​ ដូចជា​ Docklands​, Acton​ និង​ Brentford​) និង​ទីក្រុង​លំដាប់​ទី​ ២ ដូចជា​ Manchester​ និង​Birmingham​ជាដើម​ ដែល​មាន​ហេ​ដ្ឋាន​ពន្ធ​ងាយស្រួល​ ដូចជា​មន្ទីរពេទ្យ​ គ្រឹះស្ថាន​សារ​ធា​រណៈ​ និង​ព្រលា​នយន្តហោះ​ជាដើម​។

អ្នក​អភិវឌ្ឍន៍​កំពុងតែ​ផ្តោត​លើ​ការអភិវឌ្ឍន៍​ លំនៅ​ដ្ឋាន​ក្នុង​តម្លៃ​សមរម្យ​ឱ្យ​ស្រប​ទៅ​នឹង​ទីផ្សារ​បច្ចុប្បន្ន​ ​និង​តម្រូវការ​របស់​អ្នកទិញ​អាស៊ី​ ដោយ​ក្នុង​នោះ​គឺ​ការ​វិនិយោគ​លើ​លំនៅ​ដ្ឋាន​ដែល​មាន​បន្ទប់​តូចល្មម​ (សម្រាប់​ប្រជាជន​វ័យក្មេង​ស្នាក់នៅ​ដើម្បី​រៀន​បន្ត​) ​និង​តំបន់​ជុំវិញ​នោះ​មាន​ទាំង​កន្លែង​ហាត់ប្រាណ​ អាងហែលទឹក​ អ្នក​អនាម័យ​ និង​កន្លែង​ផ្សេងទៀត​។

អចលនទ្រព្យ​ទី​ក្រុង​ឡុងដ៍​ នៅតែ​បន្ត​ផ្តល់​ឱកាស​ដល់​វិនិយោគិន​អាស៊ី​។ ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​ផ្គត់ផ្គង់​លំនៅ​ដ្ឋាន​ និង​ការ​កើនឡើង​នៃ​ទីផ្សារ​លំនៅឋាន​ក្នុង​ប្រទេស​អង់​គ្លេង​ត្រូវ​បាន​គេ​ ​យល់ថា​ វិនិយោគិន​អាស៊ី​បន្ត​អភិវឌ្ឍ​យុទ្ធ​សាស្រ្ត​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ទី​ក្រុង​ឡុងដ៍​ដែល​ផ្តល់​ពេលវេលា​ដ៏​ពិតប្រាកដ​៕

កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​បន្ត​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​

0

ដោយ​ រ៉ា​ណេត​

សៀម​រា​បៈ​ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​ បាន​និង​កំពុង​ពង្រឹង​កិច្ចសហការ​ឱ្យ​កាន់តែ​ជិ​ស្និទ្ធ​ជាមួយ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ពង្រឹង​កិច្ចសហការ​ និង​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ និង​គ្រឿង​បង្គុំ​ទោចក្រយាន​នៅ​កម្ពុជា​ ដើម្បី​បង្កើន​តម្លៃបន្ថែម​ក្នុង​ស្រុក​សម្រាប់​ផលិតផល​នេះ​ និង​នាំចេញ​ផលិតផល​សម្រេច​ ១០០​% ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

នៅក្នុង​ឱកាស​ជំនួប​ពិសេស​រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ទេស​ទាំង២​ ក្រោម​វត្តមាន​លោកស្រី​ អ៊ីណា​ ហា​នីង​ត្យាស​ គ្រី​ស្នាមឺ​ទី​ (Ina​ Hagningtyas​ Krisnamurthi​) ប្រឹក្សា​ពិសេស​ក្រសួង​ការបរទេស​ ទទួលបន្ទុក​សេដ្ឋកិច្ច​ការ​ទូ​តឥណ្ឌូ​នេ​ស៊ី​ នៅក្នុង​ខេត្តសៀមរាប​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ លោក​ប៉ាន​ សូរ​ស័ក្ដិ​ រដ្ខ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ដែល​សម្រេច​បាន​កាលពី​ឆ្នាំ២០១៨​ មាន​ទឹកប្រាក់៥៥៨.៦២​ លាន​ដុល្លារ​ ដែល​ក្នុង​នោះ​កម្ពុជា​នាំចូល៥២៥​,៦លាន​ដុល្លារ​ និង​នាំចេញ៣៣លាន​ដុល្លារ​។

​លោក​បន្ត​ទៀត​ថា​ កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ រវាង​ប្រទេស​ទាំង២​ គឺ​ធ្វើឡើង​ក្រោម​គោលការណ៍​មិន​យកពន្ធ​ត្រួត​គ្នា​ និង​ទប់ស្កាត់​អំពើ​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ប្រាក់ចំណូល​ ក៏ដូចជា​វិស័យ​ទេសចរណ៍​ ដោយ​ការ​បើក​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​ហ្សាកាតា​-ភ្នំពេញ​ បន្ទាប់ពី​ប្រទេស​ទាំង២បាន​ចុះ​អនុស្សរណៈ​នា​ពេល​ថ្មី​ៗនេះ​។

ជា​ការ​ឆ្លើយតប​ លោកស្រី​ អ៊ីណា​ ហា​នីង​ត្យាស​ គ្រី​ស្នាមឺ​ទី​ (Ina​ Hagningtyas​ Krisnamurthi​) ​ប្រឹក្សា​ពិសេស​ក្រសួង​ការបរទេស​ ទទួលបន្ទុក​សេដ្ឋកិច្ច​ការ​ទូ​តឥណ្ឌូ​នេ​ស៊ី​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​ស្វាគមន៍​ទៅ​នឹង​គោលបំណង​ ដែល​រដ្ឋាភិបាល​កម្ពុជា​ ជាមួយនឹង​ការ​ព្យាយាម​ជំរុញ​ ឱ្យ​មាន​កិច្ច​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ ជា​ដៃគូ​រវាង​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង២ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

គិត​ត្រឹម​រយៈពេល៤ខែ​ដើមឆ្នាំ​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង២​ សម្រេច​បាន​ទឹកប្រាក់១៩៦.២៦​ លាន​ដុល្លារ​ កើនឡើង១០.៤៨​% ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

អាស៊ាន​ និង​ប្រទេស៦ផ្សេងទៀត​ នឹង​ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​ធំជាង​គេ​ទី១​ លើ​ពិភពលោក​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ដែល​មាន​សមាជិក​ចំនួន១៦ប្រទេស​ នឹង​ធ្វើឲ្យ​បណ្តា​ប្រទេស​ទាំងនេះ​ ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​មួយ​ដ៏​ធំ​បំផុត​លើ​ពិភពលោក​។

សេដ្ឋកិច្ច​នៃ​បណា្ត​ប្រទេស​ក្នុង​កិច្ច​ព្រមព្រៀង​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) មាន​ទំហំ​ប្រមាណ ៣០​ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ និង​មាន​ចំនួន​ប្រជា​ជន​មស្ទើរតែ​ពាក់កណ្តាល​ នៃ​ចំនួន​ប្រជា ជន​សកលលោក​។ ប្លុក​នេះ​មាន៣១​,៦ ភាគរយ​ នៃ​ផលិតកម្ម​សរុប​លើ​ពិភពលោក​ និង​មាន២៨​,៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក​ និង​តំណាង​ឲ្យ១ភាគ៥​ នៃ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សកល​កាលពី​ឆ្នាំ២០១៦​។

ការពិភាក្សា​ស្តី​ពី​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ពាក់ព័ន្ធ​នឹង​ចិន​ អាស៊ាន​ អូស្រ្តាលី​ ឥណ្ឌា​ ជប៉ុន​ ញ៉ូវហ្សេ​ឡែន​ និង​កូរ៉េ​ខាងត្បូង​ បាន​និង​កំពុង​បន្ត​ចាប់តាំងពី​ឆ្នាំ២០១២​ ហើយ​ខណៈ​ពេល​ការ​ដំណើរ​ចរចា​មាន​ភាពយឺត​យ៉ាវ​ ដោយ​បាន​ប្រជុំ​ជាង​ ២៦ជុំ​នៃ​ការចរចា​ប្រមុខ​នៃ​រដ្ឋ​ ជាស​មា​ជិ​កបាន​សន្យា​កាលពី​ខែវិច្ឆិកា​ ដើម្បី​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​នៅ​ឆ្នាំនេះ​។

ប្រសិនបើ​បាន​បញ្ចប់​ការ​ពន្លឿន​ចរចា​ ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ នឹង​ធ្វើឲ្យ​តំបន់​នេះ​នឹង​ក្លាយជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។

លោក​ Tong​ Jiadong​ សាស្រ្តា​ចារ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ Nankai​ University​ នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​បាន​និយាយ​ថា​ ក្រុង​ប៉េកាំង​ចង់​បង្កើន​សមាហរណកម្ម​ក្នុង​តំបន់​ តាមរយៈ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ ក្នុង​តំបន់​ (RCEP​) និង​មធ្យោបាយ​ផ្សេងទៀត​ជា​ ពិសេស​ដើម្បី​ផ្លើ​យត​បនឹង​ភាព​តានតឹង​រវាង​អាមេរិក​ និង​ចិន​។

លោក​បាន​មានប្រសាសន៍​ថា​ “វិធានការ​ទាំងនេះ​ បាន​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​”។

យោង​តាម​តួលេខ​ដែល​បាន​ចេញផ្សាយ​ ដោយ​ទីក្រុង​ប៉េកាំង​កាលពីដើម​ខែ​នេះ​ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​បណ្តា​ប្រទេស​អាស៊ាន​ មាន​ទំហំ​ទឹកប្រាក់២៩១​,៨ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៦ខែ​ដំបូង​ នៃ​ឆ្នាំ២០១៩​ កើនឡើង៤ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ប្លុក​អាស៊ាន​ដែល​មាន​សមាជិក១០ប្រទេស​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី២​ របស់​ចិន​នៅក្នុង​រយៈពេល​នេះ​ បន្ទាប់ពី​សហភាព​អឺរ៉ុប​។ ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញផ្សាយ​ ស្រប​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ រៀបចំ​ធ្វើ​កិច្ចចរចា​ជុំ​ចុងក្រោយ​បំផុត​ នៃ​កិច្ចចរចា​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP​) នៅក្នុង​ទីក្រុង​ Zhengzhou​ ដែល​ជារ​ដ្ឋ​ធានី​នៃ​ខេត្ត​ Henan​ ប្រទេស​ចិន​៕

ចំណេះដឹង​! តើ​មុខទំនិញ​នាំចូល​អ្វីខ្លះ​ដែល​ត្រូវលើ​កលែង​ពន្ធ​ និង​អាករ​

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ អនុលោម​ទៅតាម​បញ្ញត្តិ​មាត្រា២៦នៃ​ច្បាប់​ស្តី​ពី​ “គយ​” ការលើកលែង​ពន្ធ​និង​អាករ​ ត្រូវ​បាន​ផ្តល់​ជូនចំពោះ​ទំនិញ​និង​អ្នកនាំ​ចូល​ ដែល​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាងក្រោម​៖

ក. ​ទំនិញ​សម្រាប់​បេសកកម្ម​ការទូត​ ឬបេសកកម្ម​កុងស៊ុល​បរទេស​ អង្គការ​អន្តរជាតិ​ និង​ភ្នាក់ងារ​សហប្រតិបត្តិ​ការ​បច្ចេកទេស​ របស់​រដ្ឋាភិបាល​ផ្សេងទៀត​ ដើម្បី​ប្រើប្រាស់​ក្នុង​ការិយកិច្ច​នៃ​មុខងារ​ជា​ផ្លូវការ​ ដោយមាន​ការ​បញ្ជាក់​ពី​ប្រធាន​ បេសកកម្ម​ និង​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការ​ អន្តរជាតិ​។

ខ. ​ទំនិញ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ របស់​បុគ្គលិក​ផ្លូវការ​នៃ​បេសកកម្ម​ និង​អង្គការ​ដូច​បាន​រៀបរាប់​នៅក្នុង​ វាក្យខណ្ឌ​ ក នៃ​ប្រការ​នេះ​។ ការអនុវត្ត​នូវ​វាក្យខណ្ឌ​នេះ​ និង​វាក្យខណ្ឌ​ ក នៃ​ប្រការ​នេះ​ត្រូវ​ផ្អែកលើ​ គោលការណ៍​ច្បាប់អន្តរជាតិ​ ​និង​គោលការណ៍​បដិការ​ រវាង​ រដ្ឋាភិបាល​ពាក់​ព័ន្ឋ។

គ. ទំនិញ​មាន​ដើមកំណើត​កម្ពុជា​ ឬទំនិញ​នាំចូល​ដែល​បាន​បង់​ពន្ឋ​ និង​អាករ​រួច​ ដែល​ចេញពី​ដែន​គយ​ ហើយ​ត្រូវ​នាំចូល​ត្រឡប់​ ពី​បរទេស​មកវិញ​ដោយ​ពុំ​មានការ​បង្កើន​តម្លៃ​។

ឃ. ​ទំនិញ​ដែល​ត្រូវលើ​កលែង​ពន្ឋ​ និង​អាករ​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់ផ្សេង​ទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។

ង. ​ទំនិញ​ជាអំណោយ​សម្រាប់​មនុស្សធម៌​ ទំនិញ​សម្រាប់​ការស្រាវជ្រាវ​ និង​គោលបំណង​វិទ្យាសាស្ត្រ​ ទំនិញ​គំរូ​ និង​ទំនិញ​តាំងពិព័រណ៍​ដែល​គ្មាន​តម្លៃ​ពាណិជ្ជកម្ម​ មឈូស​ដែល​មាន​សាកសព​មនុស្ស​។

ច. ទំនិញ​នាំចូល​ដែល​មានតម្លៃ​ និង​បរិមាណ​ច្បាស់លាស់​មួយចំនួន​តាម​ការកំណត់​របស់​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ដែល​នាំចូល​ដោយ​អ្នកដំណើរ​ អ្នកបម្រើ​ការ​តាមមធ្យោបាយ​ ដឹកជញ្ជូន​ និង​ជន​ទាំងឡាយ​ដែល​ឆ្លងកាត់​ព្រំដែន​។

ឆ. ​ទំនិញ​ដែល​ចូលក្នុង​ដែន​គយ​សម្រាប់​ឆ្លងកាត់​ ឬផ្ទេរ​មធ្យោបាយ​ដឹកជញ្ជូន​។

ជ. ​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​លើកលែងតែ​យានយន្ត​ ដែល​នាំចូល​ដោយ​ បុគ្គល​ដែល​ផ្លាស់​ប្តូរ​លំនៅ​ ស្ថាន​មក​កម្ពុជា​ក្នុង​បរិមាណ​ដែល​កំណត់​ដោយ​អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​។

ឈ. បរិក្ខារ​ឧស្សាហកម្ម​ និង​សម្ភារ​ផ្សេងទៀត​ ដែល​ជា​តម្រូវការ​សម្រាប់​ប្រតិបត្តិ​ការ​ និង​ការ​ថែរក្សា​បរិក្ខារ​ទាំងនេះ​ ដែល​ប្រើប្រាស់​នៅក្នុង​សមុទ្រ​សម្រាប់​ការរុករក​ និង​ទាញ​យក​ផលិតផល​តេល​សិលា​ និង​សារធាតុ​ខនិជ​និង​សរីរាង្គ​ផ្សេង​ ទៀត​តាម​ការសម្រេច​របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

ញ. ​ទំនិញ​ផ្សេងទៀត​តាម​ការសម្រេច​ របស់​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

បុគ្គល​ដែល​នាំចូល​ទំនិញ​ក្រោម​បញ្ញត្តិ​នៃ​កថា​ ខណ្ឌ​ខាងលើ​ត្រូវ​ផ្តល់​នូវ​ឯកសារ​ជា​ភស្តុតាង​ដល់​ រដ្ឋបាល​គយ​ថា​ ទំនិញ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទទួល​បានការ​លើកលែង​ពន្ធ​ និង​អាករ​។

អង្គការ​នានា​ និង​បុគ្គល​ ដែល​មានបំណង​ស្នើសុំ​ការលើកលែង​ពន្ធ​ និង​អាករ​លើ​ទំនិញ​នាំចូល​ក្រោម​ បញ្ញត្តិ​កថាខណ្ឌ​ ក និង​ កថាខណ្ឌ​ ខ ខាងលើ​ត្រូវ​មានការ​អនុញ្ញាត​ជាមុន​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​ស្របតាម​នីតិវិធី​ជាធរមាន​។

បុគ្គល​ដែល​មានបំណង​នាំចូល​ទំនិញ​ ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​វិនិយោគ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ អនុវត្ត​តាម​នីតិវិធី​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន​។

ការលើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​នាំចូល​ ត្រូវ​បាន​ផ្តល់​ចំពោះមុខ​ទំនិញ​ និង​អ្នកនាំ​ចូល​មួយចំនួន​ស្រប​ តាម​បញ្ញត្តិ​មាត្រា​ ២៧​ នៃ​ច្បាប់​ស្តី​ពី​គយ​។ ទំនិញ​ដែល​ត្រូវ​បាន​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​នាំចូល​ មាន​ដូច​ខាងក្រោម​ ៖

• ទំនិញ​ និង​សម្ភារៈ​ដែល​ត្រូវ​បាន​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​នាំចូល​ក្រោម​បញ្ញត្តិ​នៃ​ច្បាប់​ ណាមួយ​ជាធរមាន​។

• ពូជ​ដំណាំ​ និង​ពូជសត្វ​សម្រាប់​កសិកម្ម​។

• ទំនិញ​ដែល​នឹង​ត្រូវ​ទទួលការ​ជួសជុល​ ការកែច្នៃ​ឬពិសោធន៍​។

• ទំនិញ​ដែល​បាន​នាំចូល​វិញ​តាម​សភាព​ដើម​។

• ទំនិញ​ដែល​នាំចូល​ដោយ​រដ្ឋាភិបាល​ ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ និង​ទំនិញ​នាំចូល​សម្រាប់​របប​ប្រវេ​សកា​លិក​។

• ទំនិញ​ផ្សេងទៀត​តាម​ការសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​។

• បុគ្គល​ដែល​នាំចូល​ទំនិញ​ក្រោម​បញ្ញត្តិ​នៃ​ប្រការ​នេះ​ ត្រូវ​ផ្តល់​នូវ​ឯកសារ​ជា​ភស្តុតាង​ដល់​រដ្ឋបាល​គយ​ថា​ ទំនិញ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ សម្រាប់​ទទួល​បានការ​លើកលែង​ជា​ភាគ​នូវ​ពន្ធ​ និង​អាករ​៕

តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​-អាស៊ាន​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​

0

ដោយ​ វុត្ថា​

ភ្នំពេញ៖ តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​ ស្ថិត​ក្នុងចំណោម​តំបន់​ដែល​មាន​សេដ្ឋកិច្ច​បើកទូលាយ​បំផុត​ក្នុង​ពិភពលោក​ និង​ជាទី​ក្រុង​ដែល​មានការ​លើកលែង​កពន្ធ​ច្រើន​ ( FTA​) ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ក្នុង​គោល​ដើម្បី​បង្កើន​លំហូរ​ទំនិញ​ និង​សេវាកម្ម​ពី​ហុងកុង​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Vietnam​ Briefing​ កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ កិច្ច​ព្រមព្រៀង​សេរី​រវាង​ហុងកុង​ និង​អាស៊ាន​លើ​វិ​ស័យ​ធំៗ​ចំនួន៤​ គឺ១​)ការកាត់បន្ថយ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ ២)ការកាត់បន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេវាកម្ម​ ​៣)ការ​ស្នាក់នៅ​យូរអង្វែង​សម្រាប់​អ្នកធ្វើ​ជំនួញ​ និង៤​)ការ​ការពារ​ការ​វិនិយោគ​កាន់តែ​ប្រសើរ​។

សារព័ត៌មាន​បន្ត​ថា​ ជាមួយនឹង​ការគោរព​ ចំពោះ​ការកាត់បន្ថយ​ពាណិជ្ជកម្ម​ ប្រទេស​អាស៊ាន​ភាគច្រើន​ នឹង​លុបបំបាត់​ឬកាត់បន្ថយ​ពន្ធគយ​ លើ​ទំនិញ​ពី​ហុងកុង​ផង​ដែរ​។ ចំពោះ​ការកាត់បន្ថយ​លើ​ ការ​រឹត​បន្តឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លុបចោល​ការ​រឹត​បន្តឹង​លើ​ដើមទុន​បរទេស​ និង​ចំនួន​មនុស្ស​ធ្វើការ​។ប្រទេស​ថៃ​ វៀតណាម​ និង​ហ្វីលីពីន​ ក៏​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ហុងកុង​ កាន់កាប់​ក្រុមហ៊ុន៥​0ភាគរយ​ឬពេញ​សិទ្ធិ​បាន​ផង​ដែរ​។

ចំពោះ​បញ្ហា​នៃ​ការ​ធ្វើដំណើរ​អាជីវកម្ម​ភ្ញៀវ​ទេសចរ​វិញ​ ទេសចរណ៍​របស់​ហុងកុង​អាច​ស្នាក់នៅ​ក្នុង​ប្រទេស​អាស៊ាន​ក្នុងរយៈពេល៩​0ថ្ងៃ​។ រហូតមកដល់​ពេលនេះ​ ប្រទេស​ ៧ ក្នុងចំណោម​រដ្ឋ​សមាជិក​អាស៊ាន​អនុញ្ញាត​ ឱ្យ​អ្នកដំណើរ​ហុងកុង​ស្នាក់នៅ​បាន១៤​ ទៅ៣​0ថ្ងៃ​ដោយ​គ្មាន​ទិដ្ឋាការ​។

ទីក្រុង​ហុងកុង​នឹង​ផ្តល់​នូវ​ការនាំចូល​ដោយសេរី​ នូវ​រាល់​ទំនិញ​ទាំងអស់​ពី​បណ្តា​ប្រទេស​អាស៊ាន​ ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA​) ចូលជាធរមាន​ ខណៈ​ដែល​ទំនិញ​ ដែល​មាន​ប្រភព​មក​ពី​ហុងកុង​ ប្រទេស​ជាស​មា​ជិ​កអាស៊ាន​នី​មួយ​ៗបាន​ធ្វើការ​សន្យា​ដូច​ខាងក្រោម​ស្តី​ពី​ការកាត់បន្ថយ​ពន្ធ​រួមមាន​ ទី១​ ប្រទេស​សិង្ហបុរី​នឹង​កាត់បន្ថយ​ពន្ធគយ​ទាំងអស់​។

​ទី២​ ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​ថៃ​នឹង​លុបបំបាត់​ពន្ធគយ​ប្រមាណ​ ៨៥​ ភាគរយ​នៃ​បន្ទាត់​ពន្ធ​ក្នុងរយៈពេល​ ១0 ឆ្នាំ​ហើយ​កាត់បន្ថយ​ពន្ធគយ​ប្រហែល​ ១0 ភាគរយ​នៃ​បន្ទាត់​ពន្ធ​គេ​ក្នុងរយៈពេល១ឆ្នាំ​។ ទី៣​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​វៀតណាម​នឹង​លុបបំបាត់​ពន្ធគយ​ប្រមាណ​ ៧៥​% នៃ​បន្ទាត់​ពន្ធ​ក្នុងរយៈពេល១​0ឆ្នាំ​ និង​កាត់បន្ថយ១​0% នៃ​បន្ទាត់​ពន្ធ​ក្នុងរយៈពេល១៤ឆ្នាំ​។

និង​ទី៤​ ប្រទេស​កម្ពុជា​ ឡាវ​ និង​មីយ៉ាន់ម៉ា​ នឹង​លុបបំបាត់​ពន្ធគយ​ប្រហែល៦៥​ ភាគរយ​នៃ​បន្ទាត់​ពន្ធ​ក្នុងរយៈពេល១៥ឆ្នាំ​ និង​កាត់បន្ថយ២​0ភាគរយ​ នៃ​បន្ទាត់​ពន្ធ​របស់​ពួកគេ​ក្នុងរយៈពេល២០ឆ្នាំ​។

គិត​ត្រឹម​ឆ្នាំ២០១៨​ អាស៊ាន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​ទី២​ របស់​ទីក្រុង​ហុងកុង​ក្នុង​ការ​ធ្វើអាជីវកម្ម​លើ​ទំនិញ​ និង​ជា​ពាណិជ្ជកម្ម​សេវាកម្ម​ធំ​បំផុត​ទី៤​ នៅ​ហុងកុង​។ ការនាំចេញ​សរុប​របស់​ទីក្រុង​ហុងកុង​ ទៅកាន់​អាស៊ាន​បាន​កើនឡើង
៧​,៣ភាគរយ​ ស្មើនឹង២​,៨ពាន់​លាន​ដុល្លារ​ ខណៈ​ពេល​ដែល​ការនាំចូល​សរុប​មាន​ចំនួន៧៣ពាន់​លាន​ដុល្លារ​ពោល​គឺ​កើនឡើង​ ២0,១ ភាគរយ​លើស​ពីឆ្នាំ​មុន​៕

រដ្ឋាភិបាល​កំណត់​ឱ្យ​អ្នក​អភិវឌ្ឍ​គម្រោង​សំ​ណង់​ធំៗ​ត្រូវ​បង្កើត​តំបន់​បៃតង​ ឱ្យ​បាន​ ៣០ភាគរយ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជា​ការប្រកាស​ និង​ទទូច​សារ​ជាថ្មី​ដល់​បណ្តា​ក្រុមហ៊ុន​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​គម្រោង​សំណង់​គ្រប់​ប្រភេទ​ ត្រូវ​បង្កើត​តំបន់​បៃតង​ឱ្យ​បាន​រង្វង់៣០ភាគរយ​ ដើម្បី​ធានា​ដល់​បរិស្ថាន​ជុំវិញ​ និង​ផាសុកភាព​ដល់​អ្នក​រស់នៅ​ក្នុង​តំបន់​ផ្ទាល់​។

អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក​ ប៊ិន​ សម្បត្តិ​ថា​រ័ត្ន​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី១៩​ កក្កដា​កន្លងមក​ថា​ ការបង្កើត​តំបន់​បៃតង​នៅ​ជុំ​សំណង់​អគារ​ គឺជា​កក្តា​ចាំបាច់​ដែ​លត្រូ​តែ​មាន​។

នៅក្នុង​គោលការណ៍​ច្បាប់​បាន​ចែង​ និង​កំណត់​រួចរាល់​ជាស្រេច​ ប៉ុន្តែ​ទាស់​ត្រង់​ក្រុ​ហ៊ុន​ ក៏ដូចជា​អ្នក​អភិវឌ្ឍ​គម្រោង​មួយចំនួន​មិន​អនុវត្ត​។ លោក​បាន​បន្ត​ទៀត​ថា​ តាមច្បាប់​បាន​កំណត់​ថា​ រាល់​ការសាងសង់​សំណង់​អគារ​ ត្រូវ​រក្សាទុក​ និង​បង្កើត​តំបន់​បៃតង ៣០ភាគរយ​នៃ​ផ្ទៃដី​ដែល​នៅសល់​ពី​តួ​សំណង់​។

លោក​បាន​បញ្ជាក់​ថា​ “ការកំណត់​បែបនេះ​ ដោយសារតែ​រដ្ឋាភិបាល​សង្កត់ធ្ងន់​ទៅលើ​ការ​ថែរក្សា​បរិស្ថាន​ បង្កើន​សោភ័ណភាព​ក្នុង​តំបន់​អភិវឌ្ឍ​ ជាពិសេស​គឺ​សំដៅ​ដល់​ការធានា​ផាសុកភាព​អ្នក​រស់នៅ​ក្នុង​តំបន់​ ឬអគា​អភិវឌ្ឍន៍​”។

អ្នកជំនាញ​ផ្នែក​ស្ថាបត្យករ​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ បាន​មានប្រសាសន៍​ថា​ ការ​ថែរក្សា​តំបន់​បៃតង​ចាំបាច់​គឺ​ត្រូវតែ​មាន​ ព្រោះ​គ្រប់​ទីតាំង​អគារ​ទាំងអស់​ មិនថា​ចំពោះ​សំណង់​អគារ​ធំៗ​ខ្ពស់​ៗ ឬសំណង់​បុរី​លំនៅ​ដ្ឋាន​នោះ​ទេ​ គឺ​ត្រូវតែ​មាន​លំហ​របៃ​តង​។

លោក​បាន​បន្ត​ទៀត​ថា​ “សំណង់​អគារ​ធំ​ និង​ខ្ពស់​ៗក្រៅពី​ទុក​តំបន់​បៃតង​ ក៏​ត្រូវ​បែងចែក​ទៅលើ​ទីធ្លា​ទូលាយ​ ផ្នែក​ខាងក្រៅ​នៃ​តួ​សំណង់​ផង​ដែរ​ ប៉ុន្តែ​អ្នក​អភិវឌ្ឍ​ខ្លះ​ ដោយសារតែ​គិត​លើ​ផល​ចំណេញ​ពេក​ក៏​បំពានច្បាប់​”។ លោក​បន្ត​ទៀត​ថា​ “ការ​បែង​ចែក​ទុក​ទីធ្លា​ខាងក្រៅ​នៃ​តួ​អគារ​ ក៏ដូចជា​បង្កើត​តំបន់​បៃតង​ គឺ​សុទ្ធតែ​គិតគូរ​ទៅដល់​ការចូលរួម​ចំណែក​នៃ​សោភ័ណភាព​ គុណភាព​ និង​ផាសុកភាព​ដល់​ការរស់នៅ​ទាំ​អស់​”៕

ប្រាក់​បាត​ថៃ​ឡើងថ្លៃ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​

0

ដោយ​ Donald​ Lee​

ក្រុង​បាងកក​៖ រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ​នឹង​ជួប​ជាមួយ​ធនាគារ​កណ្តាល​ថៃ​អំពី​ការ​កើនឡើង​តម្លៃ​ប្រាក់​បាត​ដែល​កំពុង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍​ធ្លាក់ចុះ​។

ប្រាក់​បាត​បាន​ឡើងថ្លៃ​ដល់កម្រិត​ខ្ពស់​ក្នុងរយៈពេល​ ៦ឆ្នាំ​ ពោល​គឺ​កើនឡើង​ដល់​ ៣១,០៥​ បាត​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​។ ក្រុម​អ្នកវិភាគ​រំពឹង​ថា​ ប្រាក់​បាត​អាច​ឡើង​ដល់​ ៣១,២៥​ ក្នុង​ឆ្នាំនេះ​។

ភាពរឹងមាំ​នៃ​ប្រាក់​បាត​ត្រូវ​បាន​រារាំង​ភ្ញៀវ​ទេសចរ​ដែល​មាន​ថវិកា​តិច​តូច​មួយចំនួន​ងាក​ចេញពី​ប្រទេស​ថៃ​ ដោយសារតែ​អំណាច​នៃ​ការ​ចំណាយ​របស់​ពួកគេ​មានការ​ថយ​ចុះ​ទាក់ទង​នឹង​ការ​ពង្រឹង​រូបិយប័ណ្ណ​ថៃ​។

លោក​ Piphat​ Ratchakitprakarn​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​និងកីឡា​ បាន​និយាយទៅ​កាន់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា​ “កម្លាំង​ប្រាក់​បាត​ថៃ​គឺជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​ចំនួន​អ្នកទេសចរ​បាន​ធ្លាក់ចុះ​ ដោយសារ​អ្នក​ដែល​មក​ទីនេះ​នឹង​ទទួល​បាន​ប្រាក់​បាត​តិច​ដោយសារ​ការ​ដូរ​ពី​រូបិយប័ណ្ណ​របស់​ពួកគេ​”។

លោក​បន្ត​ថា​ “វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​ចាត់ទុកថា​ជាផ្នែក​មួយ​នៃ​ប្រាក់ចំណូល​ដ៏​សំខាន់​របស់​ប្រទេស​យើង​ ហើយ​ខ្ញុំ​នឹង​ធ្វើអ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ទេសចរណ៍​មានការ​កើនឡើង​ ហើយ​ប្រាក់ចំណូល​កាន់តែ​ច្រើនជាង​មុន​”។រូបិយប័ណ្ណ​ថៃ​ស្ថិត​ក្នុងចំណោម​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​កន្លងមក​។

ប្រាក់​បាត​បាន​កើនឡើង​ជាង​ ៥ ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆមាស​ទី​ ១ ក្នុង​ឆ្នាំនេះ​។ ជាក់ស្តែង​ ប្រាក់​បាត​មានតម្លៃ​ខ្ពស់​ជាង​រូបិយប័ណ្ណ​ផ្សេងទៀត​នៅក្នុង​ទ្វីបអាស៊ី​។

វិស័យ​ទេសចរណ៍​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ដែល​មាន​ចំនួន​រហូតដល់​ទៅ​មួយ​ភាគ​ប្រាំ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​។រដ្ឋ​មន្ដ្រី​ទេសចរណ៍​ថៃ​បាន​បន្ថែម​ថា​ថ្មី​ ៗនេះ​ប្រទេស​នេះ​បាន​ទម្លាក់​ភ្ញៀវ​ទេសចរ​មក​គោលដៅ​ប្រហែល​ ៤០​ លាន​នាក់​សម្រាប់​ឆ្នាំនេះ​។

ហាង​កាហ្វេ​ Starbucks​ ដ៏​ល្បី​របស់​អាមេរិក​បន្ត​ពង្រីក​ខ្លួន​ទៅកាន់​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​ក្រុង​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ហាង​កាហ្វេ​ដ៏​ល្បីល្បាញ​មក​ពី​សហរដ្ឋអាមេរិក​ Starbucks​ នឹង​បន្ត​ពង្រីក​ខ្លួន​ទៅកាន់​ផ្សារ​ទំនើប​ Furi​ Times​ Square​ នៅក្នុង​ក្រុង​ព្រះសីហនុ​ ដែល​គ្រោង​នឹង​បើក​ដំណើរ​ជា​ផ្លូវការ​នា​ពេល​ខាងមុខនេះ​ បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ នៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀ​បរា​ប។

លោ​កប៉ោ​ លីម​ តំណាង​ហាង​កាហ្វេ​ Starbucks​ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​ក្រោយពី​ទទួល​បាន​ជោគជ័យ​ លើ​ការពង្រីក​ខ្លួន​នៅក្នុង​រាជធានី​ភ្នំពេញ​មាន១៤ទីតាំង​ និង២ទីតាំងនៅ​ក្នុង​ខេត្តសៀមរាប​ ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​ខ្លួន​បន្ថែម​ទៀត​ ទៅកាន់​ខេត្ត​ព្រះសីហនុ​នា​ពេល​ខាងមុខនេះ​។

លោក​បន្ត​ថា​ “ការពង្រីក​ខ្លួន​ទៅកាន់​ក្រុង​ព្រះសីហនុ​ ដែល​ជាគោល​ដៅ​ទី៣នេះ​ ដោយសារ​ខេត្ត​ព្រះសីហនុ​ក្នុងរយៈ​ពេល​៣​ឆ្នាំ​កន្លងមក​នេះ​ មាន​សក្តា​នុ​ពល​ក្នុង​ការ​វិនិយោគ​”។ លោក​បន្ត​ថា​ “បន្ថែម​ពីនេះ​ វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ​ មាន​អគារ​សំណង់​មានសន្ទុះ​រីកចម្រើន​យ៉ាង​កំ​ហុក​ ជាពិសេស​មាន​ផ្សារ​ទំនើប​ Furi​ Times​ Squares​ ដែល​គ្រោង​នឹង​បើក​ដំណើរ​ជា​ផ្លូវការ​ដំបូង​នៅក្នុង​ខេត្ត​នេះ​ គឺជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ Starbucks​ ក្នុង​ការ​បន្ត​ពង្រីក​ខ្លួន​ទៅកាន់​ទីនោះ​”។

លោក​ប៉ោ​ លី​មបាន​បន្ថែម​ទៀត​ថា​ ផ្សារ​ទំនើប​ Furi​ Times​ Squares​ ស្ថិតនៅ​ទីតាំង​ល្អ​ និង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ដ៏​សំខាន់​ នៅក្នុង​កណ្តាល​ក្រុង​ព្រះសីហនុ​ ដូច្នេះ​ Starbucks​ និង​ទទួល​បាន​ជោគជ័យ​ និង​មានការ​គាំទ្រ​ច្រើន​។លោក​បន្ត​ថា​ ផ្សារ​នេះ​មិន​ត្រឹមតែ​ស្ថិតនៅ​ទីតាំង​ល្អ​នោះ​ទេ​ តែ​មានការ​រៀប​ចំ​ឌី​សាញ​ដ៏​ទាក់ទាញ​ មានការ​រៀប​ចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​យ៉ាង​ល្អ​ប្រសើរ​ ដែល​ផ្តល់​នូវ​អំណាច​នៃ​ការ​ទាក់ទាញ​អតិថិជន​យ៉ាងច្រើន​នា​ពេល​អនាគត​។

នៅ​ចុងឆ្នាំ​នេះ​ Starbucks​ នឹង​បន្ត​ពង្រីក​ខ្លួន​បានឱ្យ​បាន២០ទីតាំងនៅ​ទូទាំង​ប្រទេស​។

នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ FURI​ Real​ Estate​ កញ្ញា​លឹម​ សុខា​ដា​វី​នបាន​មានប្រសាសន៍​ឲ្យដឹង​ថា​ តាមរយៈ​ការ​ជួបជុំ​ជាមួយ​អតិថិជន​កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​បាន​ទទួល​បាន​យោបល់​ល្អ​ និង​មានការ​កោតសរសើរ​ពីអ​តិថិ​ជន​អ្នកជួល​ផ្សារ​ទំនើប​នេះ​ ដោយសារ​ផ្សារ​នេះ​ ផ្តោត​លើ​ការ​រៀប​ចំ​ប្រព័​ន្ឋ​នៃ​ការ​លក់​ទូលាយ​ល្អ​ មាន​ទីធ្លា​សាធារណៈ​ធំ​ទូលាយ​ ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ និង​ទីតាំង​នៃ​គម្រោង​នេះ​ល្អ​។

ផ្សារ​ទំនើប​កំពស់៥ជាន់​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​ឯករាជ្យ​ ស្ថិត​ក្នុង​សង្កាត់​មិត្តភាព​ ខ័ណ្ឌ​មិត្តភាព​ ក្រុង​ព្រះសីហនុ​។

កញ្ញា​ដា​វី​នបា​នប​ន្ត​ថា​ “ការ​ទទួល​បានការ​សរសើរ​ពីអ​តិថិ​ជន​ អ្នកជួល​ទីតាំង​លក់រាយ​ក្នុង​គំរោង​នេះ​ ដោយសារ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ផ្សារ​ទំនើប​នេះ​ ផ្តោត​លើ​ការ​វិនិយោគ​រយៈពេល​វែង​ជាជាង​រក​ផល​ចំណេញ​”។ កញ្ញា​បន្ថែម​ថា​“រហូត​មកទល់​ពេលនេះ​ហាង​អាហារ​ និង​ផលិតផល​ល្បីឈ្មោះ​ជាង ២០ក្រុមហ៊ុន​ បាន​ចុះ​កុងត្រា​លក់​នៅ​ផ្សារ​នេះ​ ហើយ​ផលិត​ផលល្បីៗ​ជាច្រើន​ទៀត​កំពុង​ដំណើរការ​និ​តិ​វិធី​”៕