ជំនាញ​ស្ថាបត្យកម្ម​ និង​វិស្វកម្ម​កំពុង​មាន​ទីផ្សារ​ការងារ​ច្រើន​ និង​រយៈពេល​វែង​

0

ដោយ​គង់​ សូ​រិយា​

ភ្នំពេញ​៖ ខណៈ​វិស័យ​សំណង់​នៅ​កម្ពុជា​ កំពុង​មានសន្ទុះ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នោះ​បាន​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​ ត្រូវ​ប្រឈមមុខ​ទៅ​នឹង​បញ្ហា​មួយចំនួន​ ដូចជា​ តម្រូវការ​កម្លាំង​កម្មករ​ និង​ធនធាន​មនស្ស​ដែល​មានចំណេះ​ដឹង​ច្បាស់​លាស់​ជាច្រីន​។

លោក​បណ្ឌិ​តទួស​ សា​ភឿន​ អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​ និង​ជា​ស្ថាបត្យករ​កម្រិត​អាស៊ាន​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ធនធានមនុស្ស​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​ និង​ស្ថាបត្យកម្ម​ នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មិនទាន់​អាច​ឆ្លើយតបទៅនឹង​តម្រូវ​នៃ​ការ​រីកចម្រើន​ ដ៏​ឆាប់រហ័ស​របស់​វិស័យ​សំណង់​នៅ​កម្ពុជា​នា​រយៈពេល១ទសវត្សរ៍​ចុងក្រោយ​នេះ​បានទេ​។

លោក​បាន​ប្រាប់​ទៀត​ថា​ “ជា​រៀងរាល់​ឆ្នាំ​មាន​ក្រុមហ៊ុន​ជាច្រើន​ បាន​មក​ទាក់ទង​សាកល​វិទ្យាល័យ​ ដើម្បី​ជ្រើសរើស​និស្សិត​ដែល​កំពុង​សិក្សា​ទៅ​ធ្វើការ​ ប៉ុន្តែ​ពេលខ្លះ​សាលា​មិន​អាច​រក​និស្សិត​បាន​គ្រប់គ្រាន់​ សម្រាប់​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ទាំងអស់​នោះ​បានទេ​”។ លោក​បន្ត​ថា​ “ការងារ​ក្នុង​វិស័យ​សំណង់​មាន​ច្រើន​ ដូច្នេះ​និស្សិត​ដែល​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​ និង​សំណង់​ស៊ីវិល​ មិន​ខ្វះ​ការងារ​ធ្វើ​ទេ​។ ជាក់ស្តែង​មាន​និស្សិត​ខ្លះ​មានការ​ងារ​ធ្វើ​ចាប់តាំងពី​ឆ្នាំទី១តែម្តង​”។

បើ​តាម​លោ​កទួស​ សា​ភឿន​បាន​ឲ្យដឹង​ថា​ ក្នុង១ឆ្នាំ​មាន​និស្សិត​ខ្មែរ​ចន្លោះ​ពី២០០​-៣០០នាក់​បាន​បញ្ចប់​ការសិក្សា​លើ​ផ្នែក​ស្ថាបត្យកម្ម​ ខណៈ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​គ្រឹះស្ថានសិក្សា​ពី៥​-៦ប៉ុណ្ណោះ​ ដែល​ទទួល​បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​ផ្នែក​នេះ​។

ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ស្ថាបត្យកម្ម​ និង​សំណង់​ស៊ីវិល​ នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​ លោក​លឹម​ សុខ​តៃ​បាន​និយាយ​ថា​ ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ទាក់ទង​ទៅ​នឹង​វិស័យ​សំណង់​ កំពុង​មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​និស្សិត​ដែល​រៀន​នៅ​សា​កល​វិទ្យាល័យ​ន័​រតុន​ ចាប់ពី​ឆ្នាំទី៣ឡើង​ទៅ​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ក្រុមហ៊ុន​មក​ទាក់ទង​យក​ទៅ​ធ្វើការ​។ លោក​បាន​បន្ត​ថា​ ការងារ​ទាក់ទង​ទៅ​នឹង​វិស័យ​សំណង់​នៅ​កម្ពុជា​ នឹង​ត្រូវការ​ធនធានមនុស្ស​ច្រើន​បន្ថែម​ទៀត​ ជាពិសេស​នៅពេល​ការ​ការ​ធ្វើ​ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈាន​ចូល​មកដល់​។

លោក​បាន​បន្ត​ថា​ “បច្ចុប្បន្ន​នេះ​និស្សិត​ ដែល​ចូល​សិក្សា​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​ និង​ស្ថាបត្យកម្ម​នៃ​សា​កល​វិទ្យាល័យ​ន័​រតុន​ បាន​កើនឡើង​ជាបន្តបន្ទាប់​។ ជាក់​ស្តែង​បច្ចុ​ ប្ប​ន្ន​នេះ​ និស្សិត​ដែល​កំពុង​រៀន​ផ្នែក​វិស្វករ​សំណង់​ស៊ីវិល​ មាន​ប្រមាណ​ជាង៣០០នាក់​ ចំណែកខាង​ផ្នែក​ស្ថាបត្យកម្ម​ និង​នគរូបនីយកម្ម​ មាន​ប្រមាណ​ប្រហែល១០០នាក់​”។

លោក​បន្ត​ថា​ រហូតមកដល់​ពេលនេះ​និស្សិត​ ដែល​បាន​បញ្ចប់​ការសិក្សា​លើ​ផ្នែក​ទាំង២របស់​សាកល​វិទ្យាល័យ​ មាន​ចំនួន​ប្រមាណ​ប្រហែល ៣៨០០នាក់​ហើយ​។

វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកជា​វិស័យ១​ នៅក្នុងចំណោម​វិស័យ​សំ​ខាន់​ៗចំនួន៤​ ដែល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ នៅក្នុង​រួមចំណែក​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោ​កម៉េ​ង ចំរើន​ ប្រធាន​គ្រប់គ្រង​គំរោង ​Olympia​ City ​បាន​ថ្លែង​ឲ្យដឹង​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ នៅក្នុង​ការដ្ឋាន​សាងសង់​ទីក្រុង​ Olympia​ City​ មាន​វិស្វករ​ និង​ស្ថាបត្យករ​កំពុងធ្វើការ​សរុប​ប្រហែល 100នាក់​ ក្នុង​នៅ​វិស្វករ​មាន​ប្រហែល៧០ភាគរយ​។ លោក​បាន​បន្ត​ថា​ ក្នុងចំណោម​នោះ​មាន​វិស្វករ​ និង​ស្ថាបត្យករ​បរទេស​ប្រហែល៥ភាគរយ​ ដែល​ពួកគេ​ទាំងនោះ​សុទ្ធតែ​ជា​អ្នកជំនាញ​ ដែល​មាន​បទ​ពិសោធ​ និង​ស្នាដៃ​លើ​គម្រោ​ងធំៗ​ជាច្រើន​។

លោក​បាន​ថ្លែង​ថា​ “ខ្ញុំ​គិតថា​វិស្វករ​ និង​ស្ថាបត្យករ​នា​ពេល​បច្ចុប្បន្ន​ សុទ្ធតែ​មាន​សមត្ថភាព​ អាច​ធ្វើការ​នៅ​តាម​ការដ្ឋាន​សំ​ណង់​ធំៗ​បាន​ ដោយ​យើង​គ្រាន់តែ​យក​អ្នកជំនាញ ​(មក​ពី​បរទេស​) មក​ជួយ​បណ្តុះបណ្តាល​តែ​បន្តិចបន្តួច​ប៉ុ​ណ្ណ​”។

តែ​ទោះបីជា​យ៉ាងណា​លោក​ចំរើន​ ក៏បាន​បញ្ជាក់​ថា​ “ខ្ញុំ​គិតថា​សមត្ថភាព​របស់​វិស្វករ​កម្ពុជា​ នឹង​មិនសូវ​មាន​បញ្ហា​សមត្ថភាព​​គ្រប់គ្រាន់​នោះ​ទេ​ បន្ទាប់ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈាន​ចូល​មកដល់​នោះ​ទេ​ តែ​អ្វី​ដែល​ខ្ញុំ​គិតថា​អាច​មាន​បញ្ហា​នោះ​គឺ​ខាង​ផ្នែក​ស្ថាបត្យកម្ម​ ព្រោះ​ការ ​Design​ របស់​អ្នកជំនាញ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​អាច​មាន​សមត្ថភាព​លើស​ពី​ស្ថាបត្យករ​កម្ពុជា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here