ស្តេច​ប្រដាល់​ Manny​ Pacquiao​ គ្រោង​សាងសង់​មណ្ឌលសុខភាព​មួយ​ដ៏​ទំនើប​មួយ​នៅ​ស្រុកកំណើត​របស់​ខ្លួន​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ Manny​ Pacquiao​ ស្ដេច​ប្រដាល់​លំដាប់​កំពូល​ពិភព​គ្រោង​សាងសង់​មជ្ឈមណ្ឌល​សុខភាព​ដ៏​ទំនើ​លំដាប់​ពិភពលោក​ ដូច​សណ្ឋាគារ​លំដាប់​ផ្កាយ​ សម្រាប់​ប្រជាជន​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ General​ Santos​ ដែល​ជាទី​ក្រុង​កំណើត​របស់​ខ្លួន​។

ជា​ស្តេច​ប្រដាល់​ និង​ជាម​ហា​សេដ្ឋី​ម្នាក់​នៅក្នុង​ប្រទេស​ហ្វីលីពីន​ លោក​ Many​ Pacquiao​ ធ្លាប់​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ជួយ​ជ្រោមជ្រែង​ និង​ជួយ​ដល់​ស្រុកកំណើត​របស់​ខ្លួន​កាលពី​កន្លងមក​នេះ​ តែ​យ៉ាងណាក៏ដោយ​គេ​មិនទាន់​ដឹងពី​ថវិកា​ ដែល​ត្រូវ​ចំណាយ​លើ​ការសាងសង់​នូវ​មណ្ឌលសុខភាព​ដ៏​ទំនើប​នេះ​នៅឡើយ​ទេ​។

នៅពេល​អ្នកប្រដាល់​អាជីព​រូប​នេះ​ ជាប់​ជាស​មា​ជិ​កព្រឹ​ទ្ឋ​សភា​ ​លោក​បាន​យកចិត្ត​ទុកដាក់​ផ្តោត​លើ​វិស័យ​សុខភាព​ សុខភាព​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ​General​ Santos​ ហើយក៏​បាន​ដាក់ចេញ​នូវ​គម្រោង​សាងសង់​ មជ្ឈមណ្ឌល​សុខភាព​ខ្នាត​អន្តរជាតិ​ សម្រាប់​បម្រើសេវា​សុខភាព​ជូន​ប្រជាជន​ក្រីក្រ​ក្នុង​ទីក្រុង​ General​ Santos​ ព្រមទាំង​ប្រជាជន​ក្រៅពី​ទីក្រុង​នេះ​ផង​ដែរ​។

តាម​រូបភាព​ដែលគេ​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម​ Facebook​ មជ្ឈមណ្ឌល​សុខភាព​ ដែល​ស្ដេច​ប្រដាល់​ពិភពលោក​រូប​នេះ​ គ្រោង​នឹង​សាងសង់​នេះ​ មានឈ្មោះ​ថា​ Manny​ Pacquiao​ Medical​ Center​ ដែល​នឹង​ត្រូវ​ចំណាយ​លុយ​ច្រើន​ លើ​គម្រោង​មួយ​នេះ​ ដោយសារ​មានការ​ការរចនា​ប្លង​អគារ​គួរឲ្យ​ទាក់ទាញ​ ប្រៀបបានទៅ​នឹង​សណ្ឋាគារ​លំ​ដាក់​ផ្កាយ​។

Manny​ Pacquiao​ គឺជា​មនុស្សម្នាក់​ ក្នុងចំណោម​ជនជាតិ​ហ្វីលីពីន២​ ទៅ៣នាក់​ដែល​មាន​លុយ​ប្រមាណ ៦០.៥​លាន​ដុល្លារ​អាមេរិក​ ។ កាលពី​ពេលថ្មីនេះ​ ស្តេច​ប្រដាល់​ពិភពលោក​រូប​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​លោក​មាន​លុយ​ប្រមាណ ៦៧.៤លាន​ដុល្លារ​អាមេរិក​។

ជា​រឿយ​ៗស្តេច​ប្រដាល់​រូប​នេះ​ តែងតែ​លើ​ការ​ចំណាយ​ជួយ​ទុក្ខធុរៈ​ និង​ដោះស្រាយ​លើ​ការសាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ស្ថានភាព​ក្រីក្រ​ជាច្រើន​ផង​ដែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ស្តេច​ប្រដាល់​ប្រកួត​កម្រ​ចាញ​រូប​នេះ​ បាន​ប្រកាស​លើ​ទំព័រ​ហ្វេ​សប៊ុ​កផ្លូវការ​របស់​លោក​ថា​ នឹង​សាងសង់​ផ្ទះ១ចំនួន​ខ្នង​ ដល់​ប្រជាជន​ហ្វីលីពីន​ ដែល​មាន​ជីវភាព​ទី​ទល់​ក្រីក្រ​នៃ​ស្រុកកំណើត​របស់​លោក​។

កីឡាករ​ Manny​ Pacquiao​ នឹង​ឡើង​សង្វៀន​ម្តង​ទៀត​ នៅ​លើទឹក​ដី​អាមេរិក​ នៅ​សប្តាហ៍​នេះ​ ​ដើម្បី​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ របស់​សមាគម​ប្រដាល់​អន្តរជាតិ​ (WBA​) គឺ​កីឡាករ​ Keith​ Thurman​។

កីឡាករ​ Keith​ Thurman​ ជា​កឡា​ករ​ប្រដាល់​របស់​អាមេរិក​ ដែល​មិនទាន់​ស្គាល់​រសជាតិ​ថា​បរាជ័យ​នៅឡើយ​ទេ​ ។ ប្រវត្តិ​ប្រកួត​របស់​គេ​ បាន​ចំនួន២៩ដង​ គឺ​ឈ្នះ​រហូត​ ហើយ​បាន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន២២ដង​។

ចំណែក​ស្តេច​ប្រដាល់​ហ្វីលីពីន​ Manny​ Pacquiao​វិញ​ ប្រវត្តិ​ប្រកួត​ចុងក្រោយ​ កាលពី​ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៩​ បាន​យកឈ្នះ​លើ​កីឡាករ​អាមេរិក​ Adrien​ Broner​ ក្រោយ​ចប់​ការប្រកួត១២ទឹក​ នៅ​សង្វៀន​សហរដ្ឋអាមេរិក​។ ស្តេច​ប្រដាល់​ Manny​ Pacquiao​ ធ្លាប់​ប្រកួត​បាន៧០ដង​ ក្នុង​នោះ​ឈ្នះ៦១ដង​ ហើយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់៣៩ដង​៕

តំបន់​កោះ​នានា​នៅ​តាម​ដែនសមុទ្រ​កម្ពុជា​កាន់តែ​បង្ហាញ​សក្តា​នុ​ពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​និយាយ​ថា​ សក្តា​នុ​ពល​នៃ​បណ្តា​កោះ​ ក្នុង​ដែនសមុទ្រ​កម្ពុជា​នឹងអាច​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​ និង​វិស័យ​ទេសចរណ៍​មានសន្ទុះ​ឡើង​កើនឡើង​លឿន​ ប្រសិនបើ​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​អភិវឌ្ឍ​កោះ​ឱ្យ​មាន​ភាព​ទាក់ទាញ​។

លោក​ គីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន ​Khmer​ Real​ Estate​ និង​ Keller​ Williams​ បាន​មានប្រសាសន៍​ថា​ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​មាន​កោះ​ជាច្រើន​ ស្ថិតនៅ​ក្នុង​ដែនសមុទ្រ​របស់​ខ្លួន​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​កោះ​ទាំងនោះ​ ហាក់​នៅ​មិនទាន់​មានការ​អភិវឌ្ឍ​អ្វី​ជាដុំកំភួន​នោះ​ទេ​ ខណៈ​មាន​កោះ​មួយចំនួន​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដើម្បី​វិនិយោគ​រួចហើយ​។

លោក​បាន​បន្ត​ថា​ បើ​ទោះបីជា​ទទួល​បាន​អាជ្ញាប័ណ្ណ​ ពី​រាជរដ្ឋាភិបាល​ក៏ដោយ​ ក៏​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​បាន​បញ្ចេញ​ ប្រាក់​ច្រើន​ដើម្បី​អភិវឌ្ឍន៍​នៅ​លើ​កោះ​នោះ​ទេ​ ហើយ​ថែមទាំង​មាន​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ខ្លះ​បាន​លក់​បន្ត​ទៅ​ឱ្យ​ឈ្មួញ​ជា​បន្ត​ទៀតផង​”។

​លោ​កគីម​ ហ៊ា​ងមានប្រសាសន៍​ថា​ នៅពេល​ដែល​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​បញ្ចេញ​ទុន​ដើម្បី​អភិវឌ្ឍន៍​នោះ​ តំបន់​កោះ​នៅក្នុង​ដែនសមុទ្រ​កម្ពុជា​ នឹងអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិនិយោគ​បាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ចំណែក​សក្ដានុពល​ដី​នៅ​ទីនោះ​ក៏​នឹង​ឡើង​តម្លៃ​ច្រើន​ដែរ​។ ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ អាច​ចាប់ផ្តើម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​លើ​កោះ​ ដើម្បី​ចាប់​យក​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ឡើង​ខ្ពស់​ គឺ​បន្ទាប់ពី​មានផ្លូវ​ថ្នល់​ ស្ពាន​ និង​ការ​ធ្វើដំណើរ​មាន​ភាព​ងាយស្រួល​ មាន​ផាសុកភាព​។

​លោក​បាន​លើក​សំណូមពរ​ថា​ “ប្រសិនបើ​ក្រុមហ៊ុន​ ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​កោះ​ហើយ​ គេ​គួរតែ​ធ្វើការ​អភិវឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ សណ្ឋាគារ​ ខុន​ដូ​ និង​មធ្យោបាយ​ធ្វើដំណើរ​នាំ​ភ្ញៀវ​ដើរកម្សាន្ត​ជុំវិញ​កោះ​ជាដើម​”។

លោ​កចឹ្រ​ក សុ​ខនី​មប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បា​ ននិ​យាយ​ថា​ ការ​អភិវឌ្ឍ​ដែល​មាន​ផែនការ​ច្បាស់លាស់​ នឹង​នាំមក​នូវ​សក្តា​នុ​ពល​ដល់​តំបន់​ ហើយ​នៅពេល​អ្នក​វិនិយោគ​បរទេស​ ចូល​មក​វិនិយោគ​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បានផល​ចំណេញ​ច្រើន​។

លោក​បន្ត​ថា​ “គម្រោង​អភិវឌ្ឍន៍​នៅ​តាម​តំបន់​កោះ​ តែងតែ​ងាយ​ទទួលជោគជ័យ​ ព្រោះ​ធម្មជាតិ​នៅ​តំបន់​កោះ​កម្ពុជា​គឺ​មាន​ភាព​ភាក់​ទាញ​ខ្លាំង​”។

​ប្រទេស​កម្ពុជា​មាន​កោះ​ចំនួន​64​ ក្នុង​នោះ​មាន​កោះ​ចំនួន​54​ ស្ថិតនៅ​ក្នុងទឹក​ដី​ខេត្ត​ព្រះសីហនុ​ កោះ​ក្រៅពីនោះ​ស្ថិតនៅ​ក្នុង​ខេត្តកោះកុង​ ខេត្ត​កែប​ និង​ខេត្តកំពត​ ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ កោះ​ចំនួន​28​ ស្មើនឹង​ផ្ទៃដី​ទំហំ​ជាង​18​ម៉ឺន​ហិ​កតា​ ត្រូវ​បាន​រដ្ឋាភិបាល​ជួល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ដើម្បី​ធ្វើការ​វិនិយោគ​ក្លាយទៅជា​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ប្រណីត​ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​ គេ​ឃើញ​មាន​កោះ​ចំនួន​តិច​ប៉ុណ្ណោះ​ ដែល​បាន​អភិវឌ្ឍ​ជា​បណ្តើរ​ៗជា​តំបន់​ទេសចរណ៍​ដូចជា​ កោះពស់​ កោះដែកគោល​ កោះ​សង្សារ​ កោះតាង​ និង​កោះរុង​ជាដើម​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា​ លោក​ធួន​ ស៊ី​ណា​នបាន​មានប្រសាសន៍​ថា​ តំបន់​កោះ​នានា​ពិសេស​បណ្តា​កោះ​នានា​ នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​ ពិ​សេ​សកំនើ​នភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​កើនឡើង​ជាប្រចាំ​ ដោយសារ​លំហូរ​ភ្ញៀវ​បាន​ចាកចេញ​ពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះទៅ​កំសាន្ត​នៅ​តាម​បណ្តា​កោះ​នានា​កាន់តែ​ច្រើន​។

លោក​បន្ត​ថា​ “ក្រុង​ព្រះសីហនុ​ បាន​និង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពហុ​បំណង​ ហេតុនេះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​បាន​ចាកចេញ​ច្រើន​ពីទី​ក្រុង​នេះ​ ហើយ​ស្វែងរក​ការ​លំ​ហែរ​នៅ​តាម​បណ្តា​កោះ​នានា​កាន់តែ​ច្រើន​”។លោក​បន្ត​ថា​ “និន្នាការ​បែបនេះ​កំពុង​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ធ្វើឲ្យ​តំបន់​កោះ​នានា​កាន់តែ​រីកចម្រើន​ និង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​”៕

អ្នកជំនាញ​ប្រាប់​ឱ្យ​វិភាគ​ទិដ្ឋភាព​សង្គម​ចំនួន​បី​មុន​សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ការ​ចូលខ្លួន​មក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ វា​មិនមែន​ជា​បញ្ហា​ចោទ​ ឬជា​ពិបាក​នោះ​ទេ​ សំខាន់​ឱ្យ​តែ​អ្នក​ចង់​ និង​មាន​ដើមទុន​។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ពិបាក​នោះ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​មុខ​ជំនួញ​ ឬការ​វិនិយោគ​របស់​អ្នកទទួល​បាន​ជោគជ័យ​។

លោក​ង៉ែត​ ជូ​អ្នកជំនាញ​សេដ្ឋកិច្ច​ និង​អចលនទ្រព្យ​បាន​លើកឡើង​ថា​ មនុស្ស​ស្ទើរគ្រប់​រូប​នាំគ្នា​ នាំគ្នា​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ តើ​អនាគត​វិស័យ​នេះ​នឹង​ទៅជា​យ៉ាងណា​? តើ​អ្នក​វិនិយោគ​គប្បី​ធ្វើ​យ៉ាងណា​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​? ទាំងនេះ​ជា​សំណួរ​ល្អ​ដែល​ខ្ញុំ​តែងតែ​ឮ? រួម​ទាំង​ជា​ការ​ចោទសួរ​ពីសំណាក់​មិត្ត​ភ័ក្ដ ដែល​ជា​បណ្ឌិត​សាស្ត្រា​ចារ្យ​ នៃ​សាល​កវិទ្យាល័យ​ផង​ដែរ​។

​ខ្ញុំ​សូម​ជូន​ជាច​ម្លើយ​ដូច​ខាងក្រោម​ ដើម្បី​ពិចារណា​និង​វិភាគ​ទាំងអស់គ្នា​ ទី១​ គប្បី​សម្លឹង​មើល​រយៈពេល​វែង​ និង​តម្រូវការ​ជាក់ស្តែង​: កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ មាន​ប្រជាជន​វ័យក្មេង​ច្រើន​ (ប្រហែល២ភាគ៣នៃ​ប្រជាជន​សរុប​មាន​អាយុ​ក្រោម៣០ឆ្នាំ​) និង​មាន​លំហូរ​យុវជន​ចូល​ក្រុងភ្នំពេញ១ឆ្នាំ​ៗរាប់​ម៉ឺន​នាក់​ (ក្នុង១ឆ្នាំ​ៗមាន​សិស្ស​ប្រលង​បាក់ឌុប​ប្រហែល១០ម៉ឺន​នាក់​ ភាគច្រើន​មក​បន្ត​ការសិក្សា​និង​ធ្វើការ​នៅ​ភ្នំពេញ​)។

កត្តា​ទាំងនេះ​នឹង​ជំរុញ​ឱ្យ​បន្ត​មាន​តំរូវការ​លំនៅ​ដ្ឋាន​ ដ៏​សន្ធឹក​សន្ធាប់​នា​ពេល​អនាគត​។ ដូច្នេះ​បើ​ទោះជា​មាន​វិបត្តិ​ក៏​ជា​វិបត្តិ​រយៈពេល​ខ្លី​ដែរ​។ ក្នុង​ន័យ​នេះ​ហើយ​ អ្នក​វិនិយោគ​គប្បី​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ ហើយ​បំភ្លេច​ចោល​នូវ​កត្តា​ចៃដន្យ​ទាំងឡាយ​ ដូចជា​ ចាំ​ចិន​ទិញ​ ចាំ​មានការ​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​។ល។

លោក​ង៉ែត​ ជូ​បាន​បន្ត​ថា​ ការ​វិនិយោគ​តំបន់​ជាយក្រុង​ ដែល​ស្ថិតនៅ​ចន្លោះ៣០​-៦០គម​ពី​កណ្តាល​ក្រុងភ្នំពេញ​ គឺជា​ការ​សំរេចចិត្ត​ដ៏​ល្អ​បំផុត​ ព្រោះ​តម្លៃ​ដីធ្លី​នៅ​មានតម្លៃ​ទាប​ហើយ​ការពង្រីក​ក្រុង​ ក៏អាច​គ្រប​ដណ្តប់​ក្នុងរយៈពេល​ចន្លោះ​យ៉ាង​យូរ១០​ ១៥ឆ្នាំខាងមុខ​។

ទី២​ ធ្វើអ្វី​ក៏ដោយ​ក៏​ត្រូវ​មាន​ជំនាញ​ច្បាស់លាស់​ដែរ​: ប្រសិនបើ​អ្នក​ពិតជា​ចង់​ក្លាយទៅជា​អ្នក​វិនិយោគ​អាជីព​ ផ្នែក​វិស័យ​អចលនទ្រព្យ​ អ្នក​ត្រូវ​កសាង​សមត្ថភាព​ និង​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​ និង​ចាត់ទុកជា​មុខរបរ​ជាក់លាក់​មួយ​។

ការយល់ឃើញ​ថា​ការ​វិនិយោគ​លើ​វិស័យ​នេះ​មាន​ភាព​ងាយស្រួល​ និង​ឆាប់​មាន​នោះ​មិន​ពិត​ទេ​។ ការយល់ឃើញ​ដូច្នេះ​មិន​ខុស​អ្វី​ពី​កសិករ​ ដែល​ធ្វើស្រែ​តាម​ទម្លាប់​ដោយ​គ្មាន​បច្ចេកទេស​នោះ​ទេ​។ ទទួលផល​ត្រឹម​ចិញ្ចឹម​ឆ្នាំង​ ជួនកាល​រដូវ​កាល​ខ្លះ​ខាត​ផង​ក៏​មាន​។

ទី៣​ បើ​មិន​មាន​ជំនាញ​ច្បាស់លាស់​ គប្បី​ចូលរួម​ជាមួយ​ក្រុម​មនុស្ស​ ឬទំរង់​វិនិយោគ​ (Investment​ platform​) ដែល​មាន​អ្នកជំនាញ​ច្បាស់លាស់​: មនុស្ស​ស្ទើរគ្រប់​គ្នា​វិនិយោគ​ ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​ជំ​នាញ​ដូច​ៗគ្នា​នោះ​ទេ​។ ដូច្នេះ​គប្បី​ចេះ​ប្រើ​ជំនាញ​អ្នកដទៃ​ដោយ​វិនិយោគ​ជាមួយ​គេ​ និង​យកពេល​វេលា​មក​ផ្តោត​លើ​កិច្ចការ​ដែល​ខ្លួន​មាន​ជំនាញ​ច្បាស់លាស់​វិញ​ទើប​ជាការល្អ​។

បន្ថែម​លើ​មាន​ជំនាញ​ច្បាស់លាស់​ ក្រុម​មនុស្ស​ ឬទំរង់​វិនិយោគ​ដែល​អ្នកចូលរួម​ ក៏​ត្រូវ​មាន​មនុស្ស​ល្អ​ៗដែល​មាន​ភាព​ស្មោះត្រង់​ មាន​អភិបាលកិច្ច​ល្អ​ មាន​គោលការណ៍​ និង​យុទ្ធសាស្ត្រ​ច្បាស់លាស់​។ល៕

ចំណេះដឹង​! តើ​អ្នកណា​ជា​អ្នក​ត្រូវ​ជាប់​បន្ទុក​បង់ពន្ធ​អចលនទ្រព្យ​?

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នក​ដែល​ជាប់​បន្ទុក​បង់ពន្ធ​ គឺ​រូបវន្ត​បុគ្គល​ឬនីតិបុគ្គល​ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ ឬជា​អ្នក​ដែល​កាន់កាប់​អចលនទ្រព្យ​ ឬអ្នក​ដែល​ទទួល​ប្រយោជន៍​ចុងក្រោយ​នៃ​អចលនទ្រព្យ​ (អ្នកទទួល​សិទ្ធិ​ប្រើប្រាស់​ សិទ្ធិ​អាស្រ័យផល​ សិទ្ធិ​ចាត់ចែង​ និង​សិទ្ធិ​អាស្រ័យ​នៅ​ចុងក្រោយ​)។

ពន្ធ​អចលនទ្រព្យ​នេះ​ ត្រូវ​បង់​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​ ឬសាខា​ពន្ធដារ​ខណ្ឌ​ (នៅ​រាជធានី​ភ្នំពេញ​) ដែល​អចលនទ្រព្យ​ ស្ថិតនៅ​ឬបង់​តាម​ប្រព័ន្ធ​ធនាគារ​។ ពន្ធ​នេះ​ត្រូវ​បង់​យ៉ាង​យឺត​បំផុត​ ត្រឹម​ថ្ងៃទី៣០​ ខែកញ្ញា​ នៃ​ឆ្នាំ​ជាប់ពន្ធ​។ អ្នក​ជាប់​បន្ទុក​បង់ពន្ធ​ ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ​ និង​ធ្វើការ​គណនា​ ​ប្រាក់​ពន្ធ​ដោយខ្លួនឯង​។

ជា​រៀងរាល់​ឆ្នាំ​ ម្ចាស់​អចលនទ្រព្យ​គឺ​មាន​កាតព្វកិច្ច​បង់ពន្ធ​ លើ​អចលនទ្រព្យ​របស់​ខ្លួន​។ តាមច្បាប់​ម្ចាស់​អចលនទ្រព្យ​ត្រូវ​មក​ដាក់​លិខិត​ប្រកាស​បង់ពន្ធ​ នៅ​រដ្ឋបាល​សារពើពន្ធ​ ក៏ប៉ុន្ដែ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​ធ្វើការ​កែ​លម្អ​នៃ​ការ​បង់ពន្ធ​នេះ​ ជាលំដាប់​លំដោយ​ ហើយ​កន្លងទៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​អចលនទ្រព្យ​មានឱកាស​ទៅ​បង់ពន្ធ​នៅ​ធនាគារ​ ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដូចជា​ ធនាគារ​អេ​ស៊ី​លីដា​ ធនាគារ​កា​ណា​ឌី​យ៉ា​ ធនាគារ​វឌ្ឍនៈ​ ធនាគារ​កម្ពុជា​សាធារណៈ​ និង​ធនាគារ​ ANZ​ Roya​។

ក៏ប៉ុន្ដែ​ប្រសិនបើជា​ការចុះបញ្ជី​ដំបូង​ ម្ចាស់​អចលនទ្រព្យ​ត្រូវ​មក​ធ្វើការ​ចុះបញ្ជី​សារពើពន្ធ​នៅក្នុង​ភូមិសាស្ត្រ​ ដែល​អចលនទ្រព្យ​របស់​ពួកគាត់​ស្ថិតនៅ​ មានន័យថា​ ដីធ្លី​ ផ្ទះសម្បែង​របស់​ពលរដ្ឋ​នៅ​ខណ្ឌ​ណា​ ពួកគាត់​ត្រូវ​មក​ចុះបញ្ជី​សារពើពន្ធ​នៅ​សាខា​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ស្ថិតនៅ​នោះ​ ហើយ​បន្ទាប់ពី​មាន​ទិន្នន័យ​ក្នុង​បញ្ជី​ហើយ​ ពួកគាត់​អាច​ទៅ​បង់ពន្ធ​នៅ​ធនាគារ​ ដែល​បាន​រៀបរាប់​ខាងលើ​ណាមួយ​ក៏បាន​ ព្រោះ​មាន​គល់បញ្ជី​ស្រាប់​៕

ភ្ញៀវ​ទេសចរ​ចិន​ជាច្រើន​បាន​បង្វែរ​ពី​អូស្ត្រាលី​មក​កម្ពុជា​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ភ្ញៀវ​ទេសចរ​ចិន​បាន​ចំណាយ​ប្រាក់​ជាង៨ពាន់​លាន​ដុល្លារ​ សម្រាប់​ទស្សនកិច្ច​ទេសចរណ៍​នៅ​អូស្ត្រាលី​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​ទេសចរណ៍​របស់​អូស្ត្រាលី​។

កាល​ឆ្នាំមុន​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ជាង៨​,៥លាន​នាក់​ បាន​ធ្វើដំណើរ​ទៅកាន់​អូស្ត្រាលី​។ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មាន​ប្រមាណ ១៥ភាគរយ​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​សរុប​របស់​អូស្ត្រាលី​ ហើយ​បាន​ចូលរួម​ចំណែក​ដល់​ការ​រីកចម្រើន​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ​ ក្រុម​អ្នកវិភាគ​នៃ​ធនាគារ​អាមេរិក​ Merril​ Lynch​ បាន​ឲ្យដឹង​ថា​ ភ្ញៀវ​ទេសចរ​ចិន​កំពុង​ជ្រើសរើស​មក​ទស្សនា​កម្ពុជា​ ជំនួស​ឲ្យ​ទិសដៅ​អូស្ត្រាលី​វិញ​ ដោយ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​បាន​កើនឡើង​ជាង៣៧ភាគរយ​ នៅក្នុង​ត្រីមាស​ទី១ឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈ​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​កម្ពុជា​ មាន​ចំនួន ៨៨៧​,០៣៩​ នាក់​នៅក្នុង​រយៈពេល៤ខែ​ដើមឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ទេសចរណ៍​។

លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​បាន​ឲ្យដឹង​កាលពី​ឆ្នាំមុន​ វិស័យ​ទេសចរណ៍​កម្ពុជា​រកចំណូល​បាន​ប្រមាណ៤​,៣៥ពាន់​លាន​ដុល្លារ​អាម​រិក​ និង​រំពឹង​កើន​ដល់៥ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​៕

ព្រមាន​៖ រដ្ឋមន្ត្រី​សាធារណៈ​មិន​អនុញ្ញាត​ឱ្យ​តបណ្តាញ​លូ​ចំពោះ​សំណង់​ខុសច្បាប់​

0

ដោយ​ នៅ​ ស៊ី​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ និង​ដឹកជញ្ជូន​ការ​ស្នើ​ឱ្យ​មាន​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ការ​រដ្ឋា​នសំណង់​ខុសច្បាប់​ ដើម្បី​ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និង​គុណភាព​សំណង់​ទូទាំង​ប្រទេស​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ធា​រណៈ​ការ​ និង​ដឹកជញ្ជូន​បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូ​ណគ្រប់​រាជធានី​-ខេត្ត​កាលពី​ថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ វិស័យ​សំណង់​មានការ​រីក​លូតលាស់​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​នៅ​តាម​ទីរួមខេត្ត​ ទីរួមស្រុក​ ទីក្រុង​ និង​ទី​ប្រជាជន​។

លោក​បន្ត​ថា​ ទោះជាយ៉ាងណា​ក៏ដោយ​ ក្រសួង​តែងតែ​សង្កេតឃើញ​ថា​ មាន​សំណង់​មួយចំនួន​មិន​មានច្បាប់​ និង​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ ចេញ​ដោយ​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ ហើយ​បាន​តភ្ជាប់​ចូល​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​- ខេត្ត​ដោយ​មិន​មានការ​ត្រួតពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស​ និង​នីតិវិធី​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។

ដើម្បី​រួមចំណែក​ជំរុញ​ និង​ពង្រឹង​ប្រសិទ្ធិ​ភាព​ក្នុង​ការគ្រប់គ្រង​សំណង់​ប្រព័ន្ធ​លូ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ និង​ដើម្បី​អនុវត្ត​នូវ​វិធានការ​ចាំបាច់​សំដៅ​ទប់ស្កាត់​ ការដ្ឋាន​សំណង់​ខុសច្បាប់​ ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និង​គុណភាព​សំណង់​ទូទាំង​ប្រទេស​ លោក​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ ដល់​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ គ្រប់​រាជធានី​-ខេត្ត​ទាំងអស់​ដូច​ខាងក្រោម​ ដូចជា​ ទី១​ មិន​អនុញ្ញាត​ឱ្យ​សំណង់​ទាំងអស់​ដែល​មិន​មានច្បាប់​ និង​លិខិតអនុញ្ញាត​ត្រឹមត្រូវ​តភ្ជាប់​ចូល​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​-ខេត្ត​ឡើយ​។

ទី២​ ពង្រឹង​ការ​តាមដាន​ និង​ពិនិត្យមើល​ឡើងវិញ​នូវ​ការ​ស្នើសុំ​តភា្ជប់​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។ ទី៣​ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​មាន​វិធានការ​ចាំបាច់​តាម​នីតិវិធី​ច្បាប់​ ដល់​ជន​ដែល​បាន​តភ្ជាប់​ចូល​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​របស់​រាជធានី​ ខេត្ត​ដោយ​មិន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។ ទី៤​ អប់រំ​ផ្សព្វផ្សាយ​ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ ពិសេស​ម្ចាស់​សំណង់​គ្រប់​ប្រភេទ​ទាំងអស់​ឱ្យ​យល់ដឹង​អំពី​នីតិវិធី​ច្បាប់​ សម្រាប់​ការ​ស្នើសុំ​តភ្ជាប់​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ពិសេស​ស្នើសុំ​តភ្ជាប់​ និង​ប្រើប្រាស់​បណ្តាញ​លូ​សាធារណៈ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ជា​ សុ​ផា​រ៉ា​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ស្នើ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចេញ​វិធានការ​ចាំបាច់​មួយចំនួន​ ដើម្បី​ទប់ស្កាត់​សំណង់​ខុសច្បាប់​ ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​ និង​គុណភាព​សំណង់​ទូទៅ​។

លិខិត​ចេញ​នៅ​ថ្ងៃទី២៧​ ខែមិថុនា​ របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ផ្ញើ​ជូន​លោក​ ហ៊ុន​ សែន​ បញ្ជាក់​ថា​ វិធាន​ការ​​ដែល​លោក​ចង់​អោយ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​ដែល​ខុសច្បាប់​ទាំងនោះ​រួមមាន​ ទី១​ ក្រសួង​រ៉ែ​ និង​ថាមពល​អាច​ចាត់​មិន​អោយ​មានការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​អាច​ចាត់​មិន​អោយ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​មិន​ត្រូវ​អនុញ្ញាត​អោយ​តបណ្ដាញ​លូ​ភ្ជាប់​ទៅ​លូ​សាធារណៈ​ ក្រសួងព័ត៌មាន​អាច​បិទ​មិន​អោយ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ឯស្ថាប័ន​ និង​អង្គភាព​ផ្សេងទៀត​មិន​ត្រូវ​ផ្ដល់​លិខិតអនុញ្ញាត​អោយ​ប្រកប​អាជីវកម្ម​។

លិខិត​ដដែល​បញ្ជាក់​ទៀត​ថា​សំណើ​វិធានការ​បែបនេះ​ នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការដ្ឋាន​សំណង់​សណ្ឋាគារ​ អគារ​ស្នាក់នៅ​រួម​ អគារ​ពាណិជ្ជកម្ម​ រោងចក្រ​ សិប្បកម្ម​ និង​សំ​ណង់​ផ្សេង​ៗទៀត​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ការសាងសង់​ខុស​លក្ខណៈ​បច្ចេកទេស​ ដោយ​លើកលែង​លំនៅឋាន​ផ្ទាល់​របស់​ពលរដ្ឋ​។

ករណី​សំណង់​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​ អាជ្ញាធរ​បាន​រក​ឃើញថា​មាន​សំណង់​អគារ​ចំនួន៥ទីតាំង​កំពុង​សាងសង់​ ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ៧ជាន់​នៅក្នុង​ខេត្ត​នេះ​ បណ្ដាល​អោយ​កម្មករ​សំណង់២៨នាក់​ស្លាប់​ និង២៦នាក់​របួស​៕

ក្រុមហ៊ុនទេសចរណ៍​ធំ​មួយ​របស់​វៀតណាម​មួយ​គ្រោង​នឹង​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ I Love​ Asia​ Tour​ មាន​មូលដ្ឋាន​នៅ​ប្រទេស​វៀតណាម​ ដែល​ផ្តល់​ជូន​នូវ​ដំណើរ​ទេសចរណ៍​ជិះ​ម៉ូតូ​ ដែល​បើកបរ​ដោយ​ស្រ្តី​នៅ​វៀតណាម​ និង​ឡាវ​ គ្រោង​នឹង​ចូល​ទីផ្សារ​កម្ពុជា​នៅ​ខែក្រោយ​។

លោកស្រី​ Nguyen​ Thi​ Huong​ Lien​ ស្ថាបនិក​ក្រុមហ៊ុន​ បាន​ថ្លែង​បាប់​សារព័ត៌មាន​វៀតណាម​ VNExpress​ កាលពី​ម្សិល​ម៉ិញ​ថា​ ជាមួយ​គម្រោង​ពង្រីក​ខ្លួន​នៅ​ប្រទេស​ឡាវ​ កម្ពុជា​ និង​អាស៊ី​ ក្រុមហ៊ុន​ចង់​ពង្រីក​គំរូ​អាជីវកម្ម​សហគ្រិន​ស្ត្រី​បន្ថែម​ ដើម្បី​ផ្តល់​ឳកាស​ស្ត្រី​នៅ​តំបន់​អាស៊ី​ និង​បង្កើន​តួនាទី​ និង​ការចូលរួម​ចំណែក​របស់​ពួកគេ​ដល់​សង្គម​។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​ អ្នក​បើក​បរ​ស្រី្ត​ៗចំនួន១៥០នាក់​ ដែល​ភាគច្រើន​ជា​និស្សិត​សាកល​វិទ្យាល័យ​ ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​ជាង ២​,០០០​ នាក់​ទៅលេង​វៀតណាម​ និង​ឡាវ​កាលពី​ឆ្នាំមុន​។

បុគ្គលិក​របស់​ក្រុមហ៊ុន​ I Love​ Asia​ Tour​ នៅ​គ្រប់​ផ្នែក​ទាំងអស់​ គឺ​សុទ្ធតែ​ជា​ស្ត្រី​ ដែល​មក​ពី​ផ្នែក​ IT​ បច្ចេកវិទ្យា​រដ្ឋា​បាល​កាន់​មគ្គុទ្ទេសក៍​ទេសចរណ៍​។

ស្ថាបនិក​ខាងលើ​ បាន​និយាយ​ថា​ “មនុស្ស​ភាគច្រើន​គិតថា​ ជា​ធម្មតា​អ្នកបើកបរ​ជា​បុរស​ ប៉ុន្តែ​អ្នក​បើក​បរ​ស្រី​ៗក៏​មាន​ថាមពល​ខ្លាំងក្លា​ មាន​ភាព​ក្លាហាន​ និង​បំណង​ចង់​រៀន​។ ពួកគេ​ត្រូវ​មាន​សិទ្ធិ​ និង​មានឱកាស​រីកចម្រើន​”។

លោកស្រី​ Lien​ បាន​ចាប់ផ្តើម​នូវ​គំនិត​នៃ​សេវាកម្ម​ទេសចរណ៍​ ដោយមាន​បើកបរ​ស្ត្រី​ទាំងអស់​នៅក្នុង​ឆ្នាំ២០១៤ជា​ឆ្នាំទី៣​ របស់​លោក​នៅ​សកលវិទ្យាល័យ​ភាសាបរទេស​ Hue​។

ជាមួយនឹង​ទុន​វិនិយោគ​ដំបូង​ត្រឹមតែ២លាន​ដុង​ (៨៦​,៧ ដុល្លារ​) ដែល​បាន​សន្សំ​ពី​ការងារ​ក្រៅ​ម៉ោង​លោកស្រី​ លោកស្រី​បង្កើត​វេ​បសាយ​ និង​កម្មវិធី​របស់​លោកស្រី​ដោយខ្លួនឯង​។ សហគ្រិន​វ័យ២៥ឆ្នាំ​រូប​នេះ​ បាន​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​រីកចម្រើន​នៃ​បណ្តាញ​សង្គម​ ដូចជា​ ទស្សនាវដ្តី​ ដើម្បី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​របស់​លោកស្រី​។

លោកស្រី​ Lien​ បាន​រួមបញ្ចូល​ការ​ចាប់ផ្តើម​អាជីវកម្ម​នៅ​ឆ្នាំ២០១៦​ និង​ពង្រីក​ប្រតិបត្តិ​ការ​ទៅកាន់​ទីក្រុង​ហាណូយ​ហ៊ូ​ ហូយ​អាន​ ទីក្រុង​ហូជីមិញ​ និង​ដា​ណាង​។

នៅ​ពាក់កណ្តាល​ឆ្នាំ២០១៨ក្រុមហ៊ុន​នេះ​ ក៏បាន​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ដូចគ្នា​នៅក្នុង​ប្រទេស​ឡាវ​ ដោយមាន​អ្នក​បើក​បរ​ស្រី្ត​ៗចំនួន១៥នាក់​៕

CVEA​ ចូលរួម​ទាក់ទាញ​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ពី​សហរដ្ឋអាមេរិក​មកកាន់កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំពេញ​៖ សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA​) បាន​និង​កំពុង​ព្យាយាម​ទាក់ទាញ​ការ​វិនិយោគ​ពី​អាមេរិក​ មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​ ដើម្បី​ជំរុញ​ការ​លើក​កំពស់​កិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ពិសេស​វិស័យ​អចលនទ្រព្យ​។

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ លោក​ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​កាល​បិ​ព្រឹក​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ តាមរយៈ​កម្មវិធី​ Global​ Real​ Estate​ and​ Trade​ Mission​ ដែល​ជា​កិច្ច​ជំនួប​របស់​បណ្តាញ​ភ្នាក់ងារ​អចលនទ្រព្យ​មក​ពីរ​ដ្ឋ​ Chicago​ សហរដ្ឋអាមេរិក​ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេស​ថៃ​ CVEA​ បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​សក្ដានុពល​ និង​ឱកាស​ដ៏​ល្អ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ដើម្បី​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន​នានា​ នៅ​សហរដ្ឋអាមេរិក​ឱ្យ​ចូល​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។

លោក​បាន​បន្ត​ទៀត​ថា​ “ភាគច្រើន​នៃ​អ្នក​វិនិយោគ​មក​ពី​សហរដ្ឋអាមេរិក​ បាន​ចាប់អារម្មណ៍​នៅក្នុង​ការ​វិនិយោគ​នៅក្នុង​ប្រទេស​ថៃ​ ប៉ុន្តែ​យើង​ក៏បាន​ព្យាយាម​បញ្ជ្រាប​ព័ត៌មាន​លម្អិត​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទៅកាន់​ពួកគេ​ផង​ដែរ​”។ លោក​បាន​បន្ត​ទៀត​ថា​ “ជា​ឱកាស​នៅក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ ខ្ញុំ​បាន​លើកឡើង​ចំនួន៣ចំណុច​សំ​ខាន់​ៗពី​កាលានុវត្តន៍​ភាព​នៅ​កម្ពុជា​”។

ទី១​ ទិដ្ឋភាព​ទូទៅ​នៃ​សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត​ ទី២​ ហេតុផល​ដែល​មាន​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​ចូល​មក​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​ទី៣​ គឺ​បង្ហាញ​ពី​បែបផែន​នៃ​ការ​វិនិយោគ​ ក៏ដូចជា​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោក​ច្រឹក​ សុ​ខនី​មបាន​បញ្ជាក់​ថា​ ជា​លទ្ធផល​ យើង​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​បណ្តា​អ្នកតំណាង​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​រដ្ឋ​ Chicago​ សហរដ្ឋអាមេរិក​ ( Chicago​ Association​ of​ Realtors​) ហើយ​ពួកគេ​នឹង​ចូល​មក​សិក្សា​បន្ថែម​ពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ខាងមុខនេះ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ លោកស្រី​ អាន​ សុធី​តា​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ ចំពោះ​កំណើន​នៃ​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ចូល​មកកាន់​កម្ពុជា​។លោកស្រី​បន្ត​ទៀត​ថា​ “នៅពេល​ដែល​កម្ពុជា​មាន​ក្រុមហ៊ុន​អចលន​ទ្រព្យ​ធំៗ​ល្បី​ៗ ចូល​មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ វា​ជា​រឿង​កាន់តែ​ល្អ​ចំពោះ​វិស័យ​មួយ​នេះ​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ នៅពេល​មាន​ក្រុមហ៊ុន​កាន់តែ​ ការប្រកួត​ប្រជែង​ក៏​កាន់តែ​ច្រើន​ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ដទៃទៀត​ ស្ថិតនៅ​ក្នុង​វិស័យ​រួមគ្នា​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​។

លោកស្រី​បន្ត​ថា​ “នៅពេល​សមត្ថភាព​មាន​កាន់តែ​ខ្លាំង​ វា​នឹង​ជំរុញ​ឱ្យ​វិស័យ​អចលន្រទ្យ​នៅ​កម្ពុជា​ កាន់តែ​ផ្តល់​ទំនុកចិត្ត​បណ្តា​អ្នក​វិនិយោគ​”។

នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ក្រុមហ៊ុន​អចលនទ្រព្យ​ជាច្រើន​ ដែល​រាប់ទាំង​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ និង​មិនទាន់​ចុះបញ្ជី​ កំពុង​មាន​ប្រតិបត្តិ​ការ​មិន​ក្រោម៣០០ក្រុមហ៊ុន​នោះ​ទេ​ ជាពិសេស​ក្រុមហ៊ុន​ផ្នែក​សេវាកម្ម​ភ្នាក់ងារ​។ នៅក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់​នេះ​ ក៏​មាន​វត្តមាន​ក្រុមហ៊ុន​អន្តរជាតិ​លំដាប់​ពិភពលោក​ផង​ដែរ​ ដូចជា​ ក្រុមហ៊ុន​ Century​ 21​ Cambodia​ ក្រុមហ៊ុន​ CBRE​ Cambodia​ ក្រុមហ៊ុន​ Knight​ Frank​ ក្រុមហ៊ុន​ (KW​) Keller​ Williams​ ក្រុមហ៊ុន​ ERA ​ជាដើម​៕

ចិន​ជា​អ្នក​វិនិយោគ​គ្រប់​វិស័យ​ឈរ​នៅ​លំដាប់​លេខ១​ ក្នុង​ខេត្ត​ព្រះសីហនុ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​អ្នក​វិ​និ​យោ​គគិន​ចិន​ ស្ថិត​ក្នុង​លំដាប់​លេខ១​ ដែល​មក​ធ្វើការ​វិនិយោគ​ រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ ដឹកជញ្ជូន​ សំណង់​ និង​ទេសចរណ៍​។

លោក​គួច​ ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​បានឱ្យ​ដឹង​នៅក្នុង​ប្រកាស​ផ្ទេរ​ សម្រួល​ភារកិច្ច​ និង​ចូលកាន់​តំណែង​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ នៅ​ថ្ងៃទី១៩​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ទន្ទឹម​នោះ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ក៏​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​គួរឲ្យ​កត់សម្គាល់​ និង​កំពុង​ដើរតួ​ក្នុង​ការ​ស្តុក​ ផ្ទេរ​ និង​ដឹកជញ្ជូន​ទំនិញ​ជា​កុងតឺន័រ​ចេញ​ ចូលក្នុង​ប្រទេស​ប្រមាណ​ជា៧៣ភាគរយ​។

លោក​បន្ត​ថា​ ខេត្ត​ព្រះសីហនុ​ មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ នា​ពេល​បច្ចុប្បន្ន​ កំពុង​ប្រតិបត្តិ​ការ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ ចំនួន១៤ក្រុមហ៊ុន​ ក្នុង​ស្រុក៥ក្រុមហ៊ុន​ (មាន​ជើងហោះហើរ​ ៥ជើង​ក្នុង​មួយថ្ងៃ​) នឹង​ក្រុមហ៊ុន​ហោះហើរ​អន្តរជាតិ​មាន៩ក្រុមហ៊ុន​ (ហោះហើរ​ ២៥ជើង​ក្នុង​មួយថ្ងៃ​) និង​មានការ​ហោះហើរ​ជា​អន្តរជាតិ​ទៅកាន់​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី​ ថៃ​ ពិសេស​ប្រទេស​ចិន​មាន​រហូត២៥ទីក្រុង​។

លោក​អភិបាលខេត្ត​ព្រះសីហនុ​បញ្ជាក់​ទៀត​ថា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ខេត្ត​ព្រះសីហនុ​ ទទួល​បានការ​អភិវឌ្ឍន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ពីសំណាក់​វិនិយោគិន​បរទេស​ ជាពិសេស​វិនិយោគិន​ចិន​ ជាហេតុ​ធ្វើ​ឱ្យ​ខេត្ត​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ លើ​គ្រប់​វិស័យ​។ លោក​បន្ត​ថា​ ភាព​រីកចម្រើន​នេះ​ បាន​ជំរុញ​ឱ្យ​មាន​កំណើន​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​ ក្រុង​ផ្សេង​ៗមក​ធ្វើការ​ និង​ប្រកបរបរ​រកស៊ី​ទៅតាម​ជំនាញ​ និង​សមត្ថភាព​ដែល​ខ្លួន​មាន​ ។

ខេត្ត​ព្រះសីហនុ​ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៩​ ក្នុង​នោះ៥កំពុងតែ​ដំណើរការ​ ដែល​ មាន​រោងចក្រ​ សហគ្រាស​តូច​ ធំ​សរុប​ចំនួន២១០កន្លែង​ សិប្បកម្ម​ចំនួន១.០៣៧កន្លែង​ និង​អាជីវ​កម្ម​ផ្សេង​ៗជាច្រើន​ទៀត​ បាន​ស្រូប​យកកម្លាំង​ពលកម្ម​ប្រមាណ​ជា​ ៨១.៤៧៥នាក់​ ក្នុង​នោះ​ស្រី​មាន​ប្រមាណ​ជា៥០ភាគរយ​ ។

លោក​ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋ​មន្ដ្រី​ ជារ​ដ្ឋ​មន្ត្រី​ក្រសួងសាធារណការ​ និង​ដឹក​ ជញ្ជូន​ បានឱ្យ​ដឹង​ដែរ​ថា​វិស័យ​សាធារណការ​ និង​ដឹកជញ្ជូន​ជា​វិស័យ​មួយ​ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​មាន​ភាពរឹងមាំ​ និង​និរន្តរភាព​។

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ បើ​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​ គ្រប់​ច្រកល្ហក​ ប្រទាក់ក្រឡា​គ្នា​ដូច​សរ​សៃរ​ឈាម​ តភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​នោះ​ទេ​ ក៏​គ្មាន​ការ​អភិវឌ្ឍ​ដែរ​ ជាក់ស្ដែង​ខេត្ត​ព្រះសីហនុ​នេះ​មាន​ទាំង​ផ្លូវទឹក​ ផ្លូវគោក​ ផ្លូវដែក​ និង​ផ្លូវអាកាស​ ដែល​ធ្វើ​ឱ្យ​ខេត្ត​នេះ​ជា​ខេត្ត​ប្រកបដោយ​សក្ដានុពល​មួយ​ អាច​ពង្រីក​វិសាលភាព​របស់​ខ្លួន​ មិន​ត្រឹមតែ​ជា​ខេត្ត​ទេសចរណ៍​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​ជា​ខេត្ត​បោះ​ជំ​ហ៊ាន​ទៅជា​ខេត្ត​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​ដ៏​មានសន្ទុះ​រីកចម្រើន​៕

លោក​បណ្ឌិ​តគីម​ ហ៊ា​ង៖ អួត​ជា​ជំនាញ​របស់​អ្នកលក់​ លក់​ជា​ជំនាញ​របស់​អ្នកមាន​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ការ​លក់​ដែល​គ្មាន​ជំនាញ​ នឹង​លក់​មិន​ដាច់​នោះ​ទេ​ ហេតុនេះ​តើ​អ្នកលក់​ត្រូវ​មាន​ជំនាញ​អ្វី​? លោក​បណ្ឌិ​ត គីម​ ហ៊ា​ង​ បាន​ថ្លែង​ថា​ អួត​ជា​ជំនាញ​របស់​អ្នកលក់​ លក់​ជា​ជំនាញ​របស់​អ្នកមាន​ ហើយ​អ្នកលក់​ណា​ក៏​ចេះ​អួត​ដែរ​។

លោក​អគ្គនាយក​ក្រុមហ៊ុន ​Khmer​ Real​ Estate​ និង​ជា​អ្ន​កនាំ​ចូល ​Master​ Franchise​ Keller​ Williams ​មកកាន់​កម្ពុជា​រូប​នេះ​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៩​ កក្កដា​នេះ​ថា​ អ្នកមាន​នៅ​លើ​ពិភពលោក​ នរណា​ក៏ដោយ​ក៏​ចេះ​លក់​ដែរ​ ហើយ​អ្នកលក់​ណា​ក៏​ចេះ​អួត​ដែរ​ ព្រោះ​រាល់​ជំនាញ​ទាំងអស់​ ជំនាញ​ណា​ក៏​ត្រូវការ​អ្ន​កលក់់​។

លោក​បន្ត​ដោយ​លើក​ករណី​ជាក់ស្តែង​មក​បញ្ជាក់​ថា​ អ្នកចេះ​ធ្វើ​កុំព្យូទ័រ​ដ៏​ល្អ​ ធ្វើ​ទូរស័ព្ទ​ដ៏​ល្អ​ ផលិត​ឡាន​ដ៏​ល្អ​ បើ​មិន​ចេះ​ជំនាញ​លក់​ បើ​មិន​ចេះ​អួត​លក់​មិន​ដាច់​នោះ​ទេ​ មិន​មាន​លុយ​ទេ​ ហេតុនេះ​ពួកគេ​ទាល់តែ​ចេះ​លក់​ ហើយ​អ្នកលក់​មួយ​ណា​ដែល​មិន​ចេះ​អួត​។

ឧទាហរណ៍​អ្នកលក់​ឡាន​ អួត​ឡាន​ខ្លួន​មានគុណ​ភាពល្អ​ ស៊ីសាំង​តិច​ សន្សំសំចៃ​ អាច​បើកបរ​គ្រប់​ស្ថានភាព​ជាដើម​។ គឺ​ល្អ​គ្រប់យ៉ាង​ ហើយ​ទាល់តែ​ចេះ​អួ​តចឹង​ ទើប​លក់​ឡាន​ដាច់​។

លោក​បណ្ឌិ​តគីម​ ហ៊ា​ងបាន​បន្ត​ថា​ “ទាល់តែ​ចេះ​លក់​ ចេះ​អួត​ ទើប​ក្លាយជា​អ្នកមាន​ ហើយ​បើ​ចេះតែ​យើង​ ហើយ​យើង​នៅតែ​ក្នុង​ផ្ទះ​ សួរ​ថា​តើ​អ្នកណា​ដឹង​ អ្នកណា​ស្គាល់​? នៅពេល​គ្មាន​អ្នកដឹង​ គ្មាន​អ្នក​ស្គាល់​គឺ​លក់​មិន​ដាច់​ “ចប់​”។

លោក​បាន​លើក​ជាឧទាហរណ៍​ជាក់ស្តែង​ថា​ បុគ្គលិក​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា​ ធ្វើការ​ជាមួយ​ខ្ញុំ​យូរហើយ​ នៅតែ​មិនសូវ​មាន​លុយ​ ខ្ញុំ​សួរ​ថា​តើ​អ្នកណា​ប្រើ​អ្នកខ្លះ​ជា​រៀងរាល់ថ្ងៃ​? គាត់​ថា​ ខ្ញុំ​ប្រើ​គាត់​ច្រើនជាង​គេ​ គឺ​មេ​ឯង​ហ្នឹងហើយ​ ហើយ​មិនសូវ​មាន​អ្នកប្រើ​ផង​។ ចម្លើយ​ គឺ​អ្នក​មិន​អាច​មានបាន​នោះ​ទេ​ ព្រោះ​អ្នក​មិនសូវ​មាន​ភ្ញៀវ​ប្រើ​។ ចឹង​មិន​អាច​មាន​នោះ​ទេ​ តែ​ខ្ញុំ​មួយថ្ងៃ​មាន​អ្នកប្រើ​ចង់១០០នាក់​ក្នុង​មួយថ្ងៃ​ ចឹង​ខ្ញុំ​មាន​លុយ​ច្រើនជាង​ប្អូន​ឯង​ ដោយសារ​ខ្ញុំ​មាន​អ្នកមាន​ប្រើ​ច្រើនជាង​ប្អូន​ឯង​។

លោក​បន្ត​ថា​ “អ្នកមាន​ ជា​មនុស្ស​ដែល​ “អ្នកមាន​”ប្រើ​ច្រើន​ ហើយ​នៅពេល​យើង​ត្រូវ​បាន​គេ​ប្រើ​កាន់តែ​ច្រើន​ យើង​ក៏​មាន​លុយ​កាន់តែ​ច្រើន​ដែរ​។ ពេល​គ្មាន​អ្នកប្រើ​ច្រើន​ អ្នក​ក៏​គ្មាន​លុយ​ដែរ​”។លោក​បន្ត​ថា​ “អ្នក​ពូកែ​លក់​មាន​ច្រើន​កត្តា​ គឺ​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ ជា​មនុស្ស​មាន​ឆន្ទៈ​ និង​ការ​គិតវែងឆ្ងាយ​ ដឹងពី​អតិថិជន​គោលដៅ​ និង​មើលឃើញ​ពីអ​នាគ​ត”។

ភាពជា​អ្នកលក់​ពូកែ​ គឺ​រក​ឃើញ​ពី​តម្រូវការ​របស់​អតិថិជន​ ឧទាហរណ៍​ អ្នកលក់​កញ្ចប់​ទេសចរណ៍​ក្រេបទឹក​ឃ្មុំ​ ត្រូវ​បាន​ថៅកែ​ដាក់ឲ្យ​លក់​ឲ្យបាន១០០គូ​ក្នុង​មួយឆ្នាំ​ តើ​ត្រូវ​ទៅ​រក​អ្នក​ត្រូវ​រៀបការ​នៅឯណា​? បុគ្គលិក​មិនដឹង​ ប៉ុន្តែ​បើ​ពួកគេ​ឆ្លាតវៃ​ ពួកគេ​អាច​ទៅ​ជួប​មេភូមិ​ មេឃុំ​តាម​បណ្តា​ខ័ណ្ឌ​ ស្រុក​នានា​ ពួកគេ​នឹង​ទទួល​បាន​ទិន្នន័យ​ពី​ចំនួន​អ្នក​រៀបការ​ ដែល​ត្រូវ​មាន​គោលដៅ​ទៅ​ក្រេបទឹក​ឃ្មុំ​ ក្នុង​ស្រុក​ ឬនៅ​បរទេស​៕