ធនាគារ​ចាប់ផ្តើម​ផ្តល់​កម្ចី​សម្រាប់​អ្នកទិញ​ និង​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ អ្នកជំនាញ​អចលនទ្រព្យ​បានឱ្យ​ដឹង​ថា​ ធនាគារ​មួយចំនួន​ដែល​កំពុង​ប្រតិបត្តិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​ផ្តល់​ប្រាក់កម្ចី​សម្រាប់​អ្នក​ដែល​មានបំណង​ទិញ​ និង​អភិវឌ្ឍន៍​ខុន​ដូ​ ដែល​ខុសប្លែក​កាលពី​លើក​មុន​ដែល​ធនាគារ​នានា​ ពុំ​មាន​ការ​​ផ្តល់​ឥណទាន​ទិញ​ឬអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​បែប​សហកម្ម​សិទ្ធ​បែបនេះ​ឡើយ​។

លោកស្រី​ អាន​ សុធី​តា​ នាយិកា​រក្រុ​មហ៊ុន​អន្តរជាតិ​ CBRE​ ប្រចាំ​កម្ពុជា​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មូលហេតុ​ដែល​ធនាគារ​មិនបាន​ផ្តល់​កម្ចី​ ទៅ​ឱ្យ​អ្នកទិញ​ឬអ្នក​អភិវឌ្ឍន៍​ខុន​ដូ​ ដោយសារតែ​ពួកគេ​គិតថា​មាន​ហា​នី​ភ័យ​ខ្ពស់​ តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ទីផ្សារ​ខុន​ដូ​កំពុងតែ​មានសន្ទុះ​រីកចម្រើន​ចំរើន​ និង​មានការ​ទិញ​ពី​ពលរដ្ឋខ្មែរ​កាន់តែ​ច្រើន​ ហើយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ កំពុង​ទីផ្សារ​ខុន​ដូ​តម្លៃ​សមរម្យ​ ដើម្បី​ចាប់​យក​ទីផ្សារ​ក្នុង​ស្រុក​។

លោកស្រី​ពន្យល់​ថា​ “ប្រជាពលរដ្ឋ​កម្ពុជា​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហាក់​មានការ​ចាប់អារម្មណ៍​លើ​ការទិញ​ខុន​ដូ​សម្រាប់​រស់នៅ​ និង​ដាក់​ជួល​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​អ្នក​អភិវឌ្ឍន៍​បែរមក​អភិវឌ្ឍន៍​ខុន​ដូ​តម្លៃ​សមរម្យ​ ដើម្បី​ចាប់​យក​ទីផ្សារ​ក្នុង​ស្រុក​ ដែល​ខុសកាល​ពីលើ​កមុន​”។

របាយការណ៍​ក្រុមហ៊ុន​ CBRE​ ចុងក្រោយ​បានឱ្យ​ដឹង​ថា​ នៅ​ពាក់កណ្តាល​ឆ្នាំ២០១៩​ គម្រោង​ខុន​ដូ​ចំនួន១៣​ ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​ ដោយ​ក្នុង​នោះ​មាន៦៧ភាគរយ​ជា​ខុន​ដូ​ ដែល​មានតម្លៃ​សមរម្យ​។ ខុន​ដូ​ដែល​តម្លៃ​សមរម្យ​ជាមធ្យម​បាន​កើនឡើង២ភាគរយ​ ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស​ ដោយ​តម្លៃ​បច្ចុប្បន្ន​មាន​ប្រមាណ ១​,៥០១ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក្នុង​ឆ្នាំនេះ​ ខណៈ​អ្នកទិញ​ក្នុង​ស្រុក​ កាន់តែ​ច្រើន​កំពុង​វិនិយោគ​លើ​ខុន​ដូ​នៅ​កណ្តាល​ទីក្រុង​។

ទីផ្សារ​ខុន​ដូ​ត្រូវ​បាន​រំពឹង​ថា​ នឹង​កើន​ដល់​ចំនួន ៣១​,១០០យូនី​ត នឹង​សាងសង់​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ​។ បច្ចុប្បន្ន​ចំនួន​នៃ​ខុន​ដូ​យូនី​ត ដែល​បញ្ចប់​ការសាងសង់​មាន​ចំនួន​ ១៦​,៦៥៨យូនី​ត។

វិស័យ​ខុន​ដូ​មានការ​រីក​ចំរើន​ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដែល​ការ​ផ្គត់ផ្គង់​ខុន​ដូ​មានការ​កើនឡើង​ចំនួន១០ដង​ បើ​ធៀប​នឹង​ឆ្នាំ២០១៦​។ ប៉ុន្តែ​ទីផ្សារ​អចលនទ្រព្យ​ អាច​ប្រឈម​នឹង​ភាព​ចលាចល​មួយចំនួន​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ អាមេរិក​ និង​ចិន​អាច​ពន្យឺតការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​ចិនដីគោក​។

ធនាគារជាតិនៃកម្ពុជា​បាន​ព្រមាន​ថា​ “វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ហិរញ្ញវត្ថុ​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ ប្រសិនបើ​ការ​វិនិយោគ​លើ​វិស័យ​ អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ស្ងប់ស្ងាត់​ ដោយសារ​ការប្រែប្រួល​នៃ​សេដ្ឋកិច្ច​ពិភពលោក​”។ ធនាគារ​នេះ​បាន​បន្ថែម​ថា​ “ល្បឿន​នៃ​ការពង្រីក​ និង​ការ​វិនិយោគ​របស់​ខ្លួន​ទីផ្សារ​អចលនវត្ថុ​មើលទៅ​រឹងមាំ​ និង​មាន​ស្ថានភាព​ល្អ​”។

ធនាគារជាតិ​បាន​ឲ្យដឹង​ក្នុង​របាយការណ៍​សេដ្ឋកិច្ច​មួយ​ ដែល​ចេញផ្សាយ​នៅ​ឆ្នាំនេះ​ថា​ “នៅ​ចុងឆ្នាំ២០១៩​ ការ​ផ្គត់ផ្គង់​ខុន​ដូ​នៅ​គ្រប់​ផ្នែក​ទាំងអស់​ កន្លែង​លក់រាយ​ និង​ការិយាល័យ​ជួល​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​”៕

តំបន់​ជាប់​មហាវិថី​ឈ្នះ​ ឈ្នះ​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​លំនៅ​ដ្ឋាន​កាន់តែ​ខ្លាំង​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ស្រប​ពេល​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ និង​កំណើនប្រជាជន​កើនឡើង​នៅក្នុង​ទីក្រុង​ បាន​ធ្វើឲ្យ​អ្នកវិនិយោគទុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​កាន់តែ​ច្រើន​ ចាប់ផ្តើម​បោះទុន​វិនិយោគ​សាងសង់​បុរី​លំនៅ​ដ្ឋាន​នានា​ ពិសេស​តំបន់​ព្រែកព្នៅ​នៅ​លើ​មហាវិថី​ឈ្នះ​ ឈ្នះ​ (ផ្លូវ​ទំនប់​កប់​ស្រូវ​)។

ដោយ​មើលឃើញ​នូវ​កាលានុវត្តន៍​ភាព​នេះ​ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់​ក្រុមហ៊ុន​ លី​ សុវណ្ណ​ ម៉ិញ​ សុធា​ ឌី​វេ​ឡុប​ម៉ិន​ ឯ.ក បាន​វិនិយោគ​បុរី​នៅ​តំបន់​នេះ​នៅ​លើ​ផ្ទៃដី​សាងសង់​ជាង១៣ហិច​តា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ ឈ្នះ​ ឬផ្លូវ​កប់​ស្រូវ​ ក្នុង​សង្កាត់​ព្រែកព្នៅ​ ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ឧកញ៉ា​ លី​ សុវណ្ណ​ ជា​ប្រធាន​គម្រោង​ និង​អ្នកគ្រប់គ្រង​ផ្ទាល់​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ទាំងមូល​របស់​ក្រុមហ៊ុន​។

គំរោង​បុរី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយធ្វើ​ការ​សុំច្បាប់​អនុញ្ញាត​សាងសង់​ពី​ក្រសួង​រៀបចំ​ដែនដី​ និង​ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រ​សួង​សេ​ដ្ធ​កិច្ច​និង​ហិរញ្ញវត្ថុ​ស្របច្បាប់​។

លោក​ខៀវ​ ឡង់​ឌី​ ជា​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​នៃ​បុរី​លី​ សុវណ្ណ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១២​ កក្ត​ដា​នេះ​ថា​ ដោយ​ផ្តោត​លើ​គុណភាព​ សោភ័ណភាព​ និង​គិត​ពី​ផាសុកភាព​ដល់​អ្នក​រស់នៅ​ គម្រោង​បុរី​ទាំងអស់​ត្រូវ​បាន​សិក្សា​ឡើង​យ៉ាង​លំអិត​ ​និង​រចនា​ប្លង់​ដោយ​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ​ប្រកបដោយ​ជំនាញ​ និង​វិជ្ជាជីវៈ​ច្បាស់លាស់​។ ​លោក​បន្ត​ថា​ គ្រប់​ប្រភេទ​ផ្ទះ​នី​មួយ​ៗ ត្រូវ​បាន​សាងសង់​ឡើង​ប្រកបដោយ​ស្តង់ដារ​ និង​អនុលោម​ទៅតាម​បទដ្ឋាន​សំណង់​និង​ស្ថាបត្យកម្ម​ត្រឹមត្រូវ​ និង​មានគុណ​ភាព​ខ្ពស់​ជាមួយនឹង​ប្រព័ន្ធ​អគ្គីស​នី​ទឹក​ស្អាត​ លូ​ សួនច្បារ​ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។

ក្រុមហ៊ុន​បាន​សាងសង់​ផ្ទះ​ជាច្រើន​ប្រភេទ​ដែល​រួមមាន​ ផ្ទះល្វែង​បែប​អាជីវកម្ម​ ផ្ទះ​វីឡា​កូនកាត់​ ផ្ទះ​វីឡា​ភ្លោះ​ និង​ អាគារ​ខុន​ដូ​កម្ពស់១៥ជាន់​ដែល​ក្នុង​នោះ​មាន​អា​ផា​តម៉ិន​ និង​ការិយាល័យ​សម្រាប់​ជួល​ រួម​ជាមួយ​កន្លែង​ហាត់ប្រាណ​ និង​ ម៉ាត​លក់​ទំ​នេញ​ផ្សេង​ៗជាច្រើន​។

ក្រោម​ការគ្រប់គ្រង​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ ជាមួយនឹង​សោភ័ណភាព​គុណភាព​ខ្ពស់​នៃ​សំណង់​ តម្លៃ​សមរម្យ​ ​ទីតាំង​ គម្រោង​ល្អ​ និង​សេវាកម្ម​ល្អ​ប្រកបដោយ​ទំនុកចិត្ត​ បរិយាកាស​ប្រកបដោយ​សុវត្ថិភាព​ ​និង​ផាសុកភាព​ខ្ពស់​បុរី​លី​សុវណ្ណ​ ​បាន​ទទួលការ​គាំទ្រ​ និង​សេចក្ដី​ពេញចិត្ត​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​ និង​ភាគី​ពាក់​ព័ន្ឋដែល​ជា​កត្តា​ជំរុញ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ទៅជា​ក្រុមហ៊ុន​ទីមួយ​ដែល​ផ្ដល់​នូវ​សំណង់​លំនៅឋាន​ប្រកបដោយ​ស្តង់ដារ​ត្រឹមត្រូវ​ ​និង​បាន​ក្លាយជា​បុរី​គំរូ​មួយ​នៅ​ប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​លី​ សុវណ្ណ​ ម៉ិញ​ សុធា​ ឌី​វេ​ឡុប​ម៉ិន​ ឯ.ក មានបទពិសោធន៍​ខ្ពស់​លើ​ការសាងសង់​និង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កន្លងមក​។

ដើម្បី​ផ្តល់​នូវ​ជម្រើស​កាន់តែ​ល្អ​ប្រសើរ​ដល់​អតិថិជន​ បុរី​លី​សុវណ្ណ​បាន​បើក​លក់​គំរោង​ដំបូង​ត្រឹម១៤៤ល្វែង​ជា​ប្រភេទ​ផ្ទះ​ Shop​ house​ ស្ថិត​ក្នុង​គំរោង​ទាំងមូល​ជិត២០០០ល្វែង​។ អ្វី​ដែល​កាន់តែ​ពិសេស​ អតិថិជន​អាចម​កទស្សនា​ផ្ទះ​គំរូ​ពិត​ និង​ព័ត៌មាន​លំអិត​ដើម្បី​ទទួល​បានការ​បញ្ចុះតម្លៃ​ និង​ប្រូ​ម៉ូ​សិន​ជាច្រើន​ ដូចជា​ ទី១​ ធ្វើការ​កក់​ប្រាក់​ឥឡូវនេះ​ និង​ទទួល​បានការ​បញ្ចុះតម្លៃ​រហូតដល់១០​% ទី២​ កាត់ឈ្មោះ​ផ្ទេរ​កម្ម​សិទ្ធ​ប្លង់​រឹង​ជូន​អតិថិជន​ ទី៣​ មាន​បំពាក់​ជូន​នូវ​សំយាបផ្ទះ​ខាងមុខ​ ទី៤​ បំពាក់​ជូន​ទូ​តាំង​ទូរទស្សន៍​ ទូ​ចង្គ្រាន្ត​បាយ​លើ​ក្រោម​ រួម​ជាមួយ​បំពង់បឺត​ផ្សែង​ដោយ​ឥតគិតថ្លៃ​។

ជាមួយនឹង​ស្ថាបត្យករ​ជំនាញ​ និង​គិត​ពី​ភាព​កក់ក្តៅ​ និង​ផាសុកភាព​ដល់​អ្នក​រស់នៅ​ បុរី​ លី​ សុវណ្ណ​ បាន​ផ្តោត​លើ​ទំហំ​ផ្ទះ​ 4,2​ x 16​m ​; មាន​បន្ទប់គេង៤​, បន្ទប់ទឹក៥​។ សល់​ដី​ខាងមុខ​ផ្ទះ 5​m និង​ ខាងក្រោយ​ផ្ទះ​1.5m​។ ក្នុង​គំរោង​គឺ​មានផ្លូវ​ធំ​ខ្វាត់ខ្វែង​ឆ្លងកាត់​ រួម​ជាមួយនឹង​ សួនច្បារ​ធំ​ទូលាយ​សំរាប់​លំហែកាយ​ដើម្បី​សុខភាព​ និង​បង្កើន​នូវ​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​រស់នៅ​ក្នុង​បុរី​ផង​ដែរ​។

ជុំវិញ​គំរោង​យើងខ្ញុំ​រួមមាន​ ផ្សារ​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ សួន​ទឹ​កហ្គា​ដិន​ ស៊ី​ធី​វ៉​ធើ​ផាក​ សួនសត្វ​សា​ហ្វា​រី​ កន្លែង​វា​យកូនហ្គោល​ និង​ពហុកីឡាដ្ឋាន​ជាតិ​តេជោ​មរកត​ អ្វី​ដែល​ពិសេស​គឺ​កៀក​នឹង​ផ្សារ​បន្លែ​ថ្មី​ដែល​ជា​ការ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​លើ​ផ្ទៃដី​ជាង ២០ហិច​តា​។

លោក​ខៀវ​ ឡង់​ឌី​បាន​បន្ត​អោយ​ដឹង​ថា​ យើង​ធ្វើ​យ៉ាងណា​ផ្តល់​នូវ​គេហដ្ឋាន​ ដែល​មាន​សោភ័ណភាព​ គុណភាព​ខ្ពស់​នៃ​សំណង់​ តម្លៃ​សមរម្យ​ ជ្រើសរើស​ទីតាំង​គំរោង​ល្អ​ ដើម្បី​ស័ក្តិសម​បំផុត​សំរាប់​លោក​ លោកស្រី​ អ្នកនាង​កញ្ញា​។ ដើម្បី​ទទួល​បាន​នូវ​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​តាមរយៈ​លេខទូរស័ព្ទ​: 085​ 888​ 323​, 096​ 5888​ 323​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ និង​កំនើ​នប្រ​ជា​សាស្រ្ត​ បាន​និង​កំពុង​ជំរុញ​ការ​រីកចម្រើន​នៅ​តំបន់​ជាយក្រុង​ ដែល​ផ្តល់​ឱកាសល្អ​ ដល់​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ចាប់​យក​ឱកាស​នេះ​ ដើម្បី​ពង្រីក​សក្តា​នុ​ពល​ក្រុមហ៊ុន​របស់​ខ្លួន​។

លោក​បន្ត​ថា​ “ជាមួយ​ការ​រីកចម្រើន​នៃ​ភាគ​ខាងលិច​ ឆៀងខាងជើង​ក្រុងភ្នំពេញ​នេះ​ បាន​ធ្វើឲ្យ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ផ្សារ​ សាលារៀន​ ហាង​កា​ហ្វេ​ល្បី​ៗចាប់ផ្តើម​ពង្រីក​ខ្លួន​ទៅ​កាន់​តំបន់់​នេះ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​”។ លោក​បន្ត​ថា​ “ការ​វិនិយោគ​បុរី​នៅ​តំបន់​នេះ​ ជា​ការ​វិនិយោគ​ដ៏​ល្អ​ប្រសើរ​ខណៈ​តម្រូវការ​លំនៅ​ដ្ឋាន​នៅតែ​បន្ត​កើនឡើង​ ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​”៕

តើ​អ្វី​ជា​ធាតុផ្សំ​ទាំង៤​ ដែល​ជាស​សរ​ស្តម្ភ​ក្នុង​ការបង្កើត​អាជីវកម្ម​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ មិនថា​ទោះជា​ការ​ធ្វើអាជីវកម្ម​ ឬប្រកប​មុខ​ជំនួញ​អ្វីក៏ដោយ​ ដាច់ខាត​មិន​ត្រូវ​ចាប់ផ្តើម​ទៅតាម​ការ​នឹកឃើញ​ ឬចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ដោយ​គ្មាន​មូលដ្ឋាន​ និង​គម្រោងការ​ច្បាស់លាស់​នោះ​ទេ​។

​;ជា​ទ្រឹស្ដី​របស់​អ្នក​ជោគជ័យ​នៅក្នុង​ការ​ធ្វើអាជីវកម្ម​ រហូត​បាន​ពង្រីក​វិសាលភាព​ក្រុមហ៊ុន​ និង​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ផ្សេង​ជាច្រើន​ប្រភេទ​ បាន​លើកឡើង​ថា​ គ្រប់ការ​ធ្វើអាជីវកម្ម​ទាំងអស់​ គឺ​មិន​ត្រូវ​មើល​រំលង​នូវ​ចំណុច​សំ​ខាន់​ៗទាំង៤​ ដូច​ខាងក្រោម​ជាដាច់ខាត​។

ជា​ជំនួយ​ដល់​បណ្តា​អ្នក​ដែល​ប្រាថ្នា​បង្កើត​អាជីវកម្ម​ ហើយ​ទទួល​បាន​ជោគជ័យ​នៅ​លើ​វិថី​របស់​ខ្លួន​ គួរតែ​សិក្សា​ពី​ចំណុច​ទាំង៤​ ដែលគេ​មិន​អាច​ខ្វះ​បាន​ រួមមាន​ ទី១​ ថវិកា​, ទី២​ ពេលវេលា​, ទី៣​ ជំនាញ​, ទី៤​ ការសម្រេច​ចិត្ត​ប្រកបដោយ​ភាព​ត្រឹមត្រូវ​។

ទី១​ ថវិកា​ តាមធម្មតា​ការ​ធ្វើអាជីវកម្ម​អាច​ទទួល​បាន​ជោគជ័យ​ និង​ទទួល​បាន​ហានិភ័យ​ទន្ទឹមគ្នា​ផង​ដែរ​ ដូច្នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អាជីវកម្ម​ អាច​ដំណើរ​ទៅមុខ​បាន​ដោយ​រលូន​ លុះត្រាតែ​អ្នកជំនួញ​មាន​ថវិកា​គ្រប់គ្រាន់​ សម្រាប់​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ និង​មាន​ថវិកាបម្រុង​មួយចំនួន​ នៅពេល​ដែល​ក្រុមហ៊ុន​មាន​តម្រូវការ​ចាំបាច់​ ឬបន្ទាន់​ណាមួយ​ ដែល​ថវិកា​ទាំងអស់​នោះ​អាច​មាន​ប្រភព​ពី​គ្រួសារ​ផ្ទាល់​ ឬមាន​ប្រភព​ពី​បងប្អូន​ ដៃគូ​សហការ​ ​; ឬអាច​ជា​ប្រាក់កម្ចី​ក្នុងអំឡុងពេល​ចាំបាច់​ណាមួយ​ពី​ធនាគារ​ក៏បាន​”។

ទី២​ ពេលវេលា​ ក្រៅពី​ថវិកា​ អ្នកជំនួញ​ក៏​ត្រូវ​ចេះ​មើល​ឱកាស​ និង​ពេលវេលា​សាក​សម​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។ ថ្វីត្បិត​ថា​អាជីវកម្ម​ប្រភេទ​ខ្លះ​ មាន​ច្រើន​នៅ​លើ​ទី​ផ្សា​រួចហើយ​ ប៉ុន្តែ​យើង​នៅតែ​អាច​មើលឃើញ​ឱកាស​ ដើម្បី​ជំរុញ​ផលិតផល​របស់​ខ្លួន​ ចូល​ទៅ​ក្នុង​ទីផ្សារ​បាន​ តែ​ធ្វើ​យ៉ាង​ត្រូវ​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​ និង​គុណភាព​ ធ្វើ​យ៉ាងណា​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ជានិច្ច​និរន្ត​ន៍​។ អ្នកជំនួញ​វ័យ​ឆ្លាត​មិន​គិតតែ​យកពេល​វេលា​ ទៅ​ប្រជែង​ជាមួយ​គេ​ពេក​ទេ​ តែ​ត្រូវ​ទុក​ឱកាស​ស្វែង​រក​យុទ្ឋ​សា​ស្រ្តល្អ​ៗ ដើម្បី​ពង្រឹង​ផលិតផល​ឬអាជីវកម្ម​របស់​ខ្លួន​។

ទី៣​ ជំនាញ​ ចង់​ធ្វើអាជីវកម្ម​អ្វីមួយ​ត្រូវ​ប្រាកដ​ថា​ ខ្លួនឯង​មាន​ជំនាញ​ច្បាស់លាស់​ ទើប​អាជីវកម្ម​ដំណើរ​ទៅមុខ​ដោយ​រលូន​ បើ​គ្មាន​ជំនាញ​រវល់​តែ​រឿង​ស្វែងរក​ឱ្យ​គេ​ជួយ​ ត្រូវ​គឺ​ត្រូវ​ចំណាយពេល​វេលា​ និង​ថវិកា​អស់​មួយចំនួន​បាត់​ទៅ​ហើយ​។ ក្រៅពី​នេះ​អ្នកជំនួញ​ ត្រូវ​រក​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​ឱ្យ​បាន​ សម្រាប់​ជួយការ​ងារ​របស់​ខ្លួន​ ពេល​មាន​អ្នកជំនាញ​ម្នាក់​ធ្វើការ​ស្មើ​អ្នក​អត់​ជំនាញ១០នា​ក់​ក៍​ថា​បាន​។

លើស​ពីនេះ​ត្រូវ​ដាក់​មនុស្ស​ទៅតាម​ជំនាញ​ និង​ចំណង់​ចំណូល​របស់​ពួកគេ​ផង​ ទើប​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ ដំណើរការ​ទៅមុខ​បាន​លឿន​។ ពិសេស​ត្រូវ​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ អ្នកជំនាញ​ផ្នែក​ទីផ្សារ​ទើប​អាច​លក់​ផលិតផល​បាន​ច្រើន​ក្នុងអំឡុងពេល​ខ្លី​។

ទី៤ការសម្រេច​ចិត្ត​ មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​ ត្រូវ​មានការ​សម្រេចចិត្ត​ច្បាស់លាស់​ ពិសេស​ស្វែងរក​មិត្ត​ភក្រ្ត​ឬអ្នកជំនាញ​ ធ្វើការ​ប្រឹក្សា​យោបល់​ លើ​មុ​ខជំ​នូ​ញរ​បស់​យើង​ ដើម្បី​ប្រាកដ​ថា​អាជីវកម្ម​ដែល​យើង​ចង់​រកស៊ី​ អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​ ឬយ៉ាងណា​។ នៅពេល​ដែល​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់​ហើយ​ យើង​ត្រូវ​ពិនិត្យ​ពេលវេលា​បន្ថែម​ទៀត​ បើ​គិតថា​ពេលវេលា​មកដល់​ហើយ​ ឱកាស​បាន​ហុច​មក​ឱ្យ​ហើយ​គួរ​ចាប់​ឱ្យ​ជាប់​ ដើម្បី​យក​ឱកាស​មក​ធ្វើជា​ប្រយោជន៍​ឱ្យ​បាន​៕

គោលដៅ​ទេស​ណ៍​ធម្ម​ជា​តិ​ធំៗ​ចំនួន​ពីរ​ទៀត​ ភ្នំ​គូលែន​ បឹងទន្លេសាប​ត្រូវ​បាន​រៀបចំ​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ទេសចរណ៍​

0

ដោយ​ នៅ​ វឌ្ឍនា​

សៀមរាប​៖ ក្នុង​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ខេត្តសៀមរាប​ កាន់តែ​ច្រើន​ និង​ស្នាក់នៅ​កាន់តែ​យូរ​រដ្ឋាភិបាល​បាន​ជ្រើសរើស​តំបន់​ភ្នំ​គូលែន​ និង​ទន្លេសាប​ជាគោល​ដៅ​ទេសចរណ៍​ថ្មី​របស់​ខ្លួន​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោង​ ខុន​ បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ទាក់ទង​នឹង​ការសិក្សា​ រៀបចំ​ផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ខេត្តសៀមរាប​ តំបន់​ជុំវិញ​អង្គរ​ ភ្នំ​គូលែន​ បឹងទន្លេសាប​ និង​តំបន់​ដែល​មាន​សក្ដានុពល​នៅ​ជុំវិញ​នោះ​ ត្រូវតែ​អភិវឌ្ឍន៍​ទៅជា​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ខេត្តសៀមរាប​បន្ថែម​ ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​ក៏​ត្រូវ​គិតគូរ​ដល់​ការ​អភិរក្ស​ និរន្តរភាព​ និង​ការទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​។

លោក​ថោង​ ខុន​លើកឡើង​ថា​ សៀមរាប​-អង្គរ​ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ដោយ​បាន​ធ្វើ​ឱ្យ​កំណើន​ទេសចរ​កាន់តែ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ តួយ៉ាង​នៅ​ឆ្នាំ២០១៨កន្លងទៅ​ មាន​ភ្ញៀវ​ទេសចរ​ប្រមាណ៥លាន​នាក់​ បាន​ទៅ​ទស្សនា​តំបន់​សៀមរាប​-អង្គរ​ទាំងមូល​ ក្នុងចំណោម​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ២លាន៥០ម៉ឺន​នាក់​ផង​ដែរ​។

ប៉ុន្តែ​កំណើន​នេះ​អាច​នឹង​ថមថយ​ទៅវិញ​ ប្រសិនបើ​កម្ពុជា​មិនព្រម​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ សម្រាប់​ជា​កត្តា​ទាក់ទាញ​បន្ថែម​ ពីព្រោះ​ភ្ញៀវ​ទេសចរ​មួយចំនួន​មិន​ប្រាកដ​ថា​ មក​មើលតែ​ប្រាសាទ​អង្គរ​ និង​ប្រាសាទ​ដទៃទៀត​ ដែល​ស្ថិតនៅ​ក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​នោះ​ឡើយ​ ពោល​គឺ​ពួកគេ​ប្រាកដជា​ត្រូវការ​ដើរកម្សាន្ត​ នៅកន្លែង​ផ្សេងទៀត​ ដែល​នៅ​មិន​ឆ្ងាយ​ពី​តំបន់​អង្គរ​។

ដោយ​មើលឃើញ​ពី​និន្នាការ​របស់​ភ្ញៀវ​ទេសចរ​យ៉ាង​ដូច្នេះហើយ​ បាន​ជា​ក្រសួងទេសចរណ៍​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ និង​ពង្រីក​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗសម្រាប់​ទឹកដី​ដ៏​ប្រសិទ្ធ​មួយ​នេះ​ ក្នុង​នោះ​លោក​បាន​សម្លឹងឃើញ​សក្ដានុពល​ដែល​មាននៅ​ឧទ្យានជាតិ​ភ្នំ​គូលែន​ (មហិន្ទ្រ​បព៌ត​) តំបន់​បឹងទន្លេសាប​ និង​តំបន់​ជុំវិញ​អង្គរ​។

នៅក្នុង​ការសិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ លោក​រដ្ឋមន្ត្រី​ ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ជំនាញ​ចុះ​សិក្សា​ ពី​ការរៀបចំ​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗ នៅ​តាម​ទីតាំង​ខាងលើ​ផង​ដែរ​។

ពាក់ព័ន្ធ​ការ​ចុះ​សិក្សា​នៅ​តំបន់​ទាំងនោះ​ លោ​កណេប​ សា​មុត​ អគ្គនាយក​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ នៃ​ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ ក្រុម​ជំនាញការ​របស់​គណៈកម្មការ​អន្តរក្រសួង​ បាន​ចុះទៅ​ដល់​តំបន់​ទាំងនោះ​ហើយ​ ពិសេស​គឺ​ភ្នំ​គូលែន​ និង​ទន្លេសាប​ ដោយ​បាន​សាកសួរ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ និង​ទទួល​បាន​ព័ត៌មាន​មួយចំនួន​។

បើ​តាម​ការអង្កេត​របស់​ក្រុម​ជំនាញការ​ ក្រៅពី​ទស្សនា​កម្សាន្ត​នៅ​តំបន់​អង្គរ​ ភ្ញៀវ​ទេសចរ​ ក៏​និយម​ចូលចិត្ត​ទៅ​ទស្សនា​តំបន់​ឧទ្យានជាតិ​ភ្នំ​គូលែន​ និង​តំបន់​បឹងទន្លេសាប​ផង​ដែរ​ ដូច្នេះ​បានន័យ​ថា​ តំបន់​ជុំវិញ​ទាំងនោះ​ពិតជា​មាន​សក្ដានុពល​ខ្លាំង​ណាស់​ ទាំង​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​។

លោក​បន្ត​ថា​ ក្រៅពី​សក្ដានុពល​ទេសចរណ៍​វប្បធម៌​ និង​ប្រវត្តិសាស្ត្រ​ ឧទ្យានជាតិ​ភ្នំ​គូលែន​ និង​តំបន់​បឹងទន្លេសាប​ ក៏អាច​រៀបចំ​អភិវឌ្ឍន៍​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ និង​កសិ​ទេសចរណ៍​ ប្រកបដោយ​ភាព​ទាក់ទាញ​បន្ថែម​ទៀតផង​ដែរ​។

ការសិក្សា​រៀបចំ​លើ​ផែនការមេ​នេះ​ នឹង​ត្រូវ​បញ្ចប់​ជា​ដំ​ណា​ក់​កាល​ៗ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​អំលុង​ដើមឆ្នាំ២០២០​។ ផែនការមេ​នេះ​នឹង​ត្រូវ​គេ​យក​មក​អនុវត្ត​ចាប់ពី​ឆ្នាំ២០២០​-២០៣៥​។

ជាមួយគ្នា​នេះ​ទិ​ត ចន្ថា​ រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងទេសចរណ៍​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​កម្ពុជា​ បានសម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​ សម្រាប់​អនុវត្ត​លើ​ការងារ​នានា​ មិនមែន​តែ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ​ គឺ​មាន​វិស័យ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

លោក​បន្ថែម​ថា​ ការ​អភិវឌ្ឍ​ឱ្យ​មាន​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗយ៉ាងណា​ខ្លះ​នោះ​ គឺ​ត្រូវ​គិតគូរ​ដល់​បញ្ហា​ «ស្អាត​ និង​បៃតង​» ធ្វើ​យ៉ាងណា​ត្រូវ​ធានា​ឱ្យ​បាន​ថា​ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​សៀមរាប​-អង្គរ​ហើយ​ ត្រលប់​ទៅវិញ​នឹង​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​ល្អ​ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

ការរៀបចំ​ផែនការមេ​នេះ​ គឺ​ដើម្បី​ចូលរួម​សម្រេច​តាម​ចក្ខុវិស័យ​របស់​កម្ពុជា​ ដែល​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ១០លាន​នាក់​ នៅ​ឆ្នាំ២០២៥​ និង​ប្រមាណ​ ១៥លាន​នាក់​ នៅ​ឆ្នាំ២០៣០​៕

អាមេរិក​ពិន័យ​ក្រុមហ៊ុន​ Facebook​ ៥ពាន់​លាន​ដុល្លារ​ ពី​បទ​រំលោភ​ឯកជន​ភាព​

0

ដោយ ​វុត្ថា

អាមេរិក​៖ គណៈកម្មាធិការ​ពាណិជ្ជកម្ម​សហព័ន្ធ​អាមេរិក​ (FTC​) បាន​អនុម័ត​ លើ​ការ​ដាក់​ពិន័យ​ឱ្យ​ក្រុមហ៊ុន​ Facebook​ បង់​ចំនួន​ ៥ពាន់​លាន​ដុល្លារ​អាមេរិក​ ចំពោះ​ករណី​ដែល​ខ្លួន​រក​ឃើញ​ពី​បទ​រំលោភបំពាន​សិទ្ធិ​ឯកជន​។

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​សិន​ហួរ​ ចុះផ្សាយ​នៅ​ថ្ងៃទី​ ១៣​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​វា​នៅតែ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ ចំពោះ​ការ​រឹត​បន្តឹង​លើ​ហ្វេ​សប៊ុ​កលើ​ការ​រក្សា​ភាព​ឯកជន​របស់​អ្នកប្រើ​ប្រាស់​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ​។

សារព័ត៌មាន​នេះ​ចុះផ្សាយ​បន្ត​ថា​ FTC​ និង​ Facebook​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ​ ប៉ុន្តែ​ក្រុមហ៊ុន​ Facebook​ បានឱ្យ​ដឹង​កាលពី​ខែមេសា​កន្លង​កម​កថា​ខ្លួន​នឹង​បង់ប្រាក់​ ៥ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​ការស៊ើបអង្កេត​នេះ​។

FTC​ បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​ករណីនេះ​ បន្ទាប់ពី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ពី​គ្រោះ​យោបល់​អង់គ្លេស​មួយ​ឈ្មោះថា​ Cambridge​ Analytica​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ចូល​ប្រើប្រាស់​ Facebook​ របស់​អ្នកប្រើ​ប្រាស់​ចំនួន​ជាង​ ៨៧លាន​នាក់​ដោយ​មិនបាន​ដឹងមុន​។

FTC​ បាន​ស៊ើបអង្កេត​ថា​តើ​ការចែក​រំលែក​ទិន្នន័យ​របស់​ក្រុមហ៊ុន​ Facebook​ ជាមួយ​ក្រុមហ៊ុន​អង់គ្លេស​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ឆ្នាំ​ ២០១១​ ដែល​បាន​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ Facebook​ និង​និយ័ត​ករ​របស់​សហរដ្ឋអាមេរិក​។

ការ​ផាកពិន័យ​ដើម្បី​បញ្ចប់​ចំពោះ​ករណីនេះ​ វា​មិនធំ​ដុំ​ទេ​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Facebook​ ជូន​ដល់​ FTC​ នោះ​ទេ​ ព្រោះ​ក្រុមហ៊ុន​នេះ​ រកចំណូល​បាន​ជិត​ ៥៦ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០១៨​ កន្លងទៅ​នេះ​។

យោង​តាម​របាយការណ៍​ក្រុមហ៊ុន​ Facebook​ ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​នេះ​ បានឱ្យ​ដឹង​ថា​ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ Facebook​ មាន​ចំនួន​ ១,៨១ភាគរយ​៕

ក្រុមហ៊ុន​លី​ យ៉ុងផាត់​ និង​ Bangkok​ Airway​ នឹង​សាង​សង់​ព្រលា​នយន្តហោះ​កោះកុង​ឡើងវិញ​នៅ​ឆ្នាំ​ ២០២០ខាងមុខ​

0

ដោយ​ ចេស្តា

​ភ្នំពេញ​៖ ​ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​គ្រុប​ របស់​លោ​កឧក​ញ្ញ៉ា​ លី​ យ៉ុង​ផាត់​ ស្តេច​ជំនួញ​ខេត្តកោះកុង​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ Bangkok​ Airway​ បោះទុន​ប្រមាណ​ ៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នឹង​សាងសង់​ឡើងវិញ​នូវ​អតី​តព្រលា​នយន្តហោះ​កោះកុង​ ស្ថិតនៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។

លោក​ ស៊ិន​ ចាន់​សេ​រី​វុត្ថា​ អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ម្សិលមិញ​នេះ​ថា​ គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខេត្តកោះកុង​ឡើងវិញ​ ដែល​វិនិយោគ​រួមគ្នា​នេះ​ រំពឹង​ថា​ នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​។

លោក​ថា​ សម្រាប់​គម្រោង​សាងសង់​ ព្រលា​នយន្តហោះ​កោះកុង​ ក្នុង​ក្រុង​ខេមរភូមិន្ទ​ឡើងវិញ​នេះ​ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ សិក្សា​ពី​ផល​ប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន​ សង្គម​ និង​បច្ចេកទេស​ ហើយ​គោលបំណង​របស់​ក្រុមហ៊ុន​វិនិយោគ​ គឺ​ពួកគាត់​ចង់​ទាក់ទាញ​ការ​វិនិយោគ​ នៅ​ខេត្តកោះកុង​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើង​ ដែល​ផ្ទុយពី​អតីតកាល​ដែល​ជា​ខេត្ត​គេ​បំភ្លេច​ចោល​ និង​សម្រាប់​ដាក់​អ្នកទោស​។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា​ ព្រលា​នយន្តហោះ​កោះកុង​ អាច​នឹង​ចំណាយពេល​វេលា​ ក្នុង​ការសាងសង់​ឡើងវិញ​ពី​ចន្លោះ៣​ ទៅ៥ឆ្នាំ​ ដោយសារ​តែ​ព្រលា​នយន្តហោះ​នេះ​ នៅ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សេសសល់​ខ្លះ​។

លោក​ ធួន​ សី​ណា​ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​ (PATA​) បានឱ្យ​ដឹង​ថា​ ផែនការ​សាងសង់​ឡើងវិញ​នូវ​ព្រលា​ន្ត​ហោះ​ខេត្តកោះកុង​នេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok​ Airway​ ទទួល​បានការ​អនុញ្ញាត​សាងសង់​ពី​រដ្ឋា​ភិា​បាល​តាំងពី​ឆ្នាំមុន​កន្លងទៅ​នេះ​ តែ​គ្មាន​ឃើញ​សកម្មភាព​សាងសង់​ឡើយ​។

លោក​បន្ថែម​ថា​ ហើយ​អ្វី​ដែល​ក្រុមហ៊ុន​នេះ​ ចាប់ផ្តើម​សាងសង់​ឡើងវិញ​ គឺជា​ចំណុច​ល្អ​ប្រសើរ​ខ្លាំង​ណាស់​ ព្រោះ​ខេត្តកោះកុង​មាន​តំបន់​ទេសចរណ៍​ច្រើន​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ឱ្យមក​លេងកម្សាន្ត​ ជំនួស​ដោយ​ការ​ទៅលេង​កម្សាន្ត​ក្រុង​កំពង់សោម​ ព្រោះ​ទៅខាងមុខ​ក្រុង​កំពង់សោម​មិនមែន​ជា​ក្រុង​ទេសចរណ៍​ទៀត​ទេ​ វា​នឹង​ក្លាយទៅជា​ក្រុង​ពាណិជ្ជកម្ម​ ។

លោក​បន្ត​ថា​ ម្យ៉ាងវិញទៀត​ ខេត្តកំពត​ និង​កែប​មិន​អាច​ទទួលភ្ញៀវ​ទេសចរណ៍​បាន​ច្រើន​នោះ​ទេ​ ​ពួកគេ​នឹង​បែ​ទៅលេង​កម្សាន្ត​នៅក្នុង​ខេត្តកោះកុង​ វិញ​ តែ​អ្វី​ដែល​សំខាន់​ខេត្តកោះកុង​មិនទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ ​ធនធានមនុស្ស​ និង​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ច្រើន​នោះ​ទេ​ ដែល​តម្រូវ​ឱ្យ​មានការ​សាងសង់​ឱ្យ​បាន​ច្រើន​ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅ​ការ​កើនឡើង​នៃ​ភ្ញៀវ​ទេសចរណ៍​នា​ពេល​ខាងមុខ​។

រដ្ឋាភិបាល​កម្ពុជា​ មាន​គម្រោង​សាងសង់​ និង​កែលំអ​អាកាសយាន​យន្ត​ ចំនួន៦ទីតាំង​ទៀត​ គឺ​មាននៅ​រាជធានី​ភ្នំពេញ​ ខេត្តកោះកុង​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ និង​តំបន់ភូមិភាគ​ឦសាន​៕

អភិបាលខេត្ត​បាត់ដំបង​ឱ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​សំណង់ ៣ប្រភេទ​ ដែល​មាន​ហានិភ័យ​

0

ដោយ​ វុត្ថា​

បាត់​ដំ​បង​៖ អភិបាលខេត្ត​បាត់ដំបង​ បាន​អំពាវនាវ​ដល់​មន្ត្រី​មន្ទីរ​ជំនាញ​ អាជ្ញាធរ​ក្រុង​ស្រុក​បន្ត​ យកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​លើ​សំណង់​ទាំង៣ប្រភេទ​ ជាពិសេស​សំណង់​ ដែល​ មាន​ហានិភ័យ​ ( សំ​ណង់​ខ្ពស់​ៗ ) ប្រសិន​គ្មាន​ប្រវត្តិ​ច្បាស់លាស់​ ការសាងសង់​ពុំ​បាន​គោរព​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ពុំ​មានគុណ​ភាព​ ត្រូវ​បំពេញ​ឯកសារ​បិទ​ មិន​ឱ្យ​បន្ត​ការសាងសង់​តទៅទៀត​។

លោក​ ងួន​ រតនៈ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​នៅក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ កាលពី​ថ្ងៃទី​ ១២​ ខែកក្កដា​ម្សិលមិញ​នេះ​ បាន​សំណូមពរ​ដល់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ និង​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ពិនិត្យ​ លើ​បណ្តា​ស្ថានីយ៍​ប្រេងឥន្ធនៈ​ ហ្គា​សមួយ​ ចំនួន​ពុំ​ទាន់បាន​ បំពេញ​ឯកសារ​ធ្វើអាជីវកម្ម​ សូម​ឱ្យ​បងប្អូន​អាជីវករ​មក​បំពេញបែបបទ​ធ្វើអាជីវកម្ម​ ហើយ​ត្រួតពិនិត្យ​ទីតាំង​ លក្ខណៈ​ បច្ចេកទេស​ ឱ្យ​បាន​ម៉ត់ចត់​ ចៀសវាង​កើតមាន​ហា​និ​ភ័យ​ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់អាយុ​ជីវិត​ និង​ទ្រព្យសម្បតិ្ត​ របស់​ប្រជាពលរដ្ឋ​។

លោក​អភិបាលខេត្ត​ស្នើ​ឱ្យ​មាន​វិធានការ​បែបនេះ​ បន្ទាប់​ ពី​មាន​គោលការណ៍​សម្រេច​លើ​វិធានការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ សំដៅ​ទប់ស្កាត់​ការដ្ឋាន​សំណង់​ខុសច្បាប់​ ដើម្បី​ធានា​អាយុជីវិត​មនុស្ស​ ទ្រព្យសម្បត្តិ​ សុវត្ថិភាព​សំណង់​នៅក្នុង​ដែនដី​រដ្ឋបាល​ខេត្ត​គ្រប់គ្រង​ ឱ្យ​មាន​សណ្តាប់​ធ្នាប់​ត្រឹមត្រូវ​ ។

ជាមួយគ្នា​នេះ​ លោក​ អភិបាលខេត្ត​ បាន​ថ្លែងអំណរគុណ​អំណរគុណ​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​រដ្ឋបាល​ក្រុង​ស្រុក​និង​អង្គភាព​ជំនាញ​ ព្រមទាំង​សមត្ថកិច្ច​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ រក្សា​បាន​សភាពការណ៍​ សន្តិសុខ​ សភាពការណ៍​ ព្រំដែន​ និង​ទប់ស្កាត់​បទ​ល្មើស​ផ្សេង​ៗ និង​កិច្ចប្រតិបត្តិ​ការ​ បង្រ្កាប​ ដោយ​ធានា​រក្សា​បាន​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ល្អ​ប្រសើរ​ ។

លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារ​ដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ​កាល​ពី​កន្លែងៅ​ថ្មី​ៗនេះ​ បាន​បញ្ជា​ឱ្យ​អជ្ញា​ធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ ឬព្រះ​រា​ជ្ញា​បន្ទាន់​ ដើម្បី​ដោះស្រាយ​តា​ផ្លូវច្បាប់​ បន្ទាប់ពី​ពិនិត្យ​ឃើញ​ការដ្ឋាន​សំណង់​ណាមួយ​ដែល​សាង​សង​គ្មាន​ច្បាប់​អនុញ្ញាត​ ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ថា​ ”រាល់​សំណង់​ដែល​គ្មាន​ច្បាប់​ ចាប់ពី​ពេលនេះ​ទៅ​អាជ្ញាធរ​ត្រូវ​ដាក់​ ពាក្យ​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ដោះស្រាយ​តាមច្បាប់​។នៅចំពោះមុខ​នេះ​យើង​នឹង​បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ រាល់​សំណង់​ទាំងអស់​”៕

ដំ​ណេះ​ដឹង​! តើ​អ្នក​គួរ​ចុះឈ្មោះ​ក្រុមហ៊ុន​នៅពេល​ណា​ទើប​ប្រសើរ​?

0

ដោយ​ វុត្ថា​

ភ្នំពេញ៖​ នៅ​ប្រទេស​កម្ពុជា​ វិស័យ​អាជីវកម្ម​ឯកជន​មាន​លក្ខណៈ​ពិសេស​ខុសប្លែក​ពី​ប្រទេស​ដទៃ​ដោយសារ​ប្រទេស​នេះ​មាន​ប្រជាជន​ប្រកប​មុខរ​បរ​តូច​ៗជាច្រើន​ដូចជា​ ការ​លក់​ម្ហូបអាហារ​តាម​ដងផ្លូវ​ និង​ជួសជុល​កង់​ ម៉ូតូ​ជាដើម​។

តាមច្បាប់​រដ្ឋាភិបាល​មិន​តម្រូវឲ្យ​អាជីវ​កម្ម​តូច​ៗបែបនេះ​ ចុះឈ្មោះ​នោះ​ទេ​ ពីព្រោះ​រដ្ឋាភិបាល​យល់ថា​ប្រជាជន​ ឬម្ចាស់​អាជីវកម្ម​នឹង​មិន​មានលទ្ធភាព​ ក្នុង​ការ​បំពេញ​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​ចុះឈ្មោះ​ក្រុមហ៊ុន​បាន​ឡើយ​។

ឧទាហរណ៍​ ម្ចាស់​អាជីវកម្ម​ត្រូវ​មាន​ប្រព័ន្ធ​កត់ត្រា​គណនេយ្យ​ត្រឹមត្រូវ​ ដើម្បី​ធ្វើ​របាយការណ៍​ពី​ប្រាក់ចំណូល​ជូន​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។ ប៉ុន្តែ​អ្នក​ដែល​ប្រកប​មុខរ​បរ​តូច​ៗទាំងនោះ​គឺ​មិន​មាន​ប្រព័ន្ធ​បែបនេះ​ទេ​ ដោយសារ​ពួកគាត់​ខ្វះ​ចំណេះដឹង​ឬធន​ធាន​ក្នុង​ការបង្កើត​ប្រព័ន្ធ​នេះ​។ យ៉ាងណាមិញ​ អ្នក​អាច​ចុះឈ្មោះ​ក្រុមហ៊ុន​នៅពេល​ណា​ក៏បាន​ មិនថា​វា​ជា​អាជីវកម្ម​ខ្នាត​តូច​ឬធំ​ឡើយ​។

សហគ្រិន​ជាច្រើន​រង់ចាំ​រហូតដល់​អាជីវកម្ម​របស់​ពួកគេ​ មាន​ភាពរឹងមាំ​ឬរីកចម្រើន​ខ្លាំង​សិន​ ទើប​ពួកគេ​ធ្វើការ​ចុះឈ្មោះ​។ ផ្ទុយទៅវិញ​ តាម​គោលការណ៍​របប​ពន្ធ​ ពួកគេ​មិន​ចាប់​បាច់​រង់ចាំ​បែប​នោះ​ឡើយ​។ ប្រភេទ​អាជីវកម្ម​ខ្នាត​តូច​មិន​តម្រូវឲ្យ​បង់ពន្ធ​ឡើយ​ ប៉ុន្តែ​ម្ចាស់​អាជីវកម្ម​ត្រូវ​បង់ថ្លៃ​សេវា​សម្រាប់​ចុះឈ្មោះ​ក្រុមហ៊ុន​។

ប្រសិនបើ​អាជីវកម្ម​របស់​អ្នកមាន​ចំណូល​ប្រចាំឆ្នាំ​ តិច​ជាង​$62,500​ អ្នក​មិន​តម្រូវឲ្យ​បង់ពន្ធ​លើ​ប្រាក់ចំណេញ​ឡើយ​។ នេះ​ជា​ការ​លើកទឹកចិត្ត​យ៉ាង​ធំធេង​ ដើម្បី​ជំរុញ​ឲ្យ​ម្ចាស់​អាជីវកម្ម​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​ខ្លួន​ ពីព្រោះ​ពួកគេ​មិន​ត្រឹមតែ​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​ចុះឈ្មោះ​ប៉ុណ្ណោះទេ​ ថែមទាំង​ទទួល​បានការ​អនុគ្រោះ​លើ​កាតព្វកិច្ច​ពន្ធ​ផង​ដែរ​។ ដូច្នេះ​ ប្រសិនបើ​អ្នកមាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់​អ្នក​ យើង​សូម​លើកទឹកចិត្ត​ឲ្យ​អ្នកធ្វើការ​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ កាន់តែ​ឆាប់​តាមតែ​អ្នក​អាច​ធ្វើ​បាន​ ពីព្រោះ​អាជីវកម្ម​របស់​អ្នក​នឹង​រីកចម្រើន​ឆាប់រហ័ស​ ហើយ​អ្នក​ក៏អាច​មានឱកាស​ចូលក្នុង​ទី​ផ្សារ​ធំៗ​ផង​ដែរ​។

និ​តិ​វិធី​នៃ​ការ​ចុះឈ្មោះ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា​ ផ្តល់​ឱកាស​ដល់​អាជីវកម្ម​ច្រើន​ប្រភេទ​។ អ្នក​អាច​ចុះឈ្មោះ​ជា​ ក្រុមហ៊ុន​ទទួលខុសត្រូវ​មានកម្រិត​ ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ឬសហកម្មសិទ្ធិ​។ ប្រសិនបើ​អ្នក​ចុះឈ្មោះ​ក្រុមហ៊ុន​ ជា​ប្រភេទ​ក្រុមហ៊ុន​ឯក​កម្មសិទ្ធិ​ឬសហកម្មសិទ្ធិ​ កម្រៃ​សេវា​លើ​ការ​ចុះឈ្មោះ​និង​ការ​បង់ពន្ធ​នឹង​អស់​តិច​ជាង​។ សូម​កត់ចំណាំ​ផង​ដែរ​ ថ្មី​ៗនេះ​មានការ​លើកលែង​ពន្ធ​ (ពន្ធ​លើ​ប្រា​ក់​ចំ​នេញ​) ក្នុង​ឆ្នាំ​2០17​ និង​ 2០18​ ចំពោះ​ការ​ចុះឈ្មោះ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​។

ផ្ទុយទៅវិញ​ ប្រសិនបើ​អ្នកទទួល​បាន​ប្រាក់ចំណេញ​ដែល​អាច​ជាប់ពន្ធ​ ប៉ុន្តែ​អ្នក​មិនបាន​ចុះឈ្មោះ​ក្រុមហ៊ុន​ នោះ​អ្នក​នឹង​ជួប​ហានិភ័យ​ធំ​។ អ្នក​អាច​ត្រូវ​បាន​គេ​ស៊ើប​ដឹង​ និង​រាយការណ៍​ទៅកាន់​អាជ្ញាធរ​កម្ពុជា​គ្រប់ពេលវេលា​។ មនុស្ស​ដែល​រាយការណ៍​អាច​ជា​ អតិថិជន​របស់​អ្នក​ដែល​ខឹង​នឹង​អ្នក​ ឬអ្នកផ្គត់ផ្គង់​របស់​អ្នក​ ដែល​អ្នកមាន​បញ្ហា​ជាមួយ​ដោយសារ​មិនបាន​ទូទាត់​ថ្លៃ​ទំនិញ​ឬសេវាកម្ម​។ អ្នក​អាច​ប្រឈមមុខនឹង​ការ​ឡើង​តុលាការ​ ការ​បង់ថ្លៃ​សេវា​ការ​ផាកពិន័យ​ ឬអាច​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​របស់​អ្នកជា​ដើម​។ ដូច្នេះ​ ដើម្បី​ជៀសវាង​នូវ​បញ្ហា​ទាំងអស់​នេះ​ អ្នក​គួរតែ​ចុះឈ្មោះ​ក្រុមហ៊ុន​។

ជាចុងក្រោយ​ អ្នក​អាច​សម្រេចចិត្ត​ថា​តើ​ អ្នក​គួរ​ចុះឈ្មោះ​ឬមិន​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​ ដោយធ្វើ​ការពិចារណា​ឲ្យបាន​ល្អិតល្អន់​ទៅលើ​អត្ថ​ប្រយោជន៍​ និង​ផលវិបាក​នៃ​ហានិភ័យ​។ យ៉ាងណាមិញ​ ប្រសិនបើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​ មានការ​រីកចម្រើន​ អាច​ចូលក្នុង​ទី​ផ្សារ​ធំៗ​ និង​មានការ​គាំពារ​តាមផ្លូវ​ច្បាប់​ អ្នក​គួរតែ​ចុះឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​៕

លោកង៉ែត ជូ ៖​ និយាយពីផ្នត់គំនិតនិងការកំណត់វាសនាមនុស្ស

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងសំណេររបស់អ្នកជំនាញ ផ្នែកបណ្តុះគំនិតភាពជាអ្នកដឹកនាំ និងភាពជាអ្នកជោគជ័យលើមុខជំនួញ លោកង៉ែត ជូបានលើកឡើងថា វាសនាមនុស្សមិនមែនកំណ​ត់ដោយព្រហ្មលិខិត ពូជអំបូរ វណ្ណៈគ្រួសារ ឬជំនាញដែលខ្លួនមាននោះទេ។

ផ្ទុយទៅវិញវាកំណត់ដោយផ្នត់គំនិត និងសមត្ថភាពនៃការគិតរបស់មនុស្ស។មនុ​ស្សនឹងមានវាសនាមិនសូវល្អ មិនរីកចម្រើននោះទេប្រសិនបើមានគំនិតសុញ។

ខាងក្រោមនេះជាចំណុចខុសគ្នា រវាងមនុស្សមានផ្នត់គំនិតរីកចម្រើន និងផ្នត់គំនិតសុញ ដែលត្រូវបានលោកលើកយកមកបង្ហាញលើចំណុចសំខាន់ៗមួយចំនួន ដូចជាទី១ ការសាកល្បងសមត្ថភាព: អ្នកមានផ្នត់គំនិតរីកចម្រើនចូលចិត្តជ្រើសរើស ឬសាកល្បងធ្វើរឿងថ្មីៗ ហើយយល់ថាអ្វីដែលពួកគេមិនមានសមត្ថភាពគឺពួកគេអាចរៀនបាន។ រីឯអ្នកមានផ្នត់គំនិតសុញវិញខ្លាចបរាជ័យ មិនហ៊ានសាកល្បងធ្វើនោះទេ ហេតុនេះហើយទើបពួកគេមិនទទួលបានភាពចម្រុងចម្រើនក្នុងជីវិត។

ទី២ ឧបសគ្គ: អ្នកមានផ្នត់គំនិតរីកចម្រើនចូលចិត្តតស៊ូ ក្រាញននាលជំនះរាល់ឧបសគ្គ។ រីឯអ្នកមានផ្នត់គំនិតសុញតែងបោះបង់ចោលការតស៊ូ នៅពេលជួបឧបសគ្គនានា។ ទី៣ កិច្ចខិតខំប្រឹងប្រែង: អ្នកមានផ្នត់គំនិតរីកចម្រើនយល់ឃើញថាកិច្ចខិតខំប្រឹងប្រែងជាមធ្យោបាយដែលអនុញ្ញាត ឱ្យរូបគេសម្រេចបានគោលដៅតាមសេចក្តីប្រាថ្នា។ រីឯអ្នកមានផ្នត់គំនិតសុញ មើលឃើញកិច្ចខិតខំប្រឹងប្រែងថា នឹងគ្មានលទ្ធផលនោះទេ ផ្ទុយទៅវិញអាចអោយគេខាតបង់ទៀតផង។

ទី៤ ការទិទៀន: អ្នកមានផ្នត់គំនិតរីកចម្រើនតែងតែរៀនកែលម្អពីគំនិតទិទៀនដើម្បីស្ថាបនា។ រីឯអ្នកមានផ្នត់គំនិតសុញតែងមើលរំលងនូវគំនិតទិទៀន ដើម្បីស្ថាបនា ហើយយល់ថាជាការវាយប្រហាគួរអោយអាម៉ាស់។ ទី៥ ភាពជោគជ័យរបស់អ្នកដទៃ: អ្នកមានផ្នត់គំនិតរីកចម្រើន តែងរិះគិតពីភាពជោគជ័យរបស់អ្នកដទៃ ដើម្បីបានជាគតិល្អៗ និងរៀនសូត្រតាម។ រីឯអ្នកមានផ្នត់គំនិតសុញតែងមើលឃើញ ការជោគជ័យរបស់អ្នកដទៃថាជាការប្រកួតប្រជែង និងជាការគំរាមកំហែងដល់ភាពរីកចម្រើនរបស់ខ្លួន។

ទាំងអស់នេះជាការលើកឡើងរបស់អ្នកជំនាញ ផ្នែកបណ្តុះគំនិតភាពជាអ្នកដឹកនាំ និងភាពជាអ្នកជោគជ័យ ដើម្បីជាការជួយជម្រុញ និងបង្កើនគំនិតដល់មនុស្សវ័យកណ្តាល ក៏ដូចជាយុវជនជំនាន់ក្រោយ ក្នុងការគិតពិចារណា ដើម្បីអភិវឌ្ឍខ្លួនឱ្យមានភាពរីកចម្រើន៕

អនុប្រធានCREAដឹកនាំសមាជិកសមាគមចូលរួមវគ្គបណ្តុះបណ្តាលជំនាញ អចលនទ្រព្យលំដាប់អន្តរជាតិ

0

ដោយគង់ សូរិយា

​ភ្នំពេញៈ អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកសោម កែវម៉ាលីដា(Andy) និងទីប្រឹក្សាសមាគមនេះលោកអ៊ិន មានបានដឹកនាំសមាជិកជាច្រើនចូលរួមវគ្គបណ្តុះបណ្តាលជំនាញអចលនទ្រព្យអន្តរជាតិ(CIPS) នៅទីក្រុងបាងកកប្រទេសថៃ។

​កម្មវិធីបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ បានចាប់ផ្តើមពីថ្ងៃទី១០ ដល់១៦ កក្កដាខាងមុខនេះ។

​លោកសោម កែវម៉ាលីដាបានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ឋតេឡេក្រាមកាលពីថ្ងៃទី១២ កក្កដាកន្លងមកថា ការបណ្តុះបណ្តាលធនធានមនុស្ស ពិតជាមានសារៈសំខាន់់ក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយសារវិស័យនេះមានការរីកចម្រើនខ្ពស់ ហេតុនេះការបណ្តុះបណ្តាលធនធានមនុស្ស ជាគោលការណ៍ស្នូលរបស់សមាគម ដើម្បីធ្វើយ៉ាងណាជួយវិស័យនេះឲ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

​លោកបន្តថា“វគ្គបណ្តុះបណ្តាលនេះ មានការទទួលស្គាល់ជាសាកល ព្រោះវគ្គនេះរៀបចំដោយអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ ពិសេសនៅសហរដ្ឋអាមេរិក”។

​ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាស​ន៍ថា វាជាបេសកកម្មដ៏ពិសិដ្ឋរបស់សមាគម ក្នុងការពង្រីកនិងពង្រឹងលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះសមាជិក និងថ្នាក់ដឹកនាំសមាគមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ពួកគេអាចមកធ្វើជាគ្រូបង្គោល ដើម្បីចែករំលែកចំណេះដឹងដល់អ្នកក្នុងវិស័
យនេះ ពិសេសដល់យុវជនជំនាន់ក្រោយដែលកំពុងស្រេកឃ្លានចំណេះដឹង។

​លោកបន្តថា “ទោះបីជាធនធានមនុស្សកម្ពុជា នៅក្នុងវិស័យនេះមានការរីកចម្រើនក្តី តែយើងនៅតែជួបបញ្ហាប្រឈម ដោយសារវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចម្រើនលឿនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ”។លោកបន្តថា “ដើម្បីឲ្យវិស័យនេះ​កាន់តែរ៉ឹងមាំ និងទទួលបានទំនុកចិត្តលើទីផ្សារ ធនធានមនុស្សពិតជាដើរតួនាទីសំខាន់ក្នុងវិស័យ ដើម្បីឲ្យវិស័យនេះរីកចម្រើនប្រកបដោយនិរន្តរភាព”៕