ក្រុមហ៊ុន​យក្ស​ជប៉ុន​ចែចូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ប្រើប្រាស់​អំពូល​ឆ្លាតវៃ​ដើម្បី​សោភ័ណភាព​ក្រុង​ព្រះសីហនុ​

0

ដោយ​នៅ​ វឌ្ឈ​នា​

ព្រះ​សី​ហនុៈ​ ក្រុមហ៊ុន​យក្ស​ជប៉ុន Minebea​ Mitsumi នឹង​ជួយ​ផ្តល់​អំពូលភ្លើង​ឆ្លាតវៃ​ ប្រភេទ LED​ ដើម្បី​ជួយ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ក្នុង​គោលដៅ​លើក​កំពស់​សោភ័ណភាព​នៅ​ទីក្រុង​ដែល​កំពុង​មាន​ភាព​រីកចម្រើន​យ៉ាង​លឿន​នេះ​។

លោក​ Ohira​ Kunihito​ អ្នកគ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ Minebea​ Mitsumi​ ជប៉ុន​ ដែល​មាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ​ បាន​បង្ហាញ​បច្ចេកវិទ្យា​វ័យ​ឆ្លាត​ អំពូល​ LED​ បំភ្លឺ​ផ្លូវ​ ជូន​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាលពីដើម​សប្តាហ៍​នេះ​។ កន្លងមក​ក្រុមហ៊ុន​បាន​ធ្វើការ​បំពាក់​អំពូលភ្លើង​វ័យ​ឆ្លាត​ នៅ​រាជ​ធានា​ភ្នំពេញ​ និង​ខេត្តសៀមរាប​រួចហើយ​។

លោក​បន្ត​ថា​ អំពូលភ្លើង​វៃឆ្លាត​ប្រភេទ LED​ ដែល​ក្រុមហ៊ុន Minebea​ ផ្គត់​ផ្គង់​សម្រា​ ប់​បំភ្លឺ​ផ្លូវ​សាធារណៈ​ ជា​អំពូលភ្លើង​ ដែល​អាច​សន្សំសំចៃ​ថាមពល​អគ្គិសនី​រហូតដល់៨០ភាគរយ​ បើ​ប្រៀបធៀប​នឹង​អំពូលភ្លើង​ធម្មតា​ និង​អាច​ចំណេញ​ថវិកា​ថែមទៀត​ផង​។ ក្រុមហ៊ុន​បាន​បំពាក់​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​រួចហើយ​ នៅ​តាម​វិថី​សំ​ខាន់​ៗចំនួន៣ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​ មហាវិថី​ព្រះ​នរោត្តម​ មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហាវិថី​សម្តេច​ តេជោ​ហ៊ុន​សែន​ អំពូលភ្លើង​វ័យ​ឆ្លាត​ធានា​បាន​នូវ​សោភ័ណភាព​ និង​បរិស្ថាន​យ៉ាង​ល្អ​ប្រសើរ​។

លោក​ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​សាលា​ ខេត្ត​ព្រះសីហនុ​ និង​ជា​អ្នកទទួល​ខុសត្រូវ​អំពូលភ្លើង​សាធារណ​របស់​ខេត្ត​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ត្រៀមខ្លួន​ធ្វើការ​គាំទ្រ​ ចំពោះ​ការ​វិនិយោគ​បច្ចេកវិទ្យា​អំពូលភ្លើង​ LED​ វ័យ​ឆ្លាត​ របស់​ប្រទេស​ជប៉ុន​នៅ​ខេត្ត​ព្រះសីហនុ​ ស្រប​ពេល​ដែល​កម្ពុជា​ មាន​សក្ដានុពល​ច្រើន​ សម្រាប់​ធ្វើការ​វិនិយោគ​ និង​ស្របតាម​ចំណង់​ចំណូលចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ ដែល​ចូលចិត្ត​ប្រើប្រាស់​នូវ​អ្វី​ដែល​អាច​កាត់បន្ថយ​ថាមពល​ និង​ថវិកា​។ ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​កម្ពុជា​ ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ជប៉ុន​៕

តម្លៃ​ពេជ្រ​ពណ៌​ផ្កាឈូក​ហក់​ឡើង​ខ្លាំង​ ខណៈ​តំបន់​រ៉ែ​ពេជ្រ​ធំជាង​គេ​បង្អស់​លើ​ពិភពលោក​ត្រូវ​បាន​បិទ​

0

ដោយ​ Donald​ Lee​

អូ​ស្រ្តា​លីៈ​ ក្រុមហ៊ុន​ Rio​ Tinto​ នឹង​បិទ​អណ្តូង​រ៉ែ​ពេជ្រ​ពណ៌​ផ្កាឈូក​របស់​ខ្លួន​ នៅក្នុង​ East​ Kimberley​ ប៉ែក​ខាងកើត​ប្រទេស​អូស្រ្តាលី​នៅ​ឆ្នាំក្រោយ​ ដែល​នឹង​បញ្ចប់​ការ​ផ្គត់ផ្គង់៩០ភាគរយ​ ក្នុង​តបន់​អណ្តូង​រ៉ែ​ពេជ្រ​ពណ៌​ផ្កាឈូក​ នៃ​ចំនួន​ត្បូងពេជ្រ​ពណ៌​ផ្កាឈូក​សរុប​លើ​ពិភពលោក​។

ពេជ្រ​ពណ៌​ផ្កាឈូក​ក្នុង​តំបន់​ គឺជា​ត្បូងពេជ្រ​មួយ​ក្នុងចំណោម​ត្បូង​ពេជ្រ​ថ្លៃ​ៗ បំផុត​ក្នុង​ពិភពលោក​។ ត្បូង​ដ៏​មានតម្លៃ​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​កើនឡើង​តម្លៃ​ជាលំដាប់​ បន្ទាប់ពី​អណ្តូង​រ៉ែ​នេះ​បាន​បិទ​។

នា​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុនRio​ Tinto​ បាន​បង្ហាញ​នូវ​ត្បូងពេជ្រ​ពណ៌​ផ្កាឈូក​ចំនួន​ ៦៤​ គ្រាប់​ក្នុង២០១៩​ និង​នឹង​ដាក់​តាំងនៅ​ប្រទេស​អូស្ត្រាលី​ ហុងកុង​ និង​ញូ​វយ៉​ក។

តំបន់​ Rio​ ដែល​ជា​អណ្តូង​ពេជ្រ​ធំ​បំផុត​នៅ​លើ​ពិភពលោក​ បាន​រុករក​អស់​រ៉ែ​ពេជ្រ​ពណ៌​ផ្កាឈូក​ បន្ទាប់ពី​រយៈពេល៤០ឆ្នាំ​។ត្បូងពេជ្រ​ពណ៌​ផ្កាឈូក​ ស្ថិតនៅ​ក្នុងចំណោម​វត្ថុ​ ដែលគេ​ចង់បាន​បំផុត​នៅ​លើ​ពិភពលោក​។ ត្បូងពេជ្រ​ដែល​មាន​ទំហំ៥៩,៦​ កា​រ៉ាត់​ ដែល​ហៅថា​ “Pink​ Star​” ត្រូវ​បាន​ដាក់ដេញថ្លៃ​ក្នុង​តម្លៃ៧១លាន​ដុល្លារ​ (ឬ១,២​ លាន​ដុល្លារ​ក្នុង​មួយ​កា​រ៉ាត់​)ក្នុង​ឆ្នាំ​ ២០១៧​៕

រដ្ឋាភិបាល​កំពុង​ជ្រើសរើស​តំបន់​ចំនួន​ពីរ​ដើម្បី​ធ្វើជា​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​

0

ដោយ​ វុត្ថា

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាមរយៈ​អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​និង​កំពុង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ (Ecotourism​ Hubs​) សម្រាប់​ គម្រោង​“និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​” នៅក្នុង​តំបន់​ជួរភ្នំ​ក្រវាញ​ និង​តំបន់​ទេសភាព​ទន្លេសាប​។

កិច្ចប្រជុំ​ស្តី​ពី​ការ​ជ្រើសរើស​ មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ (Ecotourism​ Hubs​) នេះ​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ ដឹកនាំ​ដោយ​ លោក​ទិន​ ពន្លក​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ បាន​បង្ហាញ​អំពី​របក​គហើ​ញនៃ​ការសិក្សា​ស្រាវជ្រាវ​ និង​ពិភាក្សា​លើ​ការកំណត់​ និង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​សម្រាប់​ “គម្រោង​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​” ជាមួយ​កម្មវត្ថុ​ចំនួន៣​ ទី១​ បង្ហាញ​ពី​ដំណើរការ​ លទ្ធផល​ និង​របកគំហើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ ទី២​ ពិភាក្សា​កំណត់​ និង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​ និង​ទី៣​ ផ្តល់​ និង​ពិភាក្សា​អំពី​ធាតុ​ចូល​ស្តី​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវលំ​ សម្រាប់​គាំទ្រ​ដល់​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​។

អង្គប្រជុំ​ផ្តោត​សំខាន់​ទៅលើ​ការពិភាក្សា​ កំណត់​ និង​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ នៅក្នុង​តំបន់​គោលដៅ​គម្រោង​ ដោយ​ផ្អែកលើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន១០​ គឺ​ ៖ (១)តំបន់​ដែល​អាច​ទៅដល់​ Accessibility​ (២)តំបន់​ដែល​មានការ​ទាក់ទាញ​ Attractiveness​ (៣)ការប្រើ​ប្រាស់​ដីធ្លី​ Land​ use​ / Tenure​ (៤)តំបន់​ដែល​ងាយ​រង​ផល​ប៉ះពាល់​ Sensitivity​ of​ Location​ (៥)តំបន់​ដែល​អាច​ទទួល​បាន​សេវា​ Access​ to​ services​ (៦)តំបន់​ទេសចរណ៍​ដែល​មានស្រាប់​ Existing​ Ecotourism​ / CBT​ / CBET​ sites​ (៧) សង្គម​-សេដ្ឋកិច្ច​ Socio​-economic​ (៨) តំបន់​ដែល​មាន​តម្រូវការ​ទីផ្សារ​ Market​ demand​ (៩)តំបន់ជីវៈ​ចម្រុះ​ និង​(១០​)តំបន់​ដែល​ផ្តល់​នូវ​នានាភាព​នៃ​អេកូ​ទេសចរណ៍​ Diversity​ of​ ecotourism​ offering​ ។ យោង​តាម​លក្ខណៈ​វិនិច្ឆ័យ​ទាំង១០នេះ​ អង្គប្រជុំ​បាន​ពិភាក្សា​និង​ផ្តល់​យោបល់​ កែ​លម្អ​ទៅលើ​លទ្ធផល​សិក្សា​ រួម​ទាំង​ការ​ជ្រើសរើស​មណ្ឌល​ផ្តុំ​ទេសចរណ៍​ធម្មជាតិ​ សម្រាប់​គម្រោង​។

ក្រសួងបរិស្ថាន​បានសម្រេច​ដាក់​តំបន់​ជួរភ្នំ​ក្រវាញ​ និង​តំបន់​ជុំវិញ​បឹងទន្លេសាប​ជា​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​ ដើម្បី​ពង្រឹង​ការ​ការពារ​ធនធាន​ធម្មជាតិ​ និង​ជំរុញ​ដល់​កំណើន​ទេសចរ​ ដែល​មាន​ខេត្ត​គោលដៅ​ចំនួន៧រួមមាន​ ខេត្ត​កំពង់ស្ពឺ​ កោះកុង​ ពោធិ៍សាត់​ បាត់ដំបង​ កំពង់ឆ្នាំង​ កំពង់ធំ​ និង​ខេត្តសៀមរាប​ ត្រូវ​បាន​ដាក់ឲ្យ​អនុវត្ត​គម្រោង​«និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ក្រោម​កិច្ច​គាំទ្រ​ផ្តល់​កម្ចី​ឥណទាន​សម្បទាន​ពី​ធនាគារពិភពលោក​ ក្នុងទឹក​ប្រាក់​ប្រមាណ៥៥លាន​ដុល្លារ​អាមេរិក​ ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ ដែល​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ និង​សង្វាក់​តម្លៃ​នៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​ទាំងនេះ​។

គម្រោង​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆមាស​ទី២ឆ្នាំ២០១៩នេះ​ តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សម្រាប់​ធ្វើ​ផែនការ​ និង​គ្រប់គ្រង​តំបន់​ទេសភាព​និង​ការពារ​ធម្មជាតិ​ ពង្រឹង​ឱកាស​ទេសចរណ៍​ធម្មជាតិ​ និង​សង្វាក់​អនុផល​ព្រៃឈើ​ បង្កើន​លទ្ធភាព​និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ការពិនិត្យ​តាមដាន​និង​វាយតម្លៃ​ ការ​ឆ្លើយតប​គ្រោះអាសន្ន​ជាដើម​នេះ​ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​។

គម្រោង​នេះ​ នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ ដើម្បី​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ​ និង​ឯកសារ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ពាក់ព័ន្ធ​ ផែនការ​ និង​ការអនុវត្ត​គម្រោង​ ដែល​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព​ និង​ប្រសិទ្ធ​ផល​៕

តម្លៃមាសបន្តកើនឡើង ខណៈកំណើនសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងសភាពទ្រឹង

0

ដោយ ៖ Donald Lee

ភ្នំពេញ ៖ តម្លៃមាសបានបន្តសន្ទុះកើនឡើង ខណៈដែលកំណើនសេដ្ឋកិច្ចសកលបានស្ថានភាពនៅទ្រឹង ដោយសារតែភាពតានតឹងផ្នែកប្រេងនៅតំបន់មជ្ឈឹមបូព៌ា និងការបន្តធ្លាក់ចុះដោយសង្រ្គាមពាណិជ្ជកម្មអាម៉េរិក-ចិន។

យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា តម្លៃមាសនៅទីផ្សារបានកើនឡើងដល់ ១,៤០៦ ដុល្លារលើពិភពលោកក្នុងមួយអោន បន្ទាប់ពីតម្លៃមាសធ្លាប់បានកើនឡើងខ្ពស់​បំផុតរហូតដល់១,៤០០ដុល្លារកាលពីឆ្នាំ២០១៣។ តម្លៃមាសអាចនឹងឡើងដល់ ១,៥០០ដុល្លារក្នុងមួយអោន (ឬប្រហែល ៣១ ក្រាម) នៅចុងឆ្នាំនេះ។

មាសត្រូវបានចាត់ទុកថា ជាការវិនិយោគប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលនៃភាពចលាចលសេដ្ឋកិច្ច និងនយោបាយលើពិភពលោក។

ក្តីបារម្ភយ៉ាងខ្លាំងត្រូវបានកើតឡើង ដោយស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ខណៈដែលប្រទេសសឹង្ហបុរី បានប្រកាសពីការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ច ត្រីមាសទី២ ដល់០,១ភាគរយ ដែលជាការធ្លាក់ចុះដែលមិនធ្លាប់មាន ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។

យោងតាមក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរីបានឱ្យដឹងថា មូលហេតុគឺដោយសារការធ្លាក់ចុះ នៅក្នុងការនាំចេញគ្រឿងអេឡិចត្រូនិកសំខាន់ៗ និងគ្រឿងបរិក្ខារវិស្វកម្ម។

ក្រុមអ្នកវិភាគនិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចសឹង្ហបុរី ជាសញ្ញាព្រមានដល់ប្រជាជាតិដទៃទៀត ដោយសារផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនខ្លាំងជាងការព្យាករណ៍ ហើយនឹងនាំមកនូវវិបត្តិសេដ្ឋកិច្ចសកលលោក។

ភាពតានតឹងនៅក្នុងទីផ្សារសាកល គឺជាការវាយប្រហារជាបន្តបន្ទាប់ទៅលើនាវាដឹកប្រេងរបស់លោកខាងលិចនៅមជ្ឈឹមបូព៌ាដោយអ៊ីរ៉ង់។ បន្ទាប់ពីអាជ្ញាធរអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលហោះហើរនៅក្បែរទឹកដីអ៊ីរ៉ង់នៅខែមិថុនា។ មនុស្សជាច្រើនភ័យខ្លាចថា តំបន់នេះកំពុងធ្វើដំណើរឆ្ពោះទៅរកជម្លោះប្រដាប់អាវុធមួយទៀត ដែលធ្វើឱ្យអស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដែលងាយរងគ្រោះ។

ខណៈវិនិយោគិនស្វែងរកការវិនិយោគដែលមានសុវត្ថិភាព ដូចជា មាសជាដើម ដើម្បីបង្កើនការវិនិយោគរបស់ពួកកេ កណ្តាលសហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនអាចនឹងកាត់បន្ថយអត្រាការប្រាក់ឆាប់ៗនេះ ដែលធ្វើឱ្យមានប្រើប្រាស់ប្រាក់ដុល្លារបន្ថែមទៀតក្នុងសេដ្ឋកិច្ច។ ប្រសិនបើអត្រាការប្រាក់ត្រូវបានកាត់បន្ថយ ហើយប្រាក់ដុល្លារអាមេរិកធ្លាក់ អ្នកកាន់កាប់រូបិយប័ណ្ណបរទេសផ្សេងទៀត នឹងអាចទិញមាសបានក្នុងតម្លៃទាប៕

ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ីបានហក់ឡើងខ្ពស់បន្ទាប់ពីមានការភ្ជាប់ជើងហោះហើរត្រង់

0

ដោយវុត្ថា

ភ្នំពេញៈ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ីមានចំនួន ១៩៦.២៦ លានដុល្លារ បានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃនេះ។

របាយការណ៍ដដែលបន្តថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។

ដោយឡែកសម្រាប់វិស័យទេសចរណ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ី បានបង្កើតជើងហោះហើរត្រង់ពីទីក្រុងហ្សាការតា-ភ្នំពេញ ហ្សាកាតាដោយក្រុមហ៊ុន City Link Indonesia ដែលហោះហើររៀងរាល់ថ្ងៃច័ន្ទ-ពុធ-សុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន១៨០នាក់។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ឥណ្ឌូនេស៊ីកាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២ លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣ លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦ លានដុល្លារ។

ក្រសួងពាណិជ្ជកម្ម នៅទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ  បានរៀបចំសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកក្កដា ឆ្នាំ២០១៩ នៅលើទឹកដីអង្គរនៃខេត្តសៀមរាប ដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី៕

ការ​ផ្គត់ផ្គង់​អា​ផា​តម៉ិន​ជួល​បន្ត​កើនឡើង​នៅ​ឆមាស​ទី១​ ខណៈ​ខណ្ឌ​ចំនួន៣មានការ​អភិវឌ្ឍន៍​អា​ផា​មិន​ច្រើនជាង​គេ​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ការ​ផ្គត់ផ្គង់​អា​ផា​តម៉ិន​ជួល​មានការ​កើនឡើង​ ដោយមាន​គម្រោង​អា​ផា​តមិន​ជួល​ចំនួន​ពីរ​ ដែល​បាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី២​ ឆ្នាំ២០១៩នេះ​ ពោល​គឺ​គិត​ចាប់តាំង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia​។

គម្រោង​អា​ផា​តម៉ិន​ជួល​ចំនួន​ពីរ​ ដែល​បាន​បញ្ចប់​ការសាងសង់​រួមមាន​គម្រោង​ Alpha​ Residence​ និង​គម្រោង ​The​ View​ ដែល​មាន​ទីតាំងនៅ​ចំ​កណ្តាល​ក្រុងភ្នំពេញ​ ហើយ​បង្កើន​ការចូលរួម​ ដល់​ការ​ផ្គត់ផ្គង់​អា​ផា​តម៉ិន​ ជួល​លំដាប់​B ចំនួន ៣៤​,១ភាគរយ​ និង​បង្កើន​ចំនួន​ផ្គត់ផ្គង់​អា​ផា​តម៉ិន​សរុប​ចំនួន២​,៤៩១យូនី​តក្នុង​ទីផ្សារ​។

របាយការណ៍​ឲ្យដឹង​ថា​ ចំនួន​ការ​ផ្គត់ផ្គង់​អា​ផា​តម៉ិន​ជួល​លំដាប់ ​A និង​Bនឹង​មាន​ចំនួន​សរុប២​,៩៩០​ យូនី​តនៅក្នុង​ឆ្នាំ​ ២០១៩​ ខណៈ​ការ​ផ្គត់ផ្គង់​អា​ផា​តមិន​ជួល​លំដាប់​ A សុ​រប​មាន​ចំនួន២៦៦​ យូនី​តនៅក្នុង​ឆមាស​ទី១ក្នុង​ឆ្នាំនេះ​ ដែល​មានការ​កើនឡើង២១​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គា្ន​កាលពី​ឆ្នាំមុន​។

របាយការណ៍​ខាងលើ​បាន​បន្ថែម​ថា​ “ការ​ផ្គត់ផ្គង់​អា​ផា​តមិន​ជួល​នឹង​បន្ត​កើនឡើង​រហូតដល់​ឆ្នាំ​ ២០២០​ ដោ​យមានចួល​រួម​ពី​ការ​ផ្គត់ផ្គង់​អា​ផា​តមិន​ជួល​លំដាប់​ A ដែល​មាន​ចំនួន​សុ​រប២៦៦យូនី​ត ពោល​គឺ​មានការ​កើនឡើង៩ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​”។

សម្រាប់​តម្លៃ​ជួល​អា​ផា​តម៉ិន​ជួល​លំដាប់​ B ដែល​មាន​បន្ទប់គេង​មួយ​មានតម្លៃ​ចាប់ពី៦០០​ ទៅ២​,០០០ដុល្លារ​ក្នុង​មួយ​ខែ​ ខណៈ​អា​ផា​តមិន​ជួល​លំដាប់​A ដែល​មាន​លក្ខណៈ​ពិសេស​អាច​មាន​ចាប់ពី៤០០០​ ទៅដល់៩០០០​ ដុល្លារ​ក្នុង​មួយ​ខែ​។

អា​ផា​តម៉ិន​ជួល​លំដាប់​ A និង​ B ភាគច្រើន​គឺ​មាន​ទីតាំងនៅ​ចំ​កណ្តាល​ក្រុង​។ ចំនួន​នៃ​ការអភិវឌ្ឍន៍​អា​ផា​តម៉ិន​ជួល​ភាគច្រើន​ មាន​ទីតាំង​ស្ថិតនៅ​តំបន់​បឹងកេងកង១​ ដែល​មាន​ចំនួន៣៨ភាគរយ​អា​ផា​តម៉ិន​ជួល​សរុប​ តំបន់​ដូនពេញ​មាន២៦ភាគរយ​ និង​តំ​បន​ទន្លេ​មាន១៤ភាគរយ​៕

ក្រុមហ៊ុន​ Bangkok​ Airway​ គ្រោង​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​

0

ដោយ​៖​ រ៉ា​ណេត​

កោះ​កុងៈ​ ​ក្រុមហ៊ុន ​Bangkok​ Airway​ កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាង​សង់​ព្រលា​នយន្តចាស់​ ស្ថិតនៅ​ក្នុង​ទីរួមខេត្ត​កោះកុង​ ដែល​ជា​ក្រុង​ខេមរភូមិន្ទ​ បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ទទួលការ​អនុញ្ញាត្ត​ជាគោល​ការណ៍​ពី​រដ្ឋាភិបាល​រួចហើយ​។

បន្ថែម​ពី​លើ​ព្រលា​នយន្តហោះ​តារា​សាគរ​ ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​ចិន​ ត្រៀម​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំក្រោយ​នេះ​ រដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ជាគោល​ការណ៍​យ៉ាង​ជាក់លាក់​ទៅលើ​ការ​កែ​លម្អ​ និង​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ព្រលា​នយន្តហោះ​ ដែល​មានស្រាប់​ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ដំណើរការ​តាំងពី​ឆ្នាំ២០០១​ ដោយ​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ក្រុមហ៊ុន​ Bangkok​ Airway​ របស់​ថៃ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ ស៊ិន​ ចាន់​សិរី​វុត្ថា​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ថា​ ក្រុម​អ្នកជំនាញ​សាង​សង់​ព្រលា​នយន្តហោះ​ នៃ​ក្រុមហ៊ុន​ Bangkok​ Airway​ មក​ធ្វើការ​សិក្សា​មិន​តិច​ជាង៦លើក​នោះ​ទេ​ ដើម្បី​លម្អិត​ពី​ស្ថានភាព​ជាក់ស្ដែង​ និង​ពេលវេលា​ជាក់លាក់​ក្នុង​ការ​ចាប់ផ្តើម​កែ​លម្អ​រ និង​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​ចាស់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ក្រុង​ខេ​មរិន្ទ​។

លោក​បាន​បន្ត​ទៀត​ថា​ “ដើម្បីអោយ​ទីតាំង​ចុះចត​ និង​ដឹកជញ្ជូន​អ្នកដំណើរ​ប្រកបដោយ​សុវត្ថិភាព​ អាកាសចរណ៍​ស៊ីវិល​ និង​អ្នក​ពាក់ព័ន្ធ​ចាំបាច់​ពិនិត្យ​ឱ្យ​បាន​លម្អិតលម្អន់​ទៅលើ​ស្តង់ដារ​នៃ​ព្រលា​នយន្តហោះ​ជាមុន​សិន​”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ “រាជរដ្ឋាភិបាល​បាន​អនុញ្ញាត្ត​ ជាគោល​ការណ៍​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok​ Airway​ មាន​សិទ្ធិ​វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​មួយ​នេះ​រួចរាល់​ហើយ​”។

បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​ការ​ បាន​ផ្តោត​ទៅលើ​ផល​ប៉ះពាល់​ចំនួន៣​ ទៅលើ​បរិបទ​ទូទៅ​ពាក់ព័ន្ធ​នឹង​ព្រលា​នយន្តហោះ​មួយ​នេះ​ ដោយ​ទី១​ កត្តា​បរិស្ថាន​ ទី២​ ការរស់នៅ​ពលរដ្ឋ​ក្នុង​សង្គម​ និង​ទី៣​-លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​។ បន្ទាប់ពី​សិក្សា​រួចរាល់​ ការសម្រេច​កំណត់ពេលវេលា​ បើក​ការដ្ឋាន​អភិវឌ្ឍន៍​នៅពេល​ណា​ឱ្យ​ប្រាកដ​នោះ​នៅ​មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ​ ខណៈ​ដែល​ទំហំ​ទឹកប្រាក់​វិនិយោគ​ និង​កែ​លម្អ​ឡើងវិញ​នេះ​តម្រូវ​ចំណាយ​យ៉ាងតិច៤០លាន​ដុល្លារ​ និង​ចំណាយ​ប្រមាណ៣​-៤ ឆ្នាំ​។

លោក​ ឃុត​ ពុធ​ អ្នកគ្រប់គ្រង​អតី​តព្រលា​នយន្តហោះ​ក្នុង​ទីរួមខេត្ត​កោះកុង​ បានឱ្យ​ដឹង​ថា​ ព្រលា​នយន្តហោះ​ដែល​មិន​ដំណើរការ​រាប់​ឆ្នាំ​មកនេះ​ បាន​កកើត​ឡើង​នៅ​អំឡុង​ទសវត្ស១៩៧០​ នៅ​លើ​ផ្ទៃដី​ទំហំ១២៥​ ហិ​កតា​ ដោយមាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៣​ ​ដាក់​ការហោះហើរ​ទៅមក​ពី​ខេត្តកោះកុង​ ទៅ​ខេត្ត​ព្រះសីហនុ​ រាជធានី​ភ្នំពេញ​ និង​ទៅ​ខេត្តសៀមរាប​។

ព្រលា​ននេះ​ផ្តើម​ហោះហើរ​ជា​លើក​ទី២​ នៅចន្លោះ​ឆ្នាំ១៩៩៣​ រហូតដល់​ឆ្នាំ២០០១​ បិទ​ផ្អាក​ដំណើរការ​ទៅវិញ​ ព្រោះតែ​ខាតបង់​ចំណូល​ មិនសូវ​មានការ​គាំទ្រ​ពីសា​ធា​រណៈ​ជន​ទូទៅ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​ស្វាគមន៍​ចំពោះ​កែ​លម្អ​ និង​អភិវឌ្ឍ​គម្រោ​ងព្រលា​នយន្តហោះ​នេះ​ ព្រោះ​ប្រសិនជា​មា​នព្រ​លាន​មួយទៀត​នៅក្នុង​ខេត្ត​នេះ​ ព្រលា​ននេះ​អាច​ទាក់ទាញ​ការហោះហើរ​ ពី​កម្រិត​តំបន់​បាន​ ពិតជា​ប្រសើរ​សំរាប់​ពេល​អនាគត​ និង​ធ្វើ​ឱ្យ​ខេត្ត​នេះ​កាន់តែ​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍​របស់​ខ្លួន​ ព្រោះ​ខេត្តកោះកុង​មាន​សក្តា​នុ​ពល​ទេសចរណ៍​ធម្មជាតិ​ច្រើនណាស់​ ដែល​យើង​មិន​ទាន់​មាន​លទ្ឋ​ភាព​ទាញ​យក​មក​ប្រើប្រាស់​អស់​នៅឡើយ​។

លោកស្រី​បញ្ជាក់​ថា​ “វា​មិន​ប្រកួតប្រជែង​ជា​មួយ​ព្រលា​នយន្តហោះ​ តារា​សាគរ​ ដែល​កំពុង​សាងសង់​ក្នុង​ខេត្ត​នេះ​ទេ​ ព្រោះ​អ្នក​វិនិយោគ​គំរោង​នេះ​ អាច​ចាប់​យក​គោលដៅ​អាកាស​ចរ​ណ៍​ខុស​ៗគ្នា​ ដោយ​មួយ​អាច​ភ្ជាប់​កម្រិត​តំបន់​ និង​មួយទៀត​អាច​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ចិន​”៕

សម្តេច​តេជោ​៖ បញ្ហា​ EBA​ បាន​ក្លាយជា​ស្រមោល​ទៅ​ហើយ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ​ ស៊ី​ផា​នបាន​ឱ្យ​ដឹង​ថា​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នា​យក​រដ្ម​មន្ត្រី​កម្ពុជា​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពេញ​ អង្គ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃនេះ​ ឱ្យ​ដឹង​ថា​ បញ្ហា EBA​ បាន​ក្លាយ​ជស្រមោល​ទៅ​ហើយ​។

លោក​ ផៃ​ស៊ី​ផា​នសរសេរ​នៅក្នុង​បណ្តាញ​សង្គម​នៅ​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បញ្ជាក់​ពី​ទិដ្ឋភាព​នៃ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ ដែល​សម្ដេច​តេជោ​ បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ប្រជាជាតិ​ EU​ ហើយ​អ្វី​ដែលគេ​បាន​លើក​នោះ​ គឺ​កិច្ច​សហប្រតិបត្តិ​ការណ៍​ពាណិជ្ជកម្ម​តែប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ​“បញ្ហា​ EBA​ បាន​ក្លាយជា​ស្រមោល​ទៅ​ហើយ​។ កិច្ចសហការ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​កម្ពុជា​ និង​ប្រជាជាតិ​ដែល​ជាស​មា​ជិ​កEU​ គឺជា​មូលដ្ឋាន​គ្រឹះ​និង​ទិសដៅ​នៃ​ពាណិជ្ជកម្ម​កម្ពុជា​”។

សម្តេ​តេជោ​ កាលពី​កន្លងទៅ​តែងតែ​ថ្លែង​ជា​រឿង​ថា​ កុំឱ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​ដក​ EBA ​នេះ​ ដោយ​សម្តេច​ថា​ ​ទោះបី​ដក​យក ​EBA ​ទៅវិញ​ គឺ​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​លូ​តលាស់់​ ហើយ​ទៅ​ថ្ងៃមុខ​សហភាព​អឺរ៉ុប​គង់តែ​ដក​ទេ​។

គណៈកម្មការ​អឺរ៉ុប​នៅ​ឆ្នាំ២០១៩​ បាន​ចាប់ផ្តើម​ដំណើរការ​ផ្លូវការ​មួយ​នៃ​នីតិវិធី​ឈាន​ទៅ​ពិនិត្យ​លទ្ធភាព​ព្យួរ​ជា​បណ្តោះអាសន្ន​ នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី​ «អ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (EBA​)» សម្រាប់​កម្ពុជា​ ជា​ការ​ឆ្លើយតប​នឹង​អ្វី​ដែល​ថា​កម្ពុជា​ ធ្វើឲ្យខូច​ប្រជាធិបតេយ្យ​ និង​មានការ​រំលោភសិទ្ធិ​មនុស្ស​។

តែ​យ៉ាងនេះ​ក្តី​ មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​ កម្ពុជា​នៅតែ​អាច​គេច​ផុត​ពី​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ប្រសិនបើ​កម្ពុជា​ ព្រម​ស្ដារ​សិទ្ធិមនុស្ស​ និង​ ប្រជាធិបតេយ្យ​ឡើងវិញ​។

សហភាព​អឺរ៉ុប​ ជាទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ទំនិញ​របស់​កម្ពុជា​។ ទំនិញ​កម្ពុជា​ ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប​ មាន​ដូចជា​សម្លៀកបំពាក់​គ្រប់​ប្រភេទ​ ស្រោម​ ជើង​ ស្បែកជើង​ អង្ករ​ គ្រាប់​ធុញ្ញជាតិ​ វត្ថុ​ធ្វើ​ពី​ស្បែក​ ឆ័ត្រ​ កៅស៊ូ​ និង​ទោចក្រយាន​។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាន់​សហភាព​អឺរ៉ុប​ មាន​ទំហំ​ទឹកប្រាក់​ជាង៦ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ក្នុងទឹក​ប្រាក់​បាន​ពី​ការនាំចេញ​ទៅកាន់​អឺរ៉ុប​នេះ​ បាន​ធ្វើឲ្យ​កម្ពុជា​ចំណេញ​ថវិកា​ជិត​ ៧០០លាន​ដុល្លារ​អាមេរិក​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​៕

អាសន្ន៖ សេដ្ឋកិច្ច​សឹង្ហ​បូរី​ដាំ​ក្បាល​ចុះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ ចិន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ សេដ្ឋកិច្ច​សឹង្ហ​បូរី​បាន​ដាំ​ក្បាល​ចុះ​ជាង ៣ភាគរយ​ ដែល​បាន​ធ្វើឲ្យ​មាន​ការ​ភា្ញ​ក់​ផ្អើល​ដល់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​ ខណៈ​សឹង្ហ​បូរី​អាច​ក្លាយទៅជា​ជនរងគ្រោះ​ដំបូង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

យោង​តាម​របាយការណ៍​ ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​អាជ្ញាធរ​សឹង្ហ​បូរី​ការ​ធ្លាក់ចុះ​នេះ​ជា​សញ្ញា​ភ្ញាក់ផ្អើល​មួយ​ ដោយ​សារ​ត្រីមាស​ទី១ កំណើន​ផលិតផល​ក្នុង​ស្រុក​កើន​ជិត៤ភាគរយ​។ ប៉ុន្តែ​អត្រា​នេះ​បាន​ធ្លាក់ចុះ ៣​,៤នៅក្នុង​ត្រីមាស​ទី២​ ខណៈ​ប្រទេស​នេះ​ ពឹងផ្អែក​លើ​ការនាំចេញ​ ត្រូវ​បាន​ទទួលរង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​សឹង្ហ​បូរី​ បាន​ឲ្យដឹង​ថា​ មូលហេតុ​ចម្បង​គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់ចុះ​ នៃ​ការនាំចេញ​គ្រឿង​អេឡិចត្រូនិក​សំខាន់​ និង​គ្រឿងបរិក្ខារ​វិស្វកម្ម​។

របាយការណ៍​សេដ្ឋកិច្ច​របស់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ បាន​ចេញផ្សាយ​កាលពី​ខែមុន​ថា​ ការខាតបង់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ អាច​មាន​ទំហំ​ទឹកប្រាក់​ដល់១​,២ពាន់​ពាន់​លាន​ដុល្លារ​ ដែល​ប៉ះពាល់​ផលិតផល​សរុប​ក្នុង​ស្រុក​នៅ​ទូទាំង​ពិភពលោក​។

លោក ​Ravi​ Menon​ នាយក​ធនាគារ​កណ្តាល​សឹង្ហ​បូរី​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ជម្លោះ​ពាណិជ្ជកម្ម​អូស​បន្លាយ​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​បាន​ធ្វើឲ្យ​មានការ​កាត់បន្ថយ​ការផលិត​ ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគទុន​ទូទាំង​ពិភពលោក​។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ “ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​សឹង្ហ​បូរី​ គឺជា​សញ្ញា​ព្រមាន​ដល់​ប្រជាជាតិ​ដទៃទៀត​ ដែល​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​នឹង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ការព្យាករណ៍​”។

លោក ​Chua​ Hak​ Bin​ សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​ Maybank​ Kim​ Eng​ Research​ Pte​ បាន​ឲ្យដឹង​ថា​ សឹង្ហ​បូរី​ជា​ប្រទេស​មួយ​ដែល​ងាយ​រង​ផល​ប៉ះពាល់​ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​”។ សេដ្ឋវិទូ​រូប​នេះ​បាន​បន្ថែម​ថា​ “ទិន្នន័យ​នេះ​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​សម្រាប់​តំបន់​អាស៊ី​”។

វិបត្តិសេដ្ឋកិច្ច​ដែល​បាន​ធ្លាក់ចុះ​ពីរ​ត្រីមាស​ជាប់គ្នា​ ធ្វើឲ្យ​មានការ​ភ័យខ្លាច​កាន់តែ​ ច្រើន​នៅក្នុង​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។

លោក​ Chua​ “ខ្ញុំ​គិតថា​តួលេខ​នេះ​នឹង​មិនល្អ​ទេ​ ហើយ​វា​ជា​រឿង​អាក្រក់​បំផុត​”៕

រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន៤បន្ថែម​ទៀត​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុ​ម័​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ចំនួន៤ គម្រោង​បន្ថែម​បន្ថែម​ទៀត​ ដែល​ជា​គម្រោង​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ និង​ដាក់ឲ្យ​ដំណើរការ​ឲ្យបាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ សម្រាប់​ជួយ​ដល់​ស្ថានភាព​ផ្គត់ផ្គង់​អគ្គិសនី​នៅក្នុង​ឆ្នាំ២០២០​ និង​ ២០២១​។

គំរោង​នេះ​ត្រូវ​បាន​អនុម័ត​ ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​ក្រោម​អធិបតីភាព​ សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ១២​ ខែកក្កដា​ ឆ្នាំ​ ២០១៩​ នេះ​បានឱ្យ​ដឹង​ថា​ ការ​អនុម័ត​គម្រោង​នេះ​ គឺជា​ផែនការ​ដោះស្រាយ​បញ្ហា​ប្រភព​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០២០​ និង​ ២០២១​ ស្ថេរ​ភាព​នយោបាយ​ និង​សន្តិភាព​នៅ​កម្ពុជា​ បាន​នាំមក​នូវ​ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន​ លើ​គ្រ​ល់​វិស័យ​ជាបន្តបន្ទាប់​ រួម​ស្ថានភាព​កាន់តែ​ល្អ​នៅ​ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ២០២០​ បាន​ធ្វើឲ្យស​កម្ម​ភាព​វិនិយោគ​នេះ​កើន​លើស​ពេល​មុន​ៗ ជះឥទ្ធិពល​ឲ្យ​ការប្រើ​ប្រាស់​អគ្គិសនី​នៅ​ឆ្នាំ២០២១​ និង​ ឆ្នាំ​បន្តបន្ទាប់​ទៀត​ កើនឡើង​ច្រើនលើស​ពី​ការ​គ្រោងទុក​។

ការ​បន្ថែម​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ ដោយ​ពន្លឺ​ព្រះអាទិត្យ​ទាំង៤គម្រោង​នេះ​ តាម​ការសិក្សា​ ដើម្បីឲ្យ​មានប្រសិទ្ធភាព​ ត្រូវ​បាន​គ្រោង​ដាក់​ពង្រាយ​ទៅតាម​ទីតាំង​នៃ​បន្ទុក​ប្រើប្រាស់​អគ្គិសនី​ ដូច​ខាងក្រោម​ គម្រោង​ទី១​ នៅ​ខេត្តពោធិ៍សាត់៣០មេ​ហ្កា​វ៉ាត់​។ គម្រោង​ទី២​ នៅ​ខេត្តបាត់ដំបង៦០មេ​ហ្កា​វ៉ាត់​។ គម្រោង​ទី៣​ នៅ​ខេត្ត​បន្ទាយមានជ័យ​ ៣០​ មេ​ហ្កា​វ៉ាត់​ និង​គម្រោង​ទី៤​ នៅ​បាវិត​ ខេត្តស្វាយរៀង២០មេ​ហ្កា​វ៉ាត់​។

​;ពិតមែនតែ​ស្ថានីយ​ផលិត​ អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​ ផ្តល់​ថាមពល​អគ្គិសនី​ឲ្យ​យើង​បាន​តិចតួច​ក្នុងរង្វង់១៨.៥​% និង​ប្រែប្រួល​ជាប្រចាំ​ទៅតាម​ស្ថានភាព​ពន្លឺ​តិច​ ឬច្រើន​ តាម​ម៉ោង​នី​មួយ​ៗក៏ដោយ​ ប៉ុន្តែ​ការ​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​នេះ​ ជា​ការ​អភិវឌ្ឍ​មួយ​ដែល​យើង​អាច​ធ្វើ​បាន​រហ័ស​ និង​មានការ​គាំ​ទ្រ​ផ្គល់​ហិរញ្ញប្បទាន​ច្រើន​។

ដូច្នេះ​ក្នុង​សភាពការណ៍​ ដែល​យើង​កំពុងតែ​ខំ​រិះរក​មធ្យោបាយ​បន្ថែម​ ប្រភព​អគ្គិ​សនី​ផ្សេង​ៗ ផ្តល់​ឲ្យ​ប្រព័ន្ធ​ផ្គត់ផ្គង់​ ដើម្បី​ជៀស​ឲ្យ​ផុត​ពី​ការ​ខ្វះ​អគ្គិសនី​នៅ​ឆ្នាំ២០២០​ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ការ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​បន្ថែម​ គឺ​ពិតជា​មាន​សារៈសំខាន់​ និង​មានប្រយោជន៍​ ដោយ​វា​អាច​ជួយ​ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ ដើម្បី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​សេចក្តី​ត្រូវការ​អគ្គិសនី​ផង​ និង​ជួយ​ផ្តល់​លទ្ធភាព​ឲ្យ​វារីអគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​ សម្រាប់​ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង​។

ផលប្រយោជន៍​នៃ​ការ​អភិ​វឌ្ឃ​គម្រោង​ទាំង៤នេះ​ នឹង​ទទួល​បាន​អគ្គិសនី​ពី​ប្រភព​ថាមពល​ស្អាត​ កាត់បន្ថយ​ការប្រើ​ប្រាស់​ឥន្ធនៈ​ដែល​មាន​ថ្លៃ​ខ្ពស់​ ។ ផ្តល់​បន្ថែម​ប្រភព​អគ្គិសនី​ដោះស្រាយ​បង្គ្រប់​កង្វះខាត​ផង​ និង​ជួយ​ផ្តល់​លទ្ធភាព​ឲ្យ​វារីអគ្គិសនី​អាច​រក្សាទុក​ទឹក​ក្នុង​អាង​បាន​ច្រើនជាង​មុន​ សម្រាប់​ដំណើរការ​នៅពេល​ត្រូវការ​ចាំបាច់​ផង​។ នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ពេល​សាងសង់​ និង​ដំណើរការ​។លើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តី​ពី​ សារពើពន្ធ​ដែល​មាន​ជាធរមាន​ រាជរដ្ឋាភិបាល​នឹង​ទទួល​បាន​ចំណូល​ពន្ធ​ប្រមាណ១​,៨លាន​ដុល្លារ​អាមេរិក​ក្នុង១ឆ្នាំ​ ជាមធ្យម​ក្នុងរយៈពេល២១ឆ្នាំ​ ដោយ​មិនទាន់​គិតដល់​ពន្ធ​ដទៃទៀត​ដែល​អគ្គិសនី​កម្ពុជា​ និង​អ្នក​ចែកចាយ​អគ្គិសនី​ដ៏​ទៃ​ទៀត​ត្រូវ​បង់​នៅឡើយ​៕