ដោយ ៖ គង់ សូរិយា
ភ្នំពេញ ៖ នៅពេលនិយាយពីការខ្ចីឥណទានពីធនាគារ ដើម្បីទិញអចលនទ្រព្យជារឿងមួយដែលមានការពិភាក្សាគ្នាយ៉ាងច្រើន លើលំហូរសាច់ប្រាក់របស់អ្នកខ្ចី ហើយមនុស្សមួយចំនួនគិតថាវាជាបំណុល ដែលគួរឱ្យភ័យខ្លាច ប៉ុន្តែការពិតមិនមែនសុទ្ធតែដូច្នេះនោះទេ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ពាក្យថាគុនលុយ ឬជាប់បំណុលធនាគារធ្វើឱ្យមនុស្សមានកាតរភ័យខ្លាច ហើយបង្ខំលក់អចលនទ្រព្យនោះទាំងខាតបង់ប្រាក់ ប៉ុន្តែបើសិនជាយើងប្រើប្រាស់លុយធនាគារដោយឆ្លាតវៃ សិក្សាទីផ្សារច្បាស់លាស់ វាមិនបង្កហានិភ័យនោះទេ។ លោកបន្តថា បើសិនជានិយាយថា ការខ្ចីលុយធនាគារនឹងធ្វើឱ្យមានហានិភ័យខ្ពស់ វាជាការបំភ័យ និងប៉ះពាល់ដល់ធនាគារនានា ផ្ទុយទៅវិញបើយើងប្រើប្រាស់ឥណទានបានត្រឹមត្រូវនោះ វានឹងបង្កឱកាសយ៉ាងច្រើនដល់អ្នកវិនិយោគក្នុងវិស័យនេះ។






