អ្នកជំនាញថា ការកើនតម្លៃដីខ្ពស់ពេកជាឧបសគ្គនៃការវិនិយោគ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អ្នកជំនាញនិងអ្នកអភិវឌ្ឍន៍បានលើកឡើងស្រដៀងគ្នាថា ការកើនឡើងតម្លៃដីខ្ពស់ពេក បានក្លាយជាឧបសគ្គមួយរារាំងការអភិវឌ្ឍន៍ នៅតំបន់បឹងជើងឯក និងបឹងទំពុន ដែលតម្លៃដីខ្ពស់បែបនេះបានរំខានដល់ការវិនិយោគ និងសកម្មភាពអភិវឌ្ឍន៍នានា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា តំបន់បឹងជើងឯក និងបឹងទំពុនមានភាពទាក់ទាញ និងជាតំបន់ល្អសម្រាប់ការអភិវឌ្ឍ ប៉ុន្តែសកម្មភាពអភិវឌ្ឍន៍នៅតំបន់នេះ​មិនទាន់មានសកម្មភាពជាដុំកំភួនទេ តែតម្លៃដីបានកើនខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគបុរីមិនអាចធ្វើបានទេ នៅពេលតម្លៃដីកើនខ្ពស់ដល់កម្រិតនេះ។

អ្នកនាងបន្តថា “តម្លៃដីនៅតាមបណ្តោយមហាវិថីសម្តេចតជោហ៊ុន សែនមានភាព​សមស្រប តែតម្លៃដីលំនៅដ្ឋានមានតម្លៃខ្ពស់ មិនអាចសាងសង់បុរីបានទេ”។ អ្នកនាងបន្តថា “តំបន់មួយមិនអាចមានតែសកម្មភាពពាណិជ្ជកម្ម ឬសាងសង់តែមជ្ឈមណ្ឌលពាណិជ្ជ​កម្មនោះទេ ព្រោះសកម្មភាពពាណិជ្ជកម្មត្រូវការការគាំទ្រពីប្រជាជន ពីអ្នកអភិវឌ្ឍន៍លំ​នៅដ្ឋាន”។

លើកឡើងស្រដៀងគ្នានេះផងដែរ លោកង៉ែត ពិសិដ្ឋជំនួយការអគ្គនាយកបុរីពិភព​ថ្មីបានថ្លែងថា តម្លៃដីពិតជាឡើងថ្លៃខ្ពស់ពេកនៅតំបន់នេះ ដែលធ្វើឲ្យមិនអាចសាងសង់​លំនៅដ្ឋានលក់បាន ដោយសារការចំណាយទៅលើថ្លៃដីបានខ្ពស់រួចទៅហើយ។លោក​បន្តថា បច្ចុប្បន្នក្រុមហ៊ុនបានជួបឧបសគ្គក្នុងការស្វែងរកដី ដើម្បីអភិវឌ្ឍឬសាងសង់បុរីណាស់ ដោយសារតម្លៃដីកើនឡើងខ្ពស់ពេក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដើម្បីលើកំពស់សោភណ្ឌភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាត សាលារាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរក្រុងប៉ារីស ក្នុងការអភិវឌ្ឍន៍តំបន់ជើងឯកឱ្យក្លាយជាទីក្រុងបៃ​តង ដោយយកគំរូតាមទីក្រុងប៉ារីសប្រទេសបារាំង ក្នុងការៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារពាណិជ្ជកម្មនានាក្នុងតំបន់នេះនាពេលខាងមុខ។

លោកបន្តថា គំរោងអភិវឌ្ឍន៍ថ្មីនេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីស លើវិស័យនគរូបនីយកម្មក្នុងរាជធានីភ្នំពេញ ដោយតំបន់ភាគខាងត្បូងជាទីតាំងដែលមានទំហុំធំទូលាយមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានសក្តានុពលក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសសំណង់ពាណិជជ្ជកម្ម ដែលជាដើមចមនាំឱ្យសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រង ចង់ឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ ពិសេសជៀសផុតពីគ្រោះទឹកជំនន់៕

គំរោងអចលនទ្រព្យយក្សមួយទៀតចាប់ផ្តើមប្រកាសលក់ខុនដូតម្លៃសមរម្យ

0

ដោយដែន ចែងចាំង

ភ្នំពេញ: ក្រុមហ៊ុនអចលនទ្រព្យយក្សមួយមានមូលដ្ឋាននៅប្រទេសចិន បានប្រកា​សពីការលក់គំរោងខុនដូដ៏ធំរបស់ខ្លួន ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងក្នុងតម្លៃសមរម្យ​មួយ។

គំរោងដែលវិនិយោគដោយក្រុមហ៊ុនYUETAI GROUPនេះ មានឈ្មោះYUETAI THE GARDEN ដែលមានអាគារកំពស់៣៦ជាន់ចំនួន៨អាគារ និងលក់ក្នុងតម្លៃចាប់ពី​៣៩០០០ដុល្លារអាមេរិកឡើងទៅ ជាមួយនឹងការផ្តល់ជូនគ្រឿងសង្ហាររឹម និងសម្ភារៈផ្ទះ​បាយមួយសម្រាប់ផងដែរ។

ក្រុមហ៊ុនYUETAI GROUPកាលពីពេលថ្មីៗនេះ ក៏បានប្រកាសសម្ភោធចាប់ផ្តើម​គំរោងដ៏ធំរបស់ខ្លួន ដែលមានអាគារកប់ពពកចំនួន២២អាគារ ស្ថិតនៅតាមបណ្តោយដងទន្លេសាប(តំបន់កំពង់ផែស្វយ័ត្នក្រុងភ្នំពេញ)ផងដែរ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា ទីផ្សារខុនដូចាប់ផ្តើមមាននិន្នាការប្រែប្រួល ដោយអ្នកវិនិយោគបានងាកមកទិញខុនដូដែលបាន​សាងសង់រួច ឬជិតបញ្ចប់ការសាងសង់ ជាជាងទិញគម្រោងដែលបានប្រកាសហើយមិន​ទាន់សាងសង់។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបាន​មានប្រសាសន៍ថា ទីផ្សារខុនដូនៅតែមានការវិវត្តទៅមុខល្អប្រសើរ ទោះជាគំរោងថ្មីៗមួយចំនួនមិនបានប្រកាសការសាងសង់ក្នុងកំឡូងពេលនេះក្តី ប៉ុន្តែនិន្នាការនៃការទិញលក់នៅតែបន្តកើនឡើង ក្នុងកម្រិតមួយយឺតជាងមុន តែនៅតែមានស្ថិរភាព។

អ្នកនាងបន្តថា “តម្លៃខុនដូបានប្រែប្រួល ដោយអ្នកវិនិយោគបានងាកមកកាន់គំរោងដែលមានតម្លៃសមរម្យ ដែលសមស្របនឹងស្ថានភាពទីផ្សារពិតប្រាកដ”៕

អ្នកជំនាញក្រុមហ៊ុនអចលនទ្រព្យល្បីៗ ចំនួន១២ បានចុះកិច្ចព្រមព្រៀងបង្កើតវិទ្យាស្ថានអចលនវត្ថុកម្ពុជា

0

ដោយគង់ សូរិយា

​ភ្នំពេញ:​ ថ្នាក់ដឹកនាំក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជាចំនួន១២ បានចុះកិច្ចព្រមព្រៀង ដើម្បីឈានទៅបង្កើតមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ដែលមជ្ឈមណ្ឌលនេះបង្កើ​តឡើង ក្នុងគោលដៅបើកវគ្គបណ្តុះបណ្តាលជំនាញអចលនវត្ថុនៅប្រទេសនេះ។

​លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានមាន​ប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៨ កក្កដាកន្លងមកថា ក្រុមហ៊ុនទាំង១២បាន​សម្រេចចុះហត្ថលេខា ដើម្បីចាប់ផ្តើមបង្កើតទុនរួមគ្នា ក្នុងការបើកមជ្ឈមណ្ឌលនេះ។ ការ​បណ្តុះបណ្តាលជំនាញជាភ្នាក់ងារវាយតម្លៃអចលនវត្ថុ និងជំនាញវាយតម្លៃជាដើម នឹងធ្វើ​ឡើងនៅខែកញ្ញាខាងមុខនេះ។

រហូតមកទល់ពេលនេះ មជ្ឈមណ្ឌលបានទទួលអាជ្ញាប័ណ្ណពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរួចហើយ។


​លោកបន្តថា “ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកអចលនទ្រព្យ ជាការឆ្លើយតបនឹងតម្រូវការធនធានមនុស្ស នៅក្នុងទីផ្សារដែលកំពុងមានភាពរីកចម្រើននេះ”។លោកបន្តថា “មួយទសវត្សរ៍ចុងក្រោយនេះវិស័យសំណង់ និងអចលនវត្ថុកម្ពុជាមានភាពរីកចម្រើ​នខ្លាំង ហើយមានអ្នកជំនាញមកពីបរទេសមកធ្វើការងារនេះ ប៉ុន្តែចំនួនធនធានមនុស្សក្នុងវិស័យនេះនៅតែមានការខ្វះខាត”។

​លោកឃាង ពុទ្ឋីបានបន្តថា កម្មវិធីសិក្សាត្រូវបានរៀបចំតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រោះយើងបានសិក្សាពីកម្មវិធីសិក្សានៅប្រទេសជាច្រើន ដូចជា សឹង្ហុបុរី ជប៉ុន កូរ៉េជាដើម យកមកច្របាច់បញ្ចូលគ្នា ដើម្បីធ្វើយ៉ាងណាឲ្យកម្មវិធីសិក្សារបស់យើងស្របតាម​បរិបទកម្ពុចា និងបរិបទតំបន់។លោកបន្តថា ចំណែកគ្រូបង្រៀនឬសាស្រ្តាចារ្យ នឹងជ្រើស​រើសយកចេញពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកមានបទពិសោធន៍លើការងារនេះជាច្រើនឆ្នាំ ព្រមទាំងសាស្រ្តាចារ្យជំនាញមកពីបរទេសផងដែរ។

​ការចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលនេះ នឹងចាប់ផ្តើមពីខែសីហាខាងមុខនេះ នៅការិយាល័យរបស់មជ្ឈមណ្ឌលស្ថិតក្នុងគំរោងONe Park នៃមជ្ឈមណ្ឌលភ្នំពេញ(អតីតបឹងកក់)៕

អ្នកជំនាញ​នៅ​និយាយ​អ្វីខ្លះ​ពី​ស្ថានភាព​អចលនទ្រព្យ​រយៈពេល​វែង​ខាងមុខ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម ចំពោះ​ការរីកចម្រើន​លើ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា បើទោះបី​ប្រទេសមួយ​នេះ កំពុង​រៀបចំ​ការបោះឆ្នោត​ឆ្នាំ ២០១៨យ៉ាងណាក្តី។

លោក ឃាង ពុ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន Sleukrith Realty បាន​ឲ្យ​ដឹង​នៅក្នុង​កម្មវិធី​កិ​ពិភាក្សា​អ​លន​ព្រ​ព្យ​កាលពី​ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០១៨កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន គឺថា​មាន​ភាព​វិជ្ជមាន​សម្រាប់​ការវិនិយោគ  និង​ដំណើរការ​ល្អប្រសើរ​ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​ការបោះឆ្នោត និង​មា​នស​ស្ថេរភាព​នយោបាយ​ល្អប្រសើរ ខណៈ​ស្ថានភាព​នយោបាយ ក្នុងប្រទេស​មួយចំនួន​ក្នុង​តំបន់​មិន​ស​សូវ​ល្អប្រសើរ  ដែល​ធ្វើអោយ​អ្នក​វិនិយោគិន​អន្តរជាតិ តែងតែ​សំឡឹងមើល​ពី​បញ្ហា​នេះ ហើយ​សម្រេចចិត្ត​មក​វិនិយោគ​ក្នុង​ប្រ​តេស​កម្ពុជា។

លោក​បន្តថា “បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា គឺជា​ទិសដៅ​ល្អប្រសើរ​សម្រាប់​អ្នកវិនិយោគ​អន្តរជាតិ ដែល​កំពុងតែ​ចាប់យក​ឪ​កាស​នេះ ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុងចំណោម​វិស័យ​ផ្សេងទៀត។

លោក​បន្តទៀតថា ទាំង​ក្នុង​បច្ចុប្បន្ន និង​ទៅ​អនាគត​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​នៅតែ​ល្អប្រសើរ បើ​កត្តានយោបាយ​រក្សាបាន​ល្អប្រសើរ​បែបនេះ។លោក​បញ្ជាក់ទៀតថា ស្ថេរភាព​នយោបាយ​ក្នុងប្រទេស ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​រិ​ក​ចម្រើន​លើ​វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេងទៀត ព្រមទាំង​ទាក់ទាញ​អ្នក​វិ​និ​យោ​គិ​នានា​មក​វិនិយោគ​បន្ថែម​ក្នុងប្រទេស​កម្ពុជា។

លោក​អ៊ិន មាន​ស្ថាបនិក​គេហទំព័រ khmerhome.com បានដឹង​ដែរ​ថា ស្ថានភាព​នយោបាយ និង​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​នាពេលនេះ មិន​ធ្វើអោយប៉ះពាល់​ដំណើរការ​រកស៊ី​លើ​វិស័យ​អចលនទ្រព្យ​នោះទេ ដោយសារតែ​លោក​មើលឃើញថា​សកម្មភាព​ទិញ ឬ​លក់​កុំ​ពុង​តែ​រស់​រវើក។

លោក​បញ្ជាក់ទៀតថា ដើម្បី​រួមចំណែក​ជាមួយ​ការរីកចម្រើន​សេដ្ឋកិច្ច និង​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា ស្របតាម​គោ​លន​បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ គេហទំព័រ Khmerhome.com បាន​បង្កើត App មួយ​ដើម្បី​ប្រមូលផ្តុំ​ព័ត៌មាន​អចលនទ្រព្យ​នៅ​មួយកន្លែង ដើម្បី​សម្រាប់​ឲ្យ​អ្នករកស៊ី​លើ​វិស័យនេះ ទទួលបាន​ព័ត៌មាន និង​មាន​ភាពងាយស្រួល​ក្នុងការ​វិនិយោគ និង​កា​រស​ម្រេ​ចិត្ត​ទិញ​លើ​វិស័យ​អ​ច​នល​ទ្រព្យ៕

Cambodia Real Estate Award ឆ្លុះបញ្ចាំងពីដំណើរឈានទៅមុខនៃវិស័យអចលវត្ថុកម្ពុជា

1

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្មវិធីពានរង្វាន់អចលនវត្ថុកម្ពុជា ឬ Cambodia Real Estate Award បានទទួលការចាប់អារម្មណ៍ និងបញ្ចប់ដោយទទួលបានជោគជ័យ តាមរយៈការចែកពានរង្វាន់ជាច្រើនដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រុមហ៊ុនអន្តរជាតិជាច្រើនបាន​ចូលរួម ដើម្បីទទួលបានពានរង្វាន់ពីកម្មវិធីនេះ។

លោក Thomas O´Sulivan អគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនវត្ថុកម្ពុជា Realestate.com.khដែលបានផ្តួចផ្តើមកម្មវិធីនេះ ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់​ងារអចលនវត្ថុកម្ពុជា និងសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសា​សន៍ឲ្យដឹងក្នុងពិធីប្រកាសពានរង្វាន់ Cambodia Real Estate Awards ឆ្នាំ២០១៨ នារាត្រីថ្ងៃទី៦ កក្កដាកន្លងមកថា វិស័យអចលនវត្ថុកម្ពុជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះភ្នាក់ងារអចលនវត្ថុជាច្រើនបានខិតខំប្រឹងប្រែ​ងនិងចូលរួមចំណែកដល់ភាពជោគជ័យនេះ។

លោកបន្តថា “ដូច្នេះវាជាការចាំបាច់សម្រាប់យើង ក្នុងកា​រទទួលស្គាល់អ្នកទាំងនេះ  ជាភ្នាក់ងារអចលនទ្រព្យឈានមុខគេ សម្រាប់សមិទ្ឋិផលនិង​ការរួមចំណែករបស់ពួកគេ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាង​បានថ្លែង និងត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព៌តមានផងដែរថា ដូចខ្ញុំបានលើ​កឡើងពីខាងដើមថា យើងត្រូវមានព្រឹត្តិការណ៍ទាំងនេះបន្ថែមទៀត នៅពេលអនាគត ដើម្បីផ្តល់តម្លៃ និងលើកទឹកចិត្តដល់បុគ្គលឆ្នើមនៅក្នុងវិស័យអចលនវត្ថុកម្ពុជា ហើយក្នុងពេលជាមួយគ្នា ដើម្បីជួយលើកស្ទួយវិស័យនេះ រួមទាំងប្រទេសកម្ពុជាទៅឲ្យពិភពលោក​ខាងក្រៅបានស្គាល់។

លោកបណ្ឌិតសុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណកម្មការវាយតម្លៃពានរង្វាន់នេះបានថ្លែងថា មានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យចូលរួម ដើម្បីទទួលបានការវាយតម្លៃសម្រាប់ពានរង្វាន់នេះ ប៉ុន្តែក្រុមហ៊ុនខ្លះមិនមានស្តង់ដា និងមិនមានចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានយើងជម្រុះចេញ និងជ្រើសរើសយកតែក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ មានការបង់ពន្ឋ និងគោរពច្បាប់បានត្រឹមត្រូវ ដើម្បីទទួលបានការវាយតម្លៃពីគណកម្មការរបស់យើង។

លោកបន្តថា “នៅឆ្នាំនេះជាលើកទី១មានអ្នកចូលរួមច្រើន ប៉ុន្តែលោកគិតថានៅឆ្នាំទី២នឹងមានក្រុមហ៊ុនចូលរួមកាន់តែច្រើនថែមទៀត ដែលនៅពេលនោះអ្នកជាប់លេខ១ឆ្នាំនេះ មិនប្រាកដថាបានលេខមួយទៀតទេ ដោយសារមានដៃគូប្រកួតប្រជែ​ងច្រើន”។​ លោកបន្តថា “អ្នកឈ្នះពានរង្វាន់នេះស័ក្តិសមនឹងទទួលបានការទទួលស្គាល់ និងទទួលបានពាន​រង្វាន់របស់យើង សម្រាប់ការបន្តឧត្តមភាព និងការធ្វើជាគំរូដល់អ្នកដទៃ”៕

កត្តាអ្វី ដែលធ្វើឱ្យជនជាតិចិន ចូលមករស់នៅកម្ពុជាកាន់តែច្រើនឡើងៗ

0

ដោយ រ៉ាវី

ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃជនជាតិចិន បានចូលមករស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ ហើយហ៊ានជួលដីឬផ្ទះស្នាក់នៅមានតម្លៃខ្ពស់ជាងទីផ្សារ ក្នុងប្រទេសកម្ពុជាទ្វេរដងទៀតផង។

លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឡាក់គី (Lucky Real Estate Cambodfia) មានប្រសាសន៍ថា បច្ចុប្បន្នវត្តមានវិនិយោគិនចិន បានចូលមកស្នាក់នៅកម្ពុជាកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់មែន ពិសេសចូលមករស់នៅក្នុងក្រុងភ្នំពេញ និងខេត្តកំពង់សោម ដែលធ្វើឱ្យទីក្រុងជាប់មាត់សមុទ្រមួយនេះ ស្ទើរតែក្លាយជាទីក្រុងចិនឬហៅថា (China Town) ដូចនៅប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីដែរ។

លោកថា កត្តាដែលធ្វើឱ្យជនជាតិចិនហ៊ានជួលអចលនទ្រព្យ ដីធ្លី ផ្ទះសំបែង ថ្លៃខ្ពស់ខ្លាំងដើម្បីស្នាក់នៅធ្វើការវិនិយោគផ្សេងៗនេះ ទី1.គឺដោយសារជាតម្រូវការចាំបាច់ ក្នុងការស្នាក់នៅ ឬជាទីតាំងដែលមានសក្តាសនុពលក្នុងការបណ្តាក់ទុនរកស៊ី។ ទី2.ជួនកាលគាត់មិនបានជួលផ្ទាល់ពីម្ចាស់ផ្ទះឬម្ចាស់ដីនោះទេ ពោលគឺជួលតៗគ្នា ដែលធ្វើឱ្យអ្នកជួលរកប្រាក់ចំណេញតៗគ្នា ទើបបានជាធ្វើឱ្យការជួលមានតម្លៃថ្លៃលើសទីផ្សារទេ្វរដងដូច្នេះ។ និងទី3.ដោយសារតម្រូវការខ្លាំង ក្នុងដាក់បង្កើតស្នាក់ការក្រុមហ៊ុនដើម្បីធ្វើការវិនិយោគផ្សេងៗ។

តំបន់ដែលជនជាតិចិនរស់នៅច្រើនក្នុងក្រុងភ្នំពេញ មានដូចជាតំបន់បឹងកេងកង តំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងផ្សាររតនាផ្លាហ្សាជាដើម។ ការមកស្នាក់នៅក្រុងភ្នំពេញនេះ គឺដោយសារពួកគាត់មករកស៊ីបណ្តាក់ទុនក្នុងវិស័យវាយណភណ្ឌកាត់ដេរ និងការវិស័យអចលនទ្រព្យ ដីធ្លី និងសាងសង់សំណង់ខុនដូរលក់ជាដើម។ លោកថាការមករកស៊ីដីធ្លីនិងសំណង់នេះ គឺដោយសារជនជាតិចិនមើលឃើញឱកាសវិនិយោគកម្ពុជា នៅមានច្រើន ទទួលផលចំណេញច្រើនទៅថ្ងៃអនាគត ខណៈដែលប្រទេសរបស់ខ្លួន តម្លៃអចលនទ្រព្យឡើងខ្ពស់ស្ទើរខ្លាំង ស្ទើរអស់ឱកាសរកប្រាក់ចំណេញលែងបានហើយនោះ៕

CBRE ទទួលបានពានរង្វាន់៤ ពីកម្មវិធី Cambodia real estate Award 2018

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យCBRE Cambodiaបានទទួលពានរង្វាន់ច្រើនជាងគេ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឬ Cambodia Real Estate Awardដែលបាន​រៀបចំលើកទី១នៅប្រទេសកម្ពុជា។

ពានរង្វាន់នេះ ត្រូវបានរៀបចំដោយក្រុមហ៊ុនគេហទំព័រ Realestate.com.kh,សមា​គមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaអ្នកនាងអាន សុធីតាបានមានប្រសាសនឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ កក្កដានេះថា ការទទួលបានពានរង្វាន់នេះជាការឆ្លុះបញ្ចាំង ពីការផ្តល់សេវាកម្មរបស់ក្រុមហ៊ុនយើងមានលក្ខណៈពិសេស និងជា​ក្រុមហ៊ុនធំជាងគេនៅក្នុងវិស័យនេះ ហើយការទទួលពានរង្វាន់នេះ ធ្វើឲ្យគេស្គាល់ពីក្រុមហ៊ុនរបស់យើងកាន់តែច្រើន តាមរយៈការផ្តល់សេវាកម្មបានល្អ​ប្រសើរដល់អតិថិជន​។

អ្នកនាងបន្តថា “ទម្រាំទទួលបានពានរង្វាន់នេះ ក្រុមហ៊ុនត្រូវដាក់ឯកសារការងារជាច្រើនដល់គណកម្មការវាយតម្លៃឯករាជ្យ ដើម្បីទទួលបានការវាយតម្លៃដោយត្រឹមត្រូវ និងយុត្តិធ៌ម”។អ្នកនាងបន្តថា “វាបង្ហាញពីភាពត្រឹមត្រូវរបស់យើង ដែលជួយទាំងរដ្ឋាភិ​បាល និងឯកជន ព្រោះយើងត្រូវតែជាក្រុមហ៊ុនដែលមានការចុះបញ្ជីរត្រឹមត្រូវ មានវិជ្ជាជីវៈនិងមានការបង់ពន្ឋត្រឹមត្រូវ”។

ពានរង្វាន់ដែលក្រុមហ៊ុនCBRE Cambodiaទទួលបានចំនួនបួន មានដូចជា ទី១ ពនរង្វាន់ផ្នែកផ្តល់សេវាកម្មជួលបានល្អជាងគេ ទី២ ពានរង្វាន់ភ្នាក់ងារផ្នែកពាណិជ្ជកម្មបានល្អជាងគេ ទី៣ ពានរង្វាន់ជាភ្នាក់ងារជាជម្រើសរបស់អតិថិជន និងទី៤ ពានរង្វាន់ផ្នែកគ្រប់គ្រងអចលនទ្រព្យ៕

KFA ទទួលបានពានរង្វាន់ឆ្នើមចំនួនពីរ ក្នុងវិស័យអចលនទ្រព្យ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យកម្ពុជា Khmer Foundation Appraisal បានទទួល​ពានរង្វាន់ឆ្នើមចំនួនពីរ ក្នុងព្រឹត្តិការណ៍ Cambodia Real Estate Award 2018 ដែល​បានរៀបចំជាលើកតំបូងនៅកម្ពុជា។

លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ឲ្យដឹតតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ កក្កដានេះថា ថ្ងៃនេះ ក្នុងនាមក្រុកមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សលល (KFA) ខ្ញុំ និងបុគ្គលិករបស់ខ្ញុំ មានការសប្បាយរីករាយក្នុងការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាល គឺពានរង្វាន់ Cambodia Real Estate Award ឆ្នាំ 2018 ដែលរៀបចំដោយ ក្រុមហ៊ុន realestate.com.kh ដែលសម្រេចផ្តល់ជូនដោយគណៈកម្ម​ការឯករាជ៥រូប និងមានការសម្របសម្រួលដោយក្រសួងសេដ្ឋកិច្ច។

ក្រុមហ៊ុន KFA ត្រូវបានគេទទួលស្គាល់ក្រុមហ៊ុនក្នុងស្រុក ដែលជាក្រុមហ៊ុនវាយតំលៃអចលនទ្រព្យល្អលេខ១ សំរាប់ឆ្នាំ២០១៨ និងពាន់មួយទៀតរូបខ្ញុំបាទជាអ្នវាយតំលៃអចលនទ្រព្យជំណាញភាពឆ្នើមឆ្នាំ២០១៨ផងដែរ។

លោកឧកញ៉ាបានបន្តថា “ព្រឹត្តិការណ៍នេះជាការលើកកំពស់កិត្យានុភាពវិស័យអចលនទ្រព្យនៅកម្ពុជាទាំងមូល មិនមែនសម្រាប់តែក្រុមហ៊ុនរបស់ខ្ញុំនោះទេ”។លោកបន្តថា “កន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានជម្រុញការងារនេះ ដើម្បីឲ្យអ្នកធ្វើការ​ក្នុងវិស័យនេះទាំងមានជំនាញ និងមិនសូវមានជំនាញទទួលបានអាជ្ញាប័ណ្ណ ប៉ុន្តែបច្ចុប្បន្នវិស័យនេះកំពុងមានការរីកចម្រើន និងមានភាពរ៉ឹងមាំ ដោយមានអ្នកជំនាញកាន់តែច្រើនចូលប្រឡូកក្នុងវិស័យនេះ”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា កន្លងមកនៅកម្ពុជាមិនមានស្ថាប័នណាវាយតម្លៃពីសមត្ថភាព និងកម្រិតជំនាញរបស់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុកម្ពុជាទេ តែពេលនេះក្រោមការផ្តួចផ្តើមពី Realestate.com.kh ពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន​វត្ថុកម្ពុជា និងសម្របសម្រួលពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានគណកម្មការ​វាយតម្លៃដោយឯករាជ្យ លោកមានការភ្ញាក់ផ្អើលខ្លាំងពីព្រឹត្តិការណ៍ និងការរីកចម្រើនក្នុងវិស័យនេះ។

លោកបន្តថា “កម្មវិធីនេះបានឆ្លុះបញ្ចាំងពីភាពរ៉ឹងមាំ និងការរីកចម្រើនក្នុងវិស័យនេះ ហើយខ្ញុំពិតជាមានការរំភើបដែលទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះ”។

កន្លងមកក្រុមហ៊ុន KFA (Khmer Foundation Appraisal) បានទទួលពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពពីចក្រភពអង់គ្លេសផងដែរ៕

អគ្គនាយកបុរី ប៉េង ហួត បង្ហាញពីទស្សនវិស័យនៃការវិនិយោគបុរី

0

ដោយ ស៊ីវ ម៉េង SIV MENG

ភ្នំពេញជាមួយនឹងភាពជោគជ័យ និងអាចនិយាយថាជាបុរីឈានមុខគេមួយនៅកម្ពុជា បុរីប៉េង ហួតទទួលបានការទទួលស្គាល់ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ តើបុរីនេះទទួលបានជោគជ័យយ៉ាងដូចម្តេច លោកស៊ីវ ម៉េងអ្នក​យកព៌តមានផ្នែកអចលនទ្រព្យ នៃកាសែតភ្នំពេញប៉ុស្ត៍បានជួបសម្ភាសន៍ពិសេ​សជាមួយលោកឧកញ៉ាថៃ ម៉េងលីអគ្គនាយកបុរីប៉េង ហួត ដើម្បីស្តាប់ពីទស្សនវិស័យ និងយុទ្ឋសាស្រ្តរបស់លោក ក្នុងការវិនិយោគបុរីនេះ។

តើលោកឧកញ៉ាបានចាប់ផ្តើមវិនិយោគបុរីនេះយ៉ាងដូចម្តេច?

ខ្ញុំបានចាប់ផ្តើមវិនិយោគបុរីប៉េង ហួតនៅឆ្នាំ២០០៥ ព្រោះកំឡុងពេលនោះ​នៅកម្ពុជាមិនទាន់មានបុរីស្អាតនៅឡើយទេ មានតែផ្ទះល្វែង និងការសាងសង់    វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេសច្រើន ក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួតជាលើកទី១ នៅតាមបណ្តោយផ្លូវ៥៩៨។

បន្ទាប់ពីសាងសង់ទីតាំងបុរីទី១ នៅផ្លូវលេខ៥៩៨ យើងបានចាប់ផ្តើមវិនិយោគបុរីបន្តមកកាន់ផ្លូវជាតិលេខ១ ដែលមានទំហំដីកើនឡើងដល់ជាង២០គីឡូ​ម៉ែត្រ និងបន្តវិនិយោគនៅគំរោង​ជាច្រើនទៀត។

ការឌីសាញបុរីនេះ បានគិតពីសួនបៃតង ដើមឈើធំៗ ដោយផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនិមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ។

តើរហូតមកទល់ពេលនេះផ្ទះដែលបានសង់ចប់ និងលក់ចេញបានប៉ុន្មានហើ​យតាំងពីចាប់ផ្តើម?

គិតរហូតមកទល់ពេលនេះ មានផ្ទះជិត១០,០០០ខ្នងត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ៧០០០ ទៅ៨០០០ខ្នងត្រូវបានលក់ចេញ។ ទីតាំងនេះអាចជាទីក្រុងរណបមួយបានហើយ។

អ្វីដែលប្រជាជនក្នុងស្រុក​ និងភ្ញៀវអន្តរជាតិចាប់អារម្មណ៍ គឺម៉ូតផ្ទះនិងហេដ្ឋារចនាសម្ព័ន្ឋនៅក្នុងបុរីនេះ តើលោកឧកញ៉ាយកទស្សននៃការរៀបចំបែបផែន​នគរូបនីយកម្មមកពីណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហូតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេ​សជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើង​ក៏អាច​សាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។

អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នក​មានជីវភាពលំដាប់ខ្ពស់។

អ្វីជាកត្តាកំណត់ស្នូលដែលធ្វើឲ្យបុរីប៉េង ហួតទទួលជោគជ័យរហូតមកទល់ពេលនេះ ក្រៅពីម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ឋដ៏ទាក់ទាញ?

អ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន។ មានន័យថា អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។ ជាក់ស្តែង​យើ​ងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរីប៉េង ហួតផ្លូវជាតិលេខ១ ព្រោះ​យើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកំសាន្ត ផ្សារទំ​នើប សាលារៀនអន្តរជាតិជាដើម។   

ងាកមកមើលស្ថានភាពទីផ្សារបុរី តើលោកឧកញ៉ាមើលឃើញដូចម្តេច?

ខ្ញុំគិតថា សម្រាប់បុរីប៉េង ហួតមិនមានបញ្ហាអ្វីនោះទេ វានឹងបន្តរីកចម្រើន​បន្តទៀត ព្រោះប្រទេសយើងកំពុងរីកចម្រើន ហេតុនេះយើងនឹងបន្តវិនិយោគបន្ថែមទៀត។ គិតរហូតមកទល់ពេលនេះ យើងបានចំណាយទុនច្រើនមកហើយ។

យើងមានទិសដៅ និងពង្រីកទៅកាន់ទីតាំងផ្សេងៗទៀតនាពេលអនាគត។

ក្រៅពីការវិនិយោគដោយជោគជ័យ តើក្រុមហ៊ុនបុរីប៉េង ហួតបានរួមចំណែកជួយដល់ការងារសង្គមយ៉ាងដូចម្តេច?

ក្រុមហ៊ុនបុរីរបស់យើង ក្រៅពីការរកស៊ីទទួលបានប្រាក់ចំណេញហើយ យើងក៏បាន​ផ្តល់ជំនួយមនុស្សធ៌ម ជួយដល់មន្ទីរពេទ្យគន្ឋបុប្ឆាចំនួន១០ម៉ឺនដុល្លា​រកាលពីសប្តាហ៍មុន និងបានរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជា​សា​លារៀន កសាង​វត្តអារ៉ាម និងផ្លូវមួយចំនួនទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយ​រដ្ឋាភិបាលកម្ពុជា។

មានការលើកឡើងថា ឈ្មោះប៉េង ហួតជាឈ្មោះបូកបញ្ចូលគ្នារបស់អ្នកវិនិយោគបុរីនេះ តើពិតទេលោកឧកញ៉ា?

បាទពិតហើយ ពាក្យប៉េងហួត គឺចេញពីឈ្មោះរបស់បងប្រុសខ្ញុំពីររូប ដែលជាស្ថាបនិកបុរីនេះ បងខ្ញុំម្នាក់ឈ្មោះប៉េង និងម្នាក់ទៀតឈ្មោះហួត។

ងាកមកស្ថានភាពនយោបាយកើនកំដៅកាលពីពេលថ្មីៗនេះ តើមានរងផលប៉ះពាល់ដល់ការលក់លំនៅដ្ឋានរបស់បុរីឬទេ?

ស្ថានភាពនយោបាយកាលពីពេលថ្មីៗនេះ រងផលប៉ះពាល់តិចតួច ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ ហើយសម្រាប់រយៈពេលវែងមិនមានបញ្ហានោះទេ ដោ​យ​សារយើងបានឆ្លងកាត់បទពិសោធន៍ជាច្រើន ប៉ុន្តែក្រោយពេលបោះឆ្នោតអ្វីៗនឹង​មានភាពប្រសើរឡើង ហើយយើងនៅតែដំណើរការល្អជាងគេ។

លើសពីអ្វីជាផ្ទះនៅក្នុងបុរី បច្ចុប្បន្នក្រុមហ៊ុនបុរីប៉េង ហួតបានចាប់ផ្តើមវិនិ​យោគលើខុនដូសម្រាប់លក់ តើហេតុអ្វីដែរ លោកឧកញ៉ា ? ដោយសារទីផ្សារខុនដូល្អប្រសើរឬយ៉ាងណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ឋនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការ​របស់អតិថិជនជាតិ និងអន្តរជាតិ៕

អ្នកជំនាញអចលនទ្រព្យ ៧០០នាក់ មកពីជុំវិញពិភពលោកនឹងមកកាន់ទីក្រុងភ្នំពេញ

0

ដោយគង់ សូរិយា

ភ្នំពេញក្រុមអ្នកជំនាញ និងអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យប្រមាណ​៧០០នាក់ នឹងមកកាន់កម្ពុជាដើម្បីចូលរួមក្នុងសន្និសីទកំពូលមួយ ដែលនឹងរៀប​ចំ​ធ្វើឡើងនៅទីក្រុងភ្នំពេញនាពេលខាងមុខនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានថ្លែងឲ្យដឹងនៅពេលថ្មីៗនេះថា The ARENA Convention& Expo ២០១៨ នឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ដល់២៦សីហាខាងមុខនេះ ដោយនឹងមានអ្នកចូលរួមប្រមាណ៧០០នាក់ ក្នុងនោះ៣៥០នាក់ នឹងអញ្ជើញមកពីជុំវិញពិភពលោក ដូចជា តំបន់អាស៊ាន អឺរ៉ុប ចិន កូរ៉េ ជប៉ុន អូស្រ្តាលី ព្រមទាំងអាមេរិក និងមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុចូលរួមប្រមាណ៣៥០នាក់ទៀត។

ប្រធានបទនៃវេទិកាដ៏ធំនេះ “តើការរកស៊ីអចលនទ្រព្យនៅលើពិភពលោកគេធ្វើបែបណា?” ដោយមានការចូលរួមពីវាគ្មិន១២រូប ដែលជាប្រធានសមាគមអចលនទ្រព្យមកពី១២ប្រទេស។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសគណកម្មការសម្រាប់កម្មវិធី ERANA Convention &Expo 2018 របស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា ដែលបានចេញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា សមាគមត្រូវការជ្រើសរើសគណកម្មការ សម្រាប់រៀបចំកម្មវិធីខាងលើនេះ ដែលសមាគមCVEA ធ្វើម្ចាស់ផ្ទះនិងជាប្រធានប្តូរវេនផង។

ក្នុងកម្មវិធីនេះសមាគមត្រូវរៀបចំគណកម្មការ ដែលមានសមាសភាពចំនួ​ន២០រូប ដែលជាប្រធានក្រុមហ៊ុន សមា​ជិក សមាជិការបស់សមាគម ដើម្បីរៀប​ចំដំណើរការកម្មវិធីនេះ ឲ្យប្រព្រឹត្តិទៅដោ​យរលូនតាមការគ្រោងទុក ដើម្បីផ្តល់ឳកាសឲ្យសមាជិកសមាគម បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយអ្នកជំនាញអចលនវត្ថុពីក្រៅប្រទេសផងដែរ៕