ដោយ គង់ សូរិយា
កោះកុង៖ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងមោទនភាព ចំពោះការរីកចម្រើនខេត្តកោះកុង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកាន់តែមានប្រសិទ្ឋភាព។
សម្តេចបានមានប្រសាសន៍ក្នុងពេល អញ្ជើញជួប សំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីចំនួន ១៣,៨៦៦ នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលពិធីនេះបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ច ពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនាព្រឹកថ្ងៃទី១៣ មិនានេះថា នាពេលបច្ចុប្បន្ននេះ ដែលមានភាពខុសឆ្ងាយពីអតីតកាល។ កាលពីមុនខេត្តកោះកុងគឺមិនមានហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវធ្វើដំណើរគឺមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែពេលបច្ចុប្បន្ននេះ ការធ្វើដំណើរពីភ្នំពេញមក ខេត្តកោះកុងគឺមានភាពងាយស្រួលជាងមុនឆ្ងាយណាស់។
សម្តេចបន្តថា “ភាពរីកចម្រើនទាំងអស់នេះ គឺដោយសារតែ កម្ពុជាបានសម្រេចជោគជ័យ នៃការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ។ បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ រួចហើយនោះ គឺកម្ពុជាបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រពីរសំខាន់គឺ ទី១ ការប្រែក្លាយតំបន់អតីតសមរភូមិក្តៅទាំងអស់ឲ្យទៅជាតំបន់ទីផ្សារ និងតំបន់អភិវឌ្ឍន៍ និងទី២ ការប្រែក្លាយតំបន់ព្រំដែនកម្ពុជាជាមួយបណ្តាប្រទេសជិតខាង អោយទៅជាតំបន់ដែលមានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។
សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅថ្ងៃខាងមុខនេះ ផ្លូវលេខ៤៨ពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ នឹងក្លាយទៅជាផ្លូវហាយវេ (Hight Way) ដ៏សំខាន់មួយសំរាប់បំរើ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយើង ដែលផ្លូវនេះនឹងត្រូវស្ថាបនាឡើងដោយជំនួយសាធារណរដ្ឋកូរ៉េ។ ក្នុងពេលបច្ចុប្បន្ននេះ យើងក៏មានផ្លូវចេញពីខេត្តកោះកុង ទៅតំបន់ ថ្មដា នៃខេត្តពោធិសាត់ និងខេត្តបាត់ដំបងទៀតផង ដើម្បីអោយការធ្វើដំណើររបស់ប្រជាពលរដ្ឋយើងកាន់តែងាយស្រួល និងចំណេញទាំងពេលវេលា និងថវិកា៕