ស្វែងយល់ពីអាស៊ាន! ការលក់ខុនដូនៅក្នុងប្រទេសវៀតណាមធ្លាក់ចុះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាថ្មីម្តងទៀតទីផ្សារខុនដូប្រទេសវៀតណាម បានចាប់ផ្តើមធ្លាក់ចុះជាថ្មី។នេះបើយោងតាមរបាយការណ៍របស់ CBRE VIETNAM។

យោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយក្រុមហ៊ុន CBRE Vietnam បានបង្ហាញកាលពីចុងសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា ប្រទេសវៀតណាមបានសម្ភោធដាក់អោយដំណើរខុនដូ៦,៥៣៤ យូនីត នៃគម្រោង១៩ ក្នុងត្រីមាសទី២ ឆ្នាំ ២០១៨ នេះ មានការធ្លាក់ចុះប៉ុន្មានជា២០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។របាយការណ៍ដដែលបានឲ្យដឹងបន្តថា ដូចគ្នានេះដែរមានតែខុនដូ៥,៩០០យូនីតប៉ុ​  ណ្ណោះ ត្រូវបានលក់ចេញក្នុងត្រីមាសទី២ ឆ្នាំ២០១៨នេះ ដោយបានធ្លាក់ចុះ២២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ CBRE បានពន្យល់ថា ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនមានបំណងផ្អាក ការសម្ពោធអោយដំណើរនៅត្រីមាសទី២នេះ ដើម្បីពិនិត្យមើលឡើងវិញនូវផលិតផលបច្ចុប្បន្ន និងកំណត់កាលបរិច្ឆេទថ្មីសម្រាប់ចុងឆ្នាំនេះ។ ការពន្យារពេលនៃការបើកដំណើ​រការ ក៏នឹងអនុញ្ញាតឱ្យមានពេលវេលា សម្រាប់ការស្រូបយកនូវខុនដូ ដែលមិនលក់ចេញផងដែរ។

លោកស្រី Dang Phoung Hang អគ្គនាយក CBRE ប្រចាំនៅប្រទេសវៀតណាមបានអោយដឹងថា នៅត្រីមាសទី២ឆ្នាំនេះ ត្រូវបានគេចាត់ទុកថា ជារយៈពេលនៃការកែតម្រូវលើទីផ្សារអចលនទ្រព្យ ក្នុងទីក្រុងហាន់ណូយ មុននឹងឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

ទោះជាយ៉ាងណាសមាមាត្រនៃចំនួនខុនដូនៅនៅត្រីមាសទី២ បានកើនឡើង៣៧ភាគរយដែលកើនឡើងពី១៥ភាគរយ នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។ ក្នុងន័យនេះ CBRE សំដៅលើខុនដូដែលមានតម្លៃថ្លៃបំផុត ដែលមានតម្លៃចាប់ពី១,៥០១ ដុល្លារដល់ ៣.៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃលក់ជាមធ្យមសម្រាប់ខុនដូ នៅក្នុងទីក្រុងហាណូយក្នុងត្រីមាសទី១ មានតម្លៃចំនួន១,៣៣២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ បើទោះបីជាតួលេខនេះបានធ្លាក់ចុះ០,៤ ភាគរយនៅត្រីមាសនេះ ក៏ដោយក៏វាកើនឡើង០,៤ភាគរយធៀបនឹងឆ្នាំមុនផងដែរ។

តំបន់ភាគខាងលិច និងខាងជើងនៃទីក្រុងហាណូយមានចំនួន៥៣ភាគរយ និង ២៥ ភាគរយនៃការសម្ពោធគម្រោងថ្មីនៃអគារខុនដូរ៕

តំបន់ស្ទឹងមានជ័យ កំពុងប្រែមុខមាត់ថ្មីធ្វើឲ្យបែបផែនជីវិតកាន់តែរសរវើក

0

ដោយ រតនៈ

ភ្នំពេញ៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះសន្ទុះនៃតម្រូវការគេហដ្ឋាន នៅតាមតំបន់នានាក្នុងទីក្រុងភ្នំពេញ កើនឡើងជាលំដាប់គួរអោយកត់សម្គាល់  ជាក់ស្តែងសូម្បីតែតំបន់ស្ទឹងមានជ័យ ដែលជាតំបន់មួយត្រូវគេបំភ្លេចចោលកាលពីអតីតកាល បច្ចុប្បន្នបានប្រែក្លាយជាតំបន់មានការអភិវឌ្ឍលំនៅដ្ឋាន ក្លាយជាតំបន់អ៊ូអរ និងមានវិនិយោគិនធំៗធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់ផងដែរ។

មិនតែប៉ុណ្ណោះ តំបន់នេះក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារ ផងដែរ។​ តំបន់នេះក៏ជាច្រកពាណិជ្ជកម្ម កណ្តាលមួយសម្រាប់ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗដែលមានដូចជាផ្លូវជាតិលេខ១ លេខ២​ លេខ៣​ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗថែមទៀតផង។

ក្នុងចំណោមគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន នាតំបន់ស្ទឹងមានជ័យ មានគម្រោ ងលំនៅដ្ឋានមួយដែល​មានភាពលេចធ្លោ ជាមួយនឹងការគាំទ្រពីអតិថិជន នោះគឺគម្រោង បុរី ប៉េង ហួត ដឹស្តា អិតធឺណល។

គម្រោងនេះពោរពេញទៅដោយលំនៅដ្ឋាន រាប់សិបខ្នងដែលមាន ដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែង។ គេហដ្ឋាននីមួយៗ សុទ្ធសឹងតែសាងសង់ ទៅតាមលក្ខណៈបច្ចេកទេស ប្រកបដោយ គុណភាពរឹងមាំ សោភណ្ឌភាព និងផាសុកភាព។ ក្នុងគម្រោងនេះផ្ទាល់ ក៏បានរៀបចំជា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បំពេញតម្រូវការអតិថិជនដែលរស់នៅក្នុងគម្រោង រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ ក្លឹបហាត់ប្រាណ និងអាងហែលទឹក ជាដើម ព្រមទាំងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាពសម្រាប់ការពារសុវត្ថិភាព ជូនអតិថិជនដែលរស់នៅក្នុងបុរី។

ក្នុងគម្រោងនេះផងដែរ មានគេហដ្ឋានចំនួន៣ប្រភេទ ដែលកំពុងទទួលបានការគាំទ្រពីអតិថិជន គឺវីឡាភ្លោះ វីឡាព្រីន និង វីឡាឃ្វីនអេ ជាគេហដ្ឋានប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង៤ បន្ទប់ទឹក៥ សម្រាប់វីឡាភ្លោះ និងបន្ទប់គេង៥បន្ទប់ទឹក ៦ សម្រាប់វីឡាព្រីន និងវីឡាឃ្វីនអេ ព្រមទាំងបន្ទប់ទទួលភ្ញៀវដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និង កន្លែងចតឡានធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារ របស់លោកអ្នក៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 6789, Email: [email protected]ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth

រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ គោលនយោបាយដំឡូងមី នឹងជួយដល់ឧស្សាហកម្មនេះទៅកាន់ពិភពលោក

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្តិបានថ្លែងថា គោលនយោ​បាយដំឡូងមី នឹងប្រែក្លាយកម្ពុជាឲ្យទៅជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះថា ឯកសារគោលនយោបាយដំឡូងមីផ្តល់នូវចក្ខុវិស័យ និងវិធីសាស្រ្តរៀបចំ​ខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីឲ្តដំណាំនេះទទួលបានទិន្នផល និងមានតម្លៃខ្ពស់ចឆ្លើយតបទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ការរៀបចំឯកសារគោលនយោបាយនេះ មានការសហការជាមួយអង្គការសហប្រជាជាតិ យូអ៊ិនឌីភី (UNDP) និងស្ថាប័នពាក់ព័ន្ធ ធ្វើការចងក្រងឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានថ្លែងថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមីទៅជាដំណាំដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិ​តផលដែលបម្រើការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើតឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ជាមួយវិស័យអទិភាពផ្សេងទៀត។

កាលពីឆ្នាំ២០១៧កម្ពុជាបានក្លាយជាប្រទេស ដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗ ទាំង១០នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី៤០០ពាន់ហិកតា ដល់៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង១៣លានតោន។

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខាលើពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕

អ្នកវិនិយោគក្នុងស្រុកបោះទុន២០០លានដុល្លារបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មី

0

ដោយដែន ចែងចាំង

ភ្នំពេញ៖ អ្នកវិនិយោគក្នុងស្រុកបានសម្រេចចិត្តបោះទុនវិនិយោគ២០០លានដុល្លា​រអាមេរិក ដើម្បីបង្កើតក្រុមហ៊ុន Cambodia Airways ដែលមានមហិច្ឆតាពង្រីកការហោះហើរក្នុងប្រទេស និងទៅកាន់ពិភពលោក។

នាយកគ្រប់គ្រងផ្នែកទីផ្សារ និងយីហោនៃក្រុមហ៊ុន Cambodia Airways អ្នកនាង​សុខ រ៉ាវី បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១០ កក្កដា ឆ្នាំ២០១៨នេះថា  ក្រោយសម្ពោធនាពេលនេះ ក្រុមហ៊ុនមានបម្រើការហោះហើរក្នុងស្រុក ទៅកាន់ខេត្តចំនួនពីរជារៀងរាល់ថ្ងៃ ក្នុងនោះពីភ្នំពេញទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ និងតាមការគ្រោងទុកក្នុងខែកក្កដាដូចគ្នានេះ ក្រុមហ៊ុននឹងបើកឲ្យមានជើងហោះហើរបន្ថែមទៀតទៅក្រៅស្រុក គឺពីភ្នំពេញ ពីខេត្តសៀមរាប និងពីខេត្តព្រះសីហនុ ទៅកាន់ម៉ាកាវ ដោយក្នុងមួយសប្តាហ៍មានចំនួនបួនថ្ងៃ។

អ្នកនាងបន្តថា “យើងនឹងនាំយកយន្តហោះថ្មីចំនួន២០គ្រឿងបន្ថែមទៀតមកកម្ពុជា នៅត្រឹមដំណាច់ឆ្នាំ២០២៣ ខណៈពេលនេះក្រុមហ៊ុនបាននាំយកយន្តហោះថ្មី២គ្រឿងពីអឺរ៉ុប មកប្រតិបត្តិការហោះហើរជាលើកដំបូងសិន”។

​អ្នកនាងសុខ រ៉ាវីបានបន្តថា ជើងហោះហើរថ្មីរបស់ក្រុមហ៊ុននាពេលនេះ នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់វិស័យសេដ្ឋកិច្ចដឹកជញ្ជូន និងវិស័យទេសចរណ៍របស់កម្ពុជាផងដែរ។ ក្រុមហ៊ុននេះត្រូវបានវិនិយោគជនជាតិខ្មែរ១០០ភាគរយ

លោកស្រីខ្លូអេ ឡាប៉េវ នាយកគ្រប់គ្រងទូទៅអាកាសចរអន្តរជាតិភ្នំពេញ យល់ឃើញថា នេះជាសញ្ញាល្អមួយបន្ថែមទៀតសម្រាប់កម្ពុជា ដែលនឹងនាំភ្ញៀវទេសចរណ៍ច្រើជាងមុន ក៏ដូចជាធុរជន ក៏មានឱកាសដែលនឹងចូលរួមថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ហើយកេរ្តិ៍ឈ្មោះកម្ពុជាជាគោលដៅទេសចរណ៍ នឹងមានការជម្រុញកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ដំណឹងល្អ! រដ្ឋាភិបាលកំណត់យកខែវិច្ឆិកា ដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលបានកំណត់ពេលវេលាជាក់លាក់ហើយ ដើម្បីចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដោយកំណត់យកខែវិច្ឆិកា ចុងឆ្នាំនេះជាពេលបើកដំណើរការសាងសង់ផ្លូវនេះ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រ​សាសនឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ កក្កដានេះថា ការសាងសង់ផ្លូវល្បឿនលឿនឬ Express Way ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលប្រកាសកំណត់កាលបរិច្ចេទជាក់លាក់ គឺយកខែវិច្ឆិកា ដើម្បីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនលើកទី១ នៅកម្ពុជានេះ។លោកបន្តថា កន្លងមកខាងក្រុមហ៊ុនចិន មានការបារម្ភពីការជាប់គាំងគំរោងកណ្តាលទី ហេតុនេះទើបពួកគេជំរុញឲ្យរដ្ឋាភិបាល ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋលើគំរោងផ្លូវនេះបញ្ចប់សិន។

លោកបន្តថា “ការដោះស្រាយផលប៉ះពាល់បាននិងកំពុងដំណើរការ និងអាចបញ្ច​ប់នៅពេលណាមួយ ហើយបើចប់មុនផែនការ កសារសាងសង់ផ្លូវនេះនឹងធ្វើមុបខែវិច្ឆិកា”។​លោកបន្តថា“ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះ នឹងចំណាយថវិកាប្រមាណ១៨០០លានដុល្លារអាមេរិក និងគ្រោងចំណាយពេល៤ឆ្នាំ ដើម្បីបញ្ចប់គំរោងនេះ”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវនេះនឹងសាងសង់មានកំពស់ខ្ពស់ ប្រៀបដូចជាស្ពាន ហើយនឹងមានការសាងសង់របងព័ទ្ឋជុំវិញ ដើម្បីកុំឲ្យមានសត្វឬចំណុចឆ្លងកាត់ច្រើន ព្រោះវាជាផ្លូវល្បឿនលឿន ព្រោះផ្លូវវល្បឿនលឿននេះនឹងមិនមានចំណុចឆ្លងកាត់ច្រើននោះទេ។

លោកបន្តថា “ផ្លូវនេះនឹងជួយជម្រុញការដឹកជញ្ជូនកាន់តែលឿន កាត់បន្ថយពេល​វេលា កាត់បន្ថយការចំណាយ និងជួយជម្រុញកំនើនសេដ្ឋកិច្ចជាតិ”៕

ហេតុផលចំនួនបី ដែលផ្សារទំនើបដ៏ធំរបស់កូរ៉េ E-Mart ចាកចេញពីកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនផ្សារទំនើប E- Mart ដ៏ធំដែលមានមូលដ្ឋានដ៏ធំនៅប្រទេសកូរ៉េ ដែលគ្រោងចូលមកកាន់ទីផ្សារកម្ពុជា បានសម្រេចចិត្តចាកចេញទៅវិញ ដោយសារហេតុផលសំខាន់ៗចំនួនបី។

ក្រុមហ៊ុន Royal Group បានប្រកាសពីការចាប់ដៃសហការរួមគ្នា ជាមួយក្រុមហ៊ុនមេរបស់ E-Mart  ដើម្បីវិនិយោគផ្សារទំនើបនេះនៅកម្ពុជា ប៉ុន្តែគំរោងនេះត្រូវបានពន្យាពេលមកដល់ពេលនេះ ដោយមិនមានព៌តមានជាក់លាក់។

យោងតាមមេធាវីជនជាតិកូរ៉េមួយរូប ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនៃការនាំយកផ្សារទំនើប E-Mart មកកាន់កម្ពុជា ត្រូវបានលុបចោលវិញដោយសារហេតុផលចំនួនបី ទី១ ចំនួនផ្សារទំ​នើបនៅទីក្រុងភ្នំពេញមានច្រើនរួចទៅហើយ ទី២ ការមិនចង់ប្រកួតប្រជែងជាមួយផ្សារទំ​នើប AEON MALL ដែលមានទំហំធំ និងទី៣ អំណាចនៃការទិញមិនទាន់កើនឡើងខ្លាំង​នៅឡើយទេ។

មេធាវីដដែលបានបន្តថា “ការសម្រេចចិត្តចាកចេញរបស់ E-Mart ពីក្រុងភ្នំពេញ មិនមែនជាការព្រួយបារម្ភពីការប្រកួតប្រជែងទេ តែទីផ្សារនេះកំពុងរីកធំពេក ខណៈតម្រូវ​ការនៅមានក​ម្រិត”។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា នៅឆ្នាំ​២០១៨នេះផ្សារទំនើបបែបសហគមន៍ (Community Mall) រួមនឹងផ្សារទំនើបធំៗចំនួន១៣នឹងបើកដំណើរការឆ្នាំនេះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានថ្លែងថា ការកើនឡើងនូវចំនួនផ្សារទំនើបក្នុងកម្រិតបច្ចុប្បន្ន មិនទាន់មានបញ្ហានោះទេ ប៉ុន្តែប្រសិនជាផ្សារទំនើប នៅតែបន្តកើនឡើងច្រើនដូចឆ្នាំនេះ ទីផ្សារនេះនឹងអាចជួបបញ្ហាដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ អ្នកនាងបានហៅឆ្នាំ២០១៨នេះថា“ ជាឆ្នាំនៃផ្សារទំនើប”។

ទោះជាយ៉ាងណាយើងមិនអាចទទួលបាន ការបញ្ជាក់ពីក្រុមហ៊ុន Royal Group ទាក់ទិននឹងការលុបចោលគំរោង E-Mart ពិតប្រាកដឬយ៉ាងណានៅឡើយទេ ដោយសារថ្នាក់ដឹកនាំក្រុមហ៊ុននេះមិនអាចទាក់ទងបាន៕

ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានកំនើនល្អប្រសើរក្នុងដំណាច់ឆមាសទី១

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា នៅតែមានកំនើនល្អប្រសើរក្នុងដំណាច់ត្រីមាសទី២ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយទំហំប្រាក់បញ្ញើរ​មានសុខភាពល្អផងដែរ។

នាយកប្រតិបត្តិផ្នែកគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់លោកសាយ សូនីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី៩ កក្កដានេះថា ឥណទានរបស់ប្រាសាក់បានកើនឡើង៦ភាគរយ នៅដំណាច់ឆមាសទី១ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទំហំសាច់ប្រាក់បានកើនឡើងពី១៥៤៨លានដុល្លារកាលពីឆ្នាំមុន ដល់១៦៤០លានដុល្លារនៅឆ្នាំនេះ។លោកបន្តថា ចំណែកទំហំប្រាក់បញ្ញើរមានកំនើន​ល្អប្រសើរផងដែរ ដោយកើនឡើងជិត១២ភាគរយ និងទំហំសាច់ប្រាក់បានកើនឡើងពី​៩១៥លានដុល្លារ ដល់១០២១លានដុល្លារអាមេរិក។

លោកបន្តថា “កំនើនឥណទានឆ្នាំនេះភាគច្រើន នៅតែស្ថិតក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកសំខាន់ នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា”។លោកបន្តថា “ជាមួយនេះខ្ញុំសង្កេតឃើញឥណទានបែបឯកត្តជន មានការកើនឡើងផងដែរ ដោយភាគ​ច្រើនពួកគេប្រើប្រាស់សាច់ប្រាក់ទិញដី និងសាងសង់លំនៅដ្ឋានជាដើម”។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានភាពរីកចម្រើនខ្លាំង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែតាមរយៈការដាច់ចេញបទបញ្ញត្តិមួយចំនួនពីរដ្ឋាភិបាល បានធ្វើឲ្យកំនើនឥណទាន​ស្ថិតក្នុងការគ្រប់គ្រងបាន និងមិនផ្តល់ហានិភ័យដល់សេដ្ឋកិច្ចជាតិ។

លោកឧកញ៉ាហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា ការផ្តល់ឥណទាននៅក្នុងវិស័យនេះទាំងមូល នៅតែសម្រេចបានកំនើនល្អប្រសើរ ដែលឆ្លុះបញ្ចាំងថាសុខភាពក្នុងវិស័យនេះ នៅតែមានភាពល្អប្រសើរ ប៉ុន្តែកម្រិតឥណទានដែលផ្តល់ជូនអតិថិជននៅឆ្នាំនេះ មានការប្រុងប្រយ័ត្ន និងវាយតម្លៃប្រកបដោយសុក្រិតភាពជាងមុន ដើម្បីធ្វើឲ្យប្រាក​ដថា ឥណទានដែលផ្តល់ជូនអតិថិជនមិនមានហានិភ័យ និងផ្តល់ផលប្រយោជន៍ដល់អ្នក​ទទួល និងប្រតិបត្តិករឥណទាននានា។

លោកបន្តថា “ទោះជាមានការប្រកួតប្រជែងកើនឡើង ប៉ុន្តែកម្រិតនៃការរីកចម្រើន​របស់យើងនៅតែមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ”។លោកបន្តថា “វាមិនមានបញ្ហានោះទេ ទោះបីវាជាឆ្នាំនៃការបោះឆ្នោតក្តី តែកំណើនឥណទានហាក់មានការថម​ថយបន្តិច ក្នុងស្ថានភាពបែបនេះ”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិតជាមានការរីកចម្រើនលឿន ប៉ុន្តែការដាក់ចេញបទបញ្ញត្តិរបស់ធនាគារជាតិកាលពីឆ្នាំមុន ពិតជាធ្វើឲ្យវិស័យនេះដើរទៅមុខក្នុងផ្លូវត្រូវ ព្រោះបើយើងបណ្តោយឲ្យឥណទានកើនខ្ពស់ពេក វានឹងធ្វើឲ្យមានហានិភ័យដល់សេដ្ឋកិច្ចសង្គមមិនខាន។

លោកបន្តថា “ការកើនឥណទានខ្ពស់ពេកពិតជាមានហានិភ័យ ប៉ុន្តែកម្រិតឥណទា​នដែលស្ថិតក្នុងសភាពបែបនេះ វានឹងជួយដល់សេដ្ឋកិច្ច ព្រោះការងារនេះទាមទារធ្វើដោយប្រុងប្រយ័ត្នណាស់ទាក់ទងនឹងការរឹតបន្តឹង និងចរន្តសាច់ប្រាក់ដែលត្រូវចាក់ចូល​សេដ្ឋកិច្ច”៕

BW Arena មណ្ឌលកំសាន្តតម្លៃ១០លានដុល្លារនឹងធ្វើឲ្យតំបន់ចក្រអង្រែកាន់តែរសរវើក

0

ដោយ គង់ សូរិយា

ភ្នំពេញ: មណ្ឌលកំសាន្ត BW Arena តម្លៃ១០លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុន Worldbridge Group នឹងធ្វើឲ្យតំបន់ចក្រអង្រែក្រោមកាន់តែរសរវើក និងទាក់ទាញ នៅភាគខាងត្បូងរាជធានីភ្នំពេញ។

WB Arena រួមមាន ​ហាង​លក់​ទំនិញ​ហាង​លក់​ចំណី​អាហារ កន្លែង​សម្រាក​លម្ហែ និង​កន្លែង​កម្សាន្ត​ជាច្រើន​ ថែម​ទាំង​មាន​សាល​មហោស្រព ​ដែល​អាច​អង្គុយ​បាន​ដល់​ទៅ​ ៤០០នាក់​សម្រាប់​កម្មវិធី​នាពេល​រាត្រី​ទៀត​ផង​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Worldbridge Land លោកTan Teck Keeបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា WB ARENA ​នឹង​ក្លាយ​ជាគោលដៅ​កន្លែង​សម្រាប់ ​លម្ហែ​សម្រាប់​ក្រុមគ្រួសារ​នាពេលអនាគត នៅពេល​គម្រោង​នេះ ​នឹង​បើក​ដំណើរការ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ លោក​បន្ត​ថា វា​នឹង​ក្លាយ​ជា​គោលដៅ​កម្សាន្ត​នៅ​មាត់​ទន្លេ​សម្រាប់​ប្រជាជន​ក្នុង​ស្រុក ជនបរទេស និង​ភ្ញៀវទេសចរ​ផង​ដែរ​។ យើង​បាន​សាងសង់​នូវ​កន្លែង​សម្រាប់​ប្រកួត​កីឡា ​ដែល​នឹង​មាន​បើក​ស្វាគមន៍​ ទទួល​ការប្រកួត​ និង​ការ​ប្រារព្ធ​កម្មវិធី​ជាច្រើន​ទៀត​។

ជាមួយគ្នានេះ ក្រុមហ៊ុនមានគំរោង​នឹង​ធ្វើ​ព្រឹត្តិការណ៍​នានា ​ដោយផ្តោតលើមនុស្សគ្រប់​វ័យ​ផង​ដែរ​»​

គម្រោង​នេះ​ត្រូវ​បាន​ឌីសាញ​ឡើង ​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​នៅ​ប្រទេស​ សិង្ហបុរី Chin Kam and Associates (CK&A) ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន Worldbridge Group និង​ដៃគូ​វិនិយោគ​របស់​ខ្លួន​គឺ Oxley International Holdings ជួល​ឲ្យ​រចនា​ប្លង់​គម្រោង The Bridge និង The Peak​WB Arena ត្រូវ​បាន​គេ​រចនា​ស្រដៀង​គ្នា​នឹង Clarke Quay នៅ​សិង្ហបុរី​។ យ៉ាង​ណា​មិញ​ការ​រចនា​ប្លង់​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ផិ្ចតផ្ចង់​ដើម្បី​ឱ្យ ​ស៊ី​គ្នា​ទៅ​នឹង​បរិបទ​កន្លែង​កម្សាន្ត​បែប​ខ្មែរ ​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​។

លោកSimon Griffiths នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Urban Asset Solutions ដែល​ជា​ភ្នាក់ងារ​ទទួល​បន្ទុក​ការជួល និង​ជួប​អតិថិជន​របស់​គម្រោង WB Arena បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​ផ្ទៃ​សរុប​៦០០០ម៉ែត្រការ៉េ ដែលក្រុមហ៊ុននឹងបែងចែក​តំបន់​ផ្សេងៗ​គ្នា​សម្រាប់​ហាង​លក់ទំនិញ ហាង​លក់​ចំណី​អាហារ និង​ភេសជ្ជៈ និង​កន្លែង​កម្សាន្ត​។

លោកSimon Griffiths បាន​និយាយ​ថា យើង​ចង់​ធ្វើ​អ្វីៗ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិមកកំសាន្តនៅតំបន់នេះ

គម្រោង​នេះ នឹង​មាន​ស្តង់​ដែល​បម្រី​អាហារ​ព្រម​ទាំង​ភេសជ្ជៈ​ជាច្រើន​ មុខ​សម្រាប់​អ្នក​ទៅ​កម្សាន្ត​ ក៏​ដូចជា ​កន្លែង​ពិសា​អាហារ​មាត់​ឆ្នេរ​ក្រោម ​ម្លប់​ដើមត្នោត​ប្រប​មាត់​ទន្លេ​ផង​ដែរ​។ ភោជនីយដ្ឋាន​ជាច្រើន​ ត្រូវបាន​កក់​ស្តង់​មួយ​ចំនួន​រួច​ទៅ​ហើយ៕

ហានិភ័យ: ប្រតិបត្តិការទិញលក់អចលនទ្រព្យក្នុងទីក្រុងឌុបៃចាប់ផ្តើមធ្លាក់ចុះ

0

ដោយ វុត្ថា

ភ្នំពេញ: ជាលើកដំបូងហើយ ដែលប្រតិបត្តិការទិញលក់អចលនទ្រព្យនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលកំពុងមានចំណាប់អារម្មណ៍ពីពិភពលោក បានធ្លាក់ចុះជាលើកតំបូង នៅក្នុងប្រទេសវាលខ្សាច់មួយនេះ។

យោងតាមមន្ត្រីជាន់ខ្ពស់ប្រទេសអារ៉ាប់រួម កាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យ​ ​​ដឹងថា ប្រតិបត្តិការទិញលក់ អចលនទ្រព្យនៅក្នុងទីក្រុងឌុបៃ សម្រេចបានចំនួន៣០,២ពាន់លានដុល្លារក្នុងពាក់កណ្តាលឆ្នាំ២០១៨ ដែលចំនួននេះមានការធ្លាក់ចុះ ធៀបនឹង​ឆ្នាំមុន ដែលប្រតិបត្តិការទិញ លក់ អចលនទ្រព្យក្នុងទីក្រុងរីកចម្រើនដ៏លឿននេះ សម្រេចបានចំនួន៣៥,៩៤ ពាន់លានដុល្លារអាមេរិក

ទីក្រុងឌុបៃបានចុះបញ្ជីប្រតិបត្តិការ អចលនទ្រព្យចំនួន២៧,៦៤២ ក្នុងឆមាសឆ្នាំ ២០១៨។ចំណែកឆ្នាំ២០១៧ កន្លងទៅនេះ តាមការសិក្សាស្រាវជ្រាវអចលនទ្រព្យដោយ នាយកដ្ឋានដីធ្លីទីក្រុងឌុបៃ បានបង្ហាញថា ប្រតិបត្តិការអលនទ្រព្យ ដែលបានចុះបញ្ជីមានចំនួន៣៥,៥៧១ ក្នុងរយៈពេលដូចគ្នា។

នាយកដ្ឋាននេះបានកត់សម្គាល់ទៀតថា មេដឹកនាំអារាប់រួមកំពុងដាក់ក្តីសង្ឃឹម ចំពោះការលើកទឹកចិត្តលើបរិបទ និងទស្សនទាននៃគោលនយោបាយសសេដ្ឋកិច្ចថ្មីរបស់ខ្លួន និងបានអំពាវនាវអោយអ្នកវិនិយោគិនអន្តរជាតិ ឲ្យចូលមកវិនិយោគក្នុងស្រុកតាមរយៈការប្រកាសវិធានការអនុញ្ញាត ឱ្យជនបរទេសក្លាយជាកម្មសិទ្ឋរហូតដល់១០០ ឆ្នាំ និងផ្តល់ឱ្យអ្នកឯកទេសបរទេស នូវទិដ្ឋាការរយៈពេល១០ឆ្នាំ។

លោកSultan Butti bin Mejren អគ្គនាយកនៃនាយកដ្ឋានដីធ្លីនៃទីក្រុងឌូបៃ បានឲ្យដឹងថា ការផ្តល់ឱ្យវិនិយោគិនទិដ្ឋាការស្នាក់នៅ ក្នុងប្រទេសអារ៉ាប់រួមរហូតដល់១០ឆ្នាំ  រួមទាំងការកាត់បន្ថយថ្លៃសេវារដ្ឋផ្សេងៗ គឺដើម្បីលើកទឹកចិត្តអ្នកវិនិយោគិនបរទេសមកវិនិយោគឲ្យបានច្រើន ្នុងការជម្រុញសេដ្ឋកិច្ច ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។

ប្រជាជនអារ៉ាប់បានវិនិយោគច្រើនជាងគេ ដោយមានចំនួន២,៩៨៦គំរោងនិងមានតម្លៃទឹកប្រាក់ចំនួន៦,ពាន់លានAEDដុល្លារអារ៉ាប់។ បន្ទាប់មកជនជាតិឥណ្ឌា មានចំនួ៣២១៨គំរោង ដែលស្មើរនឹងទឹកប្រាក់,៩ ពាន់លានដុល្លារ AED ។ ជនជាតិអារ៉ាប៊ីសាអ៊ូឌីតឈរនៅលំដាប់លេខរៀងទី៣ ដោយមានការវិនិយោគចំនួន,៤១៥គំរោងនិងមានតម្លៃជិត៣ពាន់លានអឺរ៉ូ។

ប្រជាពលរដ្ឋមកពីចក្រភពអង់គ្លេស ប៉ាគីស្ថាន ចិន អេហ្ស៊ីប ហ្ស៊កដានី និងបារាំងគឺស្ថិតក្នុងចំណោមអ្នកវិនិយោគច្រើនជាងគេ ក្នុងលំដាប់Top Ten នៅទីក្រុងដែលមានអាគារខ្ពស់ជាងគេក្នុងពិភពលោកនេះ៕

ក្រុមហ៊ុនអចលនទ្រព្យយក្សចិន៦ ចូលមកកាន់ទីផ្សារ និងផ្លាស់ប្តូរមុខមាត់កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចំនួន៧ បាននិងកំពុងចូលមកវិនិយោគនៅទីក្រុងភ្នំពេញ តាមរយៈការសាងសង់គំរោងធំៗដ៏អស្ចារ្យ ដោយប្រែក្លាយទីក្រុងភ្នំពេ​ញទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុអន្តរជាតិ។

ក្រុមហ៊ុនទាំងនោះរួមមាន ទី១ ក្រុមហ៊ុន Prince Real Estate Group ដែលបាននិងកំពុងវិនិយោគសាងសង់ខុនដូ Diamond One នៅទីក្រុងកោះពេជ្រ គំរោងខុនដូ Prince Plaza, Prince Modern Plaza នៅតាមហាវិថីព្រះនរោត្តម និងគំរោងជាច្រើនទៀតនៅ​ខេត្តព្រះសីហនុ ដោយគ្រោងបោះទុនវិនិយោគ៥០០០លានដុល្លារនៅកម្ពុជា។

ទី២ ក្រុមហ៊ុន R&F Properties បាននិងកំពុងសាងសង់អាគារកំពស់៤០អាគានិហមានកំពស់៣៦ជាន់ និង៤៨ជាន់ ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុន សែន ដែលគ្រោងបោះទុនវិនិយោគជាង៣០០០លានដុល្លារ និងគំរោងមួយទៀតស្ថិតនៅអតីតរងចក្រស័ង្កសី ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស។

ទី៣ ក្រុមហ៊ុន SINO Plaza ដែលបាននិងកំពុងសាងសង់ គំរោងមជ្ឈមណ្ឌលមណ្ឌលពាណិជ្ជកម្មកំពស់៤៥ជាន់ នៅអតីតទីតាំងផ្សារបឹងត្របែក ដែលប្រកាសបោះទុនវិនិយោគ២៥០លានដុល្លារ និងគ្រោងវិនិយោគគំរោងជាច្រើនទៀត។

ទី៤ ក្រុមហ៊ុន Green Land Group​ ជាក្រុមហ៊ុនយក្ស ដែលបានប្រកាសបោះទុនវិនិយោគ៧០០០លានដុល្លារនៅកម្ពុជាបន្ថែមនាពេលខាងមុខ ហើយក្រុមហ៊ុននេះបានប្រកាសទិញអាគារកំពស់៣៨ជាន់ចំនួន៣ នៃគម្រោង D.I RIVIERA។

ទី៥ ក្រុមហ៊ុន Yuetai Group ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​ចិន​កំពុង​មាន​ប្រតិបត្តិការ​លើ​គម្រោង​ ជាច្រើន​នៅ​កម្ពុជា​ដូចជា East One និង East View និងគំរោងដ៏ធំមួយទៀតស្ថិតនៅផ្លូវវេងស្រេង (តំបន់លូ៥)។ ក្រុមហ៊ុននេះបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារនៅកម្ពុជាផងដែរ។

ថ្មីៗនេះក្រុមហ៊ុននេះក៏ប្រកាសគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ពិភពលោក នៅទីតាំងកំពង់ផែស្វ័យត្នក្រុងភ្នំពេញ តាមបណ្តោយដងទន្លេសាប ។ គំរោងនេះនឹងសាងសង់អាគារកប់ពពកចំនួន២២អាគារ ដែលជាគំរោងដ៏អស្ចារ្យមួយ។

ទី៦ ក្រុមហ៊ុន 4seasons ជាក្រុមហ៊ុនអចលនទ្រព្យយក្សមួយទៀត ដែលបាននិងកំពុងត្រៀងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់អន្តរជាតិនៅតំបន់​បឹងកេងកង១ និងគំរោងជាច្រើនទៀត ដែលក្រុមហ៊ុននេះកំពុងរៀបចំឡើង និងចាប់ផ្តើម​សាងសង់នៅពេលឆាប់ៗនេះ៕