ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន OCIC លោកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា បើមិនមានការជួបបញ្ហាវិវាទដីធ្លីនោះទេ ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងនឹងសាងសង់នៅក្នុងទឹកដីរវាងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងទន្លេបាទី ខេត្តតាកែវនោះ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៤។
លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៥មីនានេះថា យ៉ាងយូរនៅដើមឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសអង់គ្លេស និងក្រុមហ៊ុនពាក់ព័ន្ធនានាទៀត នឹងចាប់ផ្តើមដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ប្រសិនបើមិនមានវិវាទ ឬបញ្ហាដីធ្លីពាក់ព័ន្ធក្នុងបរិវេណគម្រោងត្រូវបានដោះស្រាយ។
លោកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ទៀតថា ៖ «នៅពេលបច្ចុប្បន្ននេះ តំបន់ដែលនឹងត្រូវបានសាងសង់ព្រលានយន្តហោះនោះ គឺកំពុងបានដំណើរការរ៉ាវរកគ្រប់មីន និងគ្រាប់អាវុធយុទ្ធភ័ណ្ឌនានាទៀត ដែលក្នុងមួយថ្ងៃគឺគេអាចរ៉ាវរកគ្រាប់មីនបានក្នុងទំហំដីពី៥ទៅ៦ហិចតា ហើយក្នុងទំហំដីដែលគ្រោងសាងសង់ព្រលានគឺមានប្រមាណជាង២៦០០ហិកតា គឺត្រូវរ៉ាវមីនរយៈពេល៨ខែទើបរួចរាល់។
ឧកញ៉ា ពុង ឃាវ សែ បានបន្តថា ដីសាងសង់ព្រលានយន្តហោះអន្តរជាតិលំដាប់ 4F នេះ បច្ចុប្បន្ន ប្រមូលដីបានប្រមាណជាង១,០០០ហិចតាហើយ ពោលគឺប្រមូលបាន៤០% នៅសល់៦០%ទៀត កំពុងរៀបចំដោះស្រាយ។ សម្រាប់ការសង់ព្រលានយន្តហោះនៅក្នុងទឹកដីស្រុកកណ្តាលស្ទឹង និងស្រុកបាទីនោះ កន្លងមក មានក្រុមហ៊ុនធំៗបីនៅក្នុងពិភពលោក បានដេញថ្លៃសាងសង់ ប៉ុន្តែចុងក្រោយ កម្ពុជា សម្រេចអោយក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសអង់គ្លេសជាអ្នកទទួលសាងសង់៕