កម្ពុជា តួគីគ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យដល់៥០០លានដុល្លារនៅឆ្នាំ២០២០

0

ដោយ គង់ សូរិយា

ភ្នំពេញ  ប្រទេសកម្ពុជា និងទួគីគ្រោងបង្កើនទំហំពាណិជ្ជកម្មឲ្យដល់៥០០លានដុល្លារនៅឆ្នាំ២០២០ខាងមុខ ខណៈប្រទេសនេះគ្រោងភ្ជាប់ការហោះហើរត្រង់មកកម្ពុជាផងដែរ។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគីប្រចាំកម្ពុជា បានថ្លែងថា ប្រទេសតួគី និងកម្ពុជា មានទំនាក់ទំនងកិច្ចសហប្រតិ​បត្តិ​ការជាយូរណាស់មកហើយ ហេតុនេះដើម្បីឲ្យកិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ និងស៊ីជំរៅថែមទៀតនោះ លោកជំទាវនឹងខិតខំបន្តជម្រុញពង្រឹង និងពង្រីកទំនា​ក់​ទំនងរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

លោកជំទាវបន្តថា ប្រទេសតួគីមានបំណងអញ្ជើញថ្នាក់នាំ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធុរៈជនកម្ពុជា ទៅទស្សនៈកិច្ចស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច និងឳកាសវិនិយោគក្នុងប្រទេសតួគី ក្នុងន័យរឹតចំណងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិ​បត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានទំនាក់ទំនងល្អ ក្រៅពីនោះប្រទេសតួគី ក៏មានបំណងនិងកំពុងសិក្សាលទ្ធភាព ក្នុងការបង្កើតឲ្យមានជើងយន្តហោះ ហោះហើរត្រង់ពីប្រទេសតួគីមកកម្ពុជាផងដែរ។

លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ បានស្វាគមន៍ចំពោះការផ្តួចផ្តើម ក្នុងការជម្រុញទំនាក់ទំនងប្រ​ទេសទាំងពីរ និងស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ ខិតខំបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យដល់៥០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២០ ដើម្បីជំរុ​ញ​កំនើនសេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

អ្នកវិនិយោគជប៉ុនចាត់ទុកកម្ពុជាមានបរិយាកាសវិនិយោគល្អប្រសើរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្រុមអ្នកវិនិយោគជប៉ុនដែលបានវិនិយោគនៅកម្ពុជាបានទទួលស្គាល់ពីភាពបើកចំហររបស់កម្ពុជា និងបរិយាកាសវិនិយោគនៅប្រទេសនេះកាន់​តែមានភាពអំណោយផល។ នេះបើតាមការលើកឡើងរបស់លោក Masashi KANOប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO ប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Masashi KANO ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រ​ចាំ​នៅកម្ពុជាបានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ សម្រាប់រយៈពេលមធ្យមទៅមុខ ហើយអ្នកវិនិយោគិនជប៉ុនបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលមានទីផ្សារបើកចំហរខ្លាំង និងមានបរិយាកាសវិនិយោគអំណោ​យផលច្រើន ដែលជាកត្តាជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគបរទេស មកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជំរុញលំហូរវិនិយោគពីក្រៅប្រទេសមកកម្ពុជា ព្រមទាំងបានរុញសេដ្ឋកិច្ចកម្ពុជា អោយកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។

លោកបន្តថា បច្ចុប្បន្នមានអ្នកវិនិយោគិនជប៉ុនថ្មីៗមួយចំនួន បាននិងកំពុងពិភាក្សាលម្អិតជាមួយ JETRO នៅកម្ពុជា អំពីចំណា​​ប់អារម្មណ៍ និងឱកាសវិនិយោ​គនៅកម្ពុជា ហើយលោកបាននិងកំពុងព្យា​យា​មពន្យល់ផ្សព្វផ្សាយ អំពីឱកាសវិនិយោគនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនទាំងនោះ ឲ្យមកបណ្តាក់ទុន​នៅកម្ពុជាប្រកបដោយភាពជឿជាក់។

លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដើម្បីទាក់ទាញវិនិយោគិនបរទេស ឲ្យកាន់តែមានទំនុកចិត្តមកប ណ្តាក់ទុននៅកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងផ្តល់បន្ថែម លើគោលនយោបា​យនៃការអនុគ្រោះ និងគាំពារវិនិយោគពីបរទេស ដែលកំពុងអនុវត្តន៍បច្ចុប្បន្ន ហើយកម្ពុជាបាននិងកំពុងខិតខំកែទម្រង់ និងរៀបចំនូវបរិ​យាកាសធុរកិច្ចអំណោ​យផ​ល ដល់វិនិយោគគិនបរទេសទាំងអស់ រួមមាន ការលើកទឹកចិត្តបន្ថែមទៀត និងបង្កលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យអ្នកវិនិយោ​គិនបរទេសគ្រប់រូបមកបណ្តាក់ទុន នៅកម្ពុជាប្រកបដោយភាពទុកចិត្ត ស្របពេលដែលប្រទេសកម្ពុជាកំពុងមានសុខ​សន្តិភាពពេញលេញ។

JETRO គឺជាអង្គភាពមួយស្ថិតក្រោមចំណុះក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ។ JETRO មានបណ្តាញការិយាល័យចំនួន៧៤ នៅក្នុងប្រទេសចំនួន៥៥លើពិភពលោក និងមានការិ​យាល័យចំនួន៤៤នៅក្នុងប្រទេសជប៉ុន៕

មុនទិញផ្ទះបង់រំលស់ត្រូវគិតពីអ្វីមុនគេ ដើម្បីបញ្ចៀសហានិភ័យ

0

ដោយ ៖ រ៉ាវី

ភ្នំពេញ  បច្ចុប្បន្ននេះសម្រាប់ការទិញផ្ទះ ដោយការអនុវត្តវិធីសាស្រ្តបង់រំលស់ គឺកំពុងតែមានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ក្នុងនោះរាប់ទាំងប្រភេទលំនៅដ្ឋានធម្មតា សម្រាប់អ្នកដែលមានចំណូលមធ្យម និងក្រោមមធ្យមក៏ដូចជាប្រភេទលំនៅដ្ឋានបែបប្រណីត ស្ថិតនៅក្នុងបុរី ដែលផ្តោតសំខាន់លើអ្នកមានចំណូលខ្ពស់។

តើការទិញផ្ទះលំនៅដ្ឋានដោយការបង់រំលស់នេះ មានចំណុចល្អប្រសើរ និងប៉ះពាល់អ្វីខ្លះ ចំពោះអតិថិជនដែលជាអ្នកទិញ ? ចម្ងល់មួយនេះត្រូវបានបំភ្លឺដោយលោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisals ដូចខាងក្រោម។

លោកឧកញ៉ា នួន រឹទ្ធី បានមានប្រសាសន៍បញ្ជាក់ថា ការបង់រំលស់ថ្លៃផ្ទះនេះ គឺត្រូវធ្វើឡើងដោយអមជាមួយគ្នារវាងថ្លៃដើម និងការប្រាក់ ។ ប៉ុន្តែបើសម្លឹងមើលពីចំនួនថ្លៃដើម គឺដំបូងបានរំលស់តិចណាស់ ដែលវាត្រូវចំណាយលើការប្រាក់ច្រើនក្នុងមួយខែ។ បើយើងរំលស់ក្នុងរយៈពេលយូរ យើងបង់ខាតកាន់តែច្រើន ដូច្នេះសម្រាប់អ្នកដែលចង់ទិញផ្ទះដោយការបង់រំលស់នេះ ចាំបាច់ត្រូវពិចា​រណាទៅលើស្ថានភាព នៃចំណូលរបស់ខ្លួនជាមុនសិនថា តើចំណូលដែលបានមកស័ក្តិសមនឹងការទិញផ្ទះដែរឬទេ។

មួយវិញទៀត សម្រាប់អ្នកដែលមានចំណូលមានកម្រិត ក៏គួរពិចារណាថា តើការជួលផ្ទះ និងការទិញផ្ទះដោយការរំលស់នេះ មួយណាប្រសើរជាងសម្រាប់ជីវភាពជាក់ស្ដែងរបស់យើង ។

លោកឧកញ៉ានួន រិទ្ឋីបានលើកជាឧទាហរណ៍ថា យើងស្នាក់នៅក្នុងផ្ទះជួលដោយចំណាយ200ដុល្លារក្នុងមួយខែ ប៉ុន្តែនៅពេលមានគេសង់ផ្ទះលក់ដោយការបងរំលស់ត្រឹម200ដុល្លារ ក្នុងមួយខែដូចគ្នា សួរថាតើយើងត្រូវនៅផ្ទះជួយបន្តទៀត ឬត្រូវទិញផ្ទះ ? ជាការពិត បើយើងបូកសរុបចំនួននៃការចំណាយលើការបង់សរុបនៃថ្លៃផ្ទះ គឺមានចំនួនច្រើនលើសថ្លៃដើម ប៉ុន្តែវិធីសាស្រ្តនៃការបង់រំលស់នេះ គឺបានបន្ធូរបន្ថយដល់អ្នកមានលទ្ធភាពមធ្យម និងក្រោមមធ្យមទទួលបានផ្ទះស្នាក់នៅ។

លោកឧកញ៉ាបន្តថា និយាយរួមការទិញផ្ទះដោយការបង់រំលស់ មានចំណុ​ចល្អ និងចំណុចអវិជ្ជមាន។ ចំណុចល្អត្រង់ថា យើងអាចមានផ្ទះស្នាក់នៅ និងជាកម្មសិទ្ធិតាំងពីយើងមិនទាន់មានលុយទិញផ្ទះគ្រប់ ដោយឡែកចំណុចអវិជ្ជមាន គឺត្រូវចំណាយថ្លៃបង់ការប្រាក់ប្រចាំខែច្រើន៕

តើឃុំណាខ្លះស្ថិតនៅក្នុងតំបន់នៃព្រលានយន្តហោះថ្មីខេត្តកណ្តាល?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តកណ្តាលមិនទាន់កំណត់ពេលវេលសាងសង់ជាក់លាក់នៅឡើយទេ តែមន្រ្តីជំនាញថានឹងអាចធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។

យោងតាមផែនទីរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាលបានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ស្ថិតនៅក្នុងឃុំចំនួន៤ រួមមាន ឃុំកណ្តោក ឃុំអំពៅព្រៃ ឃុំព្រែកស្លែង និងឃុំបឹងខ្យាង នៃស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល និងជាផ្ទៃដីដែលគ្របដណ្តប់ដោយបឹងមួយឈ្មោះបឹងរៀន។

លោកបណ្ឌិតវ៉ាន់ វ៉ាតអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំ​ណ​ង់ ខេត្តកណ្តាលបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នក្រុមហ៊ុនវិនិយោគសាងសង់ព្រលាន​យន្ត​ហោះនេះ កំពុងសិក្សាលំអិតពីស្ថានភាពផ្ទៃដី និងគំរោងអភិវឌ្ឍន៍ផ្សេងៗ មុន​ចាប់ផ្តើមសាងសង់ព្រលានយន្តហោះនេះ ដែលជាព្រ​លានយន្តហោះអន្តរជាតិដ៏ធំមួយ ដែលនឹងជួយពង្រីកសក្តានុពលសេដ្ឋកិច្ច ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។

លោកបន្តថា “ការចាក់ដីបំពេញផ្ទៃបឹងនេះ អាចនឹងចាប់ផ្តើមនៅឆ្នាំ២០១៩ឬឆ្នាំ២០២០ខាងមុខ ប្រសិនជាគ្មានការប្រែប្រួលទេនោះ”។

ព្រលានយន្តហោះអន្តរជាតិថ្មី ដែលស្ថិតក្នុងខេត្តកណ្តាលនេះនឹងវិនិយោគ តម្លៃទឹកប្រាក់១៥០០លានដុល្លារអាមេរិក និងវិនិយោគដោយក្រុមហ៊ុន OCIC ស​ហការជាមួយក្រុមហ៊ុនចិន។ គំរោងព្រលានយន្តហោះនេះ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា​ ក្នុងកំឡុងដំនើរ​បំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន លោកលឺ ខឺឈាង៕

ស្រាយអាថ៌កំបាំងនៃសក្តានុពលក្នុងទឹកដីបាត់ដំបង

0

ដោយ ដែន ចែងចាំង

​ភ្នំពេញ ឳបាត់ដំបងបណ្តូលចិត្តអើយ នេះជាឃ្លាតំបូងនៃទំនុកច្រៀងមួយ​បង្កប់ដោយមនោសញ្ចេតនាជ្រាលជ្រៅ នៃទឹកដី និងអនុស្សាវរីយ៍នៃខេត្តបាត់ដំបង ដែលបង្កប់នូវអាថ៌កំបាំងជាច្រើន។


​ស្លេសពីមនោសញ្ចេតនាបន្តិច យើងមកក្រឡេកមើលការអភិវឌ្ឍន៍ ពិសេសវិស័យអចលនទ្រព្យក្នុងខេត្តបាត់ដំបងវិញមានសភាពដូចម្តេច? ខេត្តបាត់ដំបង មានប្រជាជនរស់នៅសរុបជាង១លាននាក់ ធំជាងគេលំដាប់ទី២បន្ទាប់ពីរាជធានីភ្នំពេញ ហើយក្រុងបាត់ដំបងក៏មានសក្តានុពលខ្លាំងផងដែរ ដោយខេត្តនេះមានសំណង់ផ្ទះល្វែង និងបុរីចំនួន១១កន្លែង ច្រើនជាងគេធៀបនឹងបណ្តាខេត្តដទៃទៀត។

​ជាអ្នកវិនិយោគបុរីធំជាងគេ ក្នុងខេត្តបាត់ដំបង លោកវេង ម៉ុងម្ចាស់បុរីរំចេក ស្ថិតនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបងដែលគ្រោងបោះទុន៣០លានដុល្លារវិនិយោគលើលំនៅដ្ឋាន មានលក្ខណៈជាបុរីតំបូងគេបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានចាប់ផ្តើមវិនិយោគបុរីរបស់លោក លើផ្ទៃដីសរុប១៩ហិកតា និងគ្រោងសាងសង់ផ្ទះសរុបចំនួន១៥០០ល្វែង។ លោកបន្តថា តំលៃលំនៅដ្ឋានក្នុងបុរីរបស់លោកបានដាក់តំលៃលក់ចន្លោះពី៣៧០០០ដុល្លារ ដល់៥៧០០០ដុល្លារសម្រាប់ផ្ទះកំពស់មួយជាន់ និងពីរជាន់។


​លោកបន្តថា “ប្រសិនជាខេត្តមានការរីកចំរើនលឿន និងលក់ដាច់ដូចបច្ចុប្បន្ន ខ្ញុំគិតថារយៈពេល៤ឆ្នាំទៀត គំរោងទាំងមូលនឹងបញ្ចប់ ដោយរួមបញ្ចូលទាំងផ្សារនិងរោងភាពយន្តដែលអាចដាក់មនុស្សបាន៣០០នាក់”។លោកបន្តដោយសម្តែងសុទិ​ដ្ឋិនិយមថា“ប្រជាជនក្រុងបាត់ដំបងមានជីវភាពប្រហាក់ប្រហែលគ្នា ទាំងក្នុងទីក្រុង និងជនបទ ពិសេសក្រុងបាត់ដំបងមានការរីកចំរើនយ៉ាងលឿន ដោយនៅរាជធានីភ្នំពេញមានអ្វី ក្រុងបាត់ដំបងក៏មានដូចគ្នា ពិសេសផ្នែកធនាគារ”។

​លោកវេង ម៉ុងបានបន្តថា ថ្នាក់ដឹកនាំក្រុងបាត់ដំបង បាននិងកំពុងយកចិត្តទុក​ដាក់អភិវឌ្ឍន៍ខេត្តនេះយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាដើម្បីអភិវឌ្ឍន៍ទីក្រុងនេះឲ្យមានតែមានការអភិវឌ្ឍ ឈានទៅកម្រិតថ្មីមួយ ដែលលោកជឿជាក់ថា ខេត្តនេះនឹងមានការអភិវឌ្ឍ និងមានសក្តានុពលកាន់តែខ្លាំងបន្ថែមទៀត​នាពេលអនាគត។

​ក្រៅពីវិស័យទេសចរណ៍ បច្ចុប្បន្នការអភិវឌ្ឍវិស័យអចលនទ្រព្យក៏មានកំនើន​គួរឲ្យកត់សំគាល់ផងដែរ ដែលរហូតមកទល់ពេលនេះមានសំណង់បុរី និងផ្ទះល្វែង​ចំនួន១១កន្លែងផងដែរ។ អាជ្ញាធរខេត្តកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីសាងសង់រោងចក្រកែច្នៃសំរាមខ្នាតតូច ដែលអាចជួយធ្វើឲ្យបរិស្ថានក្នុងខេត្តកាន់តែស្រស់បំព្រងថែមទៀត។

​លោកចាន់ សុផលអតីតអភិបាលខេត្តបាត់ដំបងបានថ្លែងថា ការលក់លំនៅដ្ឋាននៅតាមការដ្ឋានសំណង់ផ្ទះល្វែងនានាមិនសូវទទួលបានជោគជ័យទេនៅឆ្នាំនេះ ដោយសារកតំលៃកសិផលរប​ស់ប្រជាពលរដ្ឋមិនសូវល្អ បើតំលៃកសិផលល្អប្រជាជនច្រើនបានមកពីបណ្តាស្រុកនានា មកទិញផ្ទះក្នុងឲ្យកូនរបស់ពួកគេស្នាក់នៅដើម្បីសិក្សារៀនសូត្រផងដែរ។

​ក្រុងបាត់ដំបងមានសង្កាត់ចំនួន១០ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន​១៥៥.០០០នាក់។

​លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុនKhmer Foundation Appraisalបានថ្លែងថា បាត់ដំបងជាខេត្តមានសក្តានុពលមួយ ដែលប្រជាពលរដ្ឋមិនសូវធ្វើចំណាកស្រុកនោះទេ ដោយសារវាជាខេត្តផលិត ដែលប្រជាពលរដ្ឋអាចពឹងផ្អែកលើ​សក្តានុពលកសិកម្មនៅក្នុងខេត្តដោយខ្លួនឯងបាន ហើយបាត់ដំបងជាក៏ជាខេត្តមាន​សក្តានុពលសេដ្ឋកិច្ច ដោយមានច្រកអន្តរជាតិ និងច្រកព្រំដែនទ្វេរភាគីជាច្រើនជាប់​ជាមួយប្រទេសថៃ។
​លោកបន្តថា “ខេត្តនេះមានការអភិវឌ្ឍច្រើន ប៉ុន្តែការលក់លំនៅដ្ឋាននៅ​ឆ្នាំនេះ ក៏ស្ថិតក្នុងភាពទ្រឹងដូចនៅរាជធានីភ្នំពេញដែរ ប៉ុន្តែអនាគតរបស់ខេត្តនេះនៅ​តែមានការរីកចំរើនខ្ពស់ ប្រសិនជាគំរោងរៀបចំគំរោងមេទាក់ទងនឹងទេសចរណ៍ ត្រូវបានអនុម័តដោយរដ្ឋាភិបាល”។

តំលៃដីធ្លីក្នុងក្រុងបាត់ដំបង ពិសេ​សតំបន់ពាណិជ្ជកម្មមានតំលៃចន្លោះពី១៥០០ទៅ២៥០០ដុល្លារ និងដីនៅជាយៗក្រុង​និងផ្លូវតូចៗមានតំលៃចន្លោះពី៥០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមការឲ្យដឹងពីលោកឧកញ៉ានួន រិទ្ឋី។

លោកឧកញ៉ាភួ ពុយអគ្គនាយកក្រុមហ៊ុនបៃតង និងជាប្រធានសម្ព័ន្ឋសមាគម​សហរោងម៉ាស៊ីនកិនស្រូវកម្ពុជា ដែលបានអភិវឌ្ឍន៍ផ្សារទំនើបកំពស់៦ជាន់នៅទីក្រុងនេះបានថ្លែងថា ដោយសារផ្សារធំៗនៅក្រុងបាត់ដំបងមានចំនួនច្រើន បានធ្វើឲ្យ​ការលក់សម្លៀកបំពាក់ផ្សេងៗមិនសូវជោគជ័យនោះទេ ប៉ុន្តែការលក់បន្លែនៅបរិ​វេណរបស់ផ្សារនេះ មានសកម្មភាព២៤ម៉ោង ដែលបន្លែភាគច្រើនត្រូវបានដឹកមកកាន់រាជធានីភ្នំពេញ ហើយប្រជាកសិករដាំបន្លែពួកគេកំពុងសប្បាយចិត្តនឹងការដាំចុះ ដោយសារបន្លែមានតម្រូវការខ្ពស់។

ទាក់ទងនឹងអចលនទ្រព្យក្នុងខេត្តបាត់ដំបង លោកឧកញ៉ាភួ ពុយបានថ្លែងថា “តំលៃដីនៅក្រុងបាត់ដំបង នៅតំបន់ដែលមានតម្រូវការខ្ពស់ដោយដីសំរាប់​សាងសង់ផ្ទះល្វែងមានតំលៃចន្លោះ៨០០ ទៅ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលធ្វើឲ្យតំលៃដីមួយឡូត៍មានចន្លោះពី៣០០០០ដល់១០០ ០០០ដុល្លារអាមេរិក។

លោកបន្តថា“តំលៃដីនៅក្នុងទីក្រុងបាត់ដំបងឆ្នាំនេះ ស្ថិតក្នុងសភាពទ្រឹងធៀ​បនឹងបណ្តាឆ្នាំមុនៗ ប៉ុន្តែសកម្មភាពទិញដីឡូត៍សាងសង់ផ្ទះល្វែងបាន និងកំពុង​កើនឡើង ហើយអ្នកទិញភាគច្រើនគឺទិញសាងសង់ផ្ទះ មិនទិញទុកលក់យកចំណេ​ញដូចបណ្តាឆ្នាំមុននោះទេ”។

ខេត្តបាត់ដំបងក៏ទាក់ទាញចំណាប់អារម្មណ៍ របស់ប្រតិបត្តិករទេសចរណ៍ច្រើនផងដែរ ដោយសារខេត្តមានវត្តមានសណ្ឋាគារពី៣០ទៅ៤០កន្លែង ដែលមួយទ​សវត្សរ៍មុនមានសណ្ឋាគារតែបីបួនកន្លែងប៉ុណ្ណោះ។

លោកហូ វណ្ឌីអគ្គលេខាធិការសម្ព័ន្ឋសមាគមទេសចរណ៍ជាតិកម្ពុជាបានថ្លែងថា ខេត្តបាត់ដំបងមានសក្តានុពលលើវិស័យទេសចរណ៍យ៉ាងខ្លាំង ដោយសារ​មារមណីយដ្ឋានវប្បធ៌ម រមណីយដ្ឋានធម្មជាតិ និងប្រ​វត្តិសាស្រ្តដ៏ទាក់ទាញរបស់ខេត្ត ដែលមានបន្សល់និងរក្សាបាននូវសំណង់សម័យអាណានិគម សំណង់ផ្ទះបុរា​ណច្រើនដែលមានវ័យចំណាស់ច្រើនជាងគេផងដែរ។

លោកបន្តថា “ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរណ៍ច្រមុះស្រួចច្រើន
ពួកគេចូលចិត្តមកលំហែរកំសាន្ត និងសិក្សាស្វែងយល់ពីវប្បធ៌មរបស់ខេត្តនេះដែលធ្លាប់គ្របគ្រងដោយបារាំង និងជនជាតិសៀម”។លោកបន្តថា “ដោយសារសក្តានុពល និងការយកចិត្តទុកដាក់ពីការអភិវឌ្ឍរបស់ខេត្ត បានធ្វើឲ្យទឹកដីដែលកវីសរសេរបទចម្រៀងមិនចេះអស់នេះ កាន់តែមានសង្ឃឹម និងស្នាមញញឹម”។

ស្វែងយល់ៈតើអ្វីទៅជាហត្ថលេខាឌីជីថល?

0

ដោយដួង ចន្រ្ទា

ភ្នំពេញ ស្របពេលមនុស្សកាន់តែរវល់ច្រើន បច្ចេកវិទ្យាកាន់តែរីកចម្រើន ដែលធ្វើឲ្យពួកគេមានពេលវេលាកាន់តែតិច សម្រាប់ការចុះហត្ថលេខាលើលិខិតស្នាមនានា ជំនួសវិញពួកគេអាចប្រើប្រាស់ឬចុះហត្ថលេខាជាមួយប្រព័ន្ឋឌីជីថល ដែលកាន់តែទំនើប និងកាត់បន្ថ​យការចំណាយពេលវេលា។


ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព៌តមាននៃក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍លោក អ៊ូ ផាន់ណារិទ្ធបានលើកឡើង ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ហត្ថលេខាឌីជីថលកាលពីពេលថ្មីៗនេះថា ហត្ថលេខាឌីជីថលនេះ មានសារៈសំខាន់យ៉ាងខ្លាំងណាស់ ចំពោះរដ្ឋាភិបាល និងវិស័យឯកជន ដែលប្រតិបត្តិការប្រព័ន្ធអ៊ីនធឺណែត។

លោកបន្ថែមថា ហត្ថលេខាឌីជីថលនេះ នឹងធានាបានភាពត្រឹមត្រូវ សុច្ច​រិតភាព រក្សាការសម្ងាត់ និងការមិនអាចបដិសេធបាន។

លោកបន្តថា “ហត្ថលេខាឌីជីថលនឹងដើរតួយ៉ាងសំខាន់ សម្រាប់កិច្ចការផ្សេងៗលើទំនាក់ទំនងលើគ្រប់វិស័យ សម្រា​ប់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ដើម្បីធានាបានសុវត្ថិភាពខ្ពស់ ទាំងក្នុងកិច្ចការរដ្ឋាភិបាលនិងវិស័យឯកជន”។លោកបន្ថែមថា “ស្ថិតក្នុងដំណាក់កាលនេះ ក្រសួងប្រៃសណីយ៍កំពុងធ្វើការផ្សព្វផ្សាយពីអនុក្រឹត្យហត្ថលេខាឌីជីថល ដើម្បីឲ្យមានការយល់ដឹងពីសារៈសំខា​ន់របស់វា ហើយដើម្បីទទួលបានហត្ថលេខាឌីជីថល ត្រូវតែមានការស្នើសុំមកក្រសួងក្រសួងប្រៃសណីយ៍ត្រឹមត្រូវ ទៅតាមលក្ខណ្ឌកំណត់ទើបអាចទទួលបាន ហត្ថលេខាឌីជីថលបាន”។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកត្រាំ អ៊ីវតឹកបានលើកឡើងក្នុងសិក្ខាសាលាដដែលថា អនុក្រឹត្យហត្ថលេខាឌីជីថលនេះ នឹងក្លាយជាធាតុផ្សំមួយសំខាន់ ក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងភាពទុកចិត្តបាននៃប្រតិបត្តិការ តាមប្រព័ន្ធអ៊ីនធរណេត ទាំងក្នុងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកប្រើប្រាស់។

លោកបន្ថែមថា “វាជាចំណុចដំបូងនៃក្របខណ្ឌសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្នុងការកសាងមជ្ឈដ្ឋាននៃការប្រើប្រាស់អ៊ីនធណេតនៅកម្ពុជា ប្រកបដោយទំនុកចិត្ត និងសន្តិសុខ សម្រាប់កិច្ចការធុរកិច្ច សម្រាប់ស្រាវជ្រាវនិងអភិវឌ្ឍន៍ និងសម្រាប់ទំនាក់ទំនងប្រចាំថ្ងៃ”៕

លំហូរ FDI មកកម្ពុជានឹងកើនឡើងខ្លាំងនៅឆ្នាំនេះនិងឆ្នាំក្រោយ

0

ដោយ គង់ សូរិយា

ភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានព្យាករណ៍ថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា​ មានកំនើនខ្ពស់ដោយឡែកទំហំពាណិជ្ជកម្ម និងការវិនិ​យោគផ្ទាល់ពីបរទេស ការនាំចេញនៅឆ្នាំ២០១៨ អាចរំពឹងក្នុងរង្វង់ជាង១២ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ និងនិទស្សន៍ការព្យាករណ៍របស់ក្រសួងនេះបាន​បង្ហាញថា  ឆ្នំា២០១៩ទំហំពាណិជ្ជកម្ម និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេ​សនឹងកើនដល់ជាង១៣ពាន់លានដុល្លារ ហើយការនាំចេញឆ្នាំ២០១៨ មានទំហំទឹកប្រាក់ជាង១៥ពាន់លានដុល្លារ និងឆ្នាំ២០១៩កើនឡើងនូវទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិកផងដែរ។

ស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyarea.asiaលោកលាងគង់ យិន​ ដែលបានតាមដានដំនើរវិវត្តន៍នៃសេដ្ឋកិច្ច សង្គមកម្ពុជាបានថ្លែងថា ការមកដល់នៃការវិនិយោគបរទេសនៅកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាជា អ្វីដែលជាការខិតខំរបស់រដ្ឋាភិបាល តាមរយៈការរៀបចំច្បាប់និងបទដ្ឋានគតិយុត្តិនានា ពិសេសច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជា ដែលអនុញ្ញាត្តឲ្យជនបរទេស​អាចបោះទុនវិនិយោគ១០០ភាគរយ។ ការផ្ទេសសាច់ប្រាក់ពីកម្ពុជាមិនមាននិតិវិធីស្មុគស្មាញ ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនៅកម្ពុជាជាដើម។

លោកបន្តថា “ឈរលើមូលដ្ឋានខាងលើនេះ គួបផ្សំនឹងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច កម្ពុជាបាននិងកំពុងក្លាយជាគោលដៅនៃការវិនិយោគពីអន្តរជាតិ”។លោកបន្តថា “ស្ថិរភាពសង្គមរយៈពេលវែង និងកំនើននៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក៏ជាផ្នែកដ៏សំខាន់មួយនៃការទាក់ទាញការ​វិនិយោគអន្តរជាតិផងដែរ”៕

ស្វែងយល់​ពី​អាស៊ាន៖ លំហូរ FDI កំពុង​ស្រោចស្រប​វិស័យ​អចលនទ្រព្យវៀតណាម

0

ដោយ វុត្ថា

ភ្នំពេញ៖ យោងតាម​ទិន្ន័យ​ទីភ្នាក់ងារ វិនិយោគ​បរទេស​ប្រទេស​វៀតណាម Foreign Investment Agency (FIA) បាន​បង្ហាញថា ប្រទេស​វៀតណាម​បាន​ទាក់ទាញ​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​ទឹកប្រាក់​ប្រមាណ៤៨៦លាន​ដុល្លារ​ក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​ត្រីមាស​នៃ​ដើមឆ្នាំ ២០១៨នេះ។

លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) វិស័យ​អចលនទ្រព្យ​គ្របដណ្តប់៨,៤ភាគរយ នៃ​លំហូរ FDI ដែលមាន​ទំហំ​ទឹកប្រាក់៥,៨ពាន់​លាន​ដុល្លារ ដែល​បាន​ហូរ​ចូលក្នុង​ប្រទេស​វៀតណាម​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០១។

ជាមួយនឹង​ការប្តេជ្ញាចិត្ត​ខ្ពស់ ប្រទេស​វៀតណាម​នឹង​បង្កើន​ទឹកប្រាក់​ចំនួន៣,៤៤ពាន់​លាន​ដុល្លារ លើ​ការកែច្នៃ​និង​ការផលិត​ក្នុងទិសដៅ​ធំ​បំផុត សម្រាប់​ការវិនិយោគទុន​ដោយផ្ទាល់ (FDI) ស្របពេល​ការលក់ដុំ និង​លក់រាយ​ចំពោះ​អចលនទ្រព្យ​មាន​ចំនួន​ទឹកប្រាក់៥៣១លាន​ដុល្លារ។

កូរ៉េខាងត្បូង នៅតែ​ជា​ប្រភព​វិនិយោគ​ផ្ទាល់​ដ៏​ធំ​បំផុត របស់​វៀតណាម​និង​ឈរ​លេខ​រៀង​បន្ទាប់ពី​អ្នកវិនិយោគ​មក​ទីក្រុង​ហុងកុង និង​សិង្ហ​បុរី។ លំហូរ​ចូល​ចុះបញ្ជីរ​ពី​កូរ៉េខាងត្បូង​បាន​ឈានដល់ ១,៨៤ ពាន់​លាន​ដុល្លារ ដែល​គ្របដណ្តប់​រហូតដល់៣១,៦ ភាគរយ​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស។

ក្រុមហ៊ុន​អេឡិចត្រូនិក LG Innotek Co ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ៥០១លាន​ដុល្លារ​អាមេរិក ទៅក្នុង​គម្រោង​នៅ​ទីក្រុង​Hai Phong ។

ទីក្រុង Hai Phong ស្ថិតនៅ​លំដាប់​លេខ​រៀង២ បន្ទាប់ពី​ទីក្រុង​ហូជីមិញ​ដែលជា​អ្នកទទួល FDI ធំ​បំផុត​ដោយ​ទទួលបាន៩២៥លាន​ដុល្លារ។ ទីក្រុង​ធំ​បំផុត​របស់​វៀតណាម​នេះ ទទួលបាន១,៧ពាន់​លាន​ដុល្លារ ខណៈដែល​ខេត្ត Binh Duong ភាគខាងត្បូង​ទទួលបាន៥៦៥លាន​ដុល្លារ ដែលជា​អ្នកទទួលបាន FDI ធំជាងគេ​ទី​បី។

នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារពិភពលោក ក្រសួង​រៀបចំ​ដែនដី​វៀតណាម កំពុង​ធ្វើ​សេចក្តីព្រាង​យុទ្ធសាស្ដ្រ ដើម្បី​ពង្រីក​សក្តានុពល​នៃ​ការទាក់ទាញ​លំហូរ FDI រហូតដល់​ឆ្នាំ២០២។ ក្រោម​យុទ្ធសាស្ត្រ​នេះ​ក្រសួង​នឹង​កំណត់ និង​ផ្តល់​អាទិភាព​ដល់​វិស័យ ដែលមាន​តម្រូវការ​ខ្ពស់​ដូចជា វិស័យ​សេវាកម្ម កសិកម្ម និង​ការធ្វើដំណើរ៕

សម័យខុនដូ៖ មុនសម្រេ​ចចិត្តទិញគួរពិនិត្យមើលលើកត្តាអ្វីខ្លះ?

0

ដោយ គង់ សូរិយា

ភ្នំពេញទីក្រុងភ្នំពេញបាននាំមកនូវកេររ្ត៍ដំណែលថ្មីមួយ ក្នុងវិស័យសំណង់ នោះគឺអាគារខុនដូខ្ពស់ៗ ដែលបានក្លាយជាទីចាប់អារម្មណ៍ ពីអ្នកវិនិយោគជាតិ​អន្តរជាតិ។

ការរស់នៅខុនដូ នឹងផ្តល់នូវបែបផែនជីវិតថ្មីមួយ សម្រាប់ប្រជាជនកម្ពុជា ដែលភាគច្រើនពួកគេមិនធ្លាប់បានរស់នៅតាមខុនដូនៅឡើយ។

ប៉ុន្តែមុនសម្រេចចិត្តទិញ ឬវិនិយោគខុនដូសម្រាប់លក់យកចំណេញនាពេ​លអនាគត អ្នកទិញឬអ្នកវិនិយោគគួរគិតលើបញ្ហាអ្វីខ្លះ? លោកបណ្ឌិតគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានផ្តល់អនុសាសន៍​ថា មុនសម្រេចចិត្តទិញខុនដូ អ្នកវិនិយោគគួរពិនិត្យមើលរឿងសំខាន់ៗមួយចំនួន​ដូចជា ទី១ ត្រូវសិក្សាពីក្រុមហ៊ុនអភិវឌ្ឍន៍ តើជាក្រុមហ៊ុនស្របច្បាប់ឬទេ ជាក្រុមហ៊ុ​នមានបទពិសោធន៍ ឬកេរ្ត៍ឈ្មោះល្អក្នុងវិស័យនេះឬទេ? ទី២ តើប្លង់ដីសាងសង់ខុនដូនោះនៅឯណា និងជាដីជួលពីរដ្ឋាភិបាល ឬដីឯកជនរបស់ក្រុមហ៊ុននោះ។

ទី៣ តើក្រុមហ៊ុនម៉ៅការសាងសង់ ជាក្រុមហ៊ុនមានបទពិសោធន៍ មានកេរ្ត៍ឈ្មោះល្អឬទេ? និងទី៤ តើតម្លៃលក់សមស្របនឹងស្ថានភាពទីផ្សារ និងទីតាំងនៃគំរោងណាមួយនោះដែរឬទេ?។

លោកគីម ហ៊ាងបានប​ន្តថា តាមពិតខុនដូដែលសាងសង់នៅទីតាំង ដែលតម្លៃដីទាបជាង៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ពិតជាពិបាករកអតិថិជន ព្រោះ ទីតាំងសាងសង់ខុនដូសមស្រប គឺជាទីតាំងល្អ មានតំបន់ពាណិជ្ជកម្មនៅជុំវិញ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកស្នាក់នៅ។

លោកបន្តថា “នៅក្នុងទីផ្សារសេរីអ្នកសាងសង់ខុនដូជោគជ័យ ទាល់តែអ្នក​នោះមានដីខ្លួនឯង មានលុយសាងសង់ មានទីផ្សារសម្រាប់លក់ ទើបទទួលបាន​ជោគជ័យ”។លោកបន្តថា “អ្នកមានដីដាក់បញ្ចាំធនាគារ យកលុយមកសាងសង់ និងគ្មានបទពិសោធន៍ នឹងបរាជ័យលើការវិនិយោគបែបនេះ”៕

វិបត្តិ៖ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសចិននឹងប៉ះពាល់ដល់កម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ជាសារលើកតំបូង សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រាប់ក្រុមមន្រ្តីត្រៀមខ្លួនទប់ទល់ ដើម្បីបញ្ចៀសខ្លួនពីសង្រ្គាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

សម្តេចបានថ្លែងបែបនេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យនៅសាលសន្និសីទកោះពេជ្រ នាព្រឹកថ្ងៃទី៣មេសានេះ។ សម្តេចបន្តថា នយោបាយ​គាំពារនិយម និងសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងប្រទេ​សចិន ក៏បានបង្កការព្រួយបារម្ភផងដែរ ដែលទាមទារឲ្យមានការតាមដានយកចិត្តទុកដាក់។សម្តេចបន្តសង្កត់ធ្ងន់ថា ពិភពលោកនាពេលបច្ចុប្បន្ន កំពុងបង្ហាញពីការបាត់សណ្តាប់ធ្នាប់។

សម្តេចតេជោក៏បានស្នើឲ្យក្រុមមន្រ្តី តាមដានយកចិត្តទុកដាក់ចំពោះបញ្ហា​របស់ពិភពលោក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាផងដែរ។

ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market and Consulting លោកង៉ែត ជូបានថ្លែងថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន បើប៉ះពាល់ប្រទេសចិនខ្លាំងក៏ប៉ះពាល់ដល់កម្ពុជាដែរ ព្រោះចិនវិនិយោគ​ច្រើននៅកម្ពុជាលើវិស័យសំណង់ កាត់ដេរ វិស័យទេសចរណ៍យ៉ាងច្រើន ហើយ​កម្ពុជាក៏បាននាំចេញ និងលក់កសិផលច្រើនទៅប្រទេសចិនផងដែរ។ ហេតុនេះបើសេដ្ឋកិច្ចចិនរងផលប៉ះពាល់ វានឹងប៉ះពាល់ដល់កម្ពុជាផងដែរ។

លោកបន្តថា “យើងពិតជាមានការព្រួយបារម្ភ ប៉ុន្តែវិបត្តិនេះមិនប៉ះពាល់ដល់កម្ពុជាភ្លាមៗទេ  វាអាចនឹងមានផលប៉ះពាល់ដល់កម្ពុជានៅឆ្នាំ២០១៩ ឬឆ្នាំ​២០២០ខាងមុខ ប្រសិនជាសង្រ្គាមពាណិជ្ជកម្មនេះ នឹងអូសបន្លាញរយៈពេលយូរ”។

លោកង៉ែត ជូបានថ្លែងថា កម្ពុជាគួរតែមានគោលនយោបាយ ទាក់ទាញអ្នកវិនិយោគ ពីប្រទេសដទៃទៀត​ឲ្យ​បានច្រើនមកកម្ពុជា ព្រោះបើយើងពឹងតែប្រទេសចិន សេដ្ឋកិច្ចរបស់យើងងាយ​ប្រឈមហានិភ័យខ្លាំងណាស់៕