ទីផ្សារខុនដូនៅកម្ពុជាចាប់ផ្តើមប្រែព៌ណ

0

ដោយ : គង់ សូរិយា

ភ្នំពេញ : ស្របពេលចំនូនខុនដូផ្គត់ផ្គង់កាន់តែច្រើននៅក្នុងទីផ្សារ បានធ្វើឲ្យនិន្នាការទិញលក់មាន ការប្រែប្រួល នៅក្នុងទីផ្សារនៃវិស័យថ្មីនេះ ដោយចំនួនអ្នកទិញបានងាករកខុនដូ ដែលសាងសង់ជិត បញ្ចប់ជាជាងគំរោងថ្មី។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំកំពុងវិនិយោគ​សាងសង់គំរោង Olympia City ចំនួនរាប់ពាន់យូនីតបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពី​ដើម​សប្តាហ៍នេះថា ស្ថានភាពនៃការលក់ខុនដូនៅឆ្នាំនេះ មានភាពល្អប្រសើរច្រើននៅក្នុងទីផ្សារ ប៉ុន្តែវា​អាស្រ័យលើគុណភាពខុនដូ និងខុនដូដែលបានសាងសង់បញ្ចប់ឬជិតបញ្ចប់។ ចំណែកខុនដូដែល​ទើបប្រកាសគំរោង មិនទាក់ទាញការចាប់អារម្មណ៍ច្រើនពីអ្នកទិញនោះទេ។
លោកបន្តថា “អ្នកវិនិយោគឬអ្នកទិញខុនដូបច្ចុប្បន្នមានជម្រើសច្រើន មុនសម្រេចចិត្តទិញ ពួកគេតែងគិតពីទីតាំង និងគំរោងខុនដូដែលបានបញ្ចប់ឬជិតបញ្ចប់ការសាងសង់”។លោកបន្តថា “ទោះជាការប្រកួតប្រជែងកើនឡើងនៅក្នុងទីផ្សារក្តី ប៉ុន្តែតម្លៃខុនដូនៅក្នុងទីផ្សារមិនធ្លាក់ចុះនោះទេ”។

លោក ទូច សំណាង បានបន្តថា អ្នកទិញខុនដូបច្ចុប្បន្ន ពិសេសជនបរទេសពួកគេទិញទុកលក់យក​ចំណេញ ព្រោះនៅប្រទេសរបស់ពួកគេ ប្រសិនជាយកប្រាក់ទៅដាក់ធនាគារ ទទួលបានការប្រាក់ទាប​ជាង១ភាគរយ ប៉ុន្តែបើទិញខុនដូទុកលក់យកចំណេញ ពួកគេអាចចំណេញបាន៤ទៅ៥ភាគរយក្នុង​មួយឆ្នាំ។ លោកបន្តថា អ្នកទិញខុនដូនៅកម្ពុជាភាគច្រើនជាជនជាតិចិន ហុងកុង តៃវ៉ាន់ និងសឹង្ហបុរី។ ចំណែកជនជាតិខ្មែរ ក៏បានទិញខុនដូកើនឡើងផងដែរ ប៉ុន្តែមិនមានចំនួនច្រើននៅឡើយ។
យោងតាមការព្យាករណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានឲ្យដឹងថា នៅឆ្នាំ២០១៨នេះ ខុនដូប្រមាណ១៣០០០យូនីតទៀត នឹងដាក់ចូលទីផ្សារ ខណៈចំនួនខុនដូបានដាក់ចូលទីផ្សារ មានប្រមាណ៨០០០យូនីតរួចទៅហើយ។


អ្នកវិនិយោគសាងសង់ខុនដូលក់លោក ទុយ ប៊ុន ភាគហ៊ុនិកនៃក្រុមហ៊ុនលំនៅដ្ឋានL កម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងផងដែរថា ស្ថានភាពបច្ចុប្បន្ននេះអ្នកទិញខុនដូជាជនជាតិខ្មែរ ហាក់ស្ងប់ស្ងាត់ជាងឆ្នាំមុន ប៉ុន្តែមានអតិថិជនជាជនជាតិចិនបានកើនច្រើន ដោយអ្នកវិនិយោគចិនបានទិញ១០០យូនីត ឬច្រើនជាងនេះ ដើម្បីលក់បន្តយកចំណេញ។
លោកបន្តថា “ខ្ញុំមិនបារម្ភពីទីផ្សារនេះទេ ដោយសារខុនដូរបស់ខ្ញុំផ្តោតសំខាន់ចំទីផ្សារពិតប្រាកដ ហើយអ្នកវិនិយោគចិនជាច្រើនបានចាប់អារម្មណ៍”។ ខុនដូL លក់ក្នុងតម្លៃចន្លោះពី៩០០ទៅ១២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនVTRUST APppraisalបានរកឃើញថា ក្នុងដំណាច់ឆ្នាំ២០១៧កន្លងមកនេះ ចំនួនខុនដូនៅក្នុងទីផ្សារបានកើនដល់ជិត៦០០០០យូនីត ក្នុងនោះប្រមាណ៥០០០យូនីតស្ថិតនៅក្នុងខេត្តព្រះសីហនុ។

អគ្គនាយកក្រុមហ៊ុន Lucky Realty Group លោក ឌិត ចណ្ណា បានថ្លែងថា ទីផ្សារខុនដូនៅរាជធានីភ្នំពេញឆ្នាំនេះ ហាក់មិនមានការប្រែប្រួលជាដុំកំភួននោះទេ ប៉ុន្តែខេត្តព្រះសីហនុ ទីផ្សារខុនដូមានភាពល្អប្រសើរ ទាំងការផ្គត់ផ្គង់ និងតម្រូវការមានការកើនឡើងស្របគ្នាផងដែរ។ លោកបន្តថា “ខ្ញុំមើលឃើញថា និន្នាការទិញខុនដូពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនកើនខ្ពស់នោះទេនាពេលនេះ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិត គីម ហ៊ាង បានថ្លែងថា នៅពេលខុនដូសាងសង់កាន់តែច្រើន ពិតណាស់អ្នកទិញនឹងមានជម្រើសកាន់តែច្រើន ហើយអ្នកទទួលបានផលប្រយោជន៍គឺអតិថិជន ហើយអ្នកកំណត់តម្លៃខុនដូក៏ជាអតិថិជន ព្រោះពួកគេអាចជ្រើសរើសតម្លៃតាមអ្វី ដែលពួកគេចង់បាន។
លោកបន្តថា “នៅក្នុងទីផ្សាសេរី អ្នកសាងសង់ខុនដូដែលទទួលបានជោគជ័យ គឺអ្នកមានលុយទិញដី អ្នកមានលុយសាងសង់ មានទីផ្សារសម្រាប់លក់ ទើបគំរោងរបស់ពួកគេទទួលបានជោគជ័យ”។លោកបន្តថា “ក្នុងស្ថានភាពដែលមានអ្នកសាងសង់ច្រើន ប្រាក់ចំណេញអាចធ្លាក់ចុះ ដែលជាសញ្ញាល្អសម្រាប់អ្នកទិញ និងសេដ្ឋកិច្ច”។ លោក គីម ហ៊ាង បានបន្តថា ទោះជាការផ្គត់ផ្គង់ខុនដូកើនឡើងច្រើនក្តី ប៉ុន្តែតម្លៃខុនដូមិនធ្លាក់ចុះនោះទេ ដោយតម្លៃនៃការសាងសង់អាចមានចន្លោះត្រឹម៥៥០ ទៅ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃដី៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយអ្នកវិនិយោគអាចសាងសង់កំពស់៣០ ទៅ៤០ជាន់អស់តម្លៃប៉ុន្មាន និងការលក់ចេញក្នុងតម្លៃប៉ុន្មាន វាអាស្រ័យលើការសម្រេចចិត្តរបស់អ្នកអភិវឌ្ឍន៍៕

Tripadvisor សណ្ឋាគារនៅខេត្តសៀមរាបបានជាប់លំដាប់ថ្នាក់លេខ១ លើពិភពលោក

0

ដោយ : ដែន ចែងចាំង

ភ្នំពេញ : គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក Trip Advisor បានប្រកាសថា សណ្ឋាគារមួយនៅខេត្តសៀមរាបបានជាប់ចំណាត់ថ្នាក់លេខ១ និងសណ្ឋាគារមួយទៀតជាប់ចំណាត់ថ្នាក់ទី១១នៅលើពិភពលោក។

គេហទំព័រនេះបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ក្នុងចំណោមចំណា​ត់​ថ្នាក់សណ្ឋាគារកំពូលៗចំនួន២៥ ដែលជាជម្រើសរបស់អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ​២០១៨ គេបានវាយតំលៃ និងផ្តល់ចំណាត់ថ្នាក់សណ្ឋា​គារវិរតន៍ (Viroth’s Hotel) ដែលមានទីតាំងនៅភូមិវត្តបូណ៌ ខេត្តសៀមរាប បានស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយនាំមុខសណ្ឋាគារ នៅកូស្តារីកា ឥណ្ឌា វៀតណាម និងម៉ាល់​ឌីវ។

គេហទំព័រនេះបានបង្ហាញថា សណ្ឋាគារដែលមានឈ្មោះ Shinta Mani Shackនៅក្នុងខេត្តសៀមរាប ប្រទេស​កម្ពុជា មួយទៀត គឺបានជាប់ចំណាត់ថ្នាក់លេខ១១ ក្នុងចំណោមសណ្ឋាគារកំពូលៗ​ចំនួន២៥នៅលើពិភពលោកផងដែរ។

លោក គឹម សេរីរ័ត្ន ប្រធាននាយកដ្ឋានសេវាកម្មស្នាក់នៅ ទេសចរណ៍និងម្ហូបអាហារនៃក្រសួងទេសចរណ៍បានថ្លែងថា ការវាយតំលៃនេះ គឺនៅវាមិននៅក្នុងក្របខ័ណ្ឌរបស់ក្រសួងទេសចរណ៍ ប៉ុន្តែវាជាការ​វាយតំលៃ និងការផ្តល់យោប​ល់ពីសំណាក់បណ្តាភ្ញៀវទេសចរណ៍ បរទេសនានានៅលើពិភពលោក ដែលបានទៅ​ស្នាក់នៅ នៅក្នុងសណ្ឋាគារទាំងអស់ខាងលើនេះ។

លោកបានថ្លែងថា ក្រសួងទេសចរណ៍ក៏មានការវាយតំលៃ និងផ្តល់ចំណា​ត់​សណ្ឋាគារ​ស្តង់​ដារកម្ពុជា និងស្តង់ដារអាស៊ានដែរ ដែលការវាយការតំលៃនោះ គឺវាមានលក្ខណៈមិនខុសគ្នាច្រើន ពីការវាយតំលៃពី​សំណាក់បណ្តាភ្ញៀវទេសចរបរទេសដែលបានទៅស្នាក់នៅផ្ទាល់ ហើយបានវាយតំលៃនិងផ្តល់យោបល់​ចង់បានដែល​មានស្តង់ដារសណ្ឋាគារស្អាត និងបៃតងនោះទេ។

បច្ចុប្បន្ននៅខេត្តសៀមរាប សណ្ឋាគារប្រមាណ១៥០០០បន្ទប់ និងមានផ្ទះសំណាក់ប្រមាណជាង​៥០០០​បន្ទប់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបានកំពុងជំរុញឲ្យបណ្តាសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ក្នុងខេត្តនេះ ​ខិតខំផ្តល់​សេវាស្នាក់នៅនិងម្ហូបអាហារជូនភ្ញៀវទេសចរបរទេស ឲ្យបានល្អ​ប្រសើរដើម្បី​បង្កើនការទាក់​ទាញ​​អោយ​គេមកស្នាក់នៅម្តងហើយចង់មកស្នាក់នៅម្តងទៀត។

លោក ឌិន សុមេធារិទ្ឋ ប្រធានសមាគមសណ្ឋាគារកម្ពុជាបានថ្លែងថា គុណ ភាពនិងស្តង់ដាសណ្ឋាគារនៅកម្ពុជា កំពុងមានភាពប្រសើរឡើងទាំងសេវាកម្ម និងសេវាបដិសណ្ឋារកិច្ចនានា ពិសេសតម្លៃមានភាពសមរម្យ ធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួនស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។លោកបន្តថា គុណ ភាព និងសេវាកម្មបដិសណ្ឋារកិច្ចនៅតាមសណ្ឋាគារនានា​នៅកម្ពុជា ពិតជាមាន​ភាពប្រសើរឡើង និងល្អប្រសើរជាងប្រទេសមួយចំនួន​ក្នុងតំបន់នេះ។

លោកបន្តថា “ទោះជាយ៉ាងណាវិស័យនេះកំពុងប្រឈមមុខនឹងការប្រកួត​ប្រជែងខ្ពស់ ដែលធ្វើឲ្យសណ្ឋាគារមួយចំនួន ដែលមិនមានលក្ខណៈវិជ្ជាជីវៈមិន​ទទួលបានជោគជ័យនោះទេ”៕

សារវិជ្ជមាន៖ សម្ដេច​តេជោ​ មាន​សុទិដ្ឋិនិយម​លើ​កិច្ច​ប្រជុំ MRC

0

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីសោមនស្សរីករាយ និងមានមោទនៈភាពចំពោះកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គនេះ បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកម្ពស់ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តភាព ជាពិសេសការពារតុល្យភាពអេកូឡូស៊ីនៃអាងទន្លេមេគង្គ។ ជាមួយគ្នានោះ យើងក៏បានអនុម័តយុទ្ធសាស្រ្តតាមវិស័យជាច្រើនទៀតដូចជា យុទ្ធសាស្រ្តសម្របសម្រួលមេគង្គនិងផែនការសកម្មភាពសម្រាប់ការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រគ្រប់គ្រងនិងអភិរក្សជលផល។
ជាពិសេសការអនុម័តនិងការអនុវត្តរចនាសម្ព័ន្ធថ្មីរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គដែលបង្កើតនូវវេទិកាមានប្រយោជន៍សម្រាប់កិច្ចសហប្រតិបត្តិការដែលបន្តរួមទាំងកិច្ចព្រមព្រៀងលើរូបមន្តវិភាគទានជាតិឆ្ពោះទៅរកនិរន្តរភាពដោយខ្លួនឯងរបស់គណៈកម្មាធិការទន្លេមេគង្គនៅឆ្នាំ ២០៣០។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គនៃគណៈកម្មការទន្លេមេគង្គលើកទី៣ នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ទន្លេមេគង្គគឺជាប្រភពនៃជីវិតប្រកបដោយនិរន្តភា ពនិងការអភិវឌ្ឍន៍នៃបណ្តា ប្រទេសតាមដងទន្លេ។ ទោះជាយ៉ាងណាក៏ដោយ យើងក៏ទទួលស្គាល់ផងដែរថាអាងទឹកនៅតែបន្តប្រ ឈមមុខនឹងបញ្ហាមួយចំនួនដូច ជាកំណើនប្រជាជន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងតម្រូវការកាន់តែច្រើនឡើងៗដូចជាតម្រូវការទឹក ស្បៀងអាហារ សន្តិសុខ និងថាមពលនៅក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គ។ លើសពីនេះ គឺផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុកាន់តែច្បាស់ពីមួយឆ្នាំទៅមួយឆ្នាំ។

និន្នាការនេះនឹងបង្កការគំរាមកំហែងបន្ថែមទៀតទៅលើ ប្រព័ន្ធទន្លេមេគង្គ ជាពិសេសលើធនធានធម្មជាតិនិងនិរន្តរភាពរបស់វា។ ដូច្នេះអាណត្តិ និងគោលដៅរួមរបស់យើង គឺដើម្បីធានាថាអត្ថប្រយោជន៍ដែលផ្តល់ដោយមេគង្គសម្រាប់ប្រទេសដែលមានទន្លេនៅតាមដងទន្លេអាចនឹងមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្តល់នូវទស្សនៈមួយចំនួនដល់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ដែលគួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមលើបញ្ហាមួយចំនួនដូចជា៖

១)បន្តជំរុញ និងពង្រឹងយន្តការសម្រាប់ការសម្របសម្រួលនិងការអភិវឌ្ឍទឹក និងនិរន្តរភាពធនធានធម្មជាតិដែលមាន និរន្តរភាពដើម្បីផលប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិក និងសុខុមាលភាពរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។

២)បន្តផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលទាក់ទងនឹងនិរន្តភាពនៃអាងទន្លេមេគង្គ ដូចជាការគ្រប់គ្រងកាកសំណល់ និងបរិស្ថានផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការចម្លងរោគ និងការប្រើប្រាស់ទឹកនៅតាមទន្លេ និងការគ្រប់គ្រងគម្រោងផ្សេងៗទៀត ដែលទាក់ទងនឹងនិរន្តរភាពនៃអាងទន្លេមេគង្គ និងជីវចំរុះ ។

៣)បន្តបង្កើតវិធានការនិងផែនការអនុវត្តដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ព្រមទាំងលើកទឹកចិត្តឱ្យមានការចុះសម្រុងគ្នានៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។

៤)បន្តពង្រឹងសមត្ថភាពធនធានមនុស្សនិងស្ថាប័នលើកិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនក្នុងចំណោមបណ្តាប្រទេសជាសមាជិក ជាពិសេសសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការនិងយុទ្ធសាស្រ្តដែលបានសម្រេច និងដាក់ចេញរួចហើយ។

៥)បន្តជំរុញស្មារតីនៃកិច្ចសហប្រតិបត្តិការមេគង្គក្នុងភាពជាដៃគូក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែជិតស្និទ្ធជាមួយយន្តការថ្នាក់តំបន់ និងអន្តរជាតិឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចីរភាពនៅអាងទន្លេមេគង្គ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយបណ្តាប្រទេសទន្លេមេគង្គទាំងអស់ និងជាមួយដៃគូមេគង្គដទៃៗទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ។

ទាំងអស់នេះគឺជាការទទួលខុសត្រូវសម្រាប់អនាគតនៃការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ប្រទេសនៃអាងទន្លេមេគង្គទាំងអស់ក្រោមពាក្យស្លោក «មេគង្គមួយ ស្មារតីតែមួយ»៕

លោកបណ្ឌិត គីម ហ៊ាង ប្រាប់វិធីសាស្រ្តវិនិយោគលើអចលនទ្រព្យ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មានការលើកជាចំងល់ថា តើគួរវិនិយោគលើអចលនទ្រព្យបែណា ដើម្បីទទួលបានផលចំណេញ ខណៈលទ្ឋភាពពួកគេមានការខុសៗគ្នា តាមបុគ្គ​លម្នាក់ៗ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលន​វត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ការវិនិយោគអច​លនទ្រព្យអាចធ្វើបានអាស្រ័យតាមលទ្ឋភាពរបស់អ្នក។ ប្រសិនជាអ្នកចំណា​យ ក្នុងគ្រួសារប្រចាំខែហើយ នៅសល់១០០០ដុល្លារក្នុងមួយខែ អ្នកគួរវិនិយោគលើដីនៅតំបន់ជាយក្រុង ដែលមានចម្ងាយ៣០គីឡូម៉ែត្រជុំវិញទៅក្រុង។ ប្រសិនបើលោកអ្នក​មានប្រាក់ក្នុងរង្វង់៦ម៉ឺនដុល្លារ លោកអ្នក គួរវិនិយោគទិញដីសម្រាប់ពុះឡូត៍លក់ ព្រោះវាផ្តល់ប្រាក់ចំណេញច្រើន ប៉ុន្តែជោគជ័យឬមិនជោគជ័យអា​ស្រ័យលើយុទ្ឋ​សាស្រ្តនៃការធ្វើជំនួញរបស់ខ្លួន។

លោកបណ្ឌិតបានបន្តថា ប្រសិនជាមានលុយ១០ម៉ឺនដុល្លារ លោក អ្នកគួរស្វែងរកទិញដីជាយក្រុង ដែលស្ថិតនៅជាប់តំបន់ឧស្សាហកម្ម ដើម្បីសាងសង់​ផ្ទះ​ជួលសម្រាប់​កម្មករ កម្មការិនី ដែលលោកអ្នកអាចយកប្រាក់ត្រលប់ពីការវនិយោគ១០ភាគរយក្នុងមួយឆ្នាំ។វាជាការវិនិយោគដ៏ល្អមួយ។ លោកបន្តថា ប្រសិ​នជាអ្នកមានប្រាក់​ចន្លោះពី៤០ទៅ៥០ម៉ឺនដុល្លារ អ្នកគួរវិនិយោគសាងសង់​ផ្ទះសម្រាប់លក់ ព្រោះការសាងសង់ផ្ទះលក់ និងលក់ក្នុងតម្លៃ៣ទៅ៥ម៉ឺនដុល្លារអាស្រ័យមានទីផ្សារល្អ។

រីឯអ្នកមានលុយចាប់ពី១លានដុល្លារឡើងទៅ អាចវិនិយោគសាងសង់ខុនដូ ឬបុរី ឬសាងសង់អាផាតម៉ិនសម្រាប់ជួល ពិសេសខុនដូដែលមានតម្លៃចន្លោះពី​៤ទៅ៦ម៉ឺនដុល្លារ ជាខុនដូមានតម្រូវការច្រើន ព្រោះប្រជាជនមានប្រាក់ចំណូល​មធ្យមកើនឡើង ហេតុនេះបើពួកគេយកលុយក្នុងចំនួននេះ ទៅទិញផ្ទះនៅក្នុងក្រុង ក៏មិនអាចទិញផ្ទះបាននៅជាន់ផ្ទាល់ដីដែរ គឺអាចទិញជាន់ទី២ឬទី៣ ដែលជាផ្ទះចាស់ នឹងមិនមានបំពាក់សេវាកម្មជណ្តើរយន្ត និងសេវាកម្មនានា។ ហេតុនេះ​បើវិនិយោគខុនដូក្នុងតម្លៃខាងលើនេះ នឹងទទួលបានជោគជ័យមិនខាន។លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង។

លោកបន្តថា “ទោះជាយ៉ាងណាការវិនិយោគលើវិស័យទាំងអស់នេះ ទាម ទារឲ្យលោក អ្នកមានជំនាញ ហើយប្រសិនជាគ្មានជំនាញពួកគេអាចប្រឹក្សាជា​មួយក្រុមហ៊ុនជំនាញអចលនទ្រព្យ ដើម្បីបញ្ចៀសហានិភ័យ”៕

ដំណឹងល្អ! កាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នឹងដាក់ឱ្យដំណើរការនៅថ្ងៃស្អែក

0

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន គម្រោងកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៧ ព្រឹក នៅស្ថានីយនាវាដឹកអ្នកដំណើរឬស្សីកែវ (គីឡូម៉ែត្រលេខ ៦ ចំណុចទីលានប្រជាធិបតេយ្យថ្មី)។

ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្នគម្រោងកាណូតដឹកអ្នកដំណើរព្រែកព្នៅ-ភ្នំពេញ-តាខ្មៅនេះ បានចូលរួមចំណែកដល់ការផ្តល់មធ្យោបាយធ្វើដំណើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវផងដែរ។ ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមកាណូតដឹកអ្នកដំណើរនេះ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៦ ខែ មេសា រហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៨។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមគោរពអញ្ជើញអ្នកសារព័ត៌មានទាំងអស់ អញ្ជើញចូលរួម និងចុះទៅ ផ្តិតយកព័ត៌មាននៃពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះដោយផ្ទាល់៕

តើកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គនៅកម្ពុជាគេនិយាយអំពីអ្វីខ្លះ?

0

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ(MRC) លើកទី៣ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៨នេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងអាងទន្លេមេគង្គ-ទន្លេមេគង្គតែមួយ ស្មារតីតែមួយ” ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសដែលជាប់នឹងទន្លេមេគង្គមានដូចជា ប្រទេសកម្ពុជា វៀតណាម ឡាវ ប្រទេសចិន និងមីយ៉ាន់ម៉ា ព្រមទាំងដៃគូអភិវឌ្ឍន៍នានាជាច្រើនរូបផងដែរ។

កិច្ចប្រជុំដែលប្រារព្វធ្វើឡើងនៅក្នុងទឹកដីនៃខេត្តសៀមរាប នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបានកន្លងមក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ពិភាក្សាលើបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ និងដាក់ចេញទិសដៅជាយុទ្ធសាស្រ្តដើម្បីជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានអោយដឹងថា កិច្ចប្រជុំកំពូលនេះ នឹងអនុម័តសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ដែលឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តផ្នែកនយោបាយកម្រិតខ្ពស់របស់ប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ ក្នុងការបន្តធ្វើឲ្យប្រសើរនូវកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ផងដែរ។

លោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នយោបាយកម្រិតខ្ពស់បំផុត ដ៏មានសារៈសំខាន់ ដែលបានផ្ដួចផ្តើមឡើងដោយប្រទេសជាសមាជិកទាំងបួនរួមមាន៖ កម្ពុជា ថៃ ឡាវ និងវៀតណាម។ កិច្ចប្រជុំកំពូលរៀបចំធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង ដែលជាវេទិកាកម្រិតតំបន់សម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនធ្វើការផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលជួបប្រទះក្នុងតំបន់ និងពិនិត្យឡើងវិញលើវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការគ្រប់គ្រងប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចមានចែងក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបួនកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៥។
លោក ណាវុធ បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១០ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ក្នុងខេត្តហួហ៊ីន និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០១៤ ធ្វើជាម្ចាស់ផ្ទះដោយប្រទេសវៀតណាម ក្នុងទីក្រុងហូជីមិញ។

កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នេះ នឹងផ្តោតលើគោលបំណងបីសំខាន់ៗចំនួន៣រួមមាន ទី១ ដើម្បីគូសបញ្ជាក់សារជាថ្មីអំពីតួនាទី ភារកិច្ច និងបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ និងដើម្បីលើកកម្ពស់ជាបន្ថែមទៀតនូវការពិគ្រោះយោបល់ជាចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងអាងទន្លេមេគង្គ។ ទី២ ដើម្បីទទួលស្គាល់នូវវឌ្ឍនភាព ការរួមចំណែក និងសមិទ្ធិផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្ដិភាព បើទោះបីជាប្រទេសជាសមាជិកមានផលប្រយោជន៍ គោលជំហរ និងការអភិវឌ្ឍខុសៗគ្នាយ៉ាងណាក៏ដោយ។ ទី៣ ដើម្បីជំរុញលើកកម្ពស់ជាបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងបន្ដកើតមាន និងច្បាមយកកាលានុវត្ថភាព ដើម្បីអាងទន្លេមេគង្គមួយមានភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្ដិធម៌សង្គម និងបរិស្ថានល្អ ដែលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពរបស់សហប្រជាជាតិ លើផ្នែកការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខស្បៀង ការផលិតថាមពលក្នុងតម្លៃសមស្របនិងអាចជឿទុកចិត្តបាន និងបម្រែបម្រួលអាកាសធាតុ៕

ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចនៃបណ្តាប្រទេសតាមដងទន្លេមេគង្គ

0

ដួង ចន្រ្ទា

​ភ្នំពេញ ប្រទេសកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលនៃគណកម្មាធិការទន្លេមេគង្គ នៅខេត្តសៀមរាប ដែនដីដ៏ពិសិដ្ឋ ដែលនឹងមានការអញ្ជើញចូលរូមពីបណ្តាមេដឹកនាំបណ្តាប្រទេសក្នុងតំបន់នេះ។
​កិច្ចប្រជុំកំពូលនៃគណកម្មការធិកាទន្លេមេគង្គ បានចាប់ផ្តើមពីថ្ងៃទី៤ដល់ទី៥ មេសាខាងមុខនេះ។
​ថ្ងៃនេះគេហទំព័រPropertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច កត្តាប្រជាសាស្រ្តនៃបណ្តាប្រទេស៤នៃដងទន្លេមេគង្គ រួមទាំងប្រទេសភូមាផងដែរ។


​ប្រទេសកម្ពុជា
​ប្រទេសកម្ពុជាមានកំនើបសេដ្ឋកិច្ច៧,៧ភាគរយ ក្នុងរយៈពេលជាងពីរទស​វត្សរ៍កន្លងមកនេះ។ ប្រទេសនេះស្ថិតក្នុងចំណោមប្រទេស៨ ដែលមានសេដ្ឋកិច្ច​រីកលូតលាស់លឿនជាងគេនៅលើពិភពលោក។
ប្រទេសកម្ពុជា មានចំនួនប្រជាជនសរុបចំនួនប្រមាណ១៦លាននាក់ ប្រជាជនប្រទេសនេះ មានប្រាក់ចំណូល១៤៣៥ដុល្លារក្នុងម្នាក់ ក្នុងមួយឆ្នាំកាលពីឆ្នាំ​២០១៧។

​ប្រទេសនេះបានចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុតកាលពីឆ្នាំ២០១៥ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយនឹងក្លាយ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមាន​ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

​សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យវាយណភ័ណ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង វិស័យសំណង់ វិស័យទេសចរណ៍ សេវាកម្ម និងវិស័យកសិកម្ម។
​ប្រទេសឡាវ
​កំណើនសេដ្ឋកិច្ច៦,៨ភាគរយកាលពីឆ្នាំ២០១៧ និងកើនដល់៧ភាគរយនៅឆ្នាំនេះ។

​ចំនួនប្រជាជនជិត៧លាននាក់នៅឆ្នាំ២០១៧
ប្រាក់ចំណួលក្នុងមនុស្សម្នាក់ ក្នុងមួយឆ្នាំជាង១៦៤២ដុល្លារកាលពីឆ្នាំ២០១៦។

​ សេដ្ឋកិច្ចប្រទេសឡាវពឹងផ្អែកលើធនធានធម្មជាតិ ការនាំចេញផលិតផល​កសិកម្ម សេវាកម្ម និងវិស័យទេសចរណ៍។

​ប្រទេសថៃ
​សេដ្ឋកិច្ចប្រទេសថៃកើន៤,៣ភាគរយកាលពីឆ្នាំ២០១៧។
​តាមការព្យាករណ៍ចំនួនប្រជាជនថៃ នឹងកើនដល់ចំនួនជាង៦៩លាននាក់នៅឆ្នាំ២០១៨នេះ។
​ចំណូលសម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់៥៩០១ដុល្លារ។

​សេដ្ឋកិច្ចប្រទេសថៃមួយផ្នែកធំ ពឹងផ្អែកលើការនាំចេញទំនិញប្រើប្រាស់ ផលិតផលកសិកម្ម សេវាកម្ម ទេសចរណ៍ វិស័យសំណង់ និងអចលទ្រព្យ ជលផល និងវិស័យយានយន្តផងដែរ។

​វៀតណាម
​ប្រជាជនវៀតណាមបានកើនឡើងដល់ជាង៩៦លាននាក់នៅឆ្នាំ២០១៧។
​ចំណូលសម្រាប់មនុស្សម្នាក់មាន១៧៧០ដុល្លារសម្រាប់មនុស្សម្នាក់ កាលពីឆ្នាំ២០១៧។

​កំនើនសេដ្ឋកិច្ចមានប្រមាណ៦,២៨ភាគរយ និងរំពឹងកើនដល់៧ភាគរយនៅឆ្នាំ២០១៨។

​វិស័យសេដ្ឋកិច្ចវៀតណាម ពឹងផ្អែកលើការនាំចេញផលិតផលប្រើប្រាស់ ផលិតផលកសិកម្ម ជលផល វត្ថុធាតុដើម ទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ។

​ភូមា
​ប្រជាជនភូមា រំពឹងនឹងកើនដល់ជាង៥៤លាននាក់នៅឆ្នាំ២០១៨។
​កំនើនសេដ្ឋកិច្ចល្អប្រសើរកាលពីឆ្នាំមុន ដោយប្រទេសនេះសម្រេចបានកំ​នើនសេដ្ឋកិច្ច៧ភាគរយ។
​ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ នៅប្រទេសភូមាមានចំនួន១៤២០ដុល្លា​រកាលពីឆ្នាំ២០១៦។

​ប្រទេសភូមាពឹងផ្អែកលើធនធានធម្មជាតិ សេវាកម្ម ការនាំចេញផលិតផល​កសិកម្ម និងវិស័យវាយណភ័ណផងដែរ៕

អស្ចារ្យៈទីក្រុងញួវយ៉កកំពុងសាងសង់អគារលំនៅដ្ឋានខ្ពស់លំដាប់ពិភពលោក

0

ដោយ : វុត្ថា
ភ្នំពេញ : ទីក្រុងញូវយ៉កកំពុងចាប់ផ្តើមសាងសង់ អគារស្នាក់នៅខ្ពស់លំដាប់ពិភពលោក ដែលសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Extell ជាមួយ ក្រុមហ៊ុនSMI ក្នុងតម្លៃជាង៤ពាន់លានដុល្លារ ដែលជាគម្រោងថ្លៃបំផុតនៅក្នុងទីក្រុងញូវយ៉ក។
អគារនេះថ្មីនេះត្រូវបានគេដឹងថា មានកម្ពស់១,៥៥០ហ្វីត ខ្ពស់ជាងអគារ Manhattan បច្ចុប្បន្ន ដែលស្ថិតនៅតាមបណ្តោយផ្លូវ57th និង Columbus Circle ។ អាគារខ្ពស់លំនៅដ្ឋាននេះត្រូវបានគេរំពឹងថា នឹងសាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០១៩។
ការសាងសង់អគារលំនៅដ្ឋានខ្ពស់ជាគេនេះ ទទួលបានទឹកប្រាក់ហិរញ្ញប្បទានចំនួន១,១៣៥ពាន់លានដុល្លារ កាលពីខែមករាឆ្នាំ២០១៨នេះ ពីធនាគារ Central Park Tower។


ប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Extell Development Company លោកGary Barnetបានអោយដឹងថា ក្រុមហ៊ុនអាចលនទ្រព្យ Extel មានកិត្តិនាមល្បីល្បាញ ដែលមានសហគមន៍វិនិយោគ និងកម្ចី ហើយការសាងសង់អគារនេះ គឺដើម្បីតម្រូវការទីផ្សារលំនៅដ្ឋាន ព្រោះថាទីក្រុងញូវយ៉ក មិនដែលមានអគារលំនៅដ្ឋានខ្ពស់ដូចនេះទេ។
ចំពោះរចនាអគារនេះ គឺជាភារកិច្ចរបស់លោក Adrian Smith + Gordon Gill ជាស្ថាបត្យករល្បីល្បាញ ដែលរចរនាប្លង់បែបបទអគារ Burj Khalifa នៅទីក្រុងឌូបៃ និង Kingdom Tower ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
បើទោះបីជាអគារនេះមានកម្ពស់បន្តិចមែន តែអគារនេះមានលំនៅដ្ឋាន ១៧៩យូនីត ដែលដាក់លក់ក្នុងតំលៃ២២លានដុល្លារ។ នៅក្នុងអគារនេះ មានទាំងក្លឹបនៅជាន់លើបំផុត កន្លែងលក់ឥវាន់ និងហាងល្បីជាច្រើនផងដែរ៕

អ្វីនៅពីក្រោយការសម្រេចកំនើន២០ភាគរយនៃធនាគារអេស៊ីលីដា?

0
  • ដោយ : ដួង ចន្រ្ទា
    ភ្នំពេញ : ធនាគារធំជាងគេមួយនៅកម្ពុជា បានសម្រេចកំនើនល្អប្រសើរ ក្នុងនាមជាធនា​គារឈានមុខគេមួយលើទំហំប្រាក់កម្ចី ការដាក់ប្រាក់បញ្ញើរ និងទំហំនៃការិយាល័យប្រតិបត្តិការ។
    ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី លោកអ៊ិន ចាន់នី បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញនេះថា នៅក្នុងវិស័យហិរញ្ញវត្ថុទាំងមូល ក្នុងរយៈពេល៥ឆ្នាំកន្ល​ង​មកនេះ ដោ​យ​គិតពីឆ្នាំ២០១៣-២០១៧ ធនាគារអេស៊ីលីដាទទួលកំណើនពីប្រាក់បញ្ញើរសន្សំ និងឥណ​ទាន គិតជាមធ្យមជាង២០ភាគរយ។ លោកបន្តថា គិតក្នុងរយៈពេល៥ឆ្នាំមកនេះ ជាមធ្យមប្រាក់បញ្ញើរសន្សំមានកំនើនប្រមាណ១៩ភាគរយ រីឯឥណទានមានកំនើនគិតជាមធ្យមមានប្រមាណ២០ភាគរយ។
    លោកបន្តថា “ធនាគារអេស៊ីលីដាពេលបច្ចុប្បន្ន បានផ្តល់សេវាប្រើប្រាស់តាមបែបឌីជីថលច្រើន និងល្អប្រសើរជាងមុន ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ដែលសេវាកម្មទាំងនោះ អាចជួយឲ្យអតិថិជនចំណេញទាំងពេលវេលា ងាយស្រួល សុវត្ថិភាព និងទំនើ​បទាន់សម័យ ដោយពុំចាំបាច់ធ្វើដំណើរដល់សាខាធនគារនោះទេ”។លោកបន្ថែមថា “ភាពរីកចម្រើនរបស់ធនគារ ក៏ដូចជាការផ្តល់សេវាកម្មបែបឌីជីថលឥតឈប់ឈរ ដោយសារតែការមើលឃើញពីការអភិវឌ្ឍន៍ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកាន់តែកើនឡើង”។

  • គិតមកដល់ពេលនេះ ធនាគារអេស៊ីលីដាភីអ៊ិលស៊ី បានធ្វើប្រតិតបត្តិការជាង២០ឆ្នាំហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជន និងអតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈហេដ្ឋារចនាសម្ព័ន្ធអេឡិចត្រូនិច ដែលភ្ជាប់បណ្តាញប្រតិបត្តិការទូទាំងសលកលោក។ ក្នុងនោះអេស៊ីលីដា មានកម្មករ និយោជិត បម្រើការងារសរុបចចំនួនជាង១ម៉ឺននាក់ កំពុងបម្រើការនៅតាមបណ្តាសាខាចំនួន២០០ការិយាល័យ នៅទូទាំងប្រទេសកម្ពុជា។
    ប្រធានសមាគមធនាគារកម្ពុជាស្តីទី លោកឆារស៍ វ៉ាន់បានថ្លែងថា សេវាកម្មធនាគារនៅកម្ពុជាមានភាពរីកចម្រើន ហើយវិស័យនេះ កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះនៅពេលសេដ្ឋកិច្ចរីកចម្រើន ត្រូវការលំហូរទុនកាន់តែច្រើន ដើម្បីធ្វើឲ្យសកម្មភាព និងចរន្តសេដ្ឋកិច្ចដំណើរការ ដូច្នេះធនាគារពិតជាដើរតួនាទីចាំបាច់ណាស់ ក្នុង​សេដ្ឋកិច្ចកម្ពុជា។
    លោកបន្តថា “ទោះជាការប្រកួតប្រជែងកើនឡើងខ្លាំងក្តី ប៉ុន្តែវិស័យនេះនៅតែដំនើរការដោយល្អប្រសើរ ព្រោះការ​ប្រកួតប្រជែងស្ថិតក្នុងក្របខ័ណ្ឌមួយប្រកបដោយក្រមសីលធ៌ម”៕

ប្រវត្តិសាស្រ្ត! ខ្សែរថភ្លើងដែលគេបំភ្លេចបានចាប់ផ្តើមជាថ្មី

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយ ដែលក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះផ្លូវ​រថភ្លើងត្រូវបានគេបំភ្លេចចោល បានចាប់ផ្តើមដំណើរការដឹកជញ្ជូនឡើងវិញជា​មួយនឹងការផ្តល់សេវាកម្ម ដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងរយៈពេល៤ខែ។

លោកទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាមនុស្សកំណែទម្រង់របស់រដ្ឋាភិបាល និងកំពុងមានប្រជាប្រិ​យភាព បានអញ្ជើញដាក់ឲ្យដំណើរការនូវខ្សែរថភ្លើង តភ្ជាប់រវាងក្រុងសិរីសោភ័​ណ និងក្រុងប៉ោយប៉ែត​ជាប្រវត្តិសាស្រ្តនាព្រឹកថ្ងៃទី៤ មេសានេះ។

ខ្សែរថភ្លើងនេះ នឹងដាក់ដំណើរការខ្សែរត់ចំនួនបីលើកក្នុងមួយថ្ងៃ ដែលអនុញ្ញាត្តឲ្យមនុស្សប្រមាណ១០០នាក់អាចធ្វើដំណើរបាន។

លោកស៊ុន ចាន់ថុលបានថ្លែងថា ផ្លូវដែកដែលស្តារឡើងវិញ និងសាងសង់​ថ្មីនេះ ផ្តោតសំខាន់ដល់ការដឹកជញ្ជូនគ្រប់រូបភាព ការធ្វើសមាហរណកម្មផ្ទៃក្នុង  ជាពិសេសការធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ ដោយតភ្ជាប់ទៅកាន់តំបន់អាស៊ាន។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការតភ្ជាប់ប្រព័ន្ឋដឹកជញ្ជូនថ្មីនេះ ជាការរំញោចនូវសេវាកម្មក្នុងវិស័យទេសចរណ៍​​ជាមួយប្រទេសថៃ ដែលពេលអនាគតខ្សែរថភ្លើងនេះ មិនត្រឹមតែភ្ជាប់ផ្ទៃក្នុងកម្ពុជាទេ តែក៏ជាការភ្ជាប់ជាមួយប្រទេសថៃនាពេលអនាគតផងដែរ។លោកបន្តថា ប្រព័ន្ឋផ្លូវដែកនេះ ក៏ជាការផ្តល់បទពិសោធន៍ថ្មីក្នុងការធ្វើដំនើរ ដែលរយៈពេលជាង៣០ឆ្នាំមកនេះ ខ្សែរថភ្លើងនេះត្រូវបានបោះបង់ចោល ដោយសារសង្រ្គាម។

លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវដែក ក៏ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់​ចរាចរណ៍ ជួយកាត់បន្ថយភាពគ្មានសណ្តាប់ធ្នាប់ នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ និងជួយសម្រួលដល់លំហូរទេសចរណ៍អន្តរជាតិផងដែរ”៕