វិនិយោគិន​ក្នុងស្រុក​មួយ​បោះទុន ៧០លាន​ដុល្លារ​សាងសង់​ទីក្រុង​ពាណិជ្ជកម្ម​មួយ​នៅ​ក្រុងព្រះសីហនុ

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖  ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បានប្រកាស​វិនិយោគ​ទឹកប្រាក់៧០លាន​ដុល្លារ ដើម្បី​សាងសង់​ទីក្រុង​ពាណិជ្ជកម្ម​មួយ​ឈ្មោះ​ក្រុង​រស្មី​មង្គល នៅក្នុង​ក្រុងព្រះសីហនុ ជាទី​ក្រុង​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ។

លោក ឫទ្ធី រស្មី អគ្គនាយក​ក្រុមហ៊ុន K99 Group បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅក្នុង​ពិធី​ក្រុង​ពាលី និង​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​ទីក្រុង​រស្មី​មង្គល កាលពី​ចុង​សប្តាហ៍​មុន​ថា គម្រោង​សាងសង់​ដែលមាន​ឈ្មោះថា ទីក្រុង​រស្មី​មង្គល​នេះ នៅលើ​ផ្ទៃដី​ប្រមាណ១០ហិ​កាត មាន​អាគារ​ចំនួន៣៦  រួមមាន​សណ្ឋាគារ អាគារ​ពាណិជ្ជកម្ម អាគារ​ស្នាក់នៅ ជាដើម។ល។ ក្រុមហ៊ុន​គ្រោង​ចំណាយ​ទុន​ប្រមាណ៧០លាន​ដុល្លារ​អាមេរិក។

លោក​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឆ្លៀ​សវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេស​មាន​សុខសន្ដិភាព និង​មានការ​អភិវឌ្ឍ។ ក្រោម​ដំបូល​សន្ដិភាព និង​ការដឹកនាំ មាន​គោលនយោបាយ​ច្បាស់លាស់ (ស្ថេរភាព​នយោបាយ) បានផ្ដល់​ឱកាស​ឲ្យ​អ្នកវិនិយោគ​ជាតិ និង​អន្ដរជាតិ សម្រុក​ចូលមក​រកស៊ី​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ដ​ព្រះសីហនុ គម្រោង​វិនិយោគ​តូច ធំ បាន​បន្ដ​លេចធ្លោ​ព្រោង​ង​ព្រាត បានធ្វើ​ឲ្យ​ខេត្ដ​ព្រះសីហនុ​ប្រែក្លាយ​មុខមាត់​រីកលូតលាស់​ខ្លាំង ជាពិសេស​សេដ្ឋកិច្ច​របស់​ខេត្ដ។

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ដ​ព្រះសីហនុ លោក​ឧកញ៉ា​ឡាវ កាង​បានលើកឡើង​ស្រដៀង​គ្នា​ថា កត្ដា​សន្ដិភាព ស្ថេរភាព​នយោបាយ និង​ច្បាប់​វិនិយោគ​ដ៏​ល្អប្រសើរ បានធ្វើ​ឲ្យ​អ្នកវិនិយោគ​មាន​ជំនឿ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដាក់ទុន​វិនិយោគ។ លោក​បន្តថា គម្រោង​ទីក្រុង​នេះ និង​ជួយផ្ដល់​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង មិនបាច់​ធ្វើ​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​គ្រោះថ្នាក់​ទៅ​ក្រៅប្រទេស​ឡើយ និង​បាន​ចូលរួម​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន​ខេត្ដ​ព្រះសីហនុ ក៍​ដូចជា​បាន​លើកកម្ពស់​សេដ្ឋកិច្ច​ខេត្ដ​ព្រះ​ព្រះសីហនុ និង​ប្រទេសជាតិ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង។

រយៈកាល២ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​ព្រះសីហនុ បានក្លាយ​ទៅជា​គោលដៅ​យ៉ាងសំខាន់​របស់​អ្នកវិនិយោគ​មកពី​តំបន់ផ្សេងៗ ហើយ​សព្វថ្ងៃនេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ទៅមុខ។ ខេត្ដ​ព្រះសីហនុ ពិតជា​កន្លែង​សាក​សម​ក្នុងការ​ដាក់ទុន​វិនិយោគ​ល្អ​ប្រពៃ។ ម្យ៉ាង​វិញ​ទៀ​អ្វីដែល​សំខាន់បំផុត​នោះ គឺ​ប្រទេស​កម្ពុ​ជាមាន​សុខសន្ដិភាព​ពេញលេញ ក្នុងនោះ​ខេត្ដ​ព្រះសីហនុ ក៏​ធានាបាន​នូវ​សន្ដិសុខ សុវត្ថិភាព​ខ្ពស់​ដែរ ជាមួយនិង​ធនធានធម្មជាតិ​សម្បូរបែប ផ្ទៃដី​នៅ​ទំនេរ​ធំ​ទូលាយ រួមទាំង​កោះល្អ៣២ ជាពិសេស​នោះ គឹ​ប្រព័ន្ធ​គមនាគមន៍​សម្បូរបែប ផ្លូវដែក ទឹក គោគ ផ្លូវអាកាស​ជាដើម ។ល។

ខេត្ដ​ព្រះសីហនុ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ប៉ូល​សេដ្ឋកិច្ច​មួយ ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំងបី រាជធានី​ភ្នំពេញ ខេត្ដ​សៀមរាប និង​ខេត្ដ​ព្រះសីហនុ ដោយ​ប្រកាស​ប្រែក្លាយ​ខេត្ដ​នេះ​ទៅជា តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង តែមួយគត់​ក្នុងប្រទេស​កម្ពុជា។

ការរីកចម្រើន​នៃ​ក្រុងព្រះសីហនុ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​ធុរជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល និង​មិនគួរ​ឲ្យ​ជឿ។

អគ្គនាយិកា​ក្រុមហ៊ុន Amatak Property Service, Co, Ltd លោកស្រី​តាំង ហួរ ដែល​បាន​ទៅ​កំសាន្ត និង​ស្វែងរក​ឳ​កាស​វិនិយោគ​នៅ​ខេត្ត​នេះ​បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ​ពិតជា​រីកចម្រើន​លឿន​មែនទែន លឿន​ពេក និង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ ដោយសារ​បច្ចុប្បន្ន​ក្រុង​នេះ​ពោរពេញ​ដោយ​អាគារខ្ពស់ៗកប់​ពពក ហើយ​សកម្មភាព​សាងសង់​របស់​ក្រុមហ៊ុន​ចិន បាន​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ ដែល​ធ្វើ​ឲ្យ​វត្តមាន​អាគារ​កប់​ពពក​ជាច្រើន​លូតលាស់​ឡើង​យ៉ាង​លឿន ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

លោកស្រី​បន្តថា “រយៈពេល៣ទៅ៥ឆ្នាំ​ខាងមុខ ទីក្រុង​ព្រះសីហនុ​នឹង​ក្លាយជា​ទីក្រុង​ដ៏​ស៊ី​វិ​ល័យ​មួយ ហើយ​បើ​លោកអ្នក​ខានទៅ​លេង​យូរ ពេលទៅដល់​នឹង​ភ្ញាក់ផ្អើល​ជាមិនខាន។

លោកស្រី​បន្តថា “យើង​រីករាយ និង​ស្វាគមន៍​ការវិនិយោគ​បែបនេះ ហើយ​ចិន​បានធ្វើ​ឲ្យ​ប្រទេស​យើង​ផ្លាស់ប្តូរ​មុខមាត់​មិនគួរ​ឲ្យ​ជឿ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here