អគារ​ស្នាក់នៅ​សហកម្មសិទ្ធិ Residences Bel air ស្ដងដារ​បែប​បារាំង​បង្ហាញខ្លួន​លើកដំបូង​នៅ​កម្ពុជា

0

Residences Bel Air គឺជា​គម្រោង​សំណង់​អគារ​រស់នៅ​សហកម្មសិទ្ធិ​ដែលមាន​ស​លក្ខណៈ​ខុសប្លែក​ស្រស់ស្អាត​ទំនើប​ជាង​បណ្តា​ខុន​ដូ និង​អា​ផាត​មិន ដែលមាន និង​កំពុង​ដំណើរ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ។ Residences Bel Air ដែល​បាន​ប្រារព្វ​ពិធី​ប្រកាស​ដាក់លក់​ជា​ផ្លូវ​ការណ៍​នៅ​ភោជនីយដ្ឋាន​ទំនើប Hearth Rock Cafe ស្ថិតនៅក្នុង​អគារ​មណ្ឌល​ពាណិជ្ជកម្ម Exchange Square ក្រោម​ការចូលរួម​ពី​សំណាក់​បណ្តា​អ្នកវិនិយោគ​ផ្នែក​អចលនទ្រព្យ ក៏ដូចជា​អតិថិជន​លំដាប់​អភិជន ជាតិ-អន្តរជាតិ ព្រមទាំង​បណ្តា​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ កាលពី​រាត្រី​ថ្ងៃទី31 ខែមីនា ឆ្នាំ2018កន្លងទៅនេះ មាន​កម្ពស់18 ជាន់ ស្មើនឹង 82 Units ក្រោម​ការបណ្តាក់ទុន​វិនិយោគ​រួមគ្នា​រវាង​អ្នកវិនិយោគ​ជា​ជាតិខ្មែរ និង​ជនជាតិ​បរទេស សរុប​ចំនួន 8 លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

លោក ជា ឡាយ​ឃាង អគ្គនាយក Residences Bel Air បាន​លើកឡើងថា អគារ​លំនៅដ្ឋាន​សហកម្ម​សិទ្ធិ​ដែលមាន​លក្ខណៈ​ស្អាត​ទំនើប​តាមបែប​បារាំង​មួយ​នេះ នឹងត្រូវ​ចំណាយពេល​លើ​ដំណើរការ​សាងសង់​រយៈ​ពេល 30ខែ (2ឆ្នាំកន្លះ) នៅលើ​ទឹកដី​ដែល​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងសកម្ម​នា​តំបន់​ជ្រោយចង្វារ  ខណ្ឌ​ជ្រោយចង្វារ ស្ថិតនៅ​ទិសខាងកើត ឈាង​ខាងជើង រាជធានី​ភ្នំពេញ ដែលមាន​ពន្លឺ​ភ្លឺ​គ្រប់គ្រាន់ ខ្យល់អាកាស​ល្អ​បរិសុទ្ធ បក់​ផាត់​ពី​ដង​ទន្លេមេគង្គ និង​ដៃ​ទន្លេសាប​ដែល​នៅ​អម​តួ​អគារ​ទាំងមូល ក្រោម​ការ​រចនា​ប្លង់​ពី​សំណាក់​កំពូល​អ្នកជំនាញ​ផ្នែក​ឌី​ហ្សា​ញ់​ជនជាតិ​បារាំង រួមជាមួយ​នឹង​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ឌី​ហ្សា​ញ និង​សាង់​ជនជាតិ​កូរ៉េ​ផងដែរ ។

ដោយឡែក​សម្រាប់ ទីធ្លា​នៅក្នុង Units នីមួយៗ មាន​ទំហំ​ចាប់ពី 42 ម៉ែត្រការ៉េ រហូតដល់ 196 ម៉ែត្រការ៉េ ដោយមាន​ការបែងចែក​ចេញ​ជាទី​កន្លែង​សម្រាប់​ទទួលភ្ញៀវ កន្លែង​ទទួលទានដំណេក ទីធ្លា​លំហែរ​អារម្មណ៍ យ៉ាង​ប្រណីត ក្រោម​ការបំពាក់​សម្ភារៈ​ប្រើប្រាស់​ទំនើប​នា​សម័យ​ចុងក្រោយ ជាមួយនឹង​តម្លៃ​ចាប់ពី 8ម៉ឺន​ដុល្លារ ឡើងទៅ ជាមួយនឹង​ជម្រើស​ជាច្រើន​សម្រាប់​ការទិញ​ធ្វើជា​កម្មសិទ្ធិ ដោយ​មិនមាន​អត្រា​ការប្រាក់​នោះឡើយ ។

កញ្ញា រ៉េត មេត្តា (Mercy) នាយក​ផ្នែក​លក់ និង​ទីផ្សារ បានលើកឡើង​ផងដែរ​ថា ៖ «Residences Bel Air ថ្វីត្បិតតែ​ទើបតែ​ចាប់ផ្តើម​ប្រកា​សលក់​ប៉ុន្តែ​យើង​ទទួលបាន​ការ​កក់​ទុក​ពី​បណ្តា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មួយចំនួន​ហើយ​ដែល​ភាគច្រើន​ពួកគាត់​សុទ្ធតែជា​អ្នក​ហ​ដែល​ធ្លាប់​បានរស់នៅ និង​បានដឹង​ច្បាស់​ពី​គុណ​តម្លៃ​នៃ​ប្រភេទ​លំនៅដ្ឋាន​សហកម្មសិទ្ធិ​ដែលមាន​លក្ខណៈ​តាមបែប​បារាំង​ទំនើប ។

ជាមួយគ្នានេះ​ក៏មាន​អ្នកវិនិយោគ​ផ្នែក​អចលនទ្រព្យ​ក្នុងស្រុក​មួយចំនួនទៀត​ផងដែរ ដែល​បាន​កក់​ទុក​ក្នុង​គោលបំណង​វិនិយោគ​បន្ត​ទទួល​ភាគលាភ​នៅ​ថ្ងៃ​ខាងមុខ។ កញ្ញា មេត្តា បាន​បន្តទៀតថា ៖ «ជាការ​ពិតណាស់ បច្ចុប្បន្ននេះ​នៅ​កម្ពុជា ដែលជា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ជាពិសេស​លើ​វិស័យ​អចលនទ្រព្យ​ពិតជា​មានការ​រីកចម្រើន ជាពិសេស​លើ​វិស័យ​សំណង់ និង​អគារ​ស្នាក់នៅ​បែប​ទំនើប និង​សហកម្មសិទ្ធិ​តែម្ដង ។

ប៉ុន្តែ ចំពោះ Residences Bel Air ហាក់​មិនមាន​អ្វីដែល​ព្រួយបារម្ភ​ពាក់ព័ន្ធ​ទៅនឹង​ដំណើរ​ការលក់​នៅលើ​ទីផ្សារ​មួយ​នេះឡើយ។ ភាពជឿជាក់​របស់​យើង​ក៏​ព្រោះតែ Residences Bel Air មាន​ភាពល្អ​ខុសប្លែក​ពី​បណ្តា​សំណង់​អគារ​ទាំងអស់នោះ ខុស​ទាំង​រូបភាព​ខាងក្រៅ​នៃ​ការ​រចនា​ដ៏​គួរឱ្យ​ទាក់ទាញ ផ្តល់នូវ​ផាសុកភាព​ខ្ពស់​ក្នុងពេល​ស្នាក់នៅ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដែល​បំពាក់​ដោយ​ឧបករណ៍​បញ្ចៀស​ហា​នី​ភ័យ​ដ៏​ទំនើប​ប្រកបដោយ​ភាពជឿជាក់ ជាពិសេស​ស្ថិតនៅ​តំបន់​អភិវឌ្ឍ​កម្រិត​ផ្កាយ5»៕

ចិនចាប់ផ្តើមទាញយកសក្តានុពលពីវិស័យកសិកម្មកម្ពុជា

0

ដែន ចែងចាំង

ភ្នំពេញ ក្រុមហ៊ុនមួយរបស់ប្រទេសចិន Green leader បានចាប់ផ្តើមសកម្មភា​ពវិនិយោ​គ​​របស់ខ្លួន​ដោយបាន ​និង​កំពុងធ្វើការផ្លាស់ប្ដូរវិស័យកសិកម្មដំឡូងមីកម្ពុជា ឲ្យទៅជាកសិ​ឧស្សាហកម្មតាមរយៈការបង្កើត​រោងចក្រ​កែច្នៃ​ដំឡូងមី​នៅ​ក្នុងទឹកដី ខេត្តក្រចេះ។

លោក Michael Tse នាយកប្រតិបត្តិក្រុមហ៊ុន Green Leader បានឲ្យដឹងក្នុងពិធីបើក​ការដ្ឋាន​សាងសង់រោងចក្រ​កាលពីម្សិលម៉ិញថា ក្រុមហ៊ុនបានចំណាយពេលពីរឆ្នាំ ដើម្បីធ្វើ​កា​រស្រាវជ្រាវ និងវិភាគយ៉ាងលម្អិតទៅលើការដាំដុះ និង​កែច្នៃផលិតផលដំឡូងមីរបស់ ប្រទេ​សកម្ពុជា។ ផែនការពាណិជ្ជកម្មរបស់ក្រុមហ៊ុន គឺបង្កើតរោងចក្រឲ្យបានចំនួន២០​កន្លែងនៅ​តាមតំបន់ និងបណ្ដាខេត្តផ្សេងៗគ្នា នៃប្រទេសកម្ពុជា។ ក្រុមហ៊ុនមានផែនការធ្វើការផ្លាស់ប្ដូរ វិស័​យកសិកម្ម​ដំឡូងមីកម្ពុជាឲ្យទៅជាវិស័យផលិតកម្មកែច្នៃដំឡូងមីពិតប្រាកដ។

លោកបន្តថា “ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំ​បាច់​ត្រូវការដំឡូងមី ជាវត្ថុ​ធាតុ​ដើមយ៉ាងតិច៥០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់​កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការ​កិច្ច​​ព្រមព្រៀងកសិកម្ម ជាមួយនឹង​កសិករ ដោយផ្ដល់ជូននូវឥណទានសម្រាប់ការដាំដុះ បច្ចេកទេសដាំដុះ គ្រឿងចក្រ​កសិ​កម្ម ធ្វើឲ្យកសិករ គ្មានក្តីបារម្ភទៅលើការលក់ផលិតផល និងជួយទ្រទ្រង់ចំពោះចំណូលជី​វភាពរប​ស់​ប្រជាកសិករ យ៉ាង​ពិត​ប្រាកដ។

លោក Michael Tse បានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន៥ ក្នុង​រយៈ​ពេល២ឆ្នាំ ដោយរោងចក្រទីពីរ អាចនឹងសាងសង់ នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

ឧបនាយរដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលបានរួមជាអធិបតី ក្នុងពិធីនោះ បានអរគុណក្រុមហ៊ុន Green Leader ដែលបាន​មក​បោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេសគឺវិនិយោគ​លើ​វិស័យកសិកម្ម ដែលជាវិស័យមួយ​ដ៏​សំខាន់របស់កម្ពុជា។ ដំឡូងមី គឺជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់​ពីស្រូវ ហើយក៏ជាផលិតផលមួយ ដែលមានសក្ដានុពលខ្ពស់ សម្រាប់កែច្នៃ និងនាំចេញ។

លោកថា “ការវិនិយោគនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករខ្មែរ បង្កើនចំ​ណូ​ល​គ្រួសារ កាត់បន្ថយ​ចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ”៕

តំបន់​ភាគពាយ័ព្យ​កាន់​តែ​រស់រវើក​តាម​រយៈ​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ឋ

0

ដោយ វុត្ថា

ភ្នំពេញ៖ តំបន់ភាគពាយ័ព្យកាន់តែរសរវើក តាមរយៈការតភ្ជាប់ហេដ្ឋារចនា​សមញព័ន្ឋផ្លូវគោក និងផ្លូវដែកជាក់ស្តែងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ បាន បើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ ១៥៧៧ ដែលមានប្រវែងសរុប៥១,៨០គីឡូម៉ែត្រតភ្ជាប់ស្រុករតនៈមណ្ឌល ដល់ភូមិឆករកា ឃុំសំឡូត។

គម្រោងផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណ៣៨,២១២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយល ប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន និងពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន ប្រើរយៈពេលសាងសង់ចំនួន២៣ខែ ដែលបានបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៧កន្លងទៅនេះ។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវនេះជាផ្លូវយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលតភ្ជាប់តំបន់ភូមិភាគកណ្តាល និងវាលទំនាបផ្នែកខាងលើ ទៅកាន់ភូមិភាគខាងលិចប្រទេស ចាប់ផ្តើមពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ទៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង (ច្រកទ្វារព្រំដែន៤០០) ព្រំប្រទល់កម្ពុជា-ថៃ ជាប់នឹងខេត្តត្រាតប្រទេសថៃ។

សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃបានថ្លែងថា សមិទ្ធផលផ្លូវនេះជាចំណងដៃដ៏ពិសិដ្ឋ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការនៃការដឹកជញ្ជូន ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ត្រែង សំឡូត និងតំបន់ភូមិភាគខាងលិច ប្រទេសទៅកាន់ក្រុងបាត់ ដំបង រាជធានីភ្នំពេញ ឬតំបន់ផ្សេងៗទូទាំងប្រទេស និងជាខ្សែផ្លូវដែលធ្វើសមាហរណកម្មពេញលេញ សម្រាប់ខេត្តបាត់ដំបងទាំងមូល ព្រោះថាស្រុកសំឡូតជាស្រុកតែមួយគត់ និងចុងក្រោយបំផុត ដែលទើបមានផ្លូវកៅស៊ូ តភ្ជាប់មកក្រុងបាត់ដំបង។

ផ្លូវលេខ១៥៧៧នេះ ជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់កិច្ចការពារជាតិនិងការអភិវឌ្ឍសេដ្ឋកិច្ច តភ្ជាប់តំបន់ភូមិភាគកណ្តាល វាលទំនាបខាងលើ និងភូមិភាគខាងលិច ទៅច្រកទ្វារព្រំដែន៤០០ព្រំប្រទល់កម្ពុជា-ថៃ៕

ស្វែងយល់់ : តើកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦លើកឡើង ពីប្រធានបទអ្វី ?

0

ដោយ : វុត្ថា

ភ្នំពេញ : កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ (6th GMS Summit) និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១០ស្ដីពី ការអភិវឌ្ឍតំបន់ត្រីកោណ (10th CLV DTA Summit) ត្រូវបានរៀបចំធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានការចូលរួមពីប្រមុខដឹកនាំប្រទេសវៀតណាម ឡាវ និងបណ្តាប្រទេសទន្លេមេគង្គ ព្រមទាំងប្រធានធនាគារពិភពលោក, ធនាគារអភិវឌ្ឍន៍អាស៊ី និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាពីបញ្ហាអ្វីខ្លះ?។

ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ នៅទីក្រុងហាណូយកា​លពីសប្តាហ៍មុន ប្រទេសជាសមាជិកបានប្ដេជ្ញាបន្ដគាំទ្រ ចំពោះគោលការណ៍ ដែលជាមូលដ្ឋាន នៃក្របខណ្ឌមហាអនុតំបន់មេគង្គ និងលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចាប់ផ្ដើមពិចារណាមាគ៌ាឆ្ពោះទៅមុខ ដើម្បីកាត់បន្ថយគម្លាតក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ និងដើម្បីសម្រេចបានពេញលេញនូវអនុតំប​ន់មួយ ដែលមាននិរន្តរភាព សមាហរណកម្ម និងវិបុលភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងពីការងារអាទិភាពសំខាន់ៗ ដើម្បីអនុវត្តឲ្យបានពេញលេញនូវ “ក្របខណ្ឌយុទ្ធសាស្ដ្រមហាអនុតំបន់មេគង្គ និងទិសដៅឆ្ពោះ​ទៅមុខ” មានដូចជា៖

ទី១-គួរយកចិត្តទុកដាក់បន្ថែមទៀត លើការជំរុញការតភ្ជាប់ឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល ការជំរុញអនុវត្តកិច្ចព្រមព្រៀង សម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍទីក្រុងតាមរបៀងសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ចតំបន់ឲ្យកាន់តែទូលាយ។

ទី២ បង្កើនការយកចិត្តទុកដាក់លើការតភ្ជាប់ផែ្នកទន់ ដើម្បីទាញអត្ថប្រ​យោ​ជន៍ឲ្យបានពេញលេញ ពីការវិនិយោគលើការតភ្ជាប់រូបវន្ត រួមទាំងការតភ្ជាប់ឌីជីថល និងការផ្ទេរបច្ចេកវិទ្យា ព្រមទាំងពីការធានាចលនាដោយសេរី និងប្រក​បដោយប្រសិទ្ធភាពនូវលំហូរពលកម្ម ពាណិជ្ជកម្ម និងការវិនិយោគដោយបំពេញគ្នាទៅវិញទៅមកនៅក្នុងខ្សែសង្វាក់ផលិតកម្មតំបន់។

ទី៣ បន្ដខិតខំធានាកំណើនសេដ្ឋកិច្ច GMS ប្រកបដោយភាពរឹងមាំ ចីរភាព និងបរិយាបន្ន តាមរយៈការធានានូវប្រសិទ្ធភាពជាអតិបរមា នៃការអនុវត្តកម្មវិធីអនុតំបន់មេគង្គ។

ទី៤-លើកទឹកចិត្តដល់ប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍បន្ដខិតខំកៀងគរធនធានបន្ថែម ដើម្បីអនុវត្តផែនការឲ្យទទួលបានជោគជ័យក្នុងពេលអនាគត ដោយស្វាគមន៍ចំពោះគំនិតផ្តួចផ្ដើមតំបន់សំខាន់ៗដូចជា “ខ្សែក្រ​វាត់មួយ-ផ្លូវមួយរបស់ចិន”និង “ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោ​យគុណភាពរបស់ជប៉ុន” ក៏ដូចជាការចូលរួមរបស់វិស័យឯកជន នៅក្នុងការអភិ​វឌ្ឍអនុតំបន់មេគង្គ។

ទី៥- គួរមានការគិតគូរអំពីចក្ខុវិស័យវែងឆ្ងាយ សម្រាប់កិច្ចសហប្រតិបត្តិការរបស់យើងទៅមុខ ក្រោយពីផែនការហាណូយ២០២២ ត្រូវបានបញ្ចប់ ដើម្បីចាប់យកឱកាស និងត្រៀមដោះស្រាយរាល់ផលវិបាកនានា ជាយថាហេតុ។

ចំណែកកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមស្ដីពី ការអភិវឌ្ឍតំបន់ត្រីកោណ(CLV-DTA) លើកទី១០ បានពិភាក្សាលើលទ្ធផលដែលបានអនុវត្តន៍កន្លងមក សំដៅអភិវឌ្ឍន៍វិស័យនានាប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងគម្លាតផ្នែកសេដ្ឋកិច្ច និងសង្គម។

នៅក្នុងនោះដែរប្រមុខដឹកនាំទាំងបី បានកោតសរសើរអំពីលទ្ធផលនៃការរៀបចំវេទិកាយុវជន ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងទេសចរណ៍ ព្រមទាំងសន្និ​សីទស្ដីពីការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍DTA ដែលសកម្មភាពទាំងនោះ បង្ហាញពីវឌ្ឍនភាពនៃសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ ពិសេសរវាងប្រ​ជា​ជន និងប្រជាជន ក៏ដូចជាសហគមន៍ធុរកិច្ចក្នុងតំបន់។ លើសពីនេះ ប្រមុខដឹកនាំនៃប្រទេសទាំងបី ក៏បានបេ្ដជ្ញាចិត្តក្នុងការកៀរគរជំនួយហិរញ្ញវត្ថុ ដើម្បីអនុវត្តន៍គម្រោងនានាក្នុងតំបន់ត្រីកោណ។
ប្រទេសឡាវ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាមលើកទី១១ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនៅឆ្នាំ២០២០ ហើយប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ នៅឆ្នាំ២០២១៕

ដំណឹងល្អៈ រថភ្លើងសិរីសោភ័ណ្ឌ ប៉ោយប៉ែតចាប់ផ្តើមដំណើរការ

0

ដោយ វុត្ថា

ភ្នំពេញ៖ ដំណឹងល្អសម្រាប់ប្រជាជនរស់នៅភូមិភាគពាយ័ព្យ ដោយពួកគេអាចធ្វើដំណើរតាមខ្សែរថភ្លើងថ្មី ដែលនឹងបើកដំណើរការបណ្តោះអាសន្នរវាងក្រុងសិរីសោភ័ណ ឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។

យោងតាមព៌តមានពីក្រសួងសាធារណការ បានឲ្យដឹងនៅរសៀលថ្ងៃទី២ មេសានេះថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០ នាទីព្រឹក នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត ក្រោមការអញ្ជើញជាធិប្បតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នផ្លូវរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណការដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងនេះផងដែរ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៨។

ផ្លូវដែកពី សិរីសោភ័ណ ទៅ ប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) នេះ មានប្រវែងសរុប ៤៨ km ដែលត្រូវឆ្លងកាត់៦ ស្ថានីយ៍ (ប៉ោយប៉ែត- កូប- សូភី- សាលាសំរោង- ទឹកថ្លា- សិរីសោភ័ណ)៕

ដំណឹង​ល្អ៖ ផ្សារ​ទំនើប​ THE PARK បានចាប់ផ្តើម​បើក​ដំណើរការបណ្តើរៗហើយ

0

ដោយ ​គង់ សូរិយា

ភ្នំពេញ៖ នៅ​ទីបំផុត​ផ្សារ​ទំនើប​បែប​សហគមន៍ THE PARK ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ បានចាប់ផ្តើម​បើក​ដំណើរការ​ជាបណ្តើរៗហើយ ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ។

ការមកដល់​នៃ​ផ្សារ​បែប​សហគមន៍​នេះ ស្របគ្នា​នឹង​ការមកដល់​នៃ​ភោជនីយដ្ឋានល្បីៗដូចជា The PIZZA COMPANY,Park Cafe , ហាង​កាហ្វេ​Amazon ដែល​មកកាន់​តំបន់​នេះ​មុនគេ និង​ហាងទំនើបៗជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​តំបន់​ជាប់​ផ្លូវជាតិ​លេខ១ កាន់​តែមាន​សក្តានុពល និង​សកម្មភាព​ពាណិជ្ជកម្ម​យ៉ាង​រស រវើក។

ជាមួយនឹង​ការមកដល់​នូវ​ផ្សារ​ទំនើប​បែប​សហគមន៍​នេះ ហាង​កាហ្វេ​ដ៏​ល្បី ក្នុងស្រុក​ Brown Caffee ក៏បាន​បើក​ដំណើរការ​មុនគេ នៅក្នុង​បរិវេណ​ផ្សារ​ទំនើប​នេះ។ ហាង​កាហ្វេ​នេះ​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី១ មេសា​កន្លងមកនេះ។

អ្នកនាង អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE Cambodia ដែលជា​ក្រុមហ៊ុន​តំណាង​ឲ្យ​ការជួល​ផ្តាច់មុខ នៃ​ផ្សារ ​The Park បាន​មានប្រសាសន៍ថា ការមកដល់​នៃ​ផ្សារ​ទំនើបថ្មីៗនៅ​ទីក្រុង​ភ្នំពេញ បាន​លើក​កំពស់​មុខមាត់​នៃ ទីក្រុង​នេះ និង​បញ្ជាក់​ពី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​កំនើន​ប្រាក់​ចំ​ណួ​ល​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឲ្យ​អំណាច​នៃ​ការទិញ​កើន​ឡើងជា​ស្វ័យប្រវត្តិ។

អ្នកនាង​បន្តថា “ទោះ​ជាមាន​ផ្សារ​ទំនើប​កាន់តែ​ច្រើនក្តី តែ​កម្រិត​នៃ​ការប្រកួតប្រជែង​មិនមាន​បញ្ហា​អ្វី​នោះទេ ដោយសារ​ផ្សា​រទាំង​នោះបាន​ចាប់យក​ចំណែក​អតិថិជនខុសៗគ្នា។

ផ្សារ​សហគមន៍​ The Park ស្ថិតនៅ​ជាប់​គ្នា​នឹង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​ជាប់​ច្រកចូល​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បាយ័ន។ ក្នុង​សង្កាត់​និរោធ ខ័​ណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ៕

ចង់ដឹងទេ៖ កម្ពុជាចុះកិច្ចព្រមព្រៀងការពារអ្នកវិនិយោគប៉ុន្មានប្រទេសហើយ?

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ការចុះហត្ថលេខាដើម្បីការពារអ្នកវិនិយោគ ជារឿងចាំបាច់មួយ ដើម្បីផ្តល់ទំនុកចិត្ត ទាក់ទាញអ្នកវិនិយោគអន្តរជាតិ មកធ្វើការវិនិយោគនៅកម្ពុជា។

អគ្គលេខាធិការរងនៃក្រុមប្រឹក្សាភិបាលវឌ្ឍន៍កម្ពុជា លោកជា វុទ្ឋីបានថ្លែងឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ កម្ពុជាបានចុះហត្ថលេ​ខា​ជាមួយប្រទេសជាង៣០ហើយ ដើម្បីផ្តល់ភាពកក់ក្តៅ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ ឬពីបណ្តាប្រទេសទាំងនោះមកវិនិយោគនៅកម្ពុជា ហើយក្នុង​ចំ​ណោមបណ្តាប្រទេសទាំងនោះ មានតែប្រទេសជប៉ុនទេ ដែលប្រមុខរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោហ៊ុន សែន និងលោកស៊ីនហ្សូ អាបេនាយករដ្ឋមន្រ្តីជប៉ុនបានចុះហត្ថលេខារួមគ្នា។

លោកបន្តថា “បន្ទាប់ពីមានការចុះហត្ថលេខា រវាងប្រមុខរដ្ឋាភិបាលនៃប្រ​ទេ​សទាំងពីរ អ្នកវិនិយោគជប៉ុនកាន់តែច្រើនបានមកវិនិយោគនៅកម្ពុជា”។លោកបន្តថា “យើងចង់បានអ្នកវិនិយោគជប៉ុនកាន់តែច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយអ្នកវិនិយោគជប៉ុនមិនមែនមកតែជាមួយទុនវិនិយោគទេ តែពួកគេយកបេះដូងមកជាមួយផងដែរ”។

លោកជា វុទ្ឋីបានបន្តថា សម្តេចតេជោបានធ្វើការងារដោយគ្មានការនឿយហត់នោះទេ ក្នុងការធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគអន្តរជាតិមកវិនិយោគ​នៅកម្ពុជា ខណៈដែលកម្ពុជាមានច្បាប់វិនិយោគទូលំទូលាយមែនទែន ដើម្បីលើកទឹកចិត្តទាំងអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

កម្ពុជាបច្ចុប្បន្នបានស្ថិតក្នុងគោលដៅរបស់អ្នកវិនិយោគអន្តរជាតិ ដោយ​សារតែកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់​ប្រទេសនេះ ព្រោះរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះសេដ្ឋកិច្ចកម្ពុជារក្សា​បានកំនើនជាមធ្យមជាង៧ភាគរយ។ ច្បាប់វិនិយោគកម្ពុជា ក៏ជាផ្នែកមួយទាក់ទា ញការវិនិយោគផងដែរ ដោយអ្នកវិនិយោគអន្តរជាតិអាចបោះទុន១០០ភាគរយនៅប្រទេសនេះ៕

ដំណឹងល្អ! ក្រសួងសាធារណៈការបើកសាកល្បងរថភ្លើងចូលព្រលានយនហោះហើយ

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការសាកល្បងក្បាលរថភ្លើងលើផ្លូវដែកថ្មីពីវត្តតាំងកសាង ចូលដល់ព្រលានយន្តហោះអន្តរជាតិភ្នំ​ពេ​ញហើយ ខណៈទូររថភ្លើងពិតប្រាកដនឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ។

តាមការចុះផ្សាយពីគេហទំព័រហ្វេសបុក របស់ក្រសួងសាធារណៈការបានសរសេរថា “អស្ចារ្យ! ថ្ងៃ០១ មេសា ២០១៨ វេលាម៉ោង ១៤:៤៥នាទី នេះ ជាពេលវេលាដែររថភ្លើងដំបូងបង្អស់បានបើក ចូលទៅកាន់ស្ថានីទើបសាងសង់ថ្មីនៅអា​កាសយានដ្ឋានអន្តរជាតិភ្នំពេញ!”។

ផ្លូវដែកឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ មានប្រវែងប្រ​មាណ១៦០០ម៉ែត្រ តភ្ជាប់ពីផ្លូវដែកស្ថានីយ៍អាយស្ម័យានភ្នំពេញ ដែលមានស្រាប់ មកកាន់ស្ថានីយ៍ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ជាមួយនឹងការដឹកជញ្ជូនថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរ ទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងកាលពីពេលថ្មីៗនេះថា ជាមួយនឹងការដឹកជញ្ជូនថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់អ្នកដំណើរ ទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។ លោកបន្តថា អ្វីដែលពិសេស គឺផ្លូវប្រមាណជាង១គីឡូម៉ែត្រនេះ នេះត្រូវពង្រីកទទឹងដល់ទៅ ១៤ម៉ែត្រ មានផ្លូវរថភ្លើងកណ្តាល បង្កប់ក្រោមថ្នល់បេតុង ដែលអនុញ្ញាតអោយយានយន្តធ្វើចរាចរណ៍ លើនោះបានដោយមិនមានការព្រួយបារម្ភ។ ដោយឡែកត្រង់កំណាត់ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ត្រូវបានបង្កប់ក្នុងកៅស៊ូអេស៊ីផងដែរ។

រថភ្លើងដែលនឹងដាក់ដំណើរការផ្លូវការ គឺកំពុងរៀបចំនីតិវិធីនាំមកមកពីប្រទេស ម៉ិចស៊ីកូ មានបីការ៉ុង ផ្ទុកអ្នកដំណើរប្រមាណ១៥០នាក់ មានសុវត្ថិភាពខ្ពស់ និងផាសុខភាពក្នុងការធ្វើដំណើរ។

ក្រៅពីនេះក្រសួងក៏នឹងសិក្សាលទ្ធភាព ស្នើការសហការពីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីអនុញ្ញាតអោយមានការកត់ត្រាចូល (Check in) អីវ៉ានរបស់អ្នកដំណើរតាមយន្តហោះ ពីស្ថានីយ៍រថភ្លើងភ្នំពេញ ដើម្បីដឹកជញ្ជូនអីវ៉ានតាមរថភ្លើងដាក់ចូលក្នុងយន្តហោះតែម្តង៕

ក្រុមហ៊ុន​មកពី​ហុងកុង បោះទុន​ដំបូង 50លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា

0

ខណៈពេលដែល​កម្ពុជា​កំពុង​ទទួលបាន​នូវ​លំហូរ​អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​នោះ ពេលនេះ​មាន​ក្រុមហ៊ុន​ថ្មី​មួយទៀត​ដែលមាន​ប្រភព​មកពី​ក្រុង​ហុងកុង បាន​បោះទុន​វិនិយោគ​ដំបូង​លើ​វិស័យ​ខុន​ដូ​ចំនួន 50លាន​ដុល្លារ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង1 រាជធានី​ភ្នំពេញ ។

ខុន​ដូ​ថ្មី​ដែល​នឹង​លេច​រូបរាង​នៅក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ មានឈ្មោះ Picasso City Garden មាន​កម្ពស់​ចំនួន 27ជាន់ ដោយមាន​ជាន់​ក្រោម​ដី​ចំនួន4ជាន់ ស្មើនឹង136 យូ​នី​ត សង់​នៅលើ​ផ្ទៃដី​ទំហំ 1055 ម៉ែត្រការ៉េ ជាមួយនឹង​គម្រោង​សាងសង់​សម្រេច​ត្រឹម​រយៈពេល2ឆ្នាំ​តែប៉ុណ្ណោះ។

លោក Deng Zhen Yue អ្នកចាត់ការ​ទូទៅ​នៃ​សហ​ព័​ន្ឋ JU SHI នៃ​ទីក្រុង​ហុងកុង ដែលជា​ក្បាលម៉ាស៊ីន​លើ​ការវិនិយោគ​ខុន​ដូ Picasso City Garden បាន​លើកឡើងថា មុនពេល​សម្រេចចិត្ត​ងាក​មក​វិនិយោគ​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​មើលឃើញ​ពី​ភាពល្អប្រសើរ និង​ឱកាស​ជាច្រើន​នៅ​កម្ពុជា ដូចជា ស្ថានភាព​នយោបាយ សន្ដិសុខ ការរក្សាបាន​កំណើនសេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​ជាប់​គ្នា​រហូត​ទទួលបាន​រហស្សនាម​ថា​ជា «ខ្លា​សេដ្ឋកិច្ច​ប្រចាំ​នៅ​អាស៊ី» ជាពិសេស ការទទួលយក​យុទ្ធសាស្ត្រ​ជំរុញ​សេដ្ឋកិច្ច​ពី​ចិន «ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ» ដែល​ទាំងអស់នេះ​ជា​កត្តា​ដែល​ផ្តល់​ភាពជឿជាក់ និង​ទម​នុ​ក​ចិត្តជា​ខ្លាំង ។ លោក​បាន​បន្ថែមទៀតថា ចំពោះ​ការវិនិយោគ​លើ​វិស័យ​ខុន​ដូ Picasso City Garden នាពេលនេះ វា​គ្រាន់តែ​ជា​ជំ​ហ៊ាន​ដំបូង​របស់​ក្រុមហ៊ុន និង​សហព័ន្ធ JU SHI តែប៉ុណ្ណោះ ខណៈដែល​ជំ​ហ៊ាន​បន្ទាប់ នឹង​មានការ​វិយោគ​បន្ថែម​ទៅលើ​ប្រភេទ​ផ្សារ​ទំនើប​លក្ខណៈ​ស្ដង់ដារ បែប​សហរដ្ឋអាមេរិក និង​តៃវ៉ាន់ ព្រម​គ្នា​ជាមួយនឹង​ការបណ្តាក់ទុន​នាំយក​ក្រុមហ៊ុន​សេវា​ធានារ៉ាប់រង​ផងដែរ ។

លោក​បណ្ឌិត ហេង វុទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន T&B Import Export And Construction Co., Ltd. បានលើកឡើង​ផងដែរ​ថា ៖ ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​យើង​អាច​ខ្ចី​ដោយ​គោលនយោបាយ វិនិយោគទុន​បរទេស​នេះ ទាក់ទាញ​សហគ្រាស​បរទេស​ចូលមក ដើម្បី​នាំមក​នូវ​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​ក្នុងស្រុក ហើយ​ផ្នែក​អចលនទ្រព្យ​បានក្លាយ​ទៅជា​ឧស្សាហកម្ម​សសរស្តម្ភ​ដ៏​សំខាន់។ Picasso City Garden ជា​អ្នកវិនិយោគ​នៅលើ​ផ្នែក​អចលនទ្រព្យ​ជាច្រើន ហើយ​អនាគត​យើង​សង្ឃឹមថា នឹង​កាន់​តែមាន​គម្រោងកំពូលៗនាំមុខគេ​ក្នុង​ទីផ្សារ​នា​បណ្តា​ទីក្រុង​អភិវឌ្ឍ​ដូចជា​ប្រទេស​កម្ពុជា ។

គួរបញ្ជាក់​ផងដែរ​ថា សហ​ព័​ន្ឋ JU SHI នៃ​ហុងកុង បាន​បង្កើតឡើង​នៅ​ក្រុង​ហុងកុង​កាលពី​ឆ្នាំ 2003  ក្នុងនាម​ជា​សហ​ព័​ន្ឋ​វិនិយោគ​ហិរញ្ញវត្ថុ ដែលមាន​អាជីវកម្ម​រួមមាន៖ អចលនទ្រព្យ​នៅក្រៅ​ប្រទេស ការទិញ​ទំនិញ​មូលធន ការគ្រប់គ្រង​ទ្រព្យសម្បត្តិ ហិរញ្ញប្បទាន​ឯកជន ធនាគារ​វិនិយោគ និង​ធនាគារឯកជន៕

កម្ពុជា កំពុងព្យាយាមធ្វើយ៉ាងណាទាញយកប្រយោជន៍ពីគម្រោងខ្សែក្រវ៉ាត់មួយ-ផ្លូវមួយឱ្យបានច្រើន

0

ដោយ ៖ គង់ សូរិយា

ភ្នំពេញ ៖ មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ពាក់ព័ន្ធទៅនឹង​គម្រោង​​ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ កម្ពុជានឹងត្រូវរៀបចំយ៉ាងសម្រិតសម្រាំង​ទៅលើ​បញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឱ្យបានល្អ ដើម្បីអាចទាញ​យក​ប្រយោជន៍ជាអតិបរមា សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមជាតិ ។

នៅក្នុង កិច្ចប្រជុំក្រុមការងារ រៀបចំបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌកិច្ចសហ​ប្រតិបត្តិការ ខ្សែក្រវ៉ាត់មួយ-ផ្លូវមួយ នៅទីស្តីការក្រសួង ថ្ងៃទី៣០ ខែមីនា ម្សិលមិញ​នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង​ថា កម្ពុជាយើងត្រូវរៀបចំ និងសម្រិតសម្រាំងបញ្ជីគម្រោងអាទិភាព ក្នុងក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ មួយ-ផ្លូវមួយ ឱ្យបានល្អ មានលក្ខណៈជាយុទ្ធសាស្រ្ត ប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ដើម្បីកម្ពុជាអាចទាញយកប្រយោជន៍​ជាអតិបរមាពីគម្រោងទាំងនេះ សម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមរបស់ខ្លួន នៅក្នុងរយៈពេលមធ្យម និងវែងទៅថ្ងៃមុខ ក៏ដូចជាដើម្បី​បង្ហាញនូវតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងក្របខ័ណ្ឌនៃខ្សែក្រវ៉ាត់មួយ-ផ្លូវមួយនេះ ជាពិសេសនៅក្នុងតំបន់អាស៊ាន។

លោបានបញ្ជាក់យ៉ាងដូច្នេះថា ៖ «សម្រាប់ការជ្រើសរើសគម្រោង យើងត្រូវប្រកាន់​ខ្ជាប់​នូវ​លក្ខខណ្ឌវិនិច្ឆ័យទាំងឡាយ ឱ្យបានម៉ត់ចត់ និងប្រយ័ត្នប្រយែងបំផុត ពិសេស​ត្រូវយកចិត្តទុកដាក់ដល់ផលចំណេញខាងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ គម្រោង ដោយផ្សារភ្ជាប់ការគិតគូរផងដែរ ដល់បញ្ហាបរិស្ថាន និងសង្គម និងជាគម្រោងដែល​ចំអាទិភាពរបស់រាជរដ្ឋាភិបាល ដោយផ្តោតជាសំខាន់ដល់ការធ្វើសមាហរ័ណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ហើយនាំ មកនូវការ​អភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកតម្កើងជីវភាពរបស់ប្រជាជនទូទៅ ឱ្យបានកាន់តែឆាប់រហ័ស បំផុត តាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានស្នើសុំដល់សមាជិកសមាជិកា ដែលជា​តំណាង​មកពីក្រសួងពាក់ព័ន្ធរៀបចំ និងស្នើឡើងនូវបញ្ជីគម្រោងឱ្យបានឆាប់រហ័ស ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច សម្រាប់ត្រៀមដាក់ជូនថ្នាក់ដឹកនាំ នៃប្រទេស ទាំងពីរ ផ្តល់ការអនុម័តនៅក្នុងពេលខាងមុខ។

គួរបញ្ជាក់ដែរថា គំនិតផ្តួចផ្តើមស្តីពី ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ត្រូវបានប្រទេសចិន​ប្រកាស​ជាផ្លូវការក្នុងឆ្នាំ២០១៣ ហើយប្រទេសកម្ពុជាបានបង្ហាញនូវគោលជំហរ​គាំទ្រគំនិតផ្តួចផ្តើមនេះភ្លាម។ ចាប់តាំងពីពេលនោះមក ក្នុងនោះភាគីទាំងពីរបានចុះ​អនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការរៀបចំចំណុចគោល នៃផែនការកិច្ច​សហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សទី២១ នៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជារបស់លោក XI Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឈានចុះហត្ថលេខាលើផែនការ ដោយផ្តោតលើគម្រោងនៃវិស័យ​អាទិភាព​ចំនួន០៧ គឺវិស័យហេដ្ឋារចនាសម្ពន្ធ ដោយរួមបញ្ចូលទាំងវិស័យដឹកជញ្ជូន, ទូរគមនាគមន៍ បណ្តាញនិងបច្ចេកវិទ្យាអវកាស និងថាមពល វិស័យកសិកម្ម ការ​កសាង​សមត្ថភាព ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វប្បធម៌និងទេសរចណ៍ ហិរញ្ញវត្ថុ និងការពារអេកូបរិស្ថាន។ គម្រោងទាំងនេះ អាចស្នើឡើងភាគីរដ្ឋាភិបាល នៃប្រទេស​ទាំងពីរផង និងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។  ក្រោយពេលផ្តល់​ការ​អនុម័ត​ដោយថ្នាក់ដឹកនាំនៃប្រទេស ទាំងពីររួច គម្រោងអាទិភាពទាំងនេះ នឹង​ទទួល​​បានការ​គាំទ្រផ្នែកហិរញ្ញប្បទាន ពីស្ថាប័នហិរញ្ញវត្ថុទាំងឡាយ របស់ រដ្ឋាភិបាល​ចិន រួមទាំង​វិស័យឯកជនរបស់ចិនផងដែរ។ គិតមកត្រឹមពេលនេះ គម្រោងហេដ្ឋារចនាសម្ពន្ធធំៗ​ចំនួន០២ គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងសាងសង់​ព្រលាន្តយន្តហោះសៀមរាបថ្មី៕