ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈអគ្គនាយកពន្ធដារ បាននឹងបន្តអនុវត្តការបង់ពន្ធប្រថាប់ត្រាចំនួនមួយដង ចំពោះការការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) សម្រាប់ឆ្នាំ ២០១៩នេះ។
នៅក្នុងលិខិតឯកភាពពីលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារដែលផ្ញើរទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សព្វផ្សាយនៅថ្ងៃទី ១៨ ខែមករាឆ្នាំ ២០១៩ នេះ ឪ្យដឹងថា “ដោយពិនិត្យឃើញថា ប្រជាពលរដ្ឋដែលជាអ្នកទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កម្មអចលនទ្រព្យចុងក្រោយ (អ្នកទិញ) ដែលត្រូវរងការបង់ពន្ធប្រថាប់ត្រាច្រើនតំណនៅសេសសល់នៅឡើយ អគ្គនាយកពន្ធដារបានស្នើរសុំទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈលេខ ១៨៦០២ អពដ ចុះថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បីបន្តគោលការណ៍អនុគ្រោះឪ្យបង់ពន្ធប្រថាប់ត្រាមួយដងចំពោះការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យទាំងពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) និងបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ដែលបានផុតសុពលភាពត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ។