កម្ពុជា​កំពុង​ទាញយក​ផលប្រយោជន៍​ពី​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត​បាននិងកំពុង​ទាញយក​ផលប្រយោជន៍ ពី​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​របស់​ប្រទេស​ចិន ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​នូវ​ទំហំ​ទឹកប្រាក់ ៤០ពាន់​លាន​ដុល្លារ ដើម្បី​ឲ្យ​គោលនយោបាយ​នេះ​ដំនើរការ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី២៣ ធ្នូ​នេះ​ថា ជា យុ​ទ្ឋ​សាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ​ហ៊ុន សែន​លោក​តែងតែ​គៀងគរ​អ្នកវិនិយោគ មក​បោះទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​ក្នុងពេល​ទស្សនកិច្ច​នៅ​ប្រទេស​ចិន សម្តេច​តែងតែ​រៀបចំ​ឲ្យ​មាន​ជំនួប​ជាមួយ​អ្នក​ធុរកិច្ចធំៗ បាន​ស្វែងយល់​ពី​កាលានុវត្តន៍​ភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា។លោក​បន្តថា ស្របពេល​កម្ពុជា​មានកំ​នើ​ន​សេដ្ឋកិច្ច​ល្អប្រសើរ សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ពិសេស​ច្បាប់​វិនិយោគ​របស់​កម្ពុជា មាន​ភាព​ទូលាយ​ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​កាន់កាប់​ទុន១០០ភាគរយ​បាន​ជួយ​កម្ពុជា​ទាក់ទាញ​អ្នកវិនិយោគ​ចិន​កាន់តែច្រើន។

លោក​ឧកញ៉ា​បន្តថា “កម្ពុជា​កំពុង​ទាញយក​ផលប្រយោជន៍ និង​អ្នកវិនិយោគ​ចិន​ឲ្យ​បាន​ច្រើន ចេញពី​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ ដែល​ប្រទេស​ដទៃទៀត​ក៏​ចង់បាន​អ្នកវិនិយោគ​បរទេស​ដែរ ប៉ុន្តែ​អ្វី​សំខាន់​គឺ​អ្នកវិនិយោគ​ក្នុងស្រុក​ទទួលបាន​ជោគជ័យ​សិន។លោក​បន្តថា “បើ​គោលនយោបាយ​វិនិយោគ​មិន​ជួយ​ដល់​អ្នកវិនិយោគ​ក្នុងស្រុក ក៏​បរទេស​គេ​មិន​ចូលមក​ដែរ ប៉ុន្តែ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល មាន​ភាព​អំណោយផល​ណាស់​ទាំង​មូលដ្ឋាន​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា ដែល​ផ្តល់នូវ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ។

ក្នុងជំនួប​ជាមួយ​អ្នក​ធុរកិច្ច​មកពី​ខេត្ត​យូ​ណាន ប្រទេស​ចិន​កាលពីដើម​សប្តាហ៍​នេះ លោក​ឧកញ៉ា​ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ជំនួប​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​មកពី​ខេត្ត​យូ​ណាន ជា​ប្រព្រឹត្តិការណ៍​ដ៏​សំខាន់ ព្រោះ​បាន​ប្រមូលផ្តុំ​ធុរជន​កម្ពុជា​និង​ចិន ជាច្រើន​មកពី​វិស័យផ្សេងៗគ្នា ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ស្របតាម​គោល​គំនិត របស់​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ចិន ។

លោក​ឧកញ៉ា​បាន​បន្តថា “ខ្ញុំ​ជឿជាក់ថា​ជំនួប​នេះ​ពិត​ជាមាន​អត្ថប្រយោជន៍ សម្រាប់​វិនិយោគិន​ក្នុងការ​ស្វែងយល់ និង​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​ជាមួយគ្នា​សម្រាប់​ឆ្នាំ​ខាងមុខ​ទៀត ព្រោះ​ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​នាំមុខគេ និង​ជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទាល់​ពីរ​បរទេស។ លោក​បន្តថា “ចិន​ដើរតួនាទី​សំខាន់​ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​កម្ពុជា។

យោងតាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី​កម្ពុជា ចិន​មាន​ទំហំ​ទឹកប្រាក់ ៤.៨០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន ហើយ​ត្រូវ​រំពឹងថា​កើន​ដល់៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៧នេះ ក្នុងនោះ​ប្រទេស​ចិន បាន​នាំចូល​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់៣.៩០០លាន​ដុល្លារ និង​កម្ពុជា​នាំចេញ​ទៅ​ចិន​មាន៨៣០លាន​ដុល្លារ។

លោក Zhu Baoping ប្រធាន​សមាគម​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ខេត្ត​យូ​ណាន​បាន​លើកឡើងថា ខេត្ត​យូ​ណាន​បាន​បើកទូលាយ​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា និង​បាន​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​នានា ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ជាពិសេស​នោះ​ជាមួយ​កម្ពុជា ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ។ លោក​បញ្ជាក់ទៀតថា ខេត្ត​យូ​ណាន ក៏​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ខ្លាំង​លើ​វិស័យសេដ្ឋកិច្ច សម្រាប់ធ្វើ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ ដូចនឹង​ប្រទេស​កម្ពុជា​ផងដែរ។ យូ​ណាន​ក៏​ជា​កន្លែង​ឲ្យ​ភ្ញៀវ​ទេសចរណ៍ គយគន់​ទេសភាព​ដ៏ ស្រស់ត្រកាល នៅតាម​ទីកន្លែង​ផ្សេងគ្នា​ដែរ”៕

កត្តាសំខាន់ៗដែល​ជំរុញ​ឲ្យ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេល​កំណើន​នៃ​ការមកដល់​របស់​អ្នកវិនិយោគ​ចិន​នៅ​កម្ពុជា អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​មើលឃើញថា កត្តាសំខាន់ៗចំនួន​បួន​បានធ្វើ​ឲ្យ​ចិន​មក​វិនិយោគ​ច្រើន​នៅ​កម្ពុជា។

ប្រធានស្តីទី​សមាគម​អ្នក​សាងសង់​កម្ពុជា លោក​ឆា​រស៍ វ៉ាន់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា មូល​ហេតុដែល​អ្នកវិនិយោគ​ចិន មក​វិនិយោគ​នៅ​កម្ពុ​ជាច្រើន ដោយសារ​កត្តាសំខាន់ៗមួយចំនួន​ដួច​ជា ទំនាក់ទំនង​ល្អ​រវាង​រដ្ឋា ភិ​បាល​ប្រទេស​ទាំងពីរ កំណើនសេដ្ឋកិច្ច ដែល​កម្ពុជា​សម្រេចបាន​ជាង៧ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ការបញ្ចេញ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ចិន វិនិយោគ​នៅ​ខាងក្រៅ​ប្រទេស ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច​របស់ខ្លួន និង​កត្តា​ផ្លូវច្បាប់ និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរ។

លោក​បន្តថា កំនើន​នៃ​ការវិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ ដោយសារ​កម្ពុជា​ជាទី​ផ្សារ​មាន​ភាព​ទាក់ទាញ ហើយ​អ្នកវិនិយោគ​ចិន​បាន​ផ្តោត​ទីផ្សារ​របស់​ពួកគេ​ភាគច្រើន​នៅ​ប្រទេស​ចិន និង​អតិថិជន​ចម្រុះ​ដែល​ជាវ​អចលន ទ្រព្យ​របស់​ពួកគេ។

យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំ ណង់​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល៧ខែ​ឆ្នាំនេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ទឹកប្រាក់​ជាង៥ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នកនាង Carrie Sun ប្រធាន​ផ្នែក​អចលនទ្រព្យ​ភាសា​ចិន​នៃ​គេហទំព័រ Realestate.com.kh បាន​ថ្លែងថា ចិន​វិនិយោគ​នៅ​កម្ពុ​ជាច្រើន ដោយសារ​ទីផ្សារ​នេះ​មាន​ភាព​ទាក់ទាញ និង​ផ្តល់​ឳ​កាស​ចំណេញ​ច្រើន​ដល់​អ្នកវិនិយោគ។ គំរោង​វិនិយោគ​របស់​ចិន និង​ក្រុមហ៊ុន​វិនិយោគ និង​សាងសង់​សំណង់​នៅ​កម្ពុ​ជាមាន​ជាង២០០ក្រុមហ៊ុន ដែល​បាននិងកំពុង​វិនិយោគ​នៅ​កម្ពុជា។

អ្នកនាង​បន្តថា ទីផ្សារ​កម្ពុជា​ជាទី​ផ្សារ​មាន​សក្តានុពល និង​កំពុងមាន​ភាព ទាក់ទាញ​ក្នុង​ក្រសែភ្នែក​អ្នកវិនិយោគ​នានា។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​រកឃើញថា កម្ពុជា​ទទួល​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី អន្តរជាតិ​ចំនួន​ជាង២,៦ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន និង​រំពឹង​កើនឡើង​ច្រើនជាង២,៦ពាន់​លាន​ដុល្លារ​នៅ​ដំណាច់ឆ្នាំ ២០១៧នេះ។

ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​គីម ហ៊ាង​បាន​ថ្លែងថា ការបង្ហាញ​វត្តមាន​របស់​អ្នកវិនិយោគ​ចិន​ជា​រឿង​អបអរសាទរ ដោយសារ​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ហើយ​ការ​មក​វិនិយោគ​កាន់តែច្រើន​កាន់តែ​ល្អ។ លោក​បន្តថា ការវិនិយោគ​របស់​ចិន​កាន់តែច្រើន​កាន់តែ​ល្អ បើ​លើ​វិស័យ​ខុន​ដូ​វិញ ពួកគេ​សាងសង់៥០ទៅ១០០អាគារ​ទៀត​ក៏បាន ព្រោះ​ពួកគេ​សាងសង់​នៅលើ​ដី​ខ្មែរ ពួកគេ​មិន​លើក​ទៅណា​ទេ គឺ​អាគារ​នៅ​លើដី​ខ្មែរ ដី​ចិន​ទិញ​ក៏​នៅ​លើដី​ខ្មែរ ពួកគេ​មិនអាច​លើក​ទៅណា​បាន​នោះទេ។

លោក​បន្តថា “យើង​ស្វាគមន៍​ការវិនិយោគ ព្រោះ​ការវិនិយោគ​កាន់តែច្រើន នឹង​ជួយ​បង្កើន​នូវ​កំនើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភី​អ៊ិ​ល​ស៊ី​លោក​អ៊ិន ចាន់នី​បាន​ថ្លែងថា អ្នកវិនិយោគ​អន្តរជាតិ​មុន​សម្រេចចិត្ត​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​សម្លឹងមើល​កត្តាសំខាន់ៗមួយចំនួន​ដូចជា សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម​រយៈពេល​វែង កំនើនសេដ្ឋកិច្ច​ដ៏​រ៉ឹង​មាំ​របស់​ប្រទេស​ណាមួយ​នោះ និង​ប្រ​ព័​ន្ឋ​ច្បាប់​របស់​ប្រទេស​នោះ​ថា​មានការ​លើកទឹកចិត្ត និង​មានការ​ការពារ​ដល់​អ្ន​ក​វិនិយោគ​ឬ​អត់។

លោក​បន្តថា “កម្ពុ​ជាមាន​កត្តាសំខាន់ៗខាងលើនេះ ទើប​ធ្វើ​ឲ្យ​លំហូរ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​កើនឡើង ហើយ​កម្ពុជា​បានក្លាយ​ជា​គោលដៅ​របស់​អ្នកវិនិយោគ​អន្តរជាតិ”៕

សាធារណរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់​បង្ហាញ​បំណង​ចង់​វិនិយោគ​នៅ​កម្ពុជា

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ សាធារណៈរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់ បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​វិស័យ​ចំនួន៤នៅ​កម្ពុជា ដោយសារ​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ ពិសេស​កំនើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ជាង៧ភាគរយ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​នេះ។

ក្នុងជំនួប​ជាមួយ​លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​អាណា អ៊ី​ម៉ា​ណូ​វ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់​ប្រចាំ កម្ពុជា ដែលមាន​និវេសន​ឋាន​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ លោក​បាន​មានប្រសាសន៍ថា អា​ហ្សែ​បៃ​ហ្ស​ង់ មានបំណង​ចង់​ធ្វើការ​វិនិយោគ​លើ​វិស័យ​មួយចំនួន​ដូចជា ទី១ ការផ្គត់ផ្គង់​ឧបករណ៍ និង​គ្រឿងចក្រ​កសិកម្ម ដើម្បី​បម្រើ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ទី២ រៀបចំ​វេទិកា​ជំនួប​រវាង​វិនិយោគិន និង​ធុរកិច្ច​ជន នៃ​ប្រទេស​ទាំងពីរ ដើម្បី​សិក្សា​ពី​គម្រោង​វិនិយោគ និង​ធុរកិច្ច​រួម​ដែលមាន​សក្តានុពល។

ទី៣ ការនាំចេញ​ប្រេង និង​ឧស្ម័ន និង​កិច្ចសហប្រតិបត្តិការ​លើ​ការរុករក​ប្រេង​នៅ​កម្ពុជា ទី៤ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដឹកជញ្ជូន​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​កំពង់ផែ អាកាសយានដ្ឋាន និង​ផ្លូវ​រថភ្លើង និង​ទី៥ ការជូនដំណឹង​អំពី​ការទទួលបាន​ពង្រាង​អនុស្សរណៈ​យោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម (MoU) ពី​ភាគី​កម្ពុជា។

លោក​អ៊ុក ប្រជា បាន​មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម សូម​ស្វាគមន៍ និង​លើកទឹកចិត្ត ឲ្យ​មានការ​បណ្តាក់​ទុនវិនិយោគ​ផ្ទាល់ ពី​អា​ហ្សែ​បៃ​ហ្ស​ង់​មក​កម្ពុជា ជាពិសេស​លើ​វិស័យ​អាទិភាព​របស់​កម្ពុជា រួមមាន វិស័យ​កសិកម្ម ប្រេង ឧស្ម័ន និង​ទេសចរណ៍​ជាដើម។ ក្រសួង​ក៏​យល់ស្រប​អំពី​ការរៀបចំ​វេទិកា​ជំនួប​រវាង​វិនិយោគិន និង​ធុរកិច្ច​ជន​របស់​ភាគី​ទាំងពីរ ដែល​នឹង​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្តូរ​ព័ត៌មាន អំពី​ផលិតផល​សក្តានុពល ដែល​អាចធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា ការតាំងពិព័រណ៍ និង​គម្រោង​វិនិយោគ​អាទិភាព។

លោក​បន្តថា ចំពោះ​បំណង​សិក្សា​និង​វិនិយោគ​ពី​វិស័យ​ប្រេងកាត កសិកម្ម និង​ដឹកជញ្ជូន​ដែល​សាធារណៈរដ្ឋ​អា​ហ្សែ​បៃ​ហ្ស​ង់ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​នឹង​សម្របសម្រួល​ស្វែងរក​ទំនាក់ទំនង (Contact Points) ពី​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​បណ្តា​អន្តរក្រសួង។ ដោយឡែក អំពី​ករណី MoU ក្រសួងពាណិជ្ជកម្ម​ស្នើ​មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំងពីរ​អាចធ្វើ​ការ​ជាមួយគ្នា និង​ព​ន្លឿ​ន​ដំណើរការ​ពិនិត្យ​លើ​ពង្រាង​នេះ ដើម្បី​ថ្នាក់ដឹកនាំ​អាច​ពិនិត្យ និង​សម្រេចបាន​ទាន់ពេលវេលា៕

អាគារ Cayan Tower ស្ថាបត្យកម្មនៃសតវត្សរ៍ទី២១

0

ដោយ៖ វុត្ថា
ភ្នំពេញ៖ ទីក្រុងឌូបៃមានអ្វីអស្ចារ្យ ដែលអ្នកមិនធ្លាប់បានគិតដល់ជាច្រើនដោយសារទីក្រុងនេះ ពោពេញទៅដោយការប្រមូលផ្តុំនូវអាគារខ្ពស់ៗ និងមានរចនាបថស្ថាបត្យកម្មជាច្រើនប្រភេទ ដែលស្ថាបត្យកម្មទាំងនោះគឺជាស្ថាបត្យកម្មសំណង់សម័យទំនើប ហើយភាកច្រើនគឺជាស្ថាបត្យកម្ម តាមបែបបទសាសនាអ៊ីស្លាមនៅក្នុងពិភពឥស្លាមនៅក្នុងទីក្រុងឌូបៃ។

ការរីកចម្រើនផ្នែកស្ថាបត្យកម្ម និងសំណង់នៅក្នុងពិភពអារ៉ាប់ត្រូវបានគាំទ្រដោយក្រុមហ៊ុនរចនាស្ថាបត្យកម្ម និងវិស្វកម្មកំពូលៗ​របស់អារ៉ាប់ និងអន្តរជាតិដូចជា ក្រុមហ៊ុន Al Hashemi និង Aedas និងមានការគាំទ្រដោយក្រុមហ៊ុនធំៗ មកពីបុរីញូវយ៉ក និងឈីកាហ្គោរបស់សហសហរដ្ឋអាមេរិកផងដែរ។

ជាលទ្ធផលនៃការរីកចំរើនរបស់ស្ថាបត្យកម្មអ៊ីស្លាម និងស្ថាបត្យកម្មសម័​យទំនើបនេះ ត្រូវបានគេរចនាគួបផ្សំដោយបច្ចេកវិទ្យាទំនើប។ នាពេលបច្ចុប្បន្ននេះទីក្រុងឌូបៃ មានអគារខ្ពស់ជាច្រើន និងមានកំពស់រហូតដល់ជិត១ពាន់ម៉ែត្រខ្ពស់ជាងទីក្រុងណាៗទាំងអស់ក្នុងពិភពលោក។

គេហទំព័រ propertyarea.asia បានបង្ហាជូននូវអគាខ្ពស់ៗជាច្រើនទាំងនៅក្នុងពិភពអារ៉ាប់និងពិភពលោក។ សម្រាប់ពេលនេះគេហទំព័រ propertyarea.asia ដែលជាគេហទំព័រឈានមុខគេ ផ្នែកអចលនទ្រព្យ នឹងបន្តបង្ហាញជូននូវអគារ Cayan Tower មួយបន្ថែមទៀត។

អគារ Cayan ដែលគេស្គាល់ថាជាអគារ Infinity Tower មុនពេលបើកសម្ពោ​ធគឺមានកម្ពស់៣០៦ ម៉ែត្រនិង៧៥ជាន់ ស្ថិតនៅទីក្រុងDubai ប្រទេសអារ៉ាប់រួមដែលវិនិយោគ ដោយក្រុមហ៊ុនអចលនទ្រព្យដ៏ធំគឺ Cayan។ អគារនេះត្រូវបានរចនាឡើង ដោយក្រុមស្ថាបត្យកម្មល្បីល្បាញគឺ Skidmore, Owings និង Merrill SOM ដែលជាក្រុមតែមួយដែលបានរចនាប្លង់សម្រាប់អគារ Burj Khalifa នៅក្នុងទីក្រុង Dubai និង អគារTrump Tower នៅក្នុងទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិក។

នៅពេលបើកសម្ពោធនៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៣ អគារនេះបានក្លាយជាអគារខ្ពស់បំផុត នៅលើពិភពលោកជាមួយនឹងរង្វង់៩០ដឺក្រេ។ កំណត់ត្រានេះបានវ៉ាដាច់ដោយអគារសៀងហៃ ដែលបានបើកដំណើរការកាលពីខែកុម្ភៈឆ្នាំ ២០១៥។

អាគារ Cayan Tower មានផ្ទះល្វែងដ៏ប្រណីត ដែលមានរូបរាងរាងប្លែកដ៏គួរឱ្យចាប់អារម្មណ៍។ ជាន់នៃគារនីមួយៗ មានរាងកំណត់១.២ដឺក្រេ តាមទ្រនិចនាឡិកា ពីជាន់ខាងក្រោមធ្វើឱ្យប៉មនេះ មានទម្រង់ខុសប្លែកពីគ្នាតាមរចនាបទថ្មីប្រកបដោយប្រសិទ្ធភាព និងអាចធ្វើឡើងវិញបាន។ រូបរាងរបស់វាគឺជាការបង្ហា​ញយ៉ាងច្បាស់ នៃទំនាក់ទំនងរវាងសំណុំប្លង់ស្ថាបត្យកម្មអគារ និងគ្រោងការរចនាសម្ព័ន្ធ។

CAYAN Tower មានសោភ័ណភាពរូបរាងស្រស់បំព្រង ធ្វើឱ្យអាគារនេះលេចធ្លោចេញពីមាត់ទន្លេរឌូបៃ ដែលភាគច្រើនមានប៉មមិនច្បាស់លាស់។ បើនិយាយពីទីតាំង គឺស្ថិតនៅជិតទីក្រុងឌូបៃមានក្លិប (International Arab Emirates) និងទីស្នាក់ការកណ្តាលសាជីវកម្ម twisting។ វត្តមានអាគារដ៏អស្ចារ្យនេះ បង្ហាញពីទេសភាពគួរឱ្យចាប់អារម្មណ៍ នៃទីក្រុងឌូបៃម៉ារីណា និងឈូងសមុទ្រអារ៉ាប់ក៏ដូចជារក្សាទស្សនៈ សម្រាប់ប្រជាជនរស់នៅជិតអគារនោះ និងអាចធានាថាអគារ Cayan បង្កើតភាពដ៏អស្ចារ្យរបស់ខ្លួន។

ងាកទៅមើលប្រវត្តិនៃការសាងសង់វិញ គឺការសាងសង់អគារនេះត្រូវបានផ្អាកអស់រយៈពេលមួយឆ្នាំកន្លះ បន្ទាប់ពីទីតាំងគ្រឹះនៃអគារនេះ ត្រូវបានជន់លិចនៅពេលដែលជញ្ជាំង ដែលរារាំងនៅឌូបៃម៉ារីណា ត្រូវបានគេរំលោភបំពាននៅថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០០៧ ហើយចាប់ផ្តើមបន្តការសាងសង់ឡើងវិញ នៅខែក ក្កដា ឆ្នាំ ២០០៨។

Cayan Tower ត្រូវបានសម្ពោធដាក់ឲ្យដំណើការ ជាផ្លូវការកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៣ ហើយជាអគារដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកក្នុងពេលនោះ។ អគារនេះត្រូវបានប្តូរឈ្មោះពីអគា រInfinity Tower ទៅកាន់ Cayan Tower ដោយសារតែមានអគារឈ្មោះInfinity ច្រើនពេកនៅលើពិភពលោក​៕​

   

និន្នាការ​រស់នៅ​ខុន​ដូ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​កើនឡើង

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​អ្នកជំនាញ​នៅតែ​អះអាង​ពី​គោលជំហរ និង​ភាពជឿជាក់​លើ ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិសេស​ការវិនិយោគ​អគារ​ខុន​ដូ ព្រោះថា​និន្នាការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាក់ទង នឹង​ការរស់នៅ​ខុន​ដូ​នឹង​កើនឡើង​ច្រើន​នៅ​ថ្ងៃ​អនាគត ខណៈដែល​តម្លៃ​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើងជា​បន្តបន្ទាប់​ឥតឈប់ឈរ។

លោក ឃាង ពុ​ទ្ធី នាយក​ក្រុមហ៊ុន​ស្លឹក​ប្ញ​ទ្ធ​រៀល​ធី​បាន​និយាយ​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា មិនយូរ​ទេ​និន្នាការ​រស់នៅ​តាម​ខុន​ដូ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​កើនឡើង។ អ្នក​ដែល​រស់នៅ​ខុន​ដូ ភាគច្រើន​ជា​អ្នក​ដែល​ធ្លាប់បាន​ទៅ​រស់នៅ ឬ​សិក្សា​នៅក្រៅ​ប្រទេស។ ការរស់នៅ​ខុន​ដូ គឺមាន​ភាព​ឯករាជ្យ និង​មាន​សុវត្ថិភាព​ខ្ពស់។លោក​បាន​បន្តថា បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ប្រាក់ចំណូល​ពី​មធ្យម​ទៅ​ខ្ពស់​កាន់តែច្រើន បាន​ងាក​មក​ចាប់អារម្មណ៍​ចំពោះ​ការ​ស្នាក់នៅ​ខុន​ដូ​វិញ ពីព្រោះ​ខុន​ដូ​មាន​ទីតាំងនៅ​កណ្តាល​ក្រុង ស្របពេល​ការកកស្ទះ​ចរាចរណ៍ និង​ការកើនឡើង​នៃ​តម្លៃ​ដី ក៏បាន​ចូលរួមចំណែក​ធ្វើឱ្យ​ការគិត​របស់​ប្រជាពលរដ្ឋ​ប្រែប្រួល​ផងដែរ។

លោក​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវតែ​មានគំនិត​សុទិដ្ឋិនិយម​ចំពោះ​ភាព​រីកចម្រើន​នៃ​វិស័យ​ខុន​ដូ និង​ត្រូវ​នាំគ្នា​គាំទ្រ ព្រោះ​បើ​យើង​មានគំនិត​អវិជ្ជមាន​ប្រាកដ​ណាស់​ថា វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាមិនខាន ខណៈ​ប្រទេសជិតខាង​កម្ពុជា គេ​បានធ្វើ​ដំណើរ​លឿន​ជាង​ប្រទេស​យើង​ឆ្ងាយ​ណាស់​ទៅហើយ ចំពោះ​ផ្នត់គំនិត​នៃ​ការរស់នៅ​ខុន​ដូ ដូច្នេះ​យើង​មិនត្រូវ​គិតថា ការសាងសង់​នេះ​វា​លើស​តម្រូវការ​ទេ ព្រោះ​បើ​លើស​មែន​រាជរដ្ឋាភិបាល​នឹងមាន​វិធានការណ៍​ដោះស្រាយ​ជាមិនខាន។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន VTRUST Appraisal ដែល​បានដាក់​បង្ហាញ​កាលពី​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ចំនួន​ខុន​ដូ​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ដល់៦០៥០០០យូ​នី​ត និង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន៥០០០យូ​នី​ត ក្នុងនោះ​ខុន​ដូ​ដែល​បានដាក់​ឲ្យ​ដំនើរការ​មាន​ចំនួន៨៧០០យូ​នី​ត។

នាយក​ក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ខុន​ដូ Axis Residences ដែលមាន​ចំនួន៥៦៦យូ​នី​ត ស្ថិតនៅតាម​បណ្តោយ​ផ្លូវ2004 ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានលើកឡើង​កាលពីពេលថ្មីៗនេះ​ថា“ប្រជាពលរដ្ឋ​ខ្មែរ នៅតែ​ជាស​សរ​គ្រឹះ​ដ៏​រឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច និង​អចលនវត្ថុ​ក្នុងប្រទេស​កម្ពុជា។ លោក​បន្តថា “យើង​ពិតជា​មានការ​ជឿជាក់ និង​ចង់ឱ្យ​ប្រជា​ពល​ដ្ឋ​ខ្មែរ ទទួលបាន​កន្លែង​រស់​នៅ​ដ៏​ស្អាត​កម្រិតស្តង់ដា។

លោក Anthony បញ្ជាក់ថា “យើង​ពិតជា​ចង់​ចូលរួម​ជួយ​លើកកម្ពស់​ការរស់នៅរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈកាល​ផ្តល់ជូន​នូវ​កន្លែង​រស់នៅ​មួយ​ដ៏​ល្អ​ដូច​នៅ​ប្រទេស​សឹង្ហ​បុរី។ លោក​បន្តថា“គោលបំណង​ដែល​យើង​ធ្វើការ​វិនិយោគ​ខុន​ដូ Axis Residences គឺ​មិន​គ្រាន់តែ​ដើម្បី​បង្កើតជា​ផ្ទះ​ស្នាក់នៅ​រួម​នោះទេ តែ​ការពិត​វា​ជា​លំនៅឋាន​ដែល​គួរឱ្យ​ចង់​រស់នៅ និង​មានអ្វីៗគ្រប់យ៉ាង​ជា​តម្រូវការ​របស់​អ្នកស្នាក់នៅ។

អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodiaបាន​ថ្លែងថា ប្រជាពលរដ្ឋ​រស់នៅ​ខុន​ដូ និង​បាន​ទិញ​ខុន​ដូ​បាន​កើនឡើងសន្សឹមៗ ប៉ុន្តែ​និន្នាការ​នេះ​កំពុង​វិវត្តន៍​ល្អប្រសើរ ដោយ​អតិថិជន​ជា​ជនជាតិខ្មែរ​ភាគច្រើន​ទិញ​សម្រាប់​រស់នៅ និង​ទុក​ជួល ប៉ុន្តែ​ជនបរទេស​ទិញ​ភាគច្រើន​ទុន​សម្រាប់​ជួល និង​លក់​ចេញ​នៅពេល​ទទួលបាន​ផលចំណេញ៕

អ្នកជំនាញ​ប្រាប់​ពី​ការវិនិយោគ​លើ​លំនៅដ្ឋាន​តម្លៃ​ទាប​ដើម្បី​បញ្ចៀស​ហានិភ័យ

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ស្របពេល​សកម្មភាព​វិនិយោគ​លំនៅដ្ឋាន​តម្លៃ​មធ្យម​និង​តម្លៃ​ទាប សំដៅ​ប្រជាជនមាន​ប្រាក់ចំណូល​ម​ធ​ម្យ​ម បាន​កើនឡើង​យ៉ាងគំហុក អ្នកជំនាញ​បានបង្ហាញ​វិធីសាស្ត្រ​វិនិយោគ​លើ​លំនៅដ្ឋាន​ទាំងនោះ ដើម្បី​បញ្ចៀស​ហានិភ័យ​ណាមួយ​កើតឡើង។

អ្នកនាង ហ្គ្រេ​ស រចនី​ហ្វុ​ង នាយិកា​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា លំនៅដ្ឋាន​តម្លៃ​មធ្យម​ពិតជា​កើនឡើង ដោយសារ​អ្នកវិនិយោគ​នានា​បាន​ផ្តោតលើ​ការអភិវឌ្ឍ លំនៅដ្ឋាន​ប្រភេទ​នេះ ព្រោះ​ជាទី​ផ្សារ​ធំ​សម្រាប់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម។ អ្នកនាង​បន្តថា ចំនួន​ប្រជាជនមាន​ប្រាក់ចំណូល​ម​ធ​ម្យ​ម កំពុង​កើនឡើង​ខ្លាំង ហើយ​ការវិនិយោគ​លំនៅដ្ឋាន​ដែលមាន​តម្លៃ​ចាប់ពី២ទៅ៣ម៉ឺន​ដុល្លារ គឺ​សមស្រប​សម្រាប់​ប្រជាជន​ក្នុង​ក្រុម​នេះ។

អ្នកនាង​បន្តថា ទោះជា​យ៉ាងណា​អតិថិជន ដែល​ទិញ​លំនៅដ្ឋាន​ប្រភេទ​នេះ ត្រូវ​ប្រាកដថា​គំរោង​ដែល​ពួកគេ​បាន​ទិញ ជា​គំរោង​មានការ​អភិវឌ្ឍន៍​ច្បាស់លាស់ ជា​គំរោង​ដែលមាន​គុណភាព​សំណង់​ល្អ ពិសេស​គួរ​ទិញ​ជាមួយ​ម្ចាស់​បុរី ដែលមាន​កេ​រ្ត៍​ឈ្មោះ​ល្អ ដើម្បី​បញ្ចៀស​ហានិភ័យ។អ្នកនាង​បន្តថា “អ្នកវិនិយោគ​ក៏ត្រូវ​ប្រាកដថា លំនៅដ្ឋាន​ដែល​ខ្លួន​បាន​ទិញ មានច្បាប់​សាងសង់ និង​ច្បាប់​អភិវឌ្ឍន៍​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​ក្រសួង​ពាក់​ព័​ន្ឋ​ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី ណ​គ​រូបនីយកម្ម និង​សំណង់។

អ្នកនាង​ហ្គ្រេ​ស រចនី​ហ្វុ​ង​បាន​បន្តថា មាន​ម្ចាស់​គំរោង​មួយចំនួន​បានប្រកាស​លក់​លំនៅដ្ឋាន​របស់ខ្លួន ដោយ​មិនទាន់បាន​ចាប់ផ្តើម​សាងសង់ ព្រោះ​ពួកគេ​បាន​យក​ប្លង់ដី​របស់​ពួកគេ​ដាក់បញ្ចាំ​នៅ​ធនាគារ ដើម្បី​យកមក​សាងសង់ ដែល​ធ្វើ​ឲ្យ​អ្នកទិញ​មិនទាន​កាត់​ប្លង់​រ៉ឹង ឬ​ប្លង់​ដែល​ទទួលស្គាល់​ត្រឹម​ស្រុក​ឬ​ខ័​ណ្ឌ​បាន។អ្នកនាង​បន្តថា កន្លងមក​ករណីបែបនេះ​បានកើត​មាន ដោយ​អ្នក​តាំងខ្លួន​ជា​អ្នក​អភិវឌ្ឍន៍ បានក​ក់ដី​របស់គេ​ហើយ​សាងសង់ ខណៈ​ម្ចាស់​ដី​បាន​យក​ប្លង់ដី​នោះ​ដាក់​នៅ​ធនាគារ ហើយ​ធនាគារ​មិន​អនុ​ញ្ញា​ត្ត​ឲ្យ​មានការ​សាងសង់​សំណង់​លើដី​នោះ។

អ្វី​ជា​ដំណោះស្រាយ អ្នកនាង​ហ្គ្រេ​ស រចនី​ហ្វុ​ង​បាន​បញ្ជាក់ថា អតិថិជន​គួរ​រក​ការពិគ្រោះ​យោបល់​ជាមួយ​ក្រុមហ៊ុន អចលនទ្រព្យ​ជំនាញ ដែលមាន​បទពិសោធន៍​និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​គំរោង​ដែល​ពួកគេ​ចាប់អារម្មណ៍ ជា​គំរោង​ដែល​មិនមាន​ហានិភ័យ ជា​គំរោង​អភិវឌ្ឍន៍​ច្បាស់លាស់ និង​ម្ចាស់​គំរោង​ជា​អ្នក​អភិ​វ​ឌ្ឈ​ន៍​មាន​ក្រម​សីល​ធ៌​ម​វិជ្ជាជីវៈ៕

លោក​គុយ វ៉ាត៖ ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព​នឹងធ្វើ​ឲ្យ​អ្នកវិនិយោគ​កាន់តែ​មាន​ទំនុកចិត្ត

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ការរក្សាបាន​នូវ​គុណភាព​សេវាកម្ម ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​មិន​ត្រឹមតែ​អាច​ទាក់ទាញ​អ្នកវិនិយោគថ្មីៗនោះទេ តែ​អាចធ្វើ​ឲ្យ​ដំណើរការ​អភិ​វ​ឌ្ឈ​ន៍​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុ​ជាមាន​និរន្តរភាព​ផងដែរ ខណៈ​ទីផ្សារ​នេះ​កាន់តែ​រីក​ធំ​ក្រោយពេល​ប្រទេស​នេះ ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ក្នុង​តំបន់ នៅ​ចុង​ឆ្នាំនេះ។

លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន VTRUST GROUP និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Century21 Cambodia បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន ពី​អ្នកវិនិយោគ​ក្នុង​តំបន់​អាស៊ាន និង​អ្នកវិនិយោគ​ជប៉ុន ចិន កូរ៉េ​ជាដើម​បាន​បង្ហាញថា កម្ពុជា​ក្លាយជា​ប្រទេស​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង ដោយសារ​កម្ពុជា​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​អាស៊ាន។ ជាក់ស្តែង​កាលពីពេលថ្មីៗនេះ កម្ពុជា​ទទួលបាន​គំរោង​វិនិយោគ​ជាច្រើន​ពី​តៃវ៉ាន់ ចិន ជប៉ុន សាំង​ហ្កា​ពួរ ម៉ា​ទ្បេ​ស៊ី​ជាដើម ដែល​ពួកគេ​បាននិងកំពុង​បោះ​ជំ​ហ៊ាន​ចូលមក។

ដូច្នេះ​ក្នុងនាម​យើង​ជា​អ្នកផ្តល់​សេវា តើ​យើង​គួរផ្តល់​សេវាកម្ម​យ៉ាងដូចម្តេច ដើម្បី​ទទួលបាន​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ លោក​គុយ​វ៉ាត​បាន​ថ្លែងថា “យើង​ជា​អ្នកផ្តល់​សេវា និង​អ្នក​សាងសង់ យើង​ត្រូវតែ​ផ្តល់​វា​សេវាកម្ម​ប្រកបដោយ​យ​គុណភាព និង​ទំនុកចិត្ត ដើម្បី​អាច​ទទួលបាន​ប្រាក់​ពី​សេវា​របស់​យើង​ផង ហើយ​អ្នក​អភិ​វ​ឌ្ឈ​ន៍​ក៏​អាច​ទទួលបាន​ប្រាក់ចំណេញ។លោក​បន្តថា “ការផ្តល់​សេវាកម្ម​ប្រកបដោយ​គុណភាព និង​ចេះ​ធ្វើ​បច្ចុប្បន្នភាព​សេវា​របស់​យើង​ឲ្យ​ស្របតាម​សម័យកាល ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ចូលមក​កាន់​ប្រទេស​របស់​យើង។

លោក​បន្តថា ក្នុង​វិស័យ​អចលនទ្រព្យ​មាន​ផ្នែក​ជាច្រើន ដូចជា​ផ្នែក​អភិ​វ​ឌ្ឈ​ន៍ វាយ​តំលៃ គ្រប់គ្រង និង​ផ្នែក​ទិញ​លក់​ជួល​អចលនទ្រព្យ ដែល​ផ្នែក​ទាំងអស់នេះ​ពិត​ជាមាន​សារៈសំខាន់ ព្រោះ​ពេល​សំណង់​សាងសង់​រួច យើង​ត្រូវការ​ផ្នែក​លក់ ហើយ​ពេល​លក់​តើ​យើង​លក់​នៅទីណា គឺ​យើង​ត្រូវការ​ទីផ្សារ​នៅ​បរទេស​និង​ក្នុងស្រុក។ចំណែក​ផ្នែក​វាយ​តំលៃ​ក៏​ជា​រឿង​សំខាន់​ផងដែរ។ដូច្នេះ​ផ្នែក​និមួយៗមាន​ភាព​ពាក់​ព័​ន្ឋ​គ្នា ហើយ​ដើម្បី​ឲ្យ​ផ្នែក​និមួយៗដំណើរ​ការល្អ យើង​ត្រូវមាន​ធនធានមនុស្ស​ដែលមាន​គុណភាព ហើយ​ដើម្បី​មាន​ធនធានមនុស្ស​មានគុណ​ភាព គឺ​ទាមទារ​ការបណ្តុះបណ្តាល​ច្បាស់លាស់ ដើម្បី​ផ្តល់​សេវាកម្ម​មានគុណ​ភាព អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ទីផ្សារ​អចលនទ្រព្យ រក្សាបាន​នូវ​ការ​អភិ​វ​ឌ្ឈ​ន៍​ប្រកបដោយ​និរន្តរភាព?លោក​គុយ វ៉ាត​បាន​ថ្លែងថា “ខ្ញុំ​គិតថា​ដើម្បី​ឲ្យ​ការ​អភិ​វ​ឌ្ឈ​ន៍​ប្រកបដោយ​និរន្តរភាព ត្រូវធ្វើ​ឲ្យ​អ្នកវិនិយោគ​មាន​ទំនុកចិត្ត ព្រោះ​ពេល​គេ​មាន​ទំនុកចិត្ត​គេ​នឹងដាក់​ទុន​ចូលមក និង​ទទួលបាន​ប្រាក់ចំណេញ និង​ធ្វើ​ឲ្យ​ទីផ្សារ​របស់​យើង​កាត់បន្ថយ​បាន​នូវ​ហានិភ័យ។

លោក​បន្តថា ចាប់តាំងពី​រដ្ឋាភិបាល​អនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​នៅ​ឆ្នាំ២០១១ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស ទិញ​ខុន​ដូ​ចាប់ពី​ជាន់​ទី១ទ្បើង​ទៅ ទីផ្សារ​ខុន​ដូ​កម្ពុជា​មិនមែន​សម្រាប់​ប្រជាជន​ខ្មែរ១៥លាន​នាក់ និង​មិនមែន​សម្រាប់តែ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​ទេ ប៉ុន្តែ​វា​ជាការ​បើកចំហ​សម្រាប់​ទីផ្សារ​ទូទាំង​ពិភពលោក។ ច្បាប់​នេះ​បាន​ទាក់ទាញ​អ្នកវិនិយោគ​លើ​វិស័យ​ខុន​ដូ​ច្រើន និង​មាន​ក្រុមហ៊ុន​ល្បីឈ្មោះ​ជាច្រើន​ដូចជា​ក្រុមហ៊ុន Century21, Hutton, និង​ក្រុមហ៊ុន CBRE ជាដើម​បាន​ចូលមក​កាន់​ទីផ្សារ​នេះ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​កាន់តែ​ទទួលបាន​ទំនុកចិត្ត។

ដំណើរការ​អភិ​វ​ឌ្ឈ​ន៍​របស់​យើង​មាន​និរន្តរភាព​ឬ​អត់ វា​អាស្រ័យ​លើ​ការផ្តល់​សេវាកម្ម​ប្រកបដោយ​ទំនុកចិត្ត ស្ថេរភាព​នយោបាយ កំណើនសេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ នៅ​ចុង​ឆ្នាំនេះ សុ​ទ្ឋ​តែ​ជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគ​កាន់តែច្រើន ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​ថែមទៀត។ លោក​គុយ វ៉ាត​បញ្ជាក់៕

LG ពង្រីក​សាខា​ទី៧ តំបន់​ស្ទឹងមានជ័យ

0

ដោយ៖ ដួង ចន្ទ្រា

ភ្នំពេញ៖ ក្នុង​គោលដៅ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់ខ្លួន ក្រុមហ៊ុន G Gear ដែល​នាំចូល​ផ្តាច់មុខ​នូវ​ផលិតផល LG បាន​ពង្រីក​សាខា​ទៅកាន់​តំបន់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន G Gear លោក​ឧកញ៉ា​សុខ ពិសិដ្ឋ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី២១ ធ្នូ​នេះ​ថា ក្រុមហ៊ុន​បាន​ពង្រីក​សាខា ទៅកាន់​តំបន់​ស្ទឹងមានជ័យ​កាលពីពេលថ្មីៗនេះ ដើម្បី​ពង្រីក​ទីផ្សារ​ចែកចាយ​របស់​យើង​ទៅកាន់​តំបន់​ដទៃទៀត ងាយស្រួល​ផ្តល់​ជម្រើស​ដល់​អតិថិជន។លោក​បន្តថា ប​ច្ច​ប្បន្ន ក្រុមហ៊ុន G Gear ដែល​នាំចូល​ផលិតផល LG ផ្តាច់មុខ​បាន​ពង្រីក​សាខា​ចំនូ​ន៧ ក្នុងនោះ​បី​នៅ​រាជធានី​ភ្នំពេញ និង​បួន​នៅតាម​បណ្តា​ខេត្ត​ដែលមាន​សក្តានុពល​សេដ្ឋកិច្ចសំខាន់។

ខេត្ត​ទាំងនោះ​រូ​ម​មាន ខេត្តបាត់ដំបង កំពង់ចាម សៀមរាប និង​ខេត្តបាត់ដំបង។

លោក​ឧកញ៉ា​សុខ ពិសិដ្ឋ​បាន​បន្តថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ការលក់​ផលិតផល​ប្រើប្រាស់​នៅតាម​លំនៅដ្ឋាន​ដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​គក់​សម្លៀកបំពាក់​មិនសូវមាន​សញ្ញា​ល្អប្រសើរ​នោះទេ ប៉ុន្តែ​ស្ថានភាព​នេះ​ក៏​មិន​ធ្លាក់ចុះ​នោះដែរ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន៕

ធនាគារ​គូក​មីន​ និង​វី​ង​សហការ​វេរ​ប្រាក់​ពី​កូរ៉េខាងត្បូង​មក​កម្ពុជា

0

ដោយ៖ ដែន ចែងចាំង

ភ្នំពេញ៖ ធនាគារ​គូក​មីន​កម្ពុជា​ភីអិលស៊ី សហការ​ជាមួយ​ធនាគារ​ឯកទេស​វី​ង បាន​ចាប់ដៃគ្នា​ដើម្បី​ផ្តល់​សេវា​ផ្ទេរប្រាក់​ពី​ប្រទេស​កូរ៉េ មក​កម្ពុជា ខណៈដែល​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​កំពុង​កើនឡើង។

លោក អោក វ៉ាន់ដា អនុប្រធាន​ធនាគារ​កូក​មីន​កម្ពុជា​ភីអិលស៊ី​បាន​ប្រាប់​ឲ្យ​ដឹង បន្ទាប់ពី​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ធនាគារ​ឯកទេស​វី​ង​កាលពី​ម្សិល​ម៉ិ​ញ​នេះ​ថា ក្នុង​មួយឆ្នាំ​សម្រាប់​ការផ្ទេរ​ប្រាក់​របស់​ពល​ករ​ខ្មែរ​នៅ​កូរ៉េ ផ្ញើរ​មកកាន់​កម្ពុជា​មិនតិចជាង២០លាន​ដុល្លារ​ទេ ដូច្នេះហើយ​ធនាគារ​គូក​មីន ក៏​សម្រេច​ស្វែងរក​អ្វីដែល​ថ្មី និង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ហើយ​ពេលថ្មីៗនេះ​ធនាគារ​ដោយមាន​ភាពជឿជាក់​ទៅលើ​ភាពជា​ដៃគូ និង​កិច្ច​សហការគ្នាជាមួយ​ធនាគារ​វី​ង ដែល​ធ្វើ​ឲ្យ​មាន​សេវាកម្ម​វេរ​លុយ​ពី​ប្រទេស​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា កាន់​តែមាន​ភាពងាយស្រួល ចំណាយ​ត្រឹម១០នាទី និង​ចំណាយ​តិច​ហើយ​មាន​សុវត្ថិភាព​ខ្ពស់​ក្នុងការ​ផ្ញើរ និង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ដ​ក​ប្រាក់​អាច​ដក​បាន​នៅ​សាខា​ណាមួយ​របស់​វី​ង​បាន។

នាយក​ទទួលបន្ទុក​ផ្នែក​ការផ្ទេរ​ប្រាក់ ពី​ក្រៅប្រទេស​របស់​ធនាគារ​ឯកទេស​វី​ង លោក​សុធី សុ​វិ​ត្យា​បាន​មានប្រសាសន៍ថា ធនាគារ​ទាំងពីរ​មាន​សេចក្តី​រីករាយ ក្នុងការ​ធ្វើការ​ជាមួយគ្នា។ ពួកយើង​ស្វះ​ស្វែងរក​ដំណោះស្រាយ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​ជួយ​ធ្វើអោយ​ជីវភាព​របស់​ពួកគេ​ប្រសើរឡើង  ស្របពេល​ប្រជាជន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​កំពុង​តែ​កើនឡើង និង​យល់​អំពី​តម្លៃ​នៃ​សេវាកម្ម​ទូទាត់ តាម​ប្រព័ន្ធ​មកកាន់​មនុស្ស​ជាទី​ស្រលាញ់​ដែល​រស់នៅ​ស្រុកកំណើត”។

លោក​បន្តថា “កា​រវេ​លុយ​នេះ​គឺមាន​សុវត្ថិភាព​ខ្ពស់បំផុត ព្រោះ​យើង​មាន​ប្រព័ន្ធ​ត្រឹមត្រូវ ទោះជា​វេរ​លុយ​ពី​កូរ៉េ​មក​ស្រុក​ខ្មែរ​ក៏ពិតមែន តែមាន​ភាពងាយស្រួល​ដូច​វេ​លុយ​ក្នុងស្រុក” ។លោក​បន្តថា “ពលករ​ខ្មែរ​នៅ​កូរ៉េ​វេ​តាម​ធនាគារ គូក​មីន​កម្ពុជា ភីអិលស៊ី ហើយ​មក​បើ​កនៅ​វី​ង​ក្នុងស្រុក​ខ្មែរ។

ការផ្ញើរ​ប្រាក់​កាន់តែ​ងាយស្រួល ដោយ​ចំណាយពេល​ត្រឹមតែ១០នាទី រវាង​ប្រទេស​ទាំង២ ការផ្ញើរ​ប្រាក់​គឺ​លឿន​សុវត្ថិភាព​ងាយស្រួល ជាមួយ​តម្លៃ​សមរម្យ​ចាប់ពី2.5$ ឡើងទៅ ៕

ទេសចរណ៍​ភ្ជាប់​នឹង​បរិស្ថាន

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​ទេសចរណ៍ គេ​មិនបាន​ភ្លេច​ពី​ការគិតគូរ​ដល់​បរិស្ថាន​ស្អាត​នោះទេ ព្រោះ​សំរាម​និង​កាកសំណល់​កខ្វក់ ជាស​ត្រូវ​របស់​ទេសច​រណ៍។

ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​ចលនា​ប្រលងប្រណាំង​ពី​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ជាល​ទ្ឋ​ផល​នៃ​ចលនា​ប្រលងប្រណាំង​នេះ បានធ្វើ​ឲ្យ​បញ្ហា​បរិស្ថាន​មាន​ភាពប្រសើរឡើង នៅតាម​រាជធានី ខេត្ត​មួយចំនួន ប៉ុន្តែ​បញ្ហា​សំរាម និង​កាកសំណល់​កខ្វក់​នៅតែ​ជា​ចំណោទ ដែល​មិនទាន់​អាច​ដោះស្រាយបាន​ល្អប្រសើរ​នៅឡើយ។

ជាមួយនឹង​ការបារម្ភ​ពី​បញ្ហា​នេះ និង​ចូលរួម​ក្នុង​យុ​ទ្ឋ​នា​ការ​ទីក្រុង​ស្អាត រមណី​យ​ដ្ឋា​ន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ក្រុមហ៊ុន​ទេសចរណ៍ World Expressកាលពីពេលថ្មីៗនេះ បាន​ដឹកនាំ​បុគ្គលិក​របស់ខ្លួន ដើម្បី​ចូលរួម​សិក្សា​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ នៅ​ភូមិភាគ​ឥ​សាន្ត ពិសេស​ចូលរួម​លើក​កំពស់​បរិស្ថាន​តាមរយៈ​ការដាំ​ដើមឈើ និង​សំអាត​អនាម័យ​នៅក្នុង​ទីក្រុង​ស្ទឹងត្រែង។

អគ្គនាយក​ក្រុមហ៊ុន World Express លោក​ហូ វណ្ឌី​បាន​ថ្លែង​ឲ្យ​ដឹងថា ការចូលរួម​សំអាត​បរិស្ថាន​ជាការ​ងារ​របស់​យើងទាំងអស់គ្នា ហើយ​ការងារ​នេះ​យើង​តែងតែបាន​ចូលរួម​ជាប្រចាំ ពិសេស​ការ​ទៅកាន់​ខេត្តស្ទឹងត្រែង លោក​ចង់​ឲ្យ​បុគ្គលិក​របស់លោក ចូលរួម​សិក្សា​ស្វែងយល់​ពី​បញ្ហា​បរិស្ថាន សិក្សា​ពី​សក្តានុពល​របស់​ខេត្ត ក៏ដូចជា​អនុវត្តន៍​ការងារ​ដោយផ្ទាល់ ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​ពួកគេ​កាន់តែ​មានការ​យល់ដឹង​ទូលំទូលាយ​ក្នុង​វិស័យនេះ។

លោក​បន្តថា “នេះ​ជាការ​ប្រារ​ព​ខួប​លើក​ទី១៨ឆ្នាំ​របស់​ក្រុមហ៊ុន ហើយ​នេះ មិនមែនជា​លើក​ទី១ទេ ដែល​ក្រុមហ៊ុន​របស់លោក និង​គ្រួសារ​តែងតែ​ចូលរួម​លើក​កំពស់​បរិស្ថាន។

ជាមួយនឹង​សកម្មភាព​នេះ វា​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា មិនអាច​ធ្វើ​តែ​ក្រសួងទេសចរណ៍ ឬ​ក្រុមហ៊ុន​មួយ​ទទួលបាន​ជោគជ័យ​នោះទេ។

លោក​ហូ វណ្ឌី​ដែលមាន​តួនាទី​ជាទី​ប្រឹក្សា សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ផងដែរ​បាន​ថ្លែងបន្តថា ការងារ​បរិស្ថាន​ទាមទារ​ឲ្យ​មានការ​ចូលរួម ពី​អាជ្ញាធរ​ថ្នាក់​ក​ក្រោម​ជាតិ​ឲ្យ​បាន​សកម្ម ហើយ​រដ្ឋាភិបាល​គួរ​បង្កើត​ឲ្យ​មាន​គណកម្មការ​នៅតាម​ភូមិ ឃុំ ដើម្បី​ទទួលខុសត្រូវ​លើ​ការងារ​នេះ ទើប​ការសំអាត​បរិស្ថាន​បាន​ស្អាត ដោយសារ​ការងារ​នេះ​ជា​ការងារ​ទាំងអស់គ្នា។

ដោយ​ទទួលស្គាល់​បញ្ហា​សំរាម និង​កាកសំណល់​កខ្វក់​ជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់ កាលពីពេលថ្មីៗនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងបរិស្ថាន ស​សហភាព​សហ​ព័​ន្ឋ​យុវជន​កម្ពុជា សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​បានរៀបចំ​យុ​ទ្ឋ​នា​ការ​មួយ​មាន​ឈ្មោះថា “សំរាម​មិន​ធ្លាក់​ដល់​ដី ទីក្រុង​ប្រពៃ។

ការដាក់ចេញ​គោលនយោបាយ ទំនងជា​គ្មាន​ប្រ​សិទ្ឋិ​ភាព​នោះទេ ប្រសិនជា​គ្មាន​យន្តការ​អនុវត្តន៍​ច្បាស់លាស់ និង​មិនមាន​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទេនោះ។

សហប្រធាន​ក្រុមការងារ​ឯកជន​ផ្នែក​វិស័យ​ទេសចរណ៍​លោក​លូ ម៉េង​បាន​ថ្លែងថា សំរាម​ជាស​ត្រូវ​របស់​ទេសចរ​ណ៍ ព្រោះ​ភ្ញៀវ​ទេសចរណ៍​មកពី​អឺរ៉ុប និង​មកពី​សាំង​ហ្កា​ពួរ​ជាដើម ពួកគេ​ខ្លាច​សំរាម នៅពេល​ពួកគេ​ឃើញ​សំរាម​រាយប៉ាយ​នៅ​កម្ពុជា។

លោក​បន្តថា “ដើម្បី​លើក​កំពស់​បញ្ហា​នេះ ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ព្រោះ​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍ ចង់​ឲ្យ​គេ​មក​ទស្សនា​កម្ពុជា​ច្រើន ទាល់តែ​យើង​ខ្លួនឯង​ធ្វើ​ឲ្យ​ប្រទេស​យើង​ស្អាត​សិន យើង​ជា​ម្ចាស់ផ្ទះ​រួចរាល់​សិន។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន​បាន​ថ្លែង​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី ដែល​បាន​យកលុយ​ពី​ប្រជាពលរដ្ឋ​ហើយ តែ​មិនអាច​ប្រមូល​សំរាម​បាន​ស្អាត។

លោក​បាន​បញ្ជាក់ថា “ប្រសិនជា​ប្រជាពលរដ្ឋ មិន​បង់ប្រាក់​ឲ្យ​មិន​បញ្ហា​នោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​បង់លុយ​ឲ្យ​ប្រចាំខែ​ហើយ នៅតែ​យក​សំរាម​ចេញ​មិនបាន។

រដ្ឋមន្ត្រី​រូបនេះ​ក៏បាន​សម្តែង​ការព្រួយបារម្ភ ពី​បញ្ហា​បរិស្ថាន​នៅ​ទូទាំងប្រទេស ពិសេស​តំបន់ឆ្នេរ​ផងដែរ  ដោយ​លោក​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​ក្រសួង ពាក់​ព័​ន្ឋ ទើប​បញ្ហា​នេះ​អាច​ដោះស្រាយបាន៕