ស្វែងយល់​ពី​អាស៊ាន! ប្រទេស​វៀតណាម បន្ត​ពង្រីក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដើម្បី​ជំរុញសេដ្ឋកិច្ច​របស់ខ្លួន

ដោយ វុត្ថា

ភ្នំពេញៈ ប្រទេស​វៀតណាម​បាន និង​កំពុង​ពង្រីក​ការវិនិយោគ លើ​ហេ​ដ្ឋា​រចនា​ស ម្ព័​ន្ឋ​ដឹកជញ្ជូន ដើម្បី​ពង្រឹង​សក្តានុពល​សេដ្ឋកិច្ច​របស់ខ្លួន ខណៈ​ប្រទេស​នេះ​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន​ន​ភ​ក្នុង​តំបន់។

ប្រទេស​នេះ​នឹង​សាងសង់​កំពង់ផែ Lien Chieu ថ្មី​មួយទៀត ស្ថិតនៅក្នុង​សមុទ្រ​នៃ​ក្រុង​Danang ដើម្បី​ដឹកជញ្ជូន​នូវ​ទំនិញ​ផ្សេង​មកកាន់​ប្រទេស​វៀតណាម និង​ទៅកាន់​តំបន់ និង​ពិភពលោក ខណៈ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​មានការ​កើនឡើង​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ទាក់ទង​នឹង​ផែនការ​នេះ កាលពី​ថ្ងៃទី២៤ខែកញ្ញា នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទីក្រុង Da Nang ដើម្បី​ពិភាក្សា​អំពី​ការសាងសង់​កំពង់ផែ Lien Chieu ដោយ​លោក​បាន​ចាត់ទុកថា នេះ​ជា​គម្រោង​ដែលមាន​ការរៀបចំ​យ៉ាង​ល្អ​សម្រាប់​ដឹកជញ្ជូន​តាមផ្លូវ​ទឹក។

លោក Phuc បាន​លើកឡើងថា បរិមាណ​ទំនិញ​ដែល​ឆ្លងកាត់​កំពង់ផែ Tien Sa របស់​ទីក្រុង​ដា​ណា​ង មានការ​កើនឡើង​នាពេលថ្មីៗនេះ ដែល​បង្កឱ្យមាន​ការកកស្ទះ​នៅក្នុង​ទីក្រុង និង​ធ្វើឱ្យប៉ះពាល់​ដល់​កិច្ចអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច។ នាវាធំៗជាច្រើន​មិនអាច​ចូលក្នុង​កំពង់ផែ​នេះ​បាន​ដោយសារតែ​កម្រិត​ទឹក​ទាប​របស់​វា។

លោកនាយក​រដ្ឋមន្ត្រី​បាន​សារ​ទរ​ដល់​អាជ្ញាធរ​ទីក្រុង និង​ក្រសួង​ដឹកជញ្ជូន (MoT) ដែល​បានរៀបចំ​ផែនការ​កសាង​គម្រោង​កំពង់ផែ Lien Chieu ដែល​រួមមាន​ទាំង​សេវា​ដឹកជញ្ជូន និង​ភ័ស្តុភារ និង​បាន​ស្នើឱ្យ​ទីក្រុង​ធ្វើការ​ងារ​ដោយផ្ទាល់ ជាមួយ​ក្រសួង​ដឹកជញ្ជូន (MoT) និង​ក្រសួងផែនការ និង​វិនិយោគ (MoPI) ដើម្បី​ធ្វើការ​ស្នើសុំ​នូវ​ជំនួយ​ផ្តួចផ្តើម​ដើម្បី​ព​ន្លឿ​ន​ដំណើរការ​របស់​គម្រោង​សាងសង់​កំពុងផែរ​នេះ និង​បង្កើត​គណៈកម្មាធិការ​ដឹក​នាំ ឬ​ក្រុមការងារ​ពិ​សេសមួយ​ដើម្បី​ចាប់ផ្តើម​គម្រោង​នេះ។

បើតាម​រាយការណ៍​របស់​អាជ្ញាធ​រ​ក្រុង​បង្ហាញថា ការ​ចរាចរណ៍​ទំនិញ​តាម​កំពង់ផែ Danang បាន​កើនឡើង១៦,២ភាគរយ​ជា​រៀងរាល់ឆ្នាំ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ការកើនឡើង​ដល់​ជិត១០លាន​តោន​នៅ​ឆ្នាំ២០២០ និង​ប្រហែលជា៣០លាន​តោន នៅ​ឆ្នាំ២០៣០ ដែល​ហួស​ពី​សមត្ថភាព​របស់​កំពង់​ផែ Tien Sa និង​កំពង់ផែ Son Tra សម្រាប់​រយៈពេល​នោះ។

របាយការណ៍​បន្តថា កាលពីពេលថ្មីៗនេះ ទំនិញ​ដែល​ដឹក​ចេញពី​កំពង់ផែ Tien Sa ទៅតាម​ផ្លូវ​ល្បឿន​លឿន Yet Kieu ផ្លូវ Ngo Quyen និង​ផ្លូវ Ngu Hanh Son បាន​កើនឡើង ហើយ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ដល់​ថ្នាក់​បាត់បង់​ជីវិត ដែល​បណ្តាលមកពី​រថ​យន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងនោះ៕

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំរុញ​ឲ្យ​រៀបចំ​ផែនការ​វិនិយោគ​ពង្រីក​តំបន់​ទេសចរណ៍ស្ងប់ស្ងាត់​ក្នុង​ខេត្ត​កែប

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក​សាយ សំ​អាល់​បាន​ជំរុញ​អោយ​អជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ផែនការ​ទាក់ទង នឹង​ការវិនិយោគ​ពង្រីក​តំបន់​ទេសចរណ៍​ស្ងប់ស្ងាត់ នៅ​ឧទ្យាន​ជាតិ​ក្នុងភូមិ​សាស្ត្រ ខេត្ត​កែប ដើម្បី​ពង្រឹង​ធ្វើយ៉ាងណា​ឱ្យ​រក្សាបាន​នូវ​ការអភិរក្ស​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​ពោ​ពេញ​ទៅដោយ​សក្តានុពល​ដ៏​សម្បូរបែប និង​ការវិនិយោគ​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ប្រែក្លាយ​តំបន់ នេះ​ទៅជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​បន្ថែមទៀត ការបង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​ខេត្ត​កែប ឱ្យមាន​និរន្តរភាព។

នៅក្នុង​កិច្ចប្រជុំ​មួយ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អាជ្ញាធរខេត្ត​កែប អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ នៅ​ថ្ងៃទី​ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះ  លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានបញ្ជាក់ធ្ងន់ៗថា អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ទាក់ទង​ការអនុវត្ត ការវិនិយោគ​សេវាកម្ម​ទេសចរណ៍​លើ​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​គិតគូរ​អំពី​បរិស្ថាន ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជា​ពល រដ្ឋ​ក្នុង​តំបន់ ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​និរន្តរភាព​ទេសចរណ៍​បែប​ធម្មជាតិ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ប្រគល់​តួនាទី នៅក្នុង​ការគ្រប់គ្រង​ដល់​អជ្ញាធរ​ខេត្ត ដើម្បី​ងាយស្រួល​ដល់​ការអនុវត្ត​ការងារ នៅក្នុង​ឧទ្យាន​ជាតិ​កែប ដោយ​គិតគូរ​ទាំង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការសង់​អាគារ រី​សត ត្រូវ​ចូលរួម​នៅក្នុង​ការបង់ថ្លៃ​សេវាកម្ម​ទេសចរណ៍ និង​ចូលរួម​ក្នុង​វិស័យ​បរិស្ថាន ពីព្រោះ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​នេះ​មាន សក្តានុពល​ស្រាប់​ហើយ​ដូចជា សមុទ្រ កោះ និង​ឧទ្យាន​ជាតិ​កែប ដែលជា​កន្លែង​ទេសចរណ៍​នៅជាប់​ក្រុង ដើម្បី​ថែរក្សា​អភិរក្ស​ឱ្យបាន​នូវ​ធនធានធម្មជាតិ និង​ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​ដែលមាន​សក្តានុពល​បន្ថែ​ម​ទៀត សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅ​លំហែរ​កំសាន្ត​ដ៏​មាន​ប្រជាប្រិយភាព។

ខេត្ត​កែប ជា​ខេត្ត​តែមួយគត់​នៅ​កម្ពុជា និង​ក្នុង​តំបន់ ដែលមាន​ឧទ្យាន​ជាតិ​កណ្តាល​ក្រុង។ ខេត្ត​នេះ​ទទួលបាន​ពានរង្វាន់​ទីក្រុង​ស្អាត របស់​អាស៊ាន​កាលពី​ឆ្នាំមុន ដោយសារ​ខេត្ត​នេះ​មាន​ដី​ស្អាត ខ្យល់​ស្អាត និង​ទឹកស្អាត៕

ស្វែងយល់ពីអាស៊ាន! ពន្ធផ្នែកអចលនទ្រព្យនៅម៉ាឡេស៊ី មិនរងផលប៉ះពាល់ដល់តម្លៃលំនៅដ្ឋាន

ដោយ វុត្ថា

ភ្នំពេញ៖ ការអនុវត្តទៅលើការបង់ពន្ធទៅលើសេវាកម្ម និងការលក់ (Sales and Service Tax) របស់រដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ី គឺនឹងមិនធ្វើអោយប៉ះពាល់ដល់តម្លៃលំនៅដ្ឋានឡើយ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន News Straits Times កាលពីពេលថ្មីៗនេះ។

លោក Wong Kok Loon ប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យខេត្ត Pahang បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា តម្លៃលំនៅដ្ឋាននឹងមិនកើនឡើងទេ ពីព្រោះតម្លៃសម្ភារៈសំណង់ និងសេវកម្មសាងសង់គឺលើកលែងការបង់ពន្ធ។លោកនិយាយថា “ នេះគឺដោយសារតែកត្តាជាប់ពាក់ព័ន្ធ ឬការកាត់បន្ថយក្នុងតម្លៃលំនៅដ្ឋាន ដោយមិនបានកំណត់ទៅលើតម្លៃសម្ភារៈសំណង់ឡើយ។

លោកបន្តថា “បញ្ហានេះមានជាប់ពាក់ព័ន្ធកត្តាជាច្រើន ដូចជាតម្លៃដីធ្លី ទីតាំង ការផ្គត់ផ្គង់ និងតម្រូវការតែប៉ុណ្ណោះ”។ លោកបន្តថា “យើងមិនអាចកាត់បន្ថយតម្លៃបានទេ ជាពិសេសនៅពេលដែលមានគម្រោងសាងសង់លំនៅដ្ឋាន ប៉ុន្តែសមាគមលើកទឹកចិត្តដល់អ្នកអភិវឌ្ឍទាំងអស់ ត្រូវបញ្ចុះតម្លៃសមស្របណាមួយដល់អតិថិជនរបស់ខ្លួន ដែលចង់ទិញលំនៅដ្ឋាន”។

រដ្ឋបាលខេត្ត Pahang បានចាប់ផ្តើមអនុវត្តការទាពន្ធទៅលើសេវាកម្ម និងការលក់ (Sales and Service Tax) កាលពីដើមខែនេះ  លើកលែងតែសម្ភារៈសំណង់ ដូចជា ឥដ្ឋ សេម៉ង់ និងដី ព្រមទាំងសេវកម្មសាងសង់ជាដើម ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុជាតិ Lim Guan Eng បានបញ្ជាក់ថា ការធ្វើបែបនេះ គឺជាគន្លឹះដ៏សំខាន់ ដើម្បីលើកកម្ពស់អោយប្រជាពលរដ្ឋ មានលទ្ធភាពទិញលំនៅដ្ឋាននៅក្នុងខេត្ត Pahang នេះ។

រដ្ឋបាលខេត្ត Pahang បានប្រកាសកាលពីខែមុនថា នឹងសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យចំនួន៣៥,០០០ខ្នង នៅក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ក្រោមកម្មវិធី  1Malaysia People Housing ៕

តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ​កើន​ដល់ ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ តម្លៃ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ បាន​កើន​ឡើងដល់ ៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ពិសេស​តំបន់ឆ្នេរ​អូរ​ឈើទាល ជាទី​តាំង​ដែល​តម្លៃ​ដីធ្លី​មាន​កំនើន​និង​តម្លៃ​ខ្ពស់​ជាងគេ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI TIMES SQAURE ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ និង​មាន​កំនើន​ប្រជាពលរដ្ឋ​យ៉ាងច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​កំនើន​នៃ​ជនជាតិ​ចិន​ដែល​បានមក​វិនិយោគ និង​រស់នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​នេះ។ការសិក្សា​ដដែល​បាន​រកឃើញថា តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​បាន​កើនឡើង​កប់​ពពក​នៅតាម​តំបន់​ជាច្រើន ជាក់ស្តែង​ដី​នៅ​តំបន់​អូរ​ឈើទាល ក្រុងព្រះសីហនុ​បាន​កើន​តម្លៃ​ពី១៥០០ ទៅ២៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ប៉ុន្តែ​បច្ចុប្បន្ន​ឡើង​ពី២០០០ដល់៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំណែក​ដី​នៅ​តំបន់​អូរត្រេស​បាន​កើន​ពី៣០០ ទៅ៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ដល់ ចន្លោះ​ពី១៥០០ទៅ២៨០០ដុល្លារ​មួយ​ម៉ែត្រការ៉េ​ផងដែរ។

ការសិក្សា​នេះ​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ក្នុង​ក្រុងព្រះសីហនុ មាន​ចំនួន​ចន្លោះ​ពី៧០០០ទៅ៩០០០នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ​ទេសចរណ៍​អន្តរជាតិ​ម្នាក់​ចំណាយ១៥០ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​រយៈពេល​ជា​មធ្យម​ពួកគេ​ស្នាក់នៅ​ចំនួន១សប្តាហ៍។

ជាមួយនឹង​កំនើន​ភ្ញៀវ​ទេសចរណ៍​ជាប្រចាំ​នេះ លោក​តាំង សុចិត្រ​គ្រឹ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បន្ត​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ។

ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្រុងព្រះសីហនុ​ភាគច្រើន​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការលក់​ដី​ដែលមាន​តម្លៃ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក។ ការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ ដោយ​ផ្ទះល្វែង​មាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋ​អាច​ជួល​បាន​ចន្លោះ៤០០០ទៅ៥០០០ដុល្លារ​ក្នុង​មួយខែ ឬ​ច្រើនជាង​នេះ​ប្រសិនជា​ផ្ទះ​ស្ថិត​នៅជាប់​ផ្លូវ​ឯករាជ្យ ដែលជា​ផ្លូវ​មេ​ក្នុង​ទីក្រុង​នេះ៕

តោះ​ទៅ​ស្តាប់​រឿងល្អៗ ដែល​កើតឡើង​នៅ​ក្រុងព្រះសីហនុ

ដោយ ស៊ីវ ម៉េង

ភ្នំពេញ៖ ខណៈ​មានការ​ត្អូញត្អែរ​ពី​កំនើន​នៃ​ជនជាតិ​ចិន និង​មាន​បាតុភាព​មិន​ប្រក្រតី​មួយចំនួន​កើតឡើង​នៅ​ក្រុងព្រះសីហនុ ទន្ទឹមនឹង​គ្នា​នេះ​រឿងល្អៗជាច្រើន​បាននិងកំពុង​កើតមាន​នៅលើ​ទឹកដី​នេះ​ផងដែរ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន FURI TIMES SQAURE ដែល​បានបញ្ចប់​កាលពីពេលថ្មីៗនេះ​បាន​រកឃើញថា ខេត្ត​ព្រះសីហនុ​មានការ​រីកចម្រើន​លឿន​ស្ទើរ​មិនគួរ​ឲ្យ​ជឿ និង​មាន​កំនើន​ប្រជាពលរដ្ឋ​យ៉ាងច្រើន ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​កំនើន​នៃ​ជនជាតិ​ចិន ដែល​បានមក​វិនិយោគ និង​រស់នៅក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​នេះ។

វិស័យ​ទេសចរណ៍

ការសិក្សា​នេះ​បាន​រកឃើញថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​ក្នុង​ក្រុងព្រះសីហនុ មាន​ចំនួន​ចន្លោះ​ពី ៧០០០ ទៅ ៩០០០នាក់ ក្នុង​មួយថ្ងៃ ក្នុងនោះ​ទេសចរណ៍​អន្តរជាតិ​ម្នាក់​ចំណាយ១៥០ដុល្លារ​ក្នុង​មួយថ្ងៃ ហើយ​រយៈពេល​ជា​មធ្យម​ពួកគេ​ស្នាក់នៅ​ចំនួន១សប្តាហ៍។

ជាមួយនឹង​កំនើន​ភ្ញៀវ​ទេសចរណ៍​ជាប្រចាំ​នេះ លោក​តាំង សុចិត្រ​គ្រឹ​ស្នា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បន្ត​វិនិយោគ​សាងសង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ក្នុង​ខេត្ត​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​នៃ​តម្រូវការ​ប្រើប្រាស់​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ។

កំនើន​ប្រាក់ចំណូល

ជាមួយនឹង​កំនើន​នៃ​ការវិនិយោគ និង​ទេសចរណ៍​បានធ្វើ​ឲ្យ​អ្នករស់នៅ​ក្រុងព្រះសីហនុ​ភាគច្រើន​ទទួលបាន​ផលប្រយោជន៍ តាមរយៈ​ការលក់​ដី​ដែលមាន​តម្លៃ​កើនឡើង​ខ្ពស់​លើស​ការរំពឹងទុក។ ការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ ដោយ​ផ្ទះល្វែង​មាន៤ទៅ៥បន្ទប់ ប្រជាពលរដ្ឋ​អាច​ជួល​បាន​ចន្លោះ ៤០០០ ទៅ ៥០០០ដុល្លារ ក្នុង​មួយខែ ឬ​ច្រើនជាង​នេះ​ប្រសិនជា​ផ្ទះ​ស្ថិត​នៅជាប់​ផ្លូវ​ឯករាជ្យ ដែលជា​ផ្លូវ​មេ​ក្នុង​ទីក្រុង​នេះ។

ការសិក្សា​របស់​ក្រុមហ៊ុន FURI TIMES SQUARE ក៏បាន​រកឃើញ​ផងដែរ​ថា អ្នករក​ការងារ​ធ្វើ​នៅ​ក្រុងព្រះសីហនុ ក៏​ទទួលបាន​ប្រាក់ខែ និង​ប្រាក់ចំណូល​ច្រើនជាង​បណ្តា​ខេត្ត​ដទៃ​ផងដែរ ដែល​ធ្វើ​ឲ្យ​លំហូរ​អ្នកស្វែងរក​ការងារ​ធ្វើ​កើនឡើង​ខ្លាំង រហូតដល់​ខេត្ត​នេះ​មាន​មនុស្ស​រស់នៅ​ជាង៣០ម៉ឺ​នាក់។

ដី​ឡើងថ្លៃ​លឿន​លើស​ការរំពឹងទុក

ការសិក្សា​ដដែល​បាន​រកឃើញថា តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ​បាន​កើនឡើង​កប់​ពពក​នៅតាម​តំបន់​ជាច្រើន ជាក់ស្តែង​ដី​នៅ​តំបន់​អូរ​ឈើទាល ក្រុងព្រះសីហនុ​បាន​កើន​តម្លៃ​ពី១៥០០ ទៅ២៥០០ដុល្លារ បាន​កើន​ដល់​ចន្លោះ២០១៥ ២០១៧ បច្ចុប្បន្ន​ឡើង​ពី២០០០ដល់៤០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំណែក​ដី​នៅ​តំបន់​អូរត្រេស​បាន​កើន​ពី៣០០ ទៅ៥០០ដុល្លារ​កាលពី​ឆ្នាំ២០១៥ ដល់ ចន្លោះ​ពី១៥០០ទៅ២៨០០ដុល្លារ​មួយ​ម៉ែត្រការ៉េ​ផងដែរ។

ទំនិញ​ឡើងថ្លៃ​ឬ

មាន​ពាក្យ​ចចាមអារ៉ាម​បាន​កើតមានឡើង​ខ្លាំង​នៅ​ក្រុងព្រះសីហនុ ពិសេស​ប្រជាជនមាន​ការលើកឡើង​ថា តម្លៃ​ទំនិញ​សព្វសារពើ​នៅ​ក្រុងព្រះសីហនុ បាន​កើនឡើង​ទ្វេរ​ដង​ឬ​ច្រើនជាង​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាជនមាន​ការលំបាក​ក្នុងការ​រស់នៅ ឬ​ត្រូវ​ចំណាយ​ទ្វេ​រដង សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។

ប៉ុន្តែ​លោក​វុ​ទ្ឋី ស៊ាន​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុងព្រះសីហនុ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​វា​ជា​ពាក្យ​ចចាមអារ៉ាម ដែល​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ការពិត​ទំនិញ​មិនបាន​ឡើងថ្លៃ​ខ្ពស់​ដូច​ការលើកឡើង​នោះទេ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ទំនិញ​ពិតជា​ឡើងថ្លៃ តែ​ឡើង​ក្នុង​រង្វង់១០ភាគរយ​ប៉ុណ្ណោះ។

លោក​បន្តថា “ពាក្យ​ចចាមអារ៉ាម ពិតជា​គួរ​ឲ្យ​ខ្លាច រហូតដល់​ប្រជាពលរដ្ឋ​មួយចំនួន​មិន​ហ៊ាន​មកលេង​ក្រុងព្រះសីហនុ ដោយសារ​ពាក្យ​បំ​ភ្លើ​ស និង​បំភ្លៃ​ខុសពី​ការពិត។

សន្តិសុខ​សុវត្ថិភាព

ពាក្យ​សន្តិសុខ សុវត្ថិភាព ជា​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​ជាងគេ ប៉ុន្តែ​ការពិត​មិន​មានរឿង​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះទេ ព្រោះ​រដ្ឋាភិបាល​មាន​យន្តការ មាន​សមត្ថកិច្ច​គ្រប់គ្រង​ច្បាស់លាស់​ហើយ មិនមែន​បណ្តោយ​ឲ្យ​ជនបរទេស មក​ធ្វើ​អ្វី​តាមចិត្ត​លើទឹក​ដី​យើង​នោះទេ។

លោក​វុ​ទ្ឋី ស៊ាន​បាន​មានប្រសាសន៍ថា ធម្មតា​នៅ​ប្រទេសមួយ នៅពេល​មាន​ជនបរទេស​ចូលមក​រស់នៅ និង​វិនិយោគ​ច្រើន បាតុភាព​តិចតួច ពិតជា​កើតមានឡើង​ជៀស​មិន​ផុត​នោះទេ។ នេះ​ជា​រឿង​ធម្មតា​នៅក្នុង​ប្រទេសមួយ មិនមាន​អ្វី​ចម្លែក​ឬ​គួរ​ឲ្យ​បារម្ភ​ពេក​នោះទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្លាប់បាន​មានប្រសាសន៍ថា សមត្ថកិច្ច​តែងតែ​តាមដាន​ជាប់​ជាប្រចាំ ដើម្បី​ការពារ​ភ្ញៀវ​ទេសចរណ៍ និង​អ្នកវិនិយោគ​ឲ្យ​មាន​ភាពកក់ក្តៅ ដោយ​មិន​ឲ្យ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​នោះទេ ព្រោះ​ប្រទេស​មានច្បាប់ ហេតុនេះ​យើង​អនុវត្តន៍​ច្បាប់ ដើម្បី​សន្តិសុខ សណ្តាប់ធ្នាប់​មាន​ភាពល្អប្រសើរ និង​មិន​ឲ្យ​បាតុភាព​មិន​ប្រក្រតី​កើតឡើង​នោះទេ៕

ស្វែយល់ពីអាស៊ាន! ទីផ្សារលំនៅដ្ឋានអាផាតមិននៅក្នុងវៀតណាមមានសន្ទុះគួរភ្ជាក់ផ្អើល

ដោយ វុត្ថា

ភ្នំពេញ: ក្រុមហ៊ុន Savills Vietnam បានបង្ហាញរបស់ការណ៍របស់ខ្លួនកាលពីពេលថ្មីៗថា ទីផ្សារលំនៅដ្ឋានអាផាតមិនៅក្នុងខេត្តDanang របស់ប្រទេសវៀតណាម មានសន្ទុះឡើងខ្លាំងគួរអោយភ្ជាក់ផ្អើល ក្នុងពាក់កណ្តាលឆ្នាំ២០១៨នេះ។

យោងតាមទិន្ន័យក្នុងរបាយការណ៍នេះ អត្រាជាមធ្យមបានកើនឡើងខ្ពស់រហូតដល់៩៣ភាគរយ នៃការលក់ចេញនូវលំនៅដ្ឋានអាផាតម៉ិន ពោលគឺកើនឡើងរហូតដល់ ៣ដង បើធៀបនឹងឆ្នាំ២០១៧កន្លងទៅនេះ។

របាយការណ៍នេះ ក៏បានបង្ហាញពីតំលៃលំនៅដ្ឋានអាផាតម៉ិន ដែលគិតជាមធ្យម ១៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅក្នុងឆមាសទី១នៃឆ្នាំនេះ ពោលគឺកើនឡើងរហូតដល់២៨ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងខេត្ត Danang លំនៅដ្ឋានអាផាតម៉ិន បានកើនឡើងពី១៩ភាគរយជារៀងរាល់ឆ្នាំ ដោយសារតែមានគម្រោងសាងសង់ចំនួន២០ និងមានអាផាតម៉ិនចំនួន៨៣០ យូនីតបានដាក់ចូលទៅក្នុងទីផ្សារ ដែលចេញពីគម្រោងថ្មីចំនួន៣បន្ថែមទៀត។

ចំណែកខុនដូនៅក្នុងខេត្តDanangវិញ អាផាតម៉ិនបានធ្លាក់ចុះ៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែតម្លៃកើនឡើង១៩ភាគរយក្នុងឆមាសទី១ ពោលគឺអាផាតម៉ិនបានកើនតម្លៃដល់២,១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយខុនដូចំនួន១,៥៧០យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារពីគម្រោងថ្មីៗ៕

ស្វែងយល់ពីអាស៊ាន!ប្រទេសថៃចាប់ផ្តើមពង្រីកស្ថានីយ៍ព្រលានយន្តហោះ Khon Kaen

ដោយវុត្ថា

ភ្នំពេញ: រដ្ឋាភិបាលប្រទេសថៃ បានចាប់ផ្តើមសាងសង់ពង្រីកស្ថានីយ៍ព្រលានយន្តហោះអន្តរជាតិKhon Kaen ដោយវិនិយោគទំហំទឹកប្រាក់ចំនួន២ពាន់លានបាត សម្រាប់ចំណាយទៅលើការសាងសង់ពង្រីកបន្ថែមនេះ។

យោងតាមការចុះផ្សាយពីកាសែតបាងកកបុស្តិ៍បានអោយដឹងថា ការពង្រីកស្ថានីយ៍ព្រលានយន្តហោះថ្មីនេះ ត្រូវបានរដ្ឋាភិបាលអនុម័តយល់ព្រមកាលពីខែតុលា ឆ្នាំ ២០១៧ កន្លងទៅ ។ តាមគម្រោងព្រលានយន្តហោះនេះ នឹងពង្រីកទំហំដីពី១៦,៥០០ ម៉ែត្រការ៉េ ទៅ៤៤,៥០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកធ្វើដំណើរបានចំនួនពី១០០០ នាក់ទៅ២០០០នាក់ក្នុងមួយម៉ោង ឬ ក៏ប្រហែល៥លាននាក់ក្នុងមួយឆ្នាំ ព្រមទាំងមានការពង្រីកអគារចំណតរយន្តផងដែរ ដែលបច្ចុប្បន្នអាចផ្ទុករថយន្តបានចំនួន៤៥០គ្រឿង ទៅ អាចផ្ទុករយន្តបានចំនួន១,១៦០រថយន្ត។

លោកArkhom Termpittayapaisith  រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានប្រាប់កាសែ​តបាងកកបុស្តិ៍ ខណៈលោកទៅចូលរួមពិធីបុកគ្រឹះថា គម្រោងពង្រីកព្រលានយន្តហោះនេះនឹងត្រូវប្រើពេលសាងសង់រយៈ៣ឆ្នាំ។ លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ទៀតថា ព្រលានយន្តហោះអន្តរជាតិ Khon Kaen  នាពេលបច្ចុប្បន្ននេះ បានទទួលយន្តហោះចុះចត ១៨គ្រឿង និងចេញដំណើរ១៨គ្រឿងក្នុងមួយថ្ងៃ ដែលហោះហើរក្នុងតំបន់ និងនៅពេលអនាគត ព្រលានយន្តហោះនេះនឹងផ្តល់សេវាហោះហើរ ទៅកាន់ទីក្រុងរបស់ចិនជាច្រើនផ្សេងទៀត ។  

លោកបន្តថា ស្ថានីយ៍សម្រាប់អ្នកធ្វើដំណើរថ្មី នឹងបើកសម្ពោធដាក់អោយប្រើប្រា​ស់ជាផ្លូវការនៅក្នុងឆ្នាំ២០២១ ដោយភ្ជាប់ពីរថភ្លើងល្បឿនលឿន Nakhon Ratchsima-Nong Khai ដែលកំពុងសាងសង់នោះផងដែរ៕

ដំណឹងល្អៈ ក្រុមហ៊ុនអាមេរិក ១៦មកស្វែងរកដៃគូវិនិយោគនិងធ្វើពាណិជ្ជកម្មនៅកម្ពុជា

ដោយស៊ីវ ម៉េង

​ភ្នំពេញ: តំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៦ នឹងមកទស្សនកិច្ចកម្ពុជាដើម្បីស្វែងរកដៃគូវិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយអ្នកវិនិយោគក្នុងស្រុក ដែលការជួបជុំនេះនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។

យោងតាមសេចក្តីប្រកាសព៌តមាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ ដោយផ្តោតលើវិស័យកសិកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមប្រធានបទ“ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា “ធ្វើឡើងនៅសណ្ឋាគារ Rosewood ភ្នំពេញ ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៨ខាងមុខនេះ។

សេចក្តីប្រកាសព៌តមានដដែលបានបន្តថា« គោលបំណងនៃការរៀបចំព្រឹត្តិការណ៍

នេះគឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅទៅលើវិស័យនេះ ភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពលមួយនេះ»។

ប្រតិភូទាំង១៦ តំណាងអោយក្រុមហ៊ុនឈា​ន​មុខគេមួយចំនួន របស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ។ វានឹងមានផងដែរនូវក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗរបស់អាមេរិកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅក្នុងរយៈពេល២ថ្ងៃនេះ សមាជិកប្រតិភូនឹងសិក្សាស្វែងយល់អំពីវិស័យផ្សេងៗទាក់ទងនឹងកសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនអាមេរិកទាំងនេះភាគច្រើនជាក្រុមហ៊ុនវិនិយោគផ្នែកវិស័យកសិកម្ម និង​មានមូលដ្ឋានវិនិយោគនៅក្នុងតំបន់រួចហើយដូចជា នៅប្រទេសថៃ ម៉ាឡេស៊ី និងប្រទេស​សឹង្ហបុរី។លោកបន្តថា ក្រុមហ៊ុនទាំងនេះអាចនឹងមកវិនិយោគនៅកម្ពុជា ដោយសារបរិយាកាលវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ខណៈក្រុមហ៊ុនអាមេរិកធំៗជាច្រើ​នបានវិនិយោគនៅកម្ពុជារួចហើយ។

លោកបន្តថា “ខ្ញុំមានសង្ឃឹមច្រើនថាក្រុមហ៊ុនទាំងនេះ នឹងមកវិនិយោគនៅកម្ពុជា ព្រោះពួកគេបានវិនិយោគនៅតាមបណ្តាប្រទេសក្នុងតំបន់រួចហើយ”៕

ស្តាប់វិធីសាស្រ្តវិនិយោគលើខុនដូនិងផ្ទះល្វែងដើម្បីទទួលបានផលចំណេញ

ដោយ ​ដួង ចន្រ្ទា

​ភ្នំពេញ: ស្របពេលទីផ្សារអចលនទ្រព្យមានសកម្មភាពផុសផុល ការវិនិ​យោគលើ​វិស័យនេះទាមទារភាពឆ្លាតវៃផងដែរ ដើម្បីទទួលបានឳកាសចំណេញ និងកាត់​បន្ថយហានិភ័យ។

​លោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុនCentury21 Mekongដែលមានជំ​នា​ញទិញលក់លំនៅដ្ឋាននៅតាមបុរីនានាបានថ្លែងថា ការទិញអចលនទ្រព្យទាំងនេះ វាអាស្រ័យលើលក្ខខ័ណ្ឌប្រាក់ចំណូល និងលំហូរសាច់ប្រាក់របស់អ្នកវិនិយោគនិមួយៗ។

​វិនិយោគទិញដី

​ប្រសិនជាចង់វិនិយោគលើដីធ្លី អ្នកវិនិយោគត្រូវដឹងថា ការវិនិយោគបែបនេះមិនមានលំហូរសាច់ប្រាក់ភ្លាមៗនោះទេ។ហេតុនេះអ្នកវិនិយោគលើដីធ្លីត្រូវមើលលក្ខខ័ណ្ឌប្រាក់ចំណូលរបស់ខ្លួន ព្រោះប្រសិនជាខ្ចីលុយពីធនាគារទិញដី ហើយស្ថានភាពលំហូរសាច់ប្រាក់របស់ខ្លួន មិនមានភាពល្អប្រសើរគួរកុំទិញអី។ ផ្ទុយទៅវិញ ប្រសិនជាអ្នកវិនិយោគមានសាច់ប្រាក់៥០ភាគរយ ហើយខ្ចីលុយធនាគារ៥០ភាគរយ និងមានលំហូរសាច់ប្រាក់អាចដំណើរការបាន គួរវិនិយោគលើដីធ្លីមានឳកាសចំណេញច្រើនជាង។

​ការវិនិយោគលើដីធ្លីគួរមើលតំបន់ ដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់      រដ្ឋាភិបាល គួរពិនិត្យលើប្លង់ដីឲ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសជម្លោះណាមួយ និងគួរមើលពីសក្តានុពលនៅទីតាំងដីរបស់ខ្លួន។

​ទិញផ្ទះល្វែង

​ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិ​ត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជ​កម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។

​ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។

​ការទិញខុនដូ

​ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារ​លំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។

​ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយម​ច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕

បដិវត្តន៍ឧស្សាហកម្មទី៤ តើកម្ពុជាអាចទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថលបានយ៉ាងដូចម្តេច

ដោយ គង់ សូរិយា

ភ្នំពេញ: បដិវត្តន៍ឧស្សាហកម្មទី៤បានចាប់ផ្តើម តាមរយៈទាញយកផលប្រយោជន៍ពីការប្រើប្រាស់សេដ្ឋកិច្ចបែបឌីជីថល ដែលជានិន្នាការថ្មីមួយតម្រូវឲ្យប្រទេសកំពុងអភិវឌ្ឍន៍ត្រូវរៀបចំខ្លួន ដើម្បីទាញយកសក្តានុពលពីបច្ចេកវិទ្យា ដែលកំពុងមានភាពរូកចម្រើនដ៏លឿន​នេះ។

ឆ្លើយតបបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍បាន និង​កំពុងបង្កើតគោលនយោបាយ សម្រាប់សេដ្ឋកិច្ចបែបឌីជីថល ដែលជាវិស័យថ្មីមួយនៃសេដ្ឋកិច្ចបែបឌីជីថល។

រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាន ច័ន្ទមេត្តាបានមានប្រសា​សន៍ក្នុងពិធីបើក សិក្ខាសាលាដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំគោលនយោបាយ សម្រាប់ការបង្កើតធុរកិច្ចឌីជីថលកាលពីពេលថ្មីៗនេះថា គោលនយោបាយនេះ នឹងជួយឲ្យយុវជនកម្ពុជាមានសមត្ថភាព មានចំណេះដឹងបច្ចេកវិទ្យា មានឱកាសកាន់តែច្រើនក្នុងការបង្កើតអជីវកម្មថ្មី ជាពិសេសប្រែក្លាយអជីវកម្មប្រពៃណី មកជាអាជីវកម្មឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យា។ ឯកឧត្តមបន្តថា ទាំងយុវជនកម្ពុជា ទាំងសហគ្រាសធនតូចនិងមធ្យម នឹងអាចទាក់ទាញអ្នកវិនិយោគខាងក្រៅមកបណ្ដាក់ទុនបន្ថែម។

លោកបន្តថា “ការរៀបចំសិក្ខាសាលាព្រឹកនេះ គឺជាវេទិការដំបូងដែលផ្ដល់ឱកាសដល់ដៃគូរពាក់ព័ន្ធ ធ្វើការពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថលជូនដល់អ្នករៀបចំគោលនយោបាយ ដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងស្មោះត្រង់ និងស្របច្បាប់សម្រា​ប់សហគ្រិនក្នុងវិស័យឌីជីថល។

លោកកាន ច័ន្ទមេត្តាបានបន្តថា “បញ្ហានេះរដ្ឋាភិបាលតែម្ខាង មិនអាចដោះស្រាយបាននោះទេ ហេតុនេះបានជាសិក្ខាសាលានេះ បានអញ្ជើញឲ្យអ្នកចូលរួមគ្រប់ភាគីពាក់ព័ន្ធ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន រវាងរដ្ឋាភិបាល វិស័យឯកជន ធនាគារ សហគ្រិន និងក្រុមហ៊ុនចាប់ផ្ដើមធុរកិច្ច និងអ្នកសិក្សាជាដើម”។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា ជានិន្នាកា​រសេដ្ឋកិច្ចតាមបែបប្រព័ន្ឋឌីជីថល​​កំពុងធ្វើដំណើរទៅមុខ យើងមិនអាចទប់បាននោះទេ ប៉ុន្តែយើងត្រូវពិនិត្យមើលដោយប្រុងប្រយ័ត្ន និងត្រូវសួរថាតើប្រព័ន្ឋឌីជីថលនេះស្ថិតនៅកន្លែងណា ដួចជាប្រើប្រាស់ទាក់ទងនឹងការទូទាត់លុយ ការប្រាស្រ័យទាក់ទងគ្នា និងការចែកចាយព៌តមានជាដើម។

លោកបន្តថា “យើងអាចប្រឈមនឹងបញ្ហា ប្រសិនជាយើងយល់ពីវាមិនបានច្បាស់​លា​ស់ឬធ្វើឡើងសើរៗ ហើយបើយើងរត់តាមគេ និងធ្វើមិនបានស៊ីជម្រៅ វានឹងមិនផ្តល់ផលប្រយោជន៍ច្រើ​ន​នោះឡើយ”៕

​