តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៣៥,២៤ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃចន្ទម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៤ភាគរយដល់៣៣៣០,៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៣ភាគរយមកនៅត្រឹម៣៣៤១,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៤,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,៣២ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៤៨ពិន្ទុកាលពីថ្ងៃចន្ទម្សិលមិញ៕

តើជនបរទេសមកពីប្រទេសណាខ្លះវិនិយោគលើខុនដូនៅកម្ពុជា ច្រើនជាងគេ?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ មានជនបរទេសមកពីប្រទេសជាច្រើន បានមកវិនិយោគលើខុនដូនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ព្រះសីហនុ និងសៀមរាប។

នេះជាវិនិយោគិនបរទេសសំខាន់ៗ ដែលមកវិនិយោគខុនដូនៅកម្ពុជាច្រើនជាងគេ។

១ អ្នកវិនិយោគមកពីប្រទេសចិន

  • ក្រុមអ្នកទិញខុនដូបរទេសធំជាងគេនៅកម្ពុជា ពួកគេបានផ្តោតខ្លាំងលើរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

អ្នកទិញខុនដូទាំងនោះ ត្រូវបានទាក់ទាញដោយគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធដឹកនាំដោយចិន (គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ)។

២ វិនិយោគិនមកពីប្រទេសកូរ៉េខាងត្បូង

វិនិយោគិនកូរ៉េ បានបង្ហាញវត្តមានច្រើនជាងគេ នៅទីក្រុងភ្នំពេញ ដែលភាគច្រើនពួកគេវិនិយោគ លើគម្រោងខុនដូកម្រិតមធ្យម និងប្រណីត។

ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េក៏បានអភិវឌ្ឍខុនដូ ដែលផ្តោតលើអ្នករស់នៅកូរ៉េ ឬអ្នកធ្វើដំណើរអាជីវកម្ម។

៣ អ្នកវិនិយោគមកពីប្រទេសជប៉ុន

  • ជប៉ុនវិនិយោគិន ដែលប្រយ័ត្នប្រយែងជាងមុន ប៉ុន្តែមានស្ថិរភាព ដែលជាជាញឹកញាប់ ពួកគេទិញខុនដូនៅកណ្តាលទីក្រុងភ្នំពេញ ឬនៅជិតតំបន់ស្ថានទូត។

ពួកគេចូលចិត្តគំរោងអភិវឌ្ឍន៍ ដែលមានសំណង់ល្អ និងគុណភាពខ្ពស់ និងគិតគូរដល់និរន្តរភាពបរិស្ថាន។

៤ សិង្ហបុរី

ជនជាតិសឹង្ហបុរី ជារឿយៗវិនិយោគលើខុនដូលំដាប់ខ្ពស់ ឬដែលគ្រប់គ្រងដោយយីហោអន្តរជាតិ ពួកគេវិនិយោគដោយផ្តោតលើផលចំណេញពីការជួល និងការឡើងថ្លៃ។

៥ ម៉ាឡេស៊ី

វិនិយោគិនម៉ាឡេស៊ីមួយចំនួន ជាពិសេសអ្នកចូលនិវត្តន៍ ឬអ្នកទិញវណ្ណៈកណ្តាល បានវិនិយោគខុនដូនៅរាជធានីភ្នំពេញ ដោយផ្តោតលើខុនដូដែលមានតម្លៃសមរម្យ ឬកម្រិតមធ្យម។

៦ វៀតណាម & ថៃ

អ្នកវិនិយោគដែលមានដែនដីជាប់ជាមួយកម្ពុជា ពួកគេផ្តោតលើការវិនិយោគតាមព្រំដែន ដូចជាក្រុងប៉ោយប៉ែត បាវិតជាដើម។

ជាពិសេសវិនិយោគិនថៃ តែងតែស្វែងរកការអភិវឌ្ឍន៍ខុនដូក្នុងទី

ក្រុងភ្នំពេញផងដែរ។

៧ អឺរ៉ុប អូស្ត្រាលី អង់គ្លេស សហរដ្ឋអាមេរិក

  • ការរួមបញ្ចូលគ្នានៃអ្នកចូលនិវត្តន៍ អ្នកតំណាងឌីជីថល និងអ្នកវាយតម្លៃអចលនទ្រព្យ ដែលមកពីប្រទេសខាងលើបានវិនិយោគខុនដូនៅរាជធានីភ្នំពេញ ។ ពួកគេចូលចិត្តខុនដូ នៅកណ្តាលទីក្រុងភ្នំពេញ ឬតំបន់មាត់ទន្លេ។

ក្នុងចំណោមអ្នកវិនិយោគទាំងនោះ មានអ្នកខ្លះទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬចំណូលពីការជួលរយៈពេលវែង។

តើអ្វីជាមូលហេតុដែលជនបរទេសទិញខុនដូនៅកម្ពុជា?

  1. តម្លៃអចលនទ្រព្យទាប បើធៀបនឹងទីក្រុងក្នុងតំបន់ ដូចជា ទីក្រុងបាងកក ឬទីក្រុងហូជីមិញ។
  2. គ្មានពន្ធលើអចលនទ្រព្យលំនៅដ្ឋាន។
  3. សក្តានុពលផលចំណេញពីការជួលខ្ពស់ (5-8% នៅក្នុងតំបន់ខ្លះ)។
  4. ជនបរទេសអាចកាន់កាប់ខុនដូដោយស្របច្បាប់ (ត្រឹមជាន់ផ្ទាល់ដី)។
  5. សេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារ ធ្វើឱ្យមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគបរទេស៕

វឌ្ឍនភាព! ការសាងសង់អគារកប់ពពក Jeddah Tower កំពស់ជាង១.០០០ម៉ែត្រកំពុងបោះជំហានទៅមុខយ៉ាងលឿន

ដោយ: គង់ លាងហួរ

អន្តរជាតិ: មិនយូរទៀតទេ ភ្ញៀវទេសចរណ៍ក្នុងពិភពលោកនឹងដណ្តើមគ្នាទិញសំបុត្រឡើងទស្សនា អាគារខ្ពស់បំផុតក្នុងលោក ដែលមានកំពស់រហូតដល់១០០០ម៉ែត្រ គឺJEDDHA TOWER។

ល្បឿននៃការសាងសង់អាគារដ៏អស្ចារ្យនេះ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងប្រសើរ។ គំរោងដ៏មហិច្ឆតានេះ ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

គិតរហូតមកទល់ពេលនេះ ក្រុមការងារវិស្វកម្មបានចាក់បេតុងដល់ជាន់ទី៦៤នៃអគារ។ ការចាក់បេតុងនៅគ្រប់ជាន់នីមួយៗ ត្រូវបានគេរំពឹងថា នឹងបញ្ចប់រៀងរាល់៤ថ្ងៃម្តង។

ល្បឿននៃការសាងសង់យ៉ាងលឿនឆាប់រហ័សនេះ អាចធ្វើទៅបាន ដោយសារកត្តាបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាប្រកប​ដោយភាពច្នៃប្រឌិត ដែលអាចបូមបេតុង បានដល់កំពស់ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ អគារនេះគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់នៅចន្លោះឆ្នាំ២០២៨ និងឆ្នាំ២០២៩ខាងមុខ។

បច្ចុប្បន្ន ក្រុមការងារសំណង់មានសមត្ថភាព បូមបេតុងបានដល់កំពស់២.៦២៤ហ្វីត (ប្រហែល៧៩៩,៨ម៉ែត្រ)។ យ៉ាងណាមិញ ពួកគេកំពុងបង្កើនសមត្ថភាព បូមបេតុងបន្ថែមទៀតឱ្យកើនឡើងដល់កំពស់សរុបជាង១.០០០ម៉ែត្ររបស់អគារJeddah Tower។

ការងារនេះ តម្រូវឱ្យមានគ្រឿងចក្រទំនើបៗ និងការរៀបចំផែន​ការយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវភាពធន់រឹងមាំរបស់អគារដ៏ខ្ពស់ មួយនេះ។ ភាពជោគជ័យរបស់គម្រោង ពឹងផ្អែកលើបច្ចេកទេសវិស្វកម្មទំនើបកម្រិតខ្ពស់ និងការច្នៃប្រឌិត ដើម្បីយកឈ្នះបញ្ហាប្រឈមនៃការសាងសង់អគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

អគារ Jeddah Tower ជាផ្នែកដ៏សំខាន់បំផុតមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងJeddah ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងវប្បធម៌សកល។ អគារនេះមានកំពស់១៥៧ជាន់ ដែលនឹងមានជណ្តើរយន្តចំនួន៥៩ សណ្ឋាគារប្រណីត លំនៅដ្ឋានលំដាប់ខ្ពស់ និងបន្ទប់ការិយាល័យធំទូលាយ។

ដំណាក់កាលទីមួយ នៃគម្រោងអភិវឌ្ឍន៍ទីក្រុង Jeddah រួមមាន មន្ទីរពេទ្យ សាលារៀន សាកលវិទ្យាល័យ និងលំនៅដ្ឋានសម្រាប់មនុស្សចំនួន១០០.០០០នាក់។

គម្រោងប្រកបដោយមហិច្ឆិតានេះ ស្ថិតនៅក្រោមចក្ខុវិស័យឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកាត់បន្ថយការពឹងផ្អែកលើការនាំចេញប្រេង។

តាមរយៈការបណ្តាក់ទុនវិនិយោគ លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ទីក្រុងធំៗ ប្រទេសអារ៉ាប៊ីសាអូឌីត កំពុងក្លាយជាប្រទេសនាំមុខគេក្នុងការច្នៃប្រឌិត និងនិរន្តរភាពនៅលើឆាកពិភពលោក៕ប្រភព: Rude Baguette៕

អភិបាលខេត្តកោះកុងដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លើគំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់

ដោយៈ ម៉ាណា

    កោះកុងៈ អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថងបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើការស្នើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

រដ្ឋបាលខេត្តមិនបានបញ្ជាក់ឲ្យដឹងថា គំរោងមានលក្ខណៈសម្ប​ត្តិគ្រប់គ្រាន់ចំនួនប៉ុន្មាន ត្រូវបានលើកយកមកពិនិត្យ និងពិភាក្សានោះទេ។

យោងតាមច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា គណៈកម្មការវិនិយោគរបស់រដ្ឋបាលខេត្ត មានសិទ្ឋអនុម័តគំរោងវិនិយោគ ដែលមានទំហំទឹកប្រាក់៥លានដុល្លារចុះ ដោយមិនចាំបាច់ឆ្លងកាត់ស្ថាប័នថ្នាក់ជាតិឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងធ្លាប់បានមានប្រសាសន៍ថា ច្បាប់វិនិយោគថ្មីមានភាពល្អប្រសើរ និងទាក់ទាញខ្លាំង ដែលធ្វើឲ្យវិនិយោគិនអន្តរជាតិ អាចបោះទុនវិនិយោគនៅកម្ពុជា ជាមួយទុន១០០ភាគរយដោយខ្លួនឯង ពិសេសច្បាប់នេះបានអនុញ្ញាត្តឲ្យគណៈកម្មកាវិនិយោគខេត្ត មានសិទ្ឋអនុម័តទុនវិនិយោគ ដែលមានតម្លៃចាប់ពី៥លានដុល្លារចុះ ដែលជាសញ្ញាដ៏ល្អប្រសើរសម្រាប់វិនិយោគិនជាតិ អន្តរជាតិ៕

ដំណឹងល្អៈ កសិដ្ឋានចំនួន១១២ត្រូវបានអនុញ្ញាត្តឲ្យនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងកសិកម្មបានស្នើឱ្យម្ចាស់កសិដ្ឋាន និងរោងចក្រវេចខ្ចប់ទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌ តម្រូវរបស់ពិធីសារGACC រួមទាំងការគ្មានសារធាតុគ្រោះថ្នាក់ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីហាមឃាត់ ស្របពេលកសិដ្ឋានចំ​នួន១១២ត្រូវបានអនុញ្ញាត្តឲ្យនាំចេញទុរេនទៅកាន់ប្រទេសចិន។

កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការ ពីអគ្គរដ្ឋបាលគយនៃប្រទេសចិន (GACC) ដើម្បីចាប់ផ្តើមនាំចេញទុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានចុះហត្ថលេខាលើពិធីសារកាលពីខែមេសា។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីGACC បានវាយតម្លៃ និងអនុម័តលើពាក្យស្នើសុំ ចុះបញ្ជីកសិដ្ឋានទុរេនចំនួន១១២ និងរោងចក្រវេចខ្ចប់ចំនួន៣០ ដែលបំពេញតាមការអនុវត្តកសិកម្មល្អរបស់ប្រទេសចិន (Good Agricultural Practices-GAP) តម្រូវការភូតគាមអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃសុក្របានជំរុញឱ្យម្ចាស់កសិដ្ឋាន និងរោងចក្រវេចខ្ចប់ទាំងអស់ ឱ្យអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌតម្រូវនៃពិធីសារ រួមទាំងការគ្មានសារធាតុគ្រោះថ្នាក់ ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីហាមឃាត់។

លើសពីនេះ ក្រសួងបានអំពាវនាវដល់កសិដ្ឋាន និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញទុរេន ត្រូវប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដើម្បីធ្វើការវាយតម្លៃ។

ក្រសួងក៏បានកត់សម្គាល់ផងដែរថា ទុរេនស្រស់ឥឡូវនេះជាផលិតផលកសិកម្មទី៩ របស់កម្ពុជាដែលត្រូវបានអនុម័ត សម្រាប់ការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងអង្កាម ដំឡូ​ង​មីស្ងួត ពោត ចេក ស្វាយ មៀន ម្រេច និងដូង។

សមិទ្ធិផលនេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងប្រកបដោយប្រសិទ្ធភាពរវាងកម្ពុជា និងចិន។

ក្រសួងបានឱ្យដឹងថា “សូមសាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ បន្តផ្តល់ព័ត៌មាន និងបន្តធ្វើការជាមួយក្រសួងកសិកម្ម ដឹកនាំដោយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីគាំទ្រដល់ភាពជោគជ័យយូរអង្វែងក្នុងការផលិត ការវេចខ្ចប់ និងការនាំចេញទុរេនស្រស់”។

លោកឃឹម ប៊ុនឡេន ស្ថាបនិក និងជាប្រធានសហគមន៍កសិដ្ឋានស្តេចទុរេន ក្នុងខេត្តកំពត បានមានប្រសាសន៍ថា កសិករទុរេនដែលមានបំណងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន ត្រូវតែផ្តោតលើការកែលម្អរសជាតិផ្លែឈើ សុវត្ថិភាព និងតម្លៃ។

លោកបញ្ជាក់ថា “ទោះជាឱកាសទីផ្សារមានក៏ដោយ ទុរេនកម្ពុជាអាចនឹងពិបាក ក្នុងការប្រកួតប្រជែងប្រសិនបើតម្លៃខ្ពស់ពេក”។លោកបានបន្តថា “នៅពេលខ្ញុំសួរកសិករថា តើវាត្រូវចំណាយប្រាក់ប៉ុន្មានដើម្បីផលិតផ្លែឈើ ឬធ្វើចម្ការរបស់ពួកគេ មនុស្សជាច្រើនមិនអាចផ្តល់ចម្លើយច្បាស់លាស់បានទេ ដោយលោកបន្ថែមថា “វាដូចជាការបើកអាជីវកម្ម ដោយមិនដឹងពីការចំណាយផ្ទាល់ខ្លួន”។

លោកបានសង្កត់ធ្ងន់ថា កសិករត្រូវចាប់ផ្តើមគិតឲ្យបានហ្មត់ចត់អំពីគុណភាព លទ្ធភាពសមរម្យ និងការប្រកួតប្រជែង។ លោកបានបន្ថែមថា ទាំងនេះគឺជាកត្តាសំខាន់ ដែលអាចឲ្យទុរេនកម្ពុជាជោគជ័យលើទីផ្សារប្រកបដោយនិរន្តរភាព មិនត្រឹមតែសម្រាប់កសិដ្ឋានមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសទាំងមូល។

ប្រទេសកម្ពុជាមានខេត្តចំនួនប្រាំបួន ដែលមានសក្តានុពលល្អបំផុតសម្រាប់ការដាំដុះទុរេន រួមមាន កំពត កំពង់ចាម ត្បូងឃ្មុំ រតនគិរី មណ្ឌលគិរី បាត់ដំបង ពោធិ៍សាត់ កោះកុង និងកំពង់ធំ។

កាលពីខែមេសា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធា​នាធិបតីចិន លោក ស៊ី ជីនពីង កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារថ្មីមួយ ដែលកម្ពុជានឹងនាំចេញសំបុកត្រចៀកកាំ ទុរេន និងក្រពើទៅកាន់ទីផ្សារប្រទេសចិន។

កាលពីខែមិថុនា ក្រុមហ៊ុនចិនចំនួនពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញទុរេនចំនួន១៥,០០០ តោន (២០២៥-២០២៦) និងស្វាយស្ងួត២០,០០០ តោន (២០២៥-២០២៧) ពីកម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Guangxi Xiyaya Food Co., Ltd. និងក្រុមហ៊ុន Lumisun Asian Fruits Co., Ltd. នៅទីក្រុងBeiha តំបន់ស្វយ័តGuangxi Zhuang សាធារណៈរដ្ឋប្រជាមានិតចិន ក្រោមវត្តមានលោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ចឹង លីង (Zeng Ling) អភិបាលរងក្រុងBeiha រួមជាមួយនឹងមន្ត្រីខេត្ត និងតំណាងមកពីក្រុមហ៊ុនកម្ពុជានិងចិនជាច្រើនរូប៕

ខេត្តសៀមរាបជាប់ចំណាត់ថ្នាក់កំពូលជាថ្មីជាគោលដៅទេសចរណ៍ល្អបំផុតក្នុងពិភពលោកនៅឆ្នាំ២០២៥

ដោយៈ គង់ សូរិយា

    សៀមរាបៈ ខេត្តសៀមរាបដ៏ល្បីល្បាញ ដែលមានប្រាសាទអង្គរដ៏ល្បីរបស់ប្រទេសកម្ពុជា ត្រូវបានគេដាក់ឈ្មោះថា Travellers’ Choice Awards Best of the Best Destinations នៅឆ្នាំ២០២៥។

ចំណាត់ថ្នាក់នេះត្រូវបានប្រកាសដោយTripadvisor ដែលជាវេទិកាទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក។

ក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង២៥នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់ចំពោះភាពសម្បូរបែបនៃវប្បធម៌ និងអច្ឆរិយប្រវត្តិសាស្ត្រ។

Tripadvior បានធ្វើអត្ថាធិប្បាយថា “នៅពេលពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម ចែងចាំងលើប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនទៀត ព្រះអាទិត្យរះក្នុងខេត្តសៀមរាបដ៏សាមញ្ញមួយ បានក្លាយទៅជាព្រឹត្តិការណ៍ដ៏ជ្រាលជ្រៅ។

វេទិកាអនឡាញដ៏ល្បីល្បាញនេះបានពិព៌ណនាថា សំណង់បុរាណនានា មាននៅក្នុងបរិវេណសាសនាដ៏ធំបំផុតមួយ ក្នុងពិភពលោក។ ប្រាសាទអង្គរធំនៅសតវត្សរ៍ទី១២ ត្រូវបានគេចាត់ទុកថាជាហេតុផលចម្បង ក្នុងការមកទស្សនាខេត្តសៀមរាប។ ទទួលបានមេរៀននៃប្រវត្តិសាស្ត្រជាតិ នៅភូមិវប្បធម៌ខ្មែរ និងមេរៀននៃការតថ្លៃនៅផ្សាររាត្រីអង្គរ តូបលក់ទំនិញ អាជីវករលក់អាហារ និងបារជាច្រើន។

ចំណែកទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស បានឈរនៅលើកំពូលតារាងពិភពលោក បន្ទាប់មកគឺកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី និងទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

នៅអាស៊ី ក្រុងសៀមរាបជាប់លេខ៥ ហើយទីក្រុងភ្នំពេញដែលជាបេះដូងរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់ទី១៨ ក្នុងបញ្ជីដូចគ្នា។

យោងតាមគេហទំព័រ Tripadvisor ពានរង្វាន់ Travellers’ Choice Awards Best of the Best ផ្តល់កិត្តិយសដល់ឧត្តមភាពនៃការធ្វើដំណើរកម្រិតខ្ពស់បំផុត។

ពានរង្វាន់នេះ ត្រូវបានផ្តល់ឱ្យទៅកន្លែង ដែលទទួលបានការវាយតម្លៃឆ្នើមជាច្រើនពីសហគមន៍Tripadvisor ក្នុងរយៈពេលមួយឆ្នាំ។ តិចជាង៨% នៃបញ្ជីឈ្មោះ៨លានទទួលបានពានរង្វាន់នេះ៕

គំរោងវិនិយោគតម្លៃ១២៣លានដុល្លារនៅរាជធានី ខេត្តចំនួន៧ត្រូវបានស្នើចុះបញ្ជី

(ភ្នំពេញ)៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង (ផលិតគ្រឿងសង្ហារិមនិងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិកនិងលោហធាតុ, ផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនីនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។

គម្រោងវិនិយោគទាំង ៧នេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ៕

ការសិក្សា: ម៉ាឡេស៊ី​នឹង​ក្លាយ​ជា​ទីផ្សារ​​មជ្ឈមណ្ឌល​ទិន្នន័យ​ដែលរីកចម្រើនលឿន​បំផុត​នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក​នៅឆ្នាំ២០៣០

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី​នឹង​ក្លាយ​ជា​ទីផ្សារ​​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​រីកចម្រើនលឿន​បំផុត​នៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក​នៅឆ្នាំ២០៣០ខាងមុខ។នេះ​បើ​យោង​តាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។ កំណើននេះត្រូវបានជំរុញដោយតម្រូវការសេវាកម្មឌីជីថល។

​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បាន​វាយតម្លៃថា ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​ម៉ាឡេស៊ី​​ក្នុងទីផ្សារ​​មជ្ឈមណ្ឌល​ទិន្នន័យ​ បណ្តាលមកពិកត្តា​សំខាន់​ៗ ដូចជា ដីទំនេរច្រើន ភាពប្រសើរឡើងនៃហេដ្ឋារចនាសម្ព័ន្ធថាមពល និងអុីនធឺណេត និងការគាំទ្រយ៉ាងមុតមាំរបស់រដ្ឋាភិបាលលើការជំរុញសេដ្ឋកិច្ចឌីជីថល។

កត្តាទាំងនេះបានធ្វើឱ្យប្រទេសម៉ាឡេស៊ីក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញសម្រាប់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោក ដែលកំពុងស្វែងរកទីតាំងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងតំបន់អាស៊ាន។

ម៉ាឡេស៊ីកំពុងក្លាយជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់មួយនៅតំបន់អាស៊ី និងតំបន់អាស៊ាន។ ទីក្រុងគូឡាឡាំពួរបានក្លាយជាទីតាំងមជ្ឈមណ្ឌលផ្ទុកទិន្នន័យក្នុងស្រុក ខណៈទីក្រុង Johor ដែលនៅជិតប្រទេសសិង្ហបុរី កំពុងក្លាយជាគោលដៅបង្កើតមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ដែលដើរដោយបញ្ញាសិប្បនិម្មិត(AI)។

គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានថាមពលប្រហែល១៣ជីហ្គាវ៉ាត់ (GW) អាចនឹងបើកដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០ ក្រោមទុនវិនិយោគចំនួន១៥៦ពាន់លានដុល្លារអាមេរិក។

កាលពីឆ្នាំ២០២៣ ទីផ្សារមជ្ឈមណ្ឌលទិន្នន័យធំជាងគេទាំង៥ របស់តំបន់អាសុី រួមមាន ប្រទេសជប៉ុន ប្រទេសចិន ប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា និងប្រទេសម៉ាឡេស៊ី។

ទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅទូទាំងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៤ ត្រូវបានគេព្យាករណ៍ថា នឹងហក់ឡើងដល់តម្លៃ៦០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈទំហំទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិកនឹងហក់ឡើងដល់ជិត៤៦០ពាន់លានដុល្លារ៕ប្រភព: New Straits Times៕

សម្តេចធិបតីជម្រុញការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅខេត្តចំនួន៣ភាគពាយ័ព្យដើម្បីកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំដល់គណៈកម្មាធិការគោលនយោបាយ ឱ្យរៀបចំគោលនយោ​បាយវិនិយោគវិស័យកសិ -ឧស្សាហកម្ម នៅខេត្តភាគពាយ័ព្យរបស់កម្ពុជា។

បណ្តាខេត្តទាំងនោះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

សម្តេចបានថ្លែងបែបនេះកាលពីសប្តាហ៍មុន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាមច្ឆជាតិ លើកទី២០ នៅបឹងទន្លេបាទី ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចបានគូសបញ្ជាក់អំពីដំណើររបស់កម្ពុជា ពីសង្គ្រាមទៅកាន់សន្តិភាព ដោយបញ្ជាក់ថា កម្ពុជាបានប្រែក្លាយអតីតសមរភូមិ ទៅជាតំបន់កសិកម្មផលិតភាព ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងសហគមន៍ដែលរីកចម្រើន។

សម្តេចបញ្ជាក់ថា “ខ្ញុំបានណែនាំដល់គណៈកម្មាធិការគោលនយោបាយ ឱ្យរៀបចំគោលនយោបាយវិនិយោគ ដើម្បីជំរុញការអភិ​វឌ្ឍបន្ថែមទៀតនៃវិស័យឧស្សាហកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភាគខាងលិចនៃប្រទេស”។

សម្តេចបានកត់សម្គាល់ថា កន្លងមករាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការវិនិយោគ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ការផ្តោតលើការវិនិយោគនៅឆ្នាំនេះ បានប្តូរទៅតំបន់ភាគឦសាន។

សម្តេចបន្តទៀតថា “ឥឡូវដល់ពេលហើយ ដើម្បីពង្រីកគោលនយោបាយជំរុញការវិនិយោគកសិ-ឧស្សាហកម្មនៅភាគខាងលិច”។

សម្តេចបានបញ្ជាក់ថា វិស័យកសិកម្ម មិនគួរផ្តោតតែលើការដាំដុះ និងការលក់ផលិតផលឆៅនោះទេ ប៉ុន្តែក៏ត្រូវផ្តោតលើការអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ការកែច្នៃដែលមានតម្លៃបន្ថែម សម្រាប់ការនាំចេញ និងការធ្វើពិពិធកម្មផលិតផលផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានចង្អុលបង្ហាញថា ខេត្តភាគខាងលិចរបស់កម្ពុជា ដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិសាត់ និងខេត្តផ្សេងទៀត ត្រូវបានកំណត់ថាជា “ច្រករបៀងត្រី និងស្រូវ” ជាមួយប្រទេសចិន។ ការលើកកម្ពស់ការវិនិយោគកសិ-ឧស្សាហកម្មនៅក្នុងតំបន់ទាំងនេះ មានសារៈសំខាន់ណាស់ សម្រាប់ការបង្កើតការងារ និងការជំរុញការនាំចេញ រួមទាំងផលិតផលដូចជា ទុរេន មៀនប៉ៃលិន និងផលិតផលពិសេស ប្រចាំតំបន់ផ្សេងទៀត ដែលកំណត់គោលដៅសម្រាប់ទីផ្សារប្រទេសចិន។

សម្តេចធិបតីបានបញ្ជាក់ទៀតថា “ទោះជាយ៉ាងណាក៏ដោយ យើងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច និងដៃគូពាណិជ្ជកម្មរបស់យើង។ ប្រសិ​នបើបញ្ហាកើតឡើងនៅក្នុងទីផ្សារមួយ យើងមិនគួរពឹងផ្អែកលើវាខ្លាំងពេកនោះទេ។ យើងត្រូវស្វែងរកបណ្តាញជាច្រើន ដើម្បីធានាសុវត្ថិភាពទីផ្សាររបស់យើង”។​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីចុងឆ្នាំមុនថា រាជរដ្ឋាភិបាលបានកំណត់គោលដៅផ្លាស់ប្តូរ និងអភិវឌ្ឍតំបន់ព្រំដែនទូទាំងប្រទេស ដោយចាប់ផ្តើមពីព្រំដែនភាគឦសាន។

ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការបង្កើនលំហូរវិនិយោគទៅក្នុងវិស័យកសិ-ឧស្សាហកម្មនៅតាមព្រំដែនភាគឦសាន សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលមានគោលដៅទាញយកសក្ដានុពលសេដ្ឋកិច្ច នៃខេត្តជាប់ព្រំដែន តាមរយៈការលើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុកធ្វើការវិនិយោគ លើវិស័យកែច្នៃផលិតផលកសិកម្ម៕

តម្លៃលំនៅដ្ឋាននៅចំកណ្តាលទីក្រុងឡុងដ៍ធ្លាក់ចុះ ខណៈតម្រូវការងាកទៅកាន់តំបន់ជាយក្រុង

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅចំកណ្តាលទីក្រុងឡុងដ៍របស់ប្រទេសអង់គ្លេសបានធ្លាក់ចុះ៣,៧ភាគរយនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីបានថយចុះក្នុងអត្រាប្រចាំត្រីមាសចំនួន១,៥ភាគរយ ក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំនេះ។

លោក Alex Christian នាយក និងជាសហប្រធានរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills UK បានអះអាងថា យើងមិនទាន់សង្កេតឃើញមានការផ្គត់ផ្គង់លំនៅដ្ឋានថ្មីចូលមកកាន់តំបន់កណ្តាលទីក្រុងឡុងដ៍នៅឡើយទេ ខណៈលំនៅដ្ឋានភាគច្រើនលក់មិនដាច់ក្នុងរយៈពេលយូរជាងធម្មតា។

ទោះជាយ៉ាងណា លំនៅដ្ឋាននៅតំបន់ភាគនិរតីនៃទីក្រុងឡុងដ៍នៅតែបន្តមានភាពធន់។ តួយ៉ាង តម្លៃផ្ទះនៅសង្កាត់ចំនួន៣ ដូចជាសង្កាត់ Clapham សង្កាត់ Putney និងសង្កាត់ Wimbledon បន្តរក្សាបានស្ថិរភាព ដោយសារអំណាចនៃការទិញមានសភាពរឹងមាំ។

តម្រូវការលំនៅដ្ឋានបានងាកទៅកាន់តំបន់ជាយទីក្រុងឡុងដ៍។ លោក Lucian Cook ប្រធានផ្នែកស្រាវជ្រាវលំនៅដ្ឋាននៅក្រុមហ៊ុន Savills អះអាងថា “ភាពមិនប្រាកដប្រជាសេដ្ឋកិច្ច និងការព្រួយបារម្ភអំពីការដំឡើងពន្ធលើអចលនទ្រព្យបានធ្វើឱ្យអ្នកទិញមានការប្រុងប្រយ័ត្ន និងមានប្រៀបក្នុងចរចាតម្លៃ”។

ជាមួយគ្នានេះ ការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្លៃអចលនទ្រព្យលំនៅដ្ឋានធ្លាក់ចុះ ដោយសារអ្នកទិញជួបការលំបាកក្នុងការខ្ចីប្រាក់។នាពេលបច្ចុប្បន្ន ក្រុមអ្នកទិញមានការប្រុងប្រយ័ត្ន និងផ្តោតការយកចិត្តទុកដាក់លើប្រសិទ្ធភាពនៃការចំណាយរបស់ពួកគេ៕ប្រភព: Edgeprop៕