តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣.៣៣៥ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៦៧ភាគរយដល់៣៣១២,៣៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៦៣ភាគរយមកនៅត្រឹម៣៣២១,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,០៥ពិន្ទុនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,១៨ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

គម្រោងអភិវឌ្ឍន៍ធំៗចំនួន១៣បាននិងកំពុងលេចឡើងនៅលើ ផ្លូវជាតិលេខ៤៤

ដោយៈ គង់ សូរិយា

    កំពង់ស្ពឺៈ ជាមួយការកើនឡើង នូវការវិនិយោគលើវិស័យឧស្សា​ហកម្ម និងអនុវិស័យកម្មន្តសាល បានធ្វើឲ្យតំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៤៤ កំពុងទាក់ទាញការអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្មជាបន្តបន្ទាប់។

ជាមួយនឹងការលេចឡើងនូវរោងចក្រ សហគ្រាសនានា គេហ​ទំព័រPropertyarea.asia បានចុះអង្កេតនិងសិក្សាផ្ទាល់លើតំបន់ខាងលនេះ ដោយរកឃើញរោងចក្រ សហគ្រាសធំៗជាច្រើនរួមមាន

ទី១ ការសួនឧស្សាហកម្មHJL industrial 100h ស្ថិតនៅលើផ្ទៃដីទំហំប្រមាណ​១០០ហិកតា ជាមួយនឹងផែនការពង្រីកជាបន្តបន្ទាប់

ទី២ សួនឧស្សាហកម្ម (ទំហំជិត 300ហិតា ) ស្ថិតនៅគីឡូម៉ែត្រលេខ១៦

ទី៣ -រោងចក្រផលិតកាបូបគ្រប់ប្រភេទ។

ទី៤ រោងចក្រផ្តុំតម្លើងសម្ភារៈអគ្គិសនី។

ទី៥ រោងចក្រផលិតឈុតកីឡា

ទី៦ មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ

ទី៧ ពហុកីឡាដ្ឋាន កំពង់ស្ពឺ

ទី៨ គំរោងសាងសង់រោងចក្ររបស់ក្រុមហ៊ុន XYH មានច្រើនទីតាំង

ទី៩ រោងចក្រផលិតផ្សេងៗទៀត ។ល។

ទី១០ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅចំណុចគីឡូត៍លេខ២៤

ទី១១ រោងចក្រផលិត(លូជ័រ និងទោយូទឹកគ្រប់ប្រភេទ ទល់មុខដីឡូត៍)។

ទី១២ រោងចក្រផលិត ខ្សែរភ្លើង គ្រប់ប្រភេទ និង

ទី១៣ តំបន់សួនឧស្សាហកម្ម (ស៊ីក្លូ) ដែលមានរោងចក្រជិត60អាគារ) បច្ចុប្បន្ន មានកម្មករ-កម្មការី រាប់ម៉ឺននាក់កំពុងធ្វើការស្រាប់ និងកំពុងត្រូវការកម្មកររាប់ពាន់នាក់បន្ថែមទៀត ដោយសារឥលូវមានរោងចក្រ កំពុងសាងសង់បន្ថែមជាង15អាគារទៀត។

អ្នកអភិវឌ្ឍន៍គំរោងដីឡូត៍នៅតំបន់នេះបានលើកឡើងថា ដីឡូត៍ខេត្តកំពង់ស្ពឺ ពិសេសស្ថិតនៅតំបន់ផ្លូវជាតិលេខ៤៤ កំពុងទទួលបានការគាំទ្រ និងជម្រុញឲ្យការលក់កើនឡើង ដោយសារអ្នកទិញដីអាចសាងសង់ផ្ទះសម្រាប់ជួល ទិញដីសម្រាប់លំហែរកាយ ដោយសារការអភិវឌ្ឍរៀបចំឡើងបែបរមណីយដ្ឋាន ដែលអ្នកទិញអាចសាងសង់ផ្ទះលំហែរកាយក៏បាន ទិញសម្រាប់សាងសង់ផ្ទះជួលឲ្យកម្មករ កម្មការិនីក៏បាន។

ជាមួយនឹងតម្លៃបត់បែនស្របតាមស្ថានភាពសេដ្ឋកិច្ច មិនសូវមានភាពអំណោយផល អ្នកអភិវឌ្ឍន៍បានបញ្ចុះតម្លៃដីរបស់ខ្លួនតម្លៃចន្លោះ ១៩០០ដុល្លារ ទី២៥០០ដុល្លារ និងបង់រំលស់៣៤៩៩ដុល្លារអាមេរិកប៉ុណ្ណោះ។ អតិថិជនអាចទាក់ទងតាមរយៈលេខ086882203៕

សហរដ្ឋអាមេរិកប្រកាសគាំទ្រគម្រោងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់តំបន់សេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសហ្វីលីពីន

ដោយ: គង់់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានចុះផ្សាយថា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដើម្បីតភ្ជាប់រវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសហ្វីលីពីនត្រូវបានស្តារឡើងវិញ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ការគាំទ្ររបស់សហរដ្ឋអាមេរិក និងជប៉ុនចំពោះគម្រោងផ្លូវរថភ្លើងនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិន ដោយចាត់ទុកគម្រោងនេះជាផ្លូវពាណិជ្ជកម្ម និងជាទ្រព្យសកម្មយុទ្ធសាស្ត្រ។

គម្រោងផ្លូវដែកនេះមានចម្ងាយ២១២គីឡូម៉ែត្រតភ្ជាប់រវាងតំបន់កំពង់ផែសេរី Subic ឆ្ពោះទៅកាន់ទីក្រុង Batangas ស្ថិតនៅលើកោះ Luzon ដោយឆ្លងកាត់តាមតំបន់សេដ្ឋកិច្ចពិសេស Clark និងរដ្ឋធានីម៉ានីល។

គម្រោងនេះនឹងក្លាយជាចំណុចស្នូលរបស់ច្រករបៀងសេដ្ឋកិច្ចកោះ Luzon ដែលជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយរវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ដើម្បីបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងធានាបាននូវសន្តិសុខខ្សែសង្វាក់ផ្គត់ផ្គង់។

កាលពីពេលថ្មីៗនេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងម៉ានីលបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមអនុវត្តន៍គម្រោងនេះ ដោយផ្តល់មូលនិធិជំនួយបច្ចេកទេសតាមរយៈទីភ្នាក់ងារពាណិជ្ជកម្ម និងការអភិវឌ្ឍន៍របស់សហរដ្ឋអាមេរិក (USTDA)។ ទោះជាយ៉ាងណា ប្រភពស្ថានទូតមិនបានបញ្ជាក់អំពីចំនួនទឹកប្រាក់នោះទេ។

ទីភ្នាក់ងារ USTDA បានលើកឡើងថា “ផ្លូវរថភ្លើងនេះនឹងក្លាយជាឆ្អឹងខ្នងរបស់តំបន់ច្រករបៀងសេដ្ឋកិច្ចកោះ Luzon ដែលនឹងពន្លឿនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងប្រទេសហ្វីលីពីន”៕ប្រភព: SCMP៕

ក្រុមហ៊ុនជប៉ុនគ្រោងបើកដំណើរការToyota Academyនៅកម្ពុជានាពេលឆាប់ខាងមុខ

ដោយៈ ម៉ាណា

    ប្រទេសជប៉ុនៈ ជាមួយនឹងការបង្កើតរោងចក្រ ដំឡើងរថយន្តនៅកម្ពុជា ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនToyota Tsusho Co., LTD (Japan)នឹងបើកដំណើរការToyota Academyនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

លោកHarada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan)បានថ្លែងបែបនេះ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនិងលោកឧបនាយករដ្ឋមន្រ្តីសុខ ចិន្តាសោភាកាលពីចុងសប្តាហ៍មុន។

លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលាដ៏មមា​ញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាព ការងាររបស់ក្រុមហ៊ុន ដំណើរការអាជីវកម្ម និងផែនការសកម្មភាពរបស់ខ្លួន នៅកម្ពុជាផងដែរ។

លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួល ដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

លោកបានជម្រាបជូនផងដែរថា បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការសម្ពោធជាផ្លូវការ នូវរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនបានផ្គុំដំឡើងរថយន្ត Hilux (Pick up) និង Forturner (SUV) ប្រមាណជិត២០០០គ្រឿង និងក្រុមហ៊ុនបានបង្កើតឱកាសការងារជាច្រើនកន្លែង។

លោកបានបន្ថែមផងដែរថា ក្រុមហ៊ុនគ្រោងនឹងដាក់ដំណើរការ Toyota Academy ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស និងជំនាញក្នុងវិស័យមេកានិក និងយានយន្ត។

ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការចូលរួមសំខាន់របស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគ បង្កើតឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់បន្ថែម លើសេវាកម្មក្រោយពេលទិញ (After Sale – Care Service) ដើម្បីបន្តជំរុញការប្រើប្រាស់ យានយន្តរបស់ក្រុមហ៊ុន Toyota ប្រកបដោយទំនុកចិត្ត និងកក់ក្តៅ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ជាពិសេស ពិចារណាលើការនាំយករថយន្តEV ដើម្បីបង្កើនការចាប់យកឱកាសទីផ្សារ ជាពិសេសសម្រាប់ស្រទាប់យុវវ័យ និងបញ្ជាក់ជាថ្មីក្នុងការបន្តគាំទ្រ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្នុងការវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា៕

តើផ្លួវជាតិលេខ៣៣តភ្ជាប់ពីតំបន់ណាទៅតំបន់ណា និងមានសក្តានុពលសេដ្ឋកិច្ចដូចម្តេច?

ដោយៈ និស្ស័យ

    កំពតៈ ក្រសួងសាធារណៈការបានឲ្យដឹងថា ផ្លូវជាតិលេខ៣៣ ជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏សំខាន់ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ។

លើសពីនេះផ្លូវដ៏សំខាន់នេះ ដើរតួនាទីលើការដឹកជញ្ជូនកសិផលរួមមាន ស្រូវ កៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ។

ក្រសួងបានឲ្យដឹងទៀតថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រវែងប្រមាណ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្តក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប៕

កម្ពុជា ជប៉ុននឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យ សំខាន់ៗចំនួន៥ជាមួយផែនការយូរអង្វែង

ដោយៈ ចំណាន

    ភ្នំពេញៈ កម្ពុជា ជប៉ុនរំពឹងឈានដល់កិច្ចសហការក្នុងវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ បច្ចេកវិទ្យា កម្មន្តសាល និងការអភិវឌ្ឍន៍មូលធនមនុស្ស។

ប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទសប្តាហ៍មុន បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជាកាន់តែស៊ីជម្រៅ តាមរយៈកញ្ចប់សហបង្កើតសេដ្ឋកិច្ច កម្ពុជា-ជប៉ុន (Cambodia-Japan Economic Co-Creation Package) ដែលទើបដាក់ឱ្យដំណើរការ ដែលត្រូវបានរំពឹងថានឹងបម្រើជាវេទិកា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនកាន់តែច្រើន និងពង្រឹងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ការលើកឡើងនេះ ត្រូវបានគូសបញ្ជាក់ក្នុងជំនួប រវាងសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ណាហ្គាស៊ីម៉ា អាគិហិសា (Nagashima Akihisa) សមាជិករដ្ឋសភាជប៉ុន និងជាទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី១ ខែកក្កដា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យនាយករដ្ឋមន្ត្រី។

កញ្ចប់សហបង្កើតសេដ្ឋកិច្ច ដែលបានចាប់ផ្តើមនៅចុងខែឧសភា ឆ្នាំ២០២៥ ត្រូវបានពិពណ៌នាថាជាយន្តការថ្មីមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជនរបស់ប្រទេសទាំងពីរ។

គំនិតផ្តួចផ្តើមនេះ ត្រូវបានលើកឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលថ្មីៗនេះ និងមានការចូលរួមពីក្រសួង និងស្ថាប័នរដ្ឋាភិបាលចំនួន២០ ដោយបង្កើតនូវក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយមួយ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍រួមគ្នា។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា “ភាគីជប៉ុនបានស្វាគមន៍ ចំពោះការបើកដំណើរការកញ្ចប់នេះ ហើយបានមើលឃើញថាវាជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតឱកាសវិនិយោគ នៅក្នុងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជា។

កញ្ចប់នេះត្រូវបានរំពឹងថា នឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារ បច្ចេកវិទ្យា កម្មន្តសាល និងការអភិវឌ្ឍន៍មូលធនមនុស្ស។

ភាគីកម្ពុជាបានសង្កត់ធ្ងន់ថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមភាគីជប៉ុន ដើម្បីអនុវត្តន៍យន្តការកិច្ចសហប្រតិបត្តិការនេះ ប្រកបដោយប្រសិទ្ធភាព។ គោលបំណងគឺដើម្បីសម្រួលដំណើរការ ដកចេញរបាំង និងលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់ជប៉ុនរយៈពេលវែង ក្នុងការអភិវឌ្ឍកម្ពុជា។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលចេញផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃចន្ទ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃកញ្ចប់សហបង្កើតសេដ្ឋកិច្ច ដែលជាលទ្ធផលដ៏សំខាន់មួយ នៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់លោកនាយករដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះផ្តល់នូវផែនទីបង្ហាញផ្លូវច្បាស់លាស់ សម្រាប់ការចូលរួមផ្នែកសេដ្ឋកិច្ចនាពេលអនាគត និងឆ្លុះបញ្ចាំងពីគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់សារជាថ្មីថា “ប្រទេសជប៉ុននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសតាមរយៈការគាំទ្រផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍”។

ភាគីកម្ពុជាស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការលើកទឹកចិត្ត ក្រុមហ៊ុនកាន់តែច្រើន ក្នុងការស្វែងរកឱកាសអាជីវកម្មនៅកម្ពុជា ដោយចាត់ទុកកញ្ចប់នេះ ជាការឆ្លើយតបទាន់ពេលវេលាចំពោះការផ្លាស់ប្តូរ សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍ទាំងពីរ បានគូសបញ្ជាក់ពីមហិច្ឆិតារួមក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសន្ទនាកម្រិតខ្ពស់ ប្រកបដោ​យនិរន្តរភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។

តាមរយៈការកសាងទំនុកចិត្តទ្វេរភាគីដ៏យូរអង្វែង កញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ត្រូវបានគេរំពឹងថានឹងជំរុញរលកថ្មី នៃការវិនិយោគរបស់ជប៉ុន និងធ្វើជាគំរូសម្រាប់ភាពជាដៃគូរដ្ឋ និងឯកជននៅក្នុងតំបន់។

យោងតាមឯកសារ របស់ក្រសួងការបរទេសជប៉ុនបានឲ្យដឹងផងដែរថា កញ្ចប់សហបង្កើតសេដ្ឋកិច្ច ជប៉ុន-កម្ពុជា ដែលទើបចុះហត្ថលេខា បានកំណត់សសរស្តម្ភយុទ្ធសាស្ត្រចំនួនប្រាំបួន ដោយផ្តោតលើវិស័យសំខាន់ៗ រួមមាន ការអភិវឌ្ឍន៍ធនធានមនុស្ស បរិវត្តកម្មឌីជីថល ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។

ចំណុចស្នូលនៃកិច្ចព្រមព្រៀងនេះ គឺការប្តេជ្ញាចិត្តក្នុងការបណ្តុះអ្នកមានទេពកោសល្យ ដែលមានជំនាញខ្ពស់ តាមរយៈកម្មវិធីបណ្តុះបណ្តាលរួមគ្នា ដែលពាក់ព័ន្ធនឹងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន។

ផែនការនេះ រួមបញ្ចូលទាំងការពង្រីក មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន និងការបង្កើនការគាំទ្រសម្រាប់ការអប់រំវិជ្ជាជីវៈ ក្នុងគោលបំណង បំពេញតម្រូវការកើនឡើង នៃជំនាញឧស្សាហកម្មកម្រិតខ្ពស់។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏នៅតែជាអាទិភាពកំពូលផងដែរ ដោយប្រទេសជប៉ុន បានសន្យាគាំទ្រក្នុងការពង្រឹង បណ្តាញផ្លូវដែករបស់កម្ពុជា និងកែលម្អកិច្ចសម្របសម្រួលភស្តុភារ ឆ្លងកាត់ព្រំដែនក្នុងចំណោមប្រទេសមេគង្គ។

លើសពីនេះ ប្រទេសទាំងពីរបានប្តេជ្ញា ជំរុញគំនិតផ្តួចផ្តើមថាម​ពលកកើតឡើងវិញ ដូចជា គម្រោងថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល និងផែនទីបង្ហាញផ្លូវអព្យាក្រឹតកាបូន ក្រោមក្របខណ្ឌតំបន់ដូចជា សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC)។

កញ្ចប់នេះក៏លើកទឹកចិត្ត ដល់ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការលើសន្តិសុខសាយប័រ និងជំរុញឌីជីថលូបនីយកម្មនៃរដ្ឋបាលសាធារណៈ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់វិស័យរដ្ឋ និងឯកជន គំនិតផ្តួចផ្តើមនេះ បង្ហាញពីចក្ខុវិស័យរួមមួយ សម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព។

សេដ្ឋវិទូនិយាយថា គំនិតផ្តួចផ្តើមនេះកើតឡើង ក្នុងពេលវេលាយុទ្ធសាស្ត្រមួយ ដោយសារខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ កំពុងត្រូវបានរៀបចំឡើងវិញ ហើយក្រុមហ៊ុនជាច្រើន កំពុងស្វែងរកមជ្ឈមណ្ឌលផលិតកម្ម ដែលមានតម្លៃទាបនិងមានស្ថិរភាព ក្នុងអាស៊ីអាគ្នេយ៍។

កញ្ចប់នេះត្រូវបានរំពឹងថា នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្គូផ្គងអាជីវកម្ម សម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជា និងជប៉ុន រួមទាំងតាមរយៈការបណ្តាក់ទុនរួមគ្នា៕

កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសជាង៣លាននាក់ ជាមួយនឹងជើងហោះហើរសរុប២៦,៦៧០លើក

ដោយៈ គង់ សិរី ម៉ាលីនណា

    ភ្នំពេញៈ ទិន្នន័យនៃការហោះហើរតាមផ្លូវអាកាស មានសញ្ញាវិជ្ជមានសម្រាប់កម្ពុជា នៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។នេះបើតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យស្ថាប័នខាងលើ​លោក ចាន់សិរីវុត្ថាបានឲ្យដឹងនៅដើមសប្តាហ៍នេះថា ក្នុងរយៈ​ពេល៥ខែ ​ដើម​ឆ្នាំ​២០២៥ ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ​សម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ -សៀមរាប អង្គរ -និង​ព្រះសីហនុ) ​មាន​ភាព​ល្អ​ប្រសើរ ដោយ​មាន​ជើងហោះហើរចេញ-ចូល​​(ទ្វេរទិស) មានចំនួន២៧,៦៧០​ជើង​ កើនឡើងជាង១៤​ភាគរយ ​​បើធៀបនឹងរយៈពេល៥​ខែដើម​ឆ្នាំ២០២៤។

ចំណែក​អ្នកដំណើរ(តាម​ផ្លូវ​អាកាស) ចេញ-ចូល​ (ទ្វេទិស) មានចំនួន៣,០៤២,៥៤៨នាក់ កើនជាង១៨​ភាគរយ និង​ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន២៩,០១៩​តោន កើនឡើង ​៥​ភាគរយ​។​

ក្រសួងទេសចរណ៍បាន​ឱ្យ​ដឹង​ថា រយៈពេល៥ខែ ដើម​ឆ្នាំនេះ ​កម្ពុជាទទួលបាន​ភ្ញៀវទេសចរអន្តរជាតិជាតិ២,៩៥លាននាក់ កើនឡើង ១១,៧​ភាគរយ ​​បើ​ធៀបនឹង​រយៈពេល​ដូចគ្នានៅឆ្នាំ២០២៤។ ក្នុង​ចំនួន​ខាងលើ គឺ​ភ្ញៀវជនជាតិ​ជប៉ុន មាន​ចំនួន៤៨,៩៤៩​នាក់ កើនឡើង៥,៥​ភាគរយ​៕

វិស័យអចលនទ្រព្យនៅប្រទេសហ្វីលីពីនសម្រេចបានកំណើនវិជ្ជមានជាលំដាប់នៅក្នុងឆមាសទី១

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសហ្វីលីពីនបន្តសម្រេចបានកំណើនជាលំដាប់នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ និងនៅតែរក្សាបានភាពធន់នឹងការប្រែប្រួលជាសកល។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានហ្វីលីពីន Inquirer.Net។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល Knight Frank បានឱ្យដឹងថា ទីផ្សារការិយាល័យកំពុងនាំមុខគេ ដោយសារតម្រូវការកើនឡើង ខណៈបណ្តាក្រុមហ៊ុនប្រភេទ Business process outsourcing (BPO) ជាច្រើនបានជ្រើសរើសពង្រីកការិយាល័យនៅក្នុងរដ្ឋធានីម៉ានីល។

ក្រុមហ៊ុន Business Process Outsourcing (BPO) ជាប្រភេទក្រុមហ៊ុនភាគីទី៣ ដែលផ្តល់សេវាកម្មគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម ឬដំណើរការជាក់លាក់មួយចំនួនជំនួសបណ្តាក្រុមហ៊ុនដទៃ។ មុខងាររបស់ក្រុមហ៊ុន BPO រួមមានដូចជា គណនេយ្យ ធនធានមនុស្ស ការបញ្ចូលទិន្នន័យ ការផ្តល់សេវាកម្ម IT និងការផ្តល់សេវាកម្មដល់អតិថិជន។

លោក Rick Santos ប្រធាន និងជានាយកប្រតិបត្តិនៅក្រុមហ៊ុន Santos Frank Knight បានអះអាងថា “ទិដ្ឋភាពរបស់ភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្នមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងមិនអាចទាយទុកជាមុនបាន។ការណ៍នេះបានបង្កើតភាពមិនច្បាស់លាស់សម្រាប់បណ្តាអ្នកវិនិយោគ អាជីវកម្ម និងអ្នកប្រើប្រាស់”។

ទោះជាយ៉ាងនេះក្តី វិស័យអចលនទ្រព្យហ្វីលីពីននៅតែបន្តបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដោយឈរលើមូលដ្ឋានទីផ្សារដ៏រឹងមាំ គោលនយោបាយសកម្មរបស់រដ្ឋាភិបាល និងកំណើននៃតម្រូវការក្នុងស្រុក។

លោក Rick Santos បានលើកឡើងថា “យើងបន្តសង្កេតឃើញមានស្ថិរភាពនៃតម្រូវការជួលការិយាល័យពីសំណាក់បណ្តាក្រុមហ៊ុន BPO។ ចំណែក ទីផ្សារអចលនទ្រព្យឧស្សាហកម្មកំពុងរីកចម្រើនជាលំដាប់ ដោយសារតែកំណើនក្នុងវិស័យផលិតកម្ម ការដឹកជញ្ជូន និងការផ្ទុកទំនិញ”។

ចំពោះផ្នែកទីផ្សារលំនៅដ្ឋាន ទីក្រុងម៉ានីលបន្តជាប់ឈ្មោះជាទីក្រុងមួយ ដែលគេអាចទិញផ្ទះ ឬខុនដូប្រណីតក្នុងតម្លៃថោកជាងបណ្តាទីក្រុងធំៗផ្សេងទៀត ដូចជាទីក្រុងហុងកុង សិង្ហបុរី និងទីក្រុងតូក្យូ៕ប្រភព: Inquirer.Net៕

ការលក់លំនៅដ្ឋាននៅសិង្ហបុរីដាំក្បាលចុះចំនួន៤០ភាគរយនៅត្រីមាសទី២ ខណៈតម្លៃផ្ទះកើនឡើងសន្សឹមៗ

ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនតម្លៃអចលនទ្រព្យលំនៅដ្ឋាន ដែលអភិវឌ្ឍន៍ដោយបណ្តាក្រុមហ៊ុនឯកជនក្នុងប្រទេសសិង្ហបុរីបានបន្តបាត់បង់សន្ទុះនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA)។

ជាក់ស្តែង គេសង្កេតឃើញថា តម្លៃអចលនទ្រព្យលំនៅដ្ឋានឯកជនបានកើនឡើងត្រឹមតែ០,៥ភាគរយនៅក្នុងត្រីមាសទី២ បើប្រៀបធៀបជាមួយនឹងកំណើនក្នុងរង្វង់០,៨ភាគរយកាលពីត្រីមាសទីមួយ។

អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានអះអាងថា ការលក់លំនៅដ្ឋាននៅត្រីមាសទី២ បានដាំក្បាលចុះប្រហែល៤០ភាគរយមកនៅត្រឹមចំនួន៤.៣៤០យូនីត បើធៀបនឹងការលក់លំនៅដ្ឋានបានចំនួន៧.២៦១យូនីតកាលពីត្រីមាសមុន ដោយសារការធ្លាក់ចុះនៃការបើកលក់គម្រោងលំនៅដ្ឋានថ្មី។

នៅទូទាំងតំបន់ទាំងអស់ក្នុងប្រទេសសិង្ហបុរី តម្លៃអចលនទ្រព្យលំនៅដ្ឋានមិនជាប់ដី(Non-landed)ដូចជា ខុនដូ ឬអាផាតមុិន បានកើនឡើង០,៥ភាគរយនៅក្នុងត្រីមាសទីពីរ បន្ទាប់ពីបានកើនឡើង១ភាគរយនៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៥។

ដោយឡែក តម្លៃ​អចលន​ទ្រព្យ​លំនៅដ្ឋានជាប់ដី​ (Landed housing) ដែលអ្នកទិញអាចទទួលបានទាំងកម្មសិទ្ធិដី និងផ្ទះ បាន​កើន​ឡើង០,៧ភាគរយក្នុងត្រីមាសទី២ បើធៀបនឹងកំណើនក្នុងរង្វង់០,៤ភាគរយ​ក្នុង​ត្រី​មាស​ទី១។

ក្រុមអ្នកវិភាគបានវាយតម្លៃថា ការកើនឡើងតិចតួចនៃតម្លៃអចលនទ្រព្យលំនៅដ្ឋាននៅប្រទេសសិង្ហបុរីបណ្តាលមកពីការថយចុះនៃការបើកលក់គម្រោងលំនៅដ្ឋានថ្មីនៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ បើធៀបនឹងត្រីមាសទីមួយ។

លោក Marcus Chu នាយកប្រតិបត្តិក្រុមហ៊ុន ERA Singapore បានអះអាងថា ការថយចុះនេះ ដោយសារតែការបោះឆ្នោតនៅសិង្ហបុរីក្នុងខែមេសា និងខែឧសភា ក៏ដូចជាការឈប់សម្រាករបស់សិស្ស-និស្សិតកាលពីខែមិថុនាផងដែរ៕ប្រភព:The Business Times៕

ទីក្រុងហូជីមិញក្លាយជាគោលដៅវិនិយោគអចលនទ្រព្យលេចធ្លោ ខណៈតម្លៃលំនៅដ្ឋានក្នុងទីក្រុងនេះហក់ឡើងថ្លៃកប់ពពក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃអាផាតមុិននៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២៥នេះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅវិនិយោគអចលនទ្រព្យយ៉ាងលេចធ្លោនៅតំបន់អាស៊ាន។

គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ តម្លៃអាផាតមុិនថ្មីជាមធ្យមបានហក់ឡើង៤៧ភាគរយដល់ទំហំទឹកប្រាក់ចំនួន៤.៦៩១ដុល្លារក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield ។

ក្នុងចំណោមនោះ តម្លៃអាផាតមុិនលំដាប់ខ្ពស់(High-end) បាននាំមុខគេ ដោយសម្រេចបានកំណើនប្រចាំឆ្នាំចន្លោះពី៣០ភាគរយទៅ៥០ភាគរយ ខណៈតម្លៃអាផាតមុិននៅកណ្តាលទីក្រុងហូជីមិញបានបង្ហាញពីកំណើនចន្លោះពី២០ភាគរយទៅ៣០ភាគរយ។

លើសពីនេះ តម្លៃអាផាតមុិននៅតំបន់ជាយក្រុង បានហក់ឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយ។ តម្លៃលំនៅដ្ឋានផ្សេងទៀតដូចជា វីឡា និងផ្ទះ Townhouse បានសម្រេចកំណើន៤១ភាគរយ ដោយសារការផ្គត់ផ្គង់នៅមានកម្រិត ស្របពេលតម្រូវការកើនឡើង។

បើគិតជាប្រាក់ដុងរបស់វៀតណាម អាផាតមុិននាពេលបច្ចុប្បន្ននេះមានតម្លៃជាមធ្យមចន្លោះពី៧១,៨លានដុង ទៅ៩២លានដុងក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងគុណភាព។ ផ្នែកអាផាតមុិនប្រណីតមានតម្លៃចាប់ពី៨០លានដុងទៅ២០០លានដុងក្នុងមួយម៉ែត្រការ៉េ ខណៈអាផាតមុិនក្នុងគម្រោងផ្តាច់មុខ(Exclusive)មានតម្លៃចំនួន១៥.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ការកើនឡើងនៃតម្លៃអាផាតមុិនយ៉ាងគំហុកនេះបណ្តាលមកពីការផ្គត់ផ្គង់នៅមានកម្រិត កំណើនសេដ្ឋកិច្ចវៀតណាមយ៉ាងរឹងមាំក្នុងរង្វង់៧,០៩ភាគរយក្នុងឆ្នាំ២០២៤ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ រួមទាំងការបើកដំណើរការខ្សែរថភ្លើងក្រោមដីដំបូងបង្អស់ក្នុងទីក្រុងហូជីមិញ៕ប្រភព: Bamboo Routes ៕