ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍Air Cambodiaនឹងបើកជើងហោះហើរទៅកាន់ប្រទេសជប៉ុននៅចុងឆ្នាំនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6) ​នឹង​បើក​ជើង​ហោះហើរថ្មី​របស់​ខ្លួន ​រវាង​រាជធានី​ភ្នំពេញ-​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​នៅ​មុន​ដំណាច់​​ឆ្នាំ​២០២៥នេះ។

ជាមួយគ្នានេះ ​​​ក្រុមហ៊ុនក៏មានផែនការ​ធ្វើ​ការ​ហោះហើរ​ពី​ភ្នំពេញ ​ទៅ​កាន់​ទីក្រុង​ Osaka ផងដែរ​។​

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងកាលពីដើម ខែ​កក្កដា​​ថា រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកបណ្ឌិតម៉ៅ ហាវណ្ណាល់ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ទើប​បានចុះហត្ថលេខា​ លើអនុស្សរណៈយោគយល់គ្នា(MoU) ​ជា​មួយនឹង​មន្រ្តីជាន់ខ្ពស់ ​ផ្នែក​អាកាសចរណ៍​​ជប៉ុន ​​ទៅលើកំណត់ហេតុដឹកជញ្ជូន​តាមផ្លូវអាកាស​រវាងកម្ពុជា-ជប៉ុន ដើម្បី​បើក​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ជាតិAir Cambodia ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​ប្រទេស​ជប៉ុន។

ការ​ហោះហើរ​គ្រោង​ធ្វើ​ឡើង ​នៅ​មុន​ដំណាច់​ឆ្នាំ​២០២៥ ដោយ​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ទីក្រុងក្វាងចូវ ក្នុង​ប្រទេស​ចិន និង​បន្ត​ទៅ​កាន់​អាកាសយានដ្ឋាន​អន្តរជាតិNarita នៃ​ទីក្រុង​តូក្យូ(ប្រទេស​ជប៉ុន)។​ លោក​ប្រាប់​ទៀត​ថា តាម​គម្រោង​​នៅ​ជំហាន​បន្ទាប់Air Cambodia នឹង​ធ្វើ​ការ​ហោះហើរ​ទៅ​កាន់​ទីក្រុងអូសាកា ប្រទេស​ជប៉ុន​ផងដែរ​។​

លោកបាន​ថ្លែង​ថា “សព្វថ្ងៃ​យើងសុំ​ហោះហើរ ទៅទីក្រុងចំនួន២ គឺទីក្រុងតូក្យូ និងទីក្រុងអូហ្សាកា​ ប៉ុន្តែ​ដោយសារ​មានផលប៉ះពាល់ផ្សេងៗ គឺទីក្រុងអូសាកា​ ​យើង​នឹងហោះហើរនៅពេល​ក្រោយ​ ដោយ​ឥឡូវ​នេះ​ការអនុញ្ញាតគឺទៅទីក្រុង​តូក្យូ”​​។

នៅ​មុន​​ការ​ផ្ទុះ​រីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺកូវីដ​១៩ ​កម្ពុជា-ជប៉ុន​ធ្លាប់​មាន​ការ​តភ្ជាប់​ជើង​ហោះជាមួយ​គ្នា ​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន​ANA ប៉ុន្តែវា​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ខែមករា ​ឆ្នាំ​២០២១ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក នៃ​ចំនួន​ភ្ញៀវ​ធ្វើ​ដំណើរ​។​ តាម​ព័ត៌មាន​មួយ​ចំនួន គឺ​ក្រុមហ៊ុន​​ANA អាច​នឹង​​បើក​ការ​ហោះហើរ​មក​កម្ពុជា​ឡើង​វិញនៅ​ឆ្នាំ​២០២៦​។​

លោកស៊ីន ចាន់សិរីវុត្ថាបានបន្តថា ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹង​ចូល​រួម​ចំណែក ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ទាំង ២ តាម​រយៈ​នាំមក​នូវ​ភ្ញៀវទេសចរ អ្នក​​វិនិយោគ ព្រម​ទាំង​ការ​ដឹក​ទំនិញ​​​ផងដែរ​។​

សម្រាប់​ទំហំពាណិជ្ជកម្ម​ទ្វេរភាគី ក្នុង​រយៈពេល៥ខែ ដើម​ឆ្នាំ​២០២៥ សម្រេចបាន​ទឹក​ប្រាក់សរុប​ ១,០២ពាន់លាន​ដុល្លារ កើន​ឡើង២៨​ភាគរយ ​ធៀប​រយៈ​ពេល៥​ខែ​ឆ្នាំ​២០២៤ ដោយ​ទំនិញ​កម្ពុជា​នាំ​ទៅ​ជប៉ុន មាន​ចំនួន៦៣៥,២២លាន​ដុល្លារ កើន១៩,២​ភាគរយ និង​ជប៉ុននាំចូល៣៨៩​លាន​ដុល្លារ កើន៤៥,៦​ភាគរយ។ នេះ​បើ​តាម​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា៕

តើស្ថានភាពទីផ្សារដី លំនៅដ្ឋាន មកទល់ពេលដំណាច់ឆមាសទី១ មានសភាពដូចម្តេច?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រហូតមកទល់ពេលនេះ ឆមាសទី១នៃឆ្នាំ២០២៥បានបញ្ចប់ហើយ ជាមួយលទ្ឋផលនៃទីផ្សារអចលនទ្រព្យ មិនសូវមានភាពសមស្របតាមការរំពឹងទុកពីអ្នកអភិវឌ្ឍន៍នានា។

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupអ្នកឧកញ៉ាសំ សុខនឿន បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកា​ល​ពីថ្ងៃទី៤ កក្កដាថា ស្ថានភាពទីផ្សារក្នុងវិស័យនេះ មានការវិវត្តគួរឲ្យកត់សំគាល់ ដោយទីផ្សារអចលនទ្រព្យ បានងាកទៅរកតម្រូវការដីសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដោយដីនៅតាមផ្លូវសំខាន់ៗនៅតែមានតម្រូវការ ស្របពេលទីផ្សារលំនៅដ្ឋាន បានងាកមកកាន់លំនៅដ្ឋានតម្លៃមធ្យម និងខុនដូតម្លៃមធ្យម។

លោកបន្តថា ចំណែកទីផ្សារលំនៅដ្ឋានប្រណីតៗ និងលំនៅដ្ឋានមធ្យមឡើង មានតម្រូវការផងដែរ ប៉ុន្តែមិនទាន់មានសភាពល្អប្រសើរដូចអំឡុងពេលមានវិបត្តិនៅឡើយទេ។ លោកបន្ថែមថា អ្នកទិញពេលនេះ មិនទិញសម្រាប់វិនិយោគយកផលចំណេញទេ តែជាការទិញសម្រាប់ស្នាក់នៅ ដែលជាតម្រូវការពិតប្រាកដ។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ងាកមកទីផ្សារដីធ្លីវិញ គឺមានអ្នកទិញសម្រាប់ដី ដែលមានទីតាំងល្អ និងមានតម្លៃទាបជាងទីផ្សារខ្លាំង ដែលហុចផលចំណេញសម្រាប់អនាគត ឬអាចសាងសង់ប្រកបអាជីវកម្មរបស់ពួកគេ។

អ្នកឧកញ៉ាបានបន្ថែមថា “យ៉ាងណា មិនមានអ្នកទិញច្រើនទេ អ្នកទិញមានតិចួច ដែលពួកគេទិញនៅក្នុងទីតាំងល្អបំផុត មានតម្លៃក្រោមទីផ្សារ ដែលអាចមានឱកាសចំណេញ”។ អ្នកឧកញ៉ាបន្ថែមទៀតថា “បច្ចុប្បន្ន មានការចាប់អារម្មណ៍ច្រើន នៅតំបន់ជុំវិញព្រលានយន្តហោះថ្មី ដោយសារព្រលានយន្តហោះតេជោ ត្រៀមបើកដំណើរការ ប៉ុន្តែការអភិវឌ្ឍវាត្រូវការពេលវេលា”។

អ្នកឧកញ៉ាបានបន្តថា ការអភិវឌ្ឍវាត្រូវការពេល ព្រោះត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ការកើនឡើងនូវកត្តាប្រជាសាស្រ្ត បញ្ហាប្រ​ឈមមួយចំនួនទៀតដូចជា អ្នកអភិវឌ្ឍន៍មិនអាចសាងសង់អាគារខ្ពស់ៗ និងឧបសគ្គទីផ្សារផងដែរ ព្រោះបើមានគំរោងអភិវឌ្ឍន៍កើនឡើងច្រើនពេក វានឹងធ្វើឲ្យការផ្គត់ផ្គង់លើសតម្រូវការ។

ជាក់ស្តែងលំនៅដ្ឋានរបស់បុរីធំៗ មួយចំនួនបច្ចុប្បន្នបានជាប់គាំងដោយសារបញ្ហាសេដ្ឋកិច្ចផង បញ្ហាប្រជាសាស្រ្តផង និងការផ្គត់ផ្គង់លើសតម្រូវការផង។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ាសំ សុខនឿន៕

មន្រ្តីជាន់ខ្ពស់លើកឡើងពីទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែរឹងមាំស្របពេលប្រទេសនេះប្រារពខួប២៤៩នៃទិវាឯករាជ្យជាតិ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា លោកឧបានយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងថា ទំនាក់ទំនងកម្ពុជា អាមេរិកកាន់តែរឹងមាំ និងស្អិតរមួត ខណៈពេលលោកចូលរួមអបអរសាទរខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក(១៩៥០ – ២០២៥)។

ពិធីនេះមានការចូលរួមពីលោកស្រី Bridgette L. Walker ភារធារី របស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានអញ្ជើញជាសហធិបតី ក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី២៤៩ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាម៉េរិក ៤កក្កដា និងខួបលើកទី ៧៥ នៃចំណងទំនាក់ទំនងការទូតកម្ពុជា-អាម៉េរិក (១៩៥០ – ២០២៥) ដែលបានរៀបចំឡើង ដោយស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធី លោកស្រីភារធារី បានជម្រាបជូនថា ទិវាឯករាជ្យរបស់សហរដ្ឋអាម៉េរិក គឺជាពេលវេលាមួយសម្រាប់ឆ្លុះបញ្ចាំងឱ្យឃើញថា តើសហរដ្ឋអាម៉េរិកបានចេញដំណើរមកពីទីណា ហើយកំពុងមានទិសដៅធ្វើដំណើរទៅកាន់ទីណា។

លោកស្រីបានបន្ថែមថា ទិវានេះគឺជាពេលមួយសម្រាប់ជនជាតិអាម៉េរិក ជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងស្មារតីនៃការដឹងគុណ ចំពោះអ្វីដែលបុព្វបុរសបានកសាងឡើង ហើយរួមគ្នាខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីទទួលបាននូវសមិទ្ធផលថ្មីៗ ដែលជាការបង្ហា​ញឱ្យឃើញពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់អាម៉េរិកផ្ទាល់។

ជាមួយគ្នានេះ លោកស្រីក៏បានរំលេចអំពីខួបលើកទី៧៥ នៃទំនា​ក់ទំនងការទូតកម្ពុជា-អាម៉េរិក ដោយបានបញ្ជាក់ថា នេះគឺជាសក្ខីភាពជាក់ស្តែងនៃមិត្តភាពដ៏រឹងមាំ រវាងសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជា និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួម ក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បីកសាងអនាគតមួយ ដែលមានភាពរុងរឿង សន្តិភាព និងការរីកចម្រើនរួមគ្នា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីភារធារី ដែលបានផ្តល់កិត្តិយសអញ្ជើញរូបលោកចូលរួមជាអធិបតី ក្នុងពិធីដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ មិនត្រឹមតែ សម្រាប់ប្រជាជនអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិគ្រប់រូប ដែលប្រកាន់ខ្ជាប់នូវឧត្តមគតិនៃសេរីភាព អធិបតេយ្យភាព និងការតស៊ូអត់ធ្មត់។

ថ្លែងទៅកាន់អង្គពិធី លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់ ដែលយើងរួមគ្នាអបអរខួបលើកទី៧៥ នៃចំណ​ងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។

លោកបន្តថា “អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រ​ទេសជាតិយើងទាំងពីរ បានកសាងនូវភាពជាដៃគូយ៉ាងរឹងមាំ និងកាន់​តែស្អិតរមួត ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការល្អ”។ លោកបន្តថា “ទំនាក់ទំនងទ្វេភាគីនេះ បាននិងកំពុងបន្តរីកលូតលាស់ ក៏ដូចជាពង្រីកវិសាលភាពបន្ថែមលើបណ្តាវិស័យដូចជា៖ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យអប់រំ ការអភិរក្សវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន”។

ឆ្លៀតក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្តែងនូវទឹកចិត្តអរគុណដ៏ស្មោះស្ម័គ្រ ចំពោះការគាំទ្រ និងចំណងមិត្តភាពដ៏យូរអង្វែង របស់សហរដ្ឋអាម៉េរិក។ ជាពិសេស លោកបានសម្តែងនូវការកោតសើរជូនចំពោះ លោកស្រីភារធារី ព្រមទាំងសហការីទាំងអស់ នៅស្ថានទូតសហរដ្ឋអាម៉េរិក និងសហគមន៍ជនជាតិអាម៉េរិកនៅកម្ពុជាទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ដោយមិនគិតអំពីការនឿយហត់លើគ្រប់វិស័យ។

លោកស៊ុន ចាន់ថុលបានបន្ថែមថា ការងាររបស់ពួកគាត់គឺពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងចំណងទាក់ទង រវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជាផ្ទាល់ផងដែរ”។

លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាដែរថា កម្ពុជា នៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាម៉េរិក និងជឿជាក់ថា ចំណងមិត្តភាពមួយនេះ នឹងបន្តរីកចម្រើនប្រកបដោយភាពរឹងម៉ាំ ជាមួ​យទិសដៅនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

ក្រសួងកែលំអរខ្សែផ្លូវដែកចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកែសម្រួលកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សង់នៅលើទ្រូងផ្លូវ105K និងការធ្វើឱ្យប្រសើរឡើងជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកនៅតំបន់ទំនប់កប់ស្រូវ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកជំទាវ កុយ សុដានី បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ ដល់ទីតាំងកំណាត់ផ្លូវរថភ្លើងភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានប្រវែង១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ105K ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវដែក និងតំណាងក្រុមហ៊ុន Royal Railway ដើម្បីពិនិត្យ និងកែសម្រួលកំណាត់ផ្លូវរថភ្លើងតភ្ជាប់នេះ។

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង។ ដើម្បីធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ធ្វើចរាចរតាមដងផ្លូវនេះ ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួល ជម្រាលចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរ ទីតាំងឱ្យកាន់តែល្អប្រសើរ៕

បុរី ប៉េង ហួត បញ្ចុះតម្លៃពិសេសសម្រាប់ផ្ទះអាជីវកម្ម ៣ ផ្ទះជាប់គ្នាសាងសង់រួច ៩០%

ក្នុងបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន I (ផ្លូវ60 ម៉ែត្រ) មានផ្ទះអាជីវកម្ម 3 ផ្ទះជាប់គ្នា (ផ្ទះលេខ 74-76-78 ផ្លូវ C01) បានសាងសង់រួច 90% និងមានការបញ្ចុះតម្លៃរហូតដល់ 12% ដែលជាការបញ្ចុះតម្លៃយ៉ាងច្រើនដែលមិនមានពីមុនមក  ហើយក្រៅតែពីការបញ្ចុះតម្លៃយ៉ាងច្រើននេះ សម្រាប់គោលការណ៍បង់ប្រាក់ក៏កាន់តែងាយស្រួល។

សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬពង្រើកអាជីវកម្មបន្ថែមទៀត ហើយកំពុងស្វែងរកទីតាំងល្អ ពេលនេះយើងខ្ញុំសូមណែនាំផ្ទះអាជីវកម្មទាំង 3 នេះស្ថិតនៅលើផ្លូវសំខាន់របស់គម្រោងគឺផ្លូវ C01 ហើយកែងនឹងផ្លូវ C02 ដែលជាផ្លូវតភ្ជាប់ពីផ្លូវ 60 ម៉ែត្រ ចូលមកក្នុងគម្រោង ដឹស្តា ដាយមិន 1 និង គម្រោង ដឹស្តា ដាយមិន 2 ដែលមានអតិថិជនរស់នៅយ៉ាងច្រើនកុះកររួចមកហើយ និងទម្លុះទៅកាន់ផ្លូវជាតិលេខ 2 ផងដែរ។

លោកអ្នកក៏អាចកែច្នៃផ្ទះទាំង 3 នេះបញ្ចូលគ្នា ដើម្បីឱ្យសមស្របទៅតាមប្រភេទអាជីវកម្មរបស់លោកអ្នកបានដូចជា ហាងកាហ្វេ ហាងលក់សម្លៀកបំពាក់ ហាងលក់ស្បែកជើង ម៉ាត ភោជនីយដ្ឋាន ហាងលក់សម្ភារៈដេគ័រផ្ទះ ហាងលក់សម្ភារៈអគ្គិសនី និងអាជីវកម្មជាច្រើនទៀតផងដែរ។ ប៉ុន្តែលោកអ្នកក៏អាចជ្រើសរើសយកត្រឹមតែ 2 ឬ​ 1 ផ្ទះទៅតាមតម្រូវការក៏បាន។

សូមកុំឱ្យកាសដ៏ល្អនេះកន្លងផុតទៅ សូមទំនាក់ទំនងដើម្បីទទួលបានព័ត៌មានបន្ថែមតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត នៅក្នុងគម្រោង ដឹស្ដា ដាយមិនផ្ទាល់ ឬមកកាន់ការិយាល័យលក់ផ្ទះផ្សេងទៀតដែលនៅជិតលោកអ្នកបំផុត។

default

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងផ្តល់ឱកាសឲ្យអ្នកចង់រៀនចាប់យក ឱកាសជាមួយគ្នា

ដោយៈ គង់ សួរិយា

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានស្ថាបនិកបុរីវិមានសំណាងបានបើកឱកាសឲ្យអ្នកចង់រៀន និងចាប់យកឱកាសរីកចម្រើនក្នុងវិស័យអចលនទ្រព្យជាមួយគ្នា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង ក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី៤ កក្កដានេះថា លោកគ្រាន់តែចង់បង្រៀន និងផ្តល់ឱកាសដល់ប្រធានផ្នែក និងក្រុមការងារទាំងអស់ឲ្យបញ្ចេញសមត្ថភាព ដើម្បីភាពរីកចំរើនទាំងអស់គ្នា ហើយបើគីម ហ៊ាង ម្នាក់អាចផ្តល់ការងារអោយប្រជាជនកម្ពុជាបាន៥០០នាក់ ចុះបើកម្ពុជាមានគីម ហ៊ាងដល់ទៅ១០០នាក់ នោះសេដ្ឋកិច្ចជាតិយើង នឹងកាន់តែល្អ និងរីកចំរើនជាមុន។

ជួបគ្នានៅថ្ងៃសៅរ៌៥ កក្កដា២០២៥ ម៉ោង៩ព្រឹក នៅការិយា​ល័យបុរី វិមានសំណាង សម្រាប់បុគ្គលិកពេញម៉ោង និងអ្នកត្រូវបានអញ្ជើញតែប៉ុណ្ណោះ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានលើកឡើងពីប្រវត្តិផ្ទាល់ខ្លួនថា ចាប់ផ្តើមអាជីវកម្មដំបូងក្នុងឆ្នាំ២០០១ ក្នុងនាមជាភ្នាក់ងារក្រីក្រ និងក្មេងខ្ចីម្នាក់ ហើយបំណងនៅពេលនោះ គឺចង់បានត្រឹមពេលរៀនចប់បរិញ្ញាបត្រ រៀបចំគ្រួសារ មានកូន២នាក់ មានផ្ទះនៅត្រឹម៥០ ០០០ដុល្លារ និងឡានត្រឹម១០,០០០ដុល្លារ ដោយកូនរៀនភាសាខ្មែរនៅសាលារដ្ឋ និងភាសាបរទេសនៅសាលាឯកជនធម្មតា។

លោកឧកញ៉ាបញ្ជាក់ថា “ពេលនេះគីម ហ៊ាង មានអ្វីៗគ្រប់យ៉ាង ដែលអាចហូបឆ្ងាញ់ ដេកស្រួល និងសប្បាយចិត្តរាល់ថ្ងៃ ដោយត្រូវធ្វើការត្រឹមម៉ោង៩ព្រឹក ដល់ម៉ោង ៤ល្ងាច ពីថ្ងៃចន្ទ័ ដល់ថ្ងៃសៅរ៌ ដែលខុសពីមុន ត្រូវធ្វើការ៣៦០ថ្ងៃប្រចាំឆ្នាំ និងលើស១២ម៉ោងប្រចាំថ្ងៃ”៕

 

ក្រុមហ៊ុនចិនធំមួយស្វែងរកទីតាំងវិនិយោគរោងចក្រផលិតស្រោមដៃចំនួន១០ទីតាំងបន្ថែមនៅកម្ពុជា

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភា​ក្សាការងារជាមួយលោក លាវ គួយស៊ី(Liu Guixi) ប្រធានក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd.។

លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូន ចំពោះគណៈ​ប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក លាវ គួយស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាមួយដ៏សមស្របបំផុត និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Shijiazhuang Hongray Group Co., Ltd. ដែលបានសហការជាមួយក្រុមហ៊ុនMedtecs MSEZ Corp.,Ltd បណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេហាតធេន ស្ថិតនៅខេត្តស្វាយរៀង។

លោកអគ្គលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា របបលើកទឹកចិត្តប្រកបដោយភាពទាក់ទាញក្រោមច្បាប់ស្តីពី វិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន និងសក្តានុពលវិនិយោគក្នុងវិស័យអាទិភាពមួយចំនួន។

លោក លាវ គួយស៊ី បានថ្លែងអំណរគុណជូនចំពោះលោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភា​ក្សាការងារ និងបានជម្រាបថា ក្រុមហ៊ុនShijiazhuang Hongray Group Co., Ltd. គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានបទពិសោធន៍ប្រមាណ៣០ឆ្នាំកន្លងមកហើយ ក្នុងការផលិតស្រោមដៃពេទ្យ និងឧប​ក​​​រណ៍ការពារផ្ទាល់ខ្លួន(PPE) នាំចេញទៅទីផ្សារអាម៉េរិក និងសហគមន៍អឺរ៉ុប។

លោកលាវ គួយស៊ី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺក្នុងគោលបំណងស្វែងរកទីតាំងថ្មី ដើម្បីពង្រី​កការវិនិយោគ បង្កើតរោងចក្រផលិតស្រោមដៃពេទ្យ និងឧបករណ៍ការពារផ្ទាល់ខ្លួន(PPE) ដោយមានតម្រូវការពង្រីកខ្សែច្រវាក់ផលិតកម្មរហូតដល់ទៅ១០ខ្សែបន្ថែមទៀត។

លោកជា វុទ្ឋីបានសម្តែងនូវការគាំទ្រ ចំពោះគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការយកជ័រកៅស៊ូក្នុងស្រុកឱ្យបានច្រើនជាអតិបរមា ធ្វើជាធាតុចូលផលិតកម្ម ជំនួសឱ្យការប្រើសារធាតុគីមីផ្សេងៗ ដើម្បីកាត់បន្ថយនូវហានិភ័យប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីដំណើរការផលិតកម្មរបស់ក្រុមហ៊ុន៕

តម្លៃផ្ទះជាមធ្យមទូទាំងទីក្រុងញូវយ៉កហក់ឡើងថ្លៃកប់ពពក ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវ និងចងក្រងទិន្នន័យអចលនទ្រព្យ PropertyShark បានឱ្យដឹងថា តម្លៃផ្ទះនៅក្នុងសង្កាត់ចំនួន២៤ ទូទាំងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបានហក់ឡើងកប់ពពក ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។

តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Two Bridges នៃសង្កាត់ Manhattan បានហក់ឡើង២៨៨ភាគរយដល់ចំនួន១,៦៤លានដុល្លារអាមេរិកក្នុងមួយយូនីត ដោយសារការអភិវឌ្ឍន៍អគារលំនៅដ្ឋានប្រណីតដូចជា អគារ One Manhattan Square។

តម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Breezy Point នៃសង្កាត់ Queens បានហក់ឡើង១៩២ភាគរយដល់ទំហំទឹកប្រាក់៧២៥.០០០ដុល្លារអាមេរិកក្នុងមួយយូនីត ខណៈតម្លៃផ្ទះជាមធ្យមនៅក្នុងតំបន់ Hamilton Beach បានហក់ឡើង១៧២ភាគរយដល់ចំនួន៤២៦.០០០ដុល្លារក្នុងមួយយូនីត។

ចំណែក តម្លៃផ្ទះជាមធ្យមនៅតំបន់ Red Hook ក្នុងសង្កាត់ Brooklyn បានហក់ឡើង១៥០ភាគរយដល់ចំនួន១,៩៧លានដុល្លារអាមេរិកក្នុងមួយយូនីត។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែតអាមេរិក The New York Times។

ជាមួយគ្នានោះ ពន្ធលើអចលនទ្រព្យនៅតំបន់ Gowanus ក្នុងសង្កាត់ Brooklyn បានហក់ឡើង៧៥១ភាគរយពីចំនួន៨០០ដុល្លារនៅឆ្នាំ២០១៤ ដល់ចំនួន៦.៥០០ដុល្លារនាពេលបច្ចុប្បន្ន។ ការណ៍នេះបានធ្វើឱ្យថ្លៃចំណាយលើការរស់នៅហក់ឡើងកាន់តែខ្ពស់។

នៅត្រីមាសទី២ ឆ្នាំ២០២៥ ការលក់ផ្ទះនៅក្នុងសង្កាត់ Manhattan បានកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជិត២ឆ្នាំ ដោយសារការសម្រុកទិញផ្ទះពីសំណាក់ក្រុមអ្នកមានទ្រព្យសម្បត្តិ និងសាច់ប្រាក់ច្រើនសន្ធឹកសន្ធាប់។

យោងតាមភ្នាក់ងារវាយតម្លៃអចលនទ្រព្យ Miller Samuel និងក្រុមហ៊ុនឈ្មួញជើងសារ Douglas Elliman បានឱ្យដឹងថា ផ្ទះចំនួនជាង៣.០០០យូនីតត្រូវបានលក់ចេញក្នុងកំឡុងត្រីមាសទី២ ហក់ឡើង១៧ភាគរយធៀបនឹងឆ្នាំមុន។ ផ្ទះទាំងនោះមានតម្លៃមធ្យមចំនួន១,២លានដុល្លារក្នុងមួយយូនីត កើនឡើង១,៦ភាគរយ៕ប្រភព: Bloomberg & NY Times៕

តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២៦,៣ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥ភាគរយដល់៣៣៣១,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១២ភាគរយមកនៅត្រឹម៣៣៣៨,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,១៨ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

តម្រូវការស្នាក់នៅសណ្ឋាគារក្នុងរដ្ឋធានីហ្សាការតាបន្តដាំក្បាលចុះ ខណៈរដ្ឋាភិបាលឥណ្ឌូនេសុីកាត់បន្ថយការចំណាយ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារសណ្ឋាគារនៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីកំពុងទទួលរងនូវផលប៉ះពាល់ពីការដាក់ចេញវិធានការគ្រប់គ្រងប្រសិទ្ធភាពលើការចំណាយរបស់រដ្ឋាភិបាលលោកប្រធានាធិបតីឥណ្ឌូនេសុី Prabowo Subianto។

អត្រាស្នាក់នៅក្នុងសណ្ឋាគារ (Occupancy Rate) របស់ទីក្រុងហ្សាកាតាបានធ្លាក់ចុះពីចំនួន៥៩ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មកនៅត្រឹម៣៨ភាគរយក្នុងខែមីនា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។

នៅត្រីមាសទី២ ឆ្នាំ២០២៥ អត្រាស្នាក់នៅក្នុងសណ្ឋាគាររបស់រដ្ឋធានីមួយនេះត្រូវបានគេប៉ាន់ប្រមាណថា បានថយចុះបន្ថែមទៀត មកនៅត្រឹមចន្លោះពី៣៦ភាគរយទៅ៤០ភាគរយ។ក្នុងចំណោមនោះ សណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត។

សណ្ឋាគារនៅទីក្រុងហ្សាការតាមិនពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍នោះទេ។ សណ្ឋាគារទាំងនោះពឹងផ្អែកទៅលើកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងព្រឹត្តិការណ៍នានា ឬហៅកាត់ថា“MICE”។ ​អតិថិជន​សំខាន់ៗ​របស់​សណ្ឋាគារ​ ជាមន្ត្រី​​មក​ពី​ក្រសួង និង​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ។

លោក Sutrisno Iwantono ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) ប្រចាំរដ្ឋធានីហ្សាការតា បានអះអាងថា សណ្ឋាគារនៅក្នុងទីក្រុងមួយនេះទទួលបានប្រាក់ចំណូលចន្លោះពី២០ភាគរយទៅ៤០ភាគរយ នៃប្រាក់ចំណូលសរុបរបស់ពួកគេពីការកក់បន្ទប់សណ្ឋាគារដោយក្រុមមន្ត្រីរដ្ឋាភិបាល។

ប៉ុន្តែ វិធានការកាត់បន្ថយការចំណាយថវិកាជាតិរបស់រដ្ឋាភិបាលឥណ្ឌូនេសុី កំពុងជះផលប៉ះពាល់យ៉ាងខ្លាំងលើប្រាក់ចំណូលរបស់សណ្ឋាគារ។បច្ចុប្បន្ន ក្រុមមន្ត្រី​​របស់ក្រសួង និង​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ ត្រូវផ្អាកការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នានានៅក្នុងសណ្ឋាគារ សំដៅកាត់បន្ថយការចំណាយថវិការដ្ឋ៕ប្រភព: Nikkei asia៕