ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារសណ្ឋាគារនៅក្នុងរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូនេស៊ីកំពុងទទួលរងនូវផលប៉ះពាល់ពីការដាក់ចេញវិធានការគ្រប់គ្រងប្រសិទ្ធភាពលើការចំណាយរបស់រដ្ឋាភិបាលលោកប្រធានាធិបតីឥណ្ឌូនេសុី Prabowo Subianto។
អត្រាស្នាក់នៅក្នុងសណ្ឋាគារ (Occupancy Rate) របស់ទីក្រុងហ្សាកាតាបានធ្លាក់ចុះពីចំនួន៥៩ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មកនៅត្រឹម៣៨ភាគរយក្នុងខែមីនា ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។
នៅត្រីមាសទី២ ឆ្នាំ២០២៥ អត្រាស្នាក់នៅក្នុងសណ្ឋាគាររបស់រដ្ឋធានីមួយនេះត្រូវបានគេប៉ាន់ប្រមាណថា បានថយចុះបន្ថែមទៀត មកនៅត្រឹមចន្លោះពី៣៦ភាគរយទៅ៤០ភាគរយ។ក្នុងចំណោមនោះ សណ្ឋាគារលំដាប់ផ្កាយ៤ និងសណ្ឋាគារលំដាប់ផ្កាយ៥ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត។
សណ្ឋាគារនៅទីក្រុងហ្សាការតាមិនពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍នោះទេ។ សណ្ឋាគារទាំងនោះពឹងផ្អែកទៅលើកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងព្រឹត្តិការណ៍នានា ឬហៅកាត់ថា“MICE”។ អតិថិជនសំខាន់ៗរបស់សណ្ឋាគារ ជាមន្ត្រីមកពីក្រសួង និងស្ថាប័នរដ្ឋផ្សេងៗ។
លោក Sutrisno Iwantono ប្រធានសមាគមសណ្ឋាគារ និងភោជនីយដ្ឋានឥណ្ឌូនេស៊ី (PHRI) ប្រចាំរដ្ឋធានីហ្សាការតា បានអះអាងថា សណ្ឋាគារនៅក្នុងទីក្រុងមួយនេះទទួលបានប្រាក់ចំណូលចន្លោះពី២០ភាគរយទៅ៤០ភាគរយ នៃប្រាក់ចំណូលសរុបរបស់ពួកគេពីការកក់បន្ទប់សណ្ឋាគារដោយក្រុមមន្ត្រីរដ្ឋាភិបាល។
ប៉ុន្តែ វិធានការកាត់បន្ថយការចំណាយថវិកាជាតិរបស់រដ្ឋាភិបាលឥណ្ឌូនេសុី កំពុងជះផលប៉ះពាល់យ៉ាងខ្លាំងលើប្រាក់ចំណូលរបស់សណ្ឋាគារ។បច្ចុប្បន្ន ក្រុមមន្ត្រីរបស់ក្រសួង និងស្ថាប័នរដ្ឋផ្សេងៗ ត្រូវផ្អាកការរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍នានានៅក្នុងសណ្ឋាគារ សំដៅកាត់បន្ថយការចំណាយថវិការដ្ឋ៕ប្រភព: Nikkei asia៕