បច្ចុប្បន្នភាព៖ ការយកពន្ឋតែម្តងលើការផ្ទេរអចលនវត្ថុ នឹងចប់នៅដំណាច់ខែធ្នូឆ្នាំនេះ

ដោយ គង់ សូរិយា

ភ្នំពេញ៖ អភិបាលក្រុងភ្នំពេញ លោកឃួង ស្រេងបានថ្លែងឲ្យដឹងថា ការយកពន្ឋលើការទិញលក់អចលនវត្ថតែមួយលើក នឹងបញ្ចប់នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ហេតុនេះប្រជាពលរដ្ឋត្រូវរួសរាន់ ដើម្បីរៀនចំបញ្ចប់ឯកសារនិតិវិធីរបស់ខ្លួន។

មានប្រសាសន៍ក្នុងពេលប្រគល់ប័ណ្ណកម្មសិទ្ឋ ដល់ប្រជាពលរដ្ឋជាង៤០០គ្រួសារ នៅក្នុងសង្កាត់និរោធ ខ័ណ្ឌច្បារអំពៅលោកឃួង ស្រេងបានមានប្រសាសន៍ថា ដោយបានដឹងពីការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការផ្ទេរកម្មសិទ្ឋអចលនទ្រព្យ ត្រូវបង់ពន្ឋជាច្រើនលើក សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានជួយសម្រួលការងារនេះ ដោយតម្រូវឲ្យប្រជាពលរដ្ឋបង់ពន្ឋតែលើការទិញលក់ ឬការផ្ទេរអចលនវត្ថុតែមួយលើកប៉ុណ្ណោះ ប៉ុន្តែការទទួលបានការសម្រួលបែបនេះ នឹងបញ្ចប់ត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ។

លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋត្រូវរួសរាន់ ដើម្បីធ្វើការងារនេះ ដើម្បីបញ្ចៀ​សការបង់ពន្ឋច្រើនលើកនៅពេលដែលបញ្ចប់សុពលភាព នៃការកំណត់នេះ”។ លោកបន្តថា “ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំប្លង់រ៉ឹង ឬប្លង់អ៊ិលម៉ាបដោយចំណាយត្រឹម៦០ម៉ឺន​រៀលប៉ុណ្ណោះ”។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីពេលវេលា នៃការអនុវត្តនិតិវិធីខាងលើ​នេះលំអិតឡើយ៕

ក្រសួងសេដ្ឋកិច្ច អនុញ្ញាត្តឲ្យសមាគមអចលនទ្រព្យ បើកការបណ្តុះបណ្តាលជំនាញអចលនវត្ថុ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុបានចុះហត្ថលេខារួមគ្នា ដើម្បីឲ្យសមាគមនេះចាប់ផ្តើមបើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអចលនវត្ថុ និងវិជ្ជាជីវៈវាយតម្លៃអចលនវត្ថុ។

កម្មវិធីនេះកំពុងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៨ មិថុនានេះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ដោយមានការចូលរួមពីលោកម៉ី វ៉ាន់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិតគីម ហ៊ាងប្រធា​នសមាមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ និងសមាជិកសមាគមជាច្រើនទៀត។

កម្មវិធីបណ្តុះបណ្តាលនេះនឹងសហការរវាងសមាគម និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានជូនដំណឹងពីវគ្គបណ្តុះបណ្តាលនេះកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។

ព៌តមានលំអិត proertyarea.asia នឹងផ្តល់ជូនបន្តទៀតនាពេលក្រោយទាក់ទងនឹងការបណ្តុះបណ្តាល កម្មវិធីសិក្សា និងពេលវេលាចាប់ផ្តើមការបណ្តុះបណ្តាលនេះ។

កាលពីសប្តាហ៍មុន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាជ្ញាប័ណ្ណដល់អ្នកជំនាញអចលនវត្ថុកម្ពុជាមួយក្រុម ដើម្បីបើកមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាផងដែរ។

បើតាមលោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជាបានឲ្យដឹងថា មជ្ឈមណ្ឌលនេះនឹងបើកការបណ្តុះបណ្តាលនៅខែកញ្ញាខាងមុខនេះ ដែលការបណ្តុះបណ្តាលនេះនឹងធ្វើនៅក្នុងគំរោង One Park ស្ថិតតំបន់ Phnom Penh City Center (អតីតបឹងកក់)និងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីខែសីហាខាងមុខនេះ។

លោកបន្តថា “ការបើកមជ្ឈមណ្ឌលអចលនវត្ថុកម្ពុជា ជាការឆ្លើយតបនឹងតម្រូវការ ធនធានមនុស្សក្នុងវិស័យអចលនវត្ថុកម្ពុជា ដែលកំពុងមានការរីកចម្រើនខ្លាំង ហើយត្រូវការធនធានមនុស្សដ៏ច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ”។លោកបន្តថា “ការបើកសាលា​កាន់តែច្រើនកាន់តែល្អ ដែលមានន័យថាយើងអាចកសាងបានធនធានមនុស្សច្រើន សំ​រាប់បំរើឲ្យវិស័យនេះ”៕

ព្រលានយន្តហោះខេត្តព្ផ្ង្កហោះខេត្តព្រះសីហនុ ចាប់ផ្ដើមពង្រីក​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​

ដោយ វុត្ថា

ព្រលានយន្តហោះអន្តរជាតិកងកេងក្នុងខេត្តព្រះសីហនុនឹងចាប់ពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទាក់ទាញក្រុមហ៊ុនទេសចរណ៍ និងអាចទទួលការចុះចតយន្តហោះប្រភេទធុនធំៗបាននៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។


លោកម៉ៅ ហាវណ្ណាល់រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអោយដឹងថា ការពង្រីកពង្រីកស្ថានីយ៍បន្ថែមនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍ដែលត្រូវបានដាក់ចេញតាំងពី ៥ ឆ្នាំ កន្លងមកនេះ ។ ជាលទ្ធផលក្នុងឆ្នាំ ២០១៧ ខេត្តព្រះស៊ីហនុបានក្លាយតំបន់មាត់សមុទ្រដ៏មានប្រជាប្រិយភាព ។

លោកបន្តថា ការងារសំខាន់ដែលត្រូវធ្វើនៅពេលនេះ នឹងពង្រីកអោយបាន ៨០ ភាករយ (បច្ចុប្បន្ន មានត្រឹមតែ ៤៨០០ ម៉ែត្រការ៉េ) ដោយក្នុងនោះមានការពង្រីកតំបន់ Check In កន្លែងរងចាំ និង តំបន់ត្រួតពិនិត្យ ព្រមទាំងមារការបន្ថែមសម្ភារថ្មីផ្សេងទៀត ដូចជាប្រព័ន្ធដាក់ឥវាន់ ។
ដើម្បីបន្ថែមអោយមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរ នឹងបើកអោយមានកន្លែងញំាអាហារ ភេសជ្ជៈ ដែលលនាំចូលទាំងក្នុងស្រុក និងពីក្រៅប្រទេស ដូចជា The Monkey Republic , Blue Flight និង Plaza Premium Lounge។


គម្រោងផ្សេងទៀត និងពង្រីកផ្លូវយន្តហោះ ពី ៨០០ ម៉ែត្រ ទៅ៣.៣ គីឡូម៉ែត្រដែលអនុញ្ញាត្តិអោយយន្តហោះធុនធំ និងយន្តហោះមកពីឆ្ងាយ ជាពិសេសក្នុងតំបន់អាស៊ានអាចចុះចតបាន។

បើយោងតាមរបាយការណ៍ពីព្រលានយន្តហោះខេត្តព្រះសីហនុ បានអោយដឹងថា បានកើនឡើង១១៥ ភាករយ និងទទួលស្វាគមន៍អ្នកធ្វើដំណើរ ៣៣៨០០០នាក់។

 

តើអ្នកដឹងទេថា កម្ពុជាមានអគារភ្លោះខ្ពស់កប់ពពកប៉ុន្មានហើយ នៅក្នុងទីក្រុងភ្នំពេញ?

ដោយ វុត្ថា

ភ្នំពេញ៖ ទសវត្សរ៍ចុងក្រោយនៃក្រុងភ្នំពេញ ត្រូវបានចាត់ទុកជាទសវត្សរ៍មាសសំរាប់កម្ពុជា ដោយសារប្រទេសនេះកំពុងមានការរីកចម្រើនខ្លាំងលើវិស័យសំណង់ ដែលជម្រុញឲ្យសេដ្ឋកិច្ចនៃប្រទេសមួយនេះងើបឡើងមួយកម្រិតទៀត ក្នុងចំណោមវិស័យអទិភាពផ្សេងទៀត។

ជាមួយគ្នានោះ អ្នកវិនិយោគជាច្រើន បាននិងក៏កំពុងចាប់យកលើការវិនិយោគវិស័យសំណងនេះផងដែរ ដោយគេសង្កេតឃើញថា មានគម្រោងសាងសង់អគារភ្លោះច្រើន ប៉ុន្តែថ្ងៃនេះគេហទំព័រ Propertyarea.asia សូមលើកយកតែគំរោងអាគារខ្ពស់ចំនួន៥ មកបង្ហាញសិន ដែលគំរោងទាំងនោះបាននិងកំពុងជិតបញ្ចប់ការសាងសង់ និងកំពុងសាងសង់ បន្ទាប់ពីទទួល​បានការអនុញ្ញាត្តិ ក្នុងការសង់សង់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងអគារភ្លោះខ្ពស់កប់ពពកទាំង៥នេះ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ដែលនឹងធ្វើអោយប្រទេសកម្ពុជាជាពិសេសទីក្រុងភ្នំពេញ ក្លាយជាមជ្ឈ​មណ្ឌលពាណិជ្ជកម្ម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចកាន់តែមានភាពល្បីល្បាញ និងរីកមុខរីកមាត់ក្នុងតំបន់ និងពិភពលោក។

អគារភ្លោះទាំង ៥ រួមមានៈ

១ អគារភ្លោះ Thai Boon Roong Twin Tower

អគារភ្លោះ Thai Boon Roong Twin Tower នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ហើយប្រសិនបើគម្រោងនេះបានបញ្ចាប់ វានឹងក្លាយជាអគារពាណិជ្ជកម្មដ៏ខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាន ក៏ដូចជាពិភពលោក។

អគារកប់ពពកនេះ ជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនThai Boon Roong Group និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងម៉ាកាវ Sun Kian Ip Group ហើយសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd។ គម្រោងអភិវឌ្ឍន៍នេះនឹងចំណាយទឹកប្រាក់ប្រមាណ៦០០០លានដុល្លារ ដែលមានកំពស់៥៦១ម៉ែត្រ ដោយមិនទាន់បូកបញ្ចូលអង់តែនកំពស់២៨ម៉ែត្រ ទៀតនៅ​ឡើយ។

២ អគារភ្លោះ The Royal One

គម្រោងអគារភ្លោះ Royal One របស់ក្រុមហ៊ុន The Royal Group ដែលមានកម្ពស់៦២ជាន់ ដោយគ្រោងបោះទុនវិនិយោគ១៥០លានដុល្លារអាមេរិក។ គំរោងនេះគ្រោងនឹងសាងសង់ នៅលើមហាវិថីមុនីវង្សនៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា អគារភ្លោះនឹងមានកម្ពស់២៣០ ម៉ែត្រហើយសាងសង់លើផ្ទៃដីជាង៤០០០ ម៉ែត្រការ៉េ។

អគារភ្លោះនឹងសាងសង់ជាខុនដូមួយអគារ និងការិយាល័យមួយអគារ។ អគារទាំ​ង​ពីរនេះ នឹងមានចំណតរថយន្តក្រោមដីជាច្រើនជាន់ និងមានផ្សារទំនើបនៅជាន់ទី២ និងទី ៣ ដែលចំណុចពិសេសនៃគម្រោងដ៏ធំនេះ។

៣ អគារភ្លោះ KOWLOON Bay

អគារ KOWLOON Bay ជាមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៥៩ជាន់ ស្ថិតនៅលើផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមករាជធានីភ្នំពេញ។ គម្រោងនេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Star City Cambodia និង World Bridge Land ។ អគារនេះ នឹងត្រូវសាងសង់លើទំហំផ្ទៃដីសរុបចំនួន១,៥០ហិកតា។

អគារនេះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ចម្រុះ រួមមាន ទាំងខុនដូ និងផ្សារទំនើប។

៤ អគារភ្លោះ Diamond Twin Tower

អគារភ្លោះ Diamond Twin Tower ៣២ជាន់កម្ពស់១៣៦ម៉ែត្រ តម្លៃជាង៦០ លានដុល្លារ បានសាងសង់ឡើងក្នុងទីតាំងយុទ្ធសាស្ត្រពិសេស របស់មជ្ឈមណ្ឌលសេដ្ឋកិច្ចកោះពេជ្រ នៃទីក្រុងភ្នំពេញ។ អគារភ្លោះ Diamond Twin Tower ត្រូវបានសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ នេះ។

៥ អគារភ្លោះ Prince Royal One

អគារភ្លោះ Prince Royal One របស់ក្រុមហ៊ុន Prince Real Estate Group បានប្រកាសពីគំរោងសាងសង់សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភ្លោះកំពស់៦០ជាន់ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមនៅពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន៖ នយោបាយពង្រាយរោងចក្រទៅកាន់បណ្តាខេត្តកំពុងទទួលបានជោគជ័យ

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា គោល​នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រា​យរោងចក្រទៅកាន់បណ្តាខេត្ត កំពុងបានទទួលជោគជ័យជាបណ្តើរៗហើយ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង២ម៉ឺននាល់នៅ ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៧ មិថុនានេះថា ឥឡូវនេះខេត្តកំពង់ឆ្នាំង មានកម្មករ រហូតដល់ជាង៤ម៉ឺននាក់ ខេត្តស្វាយរៀង​​​ជា​ង៥​​​ម៉ឺន​​នាក់ និងខេត្តព្រះសីហនុជាង៤ម៉ឺននាក់ រួមទាំងបណ្តាខេត្តនានាមួយចំនួនទៀត ហើយ​ប្រសិន​បើមិនមាន​​​រោងចក្រ​​​នៅ​​ទី​​នេះ​​ទេ ពេលនេះកម្មករទាំងអស់ ​កំពុង​ស្ថិត​នៅជា​មួយឪពុក ម្តាយ ព្រោះជា​​ពេល​​​វេលា​​នៃរដូវដកស្ទូង ហើយក៏​មិនមាន​​ប្រាក់​​ចំណូល​​១៧០ដុល្លារបូកនឹងប្រាក់អត្ថប្រយោជន៍នោះទេ។

សម្តេចបន្តថា “គោល​នយោបាយ​នៃការពង្រាយរោងចក្រ ទៅកាន់​​​បណ្តា​​ខេត្តបានជោគជ័យជាបណ្តើរៗហើយ បន្ទាប់ពីនយោបាយពង្រាយសាលារៀន ​ទៅកា​ន់​ជន​បទ ដែលមានទាំង​​​មត្តេយ្យ​​​សិក្សា ​រហូតដល់ថ្នាក់ឧត្តមសិក្សា”។សម្តេចបន្តថា “ការបង្កើតនូវ គោលនយោបាយនេះ មិនមែនមានន័យថា ជាការជំរុញឲ្យកម្មករត្រលប់មកស្រុកវិញ ហើយរត់ចោលរោងចក្រនៅភ្នំពេញទេ”។

មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន​​១៥២ មានកម្មករ និយោជិតជាង៤ម៉ឺននាក់ ក្នុងនោះរោងចក្រកាត់ដែរសម្លៀកបំពាក់ និងផលិត​ស្បែក​ជើងមាន១៨ មាន​កម្មករ និយោជិតជាង៤ម៉ឺននាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណជាង៩៤លានដុល្លារក្នុង១ឆ្នាំ។​

រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥កាលពីខែតុលា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើប្រាស់ដោយសម្តេចតេ ជោហ៊ុន សែន។

គោលនយោបាយនេះ មានគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ទៅកាន់ដំ​ណាក់កាលថ្មីមួយទៀត តាមរយៈផ្លាស់ប្តូរទីផ្សារការងារពីអតិពលកម្ម មកប្រើប្រាស់កំលាំ​ងពលកម្មជំនាញ ដែលអាចបង្កើតនិងទាញយកតម្លៃបន្ថែមបានកាន់តែច្រើន៕

វិភាគ៖ ហេតុផលដែលកម្ពុជាគួរប្រកៀងស្មាជាមួយចិន ដើម្បីជំរុញការអភិវឌ្ឍ

ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia

ភ្នំពេញ៖ ក្នុងសង្គមមនុស្សការមានគំនិត និងទស្សនខុសគ្នា ជារឿងធម្មតា ប៉ុន្តែការគិតរបស់ខ្លួនបាន ឈរលើមូលដ្ឋាននៃការពិចារណា និងវិភាគដោយម៉ត់​ចត់ប្រកប​ដោយវិទ្យាសាស្រ្តមួយមិនមែន មនុស្សភាគច្រើនអាចធ្វើបាននោះទេ។

ការដាក់ចេញយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ របស់មេដឹកនាំកម្ពុជា និងចិនបានធ្វើឲ្យប្រវត្តិសាស្រ្តថ្មីមួយ បានកើតឡើងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលចិនបាននិងកំពុងឈានជើងចូលមកកម្ពុជា ហើយកំពុងក្រាលមូលដ្ឋានអភិវឌ្ឍន៍ដ៏រ៉ឹងមាំមួយ សម្រាប់អនាគត និងវិបុលភាពរួមគ្នា។

ការកសាងគ្រឹះនៃប្រទេសទាំងពីរ

ការចាប់ដៃជាមួយចិន តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោ​យរវាងប្រទេសទាំងពីរ ដែលពូនជ្រុំដោយអតីតព្រះមហាក្សត្រកម្ពុជាសម្តេចព្រះ​បរមរតនកោដិនរោត្តម សីហនុ និងបន្តពូនជ្រុំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បាននិងកំពុងធ្វើឲ្យមានប្រតិកម្មចម្រុះ ទាក់ទងនឹងការងាក​ចាប់ដៃជាមួយចិន ហើយឃ្លាតឆ្ងាយពីលោកខាងលិច ដែលខ្ញុំនឹងបកស្រាយបន្តិចទៀតនេះក្នុងទំនាក់ទំនងអន្តរជាតិ និងភូមិសាស្រ្តនយោបាយ។

ស្របពេលខួបនៃទំនាក់ទំនងកាទូត៦០ឆ្នាំ សម្រាប់ទំនាក់ទំនងកម្ពុជា ចិន ដែលមានភាពស្អិតរមួតជាមួយគ្នា ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រសួងពាក់ព័ន្ឋរៀបចំខ្លួនជាពិសេស ដើម្បីប្រារពខួបនៃទំនាក់ទំនង ដែលប្រៀបដូចដែកថែបនេះឲ្យស័ក្តិសមនឹងតម្លៃ និងភាពជាដៃគូនៃយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយនៃ ប្រទេសទាំងពីរ។

រយៈពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងប្រទេសទាំងពីរបានដើរលើផ្លូវរលាក់ផង និងផ្លូវក្រាលកម្រាលព្រុំដ៏ក្រហមឆ្អិនឆ្អៅផង ប៉ុន្តែអតីតកាលជារឿងអតីតកាល ហើយចិននិងកម្ពុជាកំពុងដើរលើផ្លូវបច្ចុប្បន្នភាព តាមរយៈការពូនជ្រុំនូវការកសាងភាពទុកចិត្តគ្នា តាមរយៈការគាំទ្រគ្នាទៅវិញទៅមក នៅលើគ្រប់របៀបវារៈកាទូតអន្តរជាតិ។

ប្រធានាធិបតីចិន លោកហ្សី ជីនពីងដែលបានមកទស្សនកិច្ចកម្ពុជាកាលពីខែ ឧសភា ឆ្នាំ២០១៧ លោកបានផ្ញើរសារដ៏វែងមួយ ដែលបញ្ជាក់ពីទំនាក់ទំនងដ៏រ៉ឹងមាំ ទាំងផ្នែកវបប្បធ៌ម ប្រវត្តិសាស្រ្ត ទំនាក់ទំនងកាទូត និងការគាំទ្ររបស់កម្ពុជា។

សារដ៏រញ្ជួយចិត្តរបស់ប្រធានាធិបតីចិនហ្សី ជីនពីងបានលើកឡើងថា “កម្ពុជា ជាមិត្តដ៏អាចទុកចិត្តបានរបស់ចិន ហើយចិននឹងចូលរួមចំណែកការពារអធិប​តេយ្យភាព បូរណៈភាពទឹកដី និងចូលរួមអភិវឌ្ឍន៍កម្ពុជា”។

សារប្រកបដោយអត្ថន័យនេះ បានធ្វើឲ្យកម្ពុជាកាន់តែមានភាពកក់ក្តៅ ដោយសារប្រទេសដ៏តូចមួយនេះ មានមហាអំណាចមួយនៅពីក្រោយ។ ជាមួយ​នឹងសារប្រកបដោយអត្ថន័យរាប់ពាន់នេះ ប្រមុខមេដឹកនាំចិន បាននិងកំពុង​ចាក់បង្ហូរទុនវិនិយោគជាង២០ពាន់លានដុល្លារ ចាប់ពីទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៧​។ ចំនួនទឹកប្រាក់នេះ មិនទាន់រាប់បញ្ចូលឥណទានសម្បទាន ដែលបាននិងកំពុងប្រើប្រាស់ដោយរាជរដ្ឋាភិបាល ក្នុងការវិនិយោគភាគច្រើនលើវិស័យ​ហេដ្ឋារចនាសម្ព័ន្ឋ សម្រាប់កសាងនិងពង្រឹងមូលដ្ឋាន នៃការរីកចម្រើនសេដ្ឋកិច្ចរបស់ខ្លួននៅឡើយទេ។

មូលដ្ឋានសេដ្ឋកិច្ច

ការមកដល់នៃអ្នកវិនិយោគចិនដូចទឹកបាក់ទំនប់ នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាផ្តើមចេញពីមូល ដ្ឋាន ដែលកម្ពុជាបានរៀបចំខ្លួនឯងរួចជាស្រេច ដើម្បីទទួលយកអ្នកវិនិយោគទាំងនោះ ព្រោះទោះកម្រិតទំនាក់ទំនងនយោបាយល្អបែបណាក្តី ប៉ុន្តែប្រសិនជាកម្ពុជាខ្លួនឯង មិនមានភាពទាក់ទាញ និងគេមិនអាចរកប្រាក់ចំណេញបាននៅទីនេះ ក៏គេមិនមកវិនិយោគនៅកម្ពុជាដែរ។

ជាការឆ្លើយតប រដ្ឋាភិបាលកម្ពុជាបានរៀបចំមូលដ្ឋានសំខាន់ៗ ដែលមិនអាចខ្វះបាន រួចទៅហើយ ទី១ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ទី២កំនើន

សេដ្ឋកិច្ចដ៏រ៉ឹងមាំ ទី៣ ច្បាប់វិនិយោគដ៏ល្អ សម្រាប់ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគអន្តរជាតិនានា និងច្បាប់ពន្ឋមិនមានភាពស្មុគ្រស្មាញ។ទី៤ អនុញ្ញាត្តិឲ្យជន​បរទេសមានសិទ្ឋវិនិយោគ១០០ភាគរយនៅកម្ពុជា ទី៥ ការផ្ទេរសាច់ប្រាក់ចេញពីកម្ពុ ជាមិនមានភាពស្មុគ្រស្មាញ។ ទី៦ ការប្រើប្រាស់ប្រាក់ដុល្លារចាយវាយយ៉ាងទំលំទូលា​យក្នុងសកម្មភាពពាណិជ្ជកម្ម ដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់

អ្នកវិនិយោគ និងទី៧ ច្បាប់សហកម្មសិទ្ឋ ដែលផ្តល់ការអនុញ្ញាត្តឲ្យ​ជនបរទេស គ្រប់គ្រងផ្ទះចាប់ពីជាន់ទី១ឡើងទៅ សុទ្ឋតែជាមូលដ្ឋានដ៏សំខាន់មិន​អាចខបដិ​សេធបាន សម្រាប់កាលានុវត្តន៍ភាពនៃកម្ពុជា ហើយកម្ពុជាបានក្លាយជា “កូនក្រមុំដ៏ស្រស់ស្អាតមួយ” ក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។

ចំណុចពិសេសមួយទៀត គឺការឈានឡើងរបស់កម្ពុជាពីប្រទេសក្រីក្រ មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងកំពុងឆ្ពោះទៅកាន់ប្រទេ​សមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ក៏ជាដែកឆក់មួយទៀត ដែ​លទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗ ល្បីៗ ពីជុំវិញពិភពលោកមកកាន់កម្ពុជា ដោ​យសារពួកគេមើលឃើញកំលាំងទិញកើនឡើង ដែលពួកគេអាចរកប្រាក់ចំណេ ញបានពីទីនេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា បាននាំកម្ពុជាមកកាន់កោះ “សន្តិភាព” ដោយឆ្លងកាត់ថ្លុកឈាម និងទឹកភ្នែក និងគំនរឆ្អឹងរាប់រយកន្លែងនៅទូទាំងប្រទេស ហេតុនេះកម្ពុជាត្រូវតែរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រទេស ព្រោះសន្តិភាពជាមូលដ្ឋាននៃអ្វីៗគ្រប់យ៉ាងសំរាប់ការរីកចម្រើន និងវិបុលភាពកម្ពុជា។

សម្តេចតេជោហ៊ុន សែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងក្នុងជំនួប​ជាមួយកម្មករ កម្មការិនី១៦,០០០នាក់នៅតំបន់ទំនប់កប់ស្រូវ ភាគខាងជើងរាជ ធានីភ្នំពេញកាលពីម្សិលម៉ិញនេះថា “ខ្ញុំនឹងមិនឲ្យអ្នកណាមកបំផ្លាញសន្តិភាពនៅ​កម្ពុជានោះទេ ដរាបណាខ្ញុំនៅទីនេះ”។ សម្តេចបន្តថា “ ខ្ញុំមិនព្រមទេ”។

ការវិនិយោគរបស់ចិននៅកម្ពុជា

បច្ចុប្បន្នមានក្រុមហ៊ុនចិនជាង២០០០ បាននិងកំពុងវិនិយោគនៅកម្ពុជានិងក្រុមហ៊ុនជាច្រើនទៀត ដែលបាននិងកំពុងត្រៀមខ្លួនចូលមកប្រទេសនេះ ដោយកាលពីឆ្នាំមុន មានទឹកប្រាក់ជាង៤០០០លានដុល្លារ ដែលប្រទេសចិនបាន​បង្ហូរមកកាន់កម្ពុជា តាមរយៈឥណទានសម្បទា​ន(កម្ចីការប្រាក់ទាប) និងទឹកប្រាក់វិនិយោគរបស់អ្នកវិនិយោគចិន ចំនួន១៤០០លានដុល្លារអាមេរិក ដែលបាន​វិនិយោគស្ទើរគ្រប់វិស័យនៅកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនយក្សជាច្រើនរបស់ចិន បានចូលមកវិនិយោគនៅកម្ពុជា​លើវិស័យសំណង់ និងអចលនទ្រព្យដូចជា ក្រុមហ៊ុន The Prince Real Estate Group, ក្រុមហ៊ុនអចលនទ្រព្យ R&F Property Co, Ltd, ក្រុមហ៊ុន Greenland Group ក្រុមហ៊ុន Union Development Group ជាដើម ដែលក្រុមហ៊ុនទាំងនេះបាន​បោះទុនវិនិយោគរាប់ពាន់លានដុល្លារ។

ទីក្រុងភ្នំពេញ ដែលធ្លាប់មានឈ្មោះជាទីក្រុងខ្មោច និងមានមនុស្សតែ៧០​នាក់ បច្ចុប្បន្នបានក្លាយជាទីក្រុងមួយ ដែលមានប្រជាជនរស់នៅប្រមាណ៣លាន​នាក់ និងកំពុងប្រែក្លាយជាទីក្រុងនៃមជ្ឈមណ្ឌលជាពាណិជ្ជកម្ម និងហិរញ្ញ វត្ថុអន្តរជាតិ ដោយបច្ចុប្បន្នមានអាគារពាណិជ្ជកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុ និងលំ​នៅដ្ឋានប្រមាណ៧០អាគារ ដែលមានកំពស់ចាប់ពី៥ជាន់ រហូតដល់ជាង៦០ជា​ន់កំពុងសាងសង់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

ក្រៅពីវិនិយោគលើវិស័យសំណង់ និងអចនវត្ថុ ក្រុមហ៊ុនចិនក៏ឈានមុខគេ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ ថាមពលអគ្គិសនី និងវិស័យនាំមុខជា​ច្រើនទៀត។

ភ្ញៀវទេសចរណ៍ចិនជាង២,១លាននាក់ បានមកទស្សនាកម្ពុជាកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ១ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ ចិនចំនួន១៧បាន និងកំពុងហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញ ដែលនាំមកនូវ​អ្នកវិនិយោគ ទេសចរណ៍មកពីទីក្រុងជាច្រើននៃប្រទេសចិនមកទស្សនាកម្ពុជា។

ទំនាក់ទំនងអន្តរជាតិ

ក្នុងទំនាក់ទំនងអន្តរជាតិ ផលប្រយោជន៍ជារឿងទី១ ព្រោះគ្មានអ្នកណាជួយយើង ដោយមិនគិតផលប្រយោជន៍ខ្លួនឯងនោះទេ។ មានផលប្រយោជន៍ទើបមានទំនាក់ទំនងល្អ នេះជារឿងធម្មតាក្នុងវិស័យកាទូត និងទំនាក់ទំនងអន្តរ​ជាតិ។

ក្នុងសមរភូមិកាទូត និងចំណេះដឹង កម្ពុជាបានដើរតួនាទីកាន់តែសកម្មលើ​ឆាកអន្តរជាតិ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាមានសម្លេងមួយនៅ​លើឆាកអន្តរជាតិដូចប្រទេសធំៗដែរ ហើយក្នុងការបោះឆ្នោត ឬការបញ្ចេញសម្លេងអ្វីមួយ កម្ពុជាតែងតែនៅខាងចិន ដើម្បីក្លាយជាមិត្តដ៏ល្អ និងអាចទុកចិត្ត​បានរបស់ចិន។

ភូមិសាស្រ្តនយោបាយ

នៅពេលនិយាយពីផលប្រយោជន៍ យើងត្រូវមើលកត្តាភូមិសាស្រ្តនយោ​បាយ ដែលមិនអាចមើលរំលងបាន។ ចិនបាននិងកំពុងពង្រីកឥទ្ឋិពលរបស់ខ្លួន​

មកកាន់តំបន់អាស៊ី អាហ្រ្វិក តាមរយៈការផ្តល់ជំនួយឥតសំណងផង ជំនួយហិរញ្ញប្បទាន​ផង និងជំរុញអ្នកវិនិយោគនៅតាមបណ្តាប្រទេសនានា ដែលខ្លួនអាចពង្រីកឥទ្ឋ ពលបាន។ និយាយជារួម។

និយាយដោយឡែកជាមួយកម្ពុជា ចិនបានចាប់ដៃកម្ពុជា និងជួយអភិវឌ្ឍន៍ កម្ពុជា ដោយសារចិនចង់ពង្រីកឥទ្ឋិពលនៅក្នុងតំបន់ ទោះជាកម្ពុជាជាប្រទេសតូចមួយក្តី ប៉ុន្តែកម្ពុជាក៏មានសម្លេងមួយ នៅលើឆាកអន្តរជាតិដូចប្រទេសធំដែរ។ ផ្ទុយទៅវិញ ចិនមិនអាចជ្រៀតចូលពង្រីកឥទ្ឋិពលនៅបណ្តាប្រទេសជិតខាងកម្ពុ ជានោះទេ ដោយសារប្រទេសទាំងនោះ ជាមានជម្លោះផលប្រយោជន៍ជាប្រវត្តិ​សាស្រ្តជាមួយចិន និងជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងជាមួយវៀតណាម ហ្វី លីពីន ម៉ាឡេស៊ី ហើយប្រទេសទាំងនោះរូមទាំងថៃ និងភូមាផងបានក្លាយជាសម្ព័​ន្ឋមិត្តអាមេរិករួចទៅហើយ។

ហេតុនេះ ក្នុងក្របខ័ណ្ឌអាស៊ានកម្ពុជា អាចធ្វើជាមិត្តស្លាប់រស់របស់ចិន ដែលចិនអាច​ទុកចិត្តបាន ទើបចិ​នបានផ្តល់ជំនួយ និងជំរុញអ្នកវិនិយោគរាប់ពាន់ក្រុមហ៊ុនមក​វិនិយោគនៅកម្ពុជា។

ជាប្រតិកម្មថ្មីៗ មិនធ្លាប់មាន លោកស្យង់ បូឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំ​កម្ពុជាបានឲ្យដឹងថា គិតរហូតម​កទល់ពេលនេះ មានក្រុមហ៊ិនចិនជាង២០០០ កំពុងវិនិយោគនៅកម្ពុជា ដោយគិតត្រឹមតែឆ្នាំ២០១៧ ទឹកប្រាក់វិនិយោគរបស់ចិនជាប់ចំណាត់ថ្នាក់លេខ១ ដែលមាន១៤០០លានដុល្លារអាមេរិក ប៉ុន្តែបើគិតបញ្ចួលទាំងហិរញ្ញប្បទានវិញ ចិនបានផ្តល់ជាង៤០០០លានដុល្លារ នៅកម្ពុជាសម្រា​ប់តែឆ្នាំ២០១៧។

ជាមួយគ្នានេះ ចិនក៏បានផ្តល់សារដ៏ច្បាស់លាស់មួយថា“ចិនវិនិយោគនៅកម្ពុជា មិនមែនជាការលាងលុយកខ្វក់ទេ ហើយការលើកឡើងរបស់​លោកខាងលិចកន្លងមក គឺជាការច្រណែនពីភាពជាដៃគូ និងការរីកចម្រើនរបស់ប្រទេសទាំងពីរ”។

       សរុបមកវិញការចាប់ដៃជាមួយចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដោយ​ផ្ទាល់ និងប្រយោលនោះទេ ប៉ុន្តែចិនបានក្លាយជាមិត្តដ៏ល្អមួយរបស់កម្ពុជា ដែល​ជួយអភិវឌ្ឍន៍កម្ពុជាផង ជួយការពារឯករាជ្យ អធិបតេយ្យភាពដល់កម្ពុជាផង និងនាំកម្ពុជាឆ្ពោះទៅរកវិបុលភាពនាពេលអនាគត ប៉ុន្តែការចាប់ដៃជាមួចិន ហើយ​បោះបង់លោកខាងលិច អាចជារឿងគ្រោះថ្នាក់មួយ។

ជាមួយនឹងទំនាក់ទំនងកាទូតដ៏ឈ្លាសវៃមួយ និងជាបុរសដែលត្រូវបានគេ​ប្រសិទ្ឋនាមថា “ជាបុរសខ្លាំងរបស់កម្ពុជា” សម្តេចតេជោមានសុបិនដ៏ធំមួយគឺប្រែ​

ក្លាយកម្ពុជា “ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់” ដូច្នេះការបោះបង់លោកខាងលិច មិនមែន​ជាជម្រើសរបស់សម្តេចតេជោទេ ទោះជាកម្ពុជាបានចាប់ដៃជាមួយចិនមិនអាចព្រលែងបានក៏ដោយ ក៏កម្ពុជាមិនព្រមលែងដៃលោកខាងលិច ដែលផ្តល់នូវទីផ្សា​រសម្រាប់នាំចេញទំនិញដ៏សម្បូរបែបពីកម្ពុជានោះទេ។

យើងអាចនិយាយប្រកដដោយសុទិដ្ឋិនិយម និងសុភវិនិច្ច័យមួយថា “ចិន ជាអ្នកផ្តល់ស្រូវ និងសាបព្រួសដល់កម្ពុជា ហើយលោកខាងលិច ជាអ្នកប្រមូលផលឲ្យកម្ពុជា ដើម្បីយកអង្ករមកចំអិនទទួលទានខ្លួនឯង”៕

តើតម្លៃអចលនទ្រព្យនៅជុំវិញសារៈមន្ទីរប្រល័យពូជសាសន៍ រងផលប៉ះពាល់ឬទេ

ដោយគង់ សូរិយា

ភ្នំពេញ៖ តើអ្នកធ្លាប់ត្រូវខ្មោចលងឬទេ? ហើយបើអ្នកមិនធ្លាប់ខ្មោចលង តើអ្នកជឿថាមានខ្មោចលងឬទេ? ចម្លើយប្រាកដជាមានអ្នកជឿ និងមិនជឿ ប៉ុន្តែជំនឿនៅតែ​ជាការពិត ព្រោះប្រសិនជាវាមិនមែនជាការពិត ជំនឿនោះពិតជាគ្មានអត្ថិភាពនោះទេ។

ជាសន្តិសុខយាមសារៈមន្ទីរទួលស្លែង អស់រយៈពេលជាង១០ឆ្នាំ លោកនង សាវឿន បានស្នាក់នៅក្នុងសារៈមន្ទីរនេះបាននិ​យាយឲ្យដឹងកាលពីចុងសប្តាហ៍មុនថា លោកធ្លាប់មានបទពិសោធន៍អាក្រក់ ព្រោះត្រូវខ្មោ​ចលងកាលពីកំឡុងពេលមកស្នាក់នៅ និងធ្វើការនៅក្នុងសារៈមន្ទីរនេះជាលើកតំបូង។លោកបន្តថា មិនថាតែលោកទេ គឺអ្នកធ្វើការនៅទីនេះភាគច្រើនសុទ្ឋតែមានអារម្មណ៍ភ័យខ្លាច និងជួបហេតុ​ការណ៍បែបនោះ។

លោកបន្តថា “កំឡុងឆ្នាំ២០០២ ពេលងើបពីគេងទៅរកកន្លែងបន្ទោរបង់ ខ្ញុំឃើញស្រមោលធំមួយឈ្ងោកមុខមកមើលខ្ញុំ ហើយសក់ខ្ញុំបះជ្រោង។ ខ្ញុំភ័យខ្លាំងណា​ស់ ក៏លូនចូលមុងវិញរហូតព្រឹកឡើង ទើបប្រាប់អ្នកធ្វើការជាមួយ”។

សន្តិសុខម្នាក់ទៀត ដែលឈរស្តាប់ការរៀបរាប់ប្រាប់លោកនង សាវឿននិយា​យបានបន្ទរថា ពេលលោកធ្វើការនៅពេលយប់ លោកឃើញមនុស្សបើ​កទ្វារចូល លឺមនុស្សងូតទឹកនៅខាងក្រោយអាគារ តែពេលលោកដើរទៅមើលមិនឃើ ញមានអ្នកណាម្នាក់ឡើយ។ ប៉ុន្តែក្រោយមកហេតុការណ៍នេះហាក់បានស្ងប់ ចាប់តាំងពីថ្នាក់ដឹក​នាំជាន់ខ្ពស់រដ្ឋាភិបាល បានមកប្រារពពិធីបុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយនិមន្តព្រះសង្ឃមករាប់បាត្រនៅទីនេះមក។

ទោះជាហេតុការណ៍នោះកន្លងមកជាង១០ឆ្នាំហើយក៏ដោយ ក៏លោកនង សាវឿននៅតែមានអារម្មណ៍ភ័យខ្លាច នៅពេលយប់មកដល់ម្តងៗរហូតមកដល់សព្វថ្ងៃនេះ។

ចំណែកអ្នករត់រ៉ឺម៉កកង់បី (តុក តុក)ដឹកភ្ញៀវទេសចរណ៍មកទស្សនាសារៈមន្ទីរឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ដដែលនេះបានឲ្យដឹងថា លោកមិនដែលលឺអ្នកទេស​ចរណ៍ ណាម្នាក់និយាយពីបញ្ហាខ្មោចលងនោះទេ ផ្ទុយទៅវិញពួកគេមានអារម្មណ៍ និងសម្តែ​ងការសោកស្តាយ និងសោកសង្រេងជំនួសវិញ។

អ្នករត់រ៉ឺម៉កកង់បីសូមមិនបញ្ចេញឈ្មោះរូបនេះបានបន្តថា “អ្នកទេសចរណ៍មកទីនេះ ពួកគេមានអារម្មណ៍សោកស្តាយ និងសោកសង្រេងបន្ទាប់ពីបានឃើញ​សារៈមន្ទីរនេះ វាជាអ្វីដែលយើងទាំងអស់គ្នាមិនចង់ជួប”។

លោកវេជ្ជបណ្ឌិតលី ចេងហ៊ុយដែលធ្លាប់មានលំនៅដ្ឋាននៅជាប់នឹងជញ្ជាំងភាគខាងត្បូង នៃរបងសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង អស់រយៈពេលជាង១០ឆ្នាំមកហើយបានថ្លែងថា លោកមិនដែលបានឃើញហេតុការណ៍ខ្មោចលង ឬមានស ម្លេងអ្វីចម្លែកចេញពីសារៈមន្ទីរនេះនោះទេ។ លោកបន្តថា ទាំងអ្នកជិតខាងរបស់លោក ក៏មិនដែលបានឃើញ ឬបានលឺពួកគេនិយាយពីជំងឺអរូបិយនេះទេ ហើយលោ​កក៏មិនជឿថាមានខ្មោចលងនោះដែរ។

លោកបន្តថា “ខ្ញុំមិនជឿថាមានខ្មោចលងទេ វាជាជំនឿអរូបិយប៉ុណ្ណោះ ខ្ញុំមិន​ធ្លាប់ឃើញខ្មោចលងនោះទេ”។លោកបន្តថា​ “តំលៃដីឬផ្ទះនៅជុំវិញសារៈមន្ទីរនេះ មិនរងផលប៉ះពាល់ដោយ​សារសារៈមន្ទីរនេះនោះទេ តំលៃដីមានតែឡើងថ្លៃជារៀងរាល់ឆ្នាំ ព្រោះវាស្ថិតនៅ​សង្កាត់បឹងកេងកងបី ដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស”។

នៅពេលលើកឡើងពីតម្លៃអចលនទ្រព្យនៅជុំវិញសារៈមន្ទីរទាំងនេះ អ្នកនៅក្នុងតំបន់នេះបាននិយាយថា អចលនទ្រព្យនៅជុំវិញសារៈមន្ទីរនេះមិនបានរងផលប៉ះពាល់ទេ មានតែឡើងថ្លៃ និងកំពុងបន្តឡើងថ្លៃបន្តទៀត។

លោកចំរើន សុវណ្ណារិទ្ឋដែលជាអ្នកលក់ភេសជ្ជៈ និងអាហារសំរ៉ន់សម្រាប់ភ្ញៀវទេសចរណ៍ ក្នុងសារៈមន្ទីរប្រល័យពូជសា​សន៍ជើងឯកបានឲ្យដឹងថា តំលៃដីនៅជុំវិញតំបន់នេះមិនបានចុះថ្លៃ ឬរងផលប៉ះពាល់​ដោយសារៈមន្ទីរនេះនោះទេ គឺមានតែឡើងថ្លៃ ជាក់ស្តែងដីឡូត៍នាពេលនេះមានតំលៃ​ចន្លោះពី៧០០០ទៅជាង១០០០០ដុល្លារអាមេរិកក្នុងមួយឡូត៍ ខុសពីប៉ុន្មានឆ្នាំមុនតំលៃដីធ្លីនៅទីនេះ មិនសូវមានអ្នកចាប់អារម្មណ៍ច្រើននោះទេ។

មានស្រុកកំណើតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខ័ណ្ឌដង្កោ យុវជនរូបនេះ ​កើតមិនទាន់ហេតុការណ៍កើតឡើងនៅតំបន់នេះនោះទេ តែការដឹងព៌តមានខ្លះៗរបស់លោក គឺលឺតាមរយៈការនិយាយប្រាប់របស់ចាស់ៗក្នុងភូមិនេះប៉ុណ្ណោះ។

ចំរើន សុវណ្ណារិទ្ឋបានឲ្យដឹងថា “ចាស់ៗប្រាប់ខ្ញុំថា ពេលបែកពីរបបប៉ុល ពតថ្មីៗ អ្នកភូមិនៅទី​នេះមិនដឹងថា មានការសម្លាប់មនុស្សច្រើននៅទីនេះនោះទេ គឺពួកគាត់បានដឹងនៅពេលធុំក្លិនស្អុយប៉ុណ្ណោះ”។ លោកបន្តថា “ពេលនេះមិនលឺមានថាខ្មោចលងនោះទេ បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល មកប្រារពពិធីបុណ្យឧទ្ទិសកុសល ដល់អ្នកស្លាប់នៅទី​នេះបីដងក្នុងមួយឆ្នាំ”។

ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន Khmer Real Estate លោកងិន សុវណ្ណាបានថ្លែងថា តំលៃដីនិងអចលនទ្រព្យដទៃទៀត នៅជុំវិញសារៈមន្ទីរទាំងពីរ​មិនរងផលប៉ះពាល់នោះទេ តែតំបន់នៅជុំវិញជិតៗសារៈមន្ទីរទាំងនេះ មិនអាចសាងសង់អាគារខ្ពស់បាននោះទេ ពិសេសតំបន់ជុំវិញសារៈមន្ទីរជើងឯកមានការសាងសង់​រោងចក្រ មានចលនាពុះដីឡូត៍លក់ និងមានការសាងសង់ឃ្លាំងច្រើនផងដែរ។

លោកបន្តថា “តំលៃដីនៅជុំវិញសារៈមន្ទីរទួលស្លែង បច្ចុប្បន្នមានតំលៃចន្លោះ ២៥០០ទៅ៣០០០ដុល្លារអាមេរិក តែតំលៃដីនៅតំបន់ជើងឯកមានតំលៃចន្លោះពី៥០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Vichakvong Realty Group លោកស៊ុយ ឆៃលាងបានថ្លែងស្រដៀងគ្នាថា តំលៃដីធ្លីនៅជុំវិញសារៈមន្ទីរទាំងពីរមិនរងផលប៉ះ ពាល់នោះទេ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ តំលៃដីនៅតំបន់នេះបានឡើងថ្លៃខ្ពស់គួរឲ្យកត់សំគាល់ ជាក់ស្តែងកាលពី៥ ទៅ៦ឆ្នាំមុនដីនៅជុំវិញតំបន់ជើងឯកមាន​តំលៃចន្លោះពី២០ ទៅ៥០ដុល្លារ បច្ចុប្បន្នបានឡើងដល់ចន្លោះ៣០០ទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតំបន់ទួលស្លែង ក្នុងសង្កាត់បឹងកេងកង៣បានកើនពីតំលៃ១០០០ទៅ១២០០ដុល្លារកាលពី៥ឆ្នាំមុន ដល់២២០០ទៅ២៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េនាពេលនេះ។

លោកបន្តថា “ម្ចាស់ដីនៅតែទាមទារតំលៃខ្ពស់លើសទីផ្សារ ព្រោះការពិតតំលៃដីនៅជុំវិញតំបន់ទួលស្លែង បើលក់ក្នុងតំលៃចន្លោះ១២០០ ទៅ១៥០០ដុល្លារក្នុង​​មួយម៉ែត្រការ៉េ ទើបអាចលក់បាន ដោយសារតំបន់នេះមានផ្លូវចង្អៀត”។លោកបន្តថា “បញ្ហាទីតាំងសារៈមន្ទីរ មិនមានអ្វីព្រួយបារម្ភនោះទេ វាមិនរងផលប៉ះពាល់ដល់​តំលៃអចលនទ្រព្យនៅតំបន់នេះទេ”៕

ដំណឹងល្អ! ស្ពានអាកាសចោមចៅ នឹងត្រូវចាប់ផ្តើមបុកគ្រឹះសាងសង់នៅថ្ងៃខានស្អែក

ដោយ រ៉ាវី

ភ្នំពេញ៖ បន្ទាប់ពីរង់ចាំអស់រយៈពេលជាយូរមក ទីបំផុតស្ពានអាកាសចោមចៅ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ2018ស្អែកនេះហើយ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោម៉េត មាសភ័ក្តីបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិថុនានេះថា មកទល់បច្ចុប្បន្នការពិភាក្សាររវាងអាជ្ញាធររាជធានី រួមនិងមន្រ្តីជំនាញពាក់ព័ន្ឋផ្សេងៗ ចំពោះការសាងសង់សស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានឈានដល់ទីបញ្ចប់ហើយទាំងស្រុងហើយ ទាំងគម្រោងប្លង់សាងសង់ បចេ្ចកទេស និងថវិកាដោយគ្រាន់តែពេលវេលាមកដល់ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់មកដល់តែប៉ុណ្ណោះ។

លោកបន្តថា “អាកាសចោមចៅនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកើតមានជាអន្លើៗ នាពេលកន្លងមកក៍ដូចជានាពេលបច្ចុប្បន្ន ដោយសារផ្លូវនេះជាផ្លូវសេដ្ឋកិច្ចដ៍សំខាន់ សម្រាប់ការដឹកជញ្ជូនឆ្ពោះទៅផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ដែលជាខេត្តមានកំពង់ផែសមុទ្រទឹកជ្រៅនៅកម្ពុជា ក្នុងការផ្លាស់ប្តូរទំនិញ ចេញចូលក្នុងនិងក្រៅប្រទេស”។លោកបញ្ជាក់ថា «ស្ពាននេះពិតជាមានសារៈសំខាន់ណាស់ ព្រោះជាផ្លូវដឹកជញ្ជូនទំនិញសំខាន់ជាងគេ ដែលអាចឱ្យវិនិយោគិន អាជីវករ និងប្រជាពលរដ្ឋទូទៅ ទទួបាលផលចំណេញចំពោះសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់ពួកគេ មិនត្រឹមតែចំណេញពេលវេលានោះទេ តែថែមទាំងចំណេញថវិកាក្នុងការចំណាយចាក់សាំងរថយន្ត និងម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋផងដែរ»។

លោកម៉េត មាសភ័ក្តីបានបន្តថា កន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានដាក់មន្រ្តីនគរបាលចរាចរណ៍ ទៅសម្រួលទីតាំងខាងលើជាបន្តបន្ទាប់ ប៉ុន្តែទោះជាដូច្នេះក៏ដោយ គេនៅតែមិនអាចទប់ស្កាត់ការកកស្ទះបាន ដែលជាហេតុធ្វើឱ្យសាលារាជធានីភ្នំពេញចំណាយថវិកា ត្រៀមសាងសង់ស្ពាននេះឡើង ឱ្យបានឆាប់តាមកាលដែលអាចធ្វើទៅបាន។ ក្រៅតែពីការសាងសង់ស្ពានអាកាសខាងលើ បច្ចុប្បន្នមន្ទីរសាធារណៈការនិងដឹកជញ្ជូភ្នំពេញ ក៏បានកំពុងជួលជុលសាងសង់ពង្រីកផ្លូវជាតិលេខ4 ឱ្យមានទំហុំកាន់តែធំឡើងៗ ដោយមានការចាក់បេតុង និងក្រាលកៅស៊ូពង្រីកផ្លូវកាន់តែធំទូលាយ សម្រួលដល់ការធ្វើដំណើរទៅមក និងដាក់លូបង្ហូរទឹកចេញកុំឱ្យភ្លៀងលិចផ្លូវដូចឆ្នាំកន្លងៗមកទៀត។

គម្រោងនេះត្រូវបានសាទរដោយប្រជាពលរដ្ឋ អាជីវករ អ្នករកស៊ីលើវិស័យដឹកជញ្ជូនរួមទាំងអ្នករត់តាក់ស៊ី អ្នកបើកបរម៉ូតូឌុប ម៉ូតូកង់បីជាដើម ដែលអាចជួយសម្រួលដល់ការធ្វើដំណើរបានលឿន និងមិនសូវកកស្ទះមិនលិចទឹក ដែលធ្វើឱ្យគាត់មិនសូវចំណា​យលុយច្រើន ក្នុងការចាក់ប្រេងសាំងរថយន្តឬម៉ូតូដូចកាលពីមុនៗទៀត៕

អាគារការិយាល័យធំមួយ នឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ

ដោយគង់ សូរិយា

ភ្នំពេញ៖ ស្របពេលទីផ្សារការិយាល័យមានភាពល្អប្រសើរ អាគារការិយាល័យធំមួយទៀតឈ្មោះ East Commercial Center នឹងបើកដំណើរការនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ មិថុនានេះថា គំរោង Eastland បានរួមបញ្ចូលអាគារការិយាល័យ និងខុនដូ ដែលនឹងបើកដំណើរការនៅខែកញ្ញាខាងមុខនេះ។ ក្រុមហ៊ុន CBRE Cambodia បានក្លាយជាភ្នាក់ងារជួលផ្តាច់មុខសម្រាប់គំរោងនេះ និងកំពុងដាក់ជួលការិយាល័យនេះ។អ្នកនាងបន្តថា អាគារការិយាល័យនេះមានទំហំ១៥,០០០ម៉ែត្រការ៉េ និងដាក់ជួលក្នុងតម្លៃ១៣ដុល្លារ បូកសេវាកម្មគ្រប់គ្រង៣,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកនាងបន្តថា “ទីផ្សារការិយល័យមានភាពល្អប្រសើរ ដោយសារឆ្នាំនេះអាគារការិ​យាល័យថ្មី ដែលមានម្ចាស់តែមួយ មិនមានទំហំធំ និងមានគំរោងច្រើនដាក់ចូលទីផ្សារនោះទេ”។

គំរោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Eastland Development ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន Yue Tai Group។ គម្រោងនេះស្ថិតនៅលើមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

លោក Sam Yang នាយកប្រតិបត្តិក្រុមហ៊ុន Eastland Development និងជាអនុ​ប្រធានក្រុមហ៊ុន Yuetai Holding បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយអ្នកនាងអាន សុធីតាកាលពីសប្តាហ៍មុនថា បន្ទាប់ពីបានពិចារណាយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់ យើងបានជ្រើសរើស CBRE Cambodia ជាដៃគូរបស់យើង ក្នុងការជួលអាគារ​ការិយាល័យដ៏សំខាន់មួយនេះ។លោកបន្តថា ផ្តើមចេញពីគំរោងដែលយើងបានរចនានិង​សាងសង់ East Commercial Center ជាមជ្ឈមណ្ឌលសម្រាប់អាជីវកម្ម ដែលមានជំនា​ញវិជ្ជាជីវៈ ដោយផ្តោតពិសេសលើការផ្តល់សេវាកម្មកម្រិតខ្ពស់ និងបរិក្ខាទំនើបដែលមាន​គោលបំណងផ្តោតលើការរីកចម្រើនរបស់ក្រុមហ៊ុន។

គំរោង Eastland មានចំនួន៥អាគារ ដោយអាគារខាងមុខជា East Commercial Center ដែលប្រើប្រាស់ជាអាគារការិយាល័យសម្រាប់ជួល និងអាគារចំនួន៤ទៀតស្ថិតនៅក្រោយអាគារនេះជាខុនដូ ដែលមានជាច្រើនរយយូនីត៕

គំរោងរោងចក្រអគ្គិសនីមានទឹកប្រាក់ជាង ១៣០០លានដុល្លារអាមេរិក បានអនុម័តចុងក្រោយ

ដោយ វុត្ថា 

ភ្នំពេញ៖ គំរោងវិនិយោគដ៏ធំ ដែលមានទុនវិនិយោគរហូតដល់ជាង ១៣០០លានដុល្លារអាមេរិក ដើម្បី សាងសង់ រោងចក្រផលិតថាមពលអគ្គិសនី ត្រូវបានអនុម័តជាចុងក្រោយ ដោយព្រឹទ្ឋសភាកម្ពុជា ដែលជាការបើកផ្លូវឲ្យក្រុមហ៊ុនចំនួនពីរ ចាប់ផ្តើមសកម្មភាពរបស់ខ្លួន ដើម្បីទាញយកថាមពលអគ្គិសនី​មកប្រើប្រាស់។

នៅក្នុងសម័យប្រជុំរលើកទី១ នីតិកាលទី៤ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ សមាជិកព្រឹទ្ឋ​សភាបានអនុម័តលើគំរោងវិនិយោគដ៏ធំនេះ ដោយសម្លេង ៥៥នៃចំនួន សមាជិកព្រឹទ្ទស​ភា​ទាំងមូល។

ក្រុមហ៊ុនចំនួន២ ដែលព្រឹទ្ធសភាអនុម័តនៅពេលនេះ មានចំនួនពីរ ទី១ ក្រុមហ៊ុនស្នេថេក ខូអិលធីឌីដែលគ្រោ​ង​វិនិយោគលើរោងចក្រអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងខេត្តកំពុងស្ពឺស្ថិតនៅក្នុងតំបន់ត្មាតពង ឃុំដំណាក់វាំង ស្រុងកឧត្តុង ខេត្តកំពង់ស្ពឺ លើផ្ទៃដីទំហំប្រមាណ៨០ហិកតា តាមបណ្តោយផ្លូវជាតិលេខ៥១ ដែលមានអនុភាពដំឡើង៦០មេហ្គាវ៉ាត់ ដែលអាចផ្តល់បរិមាណចំនួន៩៦លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះ​ គ្រោងនឹងបោះទុនវិនិយោគចំនួនជាង៥៨លានដុល្លារអាមរិក ដោយក្នុងនោះទុនផ្ទាល់៣០ភាគរយ និងកម្ចី៧០ភាគរយ ក្នុងអត្រាការប្រាក់ចំនួន៦.៥០ភាគរយ ក្នុងរយៈពេលហិរញ្ញប្បទាន២១ឆ្នាំ ក្នុងការសាងសង់១ឆ្នាំ និងអាជីវកម្ម២០ឆ្នាំ និងគ្រោងដាក់អោយដំណើ​រការនៅចុងឆ្នាំ ២០១៩ ខាងមុខនេះ។

ទី២ ក្រុមហ៊ុនក្រុមហ៊ុនខេមបូឌា អ៊ិនធើណេសិនណល អ៊ិនវេសមែន ឌីវើឡុបមែនគ្រុប វិនិយោគទៅលើអគ្គិសនីឃ្យូងថ្ម ក្នុងខេត្តព្រះសីហនុ ដែលមានអនុភាពដំឡើង៧០០មេហ្កាវ៉ាត់ និងបរិមាណថាម​ពលបញ្ចេញ ឲ្យបណ្តាញជាតិ៥២១២.២០ លានគីឡូវ៉ាតម៉ោងក្នុងមួយឆ្នាំ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី (Supper Critical ) រួមជាមួយបច្ចេកវិទ្យាធ្យូងថ្មស្អាត (Clean Coal Technology ) ដែលនាំយកនូវផលិតផល និងសម្ភារៈ មកពីបណ្តាប្រទេសនៅអឺរ៉ុបខាងលិច អាមេរិក ជប៉ុន ដែលធានបានប្រសិទ្ធិភាព ស្ថិរភាព និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត។

ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគ ទឹកប្រាក់ចំនួន១២៩០,៥៤លានដុល្លា​រអាមេរិក ដែលក្នុងនោះទុនផ្ទាល់របស់ក្រុមហ៊ុន៣០ភាគរយ និងប្រាក់កម្ចី៧០ភាគរយ តាមអត្រាការប្រាក់៦.៥០ភាគរយ​។ រយៈពេលសម្បទាន៣៩ឆ្នាំ ក្នុងនោះសាងសង់៤ឆ្នាំ និងអាជីវកម្ម៣៥ឆ្នាំ និងគ្រោងដាក់ឲ្យដំណើរការមាស៊ីនទី១ នៅខែធ្នូឆ្នាំ ២០២៣ និងម៉ាស៊ីនទី ២ នៅខែធ្នូ ឆ្នាំ ២០២៤។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងការពារច្បាប់ទាំងពីរនេះថា កម្ពុជាត្រូវការអភិវឌ្ឍន៍ប្រភពថាមពលថ្មីៗបន្ថែមទៀត ដោយប្រើប្រាស់សក្តានុពល ដែលខ្លួនមានឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ប្រភពថាមពលដែលប្រទេសកម្ពុជាអភិវឌ្ឍន៍កន្លងមក រួមមាន ស្ថានីយវារីអគ្គិសនី រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម និងស្ថានីយផលិតអគ្គសនីដើរដោយពន្លឺព្រះអាទិត្យ។

លោកបន្តថា “រដ្ឋាភិបាលកម្ពុជា បានគិតគូពីផលប៉ះពាល់បរិស្ថាន ដោយធ្វើយ៉ាងណាអោយស្រ​ប​តាមស្តង់ដារកម្ពុជា និងពិភពលោកដោយមិនឲ្យយមានការបំពុលបរិ​យាកាស ចំពោះការសាងសង់នៅរោងចក្រអគ្គិសនីទាំងពីរនេះនោះទេ”៕