សម្តេចតេជោ ហ៊ុន សែន៖ បើចោទកម្ពុជាជាអ្នករំលោភដីថៃ ហេតុអ្វីថៃមិនព្រមប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ? មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់

(ព្រះវិហារ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទសួរទៅកាន់ភាគីថៃ ដែលចោទកម្ពុជាថារំលោភពនោះថា ហេតុអ្វីបានជាមិនព្រមប្តឹងទៅតុលាការ? ហើយសម្តេចបានលើកឡើងថា «មានតែអ្នកខ្វះសុច្ចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំចេះតែឆ្ងល់ថា ថៃបានចោទកម្ពុជាថារំលោភដីថៃ ហេតុអ្វីក៏ថៃខ្វះសេចក្តីក្លាហានប្តឹងកម្ពុជាទៅតុលាការ ខ្ញុំសូមចោទសួរទៅទីក្រុងបាងកក អ្នកបានចោទកម្ពុជាថារំលោភលើអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅតុលាការអន្តរជាតិ ហើយហេតុអ្វីបានជាអ្នកមិនព្រមឡើងតុលាការជាមួយកម្ពុជា សូមប្រជាជនថៃ សូមប្រជាជនកម្ពុជា ក៏ដូចជាមិត្តភក្តិអន្តរជាតិ ពិចារណាអំពីបញ្ហានេះ ពិចារណាចំណុចនេះឱ្យបានដិតដល់»។

សម្តេចបានបន្តចោទសួរថា ហេតុអ្វីបានត្រូវខ្លាចតុលាការ? ហើយមកថាកម្ពុជាជាអ្នករំលោភ ហេតុអ្វីមិនប្តឹងទៅតុលាការ? នៅក្នុងប្រទេសមួយ បើភាគីណាមួយមិនសុខចិត្ត គឺត្រូវប្តឹងទៅតុលាការ ហើយនៅលើភពលោកមានតុលាការយុត្តិធម៌អន្តរជាតិដូចគ្នា។

សម្តេចបានថ្លែងថា មេដឹកនាំថៃមិនគួរណាខ្លាចនូវអ្វីដែលជាផ្លូវច្បាប់នោះទេ ហើយបើតុលាការកាត់ក្តី នឹងងាយស្រួលដល់រដ្ឋាភិបាលប្រទេសនីមួយៗ ធ្វើការពន្យល់ប្រជាពលរដ្ឋរបស់ខ្លួន។

សម្តេចបានចោទជាសំណួរថា «តើហេតុអ្វីបានជាថៃទាត់ចោលនូវដំណើរការផ្លូវច្បាប់? បើនិយាយមួយបែបទៅមានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការតាមផ្លូវច្បាប់នោះ»៕

បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្តត្រូវបានមន្ត្រីជំនាញគិតគូររៀបចំជួសជុលឡើងវិញ

ដោយៈ ឆាយ ផាន់នី

    សៀមរាបៈ បង្កាន់ដៃនាគ ដែលជាដួងព្រលឹងជាតិមួយបែបអរូបិយ នៃប្រាសាទអង្គរវត្តត្រូវបានក្រុមអ្នកបច្ចេកទេស ផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យ នៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុល ឱ្យរឹងមាំឡើងវិញ។

លោកសយ សុភារិន្ទ មន្ត្រីបច្ចេកទេសផ្នែកអភិរក្សថ្មបានមានប្រសាសន៍ឱ្យដឹងថា ការធ្វើសម្រង់ប្លង់បង្កាន់ដៃនាគ នៅខឿនជាន់ទី១នេះ មានប្រវែងសរុប៩៥០ម៉ែត្រ។ ការបំពេញការងាររយៈពេល១២ខែមកនេះ សម្រេចលទ្ធផលបានប្រវែងជាង៤៥០ម៉ែត្រ។ កិច្ចការសម្រង់ប្លង់នេះ មានសារសំខាន់ ដើម្បីសិក្សាពីស្ថានភាពហានិភ័យនៃរចនាសម្ពន្ធសំណង់បង្កាន់ដៃនាគ ចំណុចដែលមានហានិភ័យខ្ពស់ ចំណុចធ្លាប់ជួសជុលសម័យមុនជាដើម។

ជាលទ្ធផលនៃការសិក្សាឃើញថា បង្កាន់ដៃនាគ និងខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត មានចំណុចមួយចំនួនទទួលរងនូវហានិភ័យខ្ពស់ ដោយថ្មបង្កាន់ដៃនាគមិនមានលំនឹង និងខឿនស្រុតជាដើម។ ដោយសារតែកត្តាអាយុកាលនៃសំណង់ កត្តាធម្មជាតិ ទឹកហូរច្រោះ និងសត្វល្អិតជាដើម។

បន្ទាប់ពីធ្វើសម្រង់ប្លង់រួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលពង្រឹងបង្កាន់ដៃនាគនេះ ទៅតាមដំណាក់កាលជាបន្តទៀត។

អ្នកជំនាញរូបនេះ បញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០២២-២០២៣ អាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងបង្កាន់ដៃនាគ និងខឿនជណ្ដើរ នៅទិសខាងត្បូងរបស់ប្រាសាទអង្គរវត្ត បានជោគជ័យរួចមកហើយ៕

ឱកាសចំណេញមុនគេ ជាមួយវីឡាអាជីវកម្មជំនាន់ថ្មីនៅបុរី ប៉េង ហួត ជិតផុតកំណត់ហើយ

កាលពីថ្ងៃទី20-22 ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅបុរី ប៉េង ហួត បានកម្មវិធីបើកលក់ជាផ្លូវការនូវវីឡាអាជីវកម្មជំនាន់ថ្មីមួយដែលមានឈ្មោះថា វីឡា រ៉ូហ្សាណា ម៉ូដឺន នៅក្នុងគម្រោង ដឹស្ដា ផ្លាទីនីម អេកូ សាន់រ៉ាយ ដែលជាគម្រោង​មានតែផ្ទះអាជីវកម្មសុទ្ធ។

ថ្វីបើកម្មវិធីនេះបានកន្លងផុតទៅ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាការផ្ដល់ជូនយ៉ាងពិសេសដល់អតិថិជន រហូតដល់បំណាច់ខែ មិថុនា ឆ្នាំ 2025 នេះ។ ការផ្ដល់ជូននោះរួមមាន ការបញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ 10% និងបង់ឥតការប្រាក់រហូតដល់សំណង់រួចរាល់។

ដូចនេះអតិថិជនដែលមានបំណងចង់បើកអាជីវកម្មបែបលំដាប់ៗ សូមកុំឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ ដោយពេលវេលាបញ្ចុះតម្លៃក៏ជិតបញ្ចប់ និងចំនួនផ្ទះក៏មានកំណត់ផងដែរ។

សូមរំលឹកផងដែរថា វីឡាថ្មីនេះ ត្រូវបានរចនាឡើងឱ្យសមស្របសម្រាប់ការបើកអាជីវកម្មបែបលំដាប់ៗ ដោយសារស្ថិតនៅលើផ្លូវធំ មានទំហំផ្ទះធំទូលាយ និងស្ថិតនៅតំបន់កណ្ដាលនៃគម្រោងធំៗពីរគឺ ហ្គ្រេនស្តា ផា្លទីនីម និង ហ្គ្រេនស្តា​ ផ្លាទីនីម អេកូ ខូលិកសិន ដែលមានផ្ទះរាប់ម៉ឺនខ្នង ហើយមានប្រជាជនរស់នៅរាប់ម៉ឺនគ្រួសារ។ វីឡានេះពិតជាល្អសម្រាប់អតិថិជនដែលមានតម្រូវការផ្ទះអាជីវកម្មធំៗ មិនចាំបាច់ទិញផ្ទះហ្សបហោស៍ពីរបញ្ចូលគ្នា។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ 016/017 59 6789 ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/PVxbmY2bmwU9PMCR9 ។

 

 

សម្ដេចតេជោពេញចិត្តការគ្រប់គ្រងចំណូលរបស់រដ្ឋាភិបាលបន្ដវេនធ្វើឱ្យសាច់ប្រាក់ក្នុងរតនាគារកើនឡើង

(ព្រះវិហារ)៖ ថ្លែងដោយសេចក្តីរីករាយ ចេញពីខេត្តព្រះវិហារ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការពេញចិត្ត ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលបន្តវេន ដែលរយៈពេលជិត២ឆ្នាំនេះ កំពុងបន្តដំណើរយ៉ាងល្អប្រសើរ ដោយជម្នះនូវការលំបាកជាច្រើន។

អ្វីដែលពិសេសទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់រាជរដ្ឋាភិបាលបន្តវេន ចំពោះការគ្រប់គ្រងចំណូលពន្ធគយ និងពន្ធផ្ទៃក្នុង (ពន្ធដារ) ដែលជាប្រភពចំណូលជាតិដ៏សំខាន់របស់ប្រទេស ធ្វើឱ្យសាច់ប្រាក់ក្នុងរតនាគារជាតិ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីរាជរដ្ឋាភិបាល។

ការគ្រង់គ្រងចំណូលបានយ៉ាងល្អនេះ សម្តេចសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលអ្នកបន្តវេន មិនមែនជាអ្នកអត់មាយាទនោះទេ ប៉ុន្តែជាអ្នកមានពូជ»។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងមើលចំណូលពន្ធគយ ចំណូលពន្ធផ្ទៃក្នុង និងសាច់ប្រាក់ក្នុងរតនាគារជាតិ ខ្ញុំអាចនិយាយបានថា សាច់ប្រាក់នៅក្នុងរតនាគារ មានចំនួនច្រើនជាងពេលដែលខ្ញុំចាកចេញ។ អីចឹងបានសេចក្តីថា អ្នកជំនាន់ក្រោយនេះ មិនមែនជាក្មេងអត់មាយាទទេ ប៉ុន្តែគឺជាអ្នកមានពូជ ដែលពួកគេបានខិតខំធ្វើការ បង្កើនបៀវត្សឱ្យមន្ត្រីរាជការ បង្កើនការចំណាយទៅលើការគាំពារសង្គម បង្កើនការចំណាយទៅលើការវិនិយោគលើវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងទៀតក៏មានពិត ក៏ប៉ុន្តែពួកគេចេះសន្សំប្រាក់ ឱ្យប្រាក់ក្នុងរតនាគារមានការកើនឡើង»។

សម្តេចបានរំលឹកអំពីការធ្វើជានាយករដ្ឋមន្ត្រីរយៈពេល ៣៨ឆ្នាំ តាំងពីនាយករដ្ឋមន្ត្រីអស់សាច់ប្រាក់ ដែលពេលខ្លះជំពាក់ប្រាក់ខែមន្ត្រីរាជការ ២ឬ ៣ខែក៏មាន ប៉ុន្តែមកដល់ពេលនេះ មានការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការជាប្រចាំផង និងបើប្រាក់បៀវត្សជូនមន្ត្រីរាជការ ២ដងក្នុង ១ខែផងដែរ។

សម្តេចបន្តថា នៅមុនពេលកូវីដ១៩ រាជរដ្ឋាភិបាលបានសន្សំសាច់ប្រាក់បានជាង ៤ពាន់លានដុល្លារ ប៉ុន្តែវិបត្តិកូវីដ១៩ តម្រូវឱ្យរាជរដ្ឋាភិបាលត្រូវចំណាយផ្សេងៗ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាអស់មួយចំនួន។ សម្តេចសង្កត់ធ្ងន់ថា បើទោះជាត្រូវចំណាយ ក៏រាជរដ្ឋាភិបាលមិនខ្វះសាច់ប្រាក់នោះដែរ៕

និន្នាការនៃតម្រូវការជួលអគារការិយាល័យទូទាំងពិភពលោកកំពុងប្រែប្រួលឆ្ពោះទៅរកបរិបទថ្មី

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិស្តីអំពីអនាគតការងារ (Future of Work) ដែលរៀបចំឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានបង្ហាញថា ក្រុមហ៊ុននានានៅទូទាំងពិភពលោកកំពុងផ្តល់អាទិភាពលើការរចនាឌីហ្សាញទីតាំងការិយាល័យធ្វើការ ដោយបានចាត់ទុកជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុន។

ការស្ទង់មតិបានបង្ហាញថា បណ្តាក្រុមហ៊ុនចំនួន៦៥ភាគរយទូទាំងពិភពលោកគ្រោងបង្កើនការវិនិយោគលើនិរន្តរភាពនៃទីតាំងការិយាល័យ ហើយបណ្តាក្រុមហ៊ុនចំនួនជិត៨០ភាគរយ គ្រោងនឹងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅតាមទីតាំងការិយាល័យនៅឆ្នាំ២០៣០ខាងមុខ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងទៀតថា ក្នុងរយៈពេល២ឆ្នាំកន្លងមក ការផ្លាស់ប្តូរទីតាំងទៅកាន់អគារការិយាល័យថ្មីមានការកើនឡើង ហើយនិន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៨។

ការផ្លាស់ប្តូរនេះបង្ហាញពីយុទ្ធសាស្ត្រសំខាន់មួយសម្រាប់បណ្តាក្រុមហ៊ុននានាក្នុងការវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រការងារនាពេលអនាគត ដើម្បីរក្សាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ និងសម្របតាមស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG)។

លោក Michael Glancy អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ប្រចាំតំបន់អាស៊ានបានលើកឡើងថា “លំហូរនៃការផ្គត់ផ្គង់ការិយាល័យទំនើបនៅក្នុងតំបន់ និងពិភពលោក សរបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរនៃទិដ្ឋភាពទីផ្សារការិយាល័យ”។

លោកបានបញ្ជាក់បន្ថែមថា “បណ្តាក្រុមហ៊ុននានាបានពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តជ្រើសរើសទីតាំងការិយាល័យរបស់ពួកគេ ដើម្បីធានាបាននូវភាពបត់បែន និងនិរន្តរភាព ព្រមទាំងជំរុញផលិតភាព និងការច្នៃប្រឌិត”៕

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលករខ្មែរ វិលមកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល ត្រៀមជួយលើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ

(ព្រះវិហារ)៖ ថ្លែងចេញពីទឹកដីនៃខេត្ដព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ បានអំពាវនាវឱ្យពលករខ្មែរ វិលត្រឡប់មកប្រទេសវិញ ខណៈរាជរដ្ឋាភិបាល ត្រៀមជួយសម្របសម្រួល លើការលំបាកនានា ទាំងការរកការងារ និងការបង់ធនាគារ។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនត្រឡប់មកស្រុក កុំឲ្យគេមើលងាយ នៅស្រុកយើងពេលនេះ ខ្វះកម្លាំងពលកម្មជិត៣០ម៉ឺននាក់ ជាមួយនឹងការត្រៀមទទួលពលករទាំងនោះ ដើម្បីដោះស្រាយការងារធ្វើ និងសម្រួលនូវបញ្ហាដូចជា ការជំពាក់ធនាគារជាដើម»។

បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សមាគមធនាគារ និងសមាគមហិរញ្ញវត្ថុ បានឆ្លើយតបជាមួយនឹងនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត រួចស្រាប់ទៅហើយ ដើម្បីត្រៀមជួយសម្រួល ឧទាហរណ៍ដូចជា៖ ពន្យាការយកការប្រាក់ ឬក៏ពន្យាការសងជាដើម ទៅតាមករណីនីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពីមុនកម្ពុជា ខ្វះការងារធ្វើមែន ប៉ុន្ដែឥលូវការងារ នៅក្នុងស្រុកច្រើនណាស់ ច្រើនរហូតខ្វះកម្មករទៅហើយ គ្រាន់តែរោងចក្រកាត់ដេរ ខ្វះកម្មករមិនតិចនាក់នោះទេ ហើយប្រជាពលរដ្ឋ ទៅប្រទេសថៃខ្លះធ្វើចំការ ខណៈចំការនៅកម្ពុជា មានច្រើនណាស់ដែលខ្វះកម្មករ។

លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅភាគីថៃថា បើអ្នកខ្លាំង អ្នកដេញកម្មករខ្មែរ ឲ្យត្រឡប់មកកម្ពុជាវិញមក បើសិនជាអ្នកខ្លាំង ព្រោះថា ពេលដេញកម្មករខ្មែរមក គឺក្រឡាក់ចាក់សេដ្ឋកិច្ច របស់អ្នកឯងនោះទេ គឺរោងចក្រ និងកសិដ្ឋានមួយចំនួន នឹងត្រូវបិទ បើអ្នកឯងខ្លាំងសាក-លមើលទៅ។

សូមជម្រាបផងដែរថា តបតាមការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម លើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមពិនិត្យលទ្ធិភាព សម្រាលបន្ទុកហិរញ្ញវត្ថុ ដល់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការអំពាវនាវនេះ បានបង្ហាញឱ្យឃើញពីជម្រៅទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃ ក្នុងភាពជាអ្នកដឹកនាំគំរូ របស់សម្តេចដែលតែងតែ យកចិត្តទុកដាក់ រួមសុខរួមទុក្ខ ផ្តល់ភាពកក់ក្ដៅ និងគិតគូរអំពីជីវភាពរស់នៅ របស់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ៕

 

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះពីការឆបោកអនឡាញ ពីប្រទេសថៃប៉ុណ្ណោះ, សូមថៃ ឈប់ព្រួសឈាមដាក់គេ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានមានប្រសាសន៍ថា កម្ពុជា គ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថៃតែប៉ុណ្ណោះ, ព្រោះថៃ ជាប្រទេសមានជើងហោះហើរត្រង់តភ្ជាប់ទៅប្រទេសនានា ហើយនាំជនឆបោកទាំងនោះចូលប្រទេសរបស់ខ្លួន។ អាស្រ័យដូច្នេះ សម្ដេចតេជោ បានអំពាវនាវទៅថៃ វិញថា «សូមឈប់ព្រួសឈាមដាក់គេ លើបញ្ហាឧក្រឹដ្ឋកម្មអនឡាញនេះ ទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជានេះតែម្ដង»។

ប្រសាសន៍របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ កម្ពុជាបែបនេះ បានធ្វើឡើងនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «កម្ពុជា បានអត់ធ្មត់ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបង្រ្កាបទាំងអស់គ្នា ប៉ុន្តែលោកជំទាវ យករួចខ្លួន ហើយមកដាក់កំហុសឱ្យកម្ពុជា ទទួលយកមិនបានទេលោកជំទាវ, លោកជំទាវធ្វើកំហុសធ្ងន់ធ្ងរណាស់បញ្ហាហ្នឹង។ លោកជំទាវ ស្ដោះ ព្រួសឈាមដាក់គេ ប៉ុន្តែលោកជំទាវ ភ្លេចថា ឈាមនោះ វាចេញពីខ្លួនរបស់លោកជំទាវ»។

សម្ដេចតេជោ បានចោទជាសំណួរថា៖ «អ្នកណាចិញ្ចឹមក្រុមឧក្រឹដ្ឋជននៅតាមព្រំដែន ជាមួយភូមា មីយ៉ាន់ម៉ា? អ្នកណាចិញ្ចឹមឧក្រឹដ្ឋជន នៅតាមព្រំដែនឡាវ? សម្រាប់កម្ពុជា កម្ពុជាចេះធ្វើហើយ! លោកជំទាវថាផ្គត់ផ្គង់អ៊ីនធឺណិត, អ៊ីនធឺណិតកម្ពុជា បានកាត់ផ្ដាច់តាំងពីមុនថ្ងៃទី២៤ លោកជំទាវ! ហើយលោកជំទាវ បានសូមទោសខ្ញុំ! លោកជំទាវថា កម្ពុជា ទទួលបានព័ត៌មានខុស, ប៉ុន្តែនៅពេលមានការពន្យល់លោកជំទាវ បានសូមទោសខ្ញុំមែនទេ? លោកជំទាវ មិនបានដឹងថាក្រសួងការបរទេសលោកជំទាវ បានព្រមានកម្ពុជា ដើម្បីកាត់ភ្លើង កាត់អ៊ីនធឺណិត កម្ពុជា មិនចាំបាច់ឱ្យលោកជំទាវ កាត់ទេ យើងកាត់មុន»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំទៅកាន់ប្រជាពលរដ្ឋថៃផងដែរ ឱ្យមើលឱ្យច្បាស់ពីល្បិចរបស់មេដឹកនាំថៃ ថាយ៉ាងមិច? យ៉ាងណាមិញ សម្ដេចបានបញ្ជាក់ថា សម្ដេចមិនបានបន្ទោសបក្សភឿថៃនោះទេ ប៉ុន្តែសម្ដេចបន្ទោទៅលើតួអង្គអ្នកដឹកនាំ ដែលខ្វះការទទួលខុសត្រូវ មិនស្មោះត្រង់ជាមួយប្រជាជនខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយដៃគូសន្ទនាទៀត។

សម្ដេចបានដាក់ទម្ងន់ថា៖ «បើពលរដ្ឋខ្លួនឯងមិនស្មោះត្រង់ជាមួយផង តើយើងជឿទុកចិត្តយ៉ាងមិចបាន»?

កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ទៅលើការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មគ្រប់ប្រភេទមិនមែន តែអនឡាញនោះទេ ជួញដូរមនុស្ស លាងលុយកង្វក់ គ្រឿងញៀនជាដើម។ នេះបើតាមការបញ្ជាក់ច្បាស់ៗពីសម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃប្រទេសកម្ពុជា៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣២៧,៧៩ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៨៥ភាគរយដល់៣២៩៩,៤៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៩៦ភាគរយដល់៣៣១៥,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨០,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,២៦ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,១៥ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបង្ហើបពីផែនការសាងសង់SAMNANG TOWN ដែលគ្រោងចំណាយទុន៥០០លានដុល្លារ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានបង្ហើបពីគម្រោងធំមួយ ដោយសាងសង់ក្រុងសំណាង (SAMNANG TOWN) ដែលរួមមានខុនដូ វីឡាលើអាកាស ផ្ទះអាជីវកម្ម មន្ទីរពេទ្យ ផ្សារ ការិយាល័យ សណ្ឋាគារ និងសាលារៀន ចំនួន ១០កន្លែង នៅក្នុងរាជធានីភ្នំពេញ។

សរសេរតាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា “តើលោកអ្នកនៅតែស្រលាញ់ រាប់អាន និងគាំទ្រខ្ញុំបាទ គីម ហ៊ាង ឬទេ បើសិនជាខ្ញុំបាទគីម ហ៊ាង សាងសង់ទីក្រុងសំណាង (SAMNANG TOWN) ដែលរួមមានខុនដូ វីឡាលើអាកាស ផ្ទះអាជីវកម្ម មន្ទីរពេទ្យ ផ្សារ ការិយាល័យ សណ្ឋាគារ និងសាលារៀនអោយបាន១០ កន្លែងនៅក្នុងរាជធានីភ្នំពេញ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញនូវការយល់ឃើញថា សហរដ្ឋអាមេរិក ចិន រុស្សី អង់គ្លេស និងបារាំង ដែលជាសមាជិកអចិន្រ្ទៃយ៍របស់អង្គការសហប្រជាជន នឹងមិនធ្វើប្រហែសឱ្យកើតមានសង្រ្គាមលោកលើកទី៣ ជាដាច់ខាត។

លោកបញ្ជាក់ថា “យើងត្រូវទុកចិត្ត១០០% លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងសង្គមកិច្ច”។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា បើមានកម្លាំង សូមត្រៀមកម្លាំង បើមានគំនិត សូមត្រៀមគំនិត បើមានលុយ សូមត្រៀមលុយ សម្រាប់លោកអ្នក ដែលចង់ក្លាយជាចំណែកតូច ឬធំណាមួយរបស់ ទីក្រុងសំណាង (SAMNANG TOWN) ឬអាជីវកម្មណាមួយរបស់លោកឧកញ៉ា ព្រោះដំណឹងល្អធំមួយនឹងត្រូវប្រកា​សនៅចុងឆ្នាំ ២០២៥ ខាងមុខនេះ។

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។

ចំណែកក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានទទួលពានរង្វាន់ពីស្ថាប័ន អន្តរជាតិមួយ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ គម្រោង “ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរបស់កម្ពុជា” ដែលឈ្នះពានរង្វាន់គម្រោងល្អបំផុតរបស់Mino នៅក្នុងប្រភេទ១ (Winning the Mino Best Project Award in Category I) “ផ្លូវដែលមានបរិមាណខ្ពស់” (High Volume Roads)៕

ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានលើកឡើងក្នុងក្នុងពេល លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាជាមួយលោកបណ្ឌិត Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុន Minconsult Sdn Bhd សមាជិកក្រុមប្រឹក្សា និងជាប្រធានគណៈកម្មការអាហារូបករណ៍ សមាគមវិស្វកម្មផ្លូវថ្នល់ប្រចាំអាស៊ី និងអូស្ត្រាលី (REAAA) កាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ។

ជំនួបនេះធ្វើឡើងដើម្បីអបអរសាទរគម្រោង “ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរបស់កម្ពុជា” ដែលឈ្នះពានរង្វាន់គម្រោងល្អបំផុតរបស់Mino នៅក្នុងប្រភេទ១ (Winning the Mino Best Project Award in Category I) “ផ្លូវដែលមានបរិមាណខ្ពស់” (High Volume Roads) និងការអញ្ជើញលោករដ្ឋមន្ត្រី ដើម្បីចូលរួមពិធីសន្និបាតមីណូលើកទី៣ ពានរង្វាន់គម្រោងល្អបំផុត ដែលនឹងត្រូវប្រារព្ធឡើងរួមជាមួយនឹងពិធីបិទកម្មវិធីសន្និសីទ (REAAA) លើកទី១៧ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហ៊្គូយ៉ាង ប្រទេសកូរ៉េខាងត្បូង ពីសមាគមវិស្វកម្មផ្លូវថ្នល់នៃអាស៊ី និងអូស្ត្រាលី៕