ក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Hapag-Lloyd ទទួលបានការបញ្ជាទិញទំនិញច្រើនពីកម្ពុជា ថៃ និងវៀតណាម សម្រាប់នាំចេញទៅកាន់អាមេរិក

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: អតិថិជនរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមរយៈផ្លូវសមុទ្រ Hapag-Lloyd របស់ប្រទេសអាល្លឺម៉ង់ បានសម្រេចលុបចោលចំនួន៣០ភាគរយនូវការបញ្ជាទិញទំនិញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក ដោយសារជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ផ្ទុយ​ទៅ​វិញ តម្រូវ​ការ​បញ្ជាទិញទំនិញ​មកពី​ប្រទេស​ថៃ កម្ពុជា និង​វៀតណាម មាន​ការ​កើន​ឡើង​យ៉ាង​គំហុក។នេះបើយោងតាមការឱ្យដឹងពីអ្នកនាំពាក្យក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមរយៈផ្លូវសមុទ្រ Hapag-Lloyd ។

អ្នកនាំពាក្យរូបនោះបានគូសបញ្ជាក់ថា ក្នុងករណីមួយចំនួន ក្រុមហ៊ុន Hapag-Lloyd បាននិងកំពុងប្រើប្រាស់នាវាតូចៗសម្រាប់បើកបរនៅលើផ្លូវឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដោយរក្សាទុកចំនួននាវាឆ្លងកាត់ឱ្យនៅដដែល។

មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្រមានកាលពីពេលថ្មីៗនេះថា កំណើនសេដ្ឋកិច្ចសកលនឹងថយចុះនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារឥទ្ធិពលនៃការដំឡើងពន្ធដ៏ខ្ពស់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្ម។

យ៉ាងណាមិញ លោក ត្រាំ បានបង្ហាញពីសុទិដ្ឋិនិយមថា លោកនឹងជំរុញឱ្យមានវឌ្ឍនភាពនៃការចរចារកិច្ចព្រមព្រៀងជាមួយប្រទេសចិន ក្នុងគោលបំណងកាត់បន្ថយអត្រាពន្ធសងសឹកគ្នាទៅវិញទៅមកយ៉ាងច្រើនលើសលប់លើការដោះដូរទំនិញរវាងប្រទេសមហាអំណាចទាំង២។

បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើនត្រូវបានគេរំពឹងថា នឹងព្យាយាមរិះរកវិធីសាស្រ្តផ្សេងៗក្នុងគោលដៅដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមលោកស្រី Lavanya Venkateswaran សេដ្ឋវិទូនៅធនាគារសិង្ហបុរី OCBC ។

លោកស្រីបានបន្តទៀតថា “ក្នុងរយៈពេលខ្លី អាជ្ញាធរ ឬរដ្ឋាភិបាលរបស់ប្រទេសនានាត្រូវដាក់ចេញនូវគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីផ្តល់ការគាំទ្រដល់វិស័យ ដែលរងផលប៉ះពាល់។ សម្រាប់រយៈពេលមធ្យម អាជ្ញាធរត្រូវធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងការវិនិយោគ”៕ប្រភព: Reuters៕

Hapag-Lloyd says 30% of China’s US bound shipments have been cancelled

Demand surges for consignments from Thailand, Cambodia, and Vietnam

Hapag-Lloyd customers have cancelled 30 per cent of shipments to the United States from China, spooked by the trade conflict between the world’s two largest economies, a spokesperson for the German container shipping group told Reuters on Wednesday (Apr 23).

Instead, there has been a “massive increase” in demand for consignments from Thailand, Cambodia and Vietnam, the spokesperson added.

Tariffs on goods from China introduced by US President Donald Trump have triggered a trade conflict that has resulted in 145 per cent US duties on Chinese goods and 125 per cent Chinese duties on US goods.

The spokesperson said the company was using smaller vessels on the route to the US in some cases, while keeping the number of passages unchanged.

The International Monetary Fund warned on Tuesday that global economic output will slow in the months ahead as Trump’s steep tariffs on virtually all trading partners begin to bite.

Trump later on Tuesday expressed optimism that he would make progress with China that would substantially lower tariffs on its imports but also warned that “if they don’t make a deal, we’ll set the deal”.

Source: REUTERS

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានបង្ហាញសញ្ញានៃការថយចុះនាពេលថ្មីៗនេះ ដោយបានជះផលប៉ះពាល់ទៅលើតម្រូវការទ្រព្យសកម្មដ៏មានសុវត្ថិភាព ដូចជាមាស។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៧៤ភាគរយដល់៣២៩៣,៤៩ដុល្លារក្នុងមួយអោន។ ចំណែក តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៩ភាគរយដល់៣៣០៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹយងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងដល់ត្រឹម៩៩,៦៣ពិន្ទុនាព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៩,៤៧ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៧៦ភាគរយដល់៣២,៧៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០១ភាគរយដល់៩៧៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៩ភាគរយដល់៩៣៨,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៥នាទីព្រឹក៕

តើកត្តាអ្វីខ្លះធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាពិភពជំនួញរបស់បណ្តាអ្នកវិនិយោគអចលនទ្រព្យ?

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះជាមានឧបសគ្គជាច្រើនក្នុងរយៈពេល១ទសវត្សរ៍កន្លងមកយ៉ាងណាក្តី ក៏សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅតែមានភាពរឹងមាំ ហើយសិង្ហបុរីជាពិភពនៃការវិនិយោគលើអចលនទ្រព្យ ដោយទាក់ទាញទាំងបណ្តាអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។

គោលនយោបាយអត្រាការប្រាក់សកលនឹងត្រូវបានទាញទម្លាក់ចុះ ស្របពេលសង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកើនឡើងកំដៅ។ ការណ៍នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ការវិនិយោគអចលនទ្រព្យ។ហេតុនេះ ក្រុមអ្នកជំនាញបានធ្វើការវាយតម្លៃថា បណ្តាអ្នកវិនិយោគប្រកបដោយចក្ខុវិស័យវែងឆ្ងាយគ្រោងនឹងបន្តបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរី។

យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានរកឃើញថា តាមរយៈការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនៅឆ្នាំនេះ វិនិយោគិនភាគច្រើនក្នុងប្រទេសសិង្ហបុរីគ្រោងទិញអចលនទ្រព្យក្នុងចំនួនដូចគ្នានឹងឆ្នាំមុន ឬអាចទិញអចលនទ្រព្យច្រើនជាងឆ្នាំមុនទៅទៀត។

នៅក្នុងក្របខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិក (Apac) ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ទាក់ទាញបំផុតលំដាប់ទី៣ សម្រាប់ការវិនិយោគអចលនទ្រព្យឆ្លងដែន បន្ទាប់ពីទីក្រុងតូក្យូរបស់ប្រទេសជប៉ុន និងទីក្រុងស៊ីដនីរបស់ប្រទេសអូស្ត្រាលី។

កត្តាវិជ្ជមានផ្សេងៗ រួមមានដូចជា ស្ថិរភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច បរិយាកាសធុរកិច្ចល្អប្រសើរ និងភាពអព្យាក្រឹតលើគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលសិង្ហបុរី បានផ្តល់ទំនុកចិត្តដល់ក្រុមវិនិយោគិន។នេះបើយោងតាមសារព័ត៌មាន The Business Times។

តាមរយៈកត្តាទាំងនេះ ទីផ្សារអចលនទ្រព្យសិង្ហបុរីបានក្លាយជាទីចាប់អារម្មណ៍របស់បណ្តាអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ ដែលមានគោលដៅធ្វើពិពិធកម្មផលបត្រ និងស្វែងរកគោលដៅសុវត្ថិភាពសម្រាប់រក្សាទុកទ្រព្យសម្បត្តិផ្ទាល់ខ្លួន៕ប្រភព: The Business Times៕

ឥណ្ឌូនេសុីគ្រោងបើកដាក់ឱ្យដំណើរការទីក្រុងដ៏ធំមួយនៅលើកោះបាលីក្នុងខែសីហាខាងមុខ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសឥណ្ឌូនេសុីកំពុងសម្រុកសាងសង់គម្រោងទីក្រុង “Nuanu Creative City”ក្រោមទំហំទុនវិនិយោគចំនួន៧០លានដុល្លារអាមេរិកនៅលើកោះបាលី ដោយរួមមានអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម។នេះបើយោងតាមកាសែត Jakarta Globe។

កោះបាលីត្រូវបានគេទទួលស្គាល់ថា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់ពិភពលោក ដោយសារសម្រស់ធម្មជាតិ និងបេតិកភណ្ឌវប្បធម៌នៅលើកោះនេះ។ កោះបាលីបានទាក់ទាញភ្ញៀវទេសចរណ៍បរទេសចំនួនជាង៦,៣លាននាក់មកពីជុំវិញពិភពលោកកាលពីឆ្នាំ២០២៤ ដោយបានវ៉ាដាច់កម្រិតមុនការរាតត្បាតនៃជំងឺកូវីដ-១៩ និងកើនឡើង២០,១ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។

គម្រោងទីក្រុង “Nuanu Creative City”ស្ថិតនៅលើផ្ទៃដីទំហំ៤៤ហិកតាតាមបណ្តោយឆ្នេរសមុទ្រនៅក្នុងទីក្រុង Tabanan របស់កោះបាលីក៏បានប្រកាសបើកទ្វារចំហចំពោះបណ្តាវិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេសផងដែរ។

តំបន់ទីក្រុង Nuanu Creative City ដែលរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត ឬនវានុវត្តន៍ សិល្បៈ និងការរស់នៅ កំពុងបន្តស្ថិតក្រោមការអភិវឌ្ឍន៍ និងគ្រោងបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅខែសីហា ឆ្នាំ២០២៥នេះ។

គម្រោងទីក្រុងនេះបានចំណាយទុនវិនិយោគជាង៣០លានដុល្លារលើការងារហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធលូ។ បច្ចុប្បន្ន គម្រោងនេះកំពុងស្វែងរកបណ្តាអ្នកវិនិយោគ ដែលចាប់អារម្មណ៍ក្នុងការកសាងគម្រោងលំនៅដ្ឋាន និងអគារពាណិជ្ជកម្មនៅក្នុងទីក្រុងប្រកបដោយភាពច្នៃប្រឌិត។

លោក Lev Kroll នាយកប្រតិបត្តិរបស់គម្រោងទីក្រុង Nuanu Creative City បានអះអាងថា យើងនឹងបើកចំហដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍ទីក្រុង Nuanu ដល់បណ្តាវិនិយោគិនផ្សេងទៀតដើម្បីសហការគ្នា។

លោកបញ្ជាក់បន្ថែមថា គម្រោងនេះទទួលបានការចាប់អារម្មណ៍ និងការសាកសួរជាច្រើនពីបណ្តាអ្នកវិនិយោគមកពីបណ្តាប្រទេសចំនួន១២ ហើយយើងកំពុងធ្វើការរៀបចំកិច្ចព្រមព្រៀងនានាដើម្បីសហការគ្នា៕ប្រភព: Jakarta Globe៕

បណ្តាមូលនិធិ​ធំៗក្នុងតំបន់អាស៊ី​គ្រោងទាក់ទាញ​ទុនវិនិយោគចំនួន៣៥ពាន់​លាន​ដុល្លារចូល​ក្នុង​ប្រទេស​វៀតណាម

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនមូលធនឯកជនជាច្រើនក្នុងតំបន់អាសុីបានសហការគ្នាក្នុងការបង្កើតសម្ព័ន្ធភាពមួយ ក្នុងគោលបំណងសម្របសម្រួលទុនវិនិយោគចំនួន៣៥ពាន់លានដុល្លារអាមេរិកចូលទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេល១ទសវត្សរ៍ខាងមុខ។

សម្ព័ន្ធភាពត្រូវបានបង្កើតឡើងរវាងបណ្តាក្រុមហ៊ុនមូលធនឯកជននានា ដូចជាក្រុមហ៊ុន Golden Gate Ventures ក្រុមហ៊ុន Do Ventures និងក្រុមហ៊ុន Monk’s Hill Ventures ដោយដាក់ឈ្មោះសម្ព័ន្ធភាពនេះថា “ទីភ្នាក់ងារមូលធនឯកជនវៀតណាម”។

លោក Vinnie Lauria សមាជិកក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារខាងលើបានមានប្រសាសន៍ឱ្យដឹងថា ការចងសម្ព័ន្ធភាពនេះមានគោលដៅដើម្បីជួយសម្រួលដល់ការវិនិយោគក្នុងវិស័យនានា រាប់ចាប់ពី វិស័យកសិកម្មដល់ការអប់រំ និងការថែទាំសុខភាព។

លោក Lauria ក្នុងនាមជាដៃគូស្ថាបនិកក្រុមហ៊ុន Golden Gate បានអះអាងថា “វៀតណាមជាទីផ្សារដ៏មានសក្តានុពល។ ការសម្រេចបង្កើតទីភ្នាក់ងារមូលធនឯកជនវៀតណាម ដោយសារយើងសង្កេតឃើញមានការវិវឌ្ឍន៍សំខាន់ៗក្នុងប្រទេសវៀតណាម រួមមានការដំឡើងប្រាក់ឈ្នួល កំណើនសេដ្ឋកិច្ច កំណើនលំហូរ FDI កំណើននៃការនាំចេញក្រោយវិបត្តិជំងឺកូវីដ-១៩ កម្មវិធីនវានុវត្តន៍ថ្មីរបស់រដ្ឋាភិបាលវៀតណាម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស”។

បណ្តាអ្នកវិនិយោគជាច្រើនបានបង្ហាញក្តីសង្ឃឹមខ្ពស់ចំពោះសក្តានុពលរបស់ប្រទេសនេះ ស្របពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនកំពុងជំរុញឱ្យក្រុមហ៊ុនអន្តរជាតិធំៗផ្លាស់ប្តូរទីតាំងរោងចក្រ និងកំណត់គោលដៅទីផ្សារថ្មី។

ជាមួយគ្នានេះ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមត្រូវបានគេរំពឹងថា នឹងកើនឡើងលើសទំហំទឹកប្រាក់៩០ពាន់លានដុល្លារក្នុងឆ្នាំ២០៣០ បើធៀបនឹង ៣០ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍រួមពីក្រុមហ៊ុន Google ក្រុមហ៊ុន Temasek Holdings និងក្រុមហ៊ុន Bain & Co។

និន្នាការនៃការចាប់ផ្តើមបើកអាជីវកម្មថ្មី ឬ Start-up របស់វៀតណាមបានផ្ទុះឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារការកើនឡើងនៃក្រុមហ៊ុនដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍ហ្គេម VNG Corp។ ប៉ុន្តែ វិស័យបច្ចេកវិទ្យារបស់ប្រទេសនេះបានជួបបញ្ហាប្រឈមក្នុងការការស្រូបទាញដើមទុន ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ច ក្រោយផ្ទុះវិបត្តិជំងឺរាតត្បាតសកល។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google បានឱ្យដឹងថា កាលពីឆ្នាំ២០២១ ប្រទេសវៀតណាមបានទាក់ទាញទុនវិនិយោគពីទីផ្សារបច្ចេកវិទ្យា Start-up ចំនួន២,៦ពាន់លានដុល្លារតាមរយៈកិច្ចព្រមព្រៀងឯកជនចំនួន២៣៣ កើនឡើងពីចំនួន៧០០លានដុល្លារតាមរយៈការចុះកិច្ចព្រមព្រៀងចំនួន១៤០ ក្នុងឆ្នាំ២០២០៕ប្រភព: Bloomberg៕

ទីផ្សារលំនៅដ្ឋានហុងកុងពឹងផ្អែកខ្លាំងទៅលើស្ថានភាពសេដ្ឋកិច្ច និងទំនុកចិត្តអ្នកទិញ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការកើនឡើងនៃសង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកកំពុងជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចិនដីគោក ដែលមានគោលបំណងទិញផ្ទះនៅក្នុងតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ។

ការធ្លាក់ចុះនៃទំនុកចិត្តក៏បណ្តាលមកពីភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យនៃការដាំក្បាលចុះរបស់តម្លៃរូបិយបណ្ណក្នុងស្រុក។ កត្តាទាំងនេះបានជះផលប៉ះពាល់ទៅលើទីផ្សារលំនៅដ្ឋានហុងកុង។នេះបើយោងតាមកាសែត South China Morning Post ។

លោក Joseph Tsang ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Hong Kong បានលើកឡើងថា “ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងពឹងផ្អែកយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច ដែលច្បាស់ជានឹងរងផលប៉ះពាល់ពីសង្រ្គាមពាណិជ្ជកម្ម ដោយជៀសមិនរួច”។

លោកបានគូសបញ្ជាក់បន្ថែមថា ទិសដៅសេដ្ឋកិច្ចនាពេលបច្ចុប្បន្នមិនមានភាពអំណោយផលសម្រាប់ទស្សនវិស័យលើតម្លៃផ្ទះនៅទីក្រុងហុងកុងនោះទេ។

ជាមួយគ្នានេះ រដ្ឋាភិបាលចិនត្រូវបានគេរំពឹងថា អាចនឹងអនុញ្ញាតឱ្យមានការធ្លាក់ថ្លៃចុះបន្ថែមទៀតនៃរូបិយបណ្ណជាតិរបស់ខ្លួន នៅក្នុងគោលបំណងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញចិន ដែលនាំចេញទៅកាន់អាមេរិក។

លោក Chau Kwong-wing សាស្ត្រាចារ្យស្រាវជ្រាវអចលនទ្រព្យនៅសាកលវិទ្យាល័យ University of Hong Kong បានអះអាងថា ការធ្លាក់ថ្លៃចុះនៃប្រាក់យ័ននឹងជះឥទ្ធិពលអវិជ្ជមានដល់តម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងហុងកុង។

ខណៈពេលដែលមានភាពចលាចលនៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក តម្លៃប្រាក់យ័នរបស់ប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុត ដោយធ្វើការជួញដូរក្នុងតម្លៃចំនួន៧,៤២យ័នក្នុងមួយដុល្លារអាមេរិកកាលពីពេលកន្លងទៅថ្មីៗនេះ៕ប្រភព: SCMP៕

គម្រោងអគារខ្ពស់កប់ពពក Goldin Finance 117 របស់ប្រទេសចិន គ្រោងបើកដំណើការសាងសង់ឡើងវិញ ក្រោយផ្អាកជិត១០ឆ្នាំ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឱ្យដឹងថា គម្រោងសាងសង់អគារខ្ពស់កប់ពពក Goldin Finance 117 អាចនឹងចាប់ផ្តើមដំណើរការឡើងវិញនៅដើមសប្តាហ៍ក្រោយ បន្ទាប់ពីបានជាប់គាំងអស់រយៈពេលជិត១០ឆ្នាំកន្លងមក។

គម្រោងអគារ Goldin Finance 117 កម្ពស់៥៩៧ម៉ែត្រ នេះមានទីតាំងស្ថិតនៅទីក្រុងកំពង់ផែ Tianjin ភាគខាងជើងនៃប្រទេសចិន។ ប៉ុន្តែ គម្រោងនេះត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៥ ដោយភាពតានតឹងផ្នែកហិរញ្ញវត្ថុ។

នាពេលនេះ ការសាងសង់អគារ Goldin Finance 117 ត្រូវបានគេរំពឹងថា នឹងបញ្ចប់រួចរាល់នៅក្នុងឆ្នាំ២០២៧ខាងមុខ។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយសារព័ត៌មានអាមេរិក CNN។

កាលពីដំបូងឡើយ អគារកំពស់១១៧ជាន់នេះធ្លាប់ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតរបស់ប្រទេសចិន,នៅពេលគម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០០៨។ ប៉ុន្តែ បច្ចុប្បន្ន អគារ Shanghai Tower ជាអគារខ្ពស់ជាងគេទី១ នៅប្រទេសចិន ដែលមានកំពស់៦៣២ម៉ែត្រ និងមាន១២៨ជាន់។

អគារ Goldin Finance 117 ត្រូវបានសាងសង់ ដោយប្រើសសរយក្ស(Mega column) ដើម្បីទប់ទល់ពេលខ្យល់បក់បោកខ្លាំង និងធន់នឹងការរញ្ជួយដី។ នៅជាន់ខាងលើនៃអគារនេះនឹងមានការិយាល័យ និងសណ្ឋាគារលំដាប់ផ្កាយ៥។នេះបើយោងតាមក្រុមហ៊ុនស្ថាបត្យកម្ម P&T Group ។

គម្រោងអគារខ្ពស់កប់ពពកនេះបានជាប់គាំង បន្ទាប់ពីការដាំក្បាលចុះនៃទីផ្សារភាគហ៊ុនចិនកាលពីឆ្នាំ២០១៥។ ការណ៍នេះបានធ្វើឱ្យអនាគតរបស់ក្រុមហ៊ុន Goldin Properties Holdings ដែលជាម្ចាស់គម្រោងអគារ Goldin Finance 117 ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា៕ប្រភព: CNN៕

ប្រទេសម៉ាឡេសុីគ្រោងសាងសង់ទីក្រុងឧស្សាហកម្មខ្នាតយក្សថ្មីមួយតាមផ្លូវសមុទ្រ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡសុីគ្រោងសាងសង់ទីក្រុងឧស្សាហកម្មតាមផ្លូវសមុទ្រ “Lumut”ស្ថិតក្នុងរដ្ឋ Perak ក្នុងគោលបំណងទាក់ទាញការវិនិយោគឱ្យបានក្នុងទំហំទឹកប្រាក់ចំនួន៧២ពាន់លានរីងហ្គីត(ប្រមាណ១៦,៤ពាន់លានដុល្លារអាមេរិក)ក្នុងរយៈពេល២៥ឆ្នាំ។

ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងខ្នាតយក្សនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៦ ខណៈដំណាក់កាលដំបូងនៃគម្រោងគ្រោងបើកដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០៣០ខាងមុខ។

ទីក្រុងនេះនឹងលាតសន្ធឹងលើផ្ទៃដីទំហំ៩.៣០៧ហិកតា តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចរបស់រដ្ឋ Perak។គម្រោងនេះត្រូវបានរចនាឡើងដើម្បីបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវសមុទ្រ និងជាតំបន់ឧស្សាហកម្មប្រកបដោយនិរន្តរភាព ដែលផ្តោតលើការបង្កើតតម្លៃបន្ថែម និងភាពច្នៃប្រឌិត។

គម្រោងសាងសង់ទីក្រុងឧស្សាហកម្មតាមផ្លូវសមុទ្រ “Lumut”កើតចេញពីការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Perak State Development Corporation និងក្រុមហ៊ុនPort of Antwerp-Bruges International (PoABI) ដែលមានមូលដ្ឋាននៅប្រទេសបែលហ្សិក។

យោងតាមលោក Rafael Daerr ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ការគាំទ្រមូលនិធិនាពេលអនាគតសម្រាប់ការអភិវឌ្ឍន៍គម្រោងនេះអាចមានប្រភពយមកពីសហភាពអឺរ៉ុបតាមរយៈប្រាក់កម្ចី ឬជំនួយឥតសំណង រួមទាំងការចូលរួមរបស់ធនាគារវិនិយោគអឺរ៉ុប (EIB)។

លោក Daerr បានបន្ថែមថា “ការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ ប៉ុន្តែ គម្រោងទីក្រុង LuMIC នេះស្របតាមគោលដៅរបស់ EU ក្រោមយុទ្ធសាស្ត្រ Global Gateway។ គម្រោងនេះមានសក្តានុពលក្នុងការក្លាយជាច្រកទ្វារដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកប្រកបដោយស្តង់ដារខ្ពស់រវាងម៉ាឡេស៊ី និងអឺរ៉ុប”។

យោងតាមការសិក្សាដោយក្រុមហ៊ុនអឺរ៉ុប PoABI បានបង្ហាញថា គម្រោងសាងសង់ទីក្រុងឧស្សាហកម្មតាមផ្លូវសមុទ្រ Lumut មានសក្តានុពលខ្ពស់លើផ្នែកនានា ដូចជាថាមពលបៃតង ការកែច្នៃកប៉ាល់ វិស្វកម្មផ្លូវសមុទ្រ និងបច្ចេកវិទ្យា 3D៕ប្រភព: The Edge Malaysia៕

ស្ពានមិត្តភាពកម្ពុជា កូរ៉េគ្រោងនឹងបើកការដ្ឋានសាងសង់ផ្លូវការនៅឆ្នាំ២០២៦​ ខាងមុខ

ចូលរួមក្នុង Chanel : Property Area Asia ដើម្បីទទួលបានព័ត៌មានយ៉ាងឆាប់រហ័ស

ទីស្ដីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសិក្សាលម្អិត (Detailed Design) នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការអញ្ជើញចូលរួមពីសមាជិកអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានីភ្នំពេញ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច (EDCF) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការងារសិក្សាលម្អិតនៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ របស់ទីប្រឹក្សាបច្ចេកទេសកូរ៉េ Yooshin JV ក៏ដូចជាពិនិត្យលើបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប ក្នុងន័យជំរុញការងារសិក្សាឱ្យសម្រេចតាមផែនការដែលបានគ្រោងទុក។

សូមជម្រាបថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់ខ្សែកាប (Cable-Stayed) ចំនួនពីរ គឺស្ពានទីមួយឆ្លងកាត់ទន្លេសាប (ពីសង្កាត់វត្តភ្នំ ទៅកាន់សង្កាត់ជ្រោយចង្វារ) និងស្ពានទីពីរឆ្លងកាត់ទន្លេមេគង្គ (ពីសង្កាត់ជ្រោយចង្វារ ទៅកាន់សង្កាត់អរិយក្សត្រ) ដែលមានប្រវែងសរុបប្រមាណ ៣,៥ គ.ម។ បើគិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ការងារសិក្សាលម្អិតសម្រេចបានប្រមាណ ៥៦,៧៧% ហើយគ្រោងនឹងបញ្ចប់ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៥ មុននឹងបន្តរៀបចំនីតិវិធីកិច្ចលទ្ធកម្មជ្រើសរើសក្រុមហ៊ុនសាងសង់។ តាមការគ្រោងទុក គម្រោងនេះគ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។

 

ក្រោយបញ្ចប់ការសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាស្ពាននិមិត្តរូបដ៏សំខាន់ និងមានអត្ថន័យ ដោយស្ពាននេះនឹងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ការកាត់បន្ថយថិរវេលា និងថវិកាក្នុងការធ្វើដំណើរ ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ការលើកកម្ពស់វិស័យកសិកម្ម និងពាណិជ្ជកម្ម៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube