ប្រូម៉ូសិន Year-End Celebration ឆ្នាំនេះ បុរី ប៉េង ហួត លេងឈុតធំ ទិញហើយចំណេញខ្លាំងៗ!

0

សម្រាប់អតិថិជនដែលមានបំណងចង់ទិញ​គេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តង ព្រោះថានៅក្នុងខែធ្នូ ឆ្នាំ2024 នេះ ក្រុមហ៊ុន បុរី ប៉េង ហួត បានផ្តល់ជូននូវប្រូម៉ូសិនដ៏ធំសម្បើមដើម្បីជាកាដូចុងឆ្នាំ គឺ Year-End Celebration ជាមួយនឹងការផ្តល់ជូនខ្នាតធំជាច្រើនសម្រាប់រាល់ការទិញផ្ទះគ្រប់គម្រោង។

ប្រូម៉ូសិន Year-End Celebration រួមមាន៖

  • ទិញផ្ទះ ទទួលបាន Condo 1 Unit ភ្លាមៗ ​
  • ទទួលបានឡានអាគុយ សេរីទំនើប 1គ្រឿង
  • ​ដំណើរកម្សាន្តទៅកាន់​ប្រទេសកូរ៉េ ឬ ទៅកាន់រីសត The Royal Sands កោះរ៉ុង ជាមួយមនុស្សជាទីស្រលាញ់យ៉ាងផ្អែមល្ហែម
  • គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល

មិនតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានការបង្វិលកងសំណាងដើម្បីឈ្នះរង្វាន់ដូចជា៖

  • ទូរសព្ទ iPhone 16 Pro ឬ 16 Pro Max 1 គ្រឿង
  • Voucher ញ៉ាំអាហារបូហ៊្វេបែបប្រេស៊ីលលក្ខណៈគ្រួសារ
  • ការបញ្ចុះតម្លៃជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់

បន្ថែមពីនេះទៀត គឺការផ្ដល់ជូនការកាត់ប្លង់រឹងដោយឥតគិតថ្លៃពីបុរី ប៉េង ហួត សម្រាប់ការទិញផ្ទះដែលសាងសង់រួច 100% ហើយអតិថិជនប្រើកម្ចីពីធនាគារ ហុង លីអុង។

គួររម្លឹកផងដែរថា​ គម្រោងបុរី ប៉េង ហួត​ មានទីតាំងស្ថិតនៅតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញរួមមានគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ស្ថិតក្នុងខណ្ឌច្បារអំពៅមានផ្ទៃដីសរុបប្រមាណ ៤០០ហិកតាជាសហគមន៍ទំនើបចម្រុះហ៊ុមព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗយ៉ាងសម្បូរបែប។ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញរួមមានគម្រោងធំៗដូចជាគម្រោងដឹស្តា ដាយមិន(ផ្លូវ ៦០ម៉ែត្រ)មានទីតាំងស្ថិតតាមបណ្តោយមហាវិថីសម្តេចតេជោ ឬហៅកាត់ថាផ្លូវ ៦០ម៉ែត្រ និងគម្រោងដឹស្តា មេរា ហ្កាដិន (ផ្លួវ ៥០ម៉ែត្រ) មានទីតាំងស្ថិតតាមបណ្តាយផ្លូវក្រវ៉ាត់ក្រុងទី២ ឬហៅកាត់ថាផ្លូវ ៥០ម៉ែត្រ។ រីឯភាគខាងជើងនៃរាជធានីភ្នំពេញក៏មានគម្រោង ដឹស្តា មុនីរាហ៍ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ 6A តែម្តង។  គ្រប់គម្រោងរបស់ក្រុមហ៊ុនមានប្រភេទផ្ទះជាច្រើនយ៉ាងសម្បូរបែប​ រាប់ចាប់ពីខុនដូ​ វីឡាកូនកាត់​ ហ្សបហោស៍​ វីឡាភ្លោះ​ រហូតដល់វីឡាទោល​ ហើយក្នុងប្រភេទផ្ទះនីមួយៗមានច្រើនម៉ូដច្រើនជម្រើសអាស្រ័យទៅតាមតម្រូវការរបស់អតិថិជនគ្រប់លំដាប់ថ្នាក់។

នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ នៅគ្រប់ទីតាំងការិយាល័យ ឬទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង និងទាក់ទងតាមទូរសព្ទលេខ៖ 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗។

សញ្ញាវិជ្ជមាន៖ ប្រធានាធិបតីចិន ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

0

(ប៉េកាំង, ចិន)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគាំទ្រ​គម្រោង​ព្រែក​​ជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាថ្មីក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស​ប្រជា​ជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រ​ដល់កិច្ច​អភិ​វឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពី​សំណាក់​​ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏​បាន​ជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ជជែកដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា លោកប្រធានាធិបតីចិន បាន​បង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។

សម្តេចតេជោ ហ៊ុន សែន បាន​ថ្លែង​អំណរគុណប្រធានាធិបតី ស៊ី ជីនពីង ចំពោះការ​គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីក​ហ្វូ​ណន​តេជោ មិនមែនជាគម្រោងថ្មីទេ ជា​គម្រោងមានតាំងពីសម័យព្រះបាទ​អង្គ​ឌួង។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯក​រាជ្យ​ភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រ​ ដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្ត​រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹក​បុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក​ធម្មជាតិដែល​មាន​ស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨​គីឡូ​ម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយ​ចម្ងាយ​តភ្ជាប់​ទៅកាន់សមុទ្រ។

គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាង​មុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក៕

Shenzhen’s US$2.5 billion land sale is a bright spot for China’s sluggish property market

0

A tract of land in Shenzhen sold for a record price, reflecting improved confidence in the nation’s property market after authorities unveiled a series of measures to combat a prolonged countrywide slowdown.

Developers China Overseas Land and Investment and China Resources Land jointly paid 18.5 billion yuan (US$2.54 billion) for a 263,000-square-metre (2.83 million square feet) parcel in a bustling business zone in the city’s Nanshan district, which was 46 per cent higher than the starting price. The property was sold after nearly 300 rounds of bidding.

It was the most expensive land sale in the city’s history, according to data from Centaline Property’s Shenzhen branch, besting a 14 billion yuan sale of a residential plot in 2016.

The site is near an emerging business zone, where office buildings house tenants like Alibaba Group Holding, Xiaomi and Lenovo. According to an official notice, the winning bidders plan to erect commercial buildings, residential units and serviced flats on the land.

“The land site is not subject to the restrictions that limit the price of the residential projects built on the land, marking a shift to market-oriented pricing for Shenzhen, which would stabilise housing prices and support a bullish market outlook,” said Sun Hongmei, an analyst with China Index Academy, a Beijing-based think tank.

Source: SCMP

Five booming businesses driving Phuket’s land prices sky high

0

Phuket, the island resort province in the Andaman Sea, in the South of Thailand, is enjoying a booming economy and increasing land prices, thanks to the growth of supporting businesses, leading property developer Sansiri Plc said on Friday.

Driven mainly by tourism, Phuket’s economy is estimated to be worth around 500 billion baht, making it the second biggest economy following Bangkok, Sansiri chief executive Uthai Uthaisangsuk said.

The growing economy has increased demand for land on the island, driving the price up this year by 30-40%, he said. Land in rarer zones, such as beachside, are now sold at nearly 100 million baht per rai (1,600 square metres), he revealed.

Uthai said five businesses in Phuket had contributed to this trend: restaurants, residential property projects, international schools, hospitals and health-related centres, and marina businesses.

“These businesses have been booming since the end of the Covid-19 outbreak, attracting both tourists and investors to Phuket, which has become the perfect location for a second home for affluent individuals and businesspeople,” he said.

Uthai said the trend was also supported by the government’s policy of pushing Thailand to become a regional and global hub in logistics, tourism, aviation and healthcare with the development of infrastructure such as seaplane and cruise terminals, Andaman Airport, and the expansion of Phuket Airport.

Source: The Nation

ប្រមុខរដ្ឋកម្ពុជា-ឡាវ ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ

0

នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម និងគណៈប្រតិភូ។ ការណ៍នេះបាន​បង្ហាញពីមិត្តភាព​ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង​ប្រទេស​ និង​ប្រជាជនទាំងពីរ។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បាន​អបអរសាទរ​ និងកោតសរសេីរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសេីរឡេីង។

ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង​ ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ ។ ប្រមុខទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។

ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម,​ វិនិយោគ​ និងហិរញ្ញវត្ថុ​, ការពារជាតិ និងសន្តិសុខ, ថាមពល​, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ​, ទេសចរណ៍, ​ ​វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ  ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានអញ្ជើញធ្វើជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាលើ៖ (១) កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈទិន្នន័យបានបង្ហាញថា ចំនួនការងារក្នុងវិស័យឯកជនរបស់សហរដ្ឋអាមេរិកបានកើនឡើងត្រឹមតែ១៤៦.០០០កន្លែងកាលពីខែវិច្ឆិកា បើធៀបនឹងការព្យាករណ៍ចំនួន១៥០.០០០កន្លែង។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១ភាគរយដល់២៦៤៧,០១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៨ភាគរយដល់២៦៧១,៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤៩,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៧៦,២០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែធ្នូនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះបន្តិចដល់១០៦,២៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៣២ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៥%ដល់៣១,៧៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៥%ដល់៩៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៥១%ដល់៩៨៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕

ក្រៅពីគោលជំហរ “American First”តើលោកដូណាល់ត្រាំ នឹងដាក់ចេញគោលនយោបាយអ្វីខ្លះ នៅពេលលោកចូលគ្រប់គ្រងសេតវិមាននៅឆ្នាំ២០២៥?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: នៅក្រោមការដឹកនាំរបស់
ប្រធានាធិបតីពីររូបចុងក្រោយរបស់សហរដ្ឋអាមេរិក រួមមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ចូ បៃដិន (Joe Biden) មានចក្ខុវិស័យនិងទិសដៅផ្ទុយគ្នាទាំងស្រុង នៅក្នុងការតាក់តែងគោលនយោបាយការបរទេស។

គោលនយោបាយ “American First” ឬ អាមេរិកជាអាទិភាពទីមួយ ដែលត្រូវបានតាក់តែងដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើការរក្សាគោលជំហរឯកតោភាគី និងផ្តោតលើការផ្តល់អាទិភាពសំខាន់ទៅដល់ផលប្រយោជន៍ជាតិរបស់អាមេរិកជាជាងផលប្រយោជន៍សកលជារួម។

ផ្អែកតាមទស្សនៈរបស់លោក ដូណាល់ ត្រាំ ដើម្បីការពារផលប្រយោជន៍សកលរបស់អាមេរិកនៅក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងប្រព័ន្ធពហុប៉ូលនេះ ការណ៍នេះតម្រូវឱ្យសហរដ្ឋអាមេរិកបង្កើនសមត្ថភាពផ្នែកយោធាឱ្យរឹងមាំ ដើម្បីទប់ទល់ជាមួយនឹងតួអង្គទាំងឡាយណាដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងសន្តិសុខជាតិរបស់អាមេរិក។

លោក ដូណាល់ ត្រាំ បានអនុម័តគោលនយោបាយការបរទេស “American First” ដើម្បីឆ្លើយតបទៅនឹងបញ្ហាពាណិជ្ជកម្មដែលលោកយល់ឃើញថា មិនមានភាពយុត្តិធម៌ចំពោះអាមេរិក ការគំរាមគំហែងផ្នែកយោធា និងកិច្ចព្រមព្រៀងការទូតមួយចំនួនដែលលោកជឿថា បានធ្វើឱ្យសហរដ្ឋអាមេរិកមានការខាតបង់។

លោកបានប្តេជ្ញាថា ផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក និងប្រជាជន​អាមេរិក ត្រូវតែជាអាទិភាពទីមួយនៅក្នុងផែនការនៃគោលនយោបាយការបរទេសរបស់លោក ដោយលើកហេតុផលថា រដ្ឋបាលរបស់លោកចូ បៃដិន មិនបានយកចិត្ដទុកដាក់នឹងតម្រូវការរបស់ប្រជាជនអាមេរិក ដោយចំណាយប្រាក់ខ្ជះខ្ជាយ ដើម្បីចូលរួមអន្តរាគមន៍ចំពោះរដ្ឋដទៃ។

ដោយផ្អែកលើតួនាទីរបស់សហរដ្ឋអាមេរិកក្នុងនាមជាមេដឹកនាំពិភពលោក លោកយល់ឃើញថា បណ្តាប្រទេសផ្សេងទៀត ជាពិសេសសម្ព័ន្ធមិត្តរបស់អាមេរិក បានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីសណ្តាប់ធ្នាប់ពិភពលោកសេរីនេះ ហើយពេលខ្លះ សម្ព័ន្ធមិត្តអាមេរិកបានឆ្លៀតឱកាសកេងប្រវ័ញ្ចយកផលប្រយោជន៍ទៅលើធនធាន និងអំណាចដែលផ្ដល់ឱ្យដោយអាមេរិក។

ជាមួយគ្នានឹងគោលបំណងរបស់លោកត្រាំនៅក្នុងការបម្រើផលប្រយោជន៍របស់អាមេរិកជាអាទិភាពចម្បងតាមរយៈការកសាងសមត្ថភាពយោធា លោកក៏បានធ្វើការប្រឆាំងផងដែរទៅលើបទប្បញ្ញត្តិ សន្ធិសញ្ញាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិណាមួយ ដែលមានបំណងរារាំងអាមេរិកក្នុងការស្វែងរកផលប្រយោជន៍ក្នុងពិភពលោក។

ជាក់ស្តែង លោក ត្រាំ បានប្រកាសសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន និងការដកសមាជិកភាពរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងពិភពលោកធំៗ ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងការព្រមានបោះបង់ចោលអង្គការណាតូ។

តើលោកដូណាល់ត្រាំ មានគោលនយោបាយបែបណាចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ?

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ១០០ភាគរយលើបណ្តាប្រទេស BRICS ប្រសិនបើពួកគេបង្កើតរូបិយប័ណ្ណរួមដើម្បីជំនួសប្រាក់ដុល្លារអាមេរិក។

ប្លុក BRICS រួមមានមហាអំណាចរុស្ស៊ី និងចិន រួមជាមួយនឹងប្រទេសប្រេស៊ីល ឥណ្ឌា អាហ្វ្រិកខាងត្បូង អុីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម។

សារចុងក្រោយដែលលោក ត្រាំ បានថ្លែងមុននឹងចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានកំណត់គោលដៅ BRICS ដែលជាប្លុកក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

កន្លងមក​ ក្រុមអ្នកនយោបាយជាន់ខ្ពស់នៅប្រទេសប្រេស៊ីល និងរុស្ស៊ីបានស្នើបង្កើតរូបិយប័ណ្ណរួមសម្រាប់ប្លុក BRICS ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មពិភពលោក។ ទោះជាយ៉ាងណាក្តី ការមិនចុះសម្រុងគ្នាផ្ទៃក្នុងកំពុងពន្យឺតដំណើរការនេះ។

លើសពីនេះ លោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា បានប្រកាសថា លោកនឹងដំឡើងពន្ធ២៥ភាគរយលើផលិតផលទាំងអស់នាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ចាប់ពីថ្ងៃដំបូងរបស់លោកចូលកាន់តំណែង និងពន្ធបន្ថែម១០ភាគរយលើទំនិញមកពីប្រទេសចិន។

លោក ត្រាំ បញ្ជាក់ថា លោកនឹងដាក់ពន្ធលើប្រទេសម៉ិកស៉ិក និងកាណាដា រហូតទាល់តែពួកគេទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀន និងជនចំណាកស្រុកឆ្លងកាត់ព្រំដែន ខណៈចំណាត់ការនេះ ហាក់ដូចជាបំពានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិក-ម៉ិកស៉ិក-កាណាដា។

ពាក់ព័ន្ធនឹងប្រទេសចិន ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានចោទប្រកាន់ទីក្រុងប៉េកាំងថា មិនបានចាត់វិធានការមុឺងម៉ាត់ ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់ ឆ្លងកាត់ព្រំដែនចូលទៅក្នុងសហរដ្ឋអាមេរិកពីទឹកដីម៉ិកស៊ិក។

លោកដូណាល់ ត្រាំ គំរាមដំឡើង​ពន្ធ​លើ​រាល់ទំនិញ​នាំចូលអាមេរិក ដោយគ្មាន​លើកលែង​ប្រទេសណាមួយទេ មិនថា សម្ព័ន្ធមិត្ត ប្រទេស​ជិតខាង ឬ​ប្រទេស​ដៃគូប្រជែងធំដូចជា​ចិន។

បណ្តាប្រទេស​មួយចំនួន ដូចជា ​កូរ៉េខាងត្បូង ជប៉ុន ឬ​សហភាពអឺរ៉ុប​​កំពុង​ព្រួយបារម្ភ​នឹង​គោលនយោបាយ​ដំឡើង​ពន្ធ​នាំចូល របស់​លោកដូណាល់ ត្រាំ​ និងបាន​ខិតខំរិះរក​មធ្យោបាយ​ដើម្បីត្រៀម​ឆ្លើយតបវិញ៕ប្រភព: CNN Reuters & BBC ៕

ទំនុកចិត្តលើទីផ្សារអចលនទ្រព្យចិនមានភាពប្រសើរឡើង ខណៈអ្នកអភិវឌ្ឍន៍ហ៊ានទិញដីក្នុងតម្លៃខ្ពស់កប់ពពកក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញបានលើកឡើងថា ទំនុកចិត្តលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនមានភាពប្រសើរឡើង ខណៈពេលថ្មីៗនេះ ដីមួយកន្លែងស្ថិតនៅទីក្រុងសុិនជិន (Shenzhen) ត្រូវបានលក់ដាច់ក្នុងតម្លៃខ្ពស់កប់ពពក។

ក្រុមហ៊ុនអភិវឌ្ឍន៍ China Overseas Land and Investment និងក្រុមហ៊ុន China Resources Land បានបោះទុនរួមគ្នាចំនួន១៨,៥ពាន់លានយ័ន(ប្រហែល២,៥៤ពាន់លានដុល្លារ) ដើម្បីទិញក្បាលដីទំហំ២៦៣.០០០ម៉ែត្រការ៉េនៅក្នុងសង្កាត់ Nanshan នៃទីក្រុងសុិនជិន។

តួលេខទឹកប្រាក់ចំនួន១៨,៥ពាន់លានយ័ននេះមានការកើនឡើង៤៦ភាគរយ បើប្រៀបធៀបនឹងតម្លៃនៅពេលចាប់ផ្តើមការដេញថ្លៃ។ ដីនេះត្រូវបានលក់ដាច់ បន្ទាប់ពីឆ្លងកាត់ការដេញថ្លៃចំនួនជិត៣០០ជុំ។

យោងតាមទិន្នន័យពីទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានឱ្យដឹងថា នេះជាការលក់ដីដែលមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ទីក្រុងសុិនជិន ដោយវ៉ាដាច់កំណត់ត្រានៃការលក់ដីលំនៅដ្ឋានតម្លៃ១៤ពាន់លានយ័នកាលពីឆ្នាំ២០១៦។

ដី ដែលក្រុមហ៊ុនអភិវឌ្ឍន៍ទាំង២ខាងលើបានទិញ មានទីតាំងនៅជិតតំបន់ពាណិជ្ជកម្ម ដែលសម្បូរទៅដោយអគារការិយាល័យរបស់បណ្តាក្រុមហ៊ុនយក្សចិនដូចជាក្រុមហ៊ុន Alibaba Group Holding ក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Lenovo ។

យោងតាមសេចក្តីជូនដំណឹងផ្លូវការមួយបានឱ្យដឹងថា ក្រុមហ៊ុនឈ្នះការដេញថ្លៃគ្រោងនឹងសាងសង់អគារពាណិជ្ជកម្ម អគារស្នាក់នៅ និងអាផាតមុិននៅលើផ្ទៃដីទំហំ២៦៣.០០០ម៉ែត្រការ៉េនេះ។

លោកស្រី Sun Hongmei អ្នកវិភាគនៃស្ថាប័ន China Index Academy បានលើកឡើងថា “ទីតាំងដីនេះមិនជាប់ការរឹតបន្តឹង ដែលកំណត់តម្លៃនៃគម្រោងលំនៅដ្ឋាន ដែលត្រូវសាងសង់លើដីនេះនោះទេ ដោយបង្ហាញពីការផ្លាស់ប្តូរទៅរកការកំណត់តម្លៃផ្អែកលើទីផ្សារសម្រាប់ទីក្រុងសុិនជិន”។

លោកស្រីជឿជាក់ថា ការណ៍នេះនឹងធ្វើឱ្យតម្លៃលំនៅដ្ឋានមានស្ថិរភាព និងជំរុញឱ្យទស្សនវិស័យទីផ្សារមានសញ្ញាវិជ្ជមាន។

ដីនេះត្រូវបានទិញក្នុងតម្លៃខ្ពស់បំផុតជា​លើក​ដំបូង​ បន្ទាប់​ពី​ប្រទេស​ចិន​បាន​បង្ហាញ​វិធានការ​បន្ធូរបន្ថយ​សម្រាប់​ទីផ្សារ​លំនៅដ្ឋាន​នៅក្នុង​ទីក្រុង​ខ្នាតធំទាំង​៤របស់​ខ្លួន​ រួមមាន ទីក្រុង​ប៉េកាំង ទីក្រុងសុិនជិន ទីក្រុងសៀងហៃ និង​ទីក្រុងក្វាងចូវ៕ប្រភព: SCMP៕

តើរដ្ឋាភិបាលចិននឹងបើកភ្លើងខៀវដល់ការជួញដូរលុយគ្រីបតូជាផ្លូវការដូចពាក្យចចាមអារ៉ាមដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: លុយគ្រីបតូ (Cryptocurrencies) ឬលុយឌីជីថល បានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ និងអ្នកមិនមានទំនុកចិត្តលើលុយប្រភេទនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

តួយ៉ាង កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលចិនបានប្រកាសហាមឃាត់ស្ថាប័នហិរញ្ញវត្ថុនានាមិនឱ្យប្រើប្រាស់គ្រីបតូ ហើយមិនអនុញ្ញាតឱ្យ មានប្រតិបត្តិការណាមួយពាក់ព័ន្ធនឹង Cryptocurrencyឡើយ។

នេះជាការរឹតបន្តឹងនូវវិធានការត្រួតពិនិត្យរបស់រដ្ឋាភិបាលចិន។ កាលពីមុន គេធ្លាប់សង្កេតឃើញមានសញ្ញាវិជ្ជមានមួយចំនួនបង្ហាញថា ធនាគារកណ្តាលចិនអាចមានគោលជំហរវិជ្ជមានទៅលើកាក់ Bitcoin និងគ្រីបតូ។ ប៉ុន្តែ សេចក្តីប្រកាសនេះបានបញ្ជាក់ថា អាជ្ញាធរចិនមិនគាំទ្រគ្រីបតូនោះទេ។

មូលហេតុចម្បងដោយសារតែអាជ្ញាធរចិននៅតែយល់ឃើញថា លុយគ្រីបតូ ជាទ្រព្យដែលគ្មានតម្លៃពិតប្រាកដ។ តម្លៃនៅលើទីផ្សារគ្រីបតូនៅតែត្រូវបានរៀបចំយ៉ាងងាយស្រួល ហើយរាល់ការជួញដូរគ្រីបតូទាំងអស់មិនត្រូវបានការពារដោយច្បាប់របស់ប្រទេសចិនទេ។

ហេតុអ្វីបានជាប្រទេសចិនមិនធ្វើសេរីភាវូបនីយកម្មលើការវិនិយោគរូបិយបណ្ណគ្រីបតូ?

ថ្មីៗនេះ គេសង្កេតមានការផ្សព្វផ្សាយពាក្យចចាមអារ៉ាមជាច្រើនថា ប្រទេសចិនអាចនឹងធ្វើសេរីភាវូបនីយកម្មលើការជីកយករ៉ែគ្រីបតូយ៉ាងពេញទំហឹង។ ប៉ុន្តែ ក្រុមអ្នកវិភាគវាយតម្លៃថា រឿងនេះប្រហែលជាមិនអាចទៅរួចនោះទេ។

ការជួញដូរ និងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូមានមូលដ្ឋានផ្អែកលើបច្ចេកវិទ្យា Blockchain ដែលធ្វើឱ្យការត្រួតពិនិត្យ និងការគ្រប់គ្រងមានការលំបាកខ្លាំង។ រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការគ្រប់គ្រងបណ្តាញសុវត្ថិភាពព័ត៌មាន ហើយការហាមឃាត់គ្រីបតូអាចជួយបញ្ចៀសហានិភ័យនានាដូចជា ឧក្រិដ្ឋកម្មតាមអុីនធឺណេត និងការវាយប្រហាររបស់ពួក Hacker។

លើសពីនេះទៀត រដ្ឋាភិបាលចិនក៏មានការព្រួយបារម្ភផងដែរអំពីហានិភ័យដែលអាចកើតមានចំពោះសន្តិសុខ និងអធិបតេយ្យភាពហិរញ្ញវត្ថុជាតិ។ ដូច្នេះ ការហាមប្រាមរូបិយបណ្ណគ្រីបតូក៏អាចត្រូវបានគេមើលឃើញថា ជាវិធានការឆ្ពោះទៅរកការត្រួតពិនិត្យបច្ចេកទេស និងសុវត្ថិភាពបណ្តាញពត៌មាន។

ការជួញដូររូបិយប័ណ្ណគ្រីបតូក៏អាចជះឥទ្ធិពលអវិជ្ជមានដល់គោលនយោបាយរូបិយវត្ថុផងដែរ ព្រោះឯករាជ្យភាពនៃរូបិយបណ្ណគ្រីបតូធ្វើឱ្យធនាគារកណ្តាលចិនមិនអាចគ្រប់គ្រងបាន។

ការណ៍នេះអាចនាំឱ្យគោលនយោបាយរូបិយវត្ថុអស់ប្រសិទ្ធភាព ហើយថែមទាំងជះឥទ្ធិពលអាក្រក់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសចិនផងដែរ។ ជាពិសេស ប្រទេសចិនមានបំណងថែរក្សាអធិបតេយ្យភាពផ្នែករូបិយវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុនៅក្នុងប្រទេសរបស់ខ្លួន។

ទោះបីជាមានពាក្យចចាមអារ៉ាមដែលថារដ្ឋាភិបាលចិនអាចបើកភ្លើងខៀវចំពោះការជីកយករ៉ែគ្រីបតូយ៉ាងណាក្តី ប៉ុន្តែ បើតាមទស្សនៈជាក់ស្តែង ការសម្រេចចិត្តនេះសឹងតែមិនអាចសម្រេចបានឡើយ។

រដ្ឋាភិបាលចិនត្រូវស្វែងរកតុល្យភាពរវាងការរក្សាស្ថិរភាពហិរញ្ញវត្ថុ ការទប់ស្កាត់ការហូរចេញនៃមូលធន និងការលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មហិរញ្ញវត្ថុ។ ក្រុមវិនិយោគិនក៏គួរតែពិចារណាចំពោះពាក្យចចាមអារ៉ាមនេះដោយប្រុងប្រយត្ន័ និងជៀសវាងការដើរតាមនិន្នាការនេះទាំងភាពងងឹតងងល់។

ហេតុផលចម្បង ដែលនាំឱ្យប្រទេសចិនសម្រេចហាមឃាត់លើរូបិយបណ្ណគ្រីបតូ រួមមានការទប់ស្កាត់សកម្មភាពខុសច្បាប់ ការពារផលប្រយោជន៍របស់អ្នកវិនិយោគ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ទោះបីជារូបិយបណ្ណគ្រីបតូមានភាពច្នៃប្រឌិត និងមានសក្ដានុពលខ្ពស់យ៉ាងណាក្តី ប៉ុន្តែនៅដំណាក់កាលបច្ចុប្បន្ន រដ្ឋាភិបាលចិនជឿជាក់ថា ការហាមឃាត់រូបិយបណ្ណគ្រីបតូមានគោលដៅដើម្បីរក្សាផលប្រយោជន៍ជាតិ និងស្ថិរភាពសង្គម៕ប្រភព: Binance Square៕

អាជីវកម្មចំនួន៥ ជំរុញឱ្យតម្លៃដីជាប់មាត់សមុទ្រនៅលើកោះភូកេតរបស់ប្រទេសថៃហក់ឡើងថ្លៃកប់ពពក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Sansiri Plc អះអាងថា ខេត្តភូកេត ដែលជារមណីយដ្ឋានកោះនៅសមុទ្រ Andaman ស្ថិតនៅភាគខាងត្បូងនៃប្រទេសថៃកំពុងសម្រេចបានកំណើនសេដ្ឋកិច្ច និងកំណើនតម្លៃដីដ៏ខ្ពស់។

លោក Uthai Uthaisangsuk ប្រធានប្រតិបត្តិក្រុមហ៊ុន Sansiri បានមានប្រសាសន៍ឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តភូកេតមានទំហំទឹកប្រាក់ប្រហែល៥០០ពាន់លានបាត ដែលធ្វើឱ្យខេត្តមួយនេះក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី២ បន្ទាប់ពីទីក្រុងបាងកក។

លោក​បានមានប្រសាសន៍ឱ្យដឹងបន្ត​ថា កំណើន​សេដ្ឋកិច្ច​បាន​បង្កើន​តម្រូវ​ការ​ដី​ ដែល​ជំរុញ​ឱ្យតម្លៃ​ដី​នៅ​លើ​កោះភូកេតហក់ឡើង​ថ្លៃ​នៅ​ឆ្នាំ​២០២៤នេះ​ចន្លោះពី៣០ភាគរយទៅ៤០ភាគរយ។

លោក​បាន​បង្ហើប​ឱ្យ​ដឹង​ទៀតថា ដី​នៅ​ក្នុង​តំបន់​កម្រ​ដូច​ជា​ ដីតាមមាត់ឆ្នេរ​សមុទ្រ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជិត១០០លាន​បាត​(ប្រមាណ២,៩លានដុល្លារអាមេរិក)ក្នុង​មួយ​រ៉ៃ (១រ៉ៃ=១.៦០០ម៉ែត្រការ៉េ)។

លោក Uthai បានគូសបញ្ជាក់ថា “អាជីវកម្មចំនួន៥នៅកោះភូកេត ដែលបានរួមចំណែកជំរុញនិន្នាការនេះ រួមមានភោជនីយដ្ឋាន គម្រោងអចលនទ្រព្យលំនៅដ្ឋាន សាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងការបង្កើតមជ្ឈមណ្ឌលទាក់ទងនឹងការថែទាំសុខភាព”។

លោកបានបន្តទៀតថា “អាជីវកម្មទាំងនេះបាននិងកំពុងរីកចម្រើនចាប់តាំងពីការបញ្ចប់នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដោយទាក់ទាញបានទាំងភ្ញៀវទេសចរណ៍ និងបណ្តាអ្នកវិនិយោគទៅកាន់កោះភូកេត”។

អ្នកជំនាញអចលនទ្រព្យរូបនេះបន្ថែមថា និន្នាការនេះក៏ត្រូវបានជំរុញគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់ និងពិភពលោកក្នុងផ្នែកដឹកជញ្ជូន ទេសចរណ៍ អាកាសចរណ៍ និងការថែទាំសុខភាព តាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាដូចជា ចំណតយន្តហោះចុះចតលើផ្ទៃសមុទ្រ និងចំណតនាវាកម្សាន្ត អាកាសយានដ្ឋាន Andaman និងការពង្រីកព្រលានយន្តហោះកោះភូកេត៕ប្រភព: The Nation៕