រដ្ឋាភិបាលគ្រោងចំណាយជាង១០ពាន់លានដុល្លារដើម្បីអភិវឌ្ឍន៍ផ្លូវដែក៨គំរោង

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច រាជ​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ផែនការ​អភិវឌ្ឍ ​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​ចំនួន៨ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា រហូតដល់​ជាង១០ពាន់​លាន​ដុល្លារ​អាមេរិក។

អ្នក​ជំនាញ និង​អ្នក​សេដ្ឋកិច្ច​ លើក​ឡើង​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន ​ក្នុង​ការ​ជំរុញ​កំណើ​ន​សេដ្ឋកិច្ច​កម្ពុជា។

យោងតាមរបាយការណ៍​វឌ្ឍនភាព ​ឆមាស​ទី ១ ឆ្នាំ ២០២៤ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែលទើបទទួលបានកាល​ពី​ថ្ងៃទី ១៣ ខែ​វិច្ឆិកា បាន​បង្ហាញ​ថា គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០២៤ ផ្លូវ​ដែក​នៅ​កម្ពុជា​មាន​ចំនួន២ខ្សែ ដែល​មាន​ប្រវែង​សរុប៦៥២គីឡូម៉ែត្រ ដោយ​ខ្សែទី​មួយ ស្ថិត​នៅ​ភាគ​ឧត្តរ មាន​ប្រវែង​សរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត និង​ខ្សែទីពីរ ស្ថិត​នៅ​ភាគ​ទក្សិណ មាន​ប្រវែង​សរុប២៦៦គីឡូម៉ែត្រ តភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ព្រះសីហនុ។

ក្រសួង​បាន​ឱ្យ​ដឹង​ថា “ការ​អភិវឌ្ឍ​ផ្លូវដែក​ គឺ​ផ្តោត​លើ​ការ​ស្តារ និង​លើក​កម្ពស់​ផ្លូវ​ដែក​បច្ចុប្បន្ន ​ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន ព្រម​ទាំង​គិតគូរ​ផ្លូវថ្មី​”។

បច្ចុប្បន្ន​រដ្ឋាភិបាល ​មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក​សរុប​ចំនួន៨គម្រោង ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុបជាង១០ពាន់លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យមមានចំនួន៤គម្រោង​(២០២៣-​២០២៧) ស្មើ​នឹង​ទឹក​ប្រាក់ ៣៨០០ លាន​ដុល្លារ​អាមេរិក និង​គម្រោង​រយៈពេល​វែង​ចំនួន៤ គម្រោង​(២០២៨-២០៣៣) ស្មើ​នឹង​ទឹក​ប្រាក់៦២១០លាន​ដុល្លា​រ​អាមេរិក។

របាយការណ៍​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​ផ្លូវដែក ​តាម​រយៈ​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយស្តីពី ​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្តុភារកម្ម​កម្ពុជា២០២៣ -​២០៣៣ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវដែក ​ប្រកប​ដោយ​ប្រសិ​ទ្ធិភាព ទាន់​ពេលវេលា និង​ចំណាយ​ថ្លៃ​ដើមទាប។

យោងតាម​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោង​ផ្លូវ​ដែក​ភាគ​ច្រើន ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា ដោយ​ក្នុង​នោះ គម្រោង​លើក​កម្រិត​សមត្ថភាព​ផ្លូវដែក តភ្ជាប់​ពី​ភ្នំពេ​ញ-​ប៉ោយប៉ែត កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​ ដោយ​នាយកដ្ឋាន​ផ្លូវដែក នៃក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន CRBC និង ក្រុមហ៊ុនRoyal Railway។

ដោយ​ឡែក​គម្រោងកសាង​ផ្លូវ​ដែកថ្មី​តភ្ជាប់៖ (១) ភ្នំពេញ-​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ (ក្រុង​តាខ្មៅ ខេត្តកណ្តាល) និងសៀមរាប -​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាបអង្គរ​(ស្រុ​កសូទ្រនិគម ខេត្តសៀមរាប) ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា ដោយ​សហការ​ជាមួយ China Metro។

ក្រសួង​បាន​អះអាង​ថា ​“ផែនការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​ផ្អែក​លើ​ការ​វិភាគ​ស្ថានភាព​ នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ ផ្សារភ្ជាប់​នឹង​វិស័យ​សេដ្ឋកិច្ច សង្គ​ម និង​ការ​ដឹកជញ្ជូន ព្រម​ទាំង​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ប្រក​ប​ដោយ​ជោគជ័យ​ក្នុង​តំបន់”។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹក​ជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បានមានប្រសាសន៍ឲ្យដឹងថា ការ​លើក​កម្ពស់​គុណភាព និង​ពង្រីក​ផ្លូវ​ដែក​បន្ថែម គឺ​ពិត​ជា​មានសារៈ​សំខាន់ និង​ភាព​ចាំបាច់​ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក ​នឹង​ផ្តល់​ផល​ចំណេ​ញ​ច្រើន​ដល់​សេដ្ឋកិច្ច ដោយសារ​អាច​ដឹក​មនុស្ស និង​ទំនិញ​បាន​ច្រើន ​មាន​តម្លៃ​ទាប ហើយ​ក៏​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​នៅ​តាម​ផ្លូវផ្នល់ ព្រម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ​ទៅ​លើ​ការ​ជួសជុល​ផ្លូវថ្នល់​បាន​មួយ​កម្រិត។

លោកបញ្ជាក់ថា “​ការ​អភិវឌ្ឍ​ផ្លូវដែក នឹង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន ​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ថ្លៃដើម​ផលិត ដែល​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ លើ​ទីផ្សារ​អន្តរ​ជាតិ”។ លោកបន្ថែមថា “តម្លៃ​ដឹក​ជញ្ជូន​ទាប តម្លៃ​ទំនិញ​ដាក់​លក់​លើ​ទីផ្សារ​ក៏​ចុះ​ទាបដែរ”។

អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងផងដែរថា ក្នុង​វដ្ត​នៃ​សេដ្ឋកិច្ច ការ​ដឹកជញ្ជូន​គឺ​ជា​ចំណែក​សំខាន់​មួយ ​ដែល​អាច​ធ្វើ​ឱ្យ​តម្រូវការ និង​ការ​ផ្គត់​ផ្គង់​ប្រែប្រួល​ទាំង​បរិមាណ និង​តម្លៃ។ ការ​ពង្រឹង និង​ពង្រីក​មធ្យោបាយ​ដឹក​ជញ្ជូន​ ទោះ​បី​ផ្លូដែក ផ្លូវគោក​(ផ្លូវថ្នល់) ផ្លូវទឹក និង​ផ្លូវ​អាកាស គឺ​សុទ្ធតែ​ផ្តល់​ផល​វិជ្ជមាន​ សម្រាប់​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ថែម​ថា “ផ្លូវ​ដែក​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ពេញ​និយម​មួយ​ នៅ​លើ​ពិភពលោក ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក អាច​និយាយ​ថា​មាន​តម្លៃ​ទាប បាន​បរិមាណ​ច្រើន និង​មិនសូវ​មាន​ការ​កកស្ទះ​ច្រើន​ដូច​ផ្លូវ​ថ្នល់​ឡើយ”។

យោងតាមតារាង​ស្ថិតិ​ជញ្ជីង​ពាណិជ្ជកម្ម ​ទំនិញ​អន្តរជាតិ​របស់​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ បាន​បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​ ២០២៤ ការ​នាំចេញ​-​ចូល​ទំនិញ​រវាង​កម្ពុជា ​ជាមួយ​​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​ សម្រេចបានទឹក​ប្រាក់​សរុប៤៥,0៦ពាន់​លាន​ដុល្លារ កើន​ឡើង១៦,៥​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន៣៨,៦៧​ពាន់​លាន​ដុល្លារ។

ចំណែក​ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា រយៈពេល ៣ ត្រីមាស​ដំបូង​ ឆ្នាំ២០២៤ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន៤,៨លាននាក់ កើន​ឡើង២២,២ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន៕

 

វិភាគៈ តម្លៃសន្តិភាព ស្នាមញញឹមជាមួយនឹងការមកដល់នៃព្រះរាជពិធីបុណ្យធំជាងគេនៅរាជធានី

0

ដោយៈ យិន លាងគង់អគ្គនាយកគេហទំព័រPropertyarea

       ភ្នំពេញៈ សម្លេងច្រវ៉ាច្រាវៗ កាត់ទឹករលកនៅចំណុចចាប់ផ្តើមនៃដងទន្លេរសាប កីឡាករទូក “ង” រាប់ពាន់នាក់បង្ហាញបានបន្លឺសម្លេងហ៊ោរកញ្ចៀវ ពីជ័យជម្នះរបស់ពួកគេចេញពីការប្រណាំងទូកឈ្នះ ក្នុងន័យមិត្តភាព ជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ ក្រោមជំនោរត្រជាក់នារដូវរំហើយ។

ព្រះរាជពិធីដ៏ធំប្រចាំឆ្នាំនេះ ជាការជួបជុំកីឡាករ កីឡាការិនីរាប់ពាន់នាក់ ជាវេលាដែលពួកគេបង្ហាញពីមោទនភាព “ទូកង” ប្រពៃណីរបស់ពួកគេ ក្នុងទិវាដ៏មានអត្ថន័យ ដែលជាការរំលឹ​កដល់អតីតកាលដ៏រ៉ុងរឿង។

        សម្លេងហ៊ោរកញ្ចៀវកងរំពង ពីអ្នកអង្គុយទស្សនា កំពុងបន្លឺចេញពីដងច្រាំងទន្លេរដ៏ត្រកាល អមជាមួយនឹងហ្វូងសត្វព្រាបរាប់ម៉ឺនក្បាល កំពុងហិកហើរអបអរ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ដែលមានទូកអុំ និងទូកចែវជិត៤០០គ្រឿងបានរំលេចខ្លួន និងបង្អួតសោភ័ណភាពគ្នាពេញផ្ទៃទន្លេរ ជាពិធីធំជាងគេប្រចាំឆ្នាំ​នៅរាជធានីភ្នំពេញ។

        រាជធានីនេះ បានប្រតិស្ថានជាង៥០០ឆ្នាំមកហើយ នៅចំណុចនៃប្រជុំទន្លេរចតុមុខ ជាទីដែលមនុស្សម្នាក់មកពីជុំវិញប្រទេស បានមកជួបជុំគ្នាដើរកំសាន្ត មកអុំទូកពេលថ្ងៃ ទស្សនាតូរតន្រ្តីនាពេលរាត្រី និងដើរទិញទំនិញតាមស្តង់ របស់ក្រុមហ៊ុនជាតិ អន្តរជាតិរាប់ពាន់ ដែលដាក់បង្ហាញផលិតផលរបស់ពួកគេ នៅតាមទីកន្លែងប្រជុំតន្រ្តីនានា។

ម្លប់សន្តិភាព និងស្នាមញញឹម

       ប្រជាជាតិដែលរងភាពខ្ទេចខ្ទាំ អស់រយៈពេលជាង៥០០ឆ្នាំមកនេះ បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ឡើងវិញហើយ។ ស្នាមញញឹមដ៏ស្រទន់ជាមួយកែវភ្នែក បានលេចឡើងនៅផ្ទៃមុខខេមរៈជន ដែលបានស្លោកស្រពោន កាលពីច្រើនទស​វត្សរ៍កន្លងមកនេះ។

        ទោះរយៈពេលប្រមាណ៥ឆ្នាំនេះ ប្រជាជាតិនេះបានរងផលប៉ះពាល់ផ្លូវចិត្ត ដោយសារវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺដ៏មហន្តរាយ និងសង្រ្គាមក្តី ក៏ឆន្ទៈស្នេហាជាតិ ឆន្ទៈឆ្ពោះទៅកាន់អនាគតដ៏ត្រកាលមួយ ពួកគេនៅតែឆ្ពោះទៅមុខឥតរុញរា ជាមួយមគ្គុទេសក៏ឆ្នើមមហាបុរសខ្លាំងកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេច​មហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចទាំងទ្វេរ រួមទាំងថ្នាក់ដឹកនាំដទៃទៀត កំពុងនាំខេមរៈជន ឆ្ពោះទៅកាន់វិបុលភាពជាងមុន ដោយនាំប្រទេស ឆ្ពោះទៅកាន់ឋានៈជាប្រទេស មានប្រាក់ចំណូលមធ្យ​មកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់​នៅឆ្នាំ២០៥០។

ការមកដល់សករាជមាស

       សករាជមាស កំពុងក្រាលគ្របពេញផ្ទៃប្រទេស មនុញ្ញផលនៃការរីកចម្រើនសេដ្ឋកិច្ច សង្គម កម្ពុជារយៈពេល២៦ឆ្នាំ ចាប់តាំងពីកម្ពុជា ទទួលបាននូវសុខសន្តិភាព ពេញលេញលើផ្ទៃប្រទេសនេះ មេដឹកនាំប្រទេសនេះ បានបន្តជំហ៊ានយ៉ាងស្វាហាប់ ដោយបានដាក់ចេញនូវផែនការយុទ្ឋសាស្រ្ត គោលនយោបាយ តាមរយៈចក្ខុវិស័យដ៏ច្បាស់លាស់ បានធ្វើឲ្យប្រ​ទេសនេះ ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយ ដែលប្រសិទ្ឋនាមដោយធនាគារអភិវឌ្ឍន៍អាស៊ី​កាលពីឆ្នាំ២០១៦ (Cambodia New Tiger in Asia) និងបានក្លាយជាប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

        ការឡើងឋានៈរបស់ប្រទេសនេះ មានន័យថាអំណាចនៃការទិញរបស់ប្រជាជាតិនេះ កើនឡើងខ្ពស់ ជាហេតុធ្វើឲ្យក្រុមហ៊ុនជាតិ ពិសេសក្រុមហ៊ុនអន្តរជាតិធំៗ សម្រេចចិត្តិបោះទុនវិនិយោគយ៉ាងសម្បើម នៅរាជធានីរបស់ប្រទេសនេះ។

ជាក់ស្តែងមុខមាត់កម្ពុជា បានផ្លាស់ប្តូរទាំងស្រុង​ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

        ​អាគារខ្ពស់ៗកប់ពពក បានលេចឡើងរាជធានី ដែ​លធ្លាប់ជាទីក្រុងខ្មោចនាអតីតកាល មានចំនួនជាង១៧០០អាគារ។ ចំនួននេះ មិនទាន់រាប់បញ្ចូលអាគារខ្ពស់ នៅទីក្រុងព្រះសីហនុ ទីក្រុងប៉ោ​យប៉ែត ទីក្រុងបាវិត និងបណ្តាទីប្រជុំជន ជាប់ព្រំដែនមូយចំនួនទៀតនៅឡើយទេ។

ការរីកចម្រើនផ្សារភ្ជាប់សច្ចៈភាព

        ភ្ជាប់ជាមួយនឹងព្រះរាជពិធីនេះ ប្រជាជនមកពីទូទាំងប្រ​ទេស ដែលមានសច្ចៈភាព ពួកគេនឹងមើលឃើញទិដ្ឋភាពជាក់ស្តែងនៃការរីកចម្រើន របស់ប្រទេសធ្លាប់កំសត់មួយនេះ។

        អតីតកាលជាស្រមោល បច្ចុប្បន្នជាសច្ចៈភាព អនាគតជាវិបុលភាពកំពុងកើតមាន ជាមួយជំហ៊ានដ៏ច្បាស់លាស់របស់មេដឹកនាំកម្ពុជា គឺសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងសម្តេចតេជោហ៊ុន សែនដែលបច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា ដែលលោកនៅតែបន្តឃ្លាំមើល ការដឹកនាំរបស់កូនប្រុសច្បងរបស់សម្តេច ពីការឆ្ពោះទៅមុខជាមួយនឹងសញ្ញាច្បាស់លាស់ ដោយ ធ្វើយ៉ាងណាជម្រុញការរីកចម្រើន សេដ្ឋកិច្ច សង្គមកម្ពុជា ឆ្ពោះទៅកាន់ឋានៈថ្មី និងនាំប្រទេសនេះចេញពីឋានៈ ជាប្រទេសក្រីក្រនៅឆ្នាំ២០២៩ខាងមុខ។

        ការឈានមកដល់សករាជថ្មី “ឆ្នាំមាសនៃកម្ពុជា” បានរងសភាពស្លោកស្រពោនបន្តិច ក្នុងរយៈពេល៥ឆ្នាំមកនេះ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា នឹងរំពឹងសម្រេចបានកំនើន ប្រមាណ៥,៦ភាគរយនៅឆ្នាំនេះ និងរំពឹងសម្រេចបានកំណើន៦,៣ភាគរយនៅឆ្នាំ​២០២៥ខាងមុខ បានបង្ហាញពីសញ្ញានៃភាពធន់ កើតចេញពី​ការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ឋសាស្រ្ត និងចក្ខុវិស័យដ៏ច្បាស់លាស់ មុតស្រួច ពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិ បាល ដែលជាសេនាធិកាដ៏ឆ្នើមៗរបស់សម្តេចធិបតី។

រាជធានីនៃសេចក្តីអំណរ

       រាជធានីនេះ ចាប់តាំងពីប្រតិស្ថានមក មិនដែលជួបនូវគ្រោះមហន្តរាយ ធម្មជាតិណាមួយធ្ងន់ធ្ងរឡើយ ផ្ទុយទៅវិញរាជធានីនេះ នៅតែស្រស់បំព្រងនាគ្រប់សម័យកាល លើកលែងតែសម័យកម្ពុជា ប្រជាធិបតេយ្យ ដែលជាអតីតកាលដ៏ឈឺចាប់ ក្នុងប្រវត្តិសាស្រ្តនៃឆ្នាំសូន្យរបស់កម្ពុជា។

        ប៉ុន្តែរាត្រីថ្ងៃទី១៤ ដល់១៦ វិច្ឆិកានេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមក ទីក្រុងនេះបានរំលេចភាពឆើតឆាយបំផុត ក្នុងពិភពលោក ជាមួយនឹងពន្លឺកាំជ្រួច សម្លេងនៃការច្រៀង ការសើចហ៊ោសប្បាយ ការរាំយ៉ាងរសរវើកជាមួយតូរតន្រ្តី។

ប្រទីបរបស់បណ្តាក្រសួងនានា បាននិងកំពុងត្រៀមរំលេ​ច និងអូសខ្លួនគើមៗលើផ្ទៃទន្លេរសាប បង្អួតសម្រស់ និងបង្ហាញពីចក្ខុវិស័យ និងគោលនយោបាយរបស់ក្រសួងនិមួយៗ ជូនសាធារណៈជនជាតិ អន្តរជាតិបានទស្សនា។

        ខែរះពេញបូរមីលើផ្ទៃទន្លេរសាប នារហូវទឹកសម្រក ជាទន្លេរដ៏កម្រមួយលើពិភពលោក ដែលមានទឹកហូរហើយ វិលត្រលប់មកវិញ។

        រាជធានីនេះ ប្រទេសនេះ ពិសេសក្រសួងទេសចរណ៍គួររៀបចំផែនការលំអិត ដើម្បីផ្សព្វផ្សាយព្រះរាជពិធីបុណ្យនេះ ឲ្យបានទូលំទូលាយ ទៅកាន់ពិភពលោក ដើម្បីនាំភ្ញៀវទេស​ចរណ៍ អន្តរជាតិមកចូលរួមរីករាយ ព្រមទាំងបណ្តែតប្រទីបជាមួ​យប្រជាជាតិខ្មែរ ឲ្យបានរាប់លាននាក់ក្នុងមួយឆ្នាំៗ។

        អរគុណសន្តិភាព សូមឲ្យស្នាមញញឹមនៃខេមរៈជន មាននៅលើផ្ទៃមុខដ៏ស្រទន់ និងកែវភ្នែកគ្មានមន្ទិលនេះ ជារៀងរហូត៕

   

សមាគមត្រកូលលីនពិភពលោកប្រារពមហាសន្និបាតនៅកម្ពុជាដោយបានបង្ហាញពីឱកាសវិនិយោគ និងបញ្ហាប្រឈម

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ  លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក”។

ពិធីនេះមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្ម “ត្រកូលលីន”នៅកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។

មហាសន្និបាតដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យមានការជួបជុំគ្នា រវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីននៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនវិនិយោគិន និងភ្ញៀវទេស​ចរណ៍មកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងមហាសន្និបាត លោករដ្ឋមន្រ្តីហួត ហាក់បានគូសបញ្ជាក់ថា តាមរយៈការរៀបចំ “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក” ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវវប្បធម៌ ប្រពៃណី ឱកាសនៃការវិនិយោគ ដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយផ្សព្វផ្សាយ អំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ តាមគ្រប់រូបភាព បណ្តាញសង្គម ជូនដល់បងប្អូនសហគមន៍ចិន នៅប្រទេសនានានៅលើពិភពលោក។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេស​ចរណ៍៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៥ពាន់លានដុល្លារក្នុងរយៈពេល១០ខែ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគចំនួន៣៤៦គំរោង ជាមួយទុនវិនិយោគជាង៥០០០លានដុល្លារអាមេរិក។

        ព័ត៌មានដ៏មានសារៈសំខាន់នេះ ត្រូវបានអះអាងដោយលោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិនចែករំលែកព័ត៌មានស្តីពី វឌ្ឍនភាពនៃការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា និងខ្លឹមសារគន្លឹះពាក់ព័ន្ធនឹង “គោលនយោបាយ និងលិខិតុបករណ៍គតិយុត្តសំខាន់ៗសម្រាប់ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស” នៅក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពគោលនយោបាយសេដ្ឋកិច្ច សម្រាប់ថ្នាក់ដឹកនាំនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្រ្តីការទូតកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការទូតទូទាំងពិភពលោកកាលពីថ្ងៃទី១២ វិច្ឆិកាកន្លងមកនេះ។

លោកបានបន្តថា ក្នុងចន្លោះខែមករា-តុលា ឆ្នាំ ២០២៣ ក.អ.ក. បានចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន២២៧គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ៤ពាន់លានដុល្លារអាមេរិក បង្កើតបានឱកាសការងារ បានចំនួន២៦០,៤៧០កន្លែង ខណៈ  រយៈពេល១០ខែ ឆ្នាំ២០២៤ កំណើនគម្រោងវិនិយោគ មានសន្ទុះរហូតដល់៣៤៦គម្រោង និងមានទុនវិនិយោគប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ដែលបង្កើតបានឱកាសការងាររហូតដល់២៦៨,២៤២កន្លែង។

លោកបណ្ឌិត បានជម្រាបជូនទៅអង្គពិធី អំពីសារសំខាន់នៃការបញ្ជ្រាបព័ត៌មាន ជូនដល់វិនិយោគិនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ​ភាពបើកចំហរនៃរបបវិនិយោគ ការធានានិងការការពារវិនិយោគ ព្រមទាំងរបបលើកទឹកចិត្តដ៏ទូលំទូលា​យ ចំពោះវិស័យ និងសកម្មភាពវិនិយោគ ជាច្រើន ដោយមានកំណត់ច្បាស់នៅក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលជាឯកសារគោល សម្រាប់ផ្តល់នូវភាពអាចប៉ាន់ប្រមាណបាន សម្រាប់ការសម្រេចចិត្តវិនិយោ​គនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានរំលេចផងដែរអំពីសក្តានុពល ទីផ្សាប្រទេសក្នុងតំបន់អាស៊ាន ទីផ្សាតំបន់អាសិប, ទីផ្សាប្រទេសកូរ៉េខាងត្បូង, ទីផ្សាប្រទេសចិន និង ទីផ្សាអេមីរ៉ាតអារ៉ាប់រួម ដែលវិនិយោគិនអាចនាំចេញ នូវផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់ទីផ្សាទាំងនេះដោយអត្រាពន្ធសូន្យ ឬអត្រាពន្ធទាប ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានឆ្លៀត ជម្រាបជូនទៅអង្គសិក្ខាសាលាផងដែរ អំពីស្ថានភាពការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយការធ្វើបទបង្ហាញការប្រៀបធៀបតួលេខជាក់ស្តែង នៃកំណើនការអនុម័តគម្រោ​ងវិនិយោគ និងទុនវិនិយោគក្នុងអំឡុង១០ខែនៃឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់៕

តម្លៃផ្ទះលក់ចេញបន្តនៅប្រទេសសិង្ហបុរីបានស្ថិតក្នុងសភាពទ្រឹងនៅត្រីមាសទី៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះលក់ចេញបន្ត(Resale)នៅប្រទេសសិង្ហបុរីបានស្ថិតនៅទ្រឹងក្នុងត្រីមាសទី៣ ឆ្នាំនេះ ទោះបីជាគោលនយោបាយអត្រាការប្រាក់នៅសិង្ហបុរីនៅតែមានកម្រិតខ្ពស់យ៉ាងណាក្តី។នេះបើយោងតាមក្រុមហ៊ុន OrangeTee Research & Analytics។

ដោយឡែក យោងតាមរបាយការណ៍របស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានបង្ហាញថា តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅទូទាំងទីក្រុងសិង្ហបុរីទាំងមូលបានស្ថិតនៅទ្រឹងចំនួន១.៧១៣ដុល្លារសិង្ហបុរី(ប្រហែល១.២៨១ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៣។

ទោះជាយ៉ាងណាក្តី តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ក្បែរក្រុង (CCR) តំបន់កណ្តាលក្រុង (RCR) និងតំបន់ជាយក្រុង (OCR) បានសង្កេតឃើញមានការប្រែប្រួលមួយចំនួន។

តួយ៉ាង តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ក្បែរក្រុងបានកើនឡើង១,៦ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន២.១៨១ដុល្លារសិង្ហបុរី (ប្រហែល១.៦៣១ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤។

ស្របពេលជាមួយគ្នានេះ តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់កណ្តាលក្រុងបានកើនឡើង១,៤ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន១.៨៦៣ដុល្លារសិង្ហបុរី (ប្រហែល១.៣៩៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

ផ្ទុយទៅវិញ តម្លៃផ្ទះលក់ចេញបន្តជាមធ្យមនៅក្នុងតំបន់ជាយក្រុងបានធ្លាក់ចុះ០,៤ភាគរយធៀបនឹងត្រីមាសទី២ដល់ចំនួន១.៤៨៩ដុល្លារសិង្ហបុរី (ប្រហែល១.១១៣ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។

យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទីក្រុងសិង្ហបុរី (URA) បានឱ្យដឹងទៀតថា ផ្ទះលក់ចេញបន្តចំនួន៣.៨៦០យូនីត ត្រូវបានលក់ដាច់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើង១,៥%បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំតែមួយ។

ចំណែក ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ផ្ទះលក់ចេញបន្តសរុបចំនួន១០.៣៥១យូនីតត្រូវបានលក់ដាច់។តួលេខនេះមានការកើនឡើងប្រមាណ២១,៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣៕ប្រភព: Edgeprop៕

Country Garden: Forest City positioned to become key biz and investment hub

0

Forest City in Johor is emerging as a strategic hub for businesses and investors, supported by great air and sea connectivity, and is focused on creating economic growth and sustainability, according to its Chinese developer Country Garden Group.

Country Garden Malaysia and Singapore chief financial officer Kevin Li said it has the potential to become a key hub, blending financial, residential, and eco-friendly initiatives to play a major role in Asean’s future.
“A cornerstone of Forest City’s development is its ambitious vision for a multipurpose hub, branded as an eco island, safe island, financial island, smart island, and duty-free island.

“And just in 2023, we welcomed more than four million tourists into the city,” he added.

Li highlighted that the Forest City Special Financial Zone, which is part of the broader Johor-Singapore Special Economic Zone, offers a tailored environment for financial services.

“This zone targets financial institutions, family offices and investors, with attractive incentives such as tax exemptions for up to 20 years, and relaxed regulatory frameworks,” he said.

He noted that foreign financial institutions can establish branches in Forest City with fewer licensing restrictions, while businesses and investors benefit from incentives such as corporate tax exemptions, relocation cost deductions, and other advantages, fostering an ideal ecosystem for financial growth.

Malaysia’s emphasis on promoting single-family offices is also a major draw, with streamlined setup processes, minimal staffing requirements, and zero corporate tax for family offices, he said.

“Looking ahead, Forest City plans to expand further with land reclamation projects, and the creation of a one-stop service centre for investors,” he added.

Source: Bernama

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Country Garden ច្រានចោលការលើកឡើងថា ទីក្រុង Forest City ជា “ទីក្រុងខ្មោច”

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Country Garden Group អះអាងថា ទីក្រុង Forest City ស្ថិតក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេសុីកំពុងផុសត្រដែតឡើងជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម និងអ្នកវិនិយោគ ដែលគាំទ្រដោយការតភ្ជាប់ផ្លូវអាកាស និងសមុទ្រដ៏អស្ចារ្យ។

ក្រុមហ៊ុនបន្តថា ទីក្រុងនេះមានសក្ដានុពលក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលដ៏សំខាន់ ដោយច្របាច់រួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើមផ្នែកហិរញ្ញវត្ថុ លំនៅដ្ឋាន និងបរិស្ថាន ដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងអនាគតរបស់តំបន់អាស៊ាន។

លោក Kevin Li ប្រធាន​ផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Country Garden ប្រចាំនៅប្រទេសម៉ាឡេសុី និង​​សិង្ហបុរីបានលើកឡើងថា “ចំណុចស្នូលក្នុងការអភិវឌ្ឍន៍ទីក្រុង Forest City ជាចក្ខុវិស័យដ៏មានមហិច្ឆតាក្នុងការប្រែក្លាយដែនដីកោះក្នុងរដ្ឋ Johor ទៅជាមជ្ឈមណ្ឌលពហុគោលបំណង ដូចជាកោះអេកូ កោះសុវត្ថិភាព កោះហិរញ្ញវត្ថុ កោះឆ្លាតវៃ និងកោះដែលមិនមានកាតព្វកិច្ចបង់ពន្ធ”។

លើសពីនេះ លោក Li បានច្រានចោលការលើកឡើងដែលចាត់ទុកថា ទីក្រុង Forest City ជា “ទីក្រុងខ្មោច” ដោយលោកបានសំអាងថា បច្ចុប្បន្ន ទីក្រុងនេះកំពុងមានមនុស្សរស់នៅជាង១០.០០០នាក់។

លោកបានបន្ថែមថា “នៅឆ្នាំ២០២៣ ទីក្រុងរបស់យើងបានស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួនជាង៤លាននាក់ចូលមកទស្សនា”។

លោក Li បានគូសបញ្ជាក់ថា “ការប្រែក្លាយទីក្រុង Forest City ទៅជាតំបន់ហិរញ្ញវត្ថុពិសេស(SFZ) និងជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចពិសេសរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរី បានផ្តល់នូវបរិយាកាសសមស្របសម្រាប់សេវាកម្មហិរញ្ញវត្ថុ។

លោកបានមានប្រសាសន៍ឱ្យដឹងថា “តំបន់នេះផ្តោតលើការទាក់ទាញស្ថាប័នហិរញ្ញវត្ថុ ការិយាល័យគ្រួសារ និងអ្នកវិនិយោគ ដោយរួមមានការលើកទឹកចិត្តដ៏ទាក់ទាញដូចជាការលើកលែងពន្ធចំនួន២០ឆ្នាំ និងការបន្ធូរបន្ថយក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់ផ្សេងៗ”។

លោកបានកត់សម្គាល់ថា ស្ថាប័នហិរញ្ញវត្ថុបរទេសអាចបង្កើតសាខាក្នុងទីក្រុង Forest City ព្រោះភាពងាយស្រួលក្នុងការទទួលបានអាជ្ញាប័ណ្ណ ខណៈក្រុមអ្នកវិនិយោគអាចទទួលបានអត្ថប្រយោជន៍ពីការលើកទឹកចិត្តនានាដូចជា ការលើកលែងពន្ធសាជីវកម្ម ការកាត់បន្ថយថ្លៃផ្លាស់ប្តូរទីតាំង និងអត្ថប្រយោជន៍ផ្សេងទៀត។

លោក​បាន​បន្ថែម​ថា​ “ចំពោះនៅពេលអនាគត ទីក្រុង Forest City ​នឹង​ត្រូវបានពង្រីក​កាន់តែធំបន្ថែម​ទៀត​តាមរយៈគម្រោង​ចាក់​ដីបំពេញទៅក្នុងសមុទ្រ និង​ការ​បង្កើត​មជ្ឈមណ្ឌល​សេវាកម្ម​ច្រកចេញចូលតែមួយ​សម្រាប់​បណ្តាអ្នក​វិនិយោគ”៕ប្រភព:Bernama៕

តើជ័យជម្នះរបស់លោកដូណាល់ត្រាំ ជាដំំណឹងល្អ ឬអាក្រក់សម្រាប់អ្នកវិនិយោគអចលនទ្រព្យនៅសហរដ្ឋអាមេរិក? 

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគបានអះអាងថា ការជាប់ឆ្នោតជាថ្មីរបស់លោកដូ ណាល់ត្រាំ ជាប្រធានាធិបតីអាមេរិកទី៤៧ នាំមកនូវទាំងដំណឹងអាក្រក់ និងដំណឹងល្អសម្រាប់បណ្តាអ្នកវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យអាមេរិកមកពីទូទាំងពិភពលោក។

លោក Liam Bailey អ្នកជំនាញអចលនទ្រព្យនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា “ការកាត់បន្ថយពន្ធរបស់លោក ត្រាំចំពោះក្រុមអ្នកមាន និងការប្រកាសដំឡើងពន្ធគយលើគ្រប់មុខទំនិញនាំចូលពីបរទេស នឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង។ កត្តានេះអាចនឹងធ្វើឱ្យធនាគារកណ្តាលអាមេរិករក្សាទុកអត្រាការប្រាក់របស់ខ្លួនក្នុងកម្រិតខ្ពស់រយៈពេលវែង”។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា ការណ៍នេះអាចនាំឱ្យតម្លៃអចលនទ្រព្យកើនឡើងកាន់តែខ្ពស់ ដែលជាដំណឹងល្អសម្រាប់ម្ចាស់ផ្ទះបច្ចុប្បន្ន។ ប៉ុន្តែ នេះជាដំណឹងអាក្រក់ទៅវិញសម្រាប់អ្នកចង់ទិញផ្ទះនាពេលអនាគត។

យ៉ាងណាមិញ លោក Bailey បានគូសបញ្ជាក់ថា “រឿងនេះទំនងជាមិនមានភាពខុសគ្នាខ្លាំងនោះទេ ព្រោះលោកប្រធានាធិបតីបច្ចុប្បន្ន ចូ បៃដិន បានបន្តអនុវត្តន៍គោលនយោបាយភាគច្រើនរបស់លោក ត្រាំ ទាក់ទងនឹងច្បាប់វិនិយោគក្នុងស្រុក។ ដូច្នេះ លោក ត្រាំ ហាក់មិនត្រូវការរឹតបន្តឹងបន្ថែមទៀតនោះទេ”។

ក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នាកន្លងមកនេះ ជនជាតិចិនជាអតិថិជនបរទេសដែលបានទិញលំនៅដ្ឋានច្រើនបំផុតនៅសហរដ្ឋអាមេរិក។

ជនជាតិចិន(រាប់ទាំងចិនដីគោក ចិនហុងកុង និងចិនតៃវ៉ាន់) បានបោះទុនសរុបចំនួន៩,៥ពាន់លានដុល្លារដើម្បីទិញផ្ទះចំនួន៦.០០០យូនីតនៅសហរដ្ឋអាមេរិកក្នុងរយៈពេល១២ខែគិតត្រឹមខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមទិន្នន័យពីសមាគមជាតិនៃអ្នកអចលនទ្រព្យ (NAR)។

លោក Bailey បានបន្តទៀតថា “រដ្ឋបាលរបស់លោក ត្រាំ នឹងធ្វើឱ្យឱនភាពថវិកាជាតិរបស់អាមេរិកកើនឡើងខ្ពស់ ស្របពេលដែលលោកគ្រោងបង្កើនការចំណាយ និងកាត់បន្ថយពន្ធ ហើយការដាក់ពន្ធគយក៏អាចជំរុញអត្រាអតិផរណាឱ្យកម្រើកឡើងវិញផងដែរ”។

លោកបន្ថែមថា បញ្ហានេះនឹងពន្យារពេលការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក ខណៈដែលអត្រាការប្រាក់លើកម្ចីទិញផ្ទះនៅតែបន្តកើនឡើង។

លោក Patrick Yip អនុប្រធាន និងជាដៃគូអន្តរជាតិនៅក្រុមហ៊ុន Deloitte China បានលើកឡើងថា ការវិនិយោគលើអចលនទ្រព្យ និងភាគហ៊ុននៅតែមានភាពទាក់ទាញសម្រាប់បុគ្គលទូទៅ និងគ្រួសារជនជាតិចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

លោក Yip បានបន្តថា “ខ្ញុំគិតថា មនុស្សមួយចំនួនប្រហែលជាជឿថា នេះជាពេលវេលាដ៏ល្អក្នុងការវិនិយោគនៅសហរដ្ឋអាមេរិក ទាំងផ្នែកអចលនទ្រព្យ ភាគហ៊ុន និងមូលបត្រ ដោយសារអត្រាពន្ធអាចបន្តមានកម្រិតទាប ហើយតម្លៃអចលនទ្រព្យអាចនឹងកើនឡើង”។

លោកបន្ថែមថា ជនបរទេសជាច្រើនសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបង្កើតបរិយាកាសវិនិយោគមួយដ៏ទាក់ទាញជាងនេះ។

ម្យា៉ងទៀត ទោះបីជាលោក ត្រាំ បានប្តេជ្ញាថា លោកនឹងដំឡើងពន្ធលើការនាំចូលទំនិញគ្រប់ប្រភេទមកកាន់សហរដ្ឋអាមេរិកយ៉ាងណាក្តី លោក Yip ជឿជាក់ថា “ពុំមានសូចនាករណាមួយដែលចង្អុលបង្ហាញថា អ្នកទិញអចលនទ្រព្យ មិនថា ពួកគេមកពីបរទេសឬក្នុងស្រុក នឹងត្រូវបង់ពន្ធខុសគ្នានោះទេ”៕ប្រភព: SCMP៕

ប្រូម៉ូសិនពិសេសឱកាសព្រះរាជពិធីបុណ្យអុំទូក…អគារពាណិជ្ជកម្ម 3 គម្រោង ផ្ដល់ជូនលក្ខខណ្ឌចំណេញ សម្រាប់អាជីវកម្ម និងវិនិយោគនៅទីក្រុងរណបជ្រោយចង្វារ

0

ទីក្រុងរណបជ្រោយចង្វារដ៏ធំ “The City of The Future” គឺជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលប្រមូលផ្ដុំអគារពាណិជ្ជកម្មធំៗ អគារស្ថាប័នរដ្ឋ និងឯកជនជាច្រើន។ ការលូតលាស់នេះបានបង្កើននូវចរន្តសេដ្ឋកិច្ច និងអាជីវកម្មយ៉ាងមមារញឹក។

ឥឡូវនេះ អគារពាណិជ្ជកម្មធំៗ៣ លើដងមហាវិថីOCIC កំពុងផ្តល់ឱកាសដ៏ល្អសម្រាប់ការពង្រីកអាជីវកម្ម និងវិនិយោគ លើផ្ទៃដីអភិវឌ្ឍន៍នៃ ទីក្រុងរណបជ្រោយចង្វារ (Chroy Changvar Satellite City) ដែលមានទំហំជិត ៣០០ ហិកតា កំពុងផ្ដល់លក្ខខណ្ឌចំណេញ សម្រាប់អ្នកជំនួញដែលកំពុងស្វែងរកទីតាំងពាណិជ្ជកម្មនានា ដែលមានសក្តានុពលខ្ពស់ និងងាយស្រួលក្នុងការអភិវឌ្ឍអាជីវកម្មគ្រប់ប្រភេទ៖

១. អគារពាណិជ្ជកម្ម ប៊ី & វី មែនសិន (B & V Mansion)

ជាអគារពាណិជ្ជទំនើបជាងគេក្នុងតំបន់ មាន កម្ពស់ ៩ ជាន់ មានការរចនាស្ថាបត្យកម្មប្រណិត ផ្ដល់នូវលំនៅឋាន និងទីតាំងអាជីវកម្មក្នុងអគារតែមួយ។ លក្ខណៈពិសេសេ​ គឺ លំហរពាណិជ្ជកម្ម រហូតដល់ ៦ជាន់ សម្រាប់ការបើកអាជីវកម្ម ការិយាល័យ ក្រុមហ៊ុន និងវីឡាលើអាកាស (The Penthouse)៣ ជាន់នៅខាងលើ ដែលផ្ដល់នូវភាពប្រណិត និងទំនើបភាពក្នុងការរស់នៅ។ ជាមួយនឹងចំណតឯកជនក្រោមដី ជណ្តើរយន្តផ្ទាល់ខ្លួន អាងហែលទឹក និងសួនច្បារឯកជនសម្រាប់អាគារនីមួយៗ។​ ទំនាក់ទំនងសហការីផ្នែកលក់តាមរយៈ លេខ៖ 011 885 865

សំណង់រួចរាល់ ១០០% ទិញភ្លាម បើកអាជីវកម្មភ្លាម និងរស់នៅបានភ្លាម!

២. អគារពាណិជ្ជកម្ម សុវណ្ណមច្ឆា

ចំណែកឯ អគារពាណិជ្ជកម្មធំទី ២ គឺ អគារពាណិជ្ជកម្មសុវណ្ណមច្ឆា កម្ពស់ ៦ ជាន់ នៅចំកណ្តាលនៃគម្រោងស្ថិតនៅចំរង្វង់មូលសុវណ្ណមច្ឆា តភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ មកផ្លូវជាតិ 6A ទល់មុខផ្សារទំនើប BigC នៃទីក្រុងរណបជ្រោយចង្វារ ដែលជាទីតាំងពាណិជ្ជកម្មដ៏មានសក្តានុពលនៅចំកណ្តាលទីក្រុងរណប។ ២ជាន់ ខាងលើ នៃអគារនេះមាន ជាម៉ូតវីឡាលើអាកាស (The Penthouse) សម្រាប់ការរស់នៅប្រកបដោយភាពសុវត្ថិភាព ឯកជនភាព និងភាពប្រណិត។ ស្ថាបត្យកម្មល្អឯក នេះរួមបញ្ចូលទាំងការស្នាក់នៅ និងពាណិជ្ជកម្មក្នុងអគារតែមួយ ដែលលំហរពាណិជ្ជកម្មធំរហូតដល់ ៤ ជាន់នៃអគារ។ អគារដែលមានការរចនាសាមញ្ញ អមដោយសួនច្បារពណ៌បៃតង ស្តង់ដារបច្ចេកទេសដ៏ទំនើប ដែលសក្តានុពលសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ទំនាក់ទំនងសហការីផ្នែកលក់តាមរយៈលេខ៖ 011 885 865

៣. អគារពាណិជ្ជកម្ម គម្រោងជ្រោយចង្វារ ហ្គាដិន

អគារពាណិជ្ជកម្មធំទី៣ ស្ថិតនៅក្នុងគម្រោងជ្រោយចង្វារ ហ្គាដិន ​ជាប្រភេទអគារផ្តោតតែលើ ពាណិជ្ជកម្មទំនើបសុទ្ធតែម្តង មានរហូត ៥ ជាន់ ដែលស្ថិតនៅអមខ្លោងទ្វាធំនៃគម្រោង លើ មហាវិថី OCIC និងមានទីតាំងជិតសាលាជាតិគយ សាកលវិទ្យាល័យធំៗ និងអគាររដ្ឋបាលធំៗ ដែលមានសក្តានុពលខ្ពស់សម្រាប់អាជីវកម្ម។ សំណង់វគ្គ ១ បានរួចរាល់ ហើយកំពុងបន្តសាងសង់វគ្គ ២ ដែលជាប្លុកថ្មីទៀតដើម្បីបំពេញតម្រូវការនៃទីផ្សារបច្ចុប្បន្ន។
ទំនាក់ទំនងសហការីផ្នែកលក់តាមរយៈលេខ៖ 089​ 822 009 / 093 822 009។

លក្ខខណ្ឌបង់ប្រាក់ដែលងាយស្រួល៖

  • កក់តិចបំផុតត្រឹមតែ 2%​ (ផ្ដល់ជូនតាមប្រភេទអគារ)
  • រំលស់ការប្រាក់ 0% រយៈពេលវែង
  • កម្ចីឥណទាន អត្រាការប្រាក់ប្រចាំខែទាបបំផុត
  • កម្ចីឥណទានបានរហូតដល់ 98% នៃតម្លៃអគារ ​(ផ្ដល់ជូនតាមប្រភេទអគារ)
  • រយៈពេលកម្ចីបានរហូតដល់ 25 ឆ្នាំ
  • មិនតម្រូវទ្រព្យបញ្ជាំផ្សេងៗ

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់សហការីផ្នែកលក់ តាមរយៈលេខ៖ 011 885 865 / 093 822 009 ឬអញ្ជើញមកកាន់ទីតាំងការិយាល័យផ្នែកលក់គម្រោងជ្រោយចង្វារ ឬតាមរយៈ Link ខាងក្រោម៖

Location Map៖ https://bit.ly/ChroyChangvarSalesCenter

Telegram: https://t.me/chroychangvarsatellitecity

Facebook: https://www.facebook.com/chroychangvarcity

អគារខ្ពស់កប់ពពកលំដាប់ពិភពលោកចំនួន៣នឹងផុសត្រដែតឡើងនៅទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្របពេលដែលបច្ចេកវិទ្យារបស់ពិភពលោកកំពុងរីកចម្រើនទៅមុខយ៉ាងលឿនឥតឈប់ឈរ សំណង់អគារអច្ឆរិយៈជាច្រើនបានផុសត្រដែតឡើងពាសពេញផ្ទៃមេឃនៅតាមទីក្រុងធំៗទូទាំងសកលលោក។

គិតមកទល់ពេលបច្ចុប្បន្ន បណ្តាប្រទេសនានា ជាពិសេសប្រទេសនៅតំបន់អារ៉ាប់បាននិងកំពុងប្រណាំងប្រជែងគ្នាក្នុងការសាងសង់អគារខ្ពស់ៗកប់ពពក ដើម្បីដណ្តើមតំណែងជាប្រទេសដែលមានអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។

ខាងក្រោមនេះជាគម្រោងអគារកប់ពពកចំនួន៣ ដែលនឹងលេចត្រដែតរូបរាងឡើងទៅលើផ្ទៃអាកាសនាទសវត្សរ៍ឆ្នាំ២០៣០ខាងមុខ។

ទី១: អគារ Burj Mubarak Al Kabir

នៅពេលសាងសង់រួចរាល់នៅឆ្នាំ២០៣៥ អគារ Burj Mubarak Al Kabir មិនត្រឹមតែនឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងប្រទេសគុយវ៉ែតប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏នឹងក្លាយជាអគារខ្ពស់ជាងគេទូទាំងពិភពលោកទាំងមូលផងដែរ។

អគារនេះនឹងមានកម្ពស់សរុបចំនួន១.០០១ម៉ែត្រ ហើយអគារនេះនឹងមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa ចំនួន១៧១ម៉ែត្រ។ បច្ចុប្បន្នអគារ Burj Khalifa ជាអគារខ្ពស់ជាងគេរបស់ពិភពលោកដែលមានកម្ពស់សរុបចំនួន៨៣០ម៉ែត្រ ស្ថិតនៅទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម។

ទី២: អគារ Lakhta Centre II

នៅពេលការសាងសង់ត្រូវបានបញ្ចប់​នៅ​ឆ្នាំ២០៣០ខាងមុខ អគារ Lakhta Center II ដែលមានទីតាំងនៅក្នុងទីក្រុង St. Petersburg នៃប្រទេសរុស្ស៊ី នឹងក្លាយជាអគារខ្ពស់ជាងគេបំផុតនៅតំបន់អឺរ៉ុប។

នាពេលបច្ចុប្បន្ន អគារ Lakhta Centre ទី១ របស់រុស្សុីជាអគារខ្ពស់ជាងគេនៅទ្វីបអឺរ៉ុបរួចជាស្រេចទៅហើយ ដែលអគារនេះមានកម្ពស់ចំនួន៤៦២ម៉ែត្រ។

គម្រោងអគារ Lakhta Centre​ ទី២ ឬ“Lakhta Center II”នឹងមានកម្ពស់សរុបចំនួន៧០៣ម៉ែត្រ ដែលជាប្រភេទអគារការិយាល័យ។

ទី៣: អគារ Nexus Tower

គម្រោងអគារកប់ពពក “Nexus Tower” នឹងមានកម្ពស់ចំនួន៥៩៥ម៉ែត្រ។អគារនេះមា​នទីតាំង​ស្ថិតនៅក្នុងទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន។

យោងតាមក្រុមស្ថាបត្យកររបស់គម្រោងបានបញ្ជាក់ឱ្យដឹងថា គម្រោងអគារNexus Tower មានប៉មសំខាន់ៗចំនួន៣ ហើយការរចនាបែបនេះមានបំណងអនុញ្ញាតឱ្យមានពន្លឺធម្មជាតិ និងខ្យល់ចេញ-ចូលកាន់តែច្រើន៕ប្រភព: The US Sun៕